តាមជំនឿបុរាណតមក កូនក្រកគឺជាកូនដែលនៅក្នុងផ្ទៃម្ដាយ ភាគច្រើនគេយកធំបំផុតត្រឹមបីខែ តែបាន២ខែ រិតតែល្អ ក្នុងជំនឿនេះ កូនក្រកដែលត្រូវបានគេបញ្ចុះមន្ដអាគម មានសមត្ថភាពអាចប្រាប់ពីហេតុការដែលកើតមុនបាន ។ គេយកកូនក្រកបានដោយសុំពីម្ដាយកូននោះដោយទំលាក់ ប៉ុន្ដែភាគច្រើនពីបុរាណគឺវះពោះយកតែម្ដង នេះជាអំពើបាបកម្មណាស់ ដើម្បីតែប្រយោជន៍ខ្លួនឯងបែរជាហ៊ានលើកដៃផ្ដាច់ជីវិតស្រ្ដីដែលពុំដឹងអីម្នាក់បាន ។ ក្រោយពីយកកូនបានហើយ គេយកទៅសំអាត និងឆ្អើរអោយក្រៀម រួចបញ្ចុះអាគមមន្ដសីមា ធ្វើពិធីអស់កាលប្រាំពីរយប់ប្រាំពីរថ្ងៃ រួចយកទៅរក្សាទុកតាមខ្លួននៅពេលចេញដំណើរទៅណាម្ដងៗ ចំពោះនៅផ្ទះត្រូវដាក់បាយទឹកអោយវាស៊ីដូចក្មេងធម្មតា ត្រូវចេះលួងលោមវា បើធ្វើអោយវាខឹង ឬឃ្លាន វានឹងលេងម្ចាស់វាតែម្ដង តែបើមើលថែយកចិត្តទុកដាក់លើវាបានល្អ វាក៏សងគុណយើងតបមកវិញដែរ ។ រឿងទាក់ទងនឹងជំនឿកូនក្រកនេះបានកើតឡើងដូចរឿងដែលមានតំណាលដូចតទៅ៖
នាសម័យថ្ងៃមួយ មានបុរសម្នាក់ឈ្មោះ នាយស៊ុំ ជាមនុស្សទុរគតណាស់ បានធ្វើដំណើរមកពីស្រុកឆ្ងាយ ក៏ប្រទះនឹងអ៊ំប្រុសម្នាក់ជាចាស់បុរាណមានគម្ពីរអាគមថែរក្សាទុកជាច្រើនដំណ តែគាត់មិនដែលរៀនទេ ព្រោះគិតថានាំអោយអ្នកស្រុកស្អប់ខ្ពើម តែរស់នៅតែពីរនាក់ប្ដីប្រពន្ធ គ្មានកូនចៅនឹងគេទេ ក៏មានចិត្តអាណិតសណ្ដោសប្រណី អោយនាយស៊ុំស្នាក់នៅបានជាកូនចៅ ដោយនាយស៊ុំនេះទៀតសោត ក៏ចេះផ្គាប់ចិត្តអ៊ំប្រុសអ៊ំស្រី មិនដែលលស់កាលឡើយ ម្ល៉ោះហើយអ្នកទាំងពីរក៏កើតចិត្តស្រលាញ់នាយជាខ្លាំង និងបានសន្យាថានឹងប្រគល់នូវទ្រព្យមរតកទាំងអស់អោយទៅនាយ ពេលពួកគាត់ស្លាប់ទៅ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺនាយស៊ុំត្រូវបានអ៊ំប្រុសអ៊ំស្រីនោះ ប្រគល់នូវវត្ថុស័ក្ដិសិទ្ធដើម្បីការពារខ្លួនផងនោះ គឺកូនក្រកនោះឯង កាលដែលមិនទាន់បានកូនក្រក នាយស៊ុំមានសេចក្ដីអោនលំទោនខ្លាំងណាស់ តែក្រោយពីបានកូនក្រកនោះហើយ ក៏កើតចិត្តទោសៈ អួតក្អេងក្អាង និងបានប្រើកូនក្រកនោះទៅធ្វើបាបអ្នកដទៃ ទៀតផង ។ ដោយសេចក្ដីខឹងក្រោធ អ៊ំប្រុសស្រីនោះបានដេញនាយស៊ុំចេញពីផ្ទះ នាយក៏ទៅរស់នៅក្នុងព្រៃម្នាក់ឯង រួចក៏ហាត់រៀនអាគមកាប់មិនមុតដុតមិនឆេះ រៀនទាំងវិជ្ជាបំបាំងកាយតាមគម្ពីរដែលបានលួចពីអ៊ំប្រុសនោះថែមទៀត ។
