រឿងនេះជារឿងដែលខ្ញុំធ្លាប់ជួបនិងឃើញផ្ទាល់ រឿងនេះនិយាយពីអ៊ំកាន និងពួកម៉ាកគាត់ឈ្មោះ វី។ ពួកគាត់បានកាប់ដីចម្ការមួយកន្លែងទំហំ៦ហិកតា កាលពីឆ្នាំ១៩៩៨ កាលណោះអ៊ំកានបានឲ្យពួក ម៉ាកគាត់ជាអ្នករើសមុន ដោយពុះដីជា២ស្មើគ្នា ពួកម៉ាកគាត់បានឃើញដីម្ខាងល្អ គ្មានថ្ម និងដីខ្មៅ គាត់ក៏ រើសយក ចំពោះអ៊ំកានគាត់ក៏មិនថាអ្វីដែរ ទោះជាដីម្ខាងទៀតសុទ្ធតែថ្ម និងដីសគ្មានជីវជាតិសោះ ។ ពួកគាត់ដំបូងគ្មានបញ្ហានឹងគ្នាទេ ដោយសារតែផលដំណាំអ៊ំវីល្អជាងអ៊ំកានរហូត ឃើញមិត្តភក្ដិបានល្អ បែបនេះរិតតែសប្បាយចិត្ត ប៉ុន្ដែអ៊ំវីលែងដូចមុនហើយ គាត់បានផលច្រើន ជីវភាពក៏ធូរធារជាងអ៊ំកាន គាត់ក៏ប្រែជាចរិតអួតអាង លែងចង់និយាយរាប់រកអ៊ំកានដូចមុន ។ ដោយឃើញអ៊ំវីប្រែប្រួល អ៊ំកានក៏ លែងសូវបានរាប់រក និងទៅមកដូចមុនទៀត គាត់គិតតែពីខំកាប់គាស់ថ្ម និងប្រឹងធ្វើបន្ថែមទៀត មនុស្ស ល្អ ទេវតាពិតជាមិនបិទភ្នែកមែន អ៊ំកានស្រាប់តែដាក់ដាំដំឡូងមី បានផលច្រើនលើសលប់ ហើយឆ្នាំហ្នឹង តម្លៃក៏បានថ្លៃទៀត គាត់បានលក់ដំឡូងមី និងបានទិញគោយន្ដមួយគ្រឿង គាត់សប្បាយចិត្តណាស់ ព្រោះកម្លាំងញើសឈាមរបស់គាត់បានផលហើយ ។ ចំណែកអ៊ំវីថ្វីបើដំបូងៗ ធ្វើដំណាំបានផលច្រើនជាង អ៊ំកាន ប៉ុន្ដែដូចគេថាមនុស្សដែលញៀនល្បែង នឹងវិនាស គាត់ជាមនុស្សចិត្តផឹកស្រា និងលេងល្បែងខ្លាំង ណាស់ ទីបំផុត គ្រួសារគាត់បានធ្លាក់ខ្លួនក្រ ហើយតែងតែពេបជ្រាយអ៊ំកានរហូត ថា៖មើល!ឬកអាអ្នក មាន កុំតែបានដីចំណែកអញទេ កុំអីក៏បានគ្រាន់បើដែរ ។ឮដូចនោះអ៊ំកានក៏និយាយទៅកាន់អ៊ំវីថា៖
-នែ៎! អាម៉ាក ដោយសារអញខ្លាចឯងធ្វើមិនបានផល ទើបឲ្យរើសដីមុន ឯងរើសដីល្អ គ្មានថ្ម ដីមានជីវជាតិ ចំណែកអញទោះជាដីថ្ម តែខិតខំប្រឹងគាស់កាប់ និងដាក់ជីទើបបានផលដំណាំល្អ មិនមែន ដូចឯងពឹងផ្អែកលើដីទាំងស្រុងទេ ដោយយល់ថាចង់ឲ្យពួកម៉ាកល្អ ទើបសុខចិត្តយកដីមិនល្អ ទាំងដែល សម្ភារៈ និង កម្លាំងកាប់គាស់ដី គឺអញច្រើនជាង ម្ដេចក៏ឯងប្រែប្រួលច្រើនម្លេ៉ះ ។
-អើ! អញវាមិនដល់ហែងទេ ធ្វើម៉េចអញក្រ ឥលូវហែងមានហើយ ហែងមើលងាយអញហើយ
-ចុះនរណា ដែលមើលងាយអញមុន ក្រែងហែងតើហី!
