Sunday, June 21, 2020

រឿងខ្មោចនៅសាលារៀន



 នឹកដល់រឿងនេះគឺត្រូវត្រលប់ទៅពេលវេលាមួយដែលខ្ញុំនឹកដល់គួរអោយខ្លាច និងរន្ធត់ណាស់ ពេលនោះ ខ្ញុំមានអាយុជាង១៥ឆ្នាំប៉ុណ្ណោះ នៅពេលយប់ឡើង ខ្ញុំតែងតែរៀនគួរភាសាអង់គ្លេស ដូចរាល់ដងគឺខ្ញុំចេញម៉ោងជាង០៦យប់ ប៉ុន្ដែថ្វីត្បិតតែម៉ោងជា០៦ តែមេឃកាលហ្នឹង គឺងងឹតលឿនណាស់ ខ្ញុំដើរចេញពីថ្នាក់សំដៅមកផ្ទះ ស្រាប់តែមានអារម្មណ៍ខ្យល់ត្រជាក់ល្ហៀកៗ បក់មកប៉ៈនឹងខ្លួន ហើយព្រឺបះរោមក្រញ៉ាង ខ្យល់បក់ម្ដងកាន់តែត្រជាក់ទៅៗ ក៏មានសម្លេងមួយរសាត់មកប៉ៈនឹងសោតារបស់ខ្ញុំល្វើយៗ ៖ ជួយខ្ញុំផង ៗៗ ខ្ញុំក៏ងាកទៅរកតាមសម្លេងនោះ ប៉ុន្ដែពុំឃើញអ្វីនោះទេ ខ្ញុំក៏ដើរបន្ដទៅទៀត ម្ដងនេះ សម្លេងយំស្រែកដូចជាឈឺចាប់ខ្លាំងណាស់ បានស្រែកមករកខ្ញុំ ជួយខ្ញុំផង ជួយខ្ញុំផង ខ្ញុំឈឺណាស់ ខ្ញុំក្រឡេកម្ដងទៀត រេក្រសែភ្នែកតាមសម្លេង ក៏បានឃើញម្ចាស់សម្លេងនោះ កំពុងអង្គុយយោលជើងនៅលើមែកដើមចាមរីក្នុងសាលារៀន ដោយជើងខាងឆ្វេងដាច់រយ៉ៃហូរឈាមសស្រាក់ ឯភ្នែកម្ខាងជ្រុះក្ដុកមកនៅនឹងមុខខ្ញុំ បន្ទាប់មកស្រាប់តែក្បាលរបស់វា ធ្លាក់មកក្បែរជើងខ្ញុំ ហើយមាត់វានៅតែហាហៅខ្ញុំជួយផង ៗ បើសិនមិនរត់មានតែឆ្កួត នៅធ្វើអី្វទៀត ខ្ញុំដាក់មេប្រូច គ្មានដឹងហត់អីបន្ដិច តែពីរវឹងសោះដល់ផ្ទះល្មម ញើសឡើងជោគពេញខ្លួន បបូរមាត់ប្រែជាស្លេកដូចគេលិតបីថ្ងៃ សក់ក្បាលដូចជាទើបមកពីកន្លែងជាង បះអោយច្រូង ពេលមកដល់ផ្ទះម្ដាយខ្ញុំសួរខ្ញុំថា៖ មានរឿងអីមែនកូន! ខ្ញុំថាអត់ទេ ! គ្រាន់តែខ្ញុំរត់លេងតើ (ខ្ញុំព្យាយាមធ្វើទឹកមុខធម្មតាឡើង វិញហើយកុហកគាត់ព្រោះខ្លាចគាត់បារម្ភ និងខ្លាច តែជើងវិញឈរញ័រមិនទាន់បាត់នៅឡើយទេ) ។
 ស្អែកឡើងខ្ញុំទៅរៀនដូចធម្មតា ខ្ញុំជាអ្នកកាន់កូនសោថ្នាក់ ព្រោះជាវេនខ្ញុំសំអាត ពេលនោះមិត្តរួមថ្នាក់កំពុងឈរចាំនៅមុខថ្នាក់រៀន ខ្ញុំចាក់សោបន្ទប់រួចបើកទ្វារចូល គ្រប់គ្នាចូលរួចស្រាប់តែស្រែកពេញថ្នាក់ហើយរត់មកក្រៅ ទឹកមុខម្នាក់ៗស្លេកស្លាំងដូចត្រីស្ងោរ ខ្ញុំក៏ចូលទៅមើល គួរអោយញាក់សាច់ណាស់ ក្លិនឈាមឆ្អាបពេញបន្ទប់ ជញ្ជាំង ពិតាន ដំបូល សុទ្ធតែស្នាមបាតដៃបាតជើងដែលប្រឡាក់ដោយឈាម ខ្ញុំក៏ដើរចេញមកក្រៅរួចរត់ទៅប្រាប់អ្នកគ្រូ ពេលអ្នកគ្រូមកដល់ ស្រាប់តែក្លិនឆ្អាបនោះ និងស្នាមបាតដៃបាតជើងនោះ បាត់អស់រលីងដូចគេជូត អ្នកគ្រូបានបន្ទោសពួកខ្ញុំថា ពួកខ្ញុំខ្ជិលបោសថ្នាក់ ហើយមកប្រឌិតរឿងឥតប្រយោជន៍ ។ នៅល្ងាចថ្ងៃនោះខ្ញុំត្រូវទៅរៀនគួរដូចរាល់ដងទៀត ខ្ញុំគិតថាល្ងាចនេះប្រហែលជាមិនមានអ្វីនោះទេ មើលទៅ មានឯណា ក្រោយដើរចេញពីថ្នាក់បន្ដិច ខ្ញុំឮសម្លេងមនុស្សស្រែកអ៊ូអរពេញមុខសាលា