រឿងនេះត្រូវបានកើតឡើងជាយូរឆ្នាំមកហើយដែរ តាមជំនឿរបស់ខ្មែរយើង គោបានេះ ជាសត្វចិញ្ចឹមរបស់គ្រូអាគមធ្មប់ ដែលប្រើសម្រាប់ទុកកម្ចាយសត្រូវរបស់ខ្លួន ឬអ្នកដែលខ្លួនមិនចូលចិត្តជាដើម អ្នកត្រូវគោបា ធ្វើបាបច្រើនមានអាការៈរវើរវាយ ធ្លាក់ខ្លួនឈឺស្គមគ្មានមូលហេតុ ចុកក្នុងពោះជាដើម ឬក៏អាចស្លាប់ភ្លាមៗក៏មានដែរ ។ គោបានេះត្រូវបានប្រសិទ្ធីឡើងតាមទម្រង់ជាលង្ហិន លាយជាមួយដីបច្ឆាខ្មោច០៧វត្ត និងមានកថាដែលមានបញ្ចុះអាគមដាក់ចូលក្នុងពោះទុកប្រើការ គោបានេះ វាចេញរកស៊ីពេលយប់ ឬពេលថ្ងៃអាស្រ័យនឹងការព្រលែងរបស់គ្រូមន្ដអាគមនោះ រឿងនេះបានតំណាលថា៖
នៅក្នុងភូមិក្រីក្រមួយ ដែលជាភូមិថ្មី មានត្រឹមតែជាង១០០គ្រួសារប៉ុណ្ណោះ គ្រប់គ្នាប្រកបរបរកសិកម្មធ្វើស្រែ ចិញ្ចឹមជីវិត លោកអ៊ំ ដួង គឺជាមេភូមិនៅទីនោះ ដោយត្រូវបានអ្នកភូមិស្រលាញ់ គោរពរាប់អាន ព្រោះគាត់ជាមនុស្សចិត្តទូលាយណាស់ ម្យ៉ាងគាត់មានកូនក្រមុំស្អាត ដោយនាងជាមនុស្សរាក់ទាក់ និងគោរពចាស់ទុំណាស់ នាងឈ្មោះ លក្ខិណា ដែលសមប្រកបជាមនុស្សគួរអោយស្រលាញ់ ប្រុសៗជាច្រើន តាមស្រលាញ់នាង ប៉ុន្ដែនាងបដិសេធ ដោយយល់ថាខ្លួននៅក្មេងពេក ចង់នៅអោយបានចាស់ទុំជាងហ្នឹងបន្ដិច ។ នាយវ៉ាន់ គឺជាកូនរបស់អ៊ំឆយ ដែលល្បីថាជាគ្រូអាគម មានគោបាចិញ្ចឹមទៀតផង បានលួចស្រលាញ់នាងលក្ខិណា និងតាមអង្វរលោមសុំស្រលាញ់នាងជាច្រើនលើក ប៉ុន្ដែនាងបដិសេធរហូត ព្រោះនាយជាមនុស្សប្រមឹកខួប ផឹកមិនលោះថ្ងៃ ពេលដែលស្រវឹងម្ដងៗ តែងតែឡូឡារករឿងគេឯង ម៉្លោះហើយនាងស្អប់ជំពូកមនុស្សបែបនេះណាស់ ។ នៅថ្ងៃមួយ ពេលកំពុងភ្ជួរស្រែ នាយវ៉ាន់ បានឃើញនាងលក្ខិណា បណ្ដើរគ្នាជាមួយអ្នកកម្លោះ ធន់ ដែលជាគូសង្សាររបស់នាង នាយវ៉ាន់ ក៏ស្ទុះមកស្ទាក់ផ្លូវរួចនិយាយថា៖
យើស! អាបញ្ញើក្អែក អាគីង្គក់ចង់ស៊ីសាច់ក្ងាន ឯងនេះថ្លើមធំណាស់ ហ៊ានលូកថ្លើមអញផង
នែ៎អាវ៉ាន់ អាណាលូកថ្លើមឯងហ៎ា គិតតែឯងទេ ដែលជាគីង្គក់ចង់ស៊ីសាច់ក្ងាននោះ អូនលក្ខិណាជាគូសង្សារអញ អនាគតជាប្រពន្ធអញ លោកអ៊ំពុក(លោកមេភូមិ) ក៏គាត់ដឹងដែរគាត់ពេញចិត្ត
មែនហើយ! ខ្ញុំនិងបងធន់ជាគូសង្សារ នឹងភ្ជាប់ពាក្យឆាប់ៗនេះហើយ ពូវ៉ាន់ឯង បើនៅតែប្រមឹកខួបបែបនេះ តើស្រីណាគេនឹងយកទៅ
