Wednesday, December 27, 2023

រឿង កង្កែប

 

និយាយពីរឿងកង្កែបនេះ ខ្ញុំជឿជាក់ប្រិយមិត្តអ្នក​អាន​មួយ​ចំនួនដែលមិនធ្លាប់​ជួប​ពិតជា​មានអារម្មណ៍​ថាអាចជាការលេងសើចហើយ ព្រោះកង្កែបធម្មតាគេយក​មកធ្វើម្ហូប​ឆ្ងាញ់​ពិសារ ប៉ុន្ដែរឿងហេតុការណ៍ពិតជាក់ស្ដែងណាស់ ។ នាយប់មួយ​មេឃរលឹមបន្ដិចដែរ ខ្ញុំ​បាន​ចេញ​ទៅ​រកឆ្លុះកង្កែប​ គ្រាន់នឹង​បាន​ធ្វើម្ហូប ខ្ញុំចេញទៅម្នាក់ឯងទេ ខ្ញុំ​មានក្បាលកែវ(ភ្លើងពិល)មួយ និងចំពាម១ដើម សំដៅទៅអូរមួយនៅឆ្ងាយពីផ្ទះ​ប្រហែលជា​២គីឡូម៉ែត្រ​ ។ ខ្ញុំ​ដើរ​តាមផ្លូវបាន​ឃើញ​កង្កែប​តាមផ្លូវ​ច្រើនណាស់​ ខ្ញុំក៏ឆ្លៀតបាញ់​បាន​គួរសមដែរ ប៉ុន្ដែ​ស្រាប់តែ​ខ្ញុំកំពុង​ដើរបាញ់មកដល់​គុម្ពឬស្សីមួយ ខ្ញុំឃើញកង្កែបធំណាស់ សឹងមិនជឿភ្នែក ព្រោះ ចាស់​ៗ​គាត់​ថា​ជាកង្កែបកូនង៉ា​ ព្រោះធំ ថ្លោសៗណាស់ មួយៗជាងកំភួនដៃខ្ញុំទៀត ប៉ុន្ដែនេះធំជ្រុល សឹងតែ​ស្មើនឹងកូនទន្សាយមួយហើយ ខ្ញុំឃើញភ្លាមក៏ចាប់ផ្ដើមព្រឺសម្បុរដែរ ព្រោះធំហួសហេតុពេកហើយ​ ។ តែមិនគិតយូរ​ ខ្ញុំក៏ចាប់​ចំពាមឡើង​តម្រង់​ទៅវាភ្លាម ប៉ុន្ដែស៊យដៃ​ បាញ់អស់ជិត​១០គ្រាប់​មិនត្រូវសោះ ខ្ញុំចាប់ផ្ដើមមួរម៉ៅឡើង ហើយក៏បោះពាក្យថា៖ យីស! អាកង្កែបខ្មោចស្អី បាញ់មិនត្រូវសោះវ៉ើយ ! មិនអស់ចិត្តសោះ

ភ្លាមៗ ស្រាប់តែមានផ្សែងដូចអ័ព្វ មើលអ្វីមិនឃើញ មេឃចុះត្រជាក់ខ្លាំង ប៉ុន្ដែរាំងរលឹមដែរ ខ្យល់បក់ វ៉ូៗ ខ្ញុំឮសម្លេងយំខ្សឹបខ្សួល នៅក្បែរត្រចៀក ខ្ញុំក៏ដឹងថា មិនមានមនុស្សណា​មកយំ​អីកណ្ដាលយប់ កណ្ដាលព្រៃនោះ ទេ ខ្ញុំ​ចាំផ្ដើមសម្លឹង​តាមសូរ​សម្លេង បន្ដិច​ម្ដងៗ ផ្សែងបាន​រសាត់​បាត់​ ពុទ្ធោ​! រូបរាងជាមនុស្ស​ស្រីស្លៀកពាក់ស ប៉ុន្ដែអត់មានក្បាលទេ ​ខ្ញុំប្រុងតែនឹង​រត់​ដែរ ប៉ុន្ដែដូច​មាន​អី​ចាំ​ជើងខ្ញុំជាប់ ខ្ញុំក្រឡេកមើលទៅ គឺកង្កែបធំមុននេះ កំពុងចាប់ជើងខ្ញុំ ខ្ញុំនិយា​យ​មកដល់​ត្រង់នេះពិត​ជាប្រិយមិត្តអាចនិយាយបានថា ៖ វាមែនដែលកង្កែបចេះចាប់ជើង បាទ! ពិតមែន មិនត្រឹមចាប់ជើងទេ វាចេះសើចមើលមុខខ្ញុំទៀត និយាយត្រង់ពេលនោះ បើស្មារតីមិនរឹង មុខជាដួលសន្លប់មែនតើ ហួសវាចា ព្រោះមួយជីវិតនេះមិនដែលជួបហេតុការណ៍បែបនេះទេ ។

