រឿងនេះបានកើតឡើងអំឡុងឆ្នាំ២០១៥
ខណៈពេលដែលខ្ញុំបានឡើងទៅភ្នំពេញដើម្បីទៅចូលរួមវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងរយៈពេល១សប្ដាហ៍
។ ខ្ញុំជាអ្នកនៅជនបទ មិនដែលស្គាល់ក្រុងភ្នំពេញទេ សូម្បីតែពេលឆ្លងផ្លូវម្ដងៗ
ត្រូវចំណាយពេលយូរណាស់ ខ្ញុំចេញទៅពីខេត្តតែម្នាក់ឯងទេ កាលណោះខ្ញុំជិះឡានក្រុងសូរិយា
បេននៅម្ដុំផ្សារធំថ្មី ។ ក្រោយពីពេលធ្វើដំណើរទៅដល់រាជធានីភ្នំពេញ ខ្ញុំបានរកតុតុ
ដើម្បីរកផ្ទះសំណាក់នៅក្បែរក្រសួងសម្រាក ងាយស្រួលចេញចូលទៅរៀន
ខ្ញុំស្វែងរកចុះស្វែងរកឡើង ក៏ឃើញផ្ទះសំណាក់មួយនៅផ្លូវតូច៣ជួរក្រោយផ្លូវជាតិ
ឃើញថាកំពុងតែសាងសង់ ក៏ចុះទៅសួរម្ចាស់ផ្ទះ៖
-
សួស្ដីបង
! ផ្ទះសំណាក់បងបើកទទួលភ្ញៀវឬនៅ? (ពេលនោះមានបុរសមាឌធំដំបង និងសម្បុរខ្មៅ បានចេញមក )
-
ទទួលអូន!
-
មួយយប់ប៉ុន្មានដែរបង?
-
នៅទីនេះមួយយប់តែ៥ដុល្លារទេ
កង្ហារ ១០ដុល្លារសម្រាប់ម៉ាស៊ីនត្រជាក់ អូនយកមួយណា?
ហេតុតែចង់សន្សំលុយខ្លះ
ខ្ញុំក៏សម្រេចចិត្តយកបន្ទប់៥ដុល្លារ ខ្ញុំក៏សម្រេចចិត្តថាសម្រាកមួយយប់សិន
បើសិនជាមានផាសុកភាព ខ្ញុំនឹងកក់សម្រាក១សប្ដាហ៍តែម្ដង។ ខ្ញុំក៏បានឥវ់ាន់
ទៅទុកក្នុងបន្ទប់ ឃើញថាបន្ទប់នៅក្លិនថ្នាំមិនស្ងួតល្អផង ប៉ុន្ដែស្អាត
ខ្ញុំមិនគិតច្រើន ក៏ចូលទៅមុជទឹក រួចរៀបចំខ្លួនទៅរកហូបអី និងទៅមើលក្រសួងសិន
ព្រោះលើកទី១ ទើបស្គាល់ ទៅមើលឲ្យហើយ ខ្លាចវង្វេងផ្លូវផង ។ ក្រោយពីត្រលប់មកវិញ
ម៉ោងជាង៦យប់ទៅ តែដូចដឹងស្រាប់ហើយ ភ្នំពេញមិនងងឹតទេ
ប៉ុន្ដែផ្លូវដែលទៅផ្ទះសំណាក់ដែលខ្ញុំសម្រាក គឺងងឹតដោយសារតែក្បែរនោះ
មានផ្ទះខ្ពស់របងខ្ពស់ និងមានដាំដើមឈើទៀត ខ្ញុំក៏បានដើរម្នាក់ឯង ទៅផ្ទះសំណាក់ ប៉ុន្ដែមានអារម្មណ៍ថា
ហាក់ដូចជាមានអ្នកដើរពីក្រោយ គិតមកដល់ចំណុចនេះ ពិតជាគួរឲ្យស្រៀវណាស់
ព្រោះល្បីថាភ្នំពេញសម្បូរចោរឆក់ ប្លន់ ឬស្ទាវៗ
ព្រោះខ្ញុំមិនបានគិតដល់រឿងខ្មោចអីទេ ខ្លាចតែមនុស្សទេ ។
ខ្ញុំដើរបណ្ដើរឮសូរសម្រឹបជើងមនុស្សដើរពីក្រោយបណ្ដើរ ស្ទើរតែនឹងកៀកខ្លួនហើយ
ខ្ញុំក៏ងាកក្រោយមើល តែពុំឃើញអ្វីសោះ ខ្ញុំក៏គិតថា
ប្រហែលជាសម្លេងខ្យល់ប៉ៈនឹងអ្វីហើយ កុំគិតច្រើនពេក
ទីបំផុតខ្ញុំក៏បានមកដល់ផ្ទះសំណាក់ ។
ខណៈពេលខ្ញុំកំពុងសម្រាកម៉ោងប្រហែល១២រំលងអាធ្រាត្រ
ស្រាប់តែសម្លេងក្ដុងក្ដាំង ឮសម្លេងមនុស្សស្រែកឡូឡា ដូចជាឈ្លោះគ្នាអ៊ីចឹង ខ្ញុំក៏គិតថាប្រហែលជាសម្លេងអ្នកជិតខាងទេ
ប៉ុន្ដែពេលស្ដាប់យូរទៅឮខ្លាំងឡើងៗ ចេញពីបន្ទប់ទឹករបស់ខ្ញុំ ខ្ញុំក៏បើកភ្លើង
ហើយបើកទ្វារបន្ទប់ទឹកមើល តែមិនឃើញមានអ្វីប្លែកទេ ខ្ញុំក៏បិទភ្លើងដេកបន្ដ
