Friday, April 25, 2025

រឿង ឈ្លើង

 


តាមពិតរឿងនេះមិនមែនទាក់ទងនឹងខ្មោច ព្រាយ អីទេ ប៉ុន្ដែដោយសារទទួលបានពីមិត្តអ្នកអាន ម្យ៉ាងជាការចែករំលែក តាស់តឿនឲ្យមានការប្រុងប្រយ័ត្នបន្ថែម ជាពិសេសរដូវវស្សាខិតចូលមកជិតដល់ហើយ។ រឿងនេះបានកើតឡើងនៅខេត្តកំពង់ចាម នៅស្រុកឆ្ងាយដែរ គ្រួសាររបស់សូភីមាន៥នាក់ ដែលសូភីនាងជាកូនពៅ បងៗទាំងពីរមានគ្រួសារអស់ហើយ បងប្រុសច្បងបាន គ្រួសារនៅខេត្តបាត់ដំបង បងស្រីបន្ទាប់បានគ្រួសារ នៅរាជធានីភ្នំពេញ ។ នៅសល់តែសូភីដែលឆ្នាំថ្មីនេះ ត្រូវឡើងដល់ថ្នាក់ ទី១០ ហើយ ចំណុចនេះខ្ញុំសុំរំឮកពី សាវតាឪពុក ម្ដាយរបស់ សូភីបន្ដិច ឪពុកសូភី គាត់ជាអតីតទាហានខ្មែរក្រហម បច្ចុប្បន្នគាត់ចូលនិវត្ដន៍ហើយ ប៉ុន្ដែគាត់កាចណាស់ គាត់ស្រលាញ់មុខមាត់ណាស់ នេះក៏ជាមូលហេតុដែលកូនបងៗ មិនសូវបាន មកលេងផ្ទះ ព្រោះឪពុកប្រកាន់ច្រើន ចំពោះសូភីពេលមកពីរៀន បើឃើញមិត្តភក្ដិជា មនុស្សប្រុសឌុបជូនមក ដឹងតែមាន បញ្ហាហើយ គាត់ស្ដីថាឲ្យ សូភីច្រើន ហើយគំហកខ្លាំង ឬមិនអីុចឹងទេ គាត់ធ្វើបាបសូភីមិនឲ្យហូបបាយទេ ដោយចោទថាខ្លួន ស្រីឲ្យ ទៅរៀន មិនមែនឲ្យទៅទាក់ប្រុសទេ ហេតុនេះ ទោះកាលៈទេសៈណាក៏ដោយ សូភីសុខចិត្តដើរមកផ្ទះ ឬក៏ពឹងមិត្តភក្ដិស្រីៗ ដូចគ្នាឲ្យជូនមក ឪពុករបស់នាងកាលណាដែលគាត់ សង្ស័យថា សូភីមានកំហុសអីហើយ គាត់មិនស្ដាប់ហេតុផលរបស់នាងទេ គាត់នឹងរករឿងគ្រប់យ៉ាង លុះត្រាណាដែល កំហុសនេោះត្រូវបានគាត់រកឃើញថាមិនមែនកើតឡើងដោយសារសូភី នោះទើបនាងរួចខ្លួន ចំណែកម្ដាយនាង មិនអីទេ គ្រាន់តែលម្អៀងទៅកាន់ជើងប្ដីគាត់ច្រើនដែរ សរុបមកគាត់ទាំងពីរ គូបុព្វេដែល អង្គការចាប់រៀបការ និស្ស័យពួកគាត់ទាំងពីរពិតជាត្រូវគ្នាណាស់ ប៉ុន្ដែម្ដាយសូភីក៏ស្រលាញ់សូភីត្បិតអី នាងជាកូនពៅផង ។ 

ថ្ងៃនេះជាថ្ងៃវ៉ាកងធំ សូភីបាននៅផ្ទះធ្វើកិច្ចដូចសព្វមួយដង ស្រាប់តែមានមិត្តភក្ដិនាងស្រីៗប៉ុន្មាននាក់ បានជិះម៉ូតូចូលមក ខណៈឪពុកនាងកំពុងតែដេកអង្រឹងក្រោមផ្ទះ មិត្តភក្ដិក៏នាំគ្នាជម្រាបសួរ៖

​-ជម្រាបសួរ អ៊ំប្រុស! ពួកខ្ញុំមិត្តភក្ដិរៀនជាមួយគ្នានឹងសូភី

   -បាទលើកដៃថ្វាយព្រះ ចុះមករកសូភីមានការអីដែរ?

   -ចាសពួកខ្ញុំរកមកសុំឲ្យសូភីទៅដើរលេងជុំគ្នាម្ដង ព្រោះវ៉ាកងធំហើយ មិត្តភក្ដិទាំងអស់ចង់ដើរលេងជុំគ្នា មិនឆ្ងាយទេ អ៊ំ នៅក្បែរហ្នឹងដែរទេ

  -បើក្បែរហ្នឹងដដែល ចាំបាច់ដើរទៅធ្វើអី នៅផ្ទះល្អជាង នាំតែហត់ ហើយដើរលេងចាំបាច់សូភីទៅ ជាមួយដែរមែន

 - អត់ទេ! លោកអ៊ំ ពួកខ្ញុំជាមិត្តភក្ដិនៅសាលារៀនតែងជួយគ្នាទៅវិញទៅមក ហេតុនេះមានអីក៏រកជុំគ្នាដែរ ព្រោះជាមិត្ត ល្អនឹងគ្នា

 -ចុះទៅហ្នឹងមិត្តភក្ដិប្រុសៗទៅទេ?

  -មានតើអ៊ំ ធម្មតាមិត្តភក្ដិក្នុងសាលារៀនតែងមានមិត្តភក្ដិប្រុសចៀសមិនរួចទេ ប៉ុន្ដែអ៊ំកុំបារម្ភអី សូភីកូនអ៊ំ មិនដែល រញ៉េរញ៉ៃនឹងមិត្តភក្ដិប្រុសទេ (គាត់រៀងទម្លាក់ទឹកមុខបន្ដិច ពេលក្រឡេកមើលទៅសូភីឃើញនាង ស្រពាប់ស្រពោន គាត់ក៏ឆ្លើយ)

 -  ឲ្យទៅបាន តែមិនឲ្យលើសម៉ោង២ល្ងាចទេ ឆាប់ទៅឆាប់បានមកវិញ

សូភីសប្បាយចិត្តណាស់ នេះជាលើកទី១ ដែលឪពុកនាងព្រមឲ្យនាងទៅដើរលេង នាងនិងមិត្តភក្ដិដើរ លេងនៅទឹកស្ទឹង យ៉ាងសប្បាយ ។ នាងធ្វើតាមសន្យាម៉ោង១កន្លះបាន មកដល់ផ្ទះមុនកន្លះម៉ោង ឪពុកនាងក៏មិន មានឮមាត់កអីដែរ។

រំលងបាន ៣ថ្ងៃ សូភីមានអាការៈចុកពោះ និងរកកលចង់ក្អួត ហើយចេះតែអស់កម្លាំងឃ្លាននេះ ឃ្លាននេោះមិនចេះចប់ ទាំង ដែលហូបហើយនៅតែឃ្លាន ព្រឹកថ្ងៃទី៤ស្រាប់តែពោះរបស់សូភីប៉ោងឡើងមើល ទៅប៉ុនស្រ្ដីមានផ្ទៃពោះ៣ ឬ៤ខែទៅហើយ គ្រាន់តែ ឃើញដូចនោះឪពុករបស់នាង ក៏ចាប់ផ្ដើមស្ដីថាឲ្យនាង៖

- ឃើញទេ! អញថាមិនឲ្យវាដើរ វាមិនមែនទៅដើរលេងទេ វាទៅលួចលាក់ជាមួយប្រុស ឥលូវពោះប៉ុនកញ្ជើទៅហើយ មុខមាត់ស្លូតបូតទេ តែហ៊ានណាស់ ង៉ែងហ៊ានណាស់ ហើយអញសួរ ង៉ែងទៅមានស្អីជាមួយអាណាគេ។

