Thursday, May 20, 2021

ភ្លើងព្រាយ

 


ក្នុងយប់ដ៏សែនស្ងាត់មួយ បងឈុំនិងភរិយាកំពុងតែជិះកង់ឌុបគ្នាចេញពីចំការស្វាយចន្ទី ដើម្បីមកដើរលេងនៅទីរួមខេត្ត ប្ដីប្រពន្ធគាត់ក្រណាស់ ក្រោយរៀបការរួចពុំមាន ទ្រព្យកេរ្ដិ៍អាករដូចអ្នកដទៃទេ គាត់ធ្វើជាអ្នកចាំយាមចំការអោយគេពីរនាក់ប្ដីប្រពន្ធ គ្រាន់នឹងបានលុយចិញ្ចឹមជីវិត ។ យប់នេះនៅទីរួមខេត្តមានកម្មវិធីប្រគុំតន្រ្តី​ ម្យ៉ាងម្ចាស់ចំការក៏បាននាំកូនចៅទៅដេកលេងចំការ ទើបគាត់សុំសម្រាកមួយថ្ងៃនាំប្រពន្ធដើរលេងម្ដង ម្ចាស់ចំការបានអោយលុយលើកទឹកចិត្តចំពោះភាពស្មោះត្រង់ នឹងការងារ ចំនួន ២០ម៉ឺនរៀល ។ គាត់សប្បាយចិត្តណាស់ ក៏បបួលប្រពន្ធទៅដើរលេងនឹងគេម្ដង តាមមើលពិតជាសប្បាយចិត្តណាស់ ព្រោះមានកម្មវិធីប្រគុំតន្រ្តី មានក្រុមតារាចំរៀងល្បីៗប្រចាំប្រទេសផង ម្យ៉ាងតាំងពីចាប់ដៃគ្នាមក គាត់មិនដែលបាននាំប្រពន្ធដើរលេងអោយសប្បាយចិត្តម្ដងនោះទេ ដោយម្ង៉ៃៗ រវល់តែប្រឹងប្រែងធ្វើការងារ ដើម្បីចិញ្ចឹមជីវិត ។

          ក្រោមឈុតខោអាវកំផ្លេ ពណ៌លឿងមានផ្កាក្រហមតិចៗ បងស្រីណារី ពិតជាស្អាតណាស់ មើលទៅស្មានថានៅក្រមុំផង បានប្ដីសម្លឹងញញឹមមិនដាក់ភ្នែកបែបនេះ បងស្រីណារីអៀនមុខក្រហម ហើយពោលថា៖

-       ថីបងឯង ‌‌‌‌‌! បានជាមើលខ្ញុំមិនដាក់ភ្នែកសោះ

-       គឺឃើញប្រពន្ធបងស្អាតពេកហ្នឹងណា មិនគួរអូនមកលំបាកជាមួយបងទេ

-       ម៉េចបងឯងគិតអញ្ចឹង! ជីវិតគូគឺបែបនេះឯង យើងមិនអាចមើលឃើញអនាគតទេ មិនប្រាកដថាយើងក្របែបនេះមួយជីវិតឯណា អោយតែយើងប្រឹងប្រែង គង់តែនឹងបានធូរធារដូចគេទេ ។

-       ណ្ហើយ! កុំគិតរឿងហ្នឹងអី តោះឡើងកង់មកប្ដីឌុបដើរលេង (បងស្រីណារីញញឹមខ្ចឹបឡើងជិះកង់ អោយចង្កេះប្ដីយ៉ាងស្អិត មើលទៅគួរអោយច្រណែនណាស់)

ខណៈពេលដែលកំពុងតែជិះកង់បានប្រមាណជា ៣គីឡូម៉ែត្រ នៅក្បែរដើមចំបក់ធំមួយ ស្រាប់តែមានខ្យល់យ៉ាងខ្លាំងបក់មក ប្រៀបដូចខ្យល់កួច បងឈុំ ក៏ឈប់កង់ រួចប្រាប់បងណារី ៖

-       អូនបានឃើញដូចបងអត់? បងឃើញមានខ្យល់យ៉ាងខ្លាំងចេញពីគល់ដើមចំបក់នោះ ។

-       ឃើញតើ ! តើមានរឿងអីមែនបង?

-       បងមានអារម្មណ៍ថាដូចមិនសូវស្រួលទេ ដូចជា.....

