សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Saturday, May 31, 2025

រឿង ខ្មោចទឹក (វគ្គ២)

 




បុណ្យភ្ជុំបិណ្ឌឆ្នាំទៅ ខ្ញុំបានទៅលេងស្រុកនៅខេត្តតាកែវ ខ្ញុំបានយកចង្កាន់ទៅវត្តដូចប្រជាជនទូទៅដែរ ក្នុងចិត្តរីករាយខ្លាំងណាស់ ព្រោះម្យ៉ាងបានកំសាន្ដអារម្មណ៍ផង ។ ខ្ញុំបាននៅដាក់ចង្ហាន់ព្រះសង្ឃរួចហើយក៏ស្ដាប់ ធម៌ទេសនាទៀតផង ។ យប់ទី១ មិនមែនអ្វីដែលប្លែកទេ គ្រាន់តែពេលខ្ញុំបានដើរកាត់ស្រះទឹកមួយកន្លែង ដែលគេបានទុកចោល មិនមាននរណាទៅដងទឹក ឬប្រើប្រាស់ទឹកកន្លែងនោះទេ ហើយនៅជិតនោះក៏មានកន្លែង ចេតិយ២ដែរ ខ្ញុំគិតថាប្រហែលជាចេតិយម្ចាស់ស្រះហើយ ព្រោះឃើញសភាពស្រះមិនមានការត្រួសព្រៃអ្វីទេ នៅ ព្រៃស្ដុកពេញហ្នឹង ខ្ញុំបានសួរបងខ្ញុំដែលដើរជាមួយគ្នា គាត់ថាកុំមាត់អីទាំងអស់ ហើយកុំសួរ គិតតែពីដើរទៅប្រញាប់ ទៅផ្ទះ ។ មកដល់ចំណុចនេះខ្ញុំរិតតែសង្ស័យហើយ ព្រោះធម្មតារឿងដែលគេមិនចង់ឲ្យដឹង គឺចង់ដឹងណាស់ មនុស្សយើងតែប៉ុណ្ណឹង ហើយខ្ញុំក៏មិនមានមាត់កអ្វីទៀតដែរ ប៉ុន្ដែហាក់បីដូចមានអារម្មណ៍ថាមាននរណាម្នាក់កំពុង តែសម្លឹងមករកខ្ញុំ ខ្ញុំគ្រលាសកន្ទុយភ្នែក ឃើញចុងៗភ្នែកតែមិនច្បាស់ សង្ស័យតែដើមចេក ឬដើមឈើក្បែរមាត់ទឹក ព្រោះកាលណាតែមានខ្យល់បក់មក ស្លឹកឈើ ក្រោមមេឃងងឹតផង មើលឃើញស្រដៀងនឹងដៃមនុស្សបក់ហៅម្ដង ម្កាលដែរតើ ។ យប់ទី២ ពេលនោះខ្ញុំកំពុងដើរកាត់ស្រះទឹកនោះម្ដងទៀត ខ្ញុំតាំងចិត្តថានឹងរកមើលថាមាននរណា កំពុងតែសម្លឹងមកអត់ ? ពិតមែន! ភ្លាមនោះខ្ញុំនឹងមនុស្សស្រីសក់វែង រូបរាងប្រហែលជាអាយុក្បែរ២០អីហ្នឹង កំពុង ឈរក្រោមដើមចេកធំមួយក្បែរមាត់ទឹកកំពុងឈរមើលមកខ្ញុំ យប់នោះមេឃខែមិនទាន់ងងឹតឈឹងទេ ខ្្ញុំឃើញយ៉ាង ច្បាស់ ក៏ប្រាប់បងខ្ញុំ គ្រាន់តែឮភ្លាម ទឹកមុខគាត់ប្រែភ័យស្លេកបបូរមាត់ ខ្ញុំក៏សួរទៅគាត់ ដើម្បីឲ្យអស់ចិត្ត ៖
 - បង! បងមានរឿងអីមែន?
- បងប្រាប់ហើយ ឃើញអីកុំមាត់
- បងមានបញ្ហាអីមែន? ខ្ញុំឃើញមានមនុស្សស្រីកំពុងតែសម្លឹងមករកយើងមែនណាបង! គួរតែសួរបន្ដិចអត់? ក្រែងគាត់ស្គាល់ហើយចង់ពឹងពាក់អីណាបង គ្នាស្រីម្នាក់ឯងផង 
- ហើយវាថីក្នុងខ្លួនហ្នឹង! បានជាចង់ដឹងម្ល៉េះ ឯងមិនគិតមើល មនុស្សស្រីឯណាមកឈរម្នាក់ឯងកណ្ដាល យប់ហ្នឹង ហើយបើមានមែន មិនគិតមើលទេអី មនុស្សឯណា ដែលមកឈរអីថ្មើរហ្នឹង?
ដោយសារតែមិនចង់ប្រកែកសួរដេញដោលច្រើន ខ្ញុំក៏បន្ដដំណើរទៅផ្ទះវិញ តែមិនអស់ចិត្តសោះ ព្រោះខ្ញុំ ពិតជាដឹងថាអ្វីដែលខ្ញុំឃើញពិតជាមិនមែនមនុស្សទេ តែខ្ញុំមិនដែលខ្លាចទេ ខ្ញុំរិតតែចង់ដឹង ។ លុះស្អែកឡើង ខ្ញុំ បានលួចទៅទីនោះម្នាក់ឯង ព្រោះតែការចង់ដឹងនេះហើយ ពេលខ្ញុំទៅ ស្រាប់តែអត់ឃើញនារីម្នាក់នោះទេ ខ្ញុំក៏ដើរ ជុំវិញមួយស្របក់ ក៏នៅតែអត់ឃើញ ខ្ញុំក៏គិតថាប្រហែលជាខ្ញុំព្រិលភ្នែកពិតមែនដឹង? ប៉ុន្ដែអារម្មណ៍របស់ខ្ញុំមិនដែល ខុសទេ ខ្ញុំក៏សាកនិយាយ៖
- ខ្ញុំមកនេះបំណងល្អទេ ព្រោះតែមាននិស្ស័យទើបខ្ញុំបានឃើញ ហេតុនេះបើមានអ្វីត្រូវការពឹងពាក់ខ្ញុំ អាចចេញមកនិយាយគ្នាបាន
គ្រាន់តែប៉ុណ្ណេះ ស្រាប់តែខ្មោចនោះ លេចមុខមកភ្លែត ខ្ញុំប៊ិះរត់ដែរហ្នឹង បើមកអត់ប្រាប់ថាមកពីមុខ ឬ ក្រោយ បើចេញមកនៅមុខស្រស់ៗដែរហ្នឹង តែខ្ញុំបានតាំងចិត្តយ៉ាងមាំ ថាកុំឲ្យតក់ស្លុត រួចក៏សួរបន្ដ ៖ តើហេតុអ្វី បានជាអ្នកមកនៅទីនេះ ។ ខ្មោចនោះមិននិយាយអ្វីទេ ព្រោះតែជាក់ស្ដែង ទោះជានិយាយក៏ខ្ញុំស្ដាប់អត់ឮ ស្ដាប់អត់ បានដែរ ហេតុនេះខ្ញុំក៏បាន សូមឲ្យនាងជួយពន្យល់សប្ដិដល់ខ្ញុំផង ដើម្បីឲ្យខ្ញុំអាចជួយនាងបាន ថាប៉ុណ្ណេះ នាងក៏បាត់ភ្លាមៗ ខ្ញុំក៏ដើរមកផ្ទះវិញ ។ លុះយប់ជ្រៅ ខ្ញុំពិតជាបានយល់សប្ដិមែន តែមិនមែនឃើញខ្មោចស្រីនោះ ទេ បែរជាឃើញកូនក្មេងស្រីអាយុប្រហែល៥ ទៅ៦ឆ្នាំ កំពុងតែលេងជាមួយនឹងប្រអប់អ្វីម្យ៉ាង រួចក៏រលាយបាត់ទៅ ខ្ញុំភ្ញាក់ពីយល់សប្ដិ កើតចិត្តមន្ទិលណាស់ ព្រឹកឡើងក៏សាកសួរអ្នកភូមិក្បែរនោះ សង្ឃឹមថាគាត់នឹងដឹងរឿងខ្លះ ។ ពិតមែនលោកយាយ សាយ គាត់បានប្រាប់ថា តាមពិតហេតុការណ៍នេះអ្នកភូមិគេឃើញគ្រប់គ្នាទេ ប៉ុន្ដែនាងមិន ដែលធ្វើបាបនរណាទេ ហើយគ្មាននរណាដឹងថាជាខ្មោចនរណាទេ ប៉ុន្ដែដីនោះដូចជាមានកូនក្មេងស្លាប់ម្នាក់ អាចជានាងទេដឹង? ខ្ញុំក៏ឆ្អល់ ក៏សុំឲ្យលោកយាយគាត់និយាយរឿងរ៉ាប្រាប់ លោកយាយបានប្រាប់ដំណើរដើម ទងថា៖ ដីម្ដុំនោះត្រូវបានអ្នកភ្នំពេញបានទិញ បំណងចង់ធ្វើជាផ្ទះកំសាន្ដ ដោយជីកស្រះទឹកដាក់ចិញ្ចឹមត្រី និងរៀបចំកញ្ចុះច្រើនទៀត គាត់មានកូនស្រីអាយុប្រហែល៥ឆ្នាំ នាងឈ្មោះមន្ថា ក្រោយពីកាយស្រះរួច គាត់បាននាំប្រពន្ធនឹងកូន មកលេង និងដើររកជាងដើម្បីរៀបចំកញ្ចុះផង ប៉ុន្ដែថ្ងៃនោះ មេឃភ្លៀងខ្លាំងណាស់ គាត់ បាននាំប្រពន្ធ និងកូន សម្រាកក្នុងតង់ ដោយសារតែមេឃភ្លៀងមិនឈប់ គាត់សម្រេច ជិះឡានទៅរកទិញម្ហូប និងបាយហូប ដោយទុកឲ្យប្រពន្ធនៅជាមួយកូន ។ មេឃត្រជាក់ៗ ប្រពន្ធគាត់ក៏ដេកលក់ បាត់ ចំណែកកូនស្រីនោះ នាងប្រហែលជាចង់លេងទឹកភ្លៀង មិនដឹងថានឹងលេងទឹកពីពេលណាទេ ពេលគាត់មក ដល់ ឃើញតែប្រពន្ធដេកលក់ តែបាត់កូន ក៏ដាស់ប្រពន្ធ នាងក៏មិនដឹងថាកូនទៅណា ហើយមេឃនៅភ្លៀងជាប់ ទាំងពីរនាក់ភ័យណាស់ ក៏ដើររកកូនពេញដីមិនឃើញ ក៏រត់ទៅសួរអ្នកជិតខាងដី ក្រែងបានឃើញ ពួកគាត់សង្ស័យ ក្នុងចិត្ត សល់តែមួយកន្លែងទេ គឺស្រះទឹក គ្រាន់តែនឹកដល់ សូម្បីតែអេដមីនក៏ស្លុតចិត្ត មិនហ៊ានគិតដែរ ព្រោះអាច នឹងទប់ទឹកភ្នែកមិនបាន

