សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Friday, December 29, 2023

រឿង ខ្មោចក្នុងទឹកស្ទឹង

 

កាលពីខែប្រាំងឆ្នាំទៅ ខ្ញុំនិងក្មេងៗជំទង់២-៣នាក់​បាន​នាំគ្នា ទៅលេងទឹកនៅ​ស្ទឹង ដោយគិតថានឹងទៅរករាវគ្រំផង និងមុជទឹកលេងផង ដោយសារតែខែប្រាំង ទើបមិនសូវខ្លាចទឹក ព្រោះទឹករាក់ទេ ។ ខ្ញុំនាំគ្នាចេញពីផ្ទះពីព្រឹក ដោយយកសន្ទូចទៅផង ដើម្បីស្ទូចត្រី​ ក្រែងបានត្រីស្រស់ៗ អាំងហូប និងយកផ្ញើអ្នកផ្ទះ ពេលទៅដល់ស្ទឹង ខ្ញុំក៏ដើររកកំណាត់ឈើចាស់ៗ ដើម្បីដុតបំពក់ជាភ្លើង ទុកឲ្យ​មានរងើក នៅពេលបានត្រី នឹងយកមកអាំងតែម្ដង ឯក្មេងៗដទៃទៀត បាន​នាំគ្នាចុះមុជទឹកលេង តែខ្ញុំបានផ្ដាំហើយ ទោះជាខែប្រាំង ក៏ទឹកស្ទឹងមានកន្លែងខ្លះជ្រៅដែរ ឲ្យប្រយ័ត្ន ហាមហែលទៅឆ្ងាយៗ។ ខ្ញុំអង្គុយស្ទូចត្រីបណ្ដើរ និងសម្លឹងមើលក្មេងៗ លេងទឹកបណ្ដើរ ទិដ្ឋភាពពេលនោះ ខ្យល់បក់ត្រជាក់ស្របជាមួយម្លប់ដើមឬស្សីប្របមាត់ស្ទឹង គួរឲ្យរីករាយណាស់។ ភ្លាមៗខ្ញុំស្ទូចបានត្រីខ្លះដែរ ខ្ញុំក៏ចាប់ផ្ដើមអាំងបណ្ដើរៗ ពេលឆ្អិនខ្លះ ខ្ញុំបានភ្លក់ខ្លះ និយាយពីថាជាតិណាស់ ខ្ញុំក៏ហៅក្មេងៗឲ្យហូបជុំគ្នាសិន រួចចាំទៅលេងទឹកទៀត ក្មេងៗ ក៏ឡើងពីទឹកគ្រប់គ្នា នៅសល់តែម្នាក់ទេ មិនឡើងមកវាឈ្មោះថា នីល ខ្ញុំសំឡឹងទៅវាគឺនៅកណ្ដាលស្ទឹងតែម្ដង កំពុងតែឈរលើគល់ឈើមួយ វាថាវាមិនហែលមិនរួចទេ ដូចមានអីចាប់ជើងវា ខ្ញុំក៏ក្រោកឈរឡើង មិនឃើញអីទេ ខ្ញុំក៏ចុះហែលទៅជួយវា ។ ខណៈពេលដែលចម្លងវា ស្រាប់តែមានអ្វីម្យ៉ាងទាញជើងវា វាក៏ស្រវាស្ទុះឲ្យបកខ្ញុំជាប់ ខ្ញុំវិញ សឹងផុតដង្ហើម ព្រោះត្រូវប្រឹងហែលទឹក ហើយថប់ដង្ហើមនឹងរិតក ខ្ញុំក៏មុជចុះទៅក្រោមទឹក ស្រាប់តែឃើញ​ដៃយ៉ាងវែងកំពុងតែចាប់ជើងអានីល ខ្ញុំងើបមកវិញ ប្រាប់អានីលឲ្យលែងដៃកុំឲ្យបកខ្ញុំ ឲ្យវាឲ្យទ្រូងវិញ ទើបខ្ញុំមានកម្លាំងហែលឆ្លងទឹក តែវាភ័យគិតតែពីយំ មិនលែងដៃ ខ្ញុំទប់លែងក៏ទះកំភ្លៀងវាបីដៃ ដើម្បីដាស់ស្មារតី ទើបវាព្រមលែង តែខ្ញុំចាប់ដៃវាជាប់ ខ្លាចវាលង់ ក្រោយឲ្យបទ្រូង