រឿងនេះជារឿងរបស់ពូឈិន ពូឈិនជាមន្រ្តីកងរាជអាវុធហត្ថ ដែលប្រចាំការ និងជាមនុស្សដែលមានការរាប់អានស្រលាញ់ច្រើន ពីក្រុមការងារពិសេសមេរបស់គាត់ ។ ដោយសារតែបែបនេះហើយ ទើបគាត់ត្រូវបានមេស្រលាញ់ ហើយក៏អោយគាត់ទៅតាមនៅផ្ទះឯចំការ ហើយក៏សុំអោយគាត់ស្នាក់នៅទីនោះ ដើម្បីយាមអោយ ។ ថ្ងៃនេះជាថ្ងៃចូលឆ្នាំគ្រប់ប្រជាជនខ្មែរទូទៅ គឺជាថ្ងៃសប្បាយ គ្រប់គ្នាទៅវត្ត ទិញខោអាវថ្មីៗ ឯពូឈិនក៏មិនខុសគ្នាដែរ ថ្ងៃនេះគាត់ត្រូវបានមេ ប៉ាវជប់លៀងយ៉ាងធំនៅផ្ទះឯចំការ ហើយក៏មានមិត្តរួមការងារជាច្រើនទៀត ពួកគេជប់លៀង ដោយមានការផឹកស៊ីតាំងពីព្រឹករហូតដល់យប់ម្នាក់ស្រវឹងយ៉ាងស្ពឹកមុខ បើទះវិញ ប្រហែលជាមិនឈឺនោះទេ ស្របពេលនោះពូឈិនក៏ចង់ឈឺនោម រួចក៏ដើរចេញពីវង់ផឹក៖
អើ! អញទៅនោមសិនវ៉ើយ!
មិនអីទេ! តែដើរអោយប្រយ័ត្ន ក្រែងដួលទាត់ខ្មោច ហាស ហាស ហា
អើ! មានអី ចាំអញដួលទាត់អោយមើល
គាត់បានដើរទៅនោមក្បែរដើមចេកមួយដើម ស្រាប់តែត្រូវពស់វែកពិសមួយក្បាលចឹកត្រូវកំភួនជើងគាត់ គាត់ក៏វាយពស់នោះរហូតដល់ងាប់ ហើយក៏កាន់មកក្រុមផឹកស៊ី ៖
នែ៎វ៉ើយ! អំបាញ់មិញអញទៅនោម ស្រាប់តែត្រូវពស់វែកចឹក នេះយកវាទៅឆាក្ដៅក្លែមទៅ
បងឈិន ! ចុម ប្រញាប់ទៅពេទ្យទៅ ពស់នេះពិសណាស់ ប្រយ័ត្នមានបញ្ហា
នែ៎! ឯងទៅខ្លាចអី ! ចឹកអីចឹកទៅ បើអញអត់ឈឺផង កុំខ្វល់ផឹកតទៅទៀត វាមិនងាប់ទេ គ្រាន់តែពស់ចឹកនោះ។
គ្រប់គ្នាក៏បន្ដផឹកស៊ីរហូតដល់យប់ជ្រៅខ្លាំង ទើបបំបែកគ្នាទៅដេករៀងៗខ្លួន ឯពូឈិន គាត់ទៅដេកផ្ទះចំការម្នាក់ឯង ដោយមិនខ្វល់ពីពស់ចឹកអីទេ គាត់បានបោះពាក្យថា ពួកហែងចាំមើល ស្អែកអញផឹកទៀត ហើយចាំពួកហែងនិយាយអញងាប់ឬងាប់ យី ! ពស់ចឹកសោះងាប់ដែរ ពួកអា ។
លុះស្អែកឡើង ពូឈិនគាត់ជិះម៉ូតូទៅផ្ទះខាងមុខ ដែលមានចម្ងាយពីផ្ទះចំការប្រហែល ០៧ហិកតា គ្រប់គ្នាលាន់មាត់ យី! បងឈិន ពស់ចឹកយប់មិញ អត់កើតអីទៀត ខ្លាំងមែន? ហើយឯណាស្នាមចឹក ចុម! ជាអស់បាត់ សាហាវ!
អញប្រាប់ហើយថា គ្រាន់តែពស់ចឹកវាមិនងាប់ទេ ! តោះផឹកទៀត កុំអោយខ្វល់
បានតើ! លើកនេះខ្ញុំនឹងភ្នាល់ជាមួយបង នរណាផឹករត់ ត្រូវតែជួយរៀបចំផ្ទះគ្នា មួយថ្ងៃ
បានតើ!