គាត់បានពឹងប្រុសៗក្នុងភូមិជួយរាវរក ដោយសារតែស្រះជ្រៅផង ហេតុនេះមនុស្សប្រុស ពេញកម្លាំង៦នាក់ រកជិតមួយម៉ោង ទីបំផុតក៏ប្រទះឃើញកូនស្រីគាត់ អ្វីៗបានត្រឹមហួសពេល ម្ដាយយំស្រែក ៖
- ជាកំហុសម៉ាក់ ! កូនសម្លាញ់ ម៉ាក់មិនចង់រស់ទេ 
គ្រប់គ្នាពិតជាតក់ស្លុតរន្ធត់ចិត្តណាស់ ប៉ុន្ដែមិនអាចជួយអ្វីបានទេ ព្រោះនាងបានបាត់បង់ជីវីតទៅហើយ ក្រោយពីមានរឿងនេះ ម្ចាស់ដីនេះបានទុកដីចោល តែបានសាងសង់ផ្នូរនាងនៅទីនេះ និងបានមកសែនរាល់ឆ្នាំហ្នឹង រឿងនេះកើតយូរហើយជិត១០ឆ្នាំហើយ ។ ថាម៉េច១០ឆ្នាំ! ខ្ញុំលាន់មាត់ អីុចឹងយាយមានស្គាល់លេខទូរស័ព្ទម្ចាស់ដី ទេ ខ្ញុំចង់ជួបគាត់ ។ លោកយាយបានឲ្យលេខទូរស័ព្ទមកខ្ញុំ ព្រោះគាត់មានសរសេរទុកនឹងធ្នឹមផ្ទះ ។
ខ្ញុំបានទាក់ទងទៅគាត់  និងបានប្រាប់ពីហេតុការណ៍ដែលជួប និងបានយល់សប្ដិ គាត់ក៏បានធ្វើដំណើរមក ដីនោះ ជាមួយប្រពន្ធគាត់ ហើយបានប្រាប់ថាប្រអប់ដែលខ្ញុំបានយល់សប្ដិឃើញនោះ គឺជាប្រអប់ឈើប្រណិតដែល គាត់ដាក់សម្ភារៈថ្ងៃខួប កំណើតឲ្យនាង ប្រហែលជានាងមិនដាច់ចិត្តពីរបស់នោះហើយ ទើបវិញ្ញាណក្ខន្ធមិន ព្រមទៅណា គាត់ក៏រកអ្នកដែល មានម៉ាស៊ីនបូម បូមទឹកស្រះនោះចេញ អស់មួយព្រឹកពេញ ទីបំផុតស្រះក៏រីង ខ្ញុំក៏បានចុះជួយទៅដើររកប្រអប់នោះ ដោយសារតែយូរឆ្នាំផង ភក់ក៏ច្រើន ពិតជាមានការលំបាកណាស់ ប៉ុន្ដែដោយសារតែមានជួយពីក្មេងៗក្នុងភូមិជា ច្រើននាក់ផង ទីបំផុតយើងបានរកឃើញប្រអប់នោះមែន ហើយសំណាងល្អដែលប្រអប់នោះមិនផុយពុកខ្លាំង ទើប ទឹកមិនជ្រាបចូល សម្ភារៈនៅល្អទាំងអស់ ក្នុងនោះមានខ្សែក១ខ្សែ កងដៃ១គូ កូនតុក្កតាកូនក្រមុំមួយ និងរូបគំនូរ ដែលនាងគូរដោយខ្លួនឯង (រូបគ្រួសារនាង) ពេលដែលប៉ានាងឃើញគំនូរនោះ គាត់ហូរទឺកភ្នែកនឹកស្រណោះកូន ណាស់ គាត់ក៏យកសម្ភារៈនោះ ទៅពិធីសែនឲ្យនាង រួចក៏បានយកទៅលក់ បានលុយយកទៅ ធ្វើចង្ហាន់ប្រគេន ព្រះសង្ឃ សុំឲ្យនាងបានទទួលមគ្គផល ហើយទៅចាប់ជាតិជាថ្មី ។
ក្រោយពីបានបង្សុកូលរួចរាល់ ខ្ញុំបានយល់សប្ដិឃើញនាងម្ដងទៀត ដោយពេលនេះ នាងបង្ហាញរូបរាងជា នារីពេញជំទង់ម្នាក់ និងញញឹមលាខ្ញុំ ។  ខ្ញុំក៏លែងបានឃើញមានព្រលឹងនៅឈរទន្ទឹងចាំនៅដីនោះទេ ហើយខ្ញុំក៏ បានទូរស័ព្ទប្រាប់ប៉ារបស់នាងឲ្យដឹង គាត់ក៏បានសប្បាយចិត្ត ហើយគាត់បានប្រាប់ថាគាត់តែងតែធ្វើបុណ្យបង្សុកូល ជូននាងរាល់ថ្ងៃសីល ហើយក៏អរគុណដែលខ្ញុំបានជួយឲ្យគាត់អាចរកឃើញគំនូរគ្រួសារ ដែលជារបស់នាងគូរ និងជារបស់ដែលនាងស្រឡាញ់បំផុត ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានជួយគាត់ ហើយក៏ស្រក់ទឹកភ្នែកអាណិត នាង ដែលត្រូវចាកឆ្ងាយពីគ្រួសារទាំងក្មេងខ្ចី ។

Friday, April 25, 2025

រឿង ឈ្លើង

 


តាមពិតរឿងនេះមិនមែនទាក់ទងនឹងខ្មោច ព្រាយ អីទេ ប៉ុន្ដែដោយសារទទួលបានពីមិត្តអ្នកអាន ម្យ៉ាងជាការចែករំលែក តាស់តឿនឲ្យមានការប្រុងប្រយ័ត្នបន្ថែម ជាពិសេសរដូវវស្សាខិតចូលមកជិតដល់ហើយ។ រឿងនេះបានកើតឡើងនៅខេត្តកំពង់ចាម នៅស្រុកឆ្ងាយដែរ គ្រួសាររបស់សូភីមាន៥នាក់ ដែលសូភីនាងជាកូនពៅ បងៗទាំងពីរមានគ្រួសារអស់ហើយ បងប្រុសច្បងបាន គ្រួសារនៅខេត្តបាត់ដំបង បងស្រីបន្ទាប់បានគ្រួសារ នៅរាជធានីភ្នំពេញ ។ នៅសល់តែសូភីដែលឆ្នាំថ្មីនេះ ត្រូវឡើងដល់ថ្នាក់ ទី១០ ហើយ ចំណុចនេះខ្ញុំសុំរំឮកពី សាវតាឪពុក ម្ដាយរបស់ សូភីបន្ដិច ឪពុកសូភី គាត់ជាអតីតទាហានខ្មែរក្រហម បច្ចុប្បន្នគាត់ចូលនិវត្ដន៍ហើយ ប៉ុន្ដែគាត់កាចណាស់ គាត់ស្រលាញ់មុខមាត់ណាស់ នេះក៏ជាមូលហេតុដែលកូនបងៗ មិនសូវបាន មកលេងផ្ទះ ព្រោះឪពុកប្រកាន់ច្រើន ចំពោះសូភីពេលមកពីរៀន បើឃើញមិត្តភក្ដិជា មនុស្សប្រុសឌុបជូនមក ដឹងតែមាន បញ្ហាហើយ គាត់ស្ដីថាឲ្យ សូភីច្រើន ហើយគំហកខ្លាំង ឬមិនអីុចឹងទេ គាត់ធ្វើបាបសូភីមិនឲ្យហូបបាយទេ ដោយចោទថាខ្លួន ស្រីឲ្យ ទៅរៀន មិនមែនឲ្យទៅទាក់ប្រុសទេ ហេតុនេះ ទោះកាលៈទេសៈណាក៏ដោយ សូភីសុខចិត្តដើរមកផ្ទះ ឬក៏ពឹងមិត្តភក្ដិស្រីៗ ដូចគ្នាឲ្យជូនមក ឪពុករបស់នាងកាលណាដែលគាត់ សង្ស័យថា សូភីមានកំហុសអីហើយ គាត់មិនស្ដាប់ហេតុផលរបស់នាងទេ គាត់នឹងរករឿងគ្រប់យ៉ាង លុះត្រាណាដែល កំហុសនេោះត្រូវបានគាត់រកឃើញថាមិនមែនកើតឡើងដោយសារសូភី នោះទើបនាងរួចខ្លួន ចំណែកម្ដាយនាង មិនអីទេ គ្រាន់តែលម្អៀងទៅកាន់ជើងប្ដីគាត់ច្រើនដែរ សរុបមកគាត់ទាំងពីរ គូបុព្វេដែល អង្គការចាប់រៀបការ និស្ស័យពួកគាត់ទាំងពីរពិតជាត្រូវគ្នាណាស់ ប៉ុន្ដែម្ដាយសូភីក៏ស្រលាញ់សូភីត្បិតអី នាងជាកូនពៅផង ។ 

ថ្ងៃនេះជាថ្ងៃវ៉ាកងធំ សូភីបាននៅផ្ទះធ្វើកិច្ចដូចសព្វមួយដង ស្រាប់តែមានមិត្តភក្ដិនាងស្រីៗប៉ុន្មាននាក់ បានជិះម៉ូតូចូលមក ខណៈឪពុកនាងកំពុងតែដេកអង្រឹងក្រោមផ្ទះ មិត្តភក្ដិក៏នាំគ្នាជម្រាបសួរ៖

​-ជម្រាបសួរ អ៊ំប្រុស! ពួកខ្ញុំមិត្តភក្ដិរៀនជាមួយគ្នានឹងសូភី

   -បាទលើកដៃថ្វាយព្រះ ចុះមករកសូភីមានការអីដែរ?

   -ចាសពួកខ្ញុំរកមកសុំឲ្យសូភីទៅដើរលេងជុំគ្នាម្ដង ព្រោះវ៉ាកងធំហើយ មិត្តភក្ដិទាំងអស់ចង់ដើរលេងជុំគ្នា មិនឆ្ងាយទេ អ៊ំ នៅក្បែរហ្នឹងដែរទេ

  -បើក្បែរហ្នឹងដដែល ចាំបាច់ដើរទៅធ្វើអី នៅផ្ទះល្អជាង នាំតែហត់ ហើយដើរលេងចាំបាច់សូភីទៅ ជាមួយដែរមែន

 - អត់ទេ! លោកអ៊ំ ពួកខ្ញុំជាមិត្តភក្ដិនៅសាលារៀនតែងជួយគ្នាទៅវិញទៅមក ហេតុនេះមានអីក៏រកជុំគ្នាដែរ ព្រោះជាមិត្ត ល្អនឹងគ្នា

 -ចុះទៅហ្នឹងមិត្តភក្ដិប្រុសៗទៅទេ?

  -មានតើអ៊ំ ធម្មតាមិត្តភក្ដិក្នុងសាលារៀនតែងមានមិត្តភក្ដិប្រុសចៀសមិនរួចទេ ប៉ុន្ដែអ៊ំកុំបារម្ភអី សូភីកូនអ៊ំ មិនដែល រញ៉េរញ៉ៃនឹងមិត្តភក្ដិប្រុសទេ (គាត់រៀងទម្លាក់ទឹកមុខបន្ដិច ពេលក្រឡេកមើលទៅសូភីឃើញនាង ស្រពាប់ស្រពោន គាត់ក៏ឆ្លើយ)

 -  ឲ្យទៅបាន តែមិនឲ្យលើសម៉ោង២ល្ងាចទេ ឆាប់ទៅឆាប់បានមកវិញ

សូភីសប្បាយចិត្តណាស់ នេះជាលើកទី១ ដែលឪពុកនាងព្រមឲ្យនាងទៅដើរលេង នាងនិងមិត្តភក្ដិដើរ លេងនៅទឹកស្ទឹង យ៉ាងសប្បាយ ។ នាងធ្វើតាមសន្យាម៉ោង១កន្លះបាន មកដល់ផ្ទះមុនកន្លះម៉ោង ឪពុកនាងក៏មិន មានឮមាត់កអីដែរ។

រំលងបាន ៣ថ្ងៃ សូភីមានអាការៈចុកពោះ និងរកកលចង់ក្អួត ហើយចេះតែអស់កម្លាំងឃ្លាននេះ ឃ្លាននេោះមិនចេះចប់ ទាំង ដែលហូបហើយនៅតែឃ្លាន ព្រឹកថ្ងៃទី៤ស្រាប់តែពោះរបស់សូភីប៉ោងឡើងមើល ទៅប៉ុនស្រ្ដីមានផ្ទៃពោះ៣ ឬ៤ខែទៅហើយ គ្រាន់តែ ឃើញដូចនោះឪពុករបស់នាង ក៏ចាប់ផ្ដើមស្ដីថាឲ្យនាង៖