ពួកគាត់ចាប់ផ្ដើមតឹងសរសៃក ឈ្លោះគ្នា លែងនិយាយរាប់រកគ្នាដូចមុន អ៊ំវីក៏កើតចិត្តស្អប់ និងតែឈ្នានីសអ៊ំកានរហូត មានពេលខ្លះនិយាយប្រាប់ឈ្មួញថាដំឡូងមីរបស់អ៊ំកាន ស្អុយច្រើនណាស់ មានខ្មូត មានប្រឡាក់ដី យកតែចំណេញទេ ប៉ុន្ដែឈ្មួញដែលទិញដំឡូងមីអ៊ំកានគឺតែសរសើរគាត់ ព្រោះ តែដំឡូងកោសស្អាត ហាលបានស្ងួតល្អ ហើយថែមទាំងតែងតែធ្វើម្ហូបឲ្យកម្មកររបស់ឈ្មួញហូបរហូត ម្យ៉ាងគាត់មានសំដីសំដៅល្អណាស់ ។
ដោយមិនអស់ចិត្តនឹងការចាក់រុកមិនបាន អ៊ំវី បានទៅរៀនអំពើងងឹត ហើយដាក់អំពើធ្វើបាបអ៊ំ កាន ប៉ុន្ដែកាលណោះអ៊ំវីទើបនឹងរៀនថ្មីៗ ទើបផលមិនសូវខ្លាំង អ៊ំកានបានទាញយកកាំភ្លើងច្នៃ(កាំភ្លើង ខ្យល់) ទៅគំរាមបាញ់អ៊ំវីដល់ផ្ទះ ទើបអ៊ំវីធ្វើអ្វីអ៊ំកានមិនបាន ហើយអាគមនោះបានត្រលប់ទៅត្រូវខ្លួន របស់គាត់វិញ បណ្ដាលឲ្យគាត់ឈឺត្រាំត្រែង ក្រោកពីកន្ទេលសឹងមិនរួច ។ ដោយសារតែចិត្តចងគំនុំខ្លាំង ពេក អ៊ំវីបាន បង្រៀនអាគមនោះដល់កូនប្រុសរបស់គាត់ដើម្បីបន្ដស្នងតាមយាយីអ៊ំកាន ពិតជាដូចអ្វីដែល គិតមែន ខណៈពេលដែលអ៊ំកាន គាត់ធ្វើដំណើរទៅចម្ការដូចសព្វមួយដង ស្រាប់តែល្ងាចនោះ អ៊ំកាន កំពុងឈរសុខៗ ក៏សន្លប់ភ្លាមៗ ។ កូនចៅរបស់គាត់បានដឹកគាត់មកមន្ទីរពេទ្យខេត្ត នៅតាមផ្លូវអ៊ំកាន ក្អួតចេញឈាមរហូត អ៊ំកានគាត់ធ្វើទុក្ខខ្លាំង ពុំមានកម្លាំងដូចមុនទេ ទោះជាគាត់ដឹងថាប្រាកដជាអ៊ំវីធ្វើក៏ ដោយ គាត់បានត្រឹមតែឈឺចាប់ប៉ុណ្ណោះ ។ ពេលមកដល់ពេទ្យខេត្តពេទ្យបានឆ្លុះ ថត បានប្រាប់ថា សួត និងថ្លើមអ៊ំកានរលួយអស់ហើយ (អ៊ំកានមិនដែលបរិភោគស្រាទេ) ឮបែបនេះក្រុមគ្រួសារគាត់តក់ស្លុត ណាស់ ។ មិត្តភក្ដិកូនស្រីអ៊ំកាន បានប្រាប់ថាឪពុកនាងចេះថ្នាំ និងចេះដោះអំពើខ្លះ ទើបកូនស្រីរបស់គាត់ គឺណារី បានទាក់ទងមកខ្ញុំឲ្យជូនពួកនាងទៅរកថ្នាំ (ខ្ញុំទើបតែស្គាល់គ្នាមួយរយៈដោយមិត្តភក្ដិខ្ញុំណែនាំ) ការធ្វើដំណើរឆ្ងាយគួរសមដែរ ខ្ទង់១២៨គីឡូម៉ែត្រពីទីរួមខេត្ត ពួកខ្ញុំធ្វើដំណើរតាំងពីព្រឹក រហូតដល់ម៉ោង ជិត៦រសៀល ព្រោះតែផ្លូវយ៉ាប់យ៉ឺនបន្ដិច មានជង្ហុក និងផ្លូវភ្នំផង ពេលទៅដល់ពួកខ្ញុំបានជាវថ្នាំ ហើយអ៊ំ ម្ចាស់ថ្នាំបានឲ្យយ័ន្ដគាថាមួយសន្លឹក ហើយប្រាប់ថាពេលត្រលប់មកវិញ ត្រូវដាក់ជាប់ខ្លួនរបស់អ៊ំកាន ។ មួយយប់បានកន្លងទៅ ពួកខ្ញុំបានត្រលប់មកដល់ពេទ្យ បានដាំថ្នាំឲ្យអ៊ំកានផឹក និងដាក់យ័ន្ដឲ្យគាត់ ប៉ុន្ដែ គ្រប់យ៉ាងហាក់បីដូចជាមិនបានធូរស្រាលសោះ ទើបពួកខ្ញុំបន្ដទៅរកគ្រូខ្មែរដែលល្បីថាពូកែ ពេលទៅដល់ គាត់ទារប្រាក់ ៩០ម៉ឺនរៀលសិន ដើម្បីរៀបចំអាសនៈជួយ ដោយមិនបានគិតច្រើន ពួកខ្ញុំបានជូនគាត់ ឲ្យតែអ៊ំកានគាត់នឹងបានធូរស្រាល ប៉ុន្ដែអាការៈអ៊ំកានមិនធូរស្រាលសោះ ពួកខ្ញុំបន្ដទៅរកគ្រូខ្មែរបន្ថែម ម្នាក់ទៀត គាត់ថាហួសពេលហើយ ពីព្រោះអ្នកដែលដាក់អំពើនោះមានគ្នាដល់ទៅ៣នាក់ គឺមានគ្រូខ្មែរ២ និងគ្រូចាមម្នាក់ ហើយយប់នេះម៉ោង៣ទៀបភ្លឺ គឹនឹងផ្ដាច់ជីវិតអ៊ំកានតែម្ដង ។ ដោយក្ដីអស់សង្ឃឹម អ៊ំកាន បានហៅកូនចៅមកជុំគ្នា ហើយប្រាប់ថា ក្រោយពីគាត់ស្លាប់ទៅ សូមកុំចងកម្មពៀរ ឬទៅរករឿងគេអី គ្រប់ រឿងមានហេតុនិងផល ដូចនេះចូរកូនៗសាងអំពើល្អទៅថ្ងៃមុខ នរណាសាងអី្វ ផលនោះនឹងសងទៅរកគេ វិញ ។ ក្រោយពីផ្ដាំផ្ញើរួច គាត់ក៏សុំឲ្យគ្រួសារ នាំគាត់ត្រលប់ទៅផ្ទះវិញ ព្រោះតែនៅដេកពេទ្យក៏មិនមាន ការប្រែប្រួលដែរ។ ប្រហែលម៉ោង ៣ទៀបភ្លឺ អ៊ំកានបានធ្វើទុក្ខយ៉ាងខ្លាំង ហើយគាត់ក៏ទទួលមរណភាព ទៅ កូនចៅព្រមទាំងខ្ញុំបានជួយរៀបចំបុណ្យសពគាត់ និងបានដង្ហែគាត់ទៅបូជា នៅពេលរំលាយសព ទើបឃើញរបស់មួយសំណុំក្នុងក្រពះគាត់មិនឆេះសោះ នោះគឺស្បែកក្របីមួយផ្ទាំង រួមទាំងកន្រៃ្ដ ឡាម ដែកគោលជាច្រើន ។ រឿងនេះចាត់ជាគតិពិចារណា សូមឲ្យមនុស្សលោក សាងតែអំពើកុសល កុំចងកម្ម ពៀរនឹងគ្នាអី។
0 មតិយោបល់:
Post a Comment