ខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាធ្លាប់បានដឹង បានឮខ្លះហើយចំពោះរឿងដើរក្នុងព្រៃ ដែលចាស់ៗតែងតែនិយាយតៗគ្នាថា នៅក្នុងព្រៃតែងតែមានម្ចាស់ព្រៃថែរក្សា ដូចជាអ្នកតាចាស់ស្រុក រុក្ខទេវតា នាងពួន ឬក៏មានព្រាយកាន់ជាដើម ហេតុដូចនេះហើយទើបគាត់ហាមមិនអោយនិយាយអ្វីផ្ដេសផ្ដាស ពាក្យអសុរសជាដើម ឬក៏ការប្រពឹត្តនូវអំពើបាបកម្មផ្សេងៗ សម្លាប់សត្វ សម្លាប់ជីវិតមនុស្ស ប្រមាថកាបទានអ្នកដទៃជាដើម ។
រឿងនេះមានសេចក្ដីថា នៅក្នុងព្រៃជ្រៅមួយចម្ងាយពីផ្លូវជាតិជាង១០ គីឡូម៉ែត្រ គឺមានមនុស្សប្រហែលជា១០គ្រួសារប៉ុណ្ណោះដែលចូលទៅរស់នៅ ហើយក្រោយមកក៏មានអ្នកស្រុកចេញចូលជាហូរហែ ដោយសារតែព្រៃនោះជាតំបន់រ៉ែមាសដ៏សម្បូរបែប គ្រប់គ្នាមិនថាជិតឬឆ្ងាយ បានចូលទៅរកជីករ៉ែងរ៉ែមាសនឹងគេ ។ នីតាជានារីដ៏ស្រស់ស្អាតម្នាក់ ប៉ុន្ដែកើតក្នុងត្រកូលក្រខ្សត់នៅខេត្តកំពង់ធំ នាងបានចេញមកជាមួយម្ដាយនាងមករកមាសនឹងគេ ដោយសារតែឪពុកនាងមានជម្ងឺប្រចាំកាយ ត្រូវការប្អូននាងជួយថែទាំ នៅពេលមកដល់នាងបានជួបខ្ញុំ ជាអ្នកចម្ងាយដែរ ដែលកាលណោះខ្ញុំក៏ទៅរកមាសនឹងគេដែរ និយាយទៅ កាលណោះម្នាក់ៗ បើគិតរឿងស្នេហាបែបគិតមិនចេញទេ ជីវភាពសុទ្ធតែត្រដាបត្រដួសរៀងៗខ្លួន ប៉ុន្ដែការកើតសេចក្ដីស្រលាញ់ពិតជាជាជៀសមិនរួចនោះទេ ។
នៅទីនោះមានបុរសម្នាក់ឈ្មោះ អាឆើត ជាក្មេងកាងនៅតំបន់នោះ គ្រាន់តែឮឈ្មោះ ក៏មើលដឹងដល់ក្រយ៉ៅគូថវាហើយ វាឈ្លើយសម្បើមណាស់ ក្នុងភូមិនោះភាគច្រើនជាមនុស្សផឹក មិនទាន់មានមេភូមិនោះទេ ដោយសារតែទើបមានមនុស្សមករស់នៅ បន្ដិចបន្ដួច ។ នៅពេលវាជួបអូននីតានិងខ្ញុំកំពុងដើរជាមួយគ្នា វាសំលឹងមិនដាក់ភ្នែកនោះទេ ហើយបោះសម្ដីថា ថ្ងៃណាមួយនាងនឹងក្លាយជារបស់វា ។ ការរកមាសនៅទីនោះក៏ពិបាកណាស់ដែរ ដោយសារតែខ្វះទឹកជាខ្លាំង ហើយខ្វះខាតបន្លែដែរ បើសាច់មិនខ្វះទេ សម្បូរណាស់សាច់ព្រៃដែលជាប់អន្ទាក់ តាមទឹកភក់តិចមានត្រី អន្ទង់មិនដាច់ទេ ទើបខ្ញុំនឹងគ្រួសារអូននីតា សម្រេចគ្នាចូលទៅព្រៃជ្រៅដែលល្បីថាសម្បូរមាស មាសធំៗណាស់ បើនរណាមានភ័ព្វនឹងបានដូចបំណង ប៉ុន្ដែព្រៃនោះក៏មានម្ចាស់ព្រៃរក្សាដែរ ។ ក្រោយពីដឹងថាខ្ញុំនឹងអូននីតា ទៅព្រៃនោះ អាឆើតវាក៏តាមទៅដែរ ប៉ុន្ដែដឹងស្រាប់ហើយ មនុស្សទមិឡ វាពិតជាមិនជឿរឿងម្ចាស់ព្រៃនោះទេ ពេលចូលទៅដល់ព្រៃវាបានជេរប្រមាថពួកខ្ញុំ ហើយនិយាយគ្មានម្ចាស់ព្រៃស្អីនោះទេ ស្រាប់តែយប់ឡើងមិនដឹងមូសមកពីណាទេ ឃើញហោះយ៉ាងសម្បើមសំដៅទៅកន្លែងអាឆើតដេក មួយសន្ទុះឮសម្លេងវាស្រែកផ្អើលពេញព្រៃ ស្អែកឡើង អាឆើតចាប់ផ្ដើមក្ដៅខ្លួនញាក់ ខ្ញុំក៏ប្រាប់ថាវាអាចគ្រុនចាញ់ តែវាមិនស្ដាប់ទេ ហើយថែមទាំងប្រមាថរកវាយខ្ញុំទៀតផង ។
ល្ងាចមួយពេលខ្ញុំនិងអូននីតារកមាសបានប្រហែលជា ២ហ៊ុនដែរ ខ្ញុំក៏ផ្ញើអូននីតាយកទៅលក់នៅឯស្រុក ដោយជិះម៉ូតូជាមួយអ្នកក្បែរនោះគាត់ត្រូវទៅលក់ដែរ ឯខ្ញុំនឹងម្ដាយអូននីតានៅជីកបន្ដ ។ អូននីតាចេញទៅពីព្រឹក រហូតដល់ល្ងាចម៉ោងជាង០៦ មិនទាន់ឃើញមកដល់ ខ្ញុំកើតក្ដីបារម្ភណាស់ ព្រោះថ្វីបើម៉ោង០៦ តែព្រៃមើលទៅគឺយប់បាត់ហើយ ខ្ញុំក៏កាន់ចន្លុះអុជបំភ្លឺផ្លូវ (កាលណោះក្រណាស់មិនទាន់មានទូរស័ព្ទប្រើនឹងគេទេ)ខ្ញុំដើរយ៉ាងលឿន បន់ក្នុងចិត្តសូមកុំអោយអូននីតាមានបញ្ហាអ្វីអោយសោះ ដើរបានប្រហែលជា៥ គីឡូម៉ែត្រ ខ្ញុំឮសម្លេងអូននីតាស្រែកអោយជួយ ៖
- ជួយផង! ជួយផង អ្នកណាក៏បានជួយខ្ញុំផង លែងអញ លែងអញភ្លាម
ខ្ញុំស្ទុះមួយទំហឹងរត់រកសម្លេងនោះ ទីបំផុត ឃើញមនុស្សប្រុសម្នាក់កំពុងតែប្រុងបំពានអូននីតា ខ្ញុំមិនគិតច្រើនទេ ស្ទុះដាល់វាមួយដៃអស់មួយទំហឹង វាដាច់ផ្ងារ រួចក៏រត់ តែខ្ញុំស្រវាចុះឡើងចាប់បានអង្កត់ឈើមួយកំណាត់ចោលវាត្រូវក្បាលបែកក្បាល វានៅរត់ទៅបាត់ទៀត ខ្ញុំពិតជាក្ដៅណាស់ ។
