Tuesday, May 12, 2020

អាគមចងព្រៃ



រឿងនេះបានកើតឡើងជាច្រើនឆ្នាំមកហើយដែរ និយាយពីពូស៊ីណា គាត់គឺជាអតីតមេទាហាន​ម្នាក់ ដែលធ្លាប់ឆ្លងកាត់សង្រ្គាមច្រើនឆ្នាំមកហើយ គាត់គឺជាមនុស្សម្នាក់ដែលពូកែរឿងអាគមអូមអាម ដោយសារតែបែបនេះ ទើបធ្វើអោយគាត់អាចចៀសផុតពីគ្រាប់កំាភ្លើងពេលបាញ់គ្នា ម្ដងៗ ។ ក្រោយពីស្រុកបានសុខ គាត់ក៏បានចូលនិវត្តន៍ មករស់នៅស្រុកកំណើត ដោយប្រកបរបរ ជាកសិករធ្វើចំការ ធ្វើស្រែ ចិញ្ចឹមជីវិត។ ថ្វីត្បិតតែគាត់បានចូលនិវត្តន៍ពិតមែន តែកូនចៅចាស់ៗរបស់គាត់ តែងតែនឹករឮក ឧស្សាហ៍មកលេងគាត់ ព្រោះគាត់សំបូរសាច់ព្រៃណាស់ ​បើគាត់ចេញទៅបរបាញ់ហើយ មិនដែលខាតជើងទេ នេះក៏ព្រោះតែគាត់ចេះនូវអាគមចងព្រៃ(ចងគ្រប់សត្វក្នុងព្រៃ មិនអោយរួចពីអាវុធគាត់បានទេ ) ។ នាថ្ងៃមួយពេលរសៀលប្រហែលម៉ោង ៤ មានកូនចៅចាស់របស់គាត់ពីរនាក់មកលេងគាត់ គឺបងសុខ និងបងសៅ៖
គោរពមេ! មេ! សុខសប្បាយជាទេ?
មានអី! គា្រន់តែឥលូវចាស់ មិនសូវមានកម្លាំងកំហែង ដូចកាលនៅពីក្មេងនោះទេ
បងសុខ៖ មេពូកែដាក់ខ្លួនម្ល៉េះ កាលនៅសង្រ្គាម ខ្ញុំឃើញមេក្លាហានណាស់ មានអាវយ័ន្ដ សាក់ពេញខ្លួន ដើរបំផ្ទុះមីនជាច្រើនគ្រាប់ អត់មានរបួសអីបន្ដិច!
បងសៅ៖ មែនហ្នឹងមេ! ចុះខ្ញុំឃើញមេឧស្សាហ៍បានសាច់ព្រៃណាស់ មេពូកែបាញ់ម្ល៉េះ មិនដែលឃើញមេ ថាមិនបានសាច់នោះទេ មេមានអីមែនទេ?
ពូស៊ីណា៖ គ្មានអីនោះទេ!
បងសុខ៖ មេ ! កុំលាក់អី ! មិនមែនខ្ញុំ​មិនដឹងថា មេមិនពូកែឯណា ណាមួយខ្ញុំក៏ធ្លាប់ជាកូនចៅមេដែរ តើមានអ្វីត្រូវលាក់បាំងទៀតនោះ មែនទេ?អាសៅ?
បងសៅ៖ មែនហ្នឹងមេ ! ឥលូវអញ្ចេះពេលមេទៅបាញ់សត្វ មេហៅពួកខ្ញុំផងបានអត់?           ដោយសេចក្ដីស្រលាញ់រាប់អាន និងទទួលបានការគោរពដឹងគុណ ពីអតីតកូនចៅ ពូស៊ីណា ក៏យល់ព្រមអោយពួកគាត់ទាំងពីរនាក់ទៅបរបាញ់សត្វជាមួយនៅឯព្រៃជ្រៅ ដោយគាត់ណាត់បងសុខ បងសៅ ថានឹងទៅនៅថ្ងៃអាទិត្យ ។