- ឃើញទេ! អញថាមិនឲ្យវាដើរ វាមិនមែនទៅដើរលេងទេ វាទៅលួចលាក់ជាមួយប្រុស ឥលូវពោះប៉ុនកញ្ជើទៅហើយ មុខមាត់ស្លូតបូតទេ តែហ៊ានណាស់ ង៉ែងហ៊ានណាស់ ហើយអញសួរ ង៉ែងទៅមានស្អីជាមួយអាណាគេ។

-ពុក ខ្ញុំអត់មានបានធ្វើអីផ្ដេសផ្ដាសទេ ខ្ញុំហ៊ានស្បថខ្ញុំនិយាយមែន

-ហ៊ានស្បថមុខអញទេ តិចម៉ាកំបិតដាច់ក បើង៉ែងមិនធ្វើអីផ្ដេសផ្ដាស ម៉េចបានវាផើម

សូភីបានត្រឹមតែយំ និយាយអង្វរឪពុក តែគាត់ខឹងច្រឡោតខ្លាំងឡើង ហើយម្ដាយក៏មិនហ៊ានហាមដែរ ព្រោះខ្លាចឪពុកនាង តែម្ដាយរបស់សូភីស្គាល់ចរិតកូនគាត់ណាស់ ។ ឪពុកសូភីគាត់ឲ្យម្ដាយនាង ទៅទិញថ្នាំ ទម្លាក់កូនឲ្យនាងផឹក ហើយឲ្យម្ដាយកុហកថា ថ្នាំលោកគ្រូខ្មែរផ្សំការពារគក៌ តែសូភីប្រាប់ថានឹងគ្មានកូនអីទេ នាងមិនដឹងកើតអីដែរ នាងចង់ទៅពេទ្យទៅពិនិត្យ តែឪពុកនាងប្រាប់ថាទៅឲ្យគាត់ ខ្មាស់គេមែន? ប៉ុណ្ណឹងហើយនៅឲ្យគាត់ខ្មាស់គេមិនគ្រប់ទៀត ។ នាងមិនអាចប្រកែកមានតែផឹកថ្នាំតាមការណែនាំ ប៉ុន្ដែគ្មានឃើញ មានអីទេ  ម្ដាយក៏ចម្លែកចិត្ត  ព្រោះបើទម្លាក់មែនប្រាកដជាមានធ្លាក់ឈាមអីហើយ តែនេះស្ងាត់ឈឹង គាត់ ក៏គិតថាកូននេះក្បាលរឹងណាស់ ទាល់តែផឹកបីដងទើបព្រមធ្លាក់។ ចំណែកសូភីដោយគ្មានមធ្យោបាយក្នុងការឲ្យ ឪពុករបស់នាងលើកលែង នាងក៏សម្ងំលើផ្ទះដោយមិនចេញទៅណាទាំងអស់ ហើយមិនព្រមហូបបាយហូបទឹកទេ គិតតែពីអង្គុយយំម្នាក់តូចចិត្តនឹងវាសនារបស់ខ្លួន ឯឪពុកឃើញកូនបែបនេះមិនអន់ថយចិត្តខឹងទេ បែរជាខឹងលើស ដើម ដោយនិយាយសូភីនាងក្បាលរឹង ចង់ជម្នះគាត់ គាត់និយាយថាគាត់សម័យសង្គ្រាមបាញ់ខ្មាំងគ្មានញញើតដៃ ទេ រឿងអីទៅចាញ់កូនខ្លួនឯង បើវាចង់អត់បានងាប់ឲ្យងាប់ទៅ ។

មួយសប្ដាហ៍កន្លងផុតទៅ សូភីនៅតែមិនព្រមហូបអីសោះ រូបរាងស្គមស្គាំង ទឹកមុខស្លេកស្លាំង ម្ដាយបារម្ភ ក៏សុំអង្វរប្ដីឲ្យជួយជូនកូនទៅពេទ្យ ខណៈនោះសូភីក្នុងបន្ទប់ក៏ស្រែកឡើង ដូចជាពេលគេសម្រាលកូនអីុចឹង មានឈាមហូរមកយ៉ាងច្រើន ឪពុកឃើញបែបនេះក៏ស្្ទុះទៅបើកទ្វារ ស្រាប់តែបានឃើញឈ្លើងយ៉ាងធំមួយទំហំ ប៉ុនបាល់ទាត់ កំពុងនៅមុខកូនគាត់ ចំណែកសូភីហូរឈាមខ្សោះពីខ្លួនក៏សន្លប់បាត់ស្មារតី ពេលនេះទើបគាត់ដឹងថា មិនមែនកូនគាត់មានកូនទេ គឺត្រូវសត្វឈ្លើងចូលដោយមិនដឹងខ្លួន ហើយត្រូវសត្វឈ្លើងរស់នៅក្នុងពោះនាង ហើយបឺតឈាមនាងរហូត ទើបវាធំធាត់យ៉ាងនេះ គាត់ក៏ស្ទុះចុះទៅយកកាំបិតផ្គាក់ មកកាប់ឈ្លើងនោះខ្ទេចអស់ ខ្ទាតឈាមប្រឡាក់ឆ្អាបពេញខ្លួន រួចហើយក៏នាំកូនទៅពេទ្យ ប៉ុន្ដែគួរឲ្យអាសូរនិងសង្វេគសូភីណាស់ ដោយសារតែ ហូរឈាមខ្សោះអស់ពីខ្លួន នាងក៏ស្លាប់បាត់បង់ជីវិតតាមផ្លូវខណៈពេលកំពុងដឹកទៅមន្ទីរពេទ្យ ។ 

បទពិសោធន៍មួយនេះធ្វើឲ្យឪពុកនាងមានវិប្បដិសារីអស់មួយជីវិត ដែលគាត់តាំងពីដើមមិនដែលបានស្ដាប់ ហេតុផល និងស្វែងយល់ពីកូនស្រីដែលគាត់ជាអ្នកចិញ្ចឹមបីបាច់រហូតដល់ធំ និងមិនព្រមមានគំនិតវិជ្ជមានជាមុន ។

រឿង ដាក់អំពើ(វគ្គ៤)

 



បុណ្យចូលឆ្នាំថ្មី មកដល់ ឆ្នាំ២០២៣នេះ វ៉ារី ជាកម្លោះខ្មែរឥស្លាម រស់នៅខេត្តកំពង់ចាម បាន បបួលមិត្តភក្ដិរបស់ខ្លួនឈ្មោះស្យាស៊ី ជិះម៉ូតូដើរលេងកម្សាន្ដក្នុងពិធីចូលឆ្នាំ ក្រែងអាចនឹងបានជួបស្នេហ៍ ពិត។ ដូចជាមាននិស្ស័យចារពីបុព្វេ ថ្ងៃនេះកម្លោះសង្ហារបស់យើងធ្វើដំណើរមកលេងដល់ខេត្តកំពង់ធំ បានចូលក្នុងវត្តមួយ ក៏ប្រទះនឹងនារីរាងស្ដើងម្នាក់ សក់វែងប្រះស្មា សម្បុរសល្មម នោះគឺវរលក្ខណ៍ ជាក្រមុំ អ្នកកំពង់ធំ ប៉ុន្ដែនៅតំបន់មាត់ញកមួយ មានជីវភាពមិនធូរធារទេ រាល់ថ្ងៃពឹងផ្អែកលើការធ្វើស្រែ និងស៊ីឈ្នួលគេខ្លះ អាចជាកត្តាជីវភាពនេះហើយ ទើបធ្វើឲ្យគ្រួសាររបស់នាងត្រូវបានគេមិនប្រាថ្នាចង់បាន ព្រោះតែគេពោលថាគ្រួសារនាងក្រីក្រ ប៉ុន្ដែដោយសារតែអត្តចរិតដ៏ល្អរបស់នាង សម្ដីរាក់ទាក់គួរឲ្យទាក់ ទាញធ្វើឲ្យប្រុសៗជាច្រើនតាមស្រឡាញ់នាង តែនាងបដិសេធ ព្រោះគិតដល់ជីវភាពផង និងដឹងពីចរិត ពិតរបស់ប្រុសៗទាំងនោះផង ។ ថ្ងៃនេះតែញាក់ភ្នែក ហើយមានអារម្មណ៍ថប់ៗក្នុងទ្រូង បេះដូងលោត ខុសពីធម្មតា ហាក់បីដូចជាមាននរណាកំពុងលួចមើលនាង មែន!...នោះគឺកម្លោះវ៉ារីយើង ខ្សែភ្នែកមិន ព្រិចសោះ ប្រៀបដូចជាលង់ស្នេហ៍ក្រមុំដ៏តូចច្រឡឹង ។ ប្រៀបបាននឹងកម្លាំងមកពីណាចូលក្នុងខ្លួន វ៉ារីទុក សម្លាញ់ចោល ដើរសំដៅទៅរកវរលក្ខណ៍ សាសងវាចាភ្លាម ៖
- អត់ទោស! មិនប្រកាន់ ខ្ញុំសុំរាប់អានសួរលេងផងបានទេ?
-បានតើ! (ក្រមុំយើងដល់ជួបអ្នកក្លាហាន ហាក់បីដូចជាចាញ់ច្រាប)
-អាចឲ្យខ្ញុំសុំស្គាល់ឈ្មោះផងបានទេ? ខ្ញុំឈ្មោះវ៉ារី ជាអ្នកនៅខេត្តកំពង់ចាម សព្វថ្ងៃនេះ នៅ កម្លោះទេ ហើយ...(ក្រមុំយើងឆ្លើយកាត់)
-ហើយថីបានជារៀបរាប់ម្លេ៉ះ ! ខ្ញុំជាមិនចង់ដឹងដល់ម្ល៉ឹងទេ ក្រែងមកសួរខ្ញុំ
-ខ្ញុំប្រាប់ឲ្យហើយតែម្ដង (កម្លោះយើងសើចយ៉ាងរីករាយ)
គូនេះគឺនិស្ស័យពីជាតិមុនតែម្ដង និយាយគ្នាបានតែបន្ដិចសោះ ក៏យល់ចិត្តគ្នាទៅវិញទៅមក ហើយវ៉ារីក៏សុំទៅលេងផ្ទះវរលក្ខណ៍ដើម្បីឲ្យស្គាល់តែម្ដង ។ នៅផ្ទះរបស់វរលក្ខណ៍មានយាយតា ឪពុក ម្ដាយ និងបងប្អូនរស់នៅជុំគ្នា សមាជិកសរុប១០នាក់ តាយាយ និងឪពុកម្ដាយ រាងចំណាស់ ទៅហើយ ប្អូនៗក៏តូច សរុបទៅជំហរក្នុងគ្រួសារ ឃើញបែបបនេះ ធ្វើឲ្យវ៉ារី រឹងរិតតែអាណិតនិងស្រលាញ់នាងទ្វេដង ក្នុងពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ គូស្នេហ៍យើងទាំងពីរបានយល់ចិត្តយល់ថ្លើមគ្នា ស្គាល់ពីគ្នាទៅវិញ ទៅមក ។ វ៉ារីគឺជាជាងម៉ាស៊ីនត្រជាក់ ជីវភាពគ្រួសារក៏ធូរធារ ប៉ុន្ដែគិតមកដល់ចំណុចនេះ វ៉ារីមានការពិបាកចិត្តខ្លះដែរ មួយគឺទំនៀមសាសនា ពីរគួរម្ដាយរបស់កម្លោះយើង ខ្លាចតែគាត់មិនព្រមតាម ទេ​ប៉ុន្ដែកម្លោះយើងសន្យានឹងវរលក្ខណ៍ថានឹងស្នើសុំម្ដាយពេលត្រឡប់ទៅវិញ ។
បីថ្ងៃកន្លងផុត កម្លោះយើងមិនដាច់ចិត្តទៅវិញសោះ ទឹកមុខលាវរលក្ខណ៍ស្ទើរតែស្រក់ទឹកភ្នែក ទាំងពីរនាក់ សូម្បីតែអេដមីនក៏អាណិតពួកគាត់ដែរ ។ ពេលទៅដល់ផ្ទះវិញវ៉ារីបានប្រាប់ម្ដាយពីរឿងនេះ ដល់ម្ដាយ ប៉ុន្ដែភ្លាមៗម្ដាយក៏មិនទាន់ប្រកែកអីដែរ ព្រោះគិតថាកម្លោះយើងគ្រាន់តែស្រលាញ់មួយឆាវ ប៉ុណ្ណោះ ។ ឲ្យតែទំនេរពីការងារកម្លោះយើងតែឆ្លៀតជិះម៉ូតូមកលេងម្ចាស់បេះដូងពុំលស់ពេល មានពេលខ្លះ ស្នាក់នៅយូរមិនព្រមត្រឡប់ទៅវិញសោះ ធ្វើឲ្យម្ដាយមិនពេញចិត្ត និង​ខឹងសម្បារទៀត ផង។ ថ្ងៃមួយម្ដាយរបស់វ៉ារីបានស្កាត់មកជួបវរលក្ខណ៍ ដោយឃើញស្ថានភាពគ្រួសារនាងមិនប្រសើរ គាត់បានស្នើសុំឲ្យវរលក្ខណ៍ឈប់ទាក់ទងនឹងវ៉ារីទៀត ដោយប្រគល់នូវថវិកាចំនួន៥លានរៀល ចាត់ទុកថា ជាថ្លៃជួយគាត់សម្រេចបំណង តែមាណវីយើងបដិសេធ ហើយប្រាប់ថានាងមិនចង់បានប្រាក់ទេ ក្ដីស្រលាញ់ចេញពីបេះដូង សង្ឃឹមតែម្ដាយវ៉ារីយល់ចិត្តអាណិតពួកគេទាំងពីរ ប៉ុន្ដែបែរជាធ្វើឲ្យម្ដាយរបស់ វ៉ារីស្អប់ប្រកាន់ខ្លាំងឡើង មុននឹងត្រលប់ទៅវិញគាត់បានគំរាមថា បើនៅតែហ៊ានទាក់ទងកូនគាត់ទៀត វរលក្ខណ៍នឹងដឹងខ្លួនហើយ ហើយហាមឲ្យសោះប្រាប់រឿងនេះដល់កូនប្រុសគាត់។
ក្ដីសង្ឃឹមទាំងឡាយចាប់ផ្ដើមរលាយបន្ដិចៗម្ដង ពេលដែលវ៉ារីព្យាយាមជួប វរលក្ខណ៍ព្យាយាម គេច ព្រោះតែមិនចង់បំផ្លាញទំនាក់ទំនងម្ដាយកូនរបស់ វ៉ារី ។ គ្រាន់តែដឹងថាកូនប្រុសទៅជួបវរលក្ខណ៍ ម្ដាយវ៉ារីខឹងណាស់ ក៏រៀបចំពិធីក្នុងបន្ទប់អាសនៈរបស់គាត់ (នេះបញ្ជាក់ថាម្ដាយរបស់វ៉ារីក៏ចេះអាគមអូម អាមដែរ) យប់បន្ដិចវរលក្ខណ៍មានអារម្មណ៍ថាមិនស្រួលខ្លួនសោះ ភ្លាមៗមានអារម្មណ៍ថាអស់កម្លាំង វិល មុខធីងធោង ក្ដៅរវើរវាយលែងដឹងខ្លួន បងប្អូននាំគ្នាចាប់ និងនាំទៅពេទ្យប៉ុន្ដែហាក់គ្មានបានផលសោះ បន្ទាប់មកក៏ទៅដើររកគ្រូខ្មែរ គាត់ប្រាប់ថានាងត្រូវអំពើរបស់គេហើយ គេផ្នាយចោលទេ ប៉ុន្ដែគេនឹងដាក់ បន្ថែមបើសិនជាមិនទាន់បានអ្វីដែលគេចង់បាន ហើយគាត់បញ្ជាក់យ៉ាងច្បាស់ថានោះគ្រូចាមជាអ្នកដាក់ គាត់ក៏គ្មានលទ្ធភាពដោះដែរ ទាល់តែរកគ្រូចាមដែលពូកែ ឬក៏ព្រះសង្ឃពូកែទើបបាន ប៉ុន្ដែប្រហែលជា រកមិនទាន់ទេ ព្រោះបំណងគេគឺធ្វើឲ្យនាងស្លាប់តែម្ដង ។ វរលក្ខណ៍ដឹងច្បាស់ណាស់ថាគឺប្រាកដជាម្ដាយ របស់វ៉ារី ។ រំលងបាន ២ថ្ងៃ គ្រួសារនាងទាំងមូលស្រាប់តែចុកពោះ ហើមពោះ មិនដឹងមូលហេតុនេះ ចំណែកខ្លួននាងវិញមួយថ្ងៃរត់ទៅចងកក្រោយផ្ទះមិនក្រោម៤ដងទេ ប៉ុន្ដែត្រូវបានវ៉ារីមកទាន់ជួយដល់ នាង។ វ៉ារីដឹងថារឿងទាំងនេះ គឺម្ដាយនាយជាអ្នកធ្វើ ដើម្បីបំបែកអ្នកទាំងពីរ ប៉ុន្ដែក្ដីស្រលាញ់ជ្រាលជ្រៅ ពេក នាយមិនដាច់ចិត្តសោះ ។

