Friday, May 21, 2021

សុបិន្ដចម្លែក

 


          យល់សប្ដិ ឬសុបិន្ដ មនុស្សគ្រប់គ្នាតែងតែមានគ្រប់គ្នា គ្រាន់តែថាមនុស្សខ្លះ យល់សប្ដិល្អ ខ្លះយល់សប្ដិអាក្រក់ប៉ុណ្ណោះ ។ ថ្ងៃនេះខ្ញុំនឹងយករឿងសុបិន្ដចម្លែករបស់បងស្រីធីតា គាត់មានអាយុប្រហែលជាសាមសិបឆ្នាំ រៀងរាល់ថ្ងៃសីលគាត់តែងតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តមិនដែលខានទេ គាត់ជាមនុស្សមាននិស្ស័យនឹងធម៌អារ្យណាស់​ហើយគាត់តែងតែសមាទានសីលមិនដែលខាននោះទេ ។ នៅថ្ងៃមួយបងស្រីធីតា បងស្រី គាត់យល់សប្ដិចម្លែក គាត់យល់ឃើញថាបងប្រុសដា ជាអ្នកជិតខាងគាត់នឹងមានគ្រោះថ្នាក់ម៉ូតូបុក នៅម៉ោង១២ថ្ងៃត្រង់ស្អែក គាត់ឃើញស្ដែងៗណាស់ ហេតុនេះហើយព្រឹកឡើង គាត់បានដើរទៅប្រាប់ប្រពន្ធបងដាថា អោយឃាត់បងដាកុំអោយចេញទៅណាអីនៅម៉ោង១២ថ្ងៃត្រង់ ព្រោះគាត់បានយល់សប្ដិឃើញគាត់មានគ្រោះថ្នាក់ នៅពេលដែលនិយាយរួចគ្រួសារបងដាមិនហ៊ានចេញទៅណាទេ ប៉ុន្ដែចៃដន្យអីគ្រូនៅសាលារៀនទូរស័ព្ទប្រាប់ថាកូនស្រីគាត់វត្តី ខ្យល់គ នៅកំពុងតែរៀបចំសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បងដានិងប្រពន្ធដោយភ័យពេក ភ្លេចរឿងដែលបងស្រីធីតាប្រាប់ ក៏រៀបចំខ្លួនទៅមន្ទីរពេទ្យ ក្រោយពីកូនគាត់បានធូរស្រាលហើយ គាត់ក៏នាំត្រលប់មកផ្ទះវិញ មកដល់មុខផ្ទះ ម៉ូតូបងដាក៏បែកកង់មុខ ប្រពន្ធនឹងកូនគាត់នាំគ្នាចុះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បោះពួយពេញមួយទំហឹង មកបុកបងដា បណ្ដាលអោយស្លាប់ទាំងអ្នកបុក ស្លាប់ទាំងបងដា ពេលនោះគឺម៉ោង១២ត្រង់ល្មម ។ ហេតុការណ៍នោះពិតជាគួរអោយតក់ស្លុតជាតក្កមា ប្រពន្ធនិងកូនបងដា យំអោបស្ដាយគាត់ ដោយសារតែភ័យនឹងកូន បែរជាភ្លេចគ្រោះខ្លួន វាហាក់បីដូចជាលឿនពេកហើយ ។

