កាលពីខែប្រាំងឆ្នាំទៅ ខ្ញុំនិងក្មេងៗជំទង់២-៣នាក់បាននាំគ្នា
ទៅលេងទឹកនៅស្ទឹង ដោយគិតថានឹងទៅរករាវគ្រំផង និងមុជទឹកលេងផង ដោយសារតែខែប្រាំង
ទើបមិនសូវខ្លាចទឹក ព្រោះទឹករាក់ទេ ។ ខ្ញុំនាំគ្នាចេញពីផ្ទះពីព្រឹក ដោយយកសន្ទូចទៅផង
ដើម្បីស្ទូចត្រី ក្រែងបានត្រីស្រស់ៗ អាំងហូប និងយកផ្ញើអ្នកផ្ទះ ពេលទៅដល់ស្ទឹង
ខ្ញុំក៏ដើររកកំណាត់ឈើចាស់ៗ ដើម្បីដុតបំពក់ជាភ្លើង ទុកឲ្យមានរងើក នៅពេលបានត្រី នឹងយកមកអាំងតែម្ដង
ឯក្មេងៗដទៃទៀត បាននាំគ្នាចុះមុជទឹកលេង តែខ្ញុំបានផ្ដាំហើយ ទោះជាខែប្រាំង ក៏ទឹកស្ទឹងមានកន្លែងខ្លះជ្រៅដែរ
ឲ្យប្រយ័ត្ន ហាមហែលទៅឆ្ងាយៗ។ ខ្ញុំអង្គុយស្ទូចត្រីបណ្ដើរ និងសម្លឹងមើលក្មេងៗ
លេងទឹកបណ្ដើរ ទិដ្ឋភាពពេលនោះ ខ្យល់បក់ត្រជាក់ស្របជាមួយម្លប់ដើមឬស្សីប្របមាត់ស្ទឹង
គួរឲ្យរីករាយណាស់។ ភ្លាមៗខ្ញុំស្ទូចបានត្រីខ្លះដែរ ខ្ញុំក៏ចាប់ផ្ដើមអាំងបណ្ដើរៗ
ពេលឆ្អិនខ្លះ ខ្ញុំបានភ្លក់ខ្លះ និយាយពីថាជាតិណាស់ ខ្ញុំក៏ហៅក្មេងៗឲ្យហូបជុំគ្នាសិន
រួចចាំទៅលេងទឹកទៀត ក្មេងៗ ក៏ឡើងពីទឹកគ្រប់គ្នា នៅសល់តែម្នាក់ទេ មិនឡើងមកវាឈ្មោះថា នីល
ខ្ញុំសំឡឹងទៅវាគឺនៅកណ្ដាលស្ទឹងតែម្ដង កំពុងតែឈរលើគល់ឈើមួយ វាថាវាមិនហែលមិនរួចទេ
ដូចមានអីចាប់ជើងវា ខ្ញុំក៏ក្រោកឈរឡើង មិនឃើញអីទេ ខ្ញុំក៏ចុះហែលទៅជួយវា ។
ខណៈពេលដែលចម្លងវា ស្រាប់តែមានអ្វីម្យ៉ាងទាញជើងវា វាក៏ស្រវាស្ទុះឲ្យបកខ្ញុំជាប់
ខ្ញុំវិញ សឹងផុតដង្ហើម ព្រោះត្រូវប្រឹងហែលទឹក ហើយថប់ដង្ហើមនឹងរិតក ខ្ញុំក៏មុជចុះទៅក្រោមទឹក
ស្រាប់តែឃើញដៃយ៉ាងវែងកំពុងតែចាប់ជើងអានីល ខ្ញុំងើបមកវិញ
ប្រាប់អានីលឲ្យលែងដៃកុំឲ្យបកខ្ញុំ ឲ្យវាឲ្យទ្រូងវិញ ទើបខ្ញុំមានកម្លាំងហែលឆ្លងទឹក
តែវាភ័យគិតតែពីយំ មិនលែងដៃ ខ្ញុំទប់លែងក៏ទះកំភ្លៀងវាបីដៃ ដើម្បីដាស់ស្មារតី
ទើបវាព្រមលែង តែខ្ញុំចាប់ដៃវាជាប់ ខ្លាចវាលង់ ក្រោយឲ្យបទ្រូង
ខ្ញុំប្រាប់វាឲ្យត្រៀមអត់ដង្ហើមព្រោះខ្ញុំត្រូវមុជចុះក្រោមទឹក
ដើម្បីដោះដៃដែលចាប់វាចេញ តែខ្ញុំប្រាប់វា ជើងជាប់សំណងមងចាស់ៗទេ កុំឲ្យស្លុត
ខ្ញុំក៏មុជចុះហើយ វាយដៃនោះវាយយក ៗ ញាប់ស្អែក វាក៏ព្រលែង ខ្ញុំស្ទុះហែលមួយទំហឹង