នាយបានប្រាប់ម្ដាយថាបើសិនជាមិនឲ្យជួបគ្នាជាមួយវរលក្ខណ៍ទេ នាយសុខចិត្តលះបង់ជីវិត ព្រោះក្ដីស្រលាញ់មួយនេះ មិនអាចដកបានទេ ប៉ុន្ដែការគំរាម នេះពុំបានផល សោះ ព្រោះម្ដាយរបស់វ៉ារី បានពោលថា៖ បើសិនជានាយហ៊ានយកជីវិតដើម្បីមកគំរាមគាត់ គាត់សុខចិត្ត ចោលកូនម្នាក់នេះ តែវរលក្ខណ៍ និងក្រុមគ្រួសារនាងទាំងអស់ត្រូវតែទៅកំដរវ៉ារីជាក់ជាមិនខាន៕
ពាក្យសម្ដីនេះពិតជាធ្ងន់ណាស់ ព្រោះតែក្ដីស្រលាញ់កូនៗសោះ តែបែរជាត្រូវធ្វើឲ្យអ្នកដទៃដែល មិនដឹងអ្វី ត្រូវរងគ្រោះ ។ ទឹកភ្នែកនាយស្រក់តក់ៗ លើថ្ពាល់សង្សារជាទីស្រលាញ់ ខណៈកំពុងបីនាងនៅ នឹងដៃ មើលទៅទឹកមុខដ៏គួរឲ្យអាណិតរបស់នាង មាណពបាននិយាយទាំងអួលដើមកទៅកាន់វរលក្ខណ៍
-អូនសម្លាញ់! ឲ្យបងសុំទោស បងគិតថាក្ដីមានះរបស់បង នឹងត្រូវបានអ្នកម្ដាយគាត់ យោគ យល់ ប៉ុន្ដែគ្រប់យ៉ាង.... ទីបំផុត បងត្រូវចាកចេញពីអូន តើឲ្យបងត្រូវធ្វើយ៉ាងណាវិញ?
រៀបរាប់បណ្ដើរ ទឹកភ្នែកស្រក់ចុះបណ្ដើរ នាយអង្អែលថ្ពាល់សង្សារ ដែលស្លេកស្លាំង ហើយបន្ដថា បើមិនអាចនៅការពារអូនបានទេ មានតែការចាកចេញរបស់ បង ទើបធ្វើឲ្យអូន និងក្រុមគ្រួសារ បានសុខ បើសិនជាមានជាតិមុខ សូមឲ្យបងជួបអូនកុំបីឃ្លាតគ្រប់ជាតិ ។ ក្រោយពីរៀបចំឲ្យសង្សារសម្រាកហើយ នាយបានចាកចេញត្រលប់ទៅដល់ផ្ទះវិញ ឯវរលក្ខណ៍ និង​ក្រុមគ្រួសារបានធូរស្រាលលែងធ្វើទុក្ខទៀត អាណិតតែមាណវីយើងទេ ទឹកភ្នែកហូរចុះស្រក់ស្ដាយសង្សារជាទីស្រលាញ់ និងក្ដីស្រលាញ់ទាំងអស់ ។ ចុងក្រោយវ៉ារីបានយកប្រពន្ធតាមការរៀបចំរបស់ម្ដាយ ហើយវរលក្ខណ៍ក៏រៀបការដែរ ព្រោះដើម្បីកុំឲ្យ ម្ដាយរបស់វ៉ារីមិនអស់ចិត្តខ្លាចថាបើវរលក្ខណ៍មិនទាន់រៀបការ កូនប្រុសរបស់គាត់នឹងអាចត្រលប់មកវិញ នៅថ្ងៃក្រោយ ។ ក្រោយពីអេដមីនបានស្ដាប់រឿងរ៉ាវរបស់ពួកគាត់ទាំងពីរ អេដមីនក៏ស្រក់ទឹកភ្នែកអាណិត ប្អូនស្រីដែរ ទើបសរសេររឿងរ៉ាវមួយទុក សុំចិត្តឪពុកម្ដាយគ្រប់រូប សូមលះបង់ខ្លះទៅរឿងវណ្ណៈគ្រួសារ ព្រោះមិនប្រាកដថាគូដែលយើងផ្សំផ្គុំពិតជាមិនខុស គូដែលកូនយើងរើសខ្លួនឯងក៏មិនប្រាកដថាខុស សំខាន់កូនៗមានសុភមង្គលក្នុងជីវិត។


Saturday, March 22, 2025

រឿង​ដាក់អំពើ វគ្គ៣

 


    រឿងនេះជារឿងដែលខ្ញុំធ្លាប់ជួបនិងឃើញផ្ទាល់ រឿងនេះនិយាយពីអ៊ំកាន និងពួកម៉ាកគាត់ឈ្មោះ វី។ ពួកគាត់បានកាប់ដីចម្ការមួយកន្លែងទំហំ៦ហិកតា កាលពីឆ្នាំ១៩៩៨ កាលណោះអ៊ំកានបានឲ្យពួក ម៉ាកគាត់ជាអ្នករើសមុន ដោយពុះដីជា២ស្មើគ្នា ពួកម៉ាកគាត់បានឃើញដីម្ខាងល្អ គ្មានថ្ម និងដីខ្មៅ គាត់ក៏ រើសយក ចំពោះអ៊ំកានគាត់ក៏មិនថាអ្វីដែរ ទោះជាដីម្ខាងទៀតសុទ្ធតែថ្ម និងដីសគ្មានជីវជាតិសោះ ។ ពួកគាត់ដំបូងគ្មានបញ្ហានឹងគ្នាទេ ដោយសារតែផលដំណាំអ៊ំវីល្អជាងអ៊ំកានរហូត ឃើញមិត្តភក្ដិបានល្អ បែបនេះរិតតែសប្បាយចិត្ត ប៉ុន្ដែអ៊ំវីលែងដូចមុនហើយ គាត់បានផលច្រើន ជីវភាពក៏ធូរធារជាងអ៊ំកាន គាត់ក៏ប្រែជាចរិតអួតអាង លែងចង់និយាយរាប់រកអ៊ំកានដូចមុន ។ ដោយឃើញអ៊ំវីប្រែប្រួល អ៊ំកានក៏ លែងសូវបានរាប់រក និងទៅមកដូចមុនទៀត គាត់គិតតែពីខំកាប់គាស់ថ្ម និងប្រឹងធ្វើបន្ថែមទៀត មនុស្ស ល្អ ទេវតាពិតជាមិនបិទភ្នែកមែន អ៊ំកានស្រាប់តែដាក់ដាំដំឡូងមី បានផលច្រើនលើសលប់ ហើយឆ្នាំហ្នឹង តម្លៃក៏បានថ្លៃទៀត គាត់បានលក់ដំឡូងមី និងបានទិញគោយន្ដមួយគ្រឿង គាត់សប្បាយចិត្តណាស់ ព្រោះកម្លាំងញើសឈាមរបស់គាត់បានផលហើយ ។ ចំណែកអ៊ំវីថ្វីបើដំបូងៗ ធ្វើដំណាំបានផលច្រើនជាង អ៊ំកាន ប៉ុន្ដែដូចគេថាមនុស្សដែលញៀនល្បែង នឹងវិនាស គាត់ជាមនុស្សចិត្តផឹកស្រា និងលេងល្បែងខ្លាំង ណាស់  ទីបំផុត គ្រួសារគាត់បានធ្លាក់ខ្លួនក្រ ហើយតែងតែពេបជ្រាយអ៊ំកានរហូត ថា៖មើល!ឬកអាអ្នក មាន កុំតែបានដីចំណែកអញទេ កុំអីក៏បានគ្រាន់បើដែរ ។ឮដូចនោះអ៊ំកានក៏និយាយទៅកាន់អ៊ំវីថា៖

