Tuesday, May 12, 2020

វិញ្ញាណចងអាឃាត



រឿងរ៉ាវនេះបានកើតឡើងយូរឆ្នាំមកហើយ ដែលរឿងនិយាយអំពីមិត្តភក្ដិ៤បួននាក់ ដែលបាន​រួមគំនិតគ្នាសម្លាប់មនុស្សម្នាក់យ៉ាងព្រៃផ្សៃ ។ រឿងនេះផ្ដើមចេញពីមិត្តភក្ដិទាំងបួន គឺ ឆន រិន យ៉ាវ និង សួន ។ កាលដើមឡើងមិត្តភក្ដិទាំង៤នាក់នេះ ប្រកបរបរជាកសិករចិញ្ចឹមជីវិត ប៉ុន្ដែជាច្រើនឆ្នាំឃើញថា ការប្រកបរបរធ្វើស្រែចំការ ហាក់បីដូចជាមិនធ្វើអោយជីវភាពធូរធារសោះ ធ្វើស្រែរំពឹងមេឃ ពិតជាពិបាកណាស់ ដូចនេះហើយ ពួកគាត់ក៏បាននាំគ្នាលួចឆ្លងដែន ចូលទៅបម្រើការងារជាពលករនៅប្រទេសថៃបានមួយរយៈ ក៏ត្រលប់មកវិញដោយសារតែត្រូវតម្រួតថៃដេញចាប់ ព្រោះឆ្លងដែនខុសច្បាប់ ។
 នៅពេលត្រលប់មកដល់ស្រុកកំណើតវិញ គាត់បានលក់ដី ហើយផ្លាស់ទីលំនៅ ទៅនៅតំបន់ដាច់ស្រយាលមួយ ដោយប្រកបរបរស្រែចំការធម្មតា ប៉ុន្ដែបានប្រហែលជាបីឆ្នាំតំបន់នោះក៏ក្លាយទៅជាភូមិមួយដែលមានមនុស្សទៅរស់នៅជាច្រើន ម្យ៉ាងឈ្មួញធំៗបានទៅរកស៊ីដោយទីនោះនៅសល់ឈើល្អៗជាច្រើន ដូចនេះពួកគាត់ក៏ប្រកបរបរកាប់ឈើលក់ ប៉ុន្ដែមានពេលខ្លះត្រូវអាជ្ញាធរចុះចាប់ ហើយរត់ចោលម៉ាស៊ីនតែញយ ។
 ក្រោយមក ភូមិនោះកាន់តែរីកចម្រើន សំបូរទៅដោយឈ្មួញរកស៊ី ក៏មានបុរសម្នាក់ឈ្មោះ ភ័ក្រ្ដា ជាមនុស្សកំព្រា ពុំមានគ្រួសារនោះទេ មកពីតំបន់ឆ្ងាយ បានមកភូមិនោះដើម្បីស៊ីឈ្នួល គ្រាន់នឹងចិញ្ចឹមជីវិត ម្យ៉ាង ក្រែងនឹងមានវាសនា រកបានគ្រួសារមួយនឹងគេ សាងសុភមង្គល ។ មកទីនោះដំបូង ភ័ក្រ្ដា ពុំស្គាល់គេនោះទេ តែដោយសារគាត់ជាមនុស្សស្លូតបូត មិនសូវចេះមាត់ក បានតែញឹមៗទេ បើមាននរណាចំអន់ ពិតជាអៀនមុខឡើងក្រហម គាត់ពុំចេះជក់បារី លេងល្បែង ឬផឹកស្រានោះទេ ហើយចិត្តបានណាស់ មានអ្វីក៏មិនចេះលាក់ដែរ ចេះចែករំលែក ហើយត្រូវបានមិត្តភក្ដិទាំងបួន បានអោយនៅជាមួយធ្វើការមួយពួកគាត់ ។ ក្រោយមកទៀត ដោយសារតែមានឈ្មួញខ្លះបានមកទាក់ទងមិត្តភក្ដិទាំងបួននោះ អោយរកស៊ីជាមួយ តែមិនដឹងរកស៊ីអីទេ តែជាងមួយខែសោះ មិត្តភក្ដិទាំងបួននោះ មានម៉ូតូជិះគ្រប់ៗគ្នា ចំណែកភក្រ្ដា មិនចេះច្រណែនទេ ឃើញបែបនេះរិតតែសប្បាយចិត្តនឹងជួយអរ ប៉ុន្ដែនៅល្ងាចមួយ នៅពេលមិត្តភក្ដិទាំង៤នាក់នោះ បានជុំគ្នាផឹកស្រា ៖
-ឆន៖ ណែ៎! ភ័ក្រ្ដា ខ្ញុំឃើញភ័ក្រា្ដឯងជាមនុស្សប្រឹងប្រែងនឹងការងារណាស់ ឥលូវចង់បបួលរកស៊ីជា មួយខ្ញុំ តើភ័ក្រ្ដាឯងចាប់អារម្មណ៍ទេ ?
