Sunday, May 23, 2021

រឿងព្រាយក្រឡាភ្លើង

 


តាមពិតរឿងព្រាយក្រឡាភ្លើងនេះ តែងតែកើតឡើងមានឡើងចំពោះស្រ្ដីដែលមានផ្ទៃពោះ ព្រោះកាលណាតែមិនប្រយ័ត្នក្នុងការឆ្លងទន្លេ នឹងអាចកើតជាក្រឡាភ្លើងបាន ហើយក្រឡាភ្លើងនេះទៀតសោត បើតាមក្បួនគ្រូពេទ្យ វាជាប្រភេទជម្ងឺម្យ៉ាងប៉ុណ្ណោះ ។

          រឿងនេះតំណាលពីបងស្រីរ័ត្ន គាត់ជាស្រ្ដីមេម៉ាយ ដែលត្រូវប្ដីគាត់លែងលះគ្នា គាត់ក៏ចាកចេញពីស្រុកកំណើតមករស់នៅទីជនបទ ដើម្បីគ្រាន់នឹងរកប្រាក់ចិញ្ចឹមជីវិតម្ដាយនិងកូនដ៏កំសត់នោះ គាត់បានសុំនៅក្នុងខ្ទមនៅស្រែរបស់អ៊ំចិន្ដា គាត់ជាមនុស្សចិត្តបានណាស់ គាត់អោយបងស្រីរ័ត្នស្នាក់នៅទីនោះបណ្ដោះអាសន្ន ដោយសារតែគាត់ក៏មានជីវភាពខ្វះខាតដែរ ខ្ទមនោះនៅឆ្ងាយពីគេឯងបន្ដិច ប៉ុន្ដែហេតុតែទាល់ បងស្រីរ័ត្នបានត្រឹមតែទ្រាំ ប៉ុន្ដែអ្នកភូមិស្រលាញ់គាត់គ្រប់គ្នា ម្យ៉ាងដោយសារតែការអាណិតផង ដោយសារតែគាត់ខ្លួនមួយម្នាក់ឯង ប៉ុន្ដែគាត់ឧស្សាហ៍ប្រឹងប្រែងធ្វើការណាស់ ហើយក៏បានដាំដំណាំខ្លះទុកគ្រាន់នឹងបេះហូប នៅពេលគាត់ទៅរស់នៅទីនោះ គាត់មានផ្ទៃពោះជាង០៦ខែទៅហើយ ប៉ុន្ដែដោយសារតែទីជនបទដាច់ស្រយាល គាត់មិនបានទៅពិនិត្យពោះអីទេ ដោយហូបតែថ្នាំខ្មែរ សង្ឃឹមថានឹងបានល្អគាប់ កូនមកនឹងមានសុខភាពល្អមិនខាន ។

          នៅទីនោះមានអន្ទិតម្នាក់ទើបនឹងសឹក មានចិត្តស្រលាញ់បងស្រីរ័ត្ន ប៉ុន្ដែគាត់បដិសេធដោយយល់ថាខ្លួនជាស្រីមេម៉ាយផង មានផ្ទៃពោះផង មិនសាកសមនឹងគាត់ជាកំលោះនោះទេ ម្យ៉ាងជាអ្នកបួសរៀនមិនខ្វះទេ នារីៗដែលតាមស្រលាញ់នោះ ប៉ុន្ដែយ៉ាងណាលោកបង   អន្ទិតនៅតាមលួងលោម និងតាមជួយគាត់គ្រប់បែបយ៉ាង រហូតបងស្រីរ័ត្នគាត់ព្រមទទួលលោកបងអន្ទិតជាស្វាមីរស់នៅជាមួយគ្នា យ៉ាងសុខក្សេមក្សាន្ដ ។

          ប៉ុន្ដែជាអកុសលនៅថ្ងៃមួយលោកបងអន្ទិត គាត់បានទៅចេញទៅស្រែ ដើម្បីទៅមើលសន្ទូងថាល្អឬអត់? មុនចេញទៅគាត់បានផ្ដាំបងស្រីរ័ត្នថា កុំអោយធ្វើអ្វីធ្ងន់អោយសោះព្រោះ អូនមានកូនផង ចាំពេលបងត្រលប់មកវិញ ចាំបងអ្នកធ្វើ បងទៅតែមួយស្របក់ទេ អូនសម្រាកទៅ ។ ក្រោយពីពេលបងអន្ទិតចេញទៅ ស្រាប់តែមានមនុស្សប្រមឹក២នាក់ បានដើរមកដល់ផ្ទះបងស្រីរ័ត្ន ដោយអំនាចតណ្ហា ពួកគេបានចាប់រំលោភបងស្រីរ័ត្ន ហើយដើម្បីបំបាត់ភស្ដុតាង ពួកគេបានច្រានបងស្រីរ័ត្ន ទំលាក់ពីលើផ្ទះ ធ្វើដូចជាគាត់រអិលជើងដួលអញ្ចឹង បណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតភ្លាមៗ ។ ដោយសារតែមិនអស់ចិត្ត ព្រលឹងបងស្រីរ័ត្នបានបណ្ដាលឲ្យគាត់ក្លាយជាព្រាយក្រឡាភ្លើង ដោយមើលទៅដូចជាមនុស្សធម្មតា ពេលបងអន្ទិតត្រលប់មកវិញ ដោយទឹកមុខញញឹមពីចំងាយ ព្រោះឃើញបងស្រីរ័ត្នកំពុងតែស្លសម្លប្រហើរមានក្លិនឈ្ងុញគួរឲ្យចង់ពិសាណាស់ បងអន្ទិតដើរមកអោយប្រពន្ធពីក្រោយដោយក្ដីរីករាយ ដោយឧទានឡើងថា៖

