Saturday, December 28, 2019

រឿង ព្រាយខ្លា


រឿងនេះនិយាយអំពីព្រានព្រៃម្នាក់ ឈ្មោះ ពូដូង មានវ័យជាងសែបសិបឆ្នាំប្លាយទៅហើយ គាត់មានប្រពន្ធ និងកូនចំនួន ០២​ នាក់ ។ ពូដូង ជាព្រានដែលមានថ្វីដៃម្នាក់ ពូកែ និងធ្លាប់បរបាញ់សត្វច្រើនប្រភេទណាស់ ហើយសត្វណាដែលគាត់បាញ់ហើយ កម្រនឹងខុសណាស់ ព្រោះតែគាត់ ជាព្រានដែលធ្លាប់បទពិសោធន៍ច្រើន និងចេះអាគមអូមអាមផងដែរ ។ ដូចសព្វមួយដងដែរ ថ្ងៃនេះ ពូដូង និងព្រាន០៥នាក់ទៀត បានប្រាប់ប្រពន្ធ អោយរៀបចំបាយទឹកបំពង់ ដើម្បីទៅបរបាញ់សត្វនៅព្រៃ ប្រហែលពីរ ទៅបីថ្ងៃម្ដង ទើបគាត់មកផ្ទះវិញ គឺបាញ់សត្វបានយកទៅលក់ ទើបយកលុយត្រលប់មកផ្ទះវិញ ។ ព្រលឹមស្វាងៗ ឮសូរសំលេងមាន់គករងាវ ពូដូង ម្នីម្នាដាស់ប្រពន្ធដណ្ដាំបាយ រួចគាត់ទៅលុបលាងមុខ រៀបចំគ្រឿងប្រដាប់​ប្រដា ដូចជាកាំភ្លើងក្បិន ស្នា ......។ លុះថ្ងៃរះចាំងច្បាស់ព្រះសូរិយា ព្រានព្រៃយាត្រា ម្នីម្នាចូលក្នុងព្រៃ ពេលទៅដល់ក្នុងព្រៃ ព្រានដើរកាប់វល្លិ៍ ឬស្សី ដាក់ជាអន្ទាក់សត្វ និងកាប់កូនឈើ ធ្វើធ្នាក់ពួនលើដើមឈើ ព្រោះថាយប់ព្រលប់មិនអាចសម្រាកផ្ទាល់ដីបានទេ ការពារសត្វសហាវផ្សេងៗ យាយីជាដើម ជាពិសេសខ្លាតែម្ដង ។ លុះធ្វើគ្រឿងអន្ទាក់ គ្រប់ប្រដាប់ហើយ ព្រានក៏ប្រញាប់ធ្វើធ្នាក់ ព្រោះថ្ងៃក៏រសៀលណាស់ទៅហើយ ។
ពូដូង៖ តោះគ្នាយើង រូតរះធ្វើធ្នាក់អោយរួច ថ្ងៃក៏រសៀលហើយ បន្ដិចទៀតយប់ហើយ ក្រែងធ្វើធ្នាក់មិនទាន់ ពិបាករកកន្លែងសម្រាក ។
ពូផេង៖ ហ្នឹងហើយដូង ចុះចំណែកថ្ងៃនេះ ដូងឯងធ្វើអន្ទាក់បានប៉ុន្មានដែរ
ពូដូង៖ លោកបងអើយ ! បានមិនសូវច្រើនទេ ព្រោះជាប់បិទធ្វើព្រួញផង ដើររកពិសដាក់ចុងព្រួញផង (ពិសដាក់ចុងព្រួញភាគច្រើន គេប្រើពិសពស់វែក ដើម្បីងាយស្រួលបាញ់សត្វទៅ សត្វនោះឆាប់ងាប់ ពិសេសសត្វធំៗ )
ពូផេង៖ ណ្ហើយ! យី រវល់តែនិយាយគ្នា មេឃចង់ងងឹតហើយ តោះរកទៅអូរមុជទឹកមួយប្រូងសិន សឹមបាយទឹក ។
ពួកព្រានទាំងអស់ក៏ចេញដំណើរទៅមុជទឹកសំអាតខ្លួន រួចស្រស់ស្រូបអាហារពេលល្ងាចរបស់ពួកគេយ៉ាងឆ្ងាញ់ពិសា ខ្លះបានបុកអំបិលក្រសាំង ខ្លះដុតត្រី ខ្លះអំបិលប្រហុកដាក់ម្ទេសហិរៗ ទំនងស្រក់ទឹកមាត់ណាស់ ឯអន្លក់ក៏សំបូរបែបមានទាំងត្រួយស្វាយខ្ចី ត្រួយរាំង កញ្ឆែត ត្រកួនខ្ចីៗ ។ ក្រោយស្រស់ស្រូបអាហាររួច ពួកព្រានឡើងទៅលើធ្នាក់រង់ចាំពួន ចាំបាញ់សត្វធំដែលជាប់អន្ទាក់ ហើយមិនទាន់ងាប់ ។