 ថ្ងៃអាទិត្យមកដល់ពូស៊ីណា និងបងសុខបងសៅ បាននាំគ្នាដើរចូលព្រៃ ដោយបងសុខបងសៅ កាន់កូនពូថៅម្នាក់មួយ ទុកគ្រាន់បង្ការ និងមានវេចបាយខ្ចប់ស្លឹកឈូក មានគ្រឿងទេស និងម្ហូបឆ្អិនខ្លះ ទុកគ្រាន់បរិភោគក្នុងព្រៃ ។ ពេលទៅដល់ក្នុងពេលថ្ងៃត្រង់ មកដល់ចំណុចមាត់អូរ បងសុខបងសៅ ក្រលេកឃើញសត្វឈ្លូសមួយក្បាល ធំគ្រាន់ ទំនងប្រហែល ៥០ ទៅ ៦០ គីឡូ កំពុងផឹកទឹក ក៏កេះពូស៊ីណា ពូស៊ីណា លើកកាំភ្លើងកាណុងទៅឈ្លូសនោះ ដោយមាត់សូត្របាលីជីបអូចៗ ឯឈ្លូសនោះ ឃើញហើយបែរជាមិនរត់ ហើយឈរទ្រឹង ប៉ុន្ដែជើងរបស់វាញ័រខ្លាំងណាស់ ដូចមានអ្វីមកចាប់ជើងពុំអោយដើររួចអញ្ចឹង ។ គ្រាប់កាំភ្លើងពូស៊ីណា បាញ់ទំលុះក្បាលរបស់ឈ្លូសនោះ ងាប់ទៅ ពួកគាត់ទាំងបី ក៏នាំគ្នា វះសាច់ឈ្លូសនោះស្រស់មកអាំងហូបគួរអោយឆ្ងាញ់ណាស់ ។ តក្រោយមកទៀត ពួកគាត់ទាំងបីនាក់តែងតែចូលព្រៃមិនដែលខានទេ ។ ប៉ុន្ដែនៅថ្ងៃមួយ ជាថ្ងៃ១៥កើត ថ្ងៃពេញបូរមី ពូស៊ីណា គាត់មិនព្រមទៅព្រៃនោះទេ តែបងសុខបងសៅ បានបបួលពូស៊ីណា ផឹកស្រាអស់ជាច្រើនលីត្រ ធ្វើអោយគាត់ស្រវឹង ក៏យល់ព្រមចូលព្រៃទាំងក្បាលល្ងាច ម្នាក់ៗប្រដាប់ដោយភ្លើងពិល (អ្នកស្រុកខ្ញុំគេហៅភ្លើងកែវពាក់លើក្បាលសម្រាប់ឆ្លុះសត្វយប់ៗ) សម្រាប់បំភ្លឺផ្លូវ ប៉ុន្ដែដោយស្ថានភាពស្រវឹង ពួកគាត់ដើរទៅដល់ព្រៃ រាងយប់ជ្រៅបាត់ទៅហើយ ហើយដោយយប់ងងឹតពេក ពួកគាត់បានដើរបែកផ្លូវគ្នា ពូស៊ីណា ស្ពាយកាំភ្លើងសំដៅទៅវាលស្រែ ក៏ប្រទះឃើញជ្រូកព្រៃមួយក្បាល កំពុងតែដេក គាត់ក៏លើកកាណុងកាំភ្លើង តម្រង់ទៅជ្រូកព្រៃនោះ ហើយសូត្របាលីគាថា ប្រហែល បួនដប់ម៉ាត់ រួចក៏បាញ់ទៅ ប៉ុន្ដែដោយសារគាត់ស្រវឹង គាត់បាញ់មិនចំគោលដៅ បែរជាចំភ្លៅជ្រូកព្រៃនោះវិញ ធ្វើអោយវាបោលពេញមួយទំហឹង សំដៅមករកគាត់ បន្ទាប់ មកជ្រូកព្រៃនោះ បានបុកគាត់មួយទំហឹងបណ្ដាលអោយគាត់ដាច់ផ្ញារ ក្បាលបោកទៅនឹងត្រោកស្រែ ស្លាប់បាត់បង់ជីវិតក្នុងពេលនោះទៅ ។
 និយាយពីបងសុខបងសៅ ពេលនោះគាត់ឃើញភ្លើងពិលពូស៊ីណា បាញ់ត្រង់ទៅលើមេឃ គាត់មានអារម្មណ៍ថាមិនល្អទេ ព្រោះបើឃើញបែបនេះមានន័យថាមានគ្រោះថ្នាក់ហើយ រួចពួកគាត់ក៏រត់សំដៅទៅទិសភ្លើងកែវនោះ ក៏ស្រាប់តែឃើញពូស៊ីណា ដេកស្លាប់បាត់ទៅហើយ ។ ពួកគាត់ក៏សែងសពពូស៊ីណាមកផ្ទះវិញធ្វើបុណ្យតាមប្រពៃណី ។ រឿងនេះសមនឹងពាក្យចាស់លោកពោលថា “មនុស្សពូកែនឹងអ្វី មនុស្សនឹងស្លាប់ដោយសាររឿងនោះឯង” ។

0 មតិយោបល់:

Post a Comment