Monday, July 14, 2025

រឿង ភ្លើងព្រាយ (វគ្គ២)

 

ម៉ោង៩យប់ជាងទៅហើយ ស្រាប់តែភ្លេចនឹកឃើញថាទឹកដោះគោកូនអស់ ភ្លាមនោះខ្ញុំក៏ទាញម៉ូតូជិះទៅទី រួមខេត្ត ចម្ងាយពីផ្ទះខ្ញុំទៅទីរួមខេត្តប្រមាណជា៨គីឡូម៉ែត្រដែរ កុំអីក៏មិនទៅទិញដែរ ព្រោះកូនខ្ញុំនេះតែអត់បាន បៅទឹកដោះគោទេ ពិតជាយំឡាំប៉ា រករឿងមិនបានដេកពួនទេ ហេតុនេះមានតែបង្ខំចិត្តទៅទាំងយប់ ព្រោះថ្មើរនេះទៅហើយ មិនដឹងថាអ្នកលក់នៅលក់ទៀតអត់ឬទេ? ខ្ញុំក៏ចេញម៉ូតូទៅ ដល់ខេត្តម៉ោងប្រហែល១០បន្ដិចបាត់ទៅហើយ តែសំណាងល្អ គេនៅលក់ ខ្ញុំសប្បាយចិត្តណាស់ តែប្រហែសកូន យំរករឿងងាប់ហើយ ។ ខណៈពេលជិះម៉ូតូត្រលប់មកតាមផ្លូវវិញ ខ្ញុំមានអារម្មណ៍ថាប្លែកខុសសព្វមួយដង ព្រោះតែមេឃចុះត្រជាក់ខ្លាំង ខ្យល់ក៏បក់ខ្លាំង ឡើងរងាតែម្ដង ក្រោមពន្លឺព្រះច័ន្ទ ៥កើត ទោះមិនភ្លឺខ្លាំងតែក៏ភ្លឺត្រជាក់ភ្នែកល្មមដែរ ដោយសារតែខ្សោយភ្នែកទើបយប់ ជិះម៉ូតូ មិនបានលឿនទេ ។ ខណៈជិះបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានអារម្មណ៍ថាមានអ្វីកំពុងហោះ ពីលើក្បាល ព្រោះតែឃើញស្រមោលដែលចាំងឆ្លុះយ៉ាងច្បាស់ក្រោមពន្លឺព្រះច័ន្ទ រូបរាងមូលធំ តែមានអណ្ដាតភ្លើងអន្លាយៗ ច្បាស់ណាស់ អារម្មណ៍នេះ ខ្ញុំធ្លាប់បានជួបពីក្មេងម្ដង កាលនៅរៀនថ្នាក់ទី៥ គឺដូចគ្នាបេះដាក់ ។ ទោះជាក្នុងចិត្ត តាំងអារម្មណ៍មិនឲ្យខ្លាច ប៉ុន្ដែម្នាក់ឯងឲ្យគត់តាមផ្លូវ ទោះយ៉ាងណាក៏មានអារម្មណ៍ថាព្រឺសម្បុរដែរ ចៃដន្យទៀត ម៉ូតូខ្ញុំស្រាប់តែស្ទះៗ ជិះរកកលតែនឹងរលត់ ខ្ញុំគិតក្នុងចិត្ត “ម៉េចបានជាវាមកចង់ខូចអីនៅពេលនេះទៅវិញ មនុស្ស កំពុងតែជួបបញ្ហាផង” ខ្ញុំបង្ខំចិត្តរោទិ៍ម៉ូតូយ៉ាងលឿន តែបានតែបន្ដិចៗទេ ដោយឃើញស្ថានភាពមិនស្រួល ព្រោះភ្លើងនោះហោះកាន់តែមកជិតខ្ញុំ ខ្ញុំបានឮចាស់ៗនិយាយថា បើភ្លើងនោះហោះបុក ឬហោះកាត់ក្បាលតាមបន្លាច នោះមនុស្សអាចនឹងមានបញ្ហាភ័យរហូតដល់ឈឺជ្រុះសក់ អាចឆ្កូត ឬស្លាប់ក៏ថាបាន ប៉ុន្ដែបើសិនជាមិត្តអ្នកអានមិនជឿក៏បានដែរ តែសូមកុំប្រមាថអី ។