ខ្ញុំក៏ដាស់ស្មារតីឡើង រួចយកជើងម្ខាងទៀត ទាត់កង្កែបនោះប៉ើងដូចសំឡី តែជើងខ្ញុំ      រយះឈាមដែរ ខ្ញុំក្រឡេកមើលទៅកង្កែបនោះ តាមពិតខ្ញុំកំពុងទាត់គល់ឈើទេតើ អ៊ីចឹងបាន​ឈឺណាស់​ ខ្ញុំប្រវេរប្រវារត់​ត្រឡប់មកផ្ទះវិញ រត់ៗ ក៏ជំពប់ជើងដួល ងើបមុខឡើង ខ្ញុំបែរជានៅមុខផ្នូរខ្មោចទៅវិញ កាន់តែធ្ងន់កហើយ ពេលនោះខ្ញុំលែងគិតអ្វីទាំងអស់ ស្ទុះរត់មួយទំហឹង តាមដែលអាចធ្វើបាន រត់ផង ដួលផង រលាត់ របកអស់ហើយដៃជើង ខ្ញុំរត់មួយអស់ខ្យល់ ទីបំផុត រត់មិនផុតពីផ្នូរនោះដដែល ។ សម្លេងឆ្កែលូបន្លឺឡើង ខ្យល់ត្រជាក់ស្រៀវដល់ឆ្អឹងខ្នង បានបក់មកម្ដងទៀត លើកនារីម្នាក់នោះ ស្រាប់តែលេខរូបរាងធំ ខ្ពស់សឹងផុតកម្ពស់ឬស្សី ហើយចាំផ្ដើមទម្លាក់សក់ធំសម្បើមមកលើខ្ញុំ ខ្ញុំរើក៏រើមិនរួច ទាល់តម្រិះខ្ញុំស្រែកឡើងភ្លាត់សម្លេង ៖

-       ជួយផងៗ មានបងប្អូនណានៅជិតនេះទេ ជួយខ្ញុំផង

ពិតជាសំណាងណាស់ ភ្លាមៗនោះដែរ មានព្រះសង្ឃមួយអង្គលោកកំពុងនិមន្ដ​ដើរជុំវិញវត្តបានឃើញ និងឮខ្ញុំហៅ ខ្ញុំនិមន្ដទៅ​រកខ្ញុំភ្លាម និងបានសូត្រគាថាអ្វីខ្លះទេ ទើបខ្មោចនោះបានលែងសក់ និងរលាយបាត់ពីខ្ញុំទៅ ក្រោយមកទើបខ្ញុំដឹងថាមុននេះខ្ញុំរត់រហូតមកដល់ក្រោយវត្តទៅហើយ ទាំងវត្តនៅឆ្ងាយពីផ្ទះខ្ញុំជាង៣គីឡូម៉ែត្រ ហើយមិនមែន​នៅទិសទៅទឹកអូរទេ ។

          ក្រោយពីស្ដាប់ការរៀបរាប់របស់ខ្ញុំចប់ លោកក៏ឲ្យកូនសេកជូនខ្ញុំទៅផ្ទះវិញ រួចលោក​ក៏ណែនាំឲ្យខ្ញុំឈប់ដើរឆ្លុះសម្លាប់សត្វទៀតទៅ ព្រោះជាក់ស្ដែង ខ្ញុំដើរយប់មិនដឹង​ថា​ខ្ញុំបានដើរជាន់លើផ្នូរគេទេ លោកបានមានសង្ឃដីកាថា នេះគឺជាព្រាយដែលរស់នៅយូរឆ្នាំហើយ ប៉ុន្ដែទាល់តែរាសីអ្នកធ្លាក់ ឬឆុងឆ្នាំ ទើបវាអាចមានអំណាច​មកលើយើងបាន ប៉ុន្ដែព្រះអង្គនិងនិមន្ដទៅ​សូត្ររំដោះគ្រោះឲ្យខ្ញុំ ហើយនិង​ទៅសូត្ររំងាប់នៅកន្លែងដែលព្រាយនោះនៅ ហើយចាប់តាំងពីពេលនោះមកខ្ញុំមិនដែលចេញឆ្លុះយប់ទៀតទេ ទោះជានៅក្បែរផ្ទះក៏មិនចេញដែរ ព្រោះខ្លាចឈឺជ្រុះសក់ ទោះជាខ្ញុំជាមនុស្ស​ខ្លាចខ្មោច តែដល់ពេលជួបស្ដែងៗពេក ដូចពេលនេះ គឺមិនហ៊ាននិយាយថា ខ្ញុំមិនខ្លាចនោះទេ ។


0 មតិយោបល់:

Post a Comment