រឿងនេះនិយាយពីមនុស្សបីនាក់ជាមិត្តសម្លាញ់នឹងគ្នា(វុត្ថា សូថា និងចក្រី) ថ្ងៃនេះជាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ពួកគេបាននាំគ្នាផឹកស្រាវឹង ហើយជិះម៉ូតូទៅដើរលេង ប៉ុន្ដែភាពសប្បាយរីករាយហាក់ដូចខ្លីណាស់ ព្រោះពួកគេត្រូវជួបវិប្បដិសារីអស់មួយជីវិត ។ ពួកគេធ្វើដំណើរទៅមើលគេរាំវង់ នៅតាមវត្តអារាមនានា សំបូរទៅដោយមនុស្សម្នាជាច្រើន ស្រីៗ ស្លៀកពាក់ស្អាតបាត ទឹកមុខញញឹមញញ៉ែម ទទួលស្វាគមន៍ឆ្នាំ នឹកដល់ទិដ្ឋភាពនេះ ខ្ញុំក៏រីករាយមិនខុសពីពួកគេដែរ ពួកគេជិះម៉ូតូឌុបគ្នាបីនាក់ សំដៅទៅវត្ត ដែលនៅស្រុកមួយទៀត ដែលនៅក្បែរស្រុករបស់ពួកគេ ដោយស្ថានភាពស្រវឹងផង ពួកគេបានជិះម៉ូតូរេពេញផ្លូវ ខណៈដែលពួកគេកំពុងតែជិះម៉ូតូតាមផ្លូវ ស្រាប់តែបានឃើញនារីស្អាតៗ ម្នាក់ៗ កំពុងដើរសំដៅទៅវត្តដោយទឹកមុខញញឹមស្រស់ស្រាយ ចំណោមពួកគេ វុត្ថាជាមនុស្សព្រាននារី ក៏បោះពាក្យទៅនាង ៖
អេ៎! ស្រីស្អាត ទៅណាហ្នឹង អោយបងជូនទៅហី
ពូនេះ ស្រវឹងធំស្រាអោយហួង ហើយជិះម៉ូតូលឿនទៀត តិចដួលបាក់កងាប់ទៅ
យើស៎ ! ស្រីស្អាត សំដីពិរោះណាស់តើ
វុត្ថា គ្រាន់តែសើចហើយទះស្មាពួកម៉ាក អោយបន្ថែមល្បឿន ផ្គើនទៅមុខទៀត គ្រប់គ្នាហ៊ោផង ស្រែកផង តាមផ្លូវ ដោយប្រមាថជីវិតខ្លួនឯង មកដល់ចំណុចគល់ស្ពានចាស់មួយ ពួកគេក៏ជ្រុលចង្កូតចាប់ហ្រ្វាំងមិនទាន់ បានធ្លាក់ស្ពានបាត់ទៅ ដោយខាងក្រោមស្ពានពេញដោយស្មៅក្រាស់នោះផង ពុំមាននរណាដឹងនោះទេ ។
ប្រហែលជាបីថ្ងៃក្រោយមក៖
សូថា៖ អេ៎! អាដែង ងើបឡើង យីអើ អាចក្រី ឯងជិះម៉ូតូដូចឆ្កួតៗអញ្ចឹង ម៉េចក៏មកជិះធ្លាក់ស្ពានកើត សំណាងហើយមិនងាប់
ចក្រី៖ យី! អានេះ មកពីហែងស្រវឹង ទន់ខ្លួនទៅឆ្វេងម្ដងទៅស្ដាំម្ដង នៅស្ងៀមមិនប្រកាច់ទេ អោយអញរេចង្កូត ជិះធ្លាក់ស្ពាន
វុត្ថា៖ បានហើយរវល់ឈ្លោះគ្នាអីទេអា ជួយលើកម៉ូតូមក អើ!គ្រាន់បើ ម៉ូតូអត់អី មកជួយលើកម៉ូតូទៅផ្ទះ ងាប់ហើយអ្នកផ្ទះចាំផ្លូវងាប់ហើយ ។
ពួកគេទាំងបីនាក់ ជិះសំដៅទៅផ្ទះរៀងខ្លួនៗ នៅពេលពួកគេកំពុងដេកស្រាប់៖
វុត្ថា ៗ ! (សំលេងម្ដាយវុទ្ធា ដាស់កូន)
មានរឿងអីម៉ែ !
