Wednesday, August 5, 2020

រឿងខ្មោចក្នុងបន្ទប់ទឹក



រឿងនេះបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន កាលណោះខ្ញុំបានទៅទស្សនកិច្ចសិក្សា នៅឯកោះពេជ្រ ក្រុមការងារបានជួលផ្ទះសំណាក់មួយនៅក្បែរផ្សារធំថ្មី នៅនោះក្រុមការងារបានរៀបចំបែងចែកបន្ទប់មួយយប់២០ដុល្លារ ហើយត្រូវដេកចំនួន ០៣យប់ ប៉ុន្ដែដើម្បីចំណេញក្នុងមួយបន្ទប់មានអាចបានបួននាក់ ដើម្បីអាចសល់លុយខ្លះមកផ្ទះវិញ ។
នៅថ្ងៃទី១ ក្រុមការងារបាននាំខ្ញុំទៅមើលកន្លែងរៀបចំមហោស្រពនៅឯកោះពេជ្រ នៅអាគារ G នៅទីនោះពិតជាធំណាស់ ធម្មតាយើងជាអ្នកស្រុកស្រែមិនដែលធ្លាប់ទៅទីក្រុង និយាយដោយត្រង់មានអារម្មណ៍ថាដូចស្វាចូលទីក្រុងអញ្ចឹង នៅមិនស្ងៀមសោះ មើលលិច មើលកើត សឹងតែធ្វើអោយអ្នកគ្រប់គ្នានៅភ្នំពេញយល់ថាអ្នកស្រែមិនដែលចូលក្រុងអញ្ចឹងឯង ប៉ុន្ដែអ្នកស្រែសម័យនេះមិនមែនដូចមុនទេ ស៊ីវីល័យជាងអ្នកក្រុងទៀតនោះ ។ មកដល់កន្លែងមហាស្រពខ្ញុំជាប្រធានក្រុម ដូចនេះខ្ញុំត្រូវទៅរៀបចំមុន បន្ទាប់ពីបានរៀបចំរួច ក៏នាំគ្នាទៅផ្សារអ៊ីអនម៉ល១ គ្រាន់តែឃើញផ្សារមានអារម្មណ៍ថាចង់វិលមុខ ធំនោះធំ ចង់ធំជាងសាលាខេត្តឯងទៅហើយ ខ្ញុំក៏ដើរចូលក្នុងសុទ្ធតែកញ្ចក់មើលឃើញគ្នា ពេលឡើងជណ្ដើរយន្ដ ម្នាក់ៗខ្លាចណាស់ សុទ្ធតែលោតឡើងលើកាំជណ្ដើរ ធ្វើអោយគេលាន់មាត់សើចគ្រប់គ្នា ។ នៅទីនោះឥវ៉ាន់ថ្លៃៗណាស់ គ្រាន់តែខ្សែក្រវ៉ាត់មួយជាង១០ដុល្លារ យី! នៅឯភូមិមួយតែ៥០០០ពាន់ពាក់បានស្រេច ហាសហាសហា អ្នកស្រែគិត      អញ្ចឹងម៉ងអី មិនយូរប៉ុន្មានខ្ញុំក៏ក្រលេកឃើញនារីម្នាក់ដែលកំពុងតែលក់ឥវ៉ាន់ វ៉ាវៗ ខ្ចីញ៉េញ ស្អាតម្ល៉េះព្រះអើយ សក់ក៏វែង បិះលង់ទៅហើយ នៅពេលដើរទៅជិតទើបដឹងថា តាមពិតមិត្តរួមថ្នាក់ឯងសោះ យ៉ាប់ណាស់ ឃើញគេស្អាតមិនបាន ។
តោះកុំនិយាយយូរពេកកុំអោយមិត្តអ្នកអាន អានហើយថាអានម៉ៃ្ងហើយ ឃើញនិយាយពីរឿងឯណាឯណីណាឆ្កុយ តោះនៅពេលខ្ញុំត្រលប់មកមើលកន្លែងធ្វើមហាស្រពវិញ ខ្ញុំក៏មានអារម្មណ៍ថាឈឺបត់ជើងតូច ខ្ញុំក៏ដើរទៅបន្ទប់ទឹក ស្រាប់តែឈឺបត់ជើងធំវិញ ស៊ាំម៉ងអាពោះហ្នឹង ពេលដែលចូលទៅបង្គន់ចង្រៃអី ទ្វារបិទទាំងអស់ ខ្ញុំគិតថាប្រហែលជាមានអ្នកចូលអស់ហើយ ខ្ញុំក៏ឈរទ្រាំចាំបន្ដិច ប្រហែលមួយសន្ទុះក្រោយមក ក៏ទ្រាំមិនបាន ក៏ដាច់ចិត្តគោះទ្វារ តែគ្មានអ្នកឆ្លើយ ខ្ញុំក៏សម្រេចចិត្តរុញទ្វារ ហើយចូលទៅ គឺថាអត់មានមនុស្សផង ស៊ាំម្ល៉េះ! ឯងឈឺពោះចង់ក្ដៀនហើយ ។ ក្រោយពីបានលាចាករោគាហើយ ខ្ញុំបំរុងនឹងចេញពីបន្ទប់ ស្រាប់តែឮសម្លេងមនុស្សពីរនាក់កំពុងតែជជែកគ្នា ៖
ហែង! ត្រូវចាំណា ហែងមិនត្រូវយករឿងនេះប្រាប់អ្នកណាឲ្យបានដឹងទេ បើមិនអញ្ចឹងទេ ហែង...ងាប់ អញប្រាប់!
