Tuesday, May 12, 2020

ព្រាយក្បាល០៨



រឿងនេះបានកើតឡើង នាយប់ខែដាច់ នៅតំបន់ទីជនបទដាច់ស្រយាលមួយ ដែលនៅទីនោះពុំសូវមានមនុស្សរស់នៅច្រើនទេ គ្រប់គ្នាប្រកបរបរធ្វើស្រែចិញ្ចឹមជីវិត ។ ពូសន និងមីងអ៊ីន គឺជាអ្នកចំណូលស្រុកពីរនាក់ប្ដីប្រពន្ធ ក្រីក្រណាស់ ប៉ុន្ដែពួកគាត់ជាមនុស្សដែលអ្នកផងស្រលាញ់រាប់អានណាស់ ព្រោះជាមនុស្សដែលមានទឹកចិត្ត ចេះជួយគ្នា ចេះស្រលាញ់អ្នកជិតខាង មានអ្វីហូបតែងតែចែករំលែក ពុំដែលខាន ក្រៅពីរបរធ្វើស្រែចំការ ពួកគាត់ទាំងពីរនាក់ប្រកបរបរនេសាទត្រី ពេលបានត្រីច្រើន ពួកគាត់យកទៅធ្វើផ្អកប្រហុក ត្រីងៀត ទុកគ្រាន់ហូប និងលក់ខ្លះៗ គ្រាន់នឹងចិញ្ចឹមជីវភាពប្រចាំថ្ងៃ ។ ពូសនមិនចេះផឹកស៊ីនោះទេ ស្លូតណាស់ ហេតុនេះទើបធ្វើអោយប្រុសៗដទៃទៀតក្នុងភូមិមានការគោរពកោតសរសើរជាខ្លាំង យប់មួយនោះ នាយប្រុក និងសម្បត្តិ បាននាំគ្នាមកអង្គុយនិយាយលេងនៅផ្ទះពូសន ៖
-ប្រុក៖ ពូសន ! ខ្ញុំបើសិនជាបានបងប្រុសដូចពូវិញ មិនដឹងសប្បាយចិត្តប៉ុណ្ណាទេ ! ពូស្លូត ពូកែរកស៊ី ពូកែធ្វើការ ចេះចែករំលែកដល់អ្នកផងទាំងពួង មិនងាយរកបានទេណាពូ !
-ពូសន៖ ប្រុកហ៎ា! កុំចេះតែមកបញ្ចោរពូអី ឯប្រុកឯងវិញក៏មិនអន់ឯណា! រូបរាងក៏គ្រាន់បើ ហើយពូកែធ្វើស្រែចំការទៀត ស្រីៗណាបាន ពិតជាសំណាងហើយ !
-សម្បតិ្ដ៖ ពូសន បញ្ចោរអាប្រុក វាអរងាប់ហើយ មើលទៅមុខវាមើល បានពូសរសើរបន្ដិច តាំងឯង មុខក្រហមអីណា !
-ប្រុក៖ អាបាត់! ឯងច្រណែនអញមែន! បានជាមករអ៊ូ គ្រាន់តែពូសនសរសើរអញសោះ គាត់សរសើរ ហ្អែងម៉េចកើត បើខ្មៅក្រញ៉េសៗ កន្ដឿអាច់ញុក បើនិយាយពីសក់ក្បាលវិញ បោះចូលទឹកប្រូង លើកមកវិញ កំពឹសតោងរញ៉ៃម៉ង​។
-ពូសន ៖ ប្រុកឯង ចេះតែបង្អាប់គ្នាអញ្ចឹង ខ្មៅមែន តែខ្មៅស្រស់ ទាបតែទាបស្អាត ឯសក់វិញ គេថាសក់រួញ អង្គាដី
-ប្រុក៖ អង្គាដីអីពូ ថាក្រញ៉ាញ់ក៏ក្រញ៉ាញ់ទៅ ហាស ហាស ហា..........
 ពួកគេនៅនិយាយគ្នាលេង សើចយ៉ាងក្អាកក្អាយ រហូតដល់យប់ជ្រៅក៏លាពូសនទៅផ្ទះវិញ
-សម្បតិ្ត៖ ពូ! មីង ! ខ្ញុំគិតរកលាទៅវិញហើយ យប់ដូចជាជ្រៅបន្ដិចហើយ
-ពូសន៖ ហ្នឹងហើយ មើលទៅផ្ទះប្រយ័ត្នប្រយែងតាមផ្លូវផង យប់ងងឹតផង
-ប្រុក៖ កុំភ័យអីពូ អាបាត់វាមិនអីទេ ពូខ្លាចខ្មោចលងពួកខ្ញុំមែន ខ្ញុំមិនខ្លាចទេ មិនដែលខ្មោចណាមកលងកាច់កយើងកើតទេ(និយាយបែបលេងសើច)
-សម្បត្តិ៖ (ទះក្បាលនាយប្រុក) យី! អានេះមើលវានិយាយ យី! អាផ្លោកស្អុយនេះ
 ពួកគេធ្វើដំណើរបន្ដើរនិយាយគ្នាលេងបន្ដើរ ដោយឮមាត់សើចក្អឹកៗតាមផ្លូវ ទំនងជាសប្បាយណាស់មើលទៅ ស្រាប់តែមកដល់ចំណុចគុម្ពឬស្សីក្បែរព្រៃ ស្រាប់តែពួកគេឮសំលេងល្វើយៗហៅពួកគេ ៖
ប្រុក សម្បត្តិ កុំអាលទៅណា ពូភ្លេចផ្ញើត្រីងៀត ទុកអោយហូប ឈ...ប់ សិន!
សម្បត្តិ៖ យី អាប្រុក សំលេងដូចជាពូសន