-       ថ្ងៃនេះបានសម្លអីដែរ ! ទំនងឆ្ងាញ់ណាស់ ន៎!

-       សម្លសម្លក់ប្រហើរហ្នឹង មិនដឹងឈ្ងុញស្អីទេ មិនទាន់បានដាក់គ្រឿងផង ចេះតែបញ្ជោរគេហើយ

-       មែនតើ! សម្លដែលអូនស្ល ឆ្ងាញ់ទាំងអស់

ពួកគាត់ពិតជារីករាយណាស់ នៅពេលយប់ឡើង ខណៈ នាយផាង ក្នុងចំណោមពួកម៉ាកកំពុងតែផឹកទឹកត្នោតជូ យ៉ាងតាប៉ែឡ៉ត នាយផាងងើបឡើងទៅឈឺនោម បានបន្ដិច ត្រលប់មកវិញ ស្រាប់តែក្រុមពួកម៉ាក បានឃើញស្រមោលស្ទង់ៗកំពុងតែដើរមករកពួក គេ គេស្គាល់ច្បាស់ គឺបងស្រីរ័ត្ន ប៉ុន្ដែមានតែនាយផាងម្នាក់ទេ ដែលដឹងថាបងស្រីរ័ត្នស្លាប់ ព្រោះវាជារំលោភនិងសម្លាប់បងស្រីរ័ត្នដោយផ្ទាល់ដៃ ។ គ្រាន់តែឃើញបងស្រីរ័ត្នភ្លាម នាយផាង ស្រែកយ៉ាងឮថា ៖ ខ្មោចៗ ខ្មោចៗ រួចនាយក៏ស្ទុះរត់ចេញយ៉ាងលឿន ឯពួកម៉ាកផ្សេងៗ ទៀតនាំគ្នាសើចព្រាត យី!អានីស បងស្រីរ័ត្នតើ យី! តាមពិតអាផាងនេះខ្លាច ស្រីពោះធំតើ ហាសហាសហា កំពុងតែសើចស្រាប់តែបងស្រីរ័ត្នហោះស្ទុយ ធ្លាក់ក្បាលមកលើគ្រែខ្ពោក ម្នាក់ប្រែជាស្ងៀមស្ងាត់ ចំហរមាត់ រួចក៏ស្រែកថាខ្មោចៗ ហើយក៏រត់យកប្រាសអាយុរៀងខ្លួន ។

 និយាយពីនាយផាង រត់ដល់ដីដំបូកក្នុងព្រៃឬស្សីមួយក៏ឈប់សម្រាកសិន ដោយគិតថា បងស្រីរ័ត្នឈប់ដេញតាមហើយ ប៉ុន្ដែមិនដូចការគិតនោះ ក្បាលរបស់ស្រីរ័ត្នបានធ្លាក់នៅពីមុខនាយផាង ហើយនិយាយថា៖ ហេតុអ្វីបានជាឯងសម្លាប់យើង ហេតុអ្វី ឯងត្រូវតែស្លាប់ ៗ ខណៈនោះក្បាលបងស្រីរ័ត្នបានហោះទៅខាំករបស់នាយផាងរបស់ដល់ស្លាប់ ។ ព្រឹកឡើងគ្រប់គ្នាផ្អើលទៅមើលសាកសពរបស់នាយផាង ហើយក្រុមពួកម៉ាករបស់នាយផាង បានប្រាប់ថា បងស្រីរ័ត្នជាខ្មោច បងស្រីរ័ត្នជាអ្នកសម្លាប់វា ប៉ុន្ដែគ្រប់គ្នាមិនជឿព្រោះឃើញបងស្រីរ័ត្ននៅរស់ជ្រងោៗសោះ ។