-នែ៎! អាម៉ាក ដោយសារអញខ្លាចឯងធ្វើមិនបានផល ទើបឲ្យរើសដីមុន ឯងរើសដីល្អ គ្មានថ្ម ដីមានជីវជាតិ ចំណែកអញទោះជាដីថ្ម តែខិតខំប្រឹងគាស់កាប់ និងដាក់ជីទើបបានផលដំណាំល្អ មិនមែន ដូចឯងពឹងផ្អែកលើដីទាំងស្រុងទេ ដោយយល់ថាចង់ឲ្យពួកម៉ាកល្អ ទើបសុខចិត្តយកដីមិនល្អ ទាំងដែល សម្ភារៈ និង កម្លាំងកាប់គាស់ដី គឺអញច្រើនជាង ម្ដេចក៏ឯងប្រែប្រួលច្រើនម្លេ៉ះ ។

-អើ! អញវាមិនដល់ហែងទេ ធ្វើម៉េចអញក្រ ឥលូវហែងមានហើយ ហែងមើលងាយអញហើយ

-ចុះនរណា ដែលមើលងាយអញមុន ក្រែងហែងតើហី!

ពួកគាត់ចាប់ផ្ដើមតឹងសរសៃក ឈ្លោះគ្នា លែងនិយាយរាប់រកគ្នាដូចមុន អ៊ំវីក៏កើតចិត្តស្អប់ និង​តែឈ្នានីសអ៊ំកានរហូត មានពេលខ្លះនិយាយប្រាប់ឈ្មួញថាដំឡូងមីរបស់អ៊ំកាន ស្អុយច្រើនណាស់ មានខ្មូត មានប្រឡាក់ដី យកតែចំណេញទេ ប៉ុន្ដែឈ្មួញដែលទិញដំឡូងមីអ៊ំកានគឺតែសរសើរគាត់ ព្រោះ តែដំឡូងកោសស្អាត ហាលបានស្ងួតល្អ ហើយថែមទាំងតែងតែធ្វើម្ហូបឲ្យកម្មកររបស់ឈ្មួញហូបរហូត ម្យ៉ាងគាត់មានសំដីសំដៅល្អណាស់ ។

ដោយមិនអស់ចិត្តនឹងការចាក់រុកមិនបាន អ៊ំវី បានទៅរៀនអំពើងងឹត ហើយដាក់អំពើធ្វើបាបអ៊ំ កាន ប៉ុន្ដែកាលណោះអ៊ំវីទើបនឹងរៀនថ្មីៗ ទើបផលមិនសូវខ្លាំង អ៊ំកានបានទាញយកកាំភ្លើងច្នៃ(កាំភ្លើង ខ្យល់) ទៅគំរាមបាញ់អ៊ំវីដល់ផ្ទះ ទើបអ៊ំវីធ្វើអ្វីអ៊ំកានមិនបាន ហើយអាគមនោះបានត្រលប់ទៅត្រូវខ្លួន របស់គាត់វិញ បណ្ដាលឲ្យគាត់ឈឺត្រាំត្រែង ក្រោកពីកន្ទេលសឹងមិនរួច ។ ដោយសារតែចិត្តចងគំនុំខ្លាំង ពេក អ៊ំវីបាន បង្រៀនអាគមនោះដល់កូនប្រុសរបស់គាត់ដើម្បីបន្ដស្នងតាមយាយីអ៊ំកាន ពិតជាដូចអ្វីដែល គិតមែន ខណៈពេលដែលអ៊ំកាន គាត់ធ្វើដំណើរទៅចម្ការដូចសព្វមួយដង ស្រាប់តែល្ងាចនោះ អ៊ំកាន កំពុងឈរសុខៗ ក៏សន្លប់ភ្លាមៗ ។ កូនចៅរបស់គាត់បានដឹកគាត់មកមន្ទីរពេទ្យខេត្ត នៅតាមផ្លូវអ៊ំកាន ក្អួតចេញឈាមរហូត អ៊ំកានគាត់ធ្វើទុក្ខខ្លាំង ពុំមានកម្លាំងដូចមុនទេ ទោះជាគាត់ដឹងថាប្រាកដជាអ៊ំវីធ្វើក៏ ដោយ គាត់បានត្រឹមតែឈឺចាប់ប៉ុណ្ណោះ ។ ពេលមកដល់ពេទ្យខេត្តពេទ្យបានឆ្លុះ ថត បានប្រាប់ថា សួត និងថ្លើមអ៊ំកានរលួយអស់ហើយ (អ៊ំកានមិនដែលបរិភោគស្រាទេ) ឮបែបនេះក្រុមគ្រួសារគាត់តក់ស្លុត ណាស់ ។ មិត្តភក្ដិកូនស្រីអ៊ំកាន បានប្រាប់ថាឪពុកនាងចេះថ្នាំ និងចេះដោះអំពើខ្លះ ទើបកូនស្រីរបស់គាត់ គឺណារី បានទាក់ទងមកខ្ញុំឲ្យជូនពួកនាងទៅរកថ្នាំ (ខ្ញុំទើបតែស្គាល់គ្នាមួយរយៈដោយមិត្តភក្ដិខ្ញុំណែនាំ) ការធ្វើដំណើរឆ្ងាយគួរសមដែរ ខ្ទង់១២៨គីឡូម៉ែត្រពីទីរួមខេត្ត  ពួកខ្ញុំធ្វើដំណើរតាំងពីព្រឹក រហូតដល់ម៉ោង ជិត៦រសៀល ព្រោះតែផ្លូវយ៉ាប់យ៉ឺនបន្ដិច មានជង្ហុក និងផ្លូវភ្នំផង ពេលទៅដល់ពួកខ្ញុំបានជាវថ្នាំ ហើយអ៊ំ ម្ចាស់ថ្នាំបានឲ្យយ័ន្ដគាថាមួយសន្លឹក ហើយប្រាប់ថាពេលត្រលប់មកវិញ ត្រូវដាក់ជាប់ខ្លួនរបស់អ៊ំកាន ។ មួយយប់បានកន្លងទៅ ពួកខ្ញុំបានត្រលប់មកដល់ពេទ្យ បានដាំថ្នាំឲ្យអ៊ំកានផឹក និងដាក់យ័ន្ដឲ្យគាត់ ប៉ុន្ដែ គ្រប់យ៉ាងហាក់បីដូចជាមិនបានធូរស្រាលសោះ ទើបពួកខ្ញុំបន្ដទៅរកគ្រូខ្មែរដែលល្បីថាពូកែ ពេលទៅដល់ គាត់ទារប្រាក់ ៩០ម៉ឺនរៀលសិន ដើម្បីរៀបចំអាសនៈជួយ ដោយមិនបានគិតច្រើន ពួកខ្ញុំបានជូនគាត់ ឲ្យតែអ៊ំកានគាត់នឹងបានធូរស្រាល ប៉ុន្ដែអាការៈអ៊ំកានមិនធូរស្រាលសោះ ពួកខ្ញុំបន្ដទៅរកគ្រូខ្មែរបន្ថែម ម្នាក់ទៀត គាត់ថាហួសពេលហើយ ពីព្រោះអ្នកដែលដាក់អំពើនោះមានគ្នាដល់ទៅ៣នាក់ គឺមានគ្រូខ្មែរ២ និងគ្រូចាមម្នាក់ ហើយយប់នេះម៉ោង៣ទៀបភ្លឺ គឹនឹងផ្ដាច់ជីវិតអ៊ំកានតែម្ដង ។ ដោយក្ដីអស់សង្ឃឹម អ៊ំកាន បានហៅកូនចៅមកជុំគ្នា ហើយប្រាប់ថា ក្រោយពីគាត់ស្លាប់ទៅ សូមកុំចងកម្មពៀរ ឬទៅរករឿងគេអី គ្រប់ រឿងមានហេតុនិងផល ដូចនេះចូរកូនៗសាងអំពើល្អទៅថ្ងៃមុខ នរណាសាងអី្វ ផលនោះនឹងសងទៅរកគេ វិញ ។ ក្រោយពីផ្ដាំផ្ញើរួច គាត់ក៏សុំឲ្យគ្រួសារ នាំគាត់ត្រលប់ទៅផ្ទះវិញ ព្រោះតែនៅដេកពេទ្យក៏មិនមាន ការប្រែប្រួលដែរ។ ប្រហែលម៉ោង ៣ទៀបភ្លឺ  អ៊ំកានបានធ្វើទុក្ខយ៉ាងខ្លាំង ហើយគាត់ក៏ទទួលមរណភាព ទៅ កូនចៅព្រមទាំងខ្ញុំបានជួយរៀបចំបុណ្យសពគាត់ និងបានដង្ហែគាត់ទៅបូជា នៅពេលរំលាយសព ទើបឃើញរបស់មួយសំណុំក្នុងក្រពះគាត់មិនឆេះសោះ នោះគឺស្បែកក្របីមួយផ្ទាំង រួមទាំងកន្រៃ្ដ ឡាម ដែកគោលជាច្រើន ។ រឿងនេះចាត់ជាគតិពិចារណា សូមឲ្យមនុស្សលោក សាងតែអំពើកុសល កុំចងកម្ម ពៀរនឹងគ្នាអី​។


Sunday, March 16, 2025

រឿង​ដាក់អំពើ វគ្គ២

 