ប៉ុន្ដែគ្រាន់តែបិទភ្នែកភ្លាម ស្រាប់តែមានសម្លេងមកខ្សឹបដាក់ក្រដាសត្រចៀកខ្ញុំថា៖
-
ហ៊ឺៗ.......ចេ...ញពីទីនេះទៅ......(ហើយស្រាប់តែឮសម្លេងសើចយ៉ាងគួរខ្លាច
ពេញបន្ទប់)
ខ្ញុំក៏ស្ទុះបើកភ្លើង
រួចបើកទ្វារចេញពីបន្ទប់មករកម្ចាស់ផ្ទះ ហៅយ៉ាងណាក៏គាត់មិនព្រមបើកទ្វារបន្ទប់
ខ្ញុំបល់គំនិតហើយ ចង់សួរគាត់ថាមានរឿងអីឲ្យប្រាកដ ។
ដោយអស់សង្ឃឹមខ្ញុំក៏ត្រលប់មកបន្ទប់វិញ បើកភ្លើងរហូត ស្រាប់តែពេលនោះដាច់ភ្លើងផ្លឹប
ខ្ញុំបានឃើញភ្នែកមួយគូ ក្រហម ធំៗប៉ុនប៉ាល់ទាត់ គ្របដោយឈាម ហើយមានធ្មេញធំ
សើចតាមបង្អួចដាក់ខ្ញុំ សំខាន់ ក្លិនស្អុយដូចគម្រង់ទៀត ណាមួយរាងខ្លាចផង
ក៏រត់ទៅបើកទ្វារ តែទ្វារខ្ញុំបែរជាជាប់សោទៅវិញ ។ ខ្ញុំភ័យណាស់ក៏ស្រែកឲ្យគេជួយ
ស្រែកឡើងភ្លាត់សម្លេង ប៉ុន្ដែមិនមាននរណាម្នាក់បានឮនិងចេញមករកខ្ញុំឡើយ ។
ខ្ញុំក៏តាំងស្មារតី បើកទ្វារ ទាញផង ទាត់ផង ទីបំផុត ខ្ញុំធ្វើបានសម្រេច
ខ្ញុំរត់ចេញមកខាងក្រៅ ហើយងាកមើលទៅផ្ទះសំណាក់នោះ
ឃើញថាមានសភាពចាស់ទ្រុឌទ្រោមខ្លាំងណាស់ បន្ទប់ខ្លះត្រូវបានគេវាយបំផ្លាញទៅហើយ
ខ្ញុំក៏ឆ្ងល់ខ្លួនឯងថា ម៉េចពីពេលថ្ងៃខ្ញុំឃើញផ្ទះនេះស្អាតម្ល៉េះ
ហើយក៏មិនចាប់អារម្មណ៍ថាពេលដែលខ្ញុំមករកបន្ទប់ជួលពុំមានឃើញភ្ញៀវណាម្នាក់មកទេ
សូម្បីតែតាមផ្លូវក៏ស្ងាត់មនុស្សដែរ ភ្លាមៗនោះសម្លេងឆ្កែលូយ៉ាងខ្លាំង
ខ្យល់ត្រជាក់ស្រឹប ខ្ញុំញ័រអស់ទាំងខ្លួន នៅពេលអ្វីម្យ៉ាងកំពុងនៅពីខាងលើក្បាលខ្ញុំ
ពេលខ្ញុំបានក្រឡេកទៅ ឃើញភ្នែកមួយគូនោះកំពុងតែពីលើ ក្រហមលាយឈាម
ស្រក់មកតក់ៗលើក្បាលខ្ញុំ ខ្ញុំក៏ស្រែកឡើងភ្លាត់សម្លេង
ស្រាប់តែមានសក់យ៉ាងធំគ្របមុខខ្ញុំជិតឈឹង ខ្ញុំមិនដឹងយ៉ាងម៉េចក៏សន្លប់បាត់ទៅ។
ពេលដឹងខ្លួនឃើញថាខ្លួនឯងកំពុងឲ្យបបង្វេចដេកនៅក្រោមដើមស្វាយតាមផ្លូវទៅវិញ
ខ្ញុំឆ្ងល់ណាស់ ប៉ុន្ដែមិនដឹងធ្វើយ៉ាងម៉េច ក៏បន្ដដើរ ឃើញមានផ្ទះសំណាក់ក្បែរនោះ
ម្ចាស់ផ្ទះសំណាក់ បានងើបមកសួរខ្ញុំ ថាខ្ញុំមកពីណា បានជាមកដេកនៅតាមផ្លូវបែបនេះ
ខ្ញុំក៏រៀបរាប់ប្រាប់គាត់ គាត់ថាដោយសារផ្ទះសំណាក់នោះពិតជាមានមែន តែត្រូវម្ចាស់ទុកចោលដោយសារជាប់ជំពាក់បំណុលច្រើនពេក
ម្ចាស់រត់ចោល ហើយមានកម្មករបានស្លាប់នៅទីនោះ
សូម្បីតែផ្ទះសំណាក់របស់ខ្ញុំក៏មិនសូវមានភ្ញៀវ ដោយសារតែនៅក្បែរគ្នា ដែរ
ប៉ុន្ដែផ្ទះរបស់ខ្ញុំមិនអីទេ អូនអាចសម្រាកបាន
ខ្ញុំក៏បានចូលទៅសម្រាកនៅផ្ទះសំណាក់ថ្មីនោះ រហូតដល់ភ្លឺ ហើយក៏បានចូលរួមវគ្គបណ្ដុះបណ្ដាលពេញមួយសប្ដាហ៍
និងបានត្រលប់មកវិញដោយសុខសាន្ដ។
0 មតិយោបល់:
Post a Comment