នៅពេលប្រហែលជាម៉ោង ០៩ យប់ ពួកព្រានកំពុងតែពួនស្ទាក់លើធ្នាក់ ស្រាប់តែព្រាននៅចុងគេ បានធ្វើសញ្ញាដោយហួច អោយដឹងថាមានសត្វធំចូលមកហើយ ។ ពូដូងជាព្រានដែលស្ទាត់ជំនាញ គ្រាន់តែឮសម្លេងខ្យល់បក់ សត្វចាបប្រែស្ងាត់ខុសពីធម្មតា សំរឹបជើងសត្វជាន់លើស្លឹកឈើងាប់ ច្រោកៗ គាត់ក៏ធ្វើសញ្ញាប្រាប់ទៅព្រានដទៃទៀតថា មានខ្លាដំបងមួយកំពុងតែដើរចូលមកហើយ ។ ដោយឃើញសញ្ញាហើយ ព្រានទាំងឡាយបានប្រុងប្រៀបអាវុធ ដើម្បីត្រៀមបាញ់សត្វខ្លានោះ ក្នុងស្ថានភាពតានតឹងផង ព្រានក៏ហាក់ដូចជាបារម្ភផងដែរ ដោយខ្លាចសត្វខ្លានោះធំ វាពិបាកនឹងសម្លាប់ កាណុងស្នា ក្បិន កំពុងតម្រង់ចំមុខសញ្ញា ស្រាប់តែព្រានម្នាក់នៅចុងគេ ស្រឡាំងកាំង ដោយប្រែជាឃើញប្រពន្ធរបស់ខ្លួនកំពុងតែពរកូន ហើយហៅគាត់អោយចុះមកក្រោម៖
ឪវា! ឪវា ចុះមកក្រោមបន្ដិចមក ខ្ញុំមានរបស់ផ្ញើឯងហូប
ម៉ែវា! ម៉េចមកអីទាំងយប់ហ្នឹង ឯងមិនប្រាប់ខ្ញុំមុនថាមក
ព្រានបម្រុងតែនឹងចុះទៅក្រោមហើយ ស្រាប់តែពូដូង បាញ់មួយគ្រាប់សំដៅលើប្រពន្ធព្រាន នោះធ្វើអោយនាងដួលទៅនឹងដី ស្រែកមួយទំហឹង៖
អីយ៉ូយ! ឪវាម៉េចក៏ឯង មិនជួយខ្ញុំផង់
ព្រាននោះខឹងនឹងពូដូងខ្លាំងណាស់ ស្រែកជេរទាំងកំហឹងទៅពូដូង
អាដូង! ម៉េចក៏ឯងបាញ់ប្រពន្ធអញ ប្រពន្ធអញ ខំពរកូនមានរបស់ផ្ញើអញផង អញធ្វើអីឯង បានមកបាញ់ប្រពន្ធអញ អាឯងចង់ស្លាប់ឬ? (ដោយឃើញបែបនេះ ពូដូងតបយ៉ាងលឿន)
អាចំកួត! ពេលឯងមកព្រៃ មានប្រាប់ប្រពន្ធកូនអត់ថា ឯងទៅរកសត្វនៅព្រៃណា ឯងមិនគិតមើលថា ម៉េចក៏ប្រពន្ធឯងស្គាល់កន្លែងនេះ ហើយមកទាំងយប់ទៀត ក្រែងអំបាញ់មិញឯងឃើញខ្លាដំបង ម៉េចក៏ចេញជាប្រពន្ធឯងវិញ នេះមិនមែនជាប្រពន្ធឯងទេ វាគឺជាព្រាយខ្លាទេតើ អញនឹងបាញ់អោយងាប់ ។