-ពុក ខ្ញុំអត់មានបានធ្វើអីផ្ដេសផ្ដាសទេ ខ្ញុំហ៊ានស្បថខ្ញុំនិយាយមែន

-ហ៊ានស្បថមុខអញទេ តិចម៉ាកំបិតដាច់ក បើង៉ែងមិនធ្វើអីផ្ដេសផ្ដាស ម៉េចបានវាផើម

សូភីបានត្រឹមតែយំ និយាយអង្វរឪពុក តែគាត់ខឹងច្រឡោតខ្លាំងឡើង ហើយម្ដាយក៏មិនហ៊ានហាមដែរ ព្រោះខ្លាចឪពុកនាង តែម្ដាយរបស់សូភីស្គាល់ចរិតកូនគាត់ណាស់ ។ ឪពុកសូភីគាត់ឲ្យម្ដាយនាង ទៅទិញថ្នាំ ទម្លាក់កូនឲ្យនាងផឹក ហើយឲ្យម្ដាយកុហកថា ថ្នាំលោកគ្រូខ្មែរផ្សំការពារគក៌ តែសូភីប្រាប់ថានឹងគ្មានកូនអីទេ នាងមិនដឹងកើតអីដែរ នាងចង់ទៅពេទ្យទៅពិនិត្យ តែឪពុកនាងប្រាប់ថាទៅឲ្យគាត់ ខ្មាស់គេមែន? ប៉ុណ្ណឹងហើយនៅឲ្យគាត់ខ្មាស់គេមិនគ្រប់ទៀត ។ នាងមិនអាចប្រកែកមានតែផឹកថ្នាំតាមការណែនាំ ប៉ុន្ដែគ្មានឃើញ មានអីទេ  ម្ដាយក៏ចម្លែកចិត្ត  ព្រោះបើទម្លាក់មែនប្រាកដជាមានធ្លាក់ឈាមអីហើយ តែនេះស្ងាត់ឈឹង គាត់ ក៏គិតថាកូននេះក្បាលរឹងណាស់ ទាល់តែផឹកបីដងទើបព្រមធ្លាក់។ ចំណែកសូភីដោយគ្មានមធ្យោបាយក្នុងការឲ្យ ឪពុករបស់នាងលើកលែង នាងក៏សម្ងំលើផ្ទះដោយមិនចេញទៅណាទាំងអស់ ហើយមិនព្រមហូបបាយហូបទឹកទេ គិតតែពីអង្គុយយំម្នាក់តូចចិត្តនឹងវាសនារបស់ខ្លួន ឯឪពុកឃើញកូនបែបនេះមិនអន់ថយចិត្តខឹងទេ បែរជាខឹងលើស ដើម ដោយនិយាយសូភីនាងក្បាលរឹង ចង់ជម្នះគាត់ គាត់និយាយថាគាត់សម័យសង្គ្រាមបាញ់ខ្មាំងគ្មានញញើតដៃ ទេ រឿងអីទៅចាញ់កូនខ្លួនឯង បើវាចង់អត់បានងាប់ឲ្យងាប់ទៅ ។

មួយសប្ដាហ៍កន្លងផុតទៅ សូភីនៅតែមិនព្រមហូបអីសោះ រូបរាងស្គមស្គាំង ទឹកមុខស្លេកស្លាំង ម្ដាយបារម្ភ ក៏សុំអង្វរប្ដីឲ្យជួយជូនកូនទៅពេទ្យ ខណៈនោះសូភីក្នុងបន្ទប់ក៏ស្រែកឡើង ដូចជាពេលគេសម្រាលកូនអីុចឹង មានឈាមហូរមកយ៉ាងច្រើន ឪពុកឃើញបែបនេះក៏ស្្ទុះទៅបើកទ្វារ ស្រាប់តែបានឃើញឈ្លើងយ៉ាងធំមួយទំហំ ប៉ុនបាល់ទាត់ កំពុងនៅមុខកូនគាត់ ចំណែកសូភីហូរឈាមខ្សោះពីខ្លួនក៏សន្លប់បាត់ស្មារតី ពេលនេះទើបគាត់ដឹងថា មិនមែនកូនគាត់មានកូនទេ គឺត្រូវសត្វឈ្លើងចូលដោយមិនដឹងខ្លួន ហើយត្រូវសត្វឈ្លើងរស់នៅក្នុងពោះនាង ហើយបឺតឈាមនាងរហូត ទើបវាធំធាត់យ៉ាងនេះ គាត់ក៏ស្ទុះចុះទៅយកកាំបិតផ្គាក់ មកកាប់ឈ្លើងនោះខ្ទេចអស់ ខ្ទាតឈាមប្រឡាក់ឆ្អាបពេញខ្លួន រួចហើយក៏នាំកូនទៅពេទ្យ ប៉ុន្ដែគួរឲ្យអាសូរនិងសង្វេគសូភីណាស់ ដោយសារតែ ហូរឈាមខ្សោះអស់ពីខ្លួន នាងក៏ស្លាប់បាត់បង់ជីវិតតាមផ្លូវខណៈពេលកំពុងដឹកទៅមន្ទីរពេទ្យ ។ 

បទពិសោធន៍មួយនេះធ្វើឲ្យឪពុកនាងមានវិប្បដិសារីអស់មួយជីវិត ដែលគាត់តាំងពីដើមមិនដែលបានស្ដាប់ ហេតុផល និងស្វែងយល់ពីកូនស្រីដែលគាត់ជាអ្នកចិញ្ចឹមបីបាច់រហូតដល់ធំ និងមិនព្រមមានគំនិតវិជ្ជមានជាមុន ។

0 មតិយោបល់:

Post a Comment