Tuesday, May 12, 2020

បន្ទប់VIP


គ្រាន់តែឃើញចំណងជើងនៃរឿង ខ្ញុំជឿថាអ្នកទាំងអស់នឹងគិតថាប្រហែលជាបន្ទប់លំដាប់ថ្នាក់វីអាយភី តម្លៃរាប់រយដុលា្លរក្នុងមួយយប់ហើយមើលទៅ ប៉ុន្ដែតាមពិតវាមិនដូចជាការគិតរបស់អ្នកទាំងអស់គ្នាទេ ។ តាមពិតខ្ញុំគឺជានិស្សិតផ្នែកច្បាប់ម្នាក់នៅសាកលវិទ្យាល័យមួយកន្លែងនៅខេត្តកំពង់ធំ ខ្ញុំតែងតែរកផ្ទះសំណាក់ណាដែលមានតម្លៃថោកសមរម្យល្មម ព្រោះតែស្ថានភាពជីវភាពយើងពិបាក ដូចនេះយើងមិនអាចចាយវាខ្ជះខ្ជាយតាមតែអំពើចិត្តនោះទេ ត្រូវតែរៀនសន្សំខ្លះ ។ រឿងរ៉ាវនេះបានកើតឡើងប្រមាណជាប៉ុន្ដែខែមុនប៉ុណ្ណោះ ខណៈដែលរាល់ដងខ្ញុំស្នាក់នៅបន្ទប់បានយ៉ាងតិចក៏លេខ១០០ជាងដែរ ប៉ុន្ដែថ្ងៃនោះនៅពេលខ្ញុំទៅរៀន ខ្ញុំទៅរកផ្ទះសំណាក់ បន្ទប់គឺពេញអស់ គឺនៅសល់តែបន្ទប់លេខ ០៦ប៉ុណ្ណោះដែលទំនេរ ហើយម្យ៉ាងនៅជាន់ទី១ទៀត ខ្ញុំគិតថាងាយស្រួលក្នុងការចុះមករកអ្វីហូបពេលយប់ព្រលប់ និងមិនពិបាកឡើងចុះច្រើនកាំ នាំអោយបែកញើស ទេ ដូចនេះខ្ញុំក៏សម្រេចចិត្តយកបន្ទប់នោះ ។ នៅពេលយប់នោះដែរ បន្ទាប់ពីចេញពីសាលា ខ្ញុំមិនបានទៅផ្ទះសំណាក់ភ្លាមៗទេ ខ្ញុំនឹងមិត្តរួមថ្នាក់ពីរបីនាក់ទៀត នាំគ្នាទៅហូបមីឆានៅមាត់ស្ទឹង និងជជែកគ្នាលេងរហូតដល់ម៉ោងប្រហែលជាង៧យប់​ ទើបពួកយើងបែកគ្នាត្រលប់ទៅសម្រាករៀងៗខ្លួន ។
 នៅពេលទៅដល់ផ្ទះសំណាក់ ខ្ញុំក៏ផ្លាស់សំលៀកបំពាក់ រួចចុចមើលទូរស័ព្ទបន្ដិច ចំណង់ចំណូលចិត្តរបស់ខ្ញុំ គឺមើលរឿងខ្មោច ខ្ញុំមើលរឿងដែលខ្លួនសរសេរផង វីដេអូតាមឆាណែលផ្សេងៗ បង្ហោះផង ។ ប្រហែលជាកន្លះម៉ោងក្រោយ ខ្ញុំរាងងងុយដេក រួចខ្ញុំទៅបន្ទប់ទឹកមុជទឹកសំអាតខ្លួន ខណៈពេលដែលខ្ញុំកំពុងមុជទឹកុំស្រាប់តែភ្លើងលោត ភ្លឹបភ្លែត ពីរបីដងរួចក៏ដាច់មួយសន្ទុះប្រហែលជាប្រាំនាទីដែរ ខ្ញុំក៏មិនចាប់អារម្មណ៍ដែរ រួចបន្ដមុជទឹករហូតភ្លើងភ្លឺមកវិញ ។ ពេលចេញមកក្រៅខ្ញុំបានតេសួរម្ចាស់ ផ្ទះសំណាក់ថា តើអំបាញ់មិញនេះមានដាច់ភ្លើងអត់ គេឆ្លើយថាអត់មានដាច់ទេ ខ្ញុំសួរពីព្រោះខ្ញុំឃើញលើគ្រែរបស់ខ្ញុំ ទាំងខ្នើយ ទាំងភួយនិងកន្សែង ហាក់បីដូចជាមាននរណាម្នាក់មកបោះជជុះពេញគ្រែ ដោយសារតែសង្ស័យទើបខ្ញុំខលសួរម្ចាស់ផ្ទះបន្ថែមទៀត ។បន្ទាប់ពីបានដឹងថា រឿងនេះគឺ...