ខ្ញុំឆ្ងល់ណាស់ មុនចូលរៀនដូចមិនមានមនុស្សទេ ម្ដេចក៏ពេលនេះមានមនុស្សច្រើនម្ល៉េះ ខ្ញុំតាំងចិត្តមិនខ្លាច រួចដើរសំដៅទៅហ្វូងមនុស្ស ខ្ញុំបានឃើញមនុស្សម្នាក់ចងកនៅលើមែកដើមក្ងោក ខ្ញុំក៏ស្ទុះទៅមើល ប៉ុន្ដែសាកសពនោះបែរជាគ្មានមុខទៅវិញ និយាយដល់កន្លែងនេះ ព្រឺរោមណាស់ មុខទទេស្អាតដូចក្រដាសរ៉ាមសមួយសន្លឹកអញ្ចឹង ខ្ញុំក៏ងាកមើលមនុស្សដែលឈរជុំវិញសាកសពនោះ ស្រាប់តែគ្មាននរណាម្នាក់មានក្បាលនោះឡើយ ក្បាលរបស់ពួកគេកំពុងនៅលើមែកក្ងោកនោះទាំងអស់ ភ្លាមនោះ ខ្ញុំស្ទើរតែគាំងហើយមិនដឹងធ្វើម៉េចទេ មានតែដាក់មេប្រូចទៀតហើយ ម្ដងនេះ សម្លេងស្រែកអោយខ្ញុំជួយដេញតាមខ្ញុំមិនឈប់ ខ្ញុំមិនងាកក្រោយជាដាច់ខាត ទោះអោយលុយប៉ុន្មានម៉ឺនក៏មិនយកដែរ ។
 រំលងបានមួយសប្ដាហ៍ហេតុការណ៍បាតដៃបាតជើងឈាមនោះ បានធ្វើអោយអ្នកគ្រូខ្ញុំឃើញ គាត់ក៏រាយការណ៍ទៅនា​យក លោកនាយកក៏បានរៀបចំបុណ្យយ៉ាងធំមួយនៅសាលាដើម្បីឧទ្ទិសបុណ្យកុសលជូនដល់ព្រលឹងគ្មានសាច់ញាតិទាំងនោះ រួចក៏យកថ្នាក់រៀនមួយនោះទៅជាបន្ទប់ដាក់ ឥវ៉ាន់វិញ ។ ប៉ុន្ដែក្រោយពីធ្វើបុណ្យរួច ខ្ញុំគិតថានឹងលែងមានបញ្ហាទៀតហើយ នៅពេលខ្ញុំដើរចេញពីរៀនគួរវិញ ពេលនោះយប់ខែងងឹតណាស់ ខ្ញុំដើរមកវិញ ស្រាប់តែមានអារម្មណ៍ចំឡែកគឺមានអារម្មណ៍ថាក្ដៅខ្នង ហើយបែរជាមើលឃើញស្រមោលខ្លួនឯងទៅវិញ ខ្ញុំគិតថាទល់តែខែភ្លឺទើបពន្លឺចាំងមកអាចឃើញស្រមោលខ្លួនឯង ប៉ុន្ដែនេះមានពន្លឺដូចជាអណ្ដាតភ្លើងកំពុងតែឆេះ អណ្ដែតលើក្បាលខ្ញុំ ខ្ញុំក៏ងាកទៅ ស្រាប់តែដុំភ្លើងមួយយ៉ាងធំកំពុងនៅកៀកស្ទើរតែដល់មុខរបស់ខ្ញុំទៅហើយ ពេលនោះខ្ញុំស្ទុះរត់ចេញទាំងបិទភ្នែក ព្រោះក្រោយសំលឹងភ្លើងនោះខ្ញុំមានអារម្មណ៍ងងឹតមុខឈឹង តែខ្ញុំព្យាយាមរត់ទៅតាមលទ្ធភាពដែលអាចធ្វើបាន រត់បានចម្ងាយប្រហែលជា៥០ម៉ែត្រដែរ ខ្ញុំក៏ដួលព្រូសតែម្ដង ខ្ញុំមានអារម្មណ៍ថាភ្លើងនោះកំពុងតែហោះមកជិតដល់ខ្ញុំហើយ ខ្ញុំខ្សោយអស់កម្លាំងនឹងស្រែកអោយគេជួយ ស្របពេលនោះក៏មានឆ្កែកាចប្រចាំភូមិបួនក្បាលរត់មកខ្ញុំបំរុងខាំខ្ញុំ តែបែរជាព្រូស លោតកន្រ្ដោងដាក់ភ្លើងនោះទៅវិញ ស្រាប់តែភ្លើងនោះបានហោះបុកឆ្កែទាំងបួននោះ ងាប់អស់តែម្ដង ខ្ញុំក៏ព្យាយាមងើបរត់តទៅទៀត រហូតដល់ផ្ទះក៏សន្លប់តែម្ដង ព្រឹកឡើងខ្ញុំបានយកហេតុការណ៍នោះប្រាប់ក្រុមគ្រួសារនិងលោកនាយកសាលា ម្ដងនេះ លោកនាយកបាននិមន្ដព្រះមេគុណខេត្តអោយទៅសូត្រមន្ដរំដោះគ្រោះ ចាប់ពីនោះមកក៏លែងបានឃើញហេតុការណ៍ដ៏អាក្រក់ទាំងនោះទៀតដែរ ។
លោកអ្នកអាចចូលអាននៅក្នុងផេក
https://www.facebook.com/1515807548726334/posts/2322726674701080/

0 មតិយោបល់:

Post a Comment