ពូព្រានមិនបានស្លាប់ពូដូងទេ រិតតែខឹងខ្លាំងឡើង ព្រោះឃើញប្រពន្ធខ្លួនកំពុងតែមានរបួស ស្រាប់តែពូដូងបាញ់មួយគ្រាប់ទៀត ចំកូនដែលពរនឹងដៃ ឃើញដូចនេះគាត់ស្ទុះចុះពីធ្នាក់ទៅរកប្រពន្ធ មិនទាន់ដល់ដីស្រួលបួលផង ស្រាប់តែប្រពន្ធគាត់ បែរក្លាយទៅជាខ្លាហក់ស្ទុះមកទះគាត់ពីរបីដៃ រួចអូសចូលព្រៃបាត់ ។ ព្រានគ្រប់គ្នាតក់ស្លុតយ៉ាងខ្លាំង ដោយឃើញហេតុការណ៍បែបនោះ គ្រប់គ្នាសោក ស្ដាយដែលព្រាននោះមិនស្ដាប់ពូដូង ។ ផុតពីនេះ ស្រាប់តែឃើញប្រពន្ធពូដូងចេញមកម្ដង ភ្លាមៗនោះពូដូងពុំបានគិតច្រើនក៏តម្រង់កាណុងប្រុងនឹងបាញ់ ស្រាប់តែប្រពន្ធគាត់នោះ ក្លាយជាខ្លាហក់ទះ ស្រវាប្រឹងឡើងដើមឈើតាមជណ្ដើរធ្នាក់ ព្រានគ្រប់គ្នាបាញ់តម្រង់ទៅខ្លានោះ ប៉ុន្ដែហាក់ដូចជាមិនបានការសោះ ដោយផ្លែអាវុធទាំងអស់មិនអាចមុតស្បែកខ្លានោះបានឡើយ ។ ប៉ុន្ដែសំណាងល្អដែរ ដោយសារតែពូដូងជាព្រានចេះអាគម ក៏បានសូត្របាលីគាថាព្រួសដាស់មុខព្រួញ បាញ់សំដៅទៅខ្លាត្រូវហូរឈាម វាស្រែកខ្ទរព្រៃ ហើយក៏បោលសំដៅទៅក្រៅ ។ ដោយឃើញស្ថានភាពមិនស្រួល ពូដូងបបួលព្រានទាំងអស់កាន់អាវុធ ត្រលប់ទៅផ្ទះវិញ ដោយខ្លាចខ្លានោះទៅ រកប្រពន្ធនៅឯផ្ទះ ។ មិនខុសពីការគិតរបស់ពូដូងមែន ខ្លាដែលត្រូវរបួសនោះបាន ទៅដល់ផ្ទះពូដូង រួចក្លែងសំលេងជាពូដូង គោះទ្វារផ្ទះហៅប្រពន្ធពូដូងអោយបើកទ្វារអោយ ។
ម៉ែវា! ម៉ែវា បើកទ្វារអោយខ្ញុំបន្ដិច
នរណាគេហ្នឹង ឪវា!មែន ចុះម៉េចក៏ឯងមកលឿនម្ល៉េះ ហើយមកទាំងយប់ទៀត
ខ្ញុំបានសាច់ខ្លាធំណាស់ ទើបមកទាំងយប់ហ្នឹង
ប្រពន្ធបំរុងតែនឹងបើកទ្វារហើយ ក៏នឹកឃើញពាក្យប្ដីបានផ្ដាំមុននឹងចេញទៅព្រៃ ថារយៈពេលបីថ្ងៃទើបគាត់ត្រលប់មកវិញ ហើយមកវិញពេលថ្ងៃ មិនថាមានរឿងអ្វីក៏ដោយមិនត្រូវបើកទ្វារអោយនរណាយប់ព្រលប់មកទេ ។ ប៉ុន្ដែដោយសារឮសំលេងប្ដីរបស់ខ្លួនហើយ ក៏ងើបទៅបើកទ្វារអោយ គ្រាន់តែបើកទ្វារភ្លាមគាត់គាំងមិនអាចកំរើកបាន ដោយសារអ្វីដែលគាត់បានឃើញមិនមែនជាប្ដីគាត់ទេ គឺជាខ្លាដំបងដ៏ធំមួយ វាក៏ស្ទុះមកបម្រុងខាំគាត់ទៅហើយ ស្រាប់តែ៖
ផូង! ស្នូរគ្រាប់កាំភ្លើងមួយគ្រាប់បានទំលុះចំក្បាលខ្លានោះ បណ្ដាលអោយដេកដួលស្លាប់  ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយពីស្លាប់ទៅ ខ្លានោះក៏ប្រែរូបរាងទៅជាមនុស្សពាក់កណ្ដាល និងខ្លាពាក់កណ្ដាល រួចពូដូងក៏យកសាកសពព្រាយខ្លានោះទៅ ដាក់នៅវត្ត ដើម្បីសុំអោយព្រះចៅអធិការវត្តធ្វើការសូត្រមន្ដ និងនាំផ្លូវដល់ព្រាយនោះអោយបានចាប់ជាតិជាថ្មី ។

0 មតិយោបល់:

Post a Comment