Sunday, March 16, 2025

រឿង​ដាក់អំពើ វគ្គ២

 

អ៊ំផាន និងប្រពន្ធគាត់អ៊ំរី រស់នៅក្នុងភូមិតូចមួយជាមួយកូន៣នាក់ ។ ប៉ុន្ដែអ្វីដែលគួរឲ្យសោក ស្ដាយ គឺអ៊ំរីគាត់ជាមនុស្សប្រមឹកស្រា ប៉ុន្ដែប្ដីគាត់ក៏មិនណយដែរ គ្រាន់តែថាគាត់ជាមេគ្រួសារ មានទំនួល ខុសត្រូវខ្ពស់ជាប្រពន្ធ ។ នៅក្នុងតំបន់គាត់រស់នៅ ជាតំបន់ជនជាតិដើមភាគតិច ដូចដែលដឹងហើយ ថាបងប្អូនជនជាតិភាគតិច គាត់រស់នៅគឺគោរពជំនឿ អ្នកតា ជាពិសេសសម្បូររឿង អំពើអំព័ន្ធហ្នឹងច្រើន ណាស់ តែមិនមានន័យថាបងប្អូនជនជាតិដើមភាគតិច គាត់ជាអ្នកប្រព្រឹត្ត និងធ្វើរឿងទាំងអស់នេះដែរ ប៉ុន្ដែក៏ថ្ងៃមួយមានបុរសចំណាស់វ័យប្រមាណជា ៥០ គាត់ជាអ្នកចំណូលស្រុក មកពីខេត្តផ្សេង ចូលទៅក្នុងភូមិនោះ គាត់ឈ្មោះផាយ។ ដំបូងៗគាត់គឺចូលចិត្តរាក់ទាក់អ្នកភូមិម្ចាស់ស្រុកណាស់ ហើយគាត់ ក៏មានកូន២ដែរ គាត់ជាបុរសពោះម៉ាយ ។ នៅថ្ងៃមួយ គាត់រៀបចំធ្វើកម្មវិធីខួបកំណើតឲ្យកូន ក៏អញ្ជើញអ៊ំផាន និង ភរិយាចូលរួមដែរ ប៉ុន្ដែដោយសារតែអ៊ំផានគាត់រវល់ ទើបឲ្យប្រពន្ធទៅជំនួស នេះក៏ ជាដើមហេតុ ចាប់ផ្ដើមឲ្យកើតរឿងរ៉ាវដែរ ។ អ៊ំស្រីរី ថ្វីត្បិតតែអាយុច្រើនគួរសម តែមិនទាន់ដល់ហានោះទេ បើនិយាយពីសម្រស់វិញ ក៏មិនអន់ដែរ ព្រោះតែគាត់ជាមនុស្សស្រីចេះលាបប្រេង ក្រែមម្សៅដែរ ហេតុនេះ មើលនៅខ្ចីដែរ ។ គាប់ជួនជាកម្មវិធីគេផង គាត់ស្លៀកឈុតស្អាតណាស់ អ៊ំផាយ គាត់សម្លឹងមកដាក់ភ្នែក ទេ ហើយក៏ចេះតែលេបខាយសម្ដីនឹងអ៊ំស្រីរីដែរ ប៉ុន្ដែអ៊ំស្រីរីគាត់មិនទាន់រវីរវល់ទេ យប់បន្ដិចសម្លេងជល់ កែវស្រាលាន់ឡើង ពេលនោះអ៊ំស្រីរីចាប់ផ្ដើមស្រវឹងខ្លាំង ក៏លែងគ្រប់គ្រងខ្លួនឯងបាន ឃើញឱកាសល្អមក ដល់ អ៊ំផាយក៏បើសម្ដីលេបខាយចែចង់អ៊ំស្រីរី បានសម្រច គាត់ក៏លួចឲ្យបអ៊ំស្រីរី តែត្រូវអ៊ំស្រីរីគ្រវាសដៃ ចេញ ថ្វីបើគាត់ស្រវឹង តែនៅដឹងថាអ្វីគួរធ្វើ ឬមិនគួរដែរ ព្រោះគាត់ស្រឡាញ់ប្ដីគាត់ណាស់ ។ អ៊ំស្រីរី គាត់ បាន និយាយថា៖