អ៊ំផាន និងប្រពន្ធគាត់អ៊ំរី រស់នៅក្នុងភូមិតូចមួយជាមួយកូន៣នាក់ ។ ប៉ុន្ដែអ្វីដែលគួរឲ្យសោក ស្ដាយ គឺអ៊ំរីគាត់ជាមនុស្សប្រមឹកស្រា ប៉ុន្ដែប្ដីគាត់ក៏មិនណយដែរ គ្រាន់តែថាគាត់ជាមេគ្រួសារ មានទំនួល ខុសត្រូវខ្ពស់ជាប្រពន្ធ ។ នៅក្នុងតំបន់គាត់រស់នៅ ជាតំបន់ជនជាតិដើមភាគតិច ដូចដែលដឹងហើយ ថាបងប្អូនជនជាតិភាគតិច គាត់រស់នៅគឺគោរពជំនឿ អ្នកតា ជាពិសេសសម្បូររឿង អំពើអំព័ន្ធហ្នឹងច្រើន ណាស់ តែមិនមានន័យថាបងប្អូនជនជាតិដើមភាគតិច គាត់ជាអ្នកប្រព្រឹត្ត និងធ្វើរឿងទាំងអស់នេះដែរ ប៉ុន្ដែក៏ថ្ងៃមួយមានបុរសចំណាស់វ័យប្រមាណជា ៥០ គាត់ជាអ្នកចំណូលស្រុក មកពីខេត្តផ្សេង ចូលទៅក្នុងភូមិនោះ គាត់ឈ្មោះផាយ។ ដំបូងៗគាត់គឺចូលចិត្តរាក់ទាក់អ្នកភូមិម្ចាស់ស្រុកណាស់ ហើយគាត់ ក៏មានកូន២ដែរ គាត់ជាបុរសពោះម៉ាយ ។ នៅថ្ងៃមួយ គាត់រៀបចំធ្វើកម្មវិធីខួបកំណើតឲ្យកូន ក៏អញ្ជើញអ៊ំផាន និង ភរិយាចូលរួមដែរ ប៉ុន្ដែដោយសារតែអ៊ំផានគាត់រវល់ ទើបឲ្យប្រពន្ធទៅជំនួស នេះក៏ ជាដើមហេតុ ចាប់ផ្ដើមឲ្យកើតរឿងរ៉ាវដែរ ។ អ៊ំស្រីរី ថ្វីត្បិតតែអាយុច្រើនគួរសម តែមិនទាន់ដល់ហានោះទេ បើនិយាយពីសម្រស់វិញ ក៏មិនអន់ដែរ ព្រោះតែគាត់ជាមនុស្សស្រីចេះលាបប្រេង ក្រែមម្សៅដែរ ហេតុនេះ មើលនៅខ្ចីដែរ ។ គាប់ជួនជាកម្មវិធីគេផង គាត់ស្លៀកឈុតស្អាតណាស់ អ៊ំផាយ គាត់សម្លឹងមកដាក់ភ្នែក ទេ ហើយក៏ចេះតែលេបខាយសម្ដីនឹងអ៊ំស្រីរីដែរ ប៉ុន្ដែអ៊ំស្រីរីគាត់មិនទាន់រវីរវល់ទេ យប់បន្ដិចសម្លេងជល់ កែវស្រាលាន់ឡើង ពេលនោះអ៊ំស្រីរីចាប់ផ្ដើមស្រវឹងខ្លាំង ក៏លែងគ្រប់គ្រងខ្លួនឯងបាន ឃើញឱកាសល្អមក ដល់ អ៊ំផាយក៏បើសម្ដីលេបខាយចែចង់អ៊ំស្រីរី បានសម្រច គាត់ក៏លួចឲ្យបអ៊ំស្រីរី តែត្រូវអ៊ំស្រីរីគ្រវាសដៃ ចេញ ថ្វីបើគាត់ស្រវឹង តែនៅដឹងថាអ្វីគួរធ្វើ ឬមិនគួរដែរ ព្រោះគាត់ស្រឡាញ់ប្ដីគាត់ណាស់ ។ អ៊ំស្រីរី គាត់ បាន និយាយថា៖

-បងផាយ កុំធ្វើអ៊ីចឹង យើងជាអ្នកភូមិជាមួយគ្នា មិនគួរបងហ៊ាន ធ្វើអី្វមិនសមរម្យទេ ខ្ញុំមានប្ដី មានកូនហើយ ហើយបងក៏ដឹង

-បាទ! ពិតជាដឹងតែ ធ្វើម៉េច បើចិត្តស្រឡាញ់ រីឯង ស្ទើរតែទ្រាំមិនបាន ខ្ញុំសារភាពដោយត្រង់

ដោយសារតែស្រវឹងខ្លាំងផង ទោះជាប្រកែកក៏មិនឈ្នះដែរ ពេលនោះគ្រប់យ៉ាងបម្រុងដូចបំណង អ៊ំផាយទៅហើយ ស្រាប់តែអ៊ំផាន ប្ដីអ៊ំស្រីរីមកដល់ ឃើញស្ថានការណ៍មិនស្រួល អ៊ំផាយក៏ធ្វើជាគ្រាហ៍ អ៊ំស្រីរី ហើយប្រាប់ថាអ្នករី គាត់ស្រវឹងខ្លាំង សំណាងល្អបងមកដល់ល្មម ខ្ញុំបម្រុងឲ្យកូនជូនទៅផ្ទះ។ អ៊ំផាន ក៏នាំប្រពន្ធទៅផ្ទះដោយមិនមានការសង្ស័យអ្វីនោះទេ ព្រោះដោយឃើញសកម្មភាពល្អៗរបស់ អ៊ំ ផាយកន្លងមក ។ ពេលមកដល់ផ្ទះ គាត់ក៏ដេញដោលសួរប្រពន្ធ ទើបដឹងថាអ៊ំផាយគាត់បញ្ច្រកស្រាអ៊ំរី ហើយមានបំណងមិនល្អទៀត ។ មិនអាចទ្រាំបាន អ៊ំផានក៏ចេញទៅយប់ ទៅផ្ទះអ៊ំផាយ ស្ដីឲ្យគាត់ និង​ជេរនូវពាក្យអសុរោះជាច្រើន តែអ៊ំផាយគាត់មិនតបតអ្វីទាំងអស់ ។ នៅថ្ងៃក្រោយទៀត ខណៈពេល ដែលអ៊ំផាន គាត់ឡើងមកផ្សារនៅទីរួមខេត្ត ដើម្បីទិញគ្រឿងបន្លាស់គោយន្ដ ស្រាប់តែអ៊ំផាយគាត់ទៅផ្ទះ អ៊ំស្រីរី ហើយឡើងលើផ្ទះគាត់ ដោយសូត្រអាគមអ្វីមិនដឹង(ប្រហែលបន្ទន់ចិត្ត) ធ្វើឲ្យអ៊ំស្រីរី បែរជា ញញឹមដាក់ ហើយក៏ព្រមព្រៀងគ្នាទៅ ក្រោយពីហ្នឹងទៅ គាត់ឧស្សាហ៍ចេញចូល ឲ្យតែអ៊ំផានមិននៅផ្ទះ យូរៗ ទៅអ៊ំស្រីរីក៏កើតចិត្តស្រឡាញ់គាត់ខ្លះទាំងមិនដឹងខ្លួន ។ តែចៃដន្យថ្ងៃមួយ ពេលកូនអ៊ំស្រីរីតាមទាន់ អ្នកទាំងពីរ ហើយប្រាប់រឿងនេះទៅឪពុក អ៊ំផានខឹងខ្លាំងណាស់ ក៏ទាញកាំបិតផ្គាក់ អូសទៅបម្រុងយក ទៅកាប់អ៊ំផាយតែម្ដង ប៉ុន្ដែស្រាប់តែអ៊ំផាន ចុកពោះដួលគ្រឹបតែម្ដង កូនៗនាំគាត់ទៅពេទ្យ ពេទ្យថាមិន មានអ្វីទេ? តែអ៊ំផានគាត់ដឹងច្បាស់ណាស់ ថាអ៊ំផាយជាអ្នកធ្វើ ព្រោះតែគាត់ចង់បានអ៊ំស្រីរី ។ ដោយសារ តែស្ថានភាពមិនស្រួល គាត់បានទៅរកព្រះសង្ឃក្នុងវត្តមួយដែលល្បីថាតេជគុណ ចេះដោះអំពើ និង មាន អ្នកស្រុកប្រាប់តៗគ្នាមក គាត់ក៏បាននាំគ្រឿងរណ្ដាប់មួយចំនួន និងថវិកាដើម្បីស្នើសុំការជួយពីសំណាក់ តេជគុណ។

-ចម្រើនពរញោម! ញោមមករកអាត្មា មានធុរៈអីដែរមែន?

-ករុណាគុណម្ចាស់ ! ករុណាចង់មកពឹងពាក់ឲ្យតេជគុណជួយ ករុណាមិនធ្លាប់មានជំងឺទេ តែថ្មីៗ នេះតែមានបញ្ហាសុខភាពអត់ស្រួលក្នុងខ្លួនសោះ កូនៗ និងភរិយាយល់ថាប្រហែលជាករុណាត្រូវអំពើគេ ហើយ ទើបឮល្បីថាតេជគុណពូកែ ទើបមករកដើម្បីសុំក្ដីមេត្តា។

- បើនិយាយពីរឿងពូកែនោះ អាត្មាមិនហ៊ានថាទេ ប៉ុន្ដែអាស្រ័យលើការជឿរបស់ញាតិញោម ប៉ុណ្ណោះ អាត្មានឹងជួយតាមដែលអាចជួយបាន។ ភ្លាមនោះតេជគុណបានចាប់ផ្ដើមធ្វើការគោរពដល់ព្រះ គ្រូ ក្នុងបន្ទប់អាសនៈ រួចក៏សួរថ្ងៃខែឆ្នាំកំណើតរបស់អ៊ំផាន និងបានសមាធិបន្ដិច តេជគុណក៏បានមាន សង្ឃដីកាថា៖ ញោមពិតជាត្រូវរបស់គេមែនហើយ គឺមិនមែនអ្នកឆ្ងាយទេ គឺអ្នកនៅក្នុងភូមិជាមួយគ្នាហ្នឹង ឯង ហើយគេមានបំណងចង់ឲ្យញោមចុះចាញ់ប៉ុណ្ណោះ ដោយមិនមានបំណងធ្វើឲ្យញោមអស់ជីវិតទេ ប៉ុន្ដែថ្ងៃក្រោយអាត្មាមិនធានាទេ គេប្រហែលជាចង់បានញោមស្រី ប៉ុន្ដែអាត្មាជួយបាន។ ក្រោយមកព្រះ តេជគុណបានសូត្រសែកអាគមរួច ឲ្យអ៊ំផានផឹក រួចក៏មានអារម្មណ៍ថាស្រួលខ្លួនភ្លាមៗ ហើយព្រះតេជ គុណបានប្រគល់នូវកថាមួយខ្សែពាក់នឹងចង្កេះ ព្រមទាំងកថាយ័ន្ដមួយ ដែលព្រះតេជគុណតម្រូវឲ្យដាក់ ហឹងនិងអុជធូបសែនរាល់ថ្ងៃសីល ដើម្បីបង្ការថ្ងៃក្រោយ។

ពេលត្រឡប់មកផ្ទះវិញ អ៊ំផានមិនមានបញ្ហាទៀតទេ ប៉ុន្ដែថ្ងៃមួយ នៅពេលអ៊ំស្រីរីគាត់ទៅផ្សារ ពេលត្រឡប់មកវិញ អ៊ំផាយបានតាមញ៉ែញ៉ងគាត់ទៀត ព្រោះតែក្ដីស្រឡាញ់មិនអាចភ្លេចបាន ក្រោយដឹង រឿងនេះ អ៊ំផានខឹងខ្លាំងណាស់ ក៏ទៅស្ដីបន្ទោសឲ្យអ៊ំផាយថា ៖ ក្នុងនាមជាអ្នកនៅក្នុងភូមិជាមួយគ្នា ដឹងហើយថាខ្ញុំជាប្ដីគាត់ តែហេតុអ្វីនៅតែបង្កើតបញ្ហាមិនចេះចប់ ។ អ៊ំផានគាត់ស្ដីឲ្យច្រើនណាស់ ដោយ អាការៈខឹងសម្បារ ព្រោះនរណាក៏ដូចគ្នាដែរ បើមានគេមករញ៉េរញ៉ៃគ្រួសារយើងដដែល ខ្ញុំក៏អាចដូចអ៊ំ ផានដែរ គ្រាន់តែអ៊ំផានគាត់មិនប្ដឹងប៉ូលិសព្រោះមិនចង់ឲ្យវែងឆ្ងាយ ។ យប់ស្ងាត់បន្ដិច គ្រប់គ្នាកំពុងតែ លង់លក់នឹងដំណេក ខណៈពេលនោះអ៊ំផានស្រាប់តែចុកពោះ ហើមពោះប៉ោងយ៉ាងខ្លាំង គាត់ស្រែក ឡើងផ្អើលកូនចៅ គាត់ដឹងថាប្រាកដជាគេដាក់អំពើគាត់ម្ដងទៀតហើយ ព្រោះតែគាត់ទើបតែនឹងឈ្លោះគ្នា រួច ។ កូនៗ និងភរិយាបាននាំគាត់ទៅវត្តម្ដងទៀត ដើម្បីឲ្យតេជគុណជួយម្ដងទៀត ព្រះតេជគុណបាន ធ្វើសមាធិ និងបានសង្ឃដីកាជាមួយអ៊ំផាយថា៖ ឈប់ចងកម្មទៅញោម ពៀររំងាប់ដោយការមិនចងពៀរ ញោមប្រាថ្នាប្រពន្ធ គេគឺខុសនឹងសីលប្រាំ ហើយការដែលញោមធ្វើបែបនេះមិនអាចជួយឲ្យញោមល្អទេ ញោមនឹងជាប់កម្មពៀរនឹងគ្នារហូត ហើយអាចនឹងធ្វើឲ្យញោមមានបញ្ហាដល់អាយុជីវិតទៀតផង ឈប់ទៅ ណាញោម ។ ប៉ុន្ដែដោយក្ដីស្រឡាញ់ចង់បាន អ៊ំផាយមិនស្ដាប់ និងបានតតាំង ជាមួយព្រះតេជគុណទៀត តែយ៉ាងណាក៏ដោយអំណាចនៃសីលបរិសុទ្ធរបស់ព្រះតេជគុណ ព្រះតេជ គុណ បានយកឈ្នះ ហើយព្រះ តេជគុណបានមានសង្ឃដីកាថា៖ ញោមអស់អីហើយ ចាប់ពីពេលនេះតទៅ នឹងលែងមាននរណាមក រំខានញោមទៀតហើយ ។ អ៊ំផាននិងក្រុមគ្រួសារបានអរព្រះគុណតេជគុណ និង បានត្រឡប់មកផ្ទះវិញ ឃើញកូនចៅអ៊ំផាយ នាំគ្នាយំ និងរៀបចំរោងដាក់បុណ្យសព គាត់បានឮអ្នកភូមិថា អ៊ំផាយស្រាប់តែក្អួត ឈាមស្លាប់ភ្លាមៗ ។ នេះជាកម្មដែលអំពើអាក្រក់ដែលបានសាង ចូរសាងនូវអំពើល្អ រឿងអាគម អំពើ មិនដែលមាននរណាមួយរីកចម្រើន ឬរុងរឿងទេ ។