ក្រោយបានហាត់ការរៀនវិជ្ជាការអស់ជាង៣ខែ នាយស៊ុំក៏ចាប់ផ្ដើមសាកល្បង ដោយរករឿងគេឯងគ្រប់គ្នា ក៏មានការប្រតាយប្រតប់ ប៉ុន្ដែនាយពុំមានរបួសអ្វីបន្ដិចសោះឡើយ ដោយដឹងថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ហើយ នាយក៏ចាប់ផ្ដើមគំនិតនរក អន្ធពាល បានលបទៅចូលផ្ទះតាសុងទាំងយប់ រួចចាប់រំលោភកូនក្រមុំទាំងបីរបស់គាត់ ហើយសំលាប់ចោលទៀតផង ដោយតាសុង ពុំបានដឹងអ្វីទាំងអស់ ។ លុះព្រឹកឡើង តាសុង និងប្រពន្ធ ស្រែកយំអោយគេជួយ ផ្អើលអស់ទាំងអ្នកស្រុក គ្រប់គ្នាកើតទុក្ខ អាណិតតាសុងជាខ្លាំង ។ ក្រោយមករំលងបាន២ថ្ងៃ នាយស៊ុំបានលបចូលផ្ទះពូពុយ ដែលនៅក្បែរតាសុងទៀត ដោយចាប់រំលោភកូនក្រមុំគាត់ ប៉ុន្ដែគាត់បានមកទាន់ ក៏ស្រែកឆោឡោ ប៉ុន្ដែត្រូវនាយស៊ុំ កាប់មួយកាំបិតបណ្ដាលអោយរបួសធ្ងន់ ហើយកូនក្រមុំគាត់ក៏ត្រូវនាយស៊ុំ កាច់បំបាក់ក ស្រស់ៗតែម្ដង អ្នកភូមិបានលើកគ្នាជាច្រើនមកតាមវាយសម្លាប់នាយស៊ុំ ប៉ុន្ដែហាក់បីដូចជាឥតបានការនោះទេ ព្រោះនាយស៊ុំត្រូវកូនក្រកតាមជួយ អោយគេចផុតរហូត ដោយកូនក្រកនោះបានចុកពោះអ្នកស្រុកគ្រប់គ្នាដែលតាមនាយស៊ុំ ខ្លះកូនក្រកនោះស្ដែងជារូបព្រាយគួរអោយខ្លាចទៀតផង ដើម្បីបំបាក់ស្មារតីរបស់អ្នកស្រុក រហូតដល់ថ្ងៃមួយមានគ្រូល្បីមកពីឆ្ងាយបានមកដល់ស្រុកនោះ ក៏ប្រាប់អោយអ្នកស្រុកយកឈាមរដូវស្រ្ដីព្រហ្មចារី ទៅលាបនឹងកាំបិតបន្ទោះ នឹងអាចចាក់នាយស៊ុំមុតបាន ក្រោយពីបានដឹងវិធីហើយ អ្នកស្រុកបានធ្វើតាម នាយស៊ុំបានត្រូវរបួសជាទម្ងន់ ចំណែកកូនក្រកក៏ត្រូវបានលោកគ្រូរៀបចំពីធីប្រើមន្ដសណ្ដំ យកទៅថែរក្សា ធ្វើអោយនាយស៊ុំពុំមានកូនក្រកការពារតទៅទៀតដោយអស់តំរិះនាយស៊ុំ បានរត់ទាំងមានរបួសចូលចំការល្ហុង ដោយបំបាំងខ្លួនចូលពួននឹងផ្លែល្ហុង គ្រប់គ្នាតាមរកតែមិនឃើញ ពេលនោះលោកគ្រូក៏ប្រើអាគមមើលឃើញថានៅដើមល្ហុងមួយដើម ដែលមានផ្លែតែមួយទេក្នុងដើមនោះ លោកបានអោយអ្នកស្រុកយកស្នឹងទៅបោះចំដើមចេកនោះ បើចេញឈាមមានន័យថានាយស៊ុំគឺនៅដើមនោះហើយ ហើយស្នឹងនេះទៀតសោត គឺចងនាយស៊ុំមិនអាចគេចរួចបាន រួចលោកគ្រូបានយកអំបោះបាលីសបីសរសៃ ចងផ្លែនោះរួចកាត់យកមក នៅពេលដែលកាត់ផ្លែនោះ ស្រាប់តែផ្លែល្ហុងប្រែជានាយស៊ុំ ហើយអំបោះសីមានោះចងនាយក្លាយជាខ្សែពួរដ៏មាំ គ្រប់គ្នាកើតក្ដីក្ដៅក្រហាយ រួចក៏ចាប់នាយស៊ុំចងស្លាបសេក រួចដុតទាំងរស់ដើម្បីរំសាយកំហឹងគ្រប់គ្នា ហើយអ៊ំប្រុសស្រីរបស់នាយស៊ុំបានទៅរកគម្ពីរដែលនាយលួចមកវិញ យកទៅកប់ចោលពុំមាននរណាដឹងពីទីកន្លែងឡើយ ព្រោះគាត់យល់ថាដោយសារតែគម្ពីរនោះហើយ ធ្វើអោយមនុស្សកើតនូវអំនួត គួរសាងអំពើល្អដោយការប្រតិបត្តិត្រូវ នោះទើបសេចក្ដីសុខកើតមានដល់អ្នក ។
0 មតិយោបល់:
Post a Comment