-បងផាយ កុំធ្វើអ៊ីចឹង យើងជាអ្នកភូមិជាមួយគ្នា មិនគួរបងហ៊ាន ធ្វើអី្វមិនសមរម្យទេ ខ្ញុំមានប្ដី មានកូនហើយ ហើយបងក៏ដឹង

-បាទ! ពិតជាដឹងតែ ធ្វើម៉េច បើចិត្តស្រឡាញ់ រីឯង ស្ទើរតែទ្រាំមិនបាន ខ្ញុំសារភាពដោយត្រង់

ដោយសារតែស្រវឹងខ្លាំងផង ទោះជាប្រកែកក៏មិនឈ្នះដែរ ពេលនោះគ្រប់យ៉ាងបម្រុងដូចបំណង អ៊ំផាយទៅហើយ ស្រាប់តែអ៊ំផាន ប្ដីអ៊ំស្រីរីមកដល់ ឃើញស្ថានការណ៍មិនស្រួល អ៊ំផាយក៏ធ្វើជាគ្រាហ៍ អ៊ំស្រីរី ហើយប្រាប់ថាអ្នករី គាត់ស្រវឹងខ្លាំង សំណាងល្អបងមកដល់ល្មម ខ្ញុំបម្រុងឲ្យកូនជូនទៅផ្ទះ។ អ៊ំផាន ក៏នាំប្រពន្ធទៅផ្ទះដោយមិនមានការសង្ស័យអ្វីនោះទេ ព្រោះដោយឃើញសកម្មភាពល្អៗរបស់ អ៊ំ ផាយកន្លងមក ។ ពេលមកដល់ផ្ទះ គាត់ក៏ដេញដោលសួរប្រពន្ធ ទើបដឹងថាអ៊ំផាយគាត់បញ្ច្រកស្រាអ៊ំរី ហើយមានបំណងមិនល្អទៀត ។ មិនអាចទ្រាំបាន អ៊ំផានក៏ចេញទៅយប់ ទៅផ្ទះអ៊ំផាយ ស្ដីឲ្យគាត់ និង​ជេរនូវពាក្យអសុរោះជាច្រើន តែអ៊ំផាយគាត់មិនតបតអ្វីទាំងអស់ ។ នៅថ្ងៃក្រោយទៀត ខណៈពេល ដែលអ៊ំផាន គាត់ឡើងមកផ្សារនៅទីរួមខេត្ត ដើម្បីទិញគ្រឿងបន្លាស់គោយន្ដ ស្រាប់តែអ៊ំផាយគាត់ទៅផ្ទះ អ៊ំស្រីរី ហើយឡើងលើផ្ទះគាត់ ដោយសូត្រអាគមអ្វីមិនដឹង(ប្រហែលបន្ទន់ចិត្ត) ធ្វើឲ្យអ៊ំស្រីរី បែរជា ញញឹមដាក់ ហើយក៏ព្រមព្រៀងគ្នាទៅ ក្រោយពីហ្នឹងទៅ គាត់ឧស្សាហ៍ចេញចូល ឲ្យតែអ៊ំផានមិននៅផ្ទះ យូរៗ ទៅអ៊ំស្រីរីក៏កើតចិត្តស្រឡាញ់គាត់ខ្លះទាំងមិនដឹងខ្លួន ។ តែចៃដន្យថ្ងៃមួយ ពេលកូនអ៊ំស្រីរីតាមទាន់ អ្នកទាំងពីរ ហើយប្រាប់រឿងនេះទៅឪពុក អ៊ំផានខឹងខ្លាំងណាស់ ក៏ទាញកាំបិតផ្គាក់ អូសទៅបម្រុងយក ទៅកាប់អ៊ំផាយតែម្ដង ប៉ុន្ដែស្រាប់តែអ៊ំផាន ចុកពោះដួលគ្រឹបតែម្ដង កូនៗនាំគាត់ទៅពេទ្យ ពេទ្យថាមិន មានអ្វីទេ? តែអ៊ំផានគាត់ដឹងច្បាស់ណាស់ ថាអ៊ំផាយជាអ្នកធ្វើ ព្រោះតែគាត់ចង់បានអ៊ំស្រីរី ។ ដោយសារ តែស្ថានភាពមិនស្រួល គាត់បានទៅរកព្រះសង្ឃក្នុងវត្តមួយដែលល្បីថាតេជគុណ ចេះដោះអំពើ និង មាន អ្នកស្រុកប្រាប់តៗគ្នាមក គាត់ក៏បាននាំគ្រឿងរណ្ដាប់មួយចំនួន និងថវិកាដើម្បីស្នើសុំការជួយពីសំណាក់ តេជគុណ។