          បីថ្ងៃក្រោយមក បងស្រីធីតា បានយល់សប្ដិថា​និងមានសត្វព្រៃរត់ចូលស្រុក ហើយនឹងធ្វើអោយមានគ្រោះថ្នាក់ដល់មនុស្សវ័យចំណាស់អាយុ៥០ឆ្នាំប្លាយបីនាក់ បងស្រីធីតាពិតជាមិនអាចបណ្ដោយអោយរឿងនេះកើតឡើងម្ដងទៀតទេ​ គាត់ក៏បានទូរស័ព្ទប្រាប់   ចាស់ៗ ដែលមានអាយុចាប់ពី៥០ឆ្នាំឡើង កុំអោយដើរចេញទៅណា ចៃដន្យអីថ្ងៃនោះ ជាថ្ងៃឧបោសថសីលទៀត សូម្បីតែបងស្រីធីតាក៏ត្រូវទៅវត្តដែរ គាត់ភ័យព្រួយណាស់ គាត់នៅក្នុងវត្តបានហាមឃាត់ សុំមិនអោយអ្នកមានអាយុ៥០ឆ្នាំឡើង ចេញពីវត្តទេ រង់ចាំអោយកូនចៅមកទទួល ខណៈកំពុងតែហូបបាយថ្ងៃត្រង់រួច ស្រាប់តែគ្រប់គ្នាផ្អើលឈូរ ថាមានសត្វព្រៃមួយក្បាលរត់ចូលវត្ត ដោយចោមរោមមើល បងធីតាគិតថាប្រហែលជាសត្វឈ្លូស ហើយមើលទៅ គាត់ក៏ដើរសំដៅទៅកាន់ហ្វូងមនុស្ស ស្រាប់តែឃើញសត្វនោះជាជ្រូកព្រៃដែលរងរបួសទៅវិញ ។ ឃើញស្ថានភាពបែបនេះបងស្រីធីតានឹកឃើញដល់រឿងយល់សប្ដិ គាត់ក៏ស្រែកហៅមនុស្សចាស់ឡើងលើសាលាឆាន់ ប៉ុន្ដែគ្មាននរណាស្ដាប់គាត់ឡើយ​ គាត់ក៏រត់ទៅពិតទូលព្រះចៅអធិការវត្ត ដើម្បីសុំអោយជួយ ។ ក្រោយស្ដាប់រឿងរ៉ាវរួច លោកចៅអធិការវត្តក៏គោះជួង ហៅយាយៗតាៗឡើងលើ សាលាឆាន់ជាបន្ទាន់ថាមានរឿងចង់ប្រាប់ គ្រប់គ្នារួសរាន់ឡើងតាម ប៉ុន្ដែលោកយាយម្នាក់វ័យជរាជាងគេ ដើរមិនទាន់គេ ស្រាប់តែត្រូវជ្រូកព្រៃនោះរត់មកបុក ខ្វេះពោះ ខ្វះមុខ បណ្ដាលអោយបាត់បង់ជីវិតទៅ ហើយវាក៏រត់ចូលព្រៃវិញបាត់  គ្រប់គ្នាក៏នឹកដល់សម្ដីបងស្រីធីតាដែលបានប្រាប់ ទើបនាំគ្នាសុំទោសដល់បងស្រីធីតា ។

          ក្រោយហេតុការណ៍នោះបងស្រីធីតា បានចូលសួរព្រះចៅអធិការវត្ត អោយជួយមើលអោយហេតុអី្វបានជាគាត់មើលរឿងទាំងអស់នេះទៅវិញ ។

          ព្រះចៅអធិការវត្តបានប្រមើលមើល និងបានមានសង្ឃដីកាថា “ ពីអតីតជាតិបងស្រី គឺជាមនុស្សអភ័ព្វណាស់ ប៉ុន្ដែដោយសារតែបានជួយមនុស្សពិការភ្នែកម្នាក់ ទើបកុសលផលបុណ្យជាតិនេះ បានជួយអោយបងស្រីអាចមើលឃើញហេតុការណ៍មុន ដើម្បីសង្គ្រោះម្ចាស់កម្មពៀរដែលបានធើ្វបាបមនុស្សពិការភ្នែកនោះ “ អ្នកដែលបានជួបគ្រោះថ្នាក់ សុទ្ធតែបានជំពាក់កម្មពីជាតិមុនមក” ។ ពេលវេលាដែលត្រូវសងកម្មនោះ វាអាស្រ័យថា តើនរណាបានសាងកម្មច្រើន ឬតិចប៉ុណ្ណោះ ដូចនេះញោមកុំបារម្ភអី អ្វីគ្រប់យ៉ាងជាអនិច្ចំ សូមរក្សាការសន្សំកុសលរបស់ញោមបន្ដទៀតទៅចុះ ។

          អស់ពេលជាច្រើនខែកន្លងទៅ បងស្រីធីតាតែងតែទៅធ្វើបុណ្យនៅតាមវត្តនានា មិនថាជិត ឬឆ្ងាយ ការដាក់ទានអោយអ្នកទាំងពួង ជាពិសេសអ្នកខ្វះខាត​ ក្មេងកំព្រា រហូតដល់ថ្ងៃ១៥កើត ជាថ្ងៃសីល បងស្រីធីតា បាននាំគ្រួសារបងដាទៅវត្ត និងដើម្បីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ដរបស់បងដាផងដែរ នៅពេលទៅដល់វត្តបានជួបជាមួយព្រះចៅអធិការវត្ត បងដាភ្ញាក់ព្រើតឡើង ហើយក៏បានប្រាប់ថា រូបគាត់ធ្លាប់យល់សប្ដិឃើញព្រះចៅអធិការវត្តដែរ ប៉ុន្ដែមិនមែនជាភេទអ្នកបួសទេ គឺជាគ្រហស្ថដែលពិការភ្នែកមានខោអាវរហែករយ៉ីរយាកខ្លាំងណាស់ មកដល់ចំណុចនេះ បងស្រីក៏សូម      ខមាលទោសពីព្រះចៅអធិការវត្ត និងសុំអោយលោកជួយបំភ្លឺរឿងនេះដែរ ។