-       បានហើយបងកុំគិតច្រើនអី កុំខ្វល់អី តោះយើងប្រញាប់ចេញទៅ

ពេលបងឈុំគាត់ចេញទៅ ខ្យល់កួចនោះបានបោកមកលើគាត់ទាំងពីរនាក់យ៉ាងខ្លាំង តែបងឈុំគាត់ខំទប់ រួចក៏ឆ្លងផុតទៅ ។ យប់នោះគាត់ទាំងពីរនាក់សប្បាយចិត្តណាស់ ដើរលេងមើលគេមើលឯង ហើយហូបរបស់ឆ្ងាញ់ៗជាច្រើន ហើយក៏មិនភ្លេចពេលត្រលប់មកវិញទិញរបស់បន្ដិចបន្ដួចមកផ្ញើម្ចាស់ចំការដែរ ប៉ុន្ដែគាត់មិនបានដឹងថាម្ចាស់ចំការបានមកលេងដែរទេ ពេលត្រលប់ទៅវិញជួបគ្នានៅតាមផ្លូវគាត់ក៏ជួបជាមួយម្ចាស់ចំការ ពួកគាត់ក៏ជជែកគ្នាលេងទៅវិញទៅមក មួយសន្ទុះគាត់មានអារម្មណ៍ថាហាក់បីដូចជាមើលមិនឃើញផ្លូវទៅចំការវិញ គាត់និងម្ចាស់ចំការបែរជានៅក្នុងព្រៃឬស្សីដ៏ក្រាស់ទៅវិញ ពេលនោះគាត់បានដឹងថាប្រាកដជាមានបញ្ហាហើយ ប្រពន្ធគាត់ ម្ចាស់ចំការភិតភ័យណាស់ ព្រោះគាត់ជាប់កូនតូចមកជាមួយ គាត់ខ្លាចមានបញ្ហាដល់កូនគាត់ ខណៈដែលគ្រប់គ្នាកំពុងតែភ័យព្រួយ ស្រាប់តែលេចស្រមោលអណ្ដាតភ្លើងយ៉ាងធំពណ៌ក្រហមឆ្អៅ ហោះសំដៅមករកគាត់ ម្ចាស់ចំការគាត់ភ័យពេករត់មិនរួច បងឈុំក៏ស្ទុះទៅទាញគាត់ចេញ ភ្លើងនោះក៏ហោះបុកឬស្សី តែបែរជាមិនឆេះសោះ បន្ទាប់មកក៏លាន់សម្លេងសើចយ៉ាងខ្លាំងខ្ទរពេញត្រចៀកគ្រប់គ្នា បងស្រីណារីបាននាំប្រពន្ធម្ចាស់ចំការទៅពួន ឯបងឈុំនិងម្ចាស់ចំការបាននាំគ្នានៅតតាំងជាមួយភ្លើងនោះ បងឈុំក៏ឧទានឡើង៖

-       ណែ! តើឯងមកពីខាងណា ហើយយើងមានជំពាក់អ្វីឯងបានជាឯងមកធ្វើបាបពួកយើង ប្រាប់មក (តែភ្លើងនោះបានហោះសំដៅយ៉ាងលឿនមករកគាត់ គាត់ក៏គេចយ៉ាងរហ័ស ហើយភ្លើងនោះក៏ហោះបុកម្ចាស់ចំការមួយទំហឹង បណ្ដាលឲ្យគាត់ដួលទៅនឹងដៃ មុខឡើងខ្មៅ ភ្នែកបាត់ប្រស្រីអស់ ឃើញស្ថានភាពមិនស្រួល បងឈុំ ក៏លុតជង្គង់លើកដៃប្រណម បិទភ្នែកបួងសួងដល់អស់រុក្ខអារក្សទេវតាម្ចាស់ព្រៃជួយ ៖

-               បពិត្រអស់លោកអ្នកមានបុណ្យ អ្នកមានបារមី សច្ចំបង់បត់នៅក្នុងដែនដីនេះ សូមមេត្តាជួយប្រោសសត្វដែលមិនដឹងអីនេះផង បើសិនជាពួកកូនចៅមានជាប់មាត់ជាប់ក សូមលោកបង្ហាញផ្លូវ ដើម្បីឲ្យកូនចៅសុំខមាលទោស ព្រោះកូនចៅឆោតល្ងង់ណាស់ ។

 រួចគាត់ក៏សូត្រនមោ ៣ចប់ រួចក៏នឹកឃើញដល់គុណបុណ្យព្រះរតនត្រ័យ គុណឪពុកម្ដាយ ទីបំផុតគ្រប់យ៉ាងក៏បានរួច ភ្លើងនោះក៏រលាយបាត់ បងឈុំក៏ប្រញាប់នាំម្ចាស់ចំការទៅរកគ្រូខ្មែរជួយស្ដោះ ដោះអំពើភ្លើងព្រាយនោះចេញ រួចក៏រៀបរណ្ដាប់អោយលោកគ្រូខ្មែរជួយទាយមើលពីមូលហេតុដែលភ្លើងព្រាយនោះតាមធ្វើបាប ។ លោកគ្រូក៏អង្គុយសមាធិស្មឹងស្មាធមួយសន្ទុះ ក៏ប្រាប់វិញថា ភ្លើងនោះជាភ្លើងព្រាយនៅដើមចំបក់នៅក្បែរចំការនោះឯង កាលដែលភ្លើងនោះមកតាមធ្វើបាបធ្វើតែម្ចាស់ចំការធ្លាប់បានសន្យាថានឹងសែនព្រេនអោយគេ នៅពេលផលចំការបានច្រើនចំណេញ សុំអោយអារុក្ខអារក្ខតាមជួយថែរក្សា ព្រាយនោះជាអ្នកតាមថែរក្សាដែរ ប៉ុន្ដែក្រោយមកម្ចាស់ចំការនោះបែរជាមិនឃើញសែនព្រេនឲ្យសោះ ដូចនេះទើបគេមកទារយកវិញ ។

ក្រោយពីម្ចាស់ចំការបានដឹងខ្លួនវិញ បងឈុំបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់គាត់ ម្ចាស់ចំការក៏រៀបចំរណ្ដាប់សែនព្រេន មាននិមន្ដព្រះសង្ឃបង្សុកូលឧទ្ទិសកុសលអោយព្រាយនោះ ដើម្បីបានចាប់ជាតិជាថ្មី ហើយដើម្បីអរគុណពីសណ្ដានចិត្តរបស់បងឈុំ ម្ចាស់ចំការបានសុំបងឈុំធ្វើជាបងធម៌ និងបានចែកដីចំការនោះទៅឲ្យបងឈុំធ្វើការដាំដុះ ចាប់តាំងពីពេលនោះមក បងឈុំក៏បានបែ្រក្លាយជីវភាពបានធូរធាររហូតមកដល់សព្វថ្ងៃនេះ ។

0 មតិយោបល់:

Post a Comment