រឿងទី២ ខ្មោចនាំផ្លូវ
ខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតធ្លាប់បានឮរឿងនេះពីចាស់ៗ ឬអ្នកដែលត្រូវខ្មោចនាំផ្លូវទៅទីកន្លែងដែលយើងមិនស្គាល់ ហើយយើងមិនដឹងខ្លួនទៀតផង ។ រឿងនេះជារឿងរ៉ាវរបស់បងប្រុសសុផុន ថ្ងៃនោះជាថ្ងៃដែលគាត់ចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅរាជធានីភ្នំពេញ គាត់ចាកចេញទាំងទឹកមុខក្រៀមក្រំ ព្រោះមិនដឹងអាចមានភ័ព្វវាសនា នឹងជាប់បានការងារធ្វើនឹងគេអត់ទេ ក្នុងភូមិគាត់ភាគច្រើន គេទៅធ្វើការរោងចក្រ ខ្លះទៀតធ្វើការកាស៊ីណូ ប៉ុន្ដែគេជាមនុស្សស្រីមានសម្រស់ស្អាតៗ ងាយរកការងារណាស់ ប្លែកតែគាត់ទេ មិនសូវស្អាត មិនសូវចេះមាត់ក ប៉ុន្ដែ ជីវភាពបង្ខំហើយ មានតែសម្រេចចិត្តទៅ ។ ខណៈដែលឡានក្រុងឈប់សម្រាកតាមផ្លូវ គេគ្រប់គ្នាដើរទៅហាងបាយដែលនៅខាងមុខ ប្លែកអីតែបងសុផុន គាត់បែរជាឆ្លងផ្លូវទៅហាងមួយទៀតដែលនៅទល់មុខនោះ ព្រោះគាត់ឃើញកន្លែងនោះមនុស្សមិនសូវច្រើន ប៉ុន្ដែអ្នកជិះឡានទាំងអស់បែរជាគិតថាគិតប្រហែលជាអ្នកស្រុកភូមិដែលទំលាប់ទៅហើយ ទើបដើរទៅរកព្រៃដើម្បីដោះទុក្ខសត្វ ព្រោះគ្រប់គ្នាដឹងថានៅទល់មុខនោះមិនមានហាងឯណាទេ គឺមានតែព្រៃប៉ុណ្ណោះ អញ្ចឹងបានន័យបងសុផុនកំពុងតែមានបញ្ហាហើយ ។
ក្រោយពីដើរចូលហាងនោះរួច បងសុផុនបានជួបនឹងនារីម្នាក់ នាងមានសម្រស់គួរអោយទាក់ទាញណាស់ នាងបានអង្គុយរួមតុជាមួយនឹងបងសុផុន រួចក៏សួរនាំបងសុផុនខ្លះៗ ៖
បងប្រុសៗ ! បងប្រុសទៅណាដែរ
បាទ! ខ្ញុំទៅភ្នំពេញ គិតថានឹងរកការងារធ្វើនឹងគេ ព្រោះនៅឯស្រែ ស្រូវក៏មិនសូវល្អទៀត គិតថានឹងបានការងារបន្ថែមជួយសម្រាលពុកម៉ែខ្លះ
បងប្រុស! ពិតជាកូនល្អមែន ខុសពីខ្ញុំ ប៉ាម៉ាក់មាន តែខ្ញុំគិតថានឹងចេញរកស៊ីខ្លួន ដោយមិនពឹងពួកគាត់ទេ
ម៉េចក៏អញ្ចឹង ចែគិតអញ្ចឹងមិនត្រូវទេ! បើខ្ញុំវិញ ខ្ញុំនឹងនៅជិតលោកអ្នកមានគុណហើយ ខ្ញុំមិនប្រាថ្នាចាកចេញពីស្រុកទៅធ្វើការនៅស្រុកឆ្ងាយនោះទេ ហោចណាស់ក៏យើងអាចនៅមើលថែទាំបាយទឹកអោយគាត់ដែរ
ខ្ញុំមិនអាចល្អដូចបងប្រុសទេ មនុស្សម្នាក់ៗចិត្តខុសគ្នា
