រឿងនេះកន្លងទៅក្នុងឆ្នាំ២០២២ថ្មីៗទេ កាលណោះ
ខ្ញុំបានចុះបំពេញបេសកកម្មដោយជិះម៉ូតូម្នាក់ឯង ទៅតាមស្រុក ។
ខ្ញុំបានធ្វើដំណើរឆ្លងកាត់ទំនប់ទឹកធំមួយ ជាកន្លែងដែលខ្ញុំតែងតែឆ្លងកាត់ឲ្យតែទៅកាន់ស្រុកនោះ
ប៉ុន្ដែថ្ងៃនេះហាក់បីដូចជាចម្លែកណាស់
ព្រោះរាល់ដងពេលខ្ញុំជិះកាត់មិនដែលឃើញមានលក់តែបៃតងអីទេ ខ្ញុំក៏គិតថា
គេទើបមកលក់ទេដឹង? មិនបង្អាក់ពេលវេលា ខ្ញុំបន្ដទៅបំពេញបេសកកម្មរហូតរួចរាល់ ទើបត្រលប់មកវិញ
។ ពេលធ្វើដំណើរតាមផ្លូវមេឃស្រាប់តែក្ដៅខ្លាំងចម្លែក ខ្ញុំក៏សម្រេចចិត្តឈប់សម្រាកនៅទីតាំងទំនប់ទឹកនោះ
ពេលសម្រាកបានមួយស្របក់ ក៏ចាប់អារម្មណ៍តូបលក់តែបៃតង ម្យ៉ាងស្រេកទឹកផង ក៏ទៅទិញហូប
ប៉ុន្ដែអ្វីដែលកាន់តែចម្លែក ស្រាប់តែមេឃប្រែជាខ្មៅភ្លាមៗ ដូចបម្រុងភ្លៀងធំអ៊ីចឹង ខ្យល់ក៏ខ្លាំងទៀត
ពេលខ្ញុំទៅដល់តូបលក់ ខំមើលទៅអ្នកលក់ គាត់ជានារីអាយុប្រមាណជា២០ឆ្នាំ កម្ពស់ល្មម
ស្លៀកខោខូវប៊យរឹបរាង និងពាក់អាវយឺតពណ៌ស មានលាយរូបផ្កាលឿងបន្ដិច ។
ខ្ញុំក៏សន្ទនាជាមួយគាត់ខ្លះ៖
-
សួស្ដីចែៗ
(ខ្ញុំចូលចិត្តហៅស្រីៗអ៊ីចឹង)
-
ចាស!
ចង់ញ៉ាំអីដែរបង?
-
ចែមានលក់កាហ្វេទេ
-
មានតើបង
!
-
ប៉ុន្ដែខ្ញុំមិនចេះហូបកាហ្វេដាក់ដូងក្រអូបទេ
ឥលូវខ្ញុំយកបាកាស១វិញ
-
ចាស
ខ្ញុំបានគាស់បាកាសរួចផឹកបណ្ដើរ
និងបានសាកសួរបណ្ដើរ ព្រោះខ្ញុំប្លែកចិត្តឃើញគាត់មកលក់ម្នាក់ឯងនៅតាមផ្លូវ
ស្ងាត់ក៏ស្ងាត់ កំពុងតែសួរនាំស្រាប់តែខ្ញុំឮសម្លេងមនុស្សស្រីស្រែកឲ្យជួយ៖
-
ជួយផងៗ
ខ្ញុំក៏រេក្រសែភ្នែកទៅតាមសម្លេង
ស្រាប់តែឃើញចែអ្នកលក់ហ្នឹងកំពុងតែលង់ទឹកទំនប់ ខ្ញុំក៏រាងភ្ញាក់ព្រើត ហ៎ាក!
