រឿងនេះនិយាយរំឮកកាលពីឆ្នាំ២០១២
ពេលខ្ញុំបានទៅទស្សនកិច្ច នៅខេត្តសៀមរាបជាមួយក្រុមការងារ
កាលណោះខ្ញុំទៅប្រហែលជាគ្នាជិត៣០នាក់ ដោយជិះរថយន្ដឈ្នួល៣គ្រឿង
ខ្ញុំធ្វើដំណើរចេញពីខេត្តនៅព្រឹកម៉ោង៦ នៅពេលធ្វើដំណើរចូលដល់ទឹកដីខេត្តសៀមរាប
ខណៈពេលដែលកំពុងធ្វើដំណើរ នៅលើរថយន្ដ ក្រុមការងារនាំគ្នាលេងល្បែងច្រៀងតគ្នា
ពិតជាគួរឲ្យសប្បាយរីករាយណាស់ វៀរលែងតែខ្ញុំកាលណោះ ខ្ញុំមិនដឹងកើតអីទេ
បានជាមានអារម្មណ៍ថាត្រម៉ង់ត្រមោចខុសគេខុសឯង ខ្ញុំអង្គុយបែរមុខមើលតាមកញ្ចក់ខាងក្រៅ
មកដល់ព្រៃធំមួយ អ្នកដំណើរបានឈប់ដោះទុក្ខសត្វ ខ្ញុំមិនបានចុះពីលើរថយន្ដទេ
ខ្ញុំសម្លឹងចុះឡើង ស្រាប់តែឃើញអ្វីម្យ៉ាងដូចជាមនុស្សបន្ដិច សត្វបន្ដិច
បែងចែកមិនដាច់សោះ កំពុងតែឈរក្បែរដើមឈើមួយសម្លឹងមករថយន្ដរបស់ពួកខ្ញុំ សម្បុរខ្មៅ
ល្អិត មើលមិនយល់ទេ ប៉ុន្ដែច្បាស់ណាស់ ថាអាចជាមិនមែនមនុស្សទេ ។
ក្រោយមករថយន្ដក៏ធ្វើដំណើរបន្ដខ្ញុំមិនបាននិយាយរឿងនេះប្រាប់នរណាទេ
ដើម្បីកុំឲ្យគ្រប់គ្នាមានអារម្មណ៍មិនសប្បាយចិត្ត ព្រោះនៅតាមផ្លូវផង
តែខ្ញុំនៅតែក្រឡេកមើលរហូតទាល់តែបាត់ពីភ្នែក ។ លុះដល់ពេលម៉ោងជិត១២ថ្ងៃត្រង់
ក្រុមការងារខ្ញុំបានមកដល់ទីរួមខេត្តសៀមរាប កាលណោះ
ពួកខ្ញុំបានជួលសណ្ឋាគារមួយមាន៣ជាន់ដែរ ។ ក្រោយពីងូតទឹកសំអាតកាយរួចរាល់
មេក្រុមបាននាំពួកខ្ញុំទៅទស្សនកិច្ចដំបូងនៅកន្លែងសហគមន៍ការពារព្រៃឈើ
ឃើញថាពួកគាត់រួសរាយណាស់ ខ្ញុំឃើញមានការចិញ្ចឹមឃ្មុំបែបធម្មជាតិ ការច្នៃលាមកគោ
ទៅជាហ្គាស និងជីកំប៉ុស្ដិ៍ ជាដើម។ ក្រោយបញ្ចប់ទស្សនកិច្ចខ្ញុំបានត្រលប់មកសណ្ឋាគារវិញ
រួចរសៀលបន្ដិច ខ្ញុំនិងក្រុមការងារបន្ដទៅកំសាន្ដម្ដង
កាលណោះខ្ញុំចាប់អារម្មណ៍ល្អាងខ្មោចលងនៅខេត្តសៀមរាប ពេលនោះ