ខ្ញុំបានទាញក្បាលម៉ូតូបែរទៅរកភ្លើងនោះ ក៏ចាប់រោទិ៍ម៉ូតូពេញមួយទំហឹង លាន់ឮសម្លេងរំពងផ្លូវម្នាក់ឯង ចំណែក ភ្លើងនោះក៏ហោះអណ្ដែតនៅចំពោះមុខខ្ញុំដោយ មិនព្រមមកមុខទៀតទេ ខ្ញុំព្យាយាមសម្លឹងទៅរកវាដែរ តែមិនឃើញអ្វីទេ កាន់តែសម្លឹង កាន់តែស្រវំាងភ្នែកយកតែម្ដង ខ្ញុំក៏រោទិ៍បានមួយសន្ទុះ មានផ្ទះមួយនៅក្បែរនោះបានបើកទ្វារចេញមកស្រែកជេរខ្ញុំ “អាប្រកាច់ណាមករោទិ៍ម៉ូតូកណ្ដាលអាធ្រាត្រហ្នឹង មិនដឹងគេដេកពួនអីទេ” ខ្ញុំបានស្រែកទៅប្រាប់ថា ម៉ូតូខ្ញុំជាហ៊ែ្គរ អធ្យាស្រ័យផងពូ ។ ឃើញឱកាសល្អតែភ្លើងនោះហាក់បីដូចជាមិនមានចលនា ខ្ញុំក៏ម៉ូតូភ្្លាមៗ ស៊ុតយកមួយទំហឹងតែម្ដង ភ្លើងនោះដេញតាមមិនឈប់ រហូតជិតដល់ផ្ទះ តែចង្រៃចៃដន្យអី ខ្ញុំក៏ប្រទះនឹងពស់ថ្លាន់ធំមួយវារកាត់ទទឺងផ្លូវ ខ្ញុំ ប្រឹងគេពស់នោះ បណ្ដាលឲ្យដួលម៉ូតូត្រលប់ត្រលិន ប៉ុន្ដែមិនអី ខ្ញុំក៏ព្យាយាមលើកម៉ូតូ ហើយជិះទៅទៀត ខ្ញុំជិះនឹងដល់ផ្ទះទៅហើយ តែភ្លើងហោះមកបុកចំម៉ូតូរបស់ខ្ញុំតែម្ដង ខ្ញុំក៏ដួលម៉ូតូ រាងធ្ងន់ ព្រោះសន្លប់បាត់ស្មារតី ឈឹង ។ ភ្ញាក់ដឹងខ្លួនឡើង កំពុងតែឃើញអ្នកជិតខាងនិងប្រពន្ធ រិតប្រេងកូឡា និង​ជូតមុខមាត់ឲ្យ ជាសំណាង ខ្ញុំដួលម៉ូតូមែន តែពុំមានរបួសទេ ព្រោះដីម្ដុំខ្ញុំសុទ្ធតែជាដីខ្សាច់ ។ ខ្ញុំបានប្រាប់រឿងរ៉ាវដែលកើតឡើង ហើយបានចេញទៅមើលឃើញភ្លើងនោះអត់ទៅណាទេ កំពុងតែអណ្ដែតនៅម្ខាងផ្លូវ ខ្ញុំដឹងច្បាស់វានឹងតាមខ្ញុំទៀត ខ្ញុំក៏ពឹងអ្នកភូមិឲ្យទៅនិមន្ដចៅអធិការវត្ត សុំឲ្យលោក ជួយប្រោះព្រំ ហើយទីបំផុត ភ្លើងនោះក៏បានរលាយបាត់ទៅ ប៉ុន្ដែខ្ញុំនៅតែមានអារម្មណ៍ខ្លាច ព្រោះតែព្រះសង្ឃ មានសង្ឃដីកាថា វានៅតែមកតាមខ្ញុំទៀត ព្រោះតែអាចមានជំពាក់កម្មនឹងគ្នា ហេតុនេះព្រះអង្គឲ្យខ្ញុំត្រូវតែធ្វើ បុណ្យឧទ្ទិសកុសលឲ្យទៅក្រែងអាចនឹងបានរំងាប់ពៀរនឹងគ្នា ។


0 មតិយោបល់:

Post a Comment