ពួកគេផឹកបន្ដរហូតយប់ជ្រៅ ប៉ុន្ដែពុំមាននរណារត់ម្នាក់ទេ ពិតជាខ្លាំងមែន ។ រំលងបានបីថ្ងៃ ពួកគេជួបជុំគ្នាម្ដងទៀត ប៉ុន្ដែលើកនេះ ស្រាប់តែពូឈិនបែរជាមុខឡើងស្លេក គ្រប់គ្នាបារម្ភក៏ពន្យល់គាត់អោយឈប់ផឹក រួចជូនគាត់ទៅផ្ទះ នៅពេលមកដល់ផ្ទះចំការ៖
បងឈិន ! បងឈិន បងមានធុំក្លិនស្អុយអីទេ ! ស្អុយដូចខ្មោចងាប់អញ្ចឹង
អញសង្ស័យតែកណ្ដុរវាងាប់ទេដឹង
យី! បងឯងកណ្ដុរងាប់ក៏មិនស្អុយដល់ម្ល៉ឹងទេ ហើយធុំក្លិននៅផ្ទះ តោះឡើងទៅមើល
នៅពេលឡើងទៅលើផ្ទះ សម្បតិ្តដែលឌុបពូឈិន ទៅផ្ទះចំការក៏លាន់មាត់ស្រែក ព្រោះឃើញសាកសពពូឈិនស្អុយរលួយពេញផ្ទះទៅហើយ គ្រាន់តែឃើញហើយ ងាកមកមើលពូឈិន ស្រាប់តែបាត់ឈឹង សម្បត្តិលោតផ្លោះកាំជណ្ដើរ ធាក់ម៉ូតូជិះយ៉ាងលឿន ទៅផ្ទះមុខរួចស្រែកប្រាប់គ្រប់គ្នាអោយបានដឹង ទាំងមេពូឈិន ក៏នាំគ្នាទៅកាន់ផ្ទះចំការហើយ ក៏ស្លុតចិត្ត ព្រោះសាកសពគាត់បានស្អុយរលួយសឹងមើលលែងយល់ មេគាត់ក៏អោយកូនចៅរៀបចាត់ចែង ដឹកសពមកធ្វើបុណ្យនៅផ្ទះគាត់ ហើយបិទទ្វារផ្ទះចំការ ហើយហាមនរណាមកទីនេះទៀត ។
រឿងនេះកន្លងបានជា៤ឆ្នាំ នៅពេលមេពូឈិន គាត់ចូលនិវត្តន៍ គាត់ក៏រៀបចំធ្វើចំការ ហើយបានជួលកម្មករមកធ្វើចំការ ហើយក៏អោយលោកយាយគាត់ចាត់ចែងកន្លែងសម្រាកអោយកម្មករ លោកយាយក៏អោយកម្មករទាំងអស់ទៅសម្រាកនៅផ្ទះចំការដែលពូឈិនស្នាក់ពីមុន គ្រប់គ្នាពុំបានដឹងពីរឿងពូឈិនស្លាប់ទេ ក៏រៀបចំសម្លៀកបំពាក់ទៅស្នាក់នៅ ។
នៅពេលទៅដល់ផ្ទះនោះ សំបូរជាកម្មករម្នាក់ក្នុងចំណោមកម្មករទាំងអស់បាន ចងអង្រឹងសម្រាកនៅក្រោមផ្ទះលេង ក្រោយសម្រាកបាយថ្ងៃត្រង់ កំពុងតែសម្រាក ស្រាប់តែមានស្រមោលយ៉ាងធំមួយលោតពីធ្នឹមផ្ទះមកសង្គ្រប់សំបូរ នាយស្រែកអោយគេជួយក៏ស្រែកមិនចេញ ខំប្រឹងរើ ក៏រើមិនរួច នាយភ័យខ្លាំងណាស់ ព្រោះស្រមោលខ្មៅនោះ ប្រែជាលេចចេញរូបរាងបន្ដិចម្ដងៗ ក្នុងសម្លៀកបំពាក់ជាកងរាជអាវុធហត្ថ ប៉ុន្ដែពុំមានក្បាលនោះទេ សំបូរកាន់តែភ័យតក់ស្លុត ក៏ប្រឹងស្រែកពេញមួយទំហឹង គ្រប់គ្នាបានឮក៏ស្ទុះមកក្រោម ឃើញសំបូរកំពុងដេកលើអង្រឹងរើចុះរើឡើងម្នាក់ឯង ក៏ទៅដាស់ នាយក៏ភ្ញាក់ឡើង ស្រមោលនោះក៏បានទៅ ហើយសំបូរបានប្រាប់គ្រប់គ្នាពីហេតុការណ៍នោះ តែគ្រប់គ្នាមិនជឿទេ ហើយថានាយដេកមមើទៀតផង ហើយក៏ដើរចេញទៅ ឯសំបូរក៏ងើបដើរតាមក៏ជំពប់ជើងដួល ហើយងាកទៅក៏ឃើញក្បាលពូឈិន នៅក្រោមជើងគេ គេក៏ស្រែកហើយស្ទុះរត់ឡើងផ្ទះយ៉ាងលឿន គ្រប់គ្នាឃើញហើយសើច ។ លុះយប់ឡើង មានបន្ទប់ពីរ ខាងស្រីៗ ក៏សម្រាកបន្ទប់មួយផ្សេងដោយ ខាងប្រុស សម្រាកខាងបន្ទប់មួយទៀតដោយឡែក ប៉ុន្ដែពុំមានភ្លើងអគ្គិសនីបំភ្លឺទេ មានតែចង្កៀងប្រេងកាតចាស់មួយដែលនៅសល់ សំបូរក៏អុជបំភ្លឺផ្ទះ ខណៈដែលគ្រប់គ្នាស្ទើរតែលង់លក់ដំណេកទៅហើយ ស្រាប់តែឮសូរសំឡេងគោះទ្វារ ៖ តុក!