ប្រុក៖ អើ!មែនហ្នឹង តែយើងដើរមកឆ្ងាយហើយ រំលងចង់ពីរគីឡូដីហើយ គាត់មកតាមយើងធ្វើអី្វ
សម្បតិ្ដ៖តោះទៅសួរគាត់ម៉ងទៅម៉េចដែរ
ប្រុក៖ តែអញថាដូចជាមិនមែនពូសន ទេ សំលេងអីល្វើយៗ ដូចអត់បាយបីបួនង៉ៃនោះ អញសោះតែ.....
សម្បតិ្ត៖ យីអានេះ អាគិតអីទៀតហើយ កុំនិយាយរឿងហ្នឹងអីប្រញាប់ទៅ
ពួកគេធ្វើដំណើរបន្ដ ដោយពុំព្រមឈប់ ស្រាប់តែឮសំលេងមនុស្សស្រីហៅវិញម្ដង បង
សម្បតិ្ត ៗ
ប្រុក៖ យី សំលេងនេះដូចសំលេងធារី អានេះវើយ ចេះណាត់កូនគេមកពីអង្កាល់
សម្បតិ្ត៖ ណាត់រំបល់យោអី អញអត់បានជួបអូនធារីទេ ថ្ងៃនេះ
ប្រុក៖ សង្ស័យនាងនឹកឯងទេដឹង ហិហិហិ
សម្បតិ្តងាយមកក្រោយ ឃើញធារីកំពុងដើរ ក៏រត់ទៅរកស្រាប់តែ៖
អាប្រុកជួយផង ខ្មោចៗទេ មិនមែនអូនធារីទេ គ្រាន់តែប៉ុណ្ណោះ នាយសម្បតិ្តបាត់មាត់ឈឹង ឯនាយប្រុករត់ស្រែកអោយគេជួយ អ្នកភូមិ ក៏ផ្អើលគោះត្រដោក ដុតចន្លុះ មកជួយមើល ឃើញនាយសម្បតិ្ត ដាច់ក្បាលចេញពីខ្លួនបាត់ទៅហើយ គ្រប់គ្នាតក់ស្លុតរន្ធត់ចិត្តណាស់ចំពោះហេតុការណ៍នេះ ។ លោកមេភូមិ ជាមនុស្សចាស់ទុំដែលបានដឹងឮច្រើន នឹងចេះអាគមអូមអាមខ្លះបាននិយាយថា នេះមិនមែនជាខ្មោចទេ នេះគឺព្រាយក្បាល០៨ វាអាចស្ដែងចេញរូបរាងជាសត្វផ្សេងៗ ជាមនុស្សដែលយើងស្គាល់ ដើម្បីអោយយើងទៅរកវា វានឹងសម្លាប់ស្រូបយកព្រលឹងរបស់យើងជាទាសកររបស់វា វាមិនមានក្បាល០៨ទេ ដូចនេះ សូមបងប្អូនប្រុងប្រយ័ត្នអោយមែនទេ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយកុំឆ្លើយ កុំងាយរកវាអោយសោះ ។
ប៉ុន្មានថ្ងៃក្រោយមក នាយប្រុក និងពូសន បានទៅនេសាទត្រីជាមួយគ្នា នៅឯបឹង៖
ប្រុក៖ ពូ! សំណាញ់នេះ បែបត្រីច្រើនហើយ បានជាទាក់ៗធ្ងន់ម្ល៉ឹង
ពូសន៖ អើ! ប្រហែលហើយ ឯងលើកមកមើល
ប្រុក៖ បាទពូ! ពូ អីគេមូលៗ មើលតែក្បាលមនុស្សអញ្ចឹង ពុទ្ធោ! ពូក្បាលខ្មោចអាបាត់តើ
ពូសន និងនាយប្រុករត់ចែកជើងសព្រាត រត់រហូតមកដល់កន្លែងនាយសម្បតិ្តស្លាប់ ស្រាប់តែ ៖
អាប្រុក ឯងរត់ទៅណា ឯមិនអាណិតអញទេអី ក្រែងយើងជាមិត្តភក្ដិនឹងគ្នាហី ម៉េចក៏ហ្អែងមិននិយាយរកអញ្ចឹង ។ សក់ដ៏វែងអន្លាយមួយបានវារមករកជើងអ្នកទាំងពីរ អ្នកទាំងពីរឈរមិនកំរើកខ្លួន បិទភ្នែក មិនតបអ្វីទាំងអស់ តែនាយប្រុកលួចបើកភ្នែកប្រិមៗ ឃើញភ្នែកព្រាយនោះក្រហមសឹងប៉ុនចង្អេរអ៊ុំអង្ករ មុខអាក្រក់មើលមិនយល់ទេ គេស្ទើរតែគាំងបេះដូងទៅហើយ តែខំទប់អារម្មណ៍ រំលឹកគុណនមសក្ការ ដើម្បីបំបាត់ការភ័យខ្លាច ស្របពេលនោះ អ្នកភូមិបានដើរកាត់ទីនោះ បានឃើញក៏គោះត្រដោកហៅគ្នា លើកនេះបានគុណព្រះចៅអធិការវត្ត លោកបានមកប្រសិទ្ធី បណ្ដេញព្រាយនោះចេញបាត់ពីភូមិដោយដាក់ទៅក្នុងក្រឡមួយ រួចបញ្ចុះអាថាន់ កប់ទៅនឹងដីវត្ត ដើម្បីអោយភ្ញាក់រឮក ចាប់តាំងពីពេលនោះមកអ្នកភូមិរស់នៅបានសុខសាន្ដរៀងមក ។

0 មតិយោបល់:

Post a Comment