សប្ដាហ៍នេះណារី ត្រូវបានថ្នាក់ដឹកនាំចាត់តាំងឲ្យទៅទំនាក់ទំនងការងារ
នៅខេត្តបាត់ដំបង នាងបាន ទាក់ទងមិត្តរួមការងារនៅខេត្តកំពង់ចាមម្នាក់ទៀត ដើម្បីសម្រាកជុំគ្នា
ដើម្បីកុំឲ្យខ្លាច ណាមួយដើម្បីសន្សំ សំចៃផង ។ គ្រប់យ៉ាងតាមដងផ្លូវចេញពីខេត្តរបស់នាងទៅកាន់បាត់ដំបង
ពោរពេញដោយអនុស្សាវរីយ៍ល្អៗ ធម្មជាតិ ស្រស់ស្អាត ទិដ្ឋភាពមនុស្សម្នា កុះករ ប៉ុន្ដែគ្រប់យ៉ាងបែរផ្ទុយស្រឡះនៅពេលនាងមកដល់តំបន់ដែលនាង
ត្រូវធ្វើ ការ ជាទីជនបទដាច់ស្រយាល ចុងកាត់មាត់ញក ពេលទៅដល់ទីនោះ នាងស្រងាកចិត្ត
ព្រោះមិនស្មានថាវានៅ ឆ្ងាយពេក នៅស្រុកហើយ នៅក្នុងព្រៃទៀត នាងរកតាក់ស៊ីជិះ ទៅកាន់តំបន់នោះ
នៅតាមផ្លូវរកតែផ្ទះសំណាក់មួយ មិនបានផង ព្រោះតែជាស្រីផង នាងចង់រកកន្លែងគួរសម ងាយនឹងសម្រាក
និងដោះស្រាយបញ្ហាផ្ទាល់ខ្លួន ខណៈ កំពុងជិះតាក់ស៊ី ស្រាប់តែប្រទះនឹងផ្ទះសំណាក់មួយក្បែរមាត់ច្រកចូលក្នុងភូមិ ទើបតែនឹងធ្វើហើយថ្មីៗ
ព្រោះឃើញ ក្រុមជាងរើអីវ៉ាន់ចេញ ដោយមិនបង្អង់ នាងបានសុំតាក់ស៊ីឈប់បន្ដិច ដើម្បីសួររកបន្ទប់ដេក
។ ក្រោយពីចរចាត្រូវ ហើយនាងសម្រេចសម្រាកនៅទីនោះ ហើយត្រូវរកម៉ូតូឌុបជិះទៅកន្លែងធ្វើការបន្ថែមទៀត
គិតទៅលើកនេះ ចំណាយច្រើនគួរសមដែរ ។
ពេលព្រលប់មកដល់ ណារី និងមិត្តរួមការងារ បានងូតទឹកសម្អាតកាយ
រួចក៏ដើររកកន្លែងលក់បាយ តែចៃដន្យអី អត់មានទៀត តែម្ចាស់ផ្ទះសំណាក់ប្រាប់ថា មិនពិបាកពួកនាងរកទេ
ចាំគាត់ជួយធ្វើឲ្យរហូតដល់ត្រឡប់ ទៅផ្ទះវិញ ពួកនាងសប្បាយចិត្តណាស់ រួចក៏រកម៉ូតូឌុបជិះទៅមើលកន្លែងធ្វើការ ដែលនៅចម្ងាយប្រមាណជា
៥គីឡូម៉ែត្រ ដើម្បីពិនិត្យមើលស្ថានភាពទីតាំង និងត្រៀមការងារផ្សេងៗ ដែលត្រូវធ្វើនៅព្រឹកស្អែក
។ ក្រោយពីពិនិត្យ ការងាររួចរាល់ យប់ល្មម ម៉ោងប្រហែលជា៧ទៅហើយ តែងងឹតខ្លាំងណាស់ ស៊យទៀត
ម៉ូតូឌុបដែល នាងរក បែកកង់ម៉ូតូ គាត់ ក៏សុំបណ្ដើរទៅប៉ៈសិន ចាំរួចរាល់ គាត់ត្រឡប់មកយកវិញ