Monday, March 3, 2025

រឿង ដាក់អំពើ

 


រឿងខ្មោចព្រៃចន្ទី

 

រឿងនេះនិយាយពីគ្រួសាររបស់វ៉ាន វ៉ានគឺជាកូនទី២ក្នុងគ្រួសារ ក្រីក្រមួយ នៅឯទីជនបទ។ ក្រោយពីមុខរបរដើរស៊ីឈ្នួលគេ គ្រួសាររបស់វ៉ាន ក៏ដូចជាវ៉ានផ្ទាល់ គឺដើររើសដំឡូងនៅតាមចម្ការដែលគេ ចោល រើសសំបកកំប៉ុង ជាដើម។ ជីវភាពកាន់តែលំបាកពីមួយឆ្នាំ ទៅមួយឆ្នាំ គ្រួសាររបស់វ៉ាន កាន់តែដុន ដាបខ្លាំង ហើយឆ្នាំនេះ គ្រួសាររបស់វ៉ាន រិតតែមានបញ្ហាច្រើនទៀត ព្រោះតែគ្រួសារកំពុងតែក្រហើយ ប្អូន ប្រុសរបស់គេគឺវីន កើតគ្រុនឈាមទៀត។ នៅក្នុងគ្រួសាររបស់វ៉ាន មានបងប្អូន៤នាក់ ស្រីពៅ១ ។ ប៉ុន្មាន ថ្ងៃនេះដោយសារតែមានឈ្មួញក្នុងភូមិរកទិញសត្វរៃ ដើម្បីលក់ តម្លៃក៏គួរសម ១គីឡូក្រាម បាន ៨០០០រៀល តែបើសិនជាកូនរៃនៅខ្ចី នឹងឲ្យ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
ក្រោយពីបាយថ្ងៃត្រង់រួច វ៉ានបានសុំម្ដាយ ដើម្បីទៅដើររកមើលឆ្កឹះរៃជាមួយនឹងក្មេងៗ និងចាស់ៗ មួយចំនួនក្នុងភូមិ ដែលស្គាល់ទីតាំង ។ វ៉ានបានប្រាប់ម្ដាយថាមីងអាត នឹងនាំទៅចម្ការចន្ទីធំមួយប្រហែល ជា១៥ហិកតា ប៉ុន្ដែនៅឆ្ងាយបន្ដិច បើសិនជាដើរទៅយូរ អីុចឹងគាត់សុំឲ្យជួយចេញថ្លៃសាំង១លីត្រ គាត់នឹង ជិះម៉ូតូទៅដើម្បីឆាប់បានទៅ ឆាប់បានមកវិញ ។ មីងអាតបានផ្ដាំអ្នកដែលទៅជាមួយ កុំឲ្យធ្វើការ ឆ្កឹះជ្រៅពេក ជាពិសេសនៅក្រោមដើមចន្ទី ដើម្បីកុំឲ្យប៉ៈពាល់ដល់ឬសចន្ទី នាំឲ្យខូចដំណាំគេ ព្រោះយើង មករបស់ក្នុងចម្ការគេ គួរតែចេះជួយថែរក្សារបស់គេផង ។ ខណៈពេលដែលវ៉ានកំពុងតែឆ្កឹះរករៃ ស្រាប់ តែបានច្រើន គេសប្បាយចិត្តណាស់ ក៏ចេះតែបន្ដឆ្កឹះៗ ទៅមុខ ភ្លេចមើលគេឯង មួយស្របក់ក៏ស្រាប់តែ វង្វេងក្នុងព្រៃ មេឃក៏ចាប់ផ្ដើមងងឹតស្រឹប ពេលនោះមេឃងងឹតឈឹង វ៉ានពិតជាភ័យណាស់ គេចាប់ផ្ដើម ស្រែកឡើង៖
- ជួយផង! ជួយផង!
ប៉ុន្ដែសម្លេងវ៉ានស្រែក ហាក់បីដូចជាពុំបានផលសោះ ព្រោះតែមេឃងងឹត សព្វសត្វចូលសំបុក ដេក ដូចនេះសម្លេងសត្វជជែក បានលប់សម្លេងវ៉ានបាត់ហើយ ។ ដោយសារតែពុំមានឮសម្លេងជំនួយ ផ្សេងទៀត វ៉ានបានសម្រេចចិត្ត ដើរម្នាក់ឯងទៅរកមីងអាត សង្ឃឹមថានឹងអាចរកឃើញ ប៉ុន្ដែវ៉ានដើរគ្មាន សង្ឃឹមសោះ ។ ខណៈពេលដែលកំពុងដើរ វ៉ានស្រាប់តែមានអារម្មណ៍ខ្យល់ត្រជាក់ខ្លាំង រហូតដល់នាយ ព្រឺសម្បុរ ពេលឮសម្លេងសត្វប្រចៀវស្រែកយំម្ដងៗ វ៉ានភ្ញាក់ក្រញ៉ាង នាយដើរផង ស្រែកផង ។
សម្លឹងឯដើមចន្ទីធំៗ ស្រាប់តែវ៉ានមានអារម្មណ៍ហាក់បីដូចជាមានមនុស្សកំពុងតែឈរសម្លឹងគេ ដូច្នេះឯង ។ នាយសម្លឹងយូរទៅៗ ឃើញភ្នែកក្រហមមួយគូ ធំៗ ប៉ុនប៉ាល់ នាយបានឃើញសភាវៈអ្វីធំ មួយកំពុងដើរសំដៅមករកនាយ ទម្ងន់ជើងធ្ងន់ៗណាស់ ពេលដើររង្គើដីតែម្ដង ភាពតក់ស្លុតរបស់វ៉ាន កាន់តែខ្លាំងឡើង នាយស្រែកឡើងភ្លាត់សម្លេង ព្រោះតែឃើញរូបរាងដ៏ធំសម្បើម នាយឃើញត្រឹមតែភ្នែក ប៉ុណ្ណោះ ព្រោះតែរូបធំពេក “មីងៗ ជួយផងៗ “ “ ម៉ែអើយជួយកូនផង” ។ ភ្លាមៗនោះភ្លើងពិលបានបាញ់ មកចំវ៉ាន វ៉ានអរណាស់ ព្រោះគឺមីងអាត វ៉ានក៏ស្រែកហៅ៖
-មីងជួយខ្ញុំផង
-កើតអីវ៉ាន?
-អំបាញ់មិញខ្ញុំមិនដឹងជាឃើញអ្វីទេ? មានភ្នែកធំៗប៉ុនប៉ាល់ ហើយក្រហម រូបធំណាស់
-សង្ស័យតែឯងឃើញព្រាយទេដឹង
-ចុះប្អូនខ្ញុំ និងប្ដីមីងទៅណាហើយ?
-អូ! មុននេះព្រោះវង្វេងឯង ពូឯងឌុបក្មេងៗទៅមុន ហើយគាត់ឲ្យមីងចាំ ក្រែងរកឯងឃើញ ប៉ុន្ដែគាត់ ជិះមកវិញហើយដឹង?
មីងអាត បាន នាំវ៉ានចេញមកក្រៅ ប៉ុន្ដែវ៉ានមានអារម្មណ៍ថារិតតែមិនស្រួល ព្រោះគេក្រឡេកមើល ទៅជើងមីងអាត ឃើញត្រឹមកជើង គេតក់ស្លុតណាស់ ប៉ុន្ដែទប់ចិត្តឲ្យជាប់មិនហ៊ានស្រែក ព្រោះតែដឹងថា នេះមិនមែនជាមីងអាតទេ ។ ដោយដឹងថាវ៉ាន ពិតជាដឹងថាខ្លួនមិនមែនជាមីងអាត សន្សឹមៗ ពីមីងអាត ក៏ប្រែខ្លួនធំបន្ដិចម្ដងៗ ខ្ពស់ៗកម្ពស់ចុងដូង រួចក៏បែរមុខមករកវ៉ាន គួរឲ្យខ្លាចមុខពោរពេញដោយដង្កូវ កំពុងចោះ ឈាមហូរសស្រាក់ ក្លិនស្អុយអាសោច សម្លេចវាសើចដាក់វ៉ាន ស្ដាប់ហើយព្រឺអស់ទាំងខ្លួន ប្រាណ វាចាប់ផ្ដើមស្រែកដាក់វ៉ានខ្លាំងៗ វ៉ានរត់មិនទាន់ទេ ព្រោះតែភាពភ័យខ្លាចខ្លាំងពេក នាយសន្លប់ បាត់ស្មារតីមិនដឹងតាំងពីពេលណា?
-វ៉ាន វ៉ាន ភ្ញាក់ឡើងកូន
វ៉ានសម្លឹងទៅកំពុងនៅក្នុងផ្ទះរបស់ខ្លួន ហើយមនុស្សម្នាជាច្រើនមកកកកុញ ទាំងទឹកមុខស្លេក ស្លាំងនាយសួរទៅម្ដាយទាំងងឿងឆ្ងល់៖
-ម៉ែ ខ្ញុំមិនទាន់ស្លាប់ទេមែន?
-កូនល្ងង់ ! បើកូនស្លាប់ ម៉េចនឹងអាចមកនិយាយជាមួយម៉ែបានទៅ
-ចុះមានរឿងអីទៅ ម៉េចបាន ខ្ញុំមកដល់ផ្ទះ
ម្ដាយវ៉ានក៏រៀបរាប់ប្រាប់ ដំបូងមីងអាតប្រាប់ថាឯងវង្វេងក្នុង ព្រៃចន្ទីម្នាក់ឯង គាត់បានឲ្យប្ដីគាត់ ឌុបក្មេងៗមកផ្ទះមុន ហើយឲ្យជួយហៅពុកឯង និងម៉ែទៅរក ។ ពេលទៅដល់ម៉ែឮសម្លេងឯងស្រែក ប៉ុន្ដែរកយ៉ាងណាក៏មិនឃើញ ស្រាប់តែមានខ្សល់មួយប្រាវបក់ខ្លាំងណាស់ តាមពិតម៉ែនិងកូននៅចម្ងាយពី គ្នាមិនបាន២០ម៉ែត្រផង តែបែរជារកមិនឃើញ ម៉ែបានឃើញព្រាយធំណាស់ តែដោយសារម៉ែមានគ្នា ច្រើន ហើយមិនស្លុត ទើបនាំគ្នាស្រែកពេញព្រៃ ព្រាយនោះក៏បាត់ទៅ ទើបឃើញកូន ។ ម្ដាយវ៉ានមិន បន្ទោសនាយទេ តែក៏ហាមកូនៗ មិនឲ្យទៅរករៃនៅព្រៃចន្ទីនោះទៀត ។