ដោយខឹងនឹងសម្ដីឌឺដងរបស់អ្នកទាំងពីរ នាយវ៉ាន់ក៏ស្ទុះទៅដាល់នាយធន់មួយដៃ ប៉ុន្ដែធន់គេចទាន់ ក៏តបទៅវិញបណ្ដាលអោយនាយវ៉ាន់ ជាំភ្នែកម្ខាង ឆាកប្រយុទ្ធរវាងអ្នកទាំងពីរ បណ្ដាលអោយនាយវ៉ាន់របួសធ្ងន់ ក៏គេចខ្លួនទៅផ្ទះបាត់ ។ នៅពេលទៅដល់ផ្ទះ អ៊ំឆយបានសួរកូនគាត់៖
ស្អីអាវ៉ាន់ ហើយឯងទៅត្រូវនឹងស្អីបានជាំភ្នែក បែកមាត់អញ្ចឹង
គឺអាធន់ណាពុក វាដណ្ដើមអូនលក្ខិណាពីខ្ញុំ ខ្ញុំកំពុងនិយាយលេងជាមួយអូនលក្ខិណាសុខៗ វាបែរជាមកថាខ្ញុំគីង្គក់ចង់ស៊ីសាច់ក្ងាន រួចឆក់អូសដៃអូនលក្ខិណាចេញពីខ្ញុំ ពេលខ្ញុំចាប់ទាញអូនលក្ខិណាមកវិញ វាដាល់ខ្ញុំនិងវាយខ្ញុំ ទើបខ្ញុំកើតជាបែបនេះទៅ ។
អ៊ំឆយកើតក្ដីខឹងសម្បារជាខ្លាំង ក៏មិនមាត់មិនកអ្វីទេ ហើយដើរចូលក្នុងបន្ទប់បាត់ ពេលចូលទៅដល់គាត់ ក៏យកគោបារបស់គាត់មកសូត្រដាស់អាគមអោយប្រើទៅធ្វើបាបនាយធន់ នៅពេលយប់មកដល់នាយធន់កំពុងតែត្រលប់មកពីជូនលក្ខិណាទៅផ្ទះ ស្រាប់ឮសូរសម្លេងកណ្ដឹងគោបោលយ៉ាងលឿន នាយខំស្វែងរកតែរកមិនឃើញ ស្រាប់តែពេលនោះ មានគោក្រហមដ៏ធំមួយ មានបូកធំ គូថទាបដល់ដី ស្វែងកោងដូចដាវ បានរត់សំដៅមករកនាយ នាយក៏ស្ទុះគេចខ្លួនផុតបន្ដិច គោនោះក៏ត្រលប់មកវិញ លើកនេះនាយគេចមិនផុត ព្រោះគោនោះលឿនពេក វាបានបុកនាយធន់ រហូតដល់ស្លាប់បាត់បង់ជីវិត ។ លុះព្រឹកឡើង មានអ្នកដំណើរកាត់ទៅនោះ បានស្រែកឆោឡោឡើង ព្រោះតែឃើញនាយធន់ដេកស្លាប់ ដោយខ្លួនសុះនឹងស្វែងគោ និងជាំពេញខ្លួន ឆ្អឹងឆ្អែងបាក់ខ្ទេចខ្ទី នាងលក្ខិណាយំសោកបោកខ្លួន ស្ដាយគូសង្សារជាអនេក ។ រំលងបាន៣ថ្ងៃនៅពេលនាងលក្ខិណា ដើរតែម្នាក់ឯងទៅស្រែ នាយវ៉ាន់ក៏ស្ទាក់ផ្លូវម្ដងទៀត ៖
អូនលក្ខិណា! យ៉ាងម៉េចដែរឥលូវនេះ សង្សារកំណាន់ចិត្តអូន មកពីវាឈ្លើយពេក ទើបបាបវាតាមស្នងនោះអី (នាយចាប់ដៃ និងចាប់ថ្ពាល់លក្ខិណា តែត្រូវនាងគ្រវាសដៃចេញ និងឆ្លើយទាំងកំហឹង)
នែមនុស្សគំរក់ ! អញប្រាប់ឯងអោយដឹង ទោះបីជាក្នុងលោកនេះស្លាប់មនុស្សប្រុសអស់ នៅតែអាឯង ក៏អញមិនយកឯងដែរ