។ ក្នុងដៃកាន់ពិលមួយបញ្ចាំងតាមផ្លូវ ណារី និងមិត្តរួមការងារ បានជជែកគ្នា ពីនេះពីនោះ
ដើម្បីបន្លប់ភាពភ័យខ្លាច ខណៈពេលការធ្វើដំណើរដោយថ្មើរជើង តាមផ្លូវខ្សាច់ និងមានព្រៃសងខាង
ស្ងាត់គួរឲ្យខ្លាច ។ កំពុងដើរសុខៗ ស្រាប់តែឮសម្លេងបាក់មែកឈើប្រាវ ណារីនិយាយបន្លប់ វាគ្រាន់តែមែកឈើទេ
តែវាពុក វាបាក់ហើយ បន្ដិចក្រោយ មក ស្រាប់តែឮសម្លេងមនុស្សយំ ពេលនេះ ណារីនិយាយលែងចេញហើយ
កាន់ដៃមិត្តរួមការងារយ៉ាងណែន ហើយ យ៉ាងលឿន ប៉ុន្ដែសម្លេងនោះកាន់តែឮទៅៗ រំពងព្រៃ គួបផ្សំនិងខ្យល់ត្រជាក់បក់មកទៀត
ណារីព្រឺរោមអស់ហើយ ភ្នែករំពៃតែផ្លូវ បន់តែឲ្យផុតពីព្រៃ ហើយពូម៉ូតូឌុបក៏យូរទៀត។
សម្លេងស្នូរជើងមនុស្សដើរពីក្រោយពួកនាង រួមទាំងមានស្រមោលអណ្ដាតភ្លើងក្រហម
ពួកនាងមិនហ៊ាន ងាកមើលទេ ព្រោះដឹងថាពេលចេញមកមានតែ២នាក់ទេ តាមពន្លឺដែលចាំងពីក្រោយខ្នង
ហើយបណ្ដាលឲ្យ ឃើញ យ៉ាងច្បាស់នៅរូបរាងមានតែក្បាល និងសក់វែងអន្លាយ កំពុងអណ្ដែតនៅពីខាងក្រោយពួកនាង
ម្នាក់ៗគាំងអស់ ដើរក៏មិនចង់ទៅមុខ ស្ពឹកជើងដៃ ទឹកមុខស្លេកស្លាំង ញ័រមាត់ ដកដង្ហើមស្ទើរមិនដល់គ្នា
ពួកនាងមើលមុខគ្នាទៅ វិញទៅមក ហើយក៏ស្រែកឡើង ស្ទុះរត់ទៅមុខ រត់បានបន្ដិចក៏ដួល ទាល់តម្រិះ
ក៏ដេកក្រាបនឹងដីយំ ភ្លាមៗនោះ ស្រាប់តែមានពន្លឺភ្លើងបានបាញ់មកចំពួកនាង នោះគឺភ្លើងអំពូលពូម៉ូតូឌុបមកដល់ល្មម
ចំណែកស្រមោលដែលតាម ពីក្រោយពួកនាងបានបាត់ ។ ពួកនាងប្រញាប់ឡើងម៉ូតូទៅផ្ទះសំណាក់វិញ ទៅភ័យអស់ពីខ្លួន
ដោយមិនបានហូប បាយទេ ព្រោះកំពុងតែភ័យ ភ្លេចអស់ឃ្លានហើយ ។ នាងគិតថាមកដល់ផ្ទះសំណាក់
ប្រហែលជាបានធូរស្រាល ព្រោះមានមនុស្សម្នាពេញផ្ទះ ប៉ុន្ដែគ្រប់យ៉ាងរិតតែធ្ងន់ធ្ងរទៀត
ម៉ោងប្រហែល១២យប់ ខណៈពួកនាងមិនទាន់បាត់ ភ័យផង ស្រាប់តែឮសម្លេងលើដំបូលផ្ទះ ដូចជាគេអូសអ្វីម្យ៉ាង