គ្រប់គ្នាក៏ចង់សាកទៅលេងដែរ ខ្ញុំក៏ទៅទិញសំបុត្រ ប៉ុន្ដែមុននឹងចូលទៅល្អាងនោះ
ខ្ញុំដើរមើលមនុស្សក្រមួនសិន ទឹកដៃល្អៗណាស់ ស្ទើរតែដូចរូបពិតទៅហើយ
បន្ទាប់មកខ្ញុំនឹងក្រុមការងារបានដើរចូលទៅមើលភូមិជនជាតិដើមភាគតិចសិន
ចំពេលគេកំពុងលេងពិធីរើសប្ដី គួរឲ្យស្ងើចណាស់
ចុងក្រោយពួកខ្ញុំក៏សម្រេចចូលទៅក្នុងល្អាងខ្មោចលង អារម្មណ៍ពេលចូលដំបូងមិនអីទេ
តែរាងភ្ញាក់ៗដែរ ព្រោះងាកទៅឃើញមានតាំងពីអាប ខ្មោចគេកំពុងតែចាក់នឹងលំពែង
អ្នកខ្លះឲ្យបដើមរកាដែរ បូករួមនឹងទិដ្ឋភាពងងឹត ភ្លើងក្រហម ខៀវភ្លឹបភ្លែត
សម្លេងឆ្កែលូ សម្លេងថ្ងូររហ៊ឹស ខ្យល់ត្រជាក់ ជួនកាលដើរទៅស្ងាត់ៗ ឈឹង
រោមខ្ញុំក៏ព្រឺដែរ ខ្ញុំធ្វើដំណើរមកដល់ចំណុចស្ពានមួយខ្ញុំសម្លឹងទៅក្នុងជ្រុងមួយនៃរូងភ្នំ
ងងឹតមើលមិនឃើញអីទេ តែខ្ញុំជឿថាប្រហែលអ្នកតែងខ្លួនជាខ្មោចពួនត្រង់នោះមិនខាន
ពិតមែនតើ! គាត់ចេញមក ខ្ញុំស្ទឹងគាំងបេះដូង ព្រោះស្រស់ៗពេក សូមសរសើរមែន
ពេលនោះក្រុមការងារទាញដៃខ្ញុំ ធ្វើឲ្យខ្ញុំបុកក្បាលជាមួយពិដានថ្ម
ឈឺស្ទើរតែប្រេះក្បាលហើយ ខ្មោចនោះស្ទុះមកចាប់ជើងខ្ញុំ ពុទ្ធោ! ត្រជាក់ស្រេប
គ្រប់គ្នាស្រែកទាំងរន្ធត់ ភ្នែកលៀនៗ ស្ទើរតែចុះជ្រុះចេញទៅហើយ ក្លិនមាត់ក៏ស្អុយទៀត
សូម្បីតែខ្ញុំក៏មានអារម្មណ៍ថាខ្លាចកាន់តែខ្លាំងឡើង ព្រោះខ្ញុំមានតែប្រឹងរត់ផង
ស្រែកផង រកច្រកចេញ និយាយដោយត្រង់ បើសិនជារកផ្លូវចេញមិនទាន់ អាចមានអ្នកសន្លប់ ។
លុះរត់ចុះរត់ឡើង ជួបអាបហោះ ពីក្រោយ មឈូសហោះ រួមផ្សំនឹងសម្លេងគួរឲ្យខ្លាចណាស់
ទីបំផុតពួកខ្ញុំរត់មកដល់កន្លែងរូបបដិមាព្រះទើបឃើញ ច្រកចេញ
មកដល់ក្រៅសប្បាយចិត្តណាស់ ប៉ុន្ដែក្បាលខ្ញុំឈឺខ្លាំងពេក
ពេលនោះសន្ដិសុខគាត់ដើរមកសួរនាំ និងជួយលាបប្រេងកូឡាឲ្យ គាត់សួរហេតុការណ៍និងអារម្មណ៍ពួកខ្ញុំដែលមកលេងទីនេះលើកដំបូង