លុះស្អែកឡើងនាយប្រុញ ជាដៃគូរបស់នាយផាង បានដឹងខ្លួនថាច្បាស់ជាបងស្រីរ័ត្ននឹងទៅរកវាមិនខាន ទើបសម្រេចចិត្តកុហកប្រពន្ធថាទៅលេងស្រុកកំណើតមួយរយៈ ប្រហែលជាបួនប្រាំថ្ងៃប៉ុណ្ណោះ តែតាមពិតនាយប្រុញបានរត់ទៅនៅវត្ត សុំឲ្យលោកឪជួយធ្វើគាថាការពារខ្លួន ដើម្បីការពារបងស្រីរ័ត្នធ្វើបាបបាន ក្រោយពីបានសម្រេចហើយនាយប្រុញបានត្រលប់មកផ្ទះវិញ ហើយបានទៅបបួលមិត្តភក្ដិពួកភឿន ផឹកទឹកត្នោតជូ នៅឯវាលស្រែក្បែរខ្ទមបងស្រីរ័ត្នទៀត ក្រោយពីផឹកបានមួយសន្ទុះបងស្រីរ័ត្នក៏ទៅរកនាយប្រុញ មែន ប៉ុន្ដែបែរជាធ្វើអ្វីមិនបានព្រោះតែខ្សែកព្រះដែលនាយពាក់ ប៉ៈពេលណាគាត់ក្ដៅពេលនោះ ក្ដៅក្រហល់ក្រហាយ ហើយក៏រលាយបាត់ទៅ នាយប្រុញខំតែសប្បាយចិត្ត មួយសន្ទុះពេលដែលស្រវឹងវ៉ែវ៉ល់ហើយ នាយប្រុញដើរមកផ្ទះវិញហើយស្រែកខ្លាំង ៖

-       ខ្មោចអាច់អីទេ ! បើគ្រាន់បើចេញមក អញមិនខ្លាច ហាសហាសហា

ខណៈពេលនោះស្រាប់តែលេចចេញនាងវរល័ក្ខជាមនុស្សស្រីដែលនាយប្រុញស្រលាញ់ដើរមកតាមផ្លូវ ឃើញភ្លាមនាយស្ទុះភ្លែត៖

-       អូនល័ក្ខ ម្ដេចក៏ដើរម្នាក់ឯងយប់ព្រលប់បែបនេះ

-       អូនមករកបងហ្នឹងណា

-       ថាម៉េច! មករកបង ចុះពេលជួបបងនៅឯភូមិម្ដេចក៏ធ្វើឬកសម្ញែងមិនព្រមនិយាយ​ដាក់បង មានតែជេរថាបងជាមនុស្សអាក្រក់ទៀត

-       ឲ្យអូនសុំទោស មកពីអូនមិនចង់អ្នកដទៃគេដឹងចិត្ត ខ្លាចគេច្រណែនបង ខ្លាចគេរករឿងបងតើ! អូនចង់ឲ្យយើងទាំងពីរមានឱកាសស្ងាត់ៗតើ បងឯងនេះអត់យល់ចិត្តគេសោះទេអី!

-       អូ! អញ្ចឹងទេ ! នាយប្រុញបានឱកាសក៏ចាប់ផ្ដើមអោបនាងល័ក្ខ រួចក៏ថើបនាង នាងក៏ស្រែកឡើង៖

-       ស្អីទេបងឯង ពាក់ខ្សែកស្អីទេ ចាក់សាច់អូនឈឺណាស់ ដោះទុកសិនទៅ កុំឲ្យទើសទាល់

ដោយតណ្ហាដល់ក នាយប្រុញដោះខ្សែកចេញ ស្រាប់តែនាងល័ក្ខប្រែក្លាយជាខ្មោចបងស្រីរ័ត្នភ្លាមៗ គាត់ច្របាច់កនាយប្រុញ​ ហើយនិយាយថា ឯងរំលោភយើងហើយសម្លាប់យើងទៀត ឯងកុំរស់អី ! គាត់រុញនាយប្រុកទៅនឹងដីដំបូក ហើយក៏ឲ្យនាយរំលោភដីដំបូកនោះរហូតដល់ស្លាប់ ។

ក្រោយមកបងស្រីរ័ត្នក៏ប្រាប់រឿងរ៉ាវទាំងអស់ដល់ប្ដីឲ្យបានដឹង នឹងបានសុំលាប្ដី ទៅរកចាប់ជាតិកំណើតថ្មី បងអន្ទិតយំយ៉ាងខ្លាំងស្ដាយស្រណោះប្រពន្ធ និងកូនក្នុងផ្ទៃ មិនគួរណាចាកចេញដោយគ្មានថ្ងៃត្រលប់យ៉ាងនេះសោះ ។ បងអន្ទិតបាននិមន្ដលោកមកសូត្រធម៌បង្សុកូល ឧទ្ទិសកុសលឲ្យវិញ្ញាក្ខន្ធបងស្រីរ័ត្នបានទៅចាប់កំណើតថ្មីនៅឋានថ្មី កុំឲ្យមានវាសនាអភ័ព្វដូចជាតិនេះទៀត ។

0 មតិយោបល់:

Post a Comment