ស្អីហ្អា៎! ហែងមើលតែអញហ្នឹងល្ងង់ ទៅដើរនិយាយប្រាប់គេនោះ
អើ! កុំឲ្យតែអញដឹងថាមានព័ត៌មានលេចឮចេញពីហែង កុំថាអញមិនបានប្រាប់
ស្រាប់តែមានឮសម្លេងទូរស័ព្ទ បុរសនោះនិយាយទូរស័ព្ទហើយ ក៏ស្រាប់តែឮ     សម្លេងស្រែក ៖
អូយ! ក្រែងអញប្រាប់ថាអញមិននិយាយទេ ម៉េចក៏ឯងមកសម្លាប់អញទៀត
មានតែខ្មោចទេ ដែលវាមិនអាចនិយាយបាន
បន្ទាប់មកនៅក្បែរបន្ទប់ខ្ញុំឮសម្លេងបើកទ្វារ ហើយបិទទៅវិញ ក្រោយស្ងប់ស្ងាត់ ខ្ញុំក៏លបចេញមកក្រៅ ហើយអើតទៅមើលបន្ទប់ដែលនៅជិតនោះ ពេលបើកទ្វារទៅស្រាប់តែ គ្មានអ្វីសោះ ខ្ញុំគិតថាចុះមនុស្សកាប់ចាក់គ្នាអំបាញ់មិញនោះទៅណាបាត់ហើយ ខ្ញុំក៏ដើររកមើលគ្រប់សព្វកន្លែងនៅតែមិនឃើញ ខ្ញុំក៏សម្រេចចិត្ត ត្រលប់ទៅផ្ទះសំណាក់វិញ ។
ខណៈពេលដែលកំពុងតែជិះជណ្ដើរយន្ដឡើងទៅជាន់ទី៣ ខ្ញុំនៅក្នុងជណ្ដើរយន្ដ មានមនុស្សប្រុសម្នាក់មុខឡើងស្លេកស្លាំង ជិះជាមួយខ្ញុំក៏សួរគាត់ថា៖
បង! បង​ ៗ ឈឺក៏អីមុខក៏ស្លេកស្លាំងម្ល៉េះ
បងមិនអីទេ​ប្រហែលជារងាខ្លាំងពេកហើយមើលទៅ
យី!រងាស្អី ខ្ញុំក្ដៅចង់ងាប់ហើយហ្នឹង
ពេលដែលជណ្ដើរយន្ដបើក ខ្ញុំចង់ភ្ញាក់ព្រោះជួបនឹងអូនម៉ាប់(ជាក្រុមការងារ ហើយនិយាយអោយត្រង់ទៅ គឺលួចស្រលាញ់គាត់តែម្ដង ព្រោះស្និទ្ធស្នាលគ្នាខ្លាំងគ្រប់ពេល)
ចុះបងឯងមកម្នាក់ឯងទេអី !