អូសអានីលមកដល់ជិតច្រាំង ក៏រុញវាឲ្យទៅលើ តែចៃដន្យនៅសល់ខ្ញុំមកដល់មាត់ច្រាំង
ស្រាប់តែបាក់ខ្សាច់ ខ្ញុំក៏ផុតដៃ លិចចូលក្នុងទឹកពេលនោះ
ខ្ញុំឃើញមុខមនុស្សស្រីគួរឲ្យខ្លាច ភ្នែកសស្លែត សក់សំពោងបានសំដៅមករកខ្ញុំ
ខ្ញុំប្រឹងស្ទុះងើបពីទឹក តែងើបមិនរួច ពេលនោះខ្ញុំដឹងច្បាស់ថា វាកំពុងតែចាប់ជើងខ្ញុំជាប់។
ខ្ញុំកាន់តែប្រឹងរើ វាកាន់តែរើមិនរួច ហើយនៅពេលជិតអស់ខ្យល់ ខ្ញុំក៏ប្រមូលអារម្មណ៍នឹកដល់គុណ
លោកឪពុកអ្នកម្ដាយខ្ញុំ ហើយក៏សូត្រទន្ទេញក្នុងចិត្តថា គុណពុកគុណម៉ែ
ជួយកូនឲ្យរួចរស់ផង ដោយសារទឹកដោះម្ដាយថ្លៃ ស្របពេលនោះ មានពូៗអ្នកនេសាទនៅតំបន់នោះ បានមកឃើញក្មេងៗនៅលើគោកកំពុងតែស្រែកយំផង
គាត់ក៏នាំគ្នាចុះក្នុងទឹកទាំងអស់គ្នា មកជួយខ្ញុំ ពេលខ្ញុំឃើញពួកគាត់ចុះមកជាច្រើន ខ្ញុំក៏អារម្មណ៍លែងខ្លាច
ប្រឹងស្ទុះហែលមួយទំហឹងងើបផុតពីទឹក ក៏ប្រវេប្រវាឡើងគោក ។ ពេលបានដល់គោកហើយ ខ្ញុំស្ទើរតែដកដង្ហើមមិនដល់គ្នា
ព្រោះហត់ផង ចង់ផុតដង្ហើមម្ដងៗ ខ្ញុំក៏ក្រឡេកមើលក្នុងទឹកឃើញនារីម្នាក់ចេញត្រឹមតែក្បាល
កំពុងសំឡឹងមកពួកខ្ញុំ ពូៗ បានប្រាប់ខ្ញុំថាលើកក្រោយបើមកលេងទឹក គួរតែមកជាមួយចាស់
ព្រោះនៅទីនេះ មានជើងកបកាន់ តាំងពីខែវស្សាមក ចាស់ៗនៅទីនេះ នរណាក៏ដឹងដែរ
ក្មួយឆាប់នាំគ្នាត្រលប់ទៅវិញទៅ នេះសំណាងដែលក្មួយនៅមានរាសីខ្ពស់ ចុះបើប៉ៈចំក្មួយរាសីទាប
ក្មួយអាចមានគ្រោះថ្នាក់ដល់ជីវិតបាន ពូនៅទីនេះមានគ្នាច្រើន មិនមែនអាចជួយក្មួយបានទេ
ប៉ុន្ដែដោយសារតែពូៗ គឺមានអ្នកចាំជួយថែរក្សា ទើបហ៊ាននាំគ្នាចុះជួយក្មួយ ។
ខ្ញុំក៏បាននាំក្មេងៗត្រលប់មកផ្ទះវិញ
ទាំងអារម្មណ៍មិននៅនឹងខ្លួនទេ ខ្ញុំមកដល់ផ្ទះឈឺអស់ជាងមួយសប្ដាហ៍ នៅតក់ស្លុត បិទភ្នែកពេលណា
ស្រម៉ៃរឿងគួរឲ្យខ្លាចពេលនោះ ខ្ញុំពិតជាមិនហ៊ានស្រម៉ៃដល់រឿងនោះទៀតទេ នេះក៏ជាមូលហេតុដែលខ្ញុំខ្លាចទឹករហូតមកដល់សព្វថ្ងៃ
។
ជាបទពិសោធន៍ ទោះជាខែប្រាំង
ឬវស្សាក៏ដោយ កន្លែងដែលធ្លាប់មានជើងកបនៅ សូមបងប្អូនប្រិយមិត្តប្រយ័ត្នប្រយែងឲ្យបានច្រើន
ជាពិសេសកុំទៅលេងដោយគ្មានចាស់ទុំទៅជាមួយ ព្រោះពេលខ្លះក្មេងៗអាចនាំទុក្ខច្រើន ។
0 មតិយោបល់:
Post a Comment