ដោយសេចក្ដីប្រមាថរបស់នាងចំពោះនាយវ៉ាន់ ក៏ខឹងច្រឡោតស្ទុះទៅចាប់អោយលក្ខិណា ខ្ទប់មាត់របស់នាង ថើបញាំញ៉ីនាង ហើយរំលោភបំពាននាងបានសម្រេច ដោយខ្មាសអៀន និងស្ដាយព្រហ្មចារី នាងលក្ខិណា បានខាំមាត់សម្លាប់ខ្លួនក្នុងគ្រានោះ ។ នាយវ៉ាន់ភ័យពេកក៏អូសសាកសពនាង ទៅបោះចោលគៀនព្រៃ ។ និយាយពីអ៊ំដួង ក្រោយបាត់កូនស្រីមួយយប់ ក៏ភ័យឆោឡោឡើង គោះត្រដោកអោយអ្នកភូមិជួយដើររកពេញភូមិ តែមិនឃើញនាង លុះស្អែកឡើងមានអ្នកភូមិម្នាក់មកពីស្រែវិញប្រទះឃើញដានស្មៅដូចគេប្រតាយប្រតបគ្នា ក៏តាមមើលក៏ឃើញសាកសពនាងលក្ខិណា ក៏រត់ទៅប្រាប់លោកមេភូមិ អ៊ំដួងខ្លោចផ្សាក្នុងចិត្តណាស់ ព្រោះដឹងតាមស្ថានភាពសាកសពគឺនាងត្រូវគេរំលោភយ៉ាងព្រៃផ្សៃ គាត់ក៏ចាប់ផ្ដើមស៊ើបសួរពីរឿងនេះ រហូតដល់ថ្ងៃមួយនាយវ៉ាន់ស្រវឹងជាខ្លាំងក៏ដើរទាំងត្រេតត្រូត រត់ស្រែកអោយគេជួយ រត់រហូតមកដល់ផ្ទះមេភូមិទាំងមិនដឹងខ្លួន ហើយក៏ស្រែកថា បងមិនបានសម្លាប់អូនទេ គឺមកពីអូនតើមិនព្រមស្រលាញ់បងទៅស្រលាញ់អាធន់ស្អីគេនោះ ពេលនោះលោកមេភូមិឮហើយក៏ស្ទុះចុះមកពីលើផ្ទះក្របួចកអាវនាយ វ៉ាន់ហើយស្រែកសួរទាំងកំហឹង៖ គឺឯងមែនទេ ដែលរំលោភកូនអញ អាវ៉ាន់ ដោយស្ថានភាពស្រវឹងនាយវ៉ាន់ក៏តប ៖ តើវាយ៉ាងម៉េច លោកមេភូមិគិតថាខ្លួនឯងអស្ចារ្យអី នាយវ៉ាន់ក៏គ្រវាសដៃមេភូមិចេញ រត់សំដៅទៅក្រោមផ្ទះក៏ប្រទះកាំបិតផ្គាក់ បំរុងនឹងកាប់លោកភូមិ តែគាត់គេចទាន់រួចចាប់បានកាំបិតវិញ ចាក់នាយវ៉ាន់មួយកំបិត កាប់ថែមបីកាំបិត បណ្ដាលអោយនាយវ៉ាន់ស្លាប់ក្នុងថ្លុកឈាម រួចមេភូមិក៏ហៅអ្នកភូមិមកជួបជុំគ្នា ហើយប្រាប់ពីហេតុការណ៍ អ៊ំឆយបានដឹងថាកូនគាត់ស្លាប់ដោយសារតែមេភូមិ ក៏ច្រលោតខ្លាំងឡើង រួចប្រើគោបាគាត់អោយទៅសំលាប់មេភូមិ ក្នុងកំពុងពេលជុំគ្នា អ្នកភូមិបានឮនិងឃើញគោយ៉ាងធំសំដៅមកផ្ទះមេភូមិ គ្រប់គ្នាដឹងនេះគឺជាគោបារបស់តាឆយ ព្រោះបាត់តែគាត់មិនមក មេភូមិអោយអ្នកភូមិទាំងអស់ចូលក្នុងផ្ទះកុំអោយចេញមកក្រៅ មួយស្របក់ក្រោយមកលោកមេភូមិបានទាញសំពត់កូនស្រីគាត់បោះមកចំក្បាលគោបានោះ ហើយលោតទៅចាប់ គោនោះក៏ប្រែជាគោបាលង្ហិនដ៏តូចមួយ គាត់បានដកកថានៅនឹងគូថគោនោះចេញ គោនោះក៏លែងកំរើក ។ ក្រោយមកអ្នកភូមិទាំងអស់គ្នាក៏លើកគ្នាទៅបណ្ដេញអ៊ំឆយចេញពីភូមិ តាំងពីពេលនោះមក អ្នកភូមិបានរស់នៅប្រកបដោយភាពសុខសាន្ដរហូត ។
0 មតិយោបល់:
Post a Comment