តុក!តុក! មីងដាក៏ស្រែកសួរថា៖ នរណា!គោះទ្វារទាំងយប់ ផ្ទះនេះនៅឆ្ងាយណាស់ នរណាមករកអីទាំងយប់ហ្នឹង ប៉ុន្ដែគ្មានអ្នកឆ្លើយ បន្ទាប់មកទ្វារនៅតែបន្ដគោះដដែល បួនប្រាំដង គាត់ទ្រាំលែងបានក៏ទៅបើកទ្វារ ប៉ុន្ដែគ្មានអីទេ ។ គាត់បានបិទទ្វារហើយ ចូលបន្ទប់វិញ ស្រាប់តែទ្វារគោះទៀត គាត់ក៏ទៅបើកម្ដងទៀត ប៉ុន្ដែនៅតែមិនឃើញអ្វីទៀត គាត់ច្រលោតខឹងយ៉ាងខ្លាំង ព្រោះគិតថាមានអ្នកលេងសើច គោះទ្វារហើយ រត់ទៅបាត់ គាត់បានបិទទ្វារហើយ ស្រែកថា៖ បើលេងអញ្ចឹង អញឃើញដាក់ក្បាលមួយអង្រែតែម្ដង ស្រាប់តែលេចមុខពូឈិនចេញនៅពីមុខគាត់ មុខដង្កូវចោះរវើកៗ ឈាមហូរស្រោចពេញផ្ទៃមុខ ហើយនិយាយមករកគាត់ដោយសំឡេងខ្សាវៗ ៖ ជួយយកខ្ញុំទៅពេទ្យផង ! ខ្ញុំត្រូវពស់ចឹក មីងដាស្រែក ហើយរត់ចូលបន្ទប់ គ្រប់គ្នាភ័យដោយគាត់ប្រាប់ថា ខ្មោចលង ស្រីៗ នាំគ្នាយំ ស្រាប់តែពូឈិន ស្រែក៖ យំស្អី! អញថ្លង់ណាស់ ហើយស្រាប់ទ្វារបន្ទប់ចាប់ផ្ដើមរបើក គ្រប់គ្នាស្ទុះទៅខ្ទប់ ហើយយំពេញបន្ទប់ ឯខាងប្រុសៗ ឮហើយក៏ស្រែកសួរថា ៖
មានរឿងអីមីង បានជាស្រីៗយំអញ្ចឹង
ខ្មោចលង! ខ្មោចលង
ថាម៉េចខ្មោចលង
មួយសន្ទុះក្រោយមក ទ្វារក៏លែងកំរើក គ្រប់គ្នាក៏លបៗ ចេញក្រៅបន្ទប់ហើយ មិនឃើញពូឈិន គ្រប់គ្នាបំរុងចុះដីរត់ ស្រាប់តែបើកទា្វរចេញអត់រួច ទោះប្រឹងយ៉ាងណាក៏មិនរបើក ស្រាប់តែ មានក្បាលមួយធ្លាក់ពីរនងផ្ទះក្ដុក ក្បាលពូឈិនដែលពេញដោយដង្កូវរវើកៗ ឈាមស្រោចនោះ បានសើចដាក់ពួកគេ ម្នាក់ស្ទើរតែរាកនោមដាក់ខោហើយ បើនិយាយពីស្រីៗវិញដួលសន្លប់ព្រូសៗតែម្ដង សំបូរក៏ស្ទុះមួយទំហឹងធាក់ទ្វាររបើករួចក៏នាំគ្នាជួយគ្រាស្រីៗ រត់ចេញទៅផ្ទះទាំងយប់ ។ រត់បណ្ដើរ ងាកក្រោយបណ្ដើរ ចំណែកឯក្បាលពូឈិន ក៏ហោះដេញតាមបណ្ដើរ គ្រប់គ្នារឹតតែភ័យខ្លាំងឡើង រត់រហូតមកដល់ផ្ទះធំខាងមុខ រួចរត់ឡើងបន្ទប់អាសនៈព្រះ ទើបពូឈិនបាត់ស្រមោលតែម្ដង ។
លុះស្អែកឡើងកម្មករទាំងអស់បាននិយាយរឿងនេះប្រាប់លោកយាយ ហើយក៏សុំត្រលប់មកផ្ទះវិញដោយមិននៅធ្វើការទៀតទេ ឯមេពូឈិន ក៏បាននិមន្ដលោកមកសូត្រមន្ដ អោយពូឈិន ដើម្បីអោយគាត់បានទៅចាប់ជាតិ តាំងពីពេលនោះមកលែងមាននរណាទៅផ្ទះចំការនោះទៀតដែរ ។
0 មតិយោបល់:
Post a Comment