ធ្វើហើយ ខ្ញុំក៏ធ្វើដូចធម្មតា ព្រោះនិយាយដោយត្រង់ ខ្ញុំឃើញច្រើនពេករហូតដល់ថ្នាក់ លែងខ្លាចទៅវិញហើយ ។ ក្រោយមកខ្ញុំក៏ចាប់ផ្ដើមដេក ដោយបិទភ្លើងទាំងអស់ ទុកតែភ្លើងបន្ទប់ទឹកមួយទេ ងាយស្រួលដោះស្រាយបញ្ហាយប់ព្រលប់ ខ្ញុំចាប់ផ្ដើមបិទភ្នែក ស្រាប់តែភ្លើងលើពិតាន ភ្លឺឡើង ចាំងមុខខ្ញុំយ៉ាងខ្លាំង ខ្ញុំក៏ងើបទៅបិទ ហើយដេកម្ដងទៀត ស្រាប់តែកង្ហារខ្ញុំឈប់វិល ខ្ញុំក៏ងើបទៅចុចកុងតាក់បើកកង្ហារម្ដងទៀត ខ្ញុំក៏ប្រាសខ្លួនដេកម្ដងទៀត ស្រាប់មានអ្វីមកទាញភួយខ្ញុំទំលាក់ពីលើគ្រែ ខ្ញុំងើបហើយដើរទៅលើកភួយ ហើយក៏ស្រែកសួរថា ៖ យប់ព្រលប់ហើយ អោយគេដេកពួនផង បើមានការអ្វី ប្រាប់អោយត្រង់ៗមក កុំស៊ាំតាប៉ែពេក ថារួចខ្ញុំក៏លើកភួយគ្រប ហើយដេកម្ដងទៀត ។ សកម្មភាពបែបនេះបន្ដរហូតដល់ម៉ោងជិត២ភ្លឺ រហូតដល់ខ្ញុំទ្រាំលែងបាន ខ្ញុំឈប់ខ្វល់ ខ្ញុំក៏សំងំដេក ស្រាប់តែហាក់ដូចជាមានដៃមួយកំពុងមកបោចសក់ក្បាលខ្ញុំមួយទំហឹង ខ្ញុំស្រែកដោយឈឺ ហើយខ្ញុំក៏សូត្រធម៌បន្ដិច ហើយក៏និយាយថា បើសិនជាមានអ្វីអោយខ្ញុំជួយ សូមប្រាប់ខ្ញុំមក ខ្ញុំមិនមែនជាសត្រូវរបស់អ្នកទេ ខ្ញុំគ្រាន់តែមកស្នាក់នៅដើម្បីរៀនសូត្រប៉ុណ្ណោះ បើសិនជាមានការលើសលស់ សូមអហាសិកម្មអោយគ្នាចុះ ខ្ញុំថារួចក៏សំងំដេកបន្ដ លើកនេះនៅតែមានដៃមួយមកស្ងាបក្បាលខ្ញុំដដែល ប៉ុន្ដែបែរជាមកឈ្លឺសក់ក្បាល បីដូចជាគេម៉ាស្សាក្បាលអោយ រហូតខ្ញុំដេកលក់យ៉ាងស្រួលទល់ភ្លឺ ។