-ចម្រើនពរញោម! ញោមមករកអាត្មា មានធុរៈអីដែរមែន?

-ករុណាគុណម្ចាស់ ! ករុណាចង់មកពឹងពាក់ឲ្យតេជគុណជួយ ករុណាមិនធ្លាប់មានជំងឺទេ តែថ្មីៗ នេះតែមានបញ្ហាសុខភាពអត់ស្រួលក្នុងខ្លួនសោះ កូនៗ និងភរិយាយល់ថាប្រហែលជាករុណាត្រូវអំពើគេ ហើយ ទើបឮល្បីថាតេជគុណពូកែ ទើបមករកដើម្បីសុំក្ដីមេត្តា។

- បើនិយាយពីរឿងពូកែនោះ អាត្មាមិនហ៊ានថាទេ ប៉ុន្ដែអាស្រ័យលើការជឿរបស់ញាតិញោម ប៉ុណ្ណោះ អាត្មានឹងជួយតាមដែលអាចជួយបាន។ ភ្លាមនោះតេជគុណបានចាប់ផ្ដើមធ្វើការគោរពដល់ព្រះ គ្រូ ក្នុងបន្ទប់អាសនៈ រួចក៏សួរថ្ងៃខែឆ្នាំកំណើតរបស់អ៊ំផាន និងបានសមាធិបន្ដិច តេជគុណក៏បានមាន សង្ឃដីកាថា៖ ញោមពិតជាត្រូវរបស់គេមែនហើយ គឺមិនមែនអ្នកឆ្ងាយទេ គឺអ្នកនៅក្នុងភូមិជាមួយគ្នាហ្នឹង ឯង ហើយគេមានបំណងចង់ឲ្យញោមចុះចាញ់ប៉ុណ្ណោះ ដោយមិនមានបំណងធ្វើឲ្យញោមអស់ជីវិតទេ ប៉ុន្ដែថ្ងៃក្រោយអាត្មាមិនធានាទេ គេប្រហែលជាចង់បានញោមស្រី ប៉ុន្ដែអាត្មាជួយបាន។ ក្រោយមកព្រះ តេជគុណបានសូត្រសែកអាគមរួច ឲ្យអ៊ំផានផឹក រួចក៏មានអារម្មណ៍ថាស្រួលខ្លួនភ្លាមៗ ហើយព្រះតេជ គុណបានប្រគល់នូវកថាមួយខ្សែពាក់នឹងចង្កេះ ព្រមទាំងកថាយ័ន្ដមួយ ដែលព្រះតេជគុណតម្រូវឲ្យដាក់ ហឹងនិងអុជធូបសែនរាល់ថ្ងៃសីល ដើម្បីបង្ការថ្ងៃក្រោយ។