ម៉េចក៏ចែហ្នឹង ទៅលង់ទឹកវិញ ក្រែងនៅលក់ឲ្យខ្ញុំតើ ភ្លាមៗ ខ្ញុំមិនបានគិតច្រើន
ក៏ស្ទុះទៅជួយ តែជាអកុសល ខ្ញុំជាមនុស្សមិនចេះហែលទឹក ខ្ញុំមិនហ៊ានលោតទៅជួយទេ
បានត្រឹមតែរកឈើវែង ដើម្បីដាក់ឲ្យគាត់តោង ប៉ុន្ដែមិនបានផលសោះ
ព្រោះទឹកទំនប់ហូរខ្លាំង ហើយជ្រៅទៀត ខ្ញុំក៏រត់ទៅរកម៉ូតូជិះទៅផ្ទះគេក្បែរនោះ
ដើម្បីជួយគ្នា ប៉ុន្ដែខ្ញុំមិនទាន់បានជិះម៉ូតូផង ស្រាប់តែខ្យល់ក៏បក់យ៉ាងខ្លាំង
មេឃខ្មៅលើសដើម ហើយ ស្រាប់តែប្រែងងឹតឈឹង សឹងតែមើលអ្វីមិនយល់
ខ្ញុំក៏មានអារម្មណ៍ភ័យខ្លះដែរ ប៉ុន្ដែខ្ញុំព្យាយាមតាំងចិត្តឲ្យរឹងមាំ
ព្រោះខ្លាចមានរឿងអ្វីមិនល្អ ខ្ញុំព្យាយាមស្រវាលើកម៉ូតូហើយបញ្ឆេះ តែវាមិនឆេះសោះ
ខ្ញុំក៏មានអារម្មណ៍ដឹង មានរឿងអ្វីហើយ ខ្ញុំក៏មើលទៅចែលក់ ស្រាប់តែបាត់គាត់ឈឹង តូបក៏បាត់ទៀត
ខ្ញុំដឹងយ៉ាងច្បាស់ថា ខ្មោចលងប្រាកដ ខ្ញុំក្រលេកមើលទៅបាកាសខ្ញុំ ស្រាប់តែក្លាយជាដបទឹកសុទ្ធទទេ
នោះ! យ៉ាងម៉េចយ៉ាងម៉ាទេខ្ញុំ ។
ខ្យល់បក់កាន់តែខ្លាំង
ស្របនឹងសម្លេងថ្ងូរសន្សឹមៗ មកក្បែរត្រចៀកខ្ញុំ
ខ្ញុំក៏រេភ្នែកខំបើកភ្នែកសម្លឹងតាមសម្លេងនោះ ស្រាប់តែឃើញសក់យ៉ាងវែងទម្លាក់គ្របមកលើក្បាលខ្ញុំ
ខ្ញុំមិនអាចរើទៅណារួចទេ ហាក់ដូចជាមានអ្វីចាប់ជើងជាប់ ពេលនោះ ខ្ញុំទាល់តម្រិះ
ក៏ព្យាយាមតាំងចិត្តឲ្យមាំ ហើយក៏នឹកដល់គុណមាតាបិតា គុណបាអាចារ្យ
គុណព្រះរតនៈត្រៃ ដោយទន្ទេញជាប់មាត់ថា មាតាគុណំ បិតាគុណំ ព្រះពុទ្ធគុណំ ព្រះធម៌គុណំ
ព្រះសង្ឃគុណំ ដោយអំណាចនៃសេចក្ដីល្អ ដោយអំណាចនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃ
សូមជួយឲ្យខ្ញុំបានរួចពីទុក្ខមួយនេះផង ។
ក្រោយពីឧទ្ទិសរួច
ស្រាប់តែមេឃស្ងប់ខ្យល់ ក៏បាត់សក់នោះដែរ ហើយមេឃក៏ចាប់ផ្ដើមស្រឡះមកធម្មតាវិញ
ពេលនោះទើបខ្ញុំដឹងថា តាមពិតខ្ញុំមិនមែននៅជិតម៉ូតូឯណា
ខ្ញុំស្ទើរតែធ្លាក់ចូលទៅក្នុងទំនប់បាត់ទៅហើយ ភ្លាមៗនោះ
ខ្ញុំបានពូម្នាក់បើកគោយន្ដមកតាមផ្លូវក៏ស្រែកហៅគាត់ឲ្យជួយ សំណាងល្អណាស់ដែលគាត់បានឮ
និងបានចុះមកជួយទាញខ្ញុំឡើងទៅលើវិញ គាត់សួរនាំខ្ញុំ
ខ្ញុំបានរៀបរាប់តាមហេតុការណ៍ដែលបានប្រាប់ គាត់ថាឲ្យប្រយ័ត្នប្រយែង
ព្រោះអ្នកនៅម្ដុំនេះ នរណាក៏ធ្លាប់ជួប ធ្លាប់ឃើញដែរ ។ តាំងពីពេលនោះមក គ្រប់កន្លែងដែលខ្ញុំទៅដល់
ឲ្យឃើញស្ថានភាពមិនស្រួល ខ្ញុំនឹងចាកចេញ ឬទៅរកកន្លែងដែលមានមនុស្សកុះករភ្លាមៗ ។
0 មតិយោបល់:
Post a Comment