 រំលងបានមួយអាទិត្យខ្ញុំក៏ត្រូវទៅរៀនម្ដងទៀត ខ្ញុំស្នាក់នៅបន្ទប់ផ្សេង ហើយយប់នោះខ្ញុំចេញមកដើរលេងនៅសួនដំរីជាន់ខ្លា អង្គុយមួយស្របក់ខ្ញុំមានអារម្មណ៍ហាក់ប្លែក ដោយឃើញស្ថានភាពស្ងាត់ជ្រងំ ពុំមាននរណាទៅអង្គុយលេងសោះ ម៉ូតូឡានក៏ស្ងាត់ជ្រាប ខ្ញុំក្រឡេកទៅឃើញនារីម្នាក់សក់វែងប្រះស្មា អង្គុយបែរខ្នងមករកខ្ញុំ នាងកំពុងតែអង្គុយលើបង់មួយ ខ្ញុំប្លែកចិត្តណាស់ ក៏ដើរទៅមើល មិនមែនឃើញស្រីមិនបានទេ តែឃើញតែម្នាក់ឯង ឯមនុស្សម្នាធ្នាប់តែអ៊ូអរ បែរជាស្ងាត់ឈឹង ម៉ោងទើបតែ ជាង៨សោះ ។ ខ្ញុំបានដើរទៅជិតនាងបន្ដិចម្ដងៗ ហើយមានអារម្មណ៍ព្រឺសម្បុរណាស់ ប៉ៈរោមខ្ញាកៗ ខ្ញុំមានអារម្មណ៍ដឹងថា ប្រាកដជាមានអ្វីម្យ៉ាងទៀតហើយ ខណៈពេលដែលខ្ញុំកំពុងដើរជិតទៅដល់នាងហើយ ស្រាប់តែមានឡានមួយបើកយ៉ាងលឿនមកដល់ទីនោះ នាងក៏រត់ប្រុចចូលឡានបែកក្បាលស្លាប់ភ្លាមៗ ខ្ញុំស្រលាំងកាំង និយាយអ្វីមិនចេញ ស្រាប់តែបាត់ឡាន បាត់ទាំងនាងទៀត ខ្ញុំគិតថាខ្មោចលងប្រាកដ ព្រោះអំបាញ់មិញឃើញស្ដែងសោះ បែរជាបាត់មនុស្សអស់ ខ្ញុំប្រុងថានឹងរត់ទៅផ្ទះសំណាក់ស្រាប់តែលេចចេញមុខនាងនៅពីមុខខ្ញុំស្ទើរតែ ប៉ៈមុខខ្ញុំទៅហើយ ពុទ្ធោ! ស្អាត ណាស់ លើផ្ទៃមុខដ៏សស្គុះ ខ្ញុំមើលឃើញតែមាត់មួយដ៏ធំពេញមុខ ពុំឃើញភ្នែកច្រមុះអី្វសោះ ស្រាប់តែមួយភាំង ខ្ញុំហាក់បីដូចជាបាត់បង់ស្មារតី ខ្ញុំភ្ញាក់ព្រឺត ខ្ញុំខណៈនោះខ្ញុំកំពុង ស្ថិតនៅក្នុងបន្ទប់ចាស់ដែលបានជួលពីសប្ដាហ៍មុន ដោយហេតុតែភ័យខ្ញុំនឹកអ្វីពុំឃើញទេ ខ្ញុំបិទភ្នែក មានតែតាំងចិត្តរំលឹកគុណឪពុកម្ដាយ សូត្រនមោបីចប់ រួចក៏បន់ក្នុងចិត្តថាសូមគុណ ឪពុកម្ដាយ គុណ ជីដូនជីតា គុណព្រះរតនត្រ័យ បុណ្យកុសលដែលខ្ញុំបានសាងកន្លងមក សូមឧទ្ទិសជូនដល់វិញ្ញាណដែលកំពុងនៅទីនេះ អោយបានទៅកាន់សុគតិភព និងរំដោះនូវទុក្ខទាំងពួងផងចុះ បើមានការឆ្គាំឆ្គង សូមអោយអហោសិកម្មផង ។ ខ្ញុំបន់ស្រន់ចប់ មួយស្របក់ក៏មានអារម្មណ៍ថា អំពូលបន្ទប់បានភ្លឺឡើង ខ្ញុំក៏បើកភ្នែក ឃើញខ្លួនឯងកំពុងតែនៅបន្ទប់ផ្សេងដែលបានជួលថ្ងៃនេះ ខ្ញុំធូរចិត្តហើយក៏ប្រាសខ្លួនដេកទៀត ចាប់ពីពេលនោះមកខ្ញុំក៏លែងបានឃើញរឿងរ៉ាវទាំងអស់នោះទៀតហើយ ។

0 មតិយោបល់:

Post a Comment