អូសទៅអូសមក ហើយមានសម្លេងមនុស្សស្រីយំ រអឹក សម្លេងនោះហើយ ដែលនាងឮនៅក្នុងព្រៃ ពេលបាត់សម្លេងនោះ
ស្រាប់តែមានសម្លេងមកគោះទ្វារពួកនាង ពួកនាងខំសួរ តើនរណាគេមកគោះទ្វារថ្មើរនេះ? ប៉ុន្ដែមិនមានអ្នកឆ្លើយទេ! ពួកនាងរិតតែមានអារម្មណ៍ថាមិន ស្រួលសោះ បន្ដិចក្រោយស្រាប់តែឮសម្លេងអូសកាត់មុខបន្ទប់ទៅមកៗ
ហើយសម្លេងគោះទ្វារកាន់តែខ្លាំង ពួកនាង ក៏សម្រេចចិត្តថាបើកទ្វារបន្ទប់មើល ប៉ុន្ដែមិនមានអ្វីទាំងអស់
កាន់តែច្បាស់ហើយថាប្រាកដជាខ្មោចលងមិនខាន ពួកនាងសម្រេចចិត្តនាំគ្នាទៅសួរម្ចាស់ផ្ទះសំណាក់
ប៉ុន្ដែពុំឃើញមាននរណាម្នាក់សោះ អារម្មណ៍ភិតភ័យកាន់តែ
ខ្លាំង ចម្លែកក្នុងចិត្តខ្លាំងណាស់ ភ្លាមៗនោះនាងបានទទួលទូរស័ព្ទពីលោកប្រធានរបស់នាង
ប្រាប់ថាតើនាងរវល់ទៅ ណា? បានជា២ថ្ងៃហើយ មិនឃើញទៅតំបន់ដែលគាត់ចាត់តាំង
នាងរៀបរាប់តាមដំណើរប្រាប់ តែលោកប្រធាន បញ្ជាក់ថា នាងទៅខុសកន្លែងហើយ
កន្លែងដែលនាងទៅក្រែងជាព្រៃតើ មានសហគមន៍ មានផ្ទះសំណាក់ឯណា នាងភ្ញាក់ខ្លួនព្រើត
ក្រឡេកមើលជុំវិញខ្លួន សុទ្ធតែផ្នូរខ្មោច ចំណែកផ្ទះសំណាក់ដែលនាងកំពុងឈរ
ស្រាប់តែក្លាយជារោងអ្នកតា ហើយគ្រប់យ៉ាងខុសពីអ្វីដែលនាងបានឃើញទាំងអស់
ពួកនាងនិយាយមិនចេញអ្វីទាំងអស់ បានត្រឹម តែអង្គុយយំ គាប់ជួនពេលនោះ ក្រុមការងារនាងបានមករកនាងឃើញតាម
Location ទូរស័ព្ទ
បានមកដល់ល្មម ហើយបានជួយយកពួកនាងចេញពីកន្លែងទៅផ្លូវជាតិ តាមពិតកន្លែងដែលនាងត្រូវទៅ
គឺនៅខាងមុខជិត១០គីឡូម៉ែត្រទៀតនោះ ពួកនាងអរគុណក្រុមការងារ
និងបានទូរស័ព្ទប្រធានម្ដងទៀត គាត់មិនបន្ទោសទេ ព្រោះពួកនាង
គ្មានចេតនាឲ្យទៅជាបែបនេះទេ ប៉ុន្ដែពួកគាត់អនុញ្ញាតឲ្យនាងត្រឡប់មកវិញ
ព្រោះស្ថានភាពសុខភាពផ្លូវចិត្ត កំពុងតែជួបបញ្ហា និងបានចាត់ក្រុមការងារជំនួសហើយ ។
ត្រលប់មកវិញ
ពួកនាងបានសុំឲ្យម្ដាយនាំទៅស្រោចទឹករំដោះគ្រោះចេញ ព្រោះមិនទាន់បាត់ភ័យតក់ស្លុត
នៅឡើយទេ ។
0 មតិយោបល់:
Post a Comment