Tuesday, June 30, 2020

រឿងទន្សាយគល់



រឿងនេះបានកើតឡើងនាយប់ថ្ងៃមួយ នៅពេលបងដារី និងអ្នកភូមិ២នាក់ទៀត ចេញ​ទៅឆ្លុះកង្កែប ព្រោះមេឃថ្ងៃនោះដូចជាភ្លៀងខ្លាំងគ្រាន់បើដែរ បងដារីគាត់សង្ឃឹមថា នឹងមានកង្កែបចេញច្រើនហើយ មើលទៅ គាត់ក៏ប្រដាប់ទៅដោយស្នាតេះ និងចំពាមកៅស៊ូ ។ ពិតជាដូចបំណងមែន ដោយសារតែជាព្រានដៃចំណានផង គាត់បាញ់កង្កែប     មួយៗ មិនសូវជាខុសទេ គាត់បានច្រើនគួរសមដែរ ក្នុងខណៈពេលដែរគាត់ប្រុងនឹងត្រលប់មកផ្ទះវិញទៅហើយ ស្រាប់តែគាត់ឃើញស្រមោលមួយលោតផ្លោតៗ យ៉ាងលឿន គាត់ក៏ហៅគ្នាគាត់ហើយរត់ដេញតាមយ៉ាងលឿនតាមទិសដៅស្រមោលដែលលោតនោះ គាត់ដេញតាមព្រោះ គាត់ដឹងច្បាស់ថាជាទន្សាយធំមួយ ។ លុះដេញតាមមកដល់គុម្ពោតព្រេចបងដារីនិងក្រុមគាត់ក៏លបៗ អង្គុយរួចទាញត្រៀមស្នាដើម្បីបាញ់ នៅពេលគាត់តម្រង់ទៅ គឺទន្សាយគល់ពណ៌ប្រផេះធំមួយ អីយ៉ាវាធំចង់ប៉ុនកូនជ្រូកមួយដែរ ស្នូរកេះកៃស្នាលាន់សូរផេស គ្រាប់ព្រួ​ញបាញ់តម្រង់ចំទន្សាយនោះ ស្លាប់មួយរំពេច បងដារីសប្បាយចិត្តណាស់ ក៏លើកទន្សាយនោះមកផ្ទះ ។​ មកដល់ផ្ទះបងដារីក៏ស្រែកប្រាប់ប្រពន្ធ៖
អូនអើយ! ថ្ងៃនេះបានឆ្ងាញ់មាត់ហើយ បងបាញ់បានទន្សាយគល់ធំមួយ អូនមើលនែ៎!
យី! បង ឯណាទន្សាយ មិនឃើញផងហ្នឹង ចេះមកកុហកទៀត ហើយបងឯងបានត្រីស្អុយងាប់មកពីណា ស្អុយដង្កូវចោះហើយ ចេះយកមកទៀត
យីអើ! មែនតើ! ចុះទន្សាយអំបាញ់មិញទៅណាហើយ ចម្លែកណាស់ សង្ស័យខ្មោចលងទេដឹងនេះ ណ្ហើយ! បងបានកង្កែបច្រើនដែរ អូនធ្វើកង្កែបបោកទៅ ត្រីនេះវិញ បោះចោលទៅ ស្អែកបងនឹងយកទន្សាយអោយអូនទាល់តែបានចាំមើលទៅ ។
នៅយប់ស្អែក បងដារីចេញទៅម្នាក់ឯង ដោយខឹងចិត្តនឹងទន្សាយនោះ គាត់ចង់សម្លាប់វាដោយផ្ទាល់ដៃម្ដងទៀត គាត់ក៏ធ្វើដំណើរទៅកន្លែងចាស់ ស្រាប់តែឃើញទន្សាយនោះ នៅកន្លែងដដែលទៀត គាត់ក៏ទាញស្នាម្ដងទៀត បាញ់សំដៅទៅលើទន្សាយនោះ តែខុស ទន្សាយនោះក៏លោតទៅ គាត់ក៏ដេញតាមទន្សាយនោះ រហូតដល់ព្រៃជ្រៅ ស្រាប់តែវាឈប់ស្ងៀមនៅលើដំបូកមួយ គាត់ក៏ទាញស្នាម្ដងទៀត តម្រង់ទៅចំក្បាលរបស់វា បណ្ដាល អោយវាប្រកាច់ដេកស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។ បងដារីសើច៖ ម៉េចអាហែង ងាប់ឬមិនងាប់ ឥលូវនេះ គាត់ក៏ចាប់លើកទន្សាយនោះឡើង ស្រាប់តែបែរក្លាយជាក្បាលខ្មោចទៅ បងដារីលាន់មាត់៖ យី! ម៉េចទៅជាក្បាលខ្មោចវិញ ឯណាទន្សាយ។ គ្រាន់តែថាប៉ុណ្ណេះ ស្រាប់តែទន្សាយដ៏ធំមួយប៉ុន្ដែសត្វជ្រូក តែមានតែមាត់ សើចយ៉ាងឮដាក់គាត់ ហេស! ហេស! ហេសៗៗៗ បងដារីទម្លាក់ស្នាចេញ រត់ដោយគ្មានងាកក្រោយនោះទេ ប៉ុន្ដែរត់ចុះរត់ឡើងនៅកន្លែងដដែល មុខគាត់ភ័យឡើងញ័រមាត់ សក់ក្បាលបះច្រូង បបូរមាត់ឡើងស្លេក គាត់ព្យាយាមរត់ជាច្រើនលើកច្រើនសា តែនៅកន្លែងដដែល ដោយអស់កម្លាំងផង គាត់ក៏ដាក់គូថអង្គុយនៅទីនោះ លែងរត់ ទោះបីជារត់ក៏រត់លែងរួចដែរ ក្រោយមកឮសូរសម្លេង ស្រឹប!ស្រឹបៗ មកកាន់តែជិតគាត់ ឯទន្សាយនោះក៏បាត់ទៅ បែរជាលេចចេញរូបរាងពស់ដ៏ធំមួយ មានសក់វែងរំសាយដូចមនុស្សស្រីអញ្ចឹង កំពុងលៀនអណ្ដាតព្រែករបស់វា ថ្លែនៗៗ មករកបងដារី វាក៏បុកបងដារីនឹងក្បាលវាមួយទំហឹង គាត់ក៏សន្លប់បាត់ស្មារតីទៅ ។
ដោយសារតែចម្លែកចិត្ត បាត់ប្ដីគាត់យូរពេក ប្រពន្ធបងដារីក៏ទៅរកមិត្តភក្ដិបងដារី ដើម្បីទៅជួយរក ប្រពន្ធគាត់បានប្រាប់ពីរឿងរ៉ាវដល់ក្រុមអ្នករុករក ។ គ្រប់គ្នាបានទៅរកនៅកន្លែងដែលបានបាញ់ទន្សាយនោះ ក៏មិនឃើញទើបបន្ដតាមរហូតដល់ដំបូកមួយ ឃើញបងដារីកំពុងសន្លប់ដេកនៅលើដំបូកនោះ គ្រប់គ្នាជួយគ្រាគាត់មកផ្ទះវិញ ប៉ុន្ដែដំបូកដែលគាត់សន្លប់លើនោះ បែរក្លាយទៅផ្នូរខ្មោច ដែលដុះស្មៅក្រាស់ទៅវិញ ។ ពេលមកដល់ផ្ទះ ប្រពន្ធបងដារីក៏ទៅនិមន្ដលោកឪ អោយមកជួយប្រោះព្រំ បំបាត់ការភ័យខ្លាច ទើបបងដារី បានដឹងខ្លួនវិញ ។ លោកឪបានមានសង្ឃដីកាថា៖ ប្រហែលជាបងដារីមានជំពាក់កម្មពីជាតិមុន ទើបជាតិនេះម្ចាស់បំណុលកម្មមកតាមចងពៀរ ដូចនេះចាប់ពីថ្ងៃនេះតទៅ សូមឈប់សម្លាប់សត្វ ហើយព្យាយាមធ្វើបុណ្យអោយបានច្រើន និងកុំភ្លេចឧទ្ទិសកុសល ទៅដល់ម្ចាស់កម្មពៀរទាំងនោះផង ។

0 មតិយោបល់:

Post a Comment