យី!ម្នាក់ឯងឯណា ! មានគេ២នាក់ក្នុងនេះតើ (ខ្ញុំងាកទៅមើលស្រាប់តែបាត់មនុស្សអស់រលីង)
ខ្ញុំក៏និយាយអ្វីទៀត ក៏ឡើងទៅសម្រាកនៅឯបន្ទប់ រហូតដល់ម៉ោងជាង ០៨យប់ ទើបមានក្រុមការងារបីនាក់ទៀត មកសម្រាកដែរ ។ ខណៈពេលអ្នកទាំងអស់គ្នាដេកលក់ហើយ ម៉ោងប្រមាណជា១២យប់ ខ្ញុំក៏ឈឺបត់ជើងតូច ក៏ងើបទៅបន្ទប់ទឹក ស្រាប់តែឮសូរសម្លេងមនុស្សមុជទឹកទៅវិញ ខ្ញុំក៏ឆ្ងល់ថាតើនរណាគេមុជទឹកទាំងកណ្ដាលអាធ្រាត្របែបហ្នឹង ខ្ញុំងាកមើលអ្នកដេកនៅលើគ្រែ ឃើញថាគ្រប់គ្នាហើយ ខ្ញុំក៏ដាស់ម្នាក់ឡើង៖
សិដ្ឋ!ៗ ងើបឡើង មានឮសម្លេង មនុស្សមុជទឹកទេ
ឮតើបង! ចុះនរណាគេមុជទឹកអីទាំងកណ្ដាលយប់អញ្ចឹង 
បងមិនដឹងទេ ! គ្នាយើងនៅគ្រប់តើ
ខ្ញុំក៏ដាស់គ្រប់គ្នាអោយភ្ញាក់ រួចក៏បើកភ្លើង ហើយក៏បើកទា្វរបន្ទប់ទឹកស្រាប់តែពុំឃើញមានអ្វីទេ ឃើញតែក្បាលផ្កាឈូកបើកទឹកចោល ខ្ញុំក៏ទៅបិទ ហើយប្រុងបិទទ្វារ ស្រាប់តែក្បាលផ្កាឈូកបើកវិញទៀត ខ្ញុំក៏ប្រើអោយសិដ្ឋទៅបិទម្ដង ស្រាប់តែពេលសិដ្ឋដើរចូលទៅ ក្បាលផ្កាឈូកឈប់ហូរទឹក ប៉ុន្ដែបង្គន់បែរជាចុចទឹកចេញដោយខ្លួនឯង គ្រប់គ្នាភ័យណាស់ ក៏រត់ទៅរកទូរស័ព្ទប្រាប់អ្នកដឹកនាំក្រុម តែទូរស័ព្ទម្នាក់ៗមិនចេញ បាត់សេវាអស់រលីង ខ្ញុំក៏រត់ទៅចុចទូរស័ព្ទផ្ទះសំណាក់ ស្រាប់តែមានដៃមួយយ៉ាងត្រជាក់បានចាប់ដៃ របស់ខ្ញុំ ខ្ញុំស្ទើរគាំង ព្រោះមានត្រឹមតែកំភួនដៃប៉ុណ្ណឹង អ្វីៗផ្សេងពុំឃើញនោះទេ ក្មេងៗ ក៏គាំងស្រឡាំងកាំង ដាវីនក្មេងជាងគេក៏ស្រែឆោឡោឡើង ហើយក៏សន្លប់បាត់ស្មារតី ភ្លាមនោះ ខ្ញុំក៏ប្រឹងបេះដៃនោះចេញ តែមិនចេញ ខ្ញុំក៏ទាញកន្លែងមករុំដៃនោះ រួចរត់មកជួយដាវីន និងបានបើកទ្វារចេញ តែមិនរបើក ខ្ញុំក៏គោះទ្វារខ្លាំងៗ របស់ដល់មានអ្នកនៅជាប់ហ្នឹងបានឮ និងជួយហៅម្ចាស់ផ្ទះយកសោមកចាក់ ទើបមេដឹកនាំក្រុមបានមកដល់សួរ រួចគ្រប់ហេតុការណ៍ដែលកើតឡើង ខ្ញុំស្រាយកន្សែងចេញ រួចបង្ហាញដៃដែលចាប់ខ្ញុំនោះ នៅជាប់នៅឡើយ គ្រប់គ្នាស្ទើរតែមិនជឿនឹងភ្នែកទេ ក្នុងនោះមានបងស្រីម្នាក់ចាស់ទុំជាងគេ ក៏បានឧបកិច្ច សុំអោយម្ចាស់ដៃចាកចេញទៅ សន្យាថានឹងធ្វើបុណ្យអោយ ក្រោយមកដៃនោះក៏រលាយបាត់ទៅ ។ ពេលខ្ញុំត្រលប់មកវិញក៏នាំគ្នាទៅស្រោចទឹកចេញ និងបានយកចង្កាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលជូនដល់វិញ្ញាណក្ខន្ធម្ចាស់កម្មពៀរទាំងនោះ ។

0 មតិយោបល់:

Post a Comment