អូននីតាស្ទុះអោបខ្ញុំហើយយំសស្រាក់ ខ្ញុំអង្អែលក្បាលអោយក៏នាំនាងត្រលប់មកផ្ទះវិញ ហើយនាងនិយាយរៀបរាប់ថា៖ តាមពិតនាងបានជិះម៉ូតូមកវិញហើយ តែចៃដន្យអីម្ចាស់ម៉ូតូគាត់ថាភ្លេចថង់លុយនៅទូអ្នកទិញមាស ទើបសុំត្រលប់ទៅវិញ អោយខ្ញុំចាំបន្ដិច ដោយសារតែឃើញមេឃនៅភ្លឺទើបខ្ញុំមិនទៅជាមួយ ដល់ពេលចាំយូរពេក ខ្ញុំក៏ដើរ បណ្ដើរៗ ស្រាប់មេឃងងឹតតែម្ដង ស្រាប់តែមានបុរសម្នាក់លបមកពីក្រោយខ្ញុំ ចាប់ខ្ញុំផ្ដួល បម្រុងបំពានលើខ្ញុំ ខ្ញុំខំតតាំងដែរ តែកម្លាំងខ្សោយជាងវា សំណាងហើយដែលបងមកជួយខ្ញុំទាន់ កុំអីខ្ញុំប្រាកដជា........។
- មិនអីទេ! ចាត់ទុកជាស៊យអូនចុះ ចាប់ពីថ្ងៃនេះតទៅ បងនឹងមិនអោយអូនទៅណាម្នាក់ឯងទៀតទេ ។
ស្អែកឡើងខ្ញុំបានឃើញអាឆើត រុំក្បាលនឹងបង់ ខ្ញុំសង្ស័យថាវាជាអ្នកបំពានអូននីតាយប់មិញ តែវានិយាយថាវាស្រវឹងដើរដួលបោកក្បាលនឹងស្ពានទេ ។ ក្រោយមកបានប្រហែលបួនប្រាំថ្ងៃ អាឆើតវាផឹកស្រវឹងទាំងថ្ងៃរួច ក៏ជេរប្រទេចផ្ដាសាម្ចាស់ព្រៃ ប្រមាថគ្រប់បែបយ៉ាង ស្រាប់តែពេលនោះ មានសម្លេងមួយស្រែកហឺស យ៉ាងខ្លាំងខ្ទរព្រៃ ឯអាឆើតវិញ ស្រាប់តែឈប់ជេរ ខ្លួនវាឡើងស្លេកដូចត្រីស្ងោរ ភ្នែកបញ្ឈរឡើងលើ គ្រាប់ភ្នែកប្រែជាពណ៌ស ញ័រកន្រ្តាក់ដៃកន្ដ្រាក់ជើង រួចឆ្លើយសារភាពថាវាជាអ្នកបំពានអូននីតា រួចក៏ស្រាប់តែដៃវាកាច់បំបាក់ឆ្អឹង ផស់ៗ គួរអោយស្រៀវណាស់ នៅទីបំផុត វាមួលកខ្លួនឯងបំបាក់តែម្ដង ។ ហេតុការណ៍ដ៏រន្ធត់នោះពិតជាធ្វើអោយខ្ញុំនិងអ្នកនៅទីនោះចងចាំមិនភ្លេចទេ ហើយក៏នាំគ្នារៀបចំសែនព្រេនថ្វាយម្ចាស់ព្រៃ ហើយក៏ត្រូវបានចាត់តាំងជាភូមិមួយឡើង ហើយតាំងពីពេលនោះមកក៏មិនមាននរណាហ៊ានជេរប្រមាថ ឬធ្វើអំពើបាបកម្មទៀតដែរ ។
“សូមចងចាំថា បើអ្នកមិនជឿ សូមកុំប្រមាថ “
0 មតិយោបល់:
Post a Comment