កូនឯងជួយដើរមើលលើផ្ទះមើល សត្វអីងាប់ទេដឹង បានជាស្អុយពេញផ្ទះ ស្អុយខ្លាំងម៉្លេះទេ
ប្រហែលជាកណ្ដុរហើយម៉ែ ចាំព្រឹក យប់ហើយខ្ញុំងងុយណាស់
អត់ទេ ! ប៉ុន្ដែម៉េចក៏ខ្លួនកូនធំក្លិនស្អុយម្ល៉េះ សង្ស័យអត់បានងូតទេដឹង ទៅងូតទឹកសិនទៅ ចាំដេក ។
វេលាព្រឹកស្អែក គ្រប់គ្នាក្នុងផ្ទះស្រែកយំទ្រហឹងពេញផ្ទះ ព្រោះតែបានឃើញសាកសពដ៏ហើយស្អុយរលួយរបស់វុត្ថានៅលើគ្រែ ម្ដាយរបស់គេយំសន្លប់ជាច្រើនលើកច្រើនសា ។ ចំណែកព្រលឹងវុត្ថា ពុំបានដឹងទេ បានដើរមករកម្ដាយរួចហៅ ប៉ុន្ដែពុំមាននរណាឮនិងឆ្លើយទេ គេក៏ទៅប៉ៈម្ដាយ ប៉ុន្ដែបែរជាប៉ៈពុំបាន ពេលនេះហើយទើបគេដឹងខ្លួនថា គេបានស្លាប់បាត់ទៅហើយ ចំណែកឯសាកសពលើគ្រែស្រាប់តែបាត់ទៀត ម្ដាយរបស់គេបានរកគ្រូមើល គាត់បានថា បញ្ជាន់រូបដោយព្រលឹងវុត្ថាប្រាប់ពីទីតាំងដែលបានស្លាប់ ។ ទាំងសាច់ញាតិរបស់សូថា ចក្រី និងវុត្ថា បានទៅយកសាកសពកូន ទៅធ្វើបុណ្យតាមប្រពៃណី ។
រំលងមួយសប្ដាហ៍ក្រោយមកមានហេតុការណ៍ដែលគួរតក់ស្លុតរន្ធត់ណាស់ ដោយអ៊ំសន ជាអាចារ្យនៅវត្ត បានជិះម៉ូតូកាត់កន្លែងពួកគេស្លាប់ ( គាត់មិនបានដឹងរឿងគេស្លាប់ទេ) ស្រាប់តែឃើញកូនក្មេងបីនាក់ឈរសងខាងផ្លូវ បក់ដៃហៅគាត់ សុំដោយសារ ដោយចិត្តអាណិតគាត់ក៏ឌុប ហើយសួរតាមផ្លូវពីផ្ទះពួកគេ ពួកគេចង្អុលទៅមុខ គាត់ឃើញផ្ទះមួយធំណាស់ គាត់ក៏ចម្លែកក្នុងចិត្តដែរ គាត់នៅស្រុកនេះយូរហើយ តែមិនដែលស្គាល់ផ្ទះនេះសោះ ក្រោយពីដាក់ពួកគេរួច ស្រាប់តែគាត់ស្រែកអោយគេជួយ ដោយតែម៉ូតូរបស់គាត់នៅត្រើយម្ខាងស្ទឹង ពេលនេះទើបគាត់ដឹងគាត់ត្រូវខ្មោចលង ។
ក្រោយមកទៀតមាននារីពីរនាក់ជិះម៉ូតូកាត់តាមនោះ ស្រាប់តែរលត់ម៉ាស៊ីនដេរមិនឆេះសោះ ពួកគេប្រុងបណ្ដើរ ស្រាប់តែឃើញស្ពានមានដល់ទៅ៣ ពួកគេ ដឹងថាពិតជាខ្មោចលង ព្រោះនៅទីនេះមានស្ពានតែមួយទេ តែមិនដឹងធ្វើយ៉ាងណាទេ បានត្រឹមតែនាំគ្នាអង្គុយយំ បន់ម៉ែបន់ឪ ស្របពេលនោះបានព្រះចៅអធិការវត្ត បានមកពីទេសនាឡើងផ្ទះគេ មកដល់បានសួររកហេតុ បានដឹងក៏សូត្រសែកមន្ដពីរបីមេ ស្រាប់តែស្ពាននោះក្លាយជាធម្មតាវិញ ពួកគេបន្ដដំណើរទៅមុខទៀត ។
រហូតដល់ថ្ងៃមួយ ជាថ្ងៃតក់ស្លុតណាស់ ខណៈមានគោយន្ដមួយដឹកឬស្សី ចេញពីចំការ ស្រាប់តែមានម៉ូតូមនុស្សស្រវឹងពីរនាក់ ឃើញឬស្សីបែរជាទៅកេះស្រា ក៏បង្កើនល្បឿនម៉ូតូ ដើម្បីសុំទិញតាមផ្លូវបន្ថែម ប៉ុន្ដែទៅស្រាប់តែពួកគេជុងនឹងឬស្សី ចាក់ផ្នែក ចាក់ក បណ្ដាលអោយដួលម៉ូតូស្លាប់បាត់ទៅ ។
ក្រោយពីអ្នកស្រុកជួបហេតុការណ៍ជាច្រើន ឪពុកម្ដាយគ្រួសារវុត្ថា សូថានិងចក្រី បាននិមន្ដព្រះសង្សបង្សុកូល ឧទ្ទិសកុសលអោយកូន គាត់បានសូត្រមន្ដ ធ្វើបុណ្យ៧វត្ត បានជួយអោយវិញ្ញាណពួកគេទៅចាប់ជាតិថ្មី តាំងពីថ្ងៃនោះមក អ្នកស្រុកពុំមានជួបហេតុការណ៍ដែលគួរអោយខ្លាចនោះទេ ។
0 មតិយោបល់:
Post a Comment