-ភ័ក្រ្ដា៖ មានអីបង! ខ្ញុំអរណាស់អោយតែបងជួយអញ្ចឹង ចុះការងារ អីដែរបង?
 ឆនមើលឆ្វេងមើលស្ដាំ រួចខ្សឹបដាក់ត្រចៀកភ័ក្ដ្រា “ បងលក់ថ្នាំ” គ្រាន់តែឮភ្លាម ភ័ក្រ្ដាឆ្លើយប្រកែកមួយទំហឹង ៖ ទេ! ទេ បង ការងារនេះខុសច្បាប់ណាបង ម៉េចក៏បងហ៊ានម្ល៉េះ ។ ភ្លាមនោះរិន និងយ៉ាវ ក៏បន្ថែម ៖ ណែ៎! ត្រា ឯងកុំទៅមាត់ទៅនរណាដឹង រកស៊ីនេះដើមទុនតិច ហើយចំណេញលឿនណាស់ ឯងឃើញទេ ខ្ញុំរកបានតែមួយខែសោះ មានលុយទិញម៉ូតូថ្មីជិះ ម៉េចមិនស្រួលទេឬ?
ភ័ក្រ្ដា៖ ទេបង! ខ្ញុំមិនលេងចូលទេ ថ្វីត្បិតតែខ្ញុំល្ងង់ខ្លៅ ពុំចេះអក្សរមួយតួ ប៉ុន្ដែខ្ញុំដឹងរបរណាល្អ របរណាអាក្រក់ ណាមួយរកស៊ីបែបនេះ គឺបំផ្លាញជីវិតអ្នកដទៃទៀតផង ខ្ញុំគិតរកលាបងទៅសំរាកមុនហើយ ។
 មិត្តភក្ដិទាំង៤ មានអារម្មណ៍មួរម៉ៅ និងខឹងសម្បារជាខ្លាំង ហើយបានជំនុំគ្នា ថាសិនជាភ័ក្រ្ដា ហ៊ានតែនិយាយរឿងនេះប្រាប់គេ ពិតជាមិនទុកទេ ។
 ស្អែកឡើង ភ័ក្រ្ដា បារម្ភពីសុវត្ថិភាពខ្លួន ព្រោះបានដឹងរឿងរកស៊ីរបស់មិត្តភក្ដិទាំង៤នាក់នោះ ក៏គិតថានឹងទៅប្រាប់មេភូមិអោយបានដឹង ចៃដន្យអីមេឃភ្លៀងយ៉ាងខ្លាំង ផ្លូវរអិលពិបាកធ្វើដំណើរណាស់ ក៏គិតថាចាំរាំងសិន ។ លុះមេឃមិនព្រមរាំងសោះ រហូតដល់យប់ជ្រៅ មិត្តភក្ដិទាំង៤នាក់នោះបានបបួលភ័ក្រ្ដា ទៅរកបាញ់សត្វកង្កែប ចាប់ហ៊ុងទុកគ្រាន់ហូប ដោយឃើញសភាពលោមលួងរបស់អ្នកទាំងបួន ភ័ក្រ្ដាគិតថាមិនមានបញ្ហាអីទេ ក៏ព្រមទៅជាមួយ ។ លុះដល់ព្រៃពួកគេទាំងបួន ក៏ទាក់ខ្សែគោរិតកភ័ក្រ្ដារហូតដល់ស្លាប់ រួចយកសាកសពចងព្យួរចុងឈើ ធ្វើដូចជាភ័ក្រ្ដាចងកសម្លាប់ខ្លួនអញ្ចឹង ។ រឿងនេះពុំមានអ្នកណាដឹងទេ ដោយសារតែភ័ក្រ្ដាជាមនុស្សចំណូលស្រុក ពុំមានអ្នកចាប់អារម្មណ៍ឡើយ ពេលគេសួរមិត្តភក្ដិទាំង៤នោះ ប្រាប់ថាគេទៅស្រុកបាត់ហើយ ។ រំលងបានប្រហែលពីរអាទិត្យ មានអ្នកចំការម្នាក់ប្រទះឃើញសាកសពរបស់ភ័ក្រ្ដា ក្នុងសភាពស្អុយរលួយមើលលែងយល់ទៅហើយ ហើយក៏រត់ទៅប្រាប់មេភូមិ មេភូមិក៏គោះតោក ហៅអ្នកភូមិទៅមើលសាកសព គេអាចចំណាំបានជាភ័ក្រ្ដា ដោយសារតែមិត្តភក្ដិទាំង៤ប្រាប់​ បើប្រាប់ថាមិនស្គាល់មុខជាគេសង្ស័យហើយ រិនបានធ្វើជាអាណិតហើយនិយាយថា៖ ថ្ងៃមុនខ្ញុំឮវានិយាយថា វានឹងផ្ទះកំណើត វាចង់ទៅលេង ប៉ុន្ដែរកស៊ីមិនសូវបានលុយកាក់សល់​ វាខ្មាសគេណាស់ ។ មេភូមិក៏ពឹងពាក់បងប្អូនជួយដឹកទៅបូជានៅវត្ត ព្រោះភ័ក្រ្ដាជាមនុស្សគ្មានសាច់ញាតិផង ។ រហូតដល់យប់មួយបន្ទាប់ពីបូជាសពបាន៧ថ្ងៃ ស្រាប់តែ ៖
-រិន៖ ខ្មោច! ខ្មោច ជួយផង ខ្មោច
-ឆន៖ វាថីហែង! អារិន
-រិន៖ អញឃើញខ្មោច អាភ័ក្ត្រាវានៅក្បែរបង្អួចអញ
-យ៉ាវ៖ មើលអានេះ ចេះខ្លាចខ្មោចទៅកើត
 ស្រាប់តែភ័ក្រ្ដាបានលេចមុខឡើង នាយទាំង៤ស្រឡាំងកាំង ហើយស្រែកអោយគេជួយ ប៉ុន្ដែហាក់បីជាមិនបានប្រយោជន៍អ្វី គ្មាននរណាបានឃើញ និងឮអ្វីឡើយក្រៅពីអ្នកទាំង៤ ភ្លាមៗនោះ ស្រាប់តែរិនស្រែកយ៉ាងឈឺចាប់ ដោយសារដៃរបស់គេបាក់ជាកង់ៗ បន្ទាប់មកជើង បន្ទាប់មកពោះវៀនក៏ធ្លាយចេញមកក្រៅ ចុងក្រោយ គឺដាច់ក្បាលធ្លាក់ពីស្មាស្លាប់តែម្ដង ។ បីនាក់ទៀត ឃើញហើយស្លុតចិត្តនិងភ័យខ្លាចជាខ្លាំង ក៏ស្ទុះម្នីម្នាបញ្ឆេះម៉ូតូសំដៅទៅវត្ត យ៉ាវជិះម៉ូតូយ៉ាងលឿនមុនគេ ស្រាប់តែមកដល់គល់ស្ពានឆ្លងអូរក្នុងភូមិ ស្រាប់តែឃើញស្ពានបែកជា៣ គេក៏សម្រេចជិះស្ពានកណ្ដាល ពុទ្ធោ! ស្រាប់តែធ្លាក់ពីលើស្ពានចូលអូរបុកចំថ្ម បាក់ជើង គេបានស្រែកអោយគេជួយ ស្រាប់តែមានលេខសត្វឆ្កែដ៏ធំមួយក្បាល ខ្លួនវាប៉ុនសេះ ហក់មកខាំក្បាលបណ្ដាលអោយធ្លាយខួរស្លាប់ទៅ ។
 ចំណែកឯឆន និងសួន បានជិះម៉ូតូបែកផ្លូវគ្នា ឆនបានទៅដល់ក្នុង​វត្ត រត់រកលោកតាចៅអធិការអោយជួយទាំងស្ថានភាពមមើរមមាយ ឯសួនជិះម៉ូតូឡើងទៅផ្លូវជាតិដើម្បីគេចខ្លួន មកដល់ផ្លូវជាតិ ស្រាប់តែត្រូវឡានធំកិនដាច់ខ្លួនជាពីរកំណាត់ ស្លាប់យ៉ាងអណោចអាធមណាស់ ។ ចំណែកឯឆន រួចខ្លួនបានមួយយប់ ស្អែកឡើងស្រាប់តែបីដូចជាមានការបញ្ជាអោយយកខ្សែគោរិតចងកខ្លួនឯងស្លាប់ នៅនឹងមែកដើមអំពិលជាប់របងវត្ត ។ ក្រោយពីហេតុការណ៍នោះបានផុតទៅ មេភូមិនិងអ្នកភូមិបានរួមគ្នាធ្វើបុណ្យឧទ្ទិសកុសលជូនទាំងអស់គ្នាដែលស្លាប់ទៅ ហើយអាថ៌កំបាំងនៃការស្លាប់របស់អ្នកទាំង៥ គឺមិនមាននរណាម្នាក់ដឹងនោះទេ ។

0 មតិយោបល់:

Post a Comment