ខ្ញុំរៀបរាប់ទាំងអស់់ បន្ទាប់មកគាត់និយាយអាយកូម ឮក្រុមការងារសម្ដែងថា
ផ្លូវដែលខ្ញុំរត់ទៅ ពុំមានក្រុមការងារទេ ព្រោះគេកំពុងសម្រាកហូបបាយ
មកដល់ពេលនេះខ្ញុំភ្ញាក់ព្រើត មានន័យថាមុននេះខ្មោចលងខ្ញុំមែនទែន អ៊ីចឹងតើបានជាខ្ញុំខ្លាចដូចកាលដែលជួបក្រៅៗកន្លងមក
។ ក្រោយបញ្ចប់ការងារដើរលេង ខ្ញុំមកសម្រាកនៅសណ្ឋាគារវិញ
ព្រោះត្រូវត្រលប់ទៅផ្ទះវិញនៅពេលព្រឹក។
យប់ឡើងខណៈពេលពួកខ្ញុំកំពុងសម្រាកស្រាប់តែឮសម្រឹបជើងមនុស្សដើរកាត់ចុះឡើងមុខបន្ទប់
ហើយគោះទ្វារបន្ទប់ ខ្ញុំក៏ងើបទៅបើកទ្វារ អត់ឃើញមានអ្វីសោះ
ខ្ញុំគិតថាប្រហែលជាឯងចង់បន្លាចលេងហើយ ខ្ញុំក៏ទៅដេកវិញ។ មួយសន្ទុះក្រោយមក
គោះទ្វារម្ដងទៀត ខ្ញុំបើកម្ដងទៀត ខ្ញុំក៏អត់ឃើញអីទៀត លើកនេះខ្ញុំមិនត្រលប់ទៅដេកទេ
ខ្ញុំនៅឈរចាំតែម្ដង សម្លេងគោះទ្វារភ្លាមខ្ញុំបើកភ្លែត ទទេស្អាត
ពេលនេះខ្ញុំដឹងថាមិនមែនក្រុមការងារលេងទេ ព្រោះទោះជាគាត់គោះហើយរត់ ក៏ឮសម្លេងរត់ដែរ
ខ្ញុំក៏បិទទ្វារ ស្រាប់តែបន្ទប់ដាច់ភ្លើង
អ្នកផ្សេងទៀតដែលដេកបន្ទប់រួមគ្នាជាមួយខ្ញុំងើបទាំងអស់ ខ្ញុំបើកទ្វារកុំឲ្យងងឹត
ស្រាប់តែឃើញខ្មោចដែលលងខ្ញុំនៅល្អាងពេលថ្ងៃនោះ នៅឈរចំពោះមុខ គ្រប់គ្នាស្រឡាំងកាំង
ស្រែកផ្អើលភ្ញៀវដទៃអស់ ។ ភ្លើងបានភ្លឺឡើងវិញ ខ្មោចនោះក៏បាត់ទៅ
ប៉ុន្ដែទាំងខ្ញុំនឹងក្រុមការងារគឺមុខម្នាក់ស្លេកស្លាំង ញ័រដៃជើង និយាយអីមិនចេញ
ពេលនោះមេក្រុមបានមកមើលពួកខ្ញុំ នឹងឲ្យគ្នា២-៣នាក់ទៀត មកដេកជាមួយបន្ថែម
ពួកគេខ្ញុំបើកភ្លើង និងមិនបិទភ្នែកទល់ភ្លឺ ព្រោះតែសម្លេងយំខ្សឹបខ្សួល ពេញបន្ទប់
គ្រាន់តែម៉ោង ៤ភ្លាម ពួកខ្ញុំសុំតៃកុងឡានចេញទៅផ្ទះមុនគេភ្លាម គាត់ក៏យល់ព្រម ខ្ញុំត្រលប់មកវិញ
ឈឺចង់មួយអាទិត្យ ទាល់តែម៉ែនាំទៅស្រោចទឹកទើបបានបាត់ ។
0 មតិយោបល់:
Post a Comment