          ដោយសារតែឱកាសមកដល់ ព្រះចៅអធិការវត្តក៏អោយញោមទាំងពីរអង្គុយចុះ លោកក៏ធ្វើវិបស្សនាញាណឃើញកាលពីអតីតជាតិ រួចរៀបរាប់ថា៖

          ចូរញោមទាំងពីរស្ដាប់ តាមញាណដែលអាត្មាឃើញ កាលពីជាតិមុន អាត្មាឈ្មោះសុខ គឺជាក្មេងកំព្រាដែលឪពុកម្ដាយស្លាប់ចោលតាំងពីនៅតូច គឺមានលោកយាយម្នាក់យកអាត្មាទៅចិញ្ចឹមនៅវត្ត ដើម្បីរៀនសូត្រនឹងគេ ក្រោយមកពេលអាត្មាអាយុ១០ឆ្នាំ នៅពេលអាត្មាមកពីបិណ្ឌបាត្រជាមួយព្រះចៅអធិការវត្ត ញោមប្រុសសុភ័ក្រ(ញោមដាជាតិនេះ) បានឃើញអាត្មា ហើយបានសើចឡកឡឺយដាក់អាត្មា ថាជាកូនគ្មានម៉ែឪ រស់នៅដោយសារតែបាយអ្នកស្រុក ហើយនៅថ្ងៃមួយអាត្មាបានឃើញញោមសុភ័ក្រ ធ្វើការបំពានលើនារីម្នាក់ ហើយបានសម្លាប់នាងចោលទៀត អាត្មាភ័យណាស់ក៏រត់ចេញ តែត្រូវញោមសុភ័ក្រ ប្រទះឃើញហើយក៏ចាប់ខ្វះភ្នែកទាំងគូ ហើយគម្រាមថាបើអាត្មានិយាយរឿងនេះប្រាប់អ្នកដទៃ គាត់នឹងសម្លាប់អាត្មាចោល ។ ក្រោយពីពិការភ្នែកហើយ អាត្មាត្រូវបានញោមស្រីលក្ខិណា(បងស្រីធីតាជាតិនេះ) បានជួយចិញ្ចឹមថែរក្សា ទំនុកបំរុង រហូតដល់អាត្មាអាយុ២០ឆ្នាំ ក៏ត្រូវបានមនុស្ស៣នាក់ទៀត បានបោកបញ្ឆោតអាត្មាយកអាត្មាទៅលក់ និងនៅទីបំផុត អាត្មាត្រូវគេសម្លាប់នៅពេលដែលអាត្មាធ្វើការអោយគេមិនបាន នៅចុងបញ្ចប់នៃជីវិត អាត្មាបានដាក់បណ្ដាសារនិងចងគំនុំអ្នកទាំងនោះគ្រប់ជាតិ ។ ដោយហេតុតែឃើញពីអតីតជាតិនេះហើយ ទើបអាត្មាបួស ដើម្បីបំពេញកុសលដែលអាត្មាខ្វះកាលពីជាតិមុន បំពេញកុសលជូនម្ចាស់កម្មពៀរពីជាតិមុន អាត្មាបានឧហោសិកម្មអោយអ្នករាល់គ្នាហើយ សូមតែញាតិញោមខិតខំបំពេញកុសលអោយបានទៀងទាត់ ចូរចាំថាយើងមិនអាចមើលឃើញជាតិមុន ឬជាតិក្រោយទេ សំខាន់នាពេលបច្ចុប្បន្នក្នុងជាតិនេះ គួរខិតខំសាងអំពើល្អ កុសលនឹងជូនទៅអ្នកទាំងអស់គ្នាក្នុងបរលោកខាងមុខ ។

          ក្រោយពីបានស្ដាប់រឿងរ៉ាវទាំងឡាយបានយល់សព្វសេចក្ដីហើយ បងស្រីធីតា និងប្រពន្ធបងដា ក៏ថ្វាយបង្គំលាព្រះចៅអធិការ និងបានព្យាយាមធ្វើបុណ្យបំពេញកុសល ដែលខានឡើយ ។

“ធម្មទានំ សព្វទានំ ជានាតិ”

ធម្មទានជាទានដ៏ប្រសើរក្រៃលែង លើសអស់ទានទាំងពួង ។

0 មតិយោបល់:

Post a Comment