Thursday, February 20, 2025

រឿង ខ្មោចបំពេកូន

 


    កាលនោះជីវភាពខ្ញុំ​លំបាកណាស់ គ្រួសារ​ខ្វះខាត​ណាស់​ ខ្ញុំ​បាន​ដើរ​ស៊ីឈ្នួល​តាមចំការ​គេ​ ទោះជា​ការ​ងារ​អ្វី​ក៏        មិនរើស​ដែរ សូម្បី​តែមិនចេះដកសំណាប មិនចេះស្ទូង ក៏​កើតជា​ចេះដែរ ។ ខែច្រូតសៀងបាន​មកដល់​ ខ្ញុំ​បាន​ទៅ​សុំ​    ការ​ ងារ​គេ​ជា​កម្មករ​ច្រូត​សណ្ដែកសៀង ដោយក្នុង​មួយ​ថ្ងៃ​ទទួលបាន​ ៨ពាន់រៀលទេ ខ្ញុំ​ច្រូត​២ថ្ងៃទើបរួច​ការ​ងារ        នេះ នៅ​    ពេល​ប្រមូលដើម​សណ្ដែក​សៀង​គរជាពំនូករួចរាល់ ម្ចាស់​ចំការ​ក៏សួរ​ពួកខ្ញុំ​៖

-       មានអ្នកណា ចង់​ទទួលម៉ៅបោកសណ្ដែកសៀងអត់? បើមាន​មកចចារតម្លៃ​បាន​
ភ្លាមៗ ខ្ញុំក៏​បានជំនុំគ្នា​ថារកគ្នាបាន​៦នាក់ ដើម្បី​ម៉ៅបោកសណ្ដែកសៀង ខ្ញុំក៏តបទៅ​វិញ

-       ខ្ញុំ​ម៉ៅបង ប៉ុន្ដែខ្ញុំសុំមួយពំនូក ៦ម៉ឹនរៀលបង

-       ឥលូវ​ ៥ម៉ឺនរៀលបានហើយ ចាំខ្ញុំហ្វី្រអាតយ(ទឹកត្នោតជូរ) ឱ្យមួយកាន
គ្នាខ្ញុំផ្សេងទៀត ក៏យល់ព្រម ខ្ញុំក៏យល់ព្រមតាម ។

ពួកខ្ញុំរង់ចាំដល់ម៉ោង៣រសៀល ទើបគោយន្ដ​ម៉ាស៊ីនបោកសណ្ដែកសៀង​មកដល់ ពួកខ្ញុំក៏ឆ្លាស់គ្នា ឡើង​ម្ដង៣នាក់ ដើម្បីកុំឱ្យហត់​ ពួកខ្ញុំបោកពីមួយពំនូក ទៅមួយពំនូក រហូតដល់​ម៉ោង​៧យប់ ទើបរួចរាល់ ខ្ញុំក៏សម្រាកបន្ដិច ដើម្បីឲ្យស្ងួតញើស រួចក៏ទៅមុជទឹក នឹងអាលមកហូបបាយជុំ​គ្នា ប៉ុន្ដែដទៃទៀត គេនាំគ្នាដាក់អាតយបាត់ហើយ ចំពោះខ្ញុំ ខ្ញុំមិនចេះផឹកទេ(ស្រាក៏មិនចេះ អាតយរិតតែមិនចេះ)

-       គ្នាយើង ទៅមុជទឹកសិនទៅ នឹងអាលហូបបាយជុំគ្នា

-       មិនអីទេ! ផឹកសិនហើយ មុជតាមក្រោយទៅ បើគ្មានប្រពន្ធឱ្យឯណាផង

-       កុំច្រអូសពេក ទោះគ្មានប្រពន្ធឱ្យ​ តែមិនធំក្លិនញើសទេ

-       អើ! ៗ ចាំទៅមុជក៏បាន

ក្រោយពីមុជទឺករួចរាល់ពួកខ្ញុំបានហូបបាយជុំគ្នា យ៉ាងសប្បាយ ព្រោះម្យ៉ាង ម៉ៅបាន​៥ពំនូកដែរ អ៊ីចឹងក៏បានម្នាក់ៗក្រែលៗដែរ តែប៉ុន្ដែខ្ញុំអាចទិញអង្ករបានច្រើន​ដាក់នៅផ្ទះហើយ ។

ខណៈពេល​ហូបបាយរួចរាល់ម៉ោង អ្នកដទៃបន្ដផឹករហូតដល់ម៉ោងជាង១២អាធ្រាត្រ ព្រោះត្រូវនៅយាមសណ្ដែកសៀងដែលបោកហើយផង ខ្ញុំដេកមិនលក់សោះ ព្រោះតែមកដេកកណ្ដាលព្រៃ ស្ងាត់ហើយ ខ្យល់ត្រជាក់ ល្ហៀកៗ មិនអារម្មណ៍ថាដូចស្រៀវឆ្អឹងខ្នងម៉េចទេ គិតមិនទាន់ផុតផង ស្រាប់តែឮសម្លេងល្វើយៗ ដូចជាមនុស្សស្រីបំពេកូន ខ្ញុំក៏សួរទៅគ្នីគ្នា៖

-       នែៗ! ហែងបានឮសម្លេងអីអត់?

-       សម្លេងស្អី! អានេះសង្ស័យតែខ្លាចខ្មោចទេដឹង?

-       យី!អារបល់យ៎នេះ អញមិនខ្លាចទេខ្មោច ហែងដឹងស្រាប់ហើយតើ ប៉ុន្ដែសម្លេងនេះ ដូចគេបំពេកូន

-       បំពេរកូន ? ស្អីហា នៅកណ្ដាលព្រៃមានផ្ទះគេឯណា? បើមាន មានតែខ្មោច !

-       មើលវានិយាយ អញចង់និយាយថាខ្មោចហ្នឹងឯង!

-       ឥលូវទុកអញទៅមើល បើខ្មោចមែនចាំអញចាប់ឲ្យហែងមើល

អាធាវាដើរទៅរក តាមសម្លេង ប៉ុន្ដែមានវាតែទូរស័ព្ទចុចពិលមួយទេ វាទៅបាត់ៗ ឈឹង ខ្ញុំកើតចិត្តបារម្ភ ក៏ប្រាប់អ្នកផ្សេងៗ

-       នែ អាធាទៅយូរហើយ អត់ឃើញវាមកវិញសោះ

-       សង្ស័យតែវាស្រវឹងសន្លប់បាត់តាមផ្លូវទេដឹង

-       តោះ នាំគ្នាទៅមើលវា

ពួកខ្ញុំបានដើរតាមសម្លេង ដែលឮដូចបំពេរកូននោះ ខ្យល់បក់ល្ហៀកៗ ផ្សំសម្លេងបំពេគ្រលួច ហ៊ឺ!...និយាយពីអារម្មណ៍នៅពេលនោះ គឺពិតជាពិបាកប្រាប់ណាស់ ទោះជាខ្ញុំមិនខ្លាច តែរោមនៅបះ ហើយស្រៀវៗដែរ ខណៈពេលដើរ​បានប្រហែលជា៣០០ម៉ែត្រពីកន្លែងយាមសណ្ដែក ស្រាប់តែឃើញអាធាដេកតាមផ្លូវ

-       នោះ អញថាហើយ អាធាវាស្រវឹងសន្លប់តាមផ្លូវទេ គ្មានខ្មោចខ្មាំងអីទេ

-               អាធា ៗ (ខ្ញុំដាស់វា ពេលបញ្ចាំងពិលទៅឃើញ សក់ក្បាលវាឡើងសំពោង ភ្នែកវាឡើងពណ៌ស ខ្ញុំជាក់ច្បាស់ វាមិនមែនស្រវឹង សន្លប់ទេ ខ្ញុំក៏ងើយទៅមើលលើដើមឈើ​មួយក្បែរនោះ​​ ស្រាប់តែឃើញ​មនុស្សស្រីស្លៀកពាក់ស សវែងទំលាក់គ្របមុខជិត​ អង្គុយសំយុងជើង លើមែកឈើ និងដៃយោលអង្រឹងមួយ គ្រាន់តែឃើញភ្លាម ខ្ញុំភ្ញាក់ព្រឺត ងាកហៅគ្នីគ្នាឲ្យមើល ស្រាប់តែបាត់មនុស្សអស់​ ពេលនោះ​ខ្ញុំបានដឹង​ថា គេបាន​ឃើញមុនខ្ញុំទៀត ហើយម្នាក់ៗអួតណាស់ ចុងក្រោយ រត់ចោលឯងបាន ខ្ញុំ​មិនបានរត់ទៅណារួចទេ បើអាធាវាសន្លប់បាត់ហើយ ទោះជាខ្លាចក៏ត្រូវតតាំងសិនដែរ ខ្ញុំក៏ស្រែកប្រាប់ខ្មោចថា៖

-               ខ្ញុំមកទីនេះមិនមែនមករំខានអ្នកទេ ខ្ញុំគ្រាន់តែមកធ្វើការឱ្យគេទេ ហេតុនេះកុំធ្វើបាបខ្ញុំ​អី ម្យ៉ាងខ្ញុំនឹងអ្នកគ្មានគំនុំ ឬកម្មពារអីទេ (ខ្ញុំគ្រាន់តែនិយាយចប់ ស្រាប់តែខ្យល់យ៉ាងខ្លាំងបក់មក សម្លេងថ្ងូររហ៊ឹសពេញព្រៃ) ខ្មោចនោះស្រាប់តែ​ស្ទុះ​ហក់​មករកខ្ញុំ​ ខ្ញុំបានបិទភ្នែក​ ហើយងាក​ខ្នងចេញ​ វាបុកខ្ញុំឡើងដួលផ្កាប់មុខ ភ្លាមៗ ខ្ញុំស្ទុះងើបដោយតាំងចិត្តថា នឹងតតាំង​ឲ្យឈ្នះ​វា​ឲ្យបាន​ តែហាក់​ដូចមាន​កម្លាំងអ្វីមួយ​មកសង្កត់ខ្ញុំជាប់​ ខ្ញុំរើមិន​រួចសោះ ខ្ញុំពិត​ជា​អស់​សង្ឃឹម នៅ​តែតាំងចិត្ត​ហើយ រឹងមាំហើយ តែមិនអាចធ្វើអ្វីបាន ​ខ្ញុំក៏បិទភ្នែក និង​រំឮកដល់​គុណមាតាបិតា ហើយផ្សងថា ទឹកដោះម៉ែថ្លៃ ជួយកូនឲ្យ​រួច​ផុតពីគ្រោះនេះផង ស្រាប់តែឮ​សម្លេងមនុស្ស៤-១០នាក់ ហៅរកខ្ញុំ ព្រមទាំងមានភ្លើងពិលឆ្វេចឆ្វាច​ ផង ខ្មោចនោះស្រាប់តែបាត់​រលាយភ្លាមៗ ។សម្លេងទាំងនោះគឺក្រុម​អ្នកដឹកសណ្ដែកមកដល់ ពេលនោះខ្ញុំទើបដឹងថា មេឃទាបភ្លឺទៅហើយ ពិតជាសំណាងណាស់​ ។ ក្រោយហេតុការណ៍បានកើតឡើង ខ្ញុំបាន​ប្រាប់រឿងរ៉ាវទាំងអស់​នេះដល់សាច់ញាតិ និង​អ្នកភូមិ ហើយគ្រប់គ្នា ពេលឆ្លងកាត់ទីនោះ មិនដែលហ៊ាននៅយូរទេ ព្រោះតែខ្មោចនោះនៅតែបំពេកូនរាល់យប់ និងពេលខ្លះសូម្បីតែពេលថ្ងៃត្រង់ ។