Friday, May 22, 2020

គ្រូធ្មប់


ជំនឿចំពោះរឿងអាគម ធ្មប់នេះ ត្រូវបានប្រជាជនខ្មែរភាគច្រើនខ្លាចរអារណាស់ ព្រោះថាអាគមនេះពុំមានអ្នកវិទ្យាសាស្រ្តណាម្នាក់អាចបញ្ជាក់ពីការប្រើប្រាស់វាថា តើវាមានឥទ្ធិពលទៅលើមនុស្សដោយរបៀបណា? ប៉ុន្ដែខ្ញុំធ្លាប់ឮចាស់ៗ ឬក៏ព្រះសង្ឃភាគច្រើនបានទូន្មានថា ការរក្សាចិត្តអោយនៅកណ្ដាល កុំមានការភ័យខ្លាចជ្រុល និងមិនអោយប្រមាថទេ ព្រោះថាទោះបីជាយើងមិនខ្លាច មិនគួរប្រមាថទេ ត្រូវតែខិតខំធ្វើខ្លួនសាងអំពើល្អ ព្រោះមនុស្សល្អតែងមានទេវតាតាមថែរក្សា ។ ដើម្បីកុំអោយខាតពេលយូរ ខ្ញុំសូមលើករឿងនេះដូចតទៅ៖
នៅក្នុងភូមិមួយ ដែលជាទីជនបទមាត់ញក ប្រជាជនរស់នៅប្រកបរបរធ្វើស្រែចំការ ដោយពឹងផ្អែកលើធម្មជាតិ ប៉ុន្ដែស្រែស្រូវរបស់ពួកគាត់តែងបានផលល្អគាប់ប្រសើរណាស់ មនុស្សគ្រប់គ្នាក្នុងភូមិតែងតែជួយអាសារគ្នាមិនដែលចេះច្រណែនឈ្នានីស ឬខឹងសម្បារគ្នាឡើយ ប៉ុន្ដែភាពរីករាយមួយនេះត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ក្រោយមានបុរសចំណូលស្រុកម្នាក់មករស់នៅ គាត់គ្មានប្រពន្ធកូនទេ គាត់ឈ្មោះ ពូរឿន ដែលមានវ័យប្រមាណជា៤០ឆ្នាំ សម្បុរខ្មៅ មានមាឌមាំ ក្រោយពេលគាត់បានចូលមករស់នៅទីនោះ ស្រាប់តែមានប្រជាជនឈឺមិនចេះដាច់ អ្នកខ្លះចេះតែហើមពោះមិនដឹងមូលហេតុ ខ្លះទៀតក៏ជាឆ្កួតមមាយ ដោយឃើញស្ថានការណ៍បែបនេះ ពូសំជាមេភូមិ បាននាំគ្នាទៅរកគ្រូមើល គឺរកលោកតាចៅអធិការវត្ត លោកបានមានសង្ឃដីកាថា ដោយសារតែមានអ្នកចេះអាគមធ្មប់ សាកល្បងវិជ្ជារបស់គេ ដូចនេះទើបមានអ្នកឈឺមិនលស់សោះ ។ និយាយពីពូរឿនវិញ គាត់មានកូនក្រកដល់ទៅ៣ ដែលការពារគាត់ពីសត្រូវទាំងឡាយ ដែលប៉ុនប៉ងយាយីខ្លួនគាត់ គឺតែងតែត្រូវកូនក្រកប្រាប់ហេតុការណ៍មុន និងចេះការពារគាត់ផងដែរ ។
គ្រាមួយកូនក្រមុំតាឈឺន នាងតី នាងបានដើរពីចំការកាត់ដីពូរឿន ពូរឿនគាត់ពេញចិត្តណាស់ ព្រោះតែនាងជានារីក្រមុំដែលមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ជាមនុស្សរួសរាយ មនុស្សគ្រប់គ្នាចាប់ចិត្តស្រឡាញ់ជាពិសេសកម្លោះៗ ប៉ុន្ដែពុំសូវហ៊ាន ដោយសារតែល្បីតាឈឺន ជាគ្រូគុណពីបុរាណ ហើយគាត់កាចខ្លាំងណាស់ ដូចនេះហើយម្នាក់ៗ បានតែប្រាថ្នា ប៉ុន្ដែមិនហ៊ានចូលសួរ ព្រោះខ្លាចតាឈឺនមិនគាប់ ។ ដោយសេចក្ដីស្រលាញ់នាងជាខ្លាំង យប់ថ្ងៃសីលមកដល់ ពូរឿនគាត់នៅមុខអាសនៈតាំងសូនក្រមួនរូបហើយ ឆ្លាក់ឈ្មោះនាងតីលើរូបនោះ ហើយសូត្រសែកមន្ដគាថា ធ្វើមាត់ជីបអូចៗ រួចសូត្រផ្លុំទៅលើរូបក្រមួននោះ ។ ស្ដែងពីនាងតីឯណេះ ហេតុតែចាញ់មន្ដអាគមស្នេហ៍របស់ពូរឿនក៏អន្ទះអន្ទែងនៅមិនសុខ ក្រហល់ក្រហាយ មមើមមាយ ញញឹមតែម្នាក់ឯង មើលមេឃមើលផ្កាយរួចស្រែកហៅតែឈ្មោះពូរឿន មិនដាច់ពីមាត់ បាយមិននឹកទឹកមិនស្រេក រឿងនេះបានបន្ដអស់ជាច្រើនថ្ងៃ នៅថ្ងៃនៅពេលនាងតីដើរយកបាយអោយតាឈឺននៅឯចំការ នាងញញឹមញញ៉ែម រួចប្រុងនឹងដើរចូលចំការដីពូ  រឿន តាមឈឺនក៏ស្រែកសួរ៖
តី! តី! កូនឯងទៅណាហ្នឹង
ខ្ញុំចូលទៅលេងពូរឿន ណាពុក អាណិតគាត់ណាស់ ចាស់ហើយនៅម្នាក់ឯង មិនដឹងឈឺថ្កាត់យប់ព្រលប់ មិនដឹងថាបាននរណាជួយមើលថែទេ
តាឈឺន ចាប់ផ្ដើមសង្ស័យ ព្រោះកូនគាត់ជានារីសុភាពរាបសា ពុំដែលនិយាយពាក្យដែលសម្ដែងអាការៈបែបនេះពីមុនទេ ម្ល៉ោះហើយគាត់ក៏ឃាត់កូន រួចនាំមកផ្ទះ ឯនាងចេះតែងាកមើលទៅដីពូរឿនរហូត ។ មកដល់ផ្ទះភ្លាម តាឈឺន គាត់ក៏ចេះរបៀនខ្លះ គាត់ក៏ស្ទុះទៅយកសារុងគ្របក្បាលកូនហើយ ទាញនាងទៅនៅក្រោមជណ្ដើរផ្ទះ រួចសូត្របាលីទះក្បាលនាងថ្នមៗបីដៃ ស្រាប់តែនាងភ្ញាក់ខ្លួនព្រឺតហើយសួរថា៖
ពុក ! ពុក ម៉េចថ្ងៃនេះពុកអត់ទៅចំការទេអី
ចំការស្អី! កូនឯងត្រូវស្នេហ៍គេហើយ ដើរយំ ដើរស្រែករកតែគេ តែសំណាងល្អដែលពុកដឹងទាន់ កុំអី ហ៊ឺ!.....
ដោយសារតែខឹងនឹងតាឈឺន ពូរឿនក៏ចាប់ផ្ដើមដាក់អំពើទៅលើនាងតី នាងតីក៏ចាប់ផ្ដើមហើមពោះ ចុកពោះ ចុកចាប់ជាទីបំផុត រហូតដល់សន្លប់ក៏មាន ពោះនាងកាន់តែធំទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ពោះឡើងខ្មៅរលោងស្ទើរតែប្រេះ តាមឈឺនបានដឹងថាប្រាកដជាពូរឿនជាអ្នកធ្វើ ក៏ពឹងលោកតាអធិការវត្តជួយសង្គ្រោះ ព្រោះអំពើនេះ សាហាវជាងគាត់ដឹងទៀត ។ លោកតាបានមានសង្ឃដីកាថា អាត្មាមិនអាចជួយទាំងស្រុងនោះទេ ដោយសារតែអាគមនេះប្រហែលជាអ្នកចេះទើបតែរៀនចេះ ហើយសាកល្បង ដូចនេះចូរញោមទៅរកគ្រូដែលចេះដាក់អំពើម្នាក់ទៀតមក ព្រោះអាត្មាចាស់ហើយ កំលាំងមិនមាំទាំ អញ្ចឹងត្រូវការជំនួយ សំណាងដែរដែលមានលោកគ្រូសច្ចំម្នាក់មកពីព្រៃភ្នំបានមកធ្វើបុណ្យនៅវត្តក្នុងភូមិ បានឮដំណឹងនេះក៏ស្ម័គ្រចិត្តជួយ ដោយសារតែនាងតីជាមនុស្សល្អ បុណ្យក៏ច្រើន គួបផ្សំ នឹងលោកសច្ចំពូកែ និងបានព្រះតេជគុណអធិការវត្តផង ទើបនាងតីរួចពីគ្រោះថ្នាក់ ដំបូងលោកតាសច្ចំបានសូត្រផ្លុំមន្ដគាថា បានហូតចេញពីស្បែកនាងសុទ្ធតែដែកគោល បន្ទាប់មកនាងក្អួតចេញមកជាស្បែកក្របី ឡាម និងដីខ្សាច់ជាច្រើន ។ ក្រោយពីសង្គ្រោះបានហើយលោកអ្នកសច្ចំបានចងគាថានិងខ្សែកថាអោយនាងពាក់ ក៏បានសុខសប្បាយតទៅ ។ ចំណែកពូរឿនក៏ចាប់ផ្ដើមឈឺវិញម្ដង ហើយកាន់តែខឹងចិត្តខ្លាំងឡើង ក្រោយមកតាឈឺនគិតថាពិបាកមើលថែកូនស្រី ក៏សម្រេចចិត្តអោយនាងរៀបការ ជាមួយបុរសម្នាក់មានអាយុប្រហែលជា៣០ឆ្នាំ គេជាមនុស្សចំណាប់ការងារ ហើយក៏ជាមនុស្សម្នាក់ដែលមានការងារធ្វើនៅឯទីរួមស្រុក ជាមន្រ្តីសាលាស្រុកផងដែរ ។ ដោយបានឮដំណឹងថានាងតីត្រូវរៀបការ ពូរឿនកាន់តែខឹងខ្លាំងក៏ធ្វើអំពើទៅនាងម្ដងទៀត ប៉ុន្ដែមិនបានសម្រេចដោយបានកថាជួយ ប៉ុន្ដែបែរជាត្រូវអនាគតប្ដីរបស់នាងទៅវិញ គេចាប់ផ្ដើមឈឺជាខ្លាំងក្អួតសុទ្ធតែឈាម ក្អួតមិនឈប់ ទីបំផុតត្រឹមតែបីថ្ងៃប៉ុណ្ណោះ គេក៏បានស្លាប់បាត់បង់ជីវិតទៅ ។ វាជារឿងគួរអោយសោកស្ដាយបំផុតចំពោះមនុស្សល្អ ប៉ុន្ដែគ្មានដំណោះស្រាយនោះទេ ព្រោះអំពើនេះពុំមានចែងក្នុងច្បាប់នោះទេ អាជ្ញាធរពុំមានសិទ្ធិក្នុងការចោទប្រកាន់នោះទេ រហូតដល់ពេលមួយ មានតាឡៃជាអ្នកប្រមឹកខួបប្រចាំភូមិ ត្រូវបានតាឈឺនជួលអោយធ្វើយ៉ាងណាអោយពូរឿនទុកចិត្ត ហើយបញ្ច្រកស្រាអោយស្រវឹងនឹងចាត់ការ ពិតជាដូចជាចិត្ត តាឡៃស្រវឹងរាល់ថ្ងៃនៅផ្ទះពូរឿន ហើយនិយាយបញ្ជោររាប់អានរហូតដល់ពូរឿនទុកចិត្ត នៅយប់មួយក្រោយពេលដែលផឹកជាមួយតាឡៃ ពូរឿនត្រូវតាឡៃលួចដាក់ថ្នាំសណ្ដំក្នុងស្រា រួចក៏ស្រវឹងបាត់ស្មារតី អ្នកភូមិទាំងអស់ក៏នាំគ្នាទៅបញ្ចេញកំហឹង ម្នាក់មួយកាំបិតម្នាក់មួយពូថៅ ធ្វើអោយពូរឿនស្លាប់យ៉ាងអាណោចអាធមជាទីបំផុត ហើយពួកគេបានដុតផ្ទះគាត់ចោល តាំងពីពេលនោះមកអ្នកភូមិក៏ត្រលប់មករស់នៅសុខសប្បាយដូចពីមុនទៀត គ្រប់យ៉ាងបានកន្លងទៅដោយបន្សល់ទុកនូវអនុស្សាវរីយ៍គួរអោយខ្លាច តក់ស្លុត និងឈឺចាប់បំផុត សម្រាប់នាងតី ។

0 មតិយោបល់:

Post a Comment