ខណៈដែលកំពុងតែនិយាយគ្នា ស្រាប់តែមានឡានដឹកថ្មមួយបានបើកយ៉ាងលឿនហើយ ក៏មកជ្រុលបុកចូលហាង បុកត្រូវនារីម្នាក់នោះ ឯបងសុផុនគេចផុត គ្រាន់តែឃើញបែបនេះ បងសុផុន ប្រឹងស្រែកហៅអ្នកជិតនោះអោយជួយ តែហាក់បីដូចជាគ្មាននរណាម្នាក់ចាប់អារម្មណ៍សោះ ខណៈដែលគាត់កំពុងតែលើកបីរាងកាយនារីនោះ ស្រាប់តែជុំវិញខ្លួនគាត់ ប្រែជាព្រៃដ៏ក្រាស់ បាត់ហាងបាត់អីអស់ នៅចំពោះមុខគាត់បែរជាឃើញផ្នូរដែលដាក់រូបថត និងឈ្មោះនារីដែលគាត់បាននិយាយជាមួយ ស្លាប់ជាង៣ឆ្នាំមកហើយ ចំណែកឯសាកសពដែលគាត់កំពុងបីប្រែក្លាយជាតុក្ដតាខ្លាឃុំមួយទៅវិញ ។ ឃើញបែបនេះបងសុផុន តក់ស្លុតជាខ្លាំង ក៏រត់ស្រែកអោយគេជួយ ប៉ុន្ដែគាត់រត់យ៉ាងណាក៏មិនផុតពីព្រៃនោះដែរ ខណៈដែលគាត់កំពុងតែរត់ស្រាប់ជួបមនុស្សចាស់ម្នាក់ គាត់ក៏សួរ៖
អ៊ំៗ ៗ ស្គាល់ផ្លូវចេញពីព្រៃនេះទេ ! ខ្ញុំត្រូវខ្មោចលង ! នាំខ្ញុំមកវង្វេងនៅទីនោះ (ស្រាប់តែក្បាលអ៊ំប្រុសនោះធ្លាក់ពីស្មាក្ដុក បងសុផុន ស្រែក៖ ពុទ្ធោ! ពុទ្ធោ ព្រៃនេះសុទ្ធតែខ្មោចតើ កុនហើយខ្ញុំ គាត់ប្រឹងរត់ផង ស្រែកផង ឡើងភ្លាត់សំលេង ស្រាប់តែមានសម្លេងមួយហៅគាត់ពីចម្ងាយ៖
ញោមប្រុសៗ ៗ ឈប់សិន! ស្ដាប់អាត្មាសិន
ទេ! ទេ! ខ្ញុំមិនស្ដាប់ សង្ស័យតែជាខ្មោចទៀតក៏មិនដឹង
ទេញោមប្រុស ញោមធ្វើអារម្មណ៍អោយស្ងប់ ហើយមកជិតអាត្មាមក អាត្មានឹងនាំញោមចេញពីទីនេះ
ដោយឮថាព្រះសង្ឃអង្គនេះនាំចេញពីព្រៃ បងសុផុន ក៏ដើរលបៗយឺតៗទៅរកព្រះសង្ឃអង្គនោះ ដោយខ្លាចជាខ្មោចទៀត នៅពេលទៅដល់ព្រះអង្គបានមានសង្ឃដីកាថា” ញោមប្រុស! ញោមគឺត្រូវខ្មោចតៃហោងនៅទីនេះលងបន្លាចហើយ កាលពីបីឆ្នាំមុន នៅទីនេះមានហេតុការណ៍ដ៏រន្ធត់មួយ គឺមាននារីម្នាក់ត្រូវបានឡានដឹកថ្មបុក ខណៈនាងកំពុងតែឈរនិយាយទូរស័ព្ទនៅក្បែរផ្លូវ ហេតុនេះហើយ ព្រលឹងរបស់នាងនៅតែលតោលរង់ចាំមានគេធ្វើបុណ្យកុសលជូននាង ញោមប្រហែលជាមាននិស្ស័យនិងនាងហើយ បានជាអាចឃើញនាងនោះ ឥលូវញោមបិទភ្នែកទៅ ពេលអាត្មាប្រាប់អោយបើកចាំបើក ។ បងសុផុនក៏បិទភ្នែកមួយសន្ទុះហើយក៏ស្ងាត់មាត់ព្រះសង្ឃនោះ ក៏បើកភ្នែកឡើង ពេលនោះគាត់កំពុងតែដេកនៅក្នុងមន្ទីរពេទ្យមួយនៅក្រុងភ្នំពេញទៅហើយ ដោយអ្នកជិះឡានក្រុងបានប្រាប់ថា ឃើញគាត់ដើរចូលព្រៃយូរហើយ តែមិនចេញមកវិញ តៃកុងឡានស៊ីផ្លេហៅជាច្រើនដងតែមិនឃើញមក ទីបំផុតមានព្រះតេជគុណមួយអង្គបានដើរទៅមើល ឃើញបងសុផុន សន្លប់នៅក្បែរមាត់ផ្លូវ ព្រះអង្គក៏ជួយបញ្ជូនបងសុផុនមកភ្នំពេញតែម្ដងទៅ ។ បងសុផុនក៏មិនបាននិយាយអ្វីច្រើនដែរ ព្រោះដឹងថាព្រះតេជគុណដែលជួយគាត់ពីព្រៃនោះហើយ ជាអ្នកជូនគាត់មកភ្នំពេញ គាត់ក៏សុំព្រះអង្គជាកូនសេក និងសុំស្នាក់នៅវត្ត ដើម្បីរកការងារធ្វើ ។
https://m.facebook.com/story.php?story_fbid=2328003974173350&id=1515807548726334
0 មតិយោបល់:
Post a Comment