ពេលត្រឡប់មកផ្ទះវិញ អ៊ំផានមិនមានបញ្ហាទៀតទេ ប៉ុន្ដែថ្ងៃមួយ នៅពេលអ៊ំស្រីរីគាត់ទៅផ្សារ ពេលត្រឡប់មកវិញ អ៊ំផាយបានតាមញ៉ែញ៉ងគាត់ទៀត ព្រោះតែក្ដីស្រឡាញ់មិនអាចភ្លេចបាន ក្រោយដឹង រឿងនេះ អ៊ំផានខឹងខ្លាំងណាស់ ក៏ទៅស្ដីបន្ទោសឲ្យអ៊ំផាយថា ៖ ក្នុងនាមជាអ្នកនៅក្នុងភូមិជាមួយគ្នា ដឹងហើយថាខ្ញុំជាប្ដីគាត់ តែហេតុអ្វីនៅតែបង្កើតបញ្ហាមិនចេះចប់ ។ អ៊ំផានគាត់ស្ដីឲ្យច្រើនណាស់ ដោយ អាការៈខឹងសម្បារ ព្រោះនរណាក៏ដូចគ្នាដែរ បើមានគេមករញ៉េរញ៉ៃគ្រួសារយើងដដែល ខ្ញុំក៏អាចដូចអ៊ំ ផានដែរ គ្រាន់តែអ៊ំផានគាត់មិនប្ដឹងប៉ូលិសព្រោះមិនចង់ឲ្យវែងឆ្ងាយ ។ យប់ស្ងាត់បន្ដិច គ្រប់គ្នាកំពុងតែ លង់លក់នឹងដំណេក ខណៈពេលនោះអ៊ំផានស្រាប់តែចុកពោះ ហើមពោះប៉ោងយ៉ាងខ្លាំង គាត់ស្រែក ឡើងផ្អើលកូនចៅ គាត់ដឹងថាប្រាកដជាគេដាក់អំពើគាត់ម្ដងទៀតហើយ ព្រោះតែគាត់ទើបតែនឹងឈ្លោះគ្នា រួច ។ កូនៗ និងភរិយាបាននាំគាត់ទៅវត្តម្ដងទៀត ដើម្បីឲ្យតេជគុណជួយម្ដងទៀត ព្រះតេជគុណបាន ធ្វើសមាធិ និងបានសង្ឃដីកាជាមួយអ៊ំផាយថា៖ ឈប់ចងកម្មទៅញោម ពៀររំងាប់ដោយការមិនចងពៀរ ញោមប្រាថ្នាប្រពន្ធ គេគឺខុសនឹងសីលប្រាំ ហើយការដែលញោមធ្វើបែបនេះមិនអាចជួយឲ្យញោមល្អទេ ញោមនឹងជាប់កម្មពៀរនឹងគ្នារហូត ហើយអាចនឹងធ្វើឲ្យញោមមានបញ្ហាដល់អាយុជីវិតទៀតផង ឈប់ទៅ ណាញោម ។ ប៉ុន្ដែដោយក្ដីស្រឡាញ់ចង់បាន អ៊ំផាយមិនស្ដាប់ និងបានតតាំង ជាមួយព្រះតេជគុណទៀត តែយ៉ាងណាក៏ដោយអំណាចនៃសីលបរិសុទ្ធរបស់ព្រះតេជគុណ ព្រះតេជ គុណ បានយកឈ្នះ ហើយព្រះ តេជគុណបានមានសង្ឃដីកាថា៖ ញោមអស់អីហើយ ចាប់ពីពេលនេះតទៅ នឹងលែងមាននរណាមក រំខានញោមទៀតហើយ ។ អ៊ំផាននិងក្រុមគ្រួសារបានអរព្រះគុណតេជគុណ និង បានត្រឡប់មកផ្ទះវិញ ឃើញកូនចៅអ៊ំផាយ នាំគ្នាយំ និងរៀបចំរោងដាក់បុណ្យសព គាត់បានឮអ្នកភូមិថា អ៊ំផាយស្រាប់តែក្អួត ឈាមស្លាប់ភ្លាមៗ ។ នេះជាកម្មដែលអំពើអាក្រក់ដែលបានសាង ចូរសាងនូវអំពើល្អ រឿងអាគម អំពើ មិនដែលមាននរណាមួយរីកចម្រើន ឬរុងរឿងទេ ។


0 មតិយោបល់:

Post a Comment