ខ្ញុំប្រាប់វាឲ្យត្រៀមអត់ដង្ហើមព្រោះខ្ញុំត្រូវមុជចុះក្រោមទឹក ដើម្បីដោះដៃដែលចាប់វាចេញ តែខ្ញុំប្រាប់វា ជើងជាប់សំណងមងចាស់ៗទេ កុំឲ្យស្លុត ខ្ញុំក៏មុជចុះហើយ វាយដៃនោះវាយយក ៗ ញាប់ស្អែក វាក៏ព្រលែង ខ្ញុំស្ទុះហែលមួយទំហឹង អូសអានីលមកដល់ជិតច្រាំង ក៏រុញវាឲ្យទៅលើ តែចៃដន្យនៅសល់ខ្ញុំមកដល់មាត់ច្រាំង ស្រាប់តែបាក់ខ្សាច់ ខ្ញុំក៏ផុតដៃ លិចចូលក្នុងទឹកពេលនោះ ខ្ញុំឃើញមុខមនុស្សស្រីគួរឲ្យខ្លាច ភ្នែកសស្លែត សក់សំពោងបានសំដៅមករកខ្ញុំ ខ្ញុំប្រឹងស្ទុះងើបពីទឹក តែងើបមិនរួច ពេលនោះខ្ញុំដឹងច្បាស់ថា វាកំពុងតែចាប់ជើងខ្ញុំជាប់។ ខ្ញុំកាន់តែប្រឹងរើ វាកាន់តែរើមិនរួច ហើយនៅពេលជិតអស់ខ្យល់ ខ្ញុំក៏ប្រមូលអារម្មណ៍នឹកដល់គុណ លោកឪពុកអ្នកម្ដាយខ្ញុំ ហើយក៏សូត្រទន្ទេញក្នុងចិត្តថា គុណពុកគុណម៉ែ ជួយកូនឲ្យរួចរស់ផង ដោយសារ​ទឹកដោះម្ដាយថ្លៃ ស្របពេលនោះ មានពូៗអ្នកនេសាទនៅតំបន់នោះ បានមកឃើញក្មេងៗនៅលើគោកកំពុងតែស្រែកយំផង គាត់ក៏នាំគ្នាចុះក្នុងទឹកទាំងអស់គ្នា មកជួយខ្ញុំ ពេលខ្ញុំឃើញពួកគាត់ចុះមកជាច្រើន ខ្ញុំក៏អារម្មណ៍លែងខ្លាច ប្រឹងស្ទុះហែលមួយទំហឹងងើបផុតពីទឹក ក៏ប្រវេប្រវាឡើងគោក ។ ពេលបានដល់គោកហើយ ខ្ញុំស្ទើរតែដកដង្ហើមមិនដល់គ្នា ព្រោះហត់ផង ចង់ផុតដង្ហើមម្ដងៗ ខ្ញុំក៏ក្រឡេកមើលក្នុងទឹកឃើញនារីម្នាក់ចេញត្រឹមតែក្បាល កំពុងសំឡឹងមកពួកខ្ញុំ ពូៗ បានប្រាប់ខ្ញុំថាលើកក្រោយបើមកលេងទឹក គួរតែមកជាមួយចាស់ ព្រោះនៅទីនេះ មានជើងកបកាន់ តាំងពីខែវស្សាមក ចាស់ៗនៅទីនេះ នរណាក៏ដឹងដែរ ក្មួយ​ឆាប់នាំគ្នាត្រលប់ទៅវិញទៅ នេះសំណាងដែលក្មួយនៅមានរាសីខ្ពស់ ចុះបើប៉ៈចំក្មួយរាសីទាប ក្មួយអាចមានគ្រោះថ្នាក់ដល់ជីវិតបាន ពូនៅទីនេះមានគ្នាច្រើន មិនមែនអាចជួយក្មួយបានទេ ប៉ុន្ដែដោយសារតែពូៗ គឺមានអ្នកចាំជួយថែរក្សា ទើបហ៊ាននាំគ្នាចុះជួយក្មួយ ។

          ខ្ញុំក៏បាននាំក្មេងៗត្រលប់មកផ្ទះវិញ ទាំងអារម្មណ៍មិននៅនឹងខ្លួនទេ ខ្ញុំមកដល់ផ្ទះ​ឈឺអស់ជាងមួយសប្ដាហ៍ នៅតក់ស្លុត បិទភ្នែកពេលណា ស្រម៉ៃរឿងគួរឲ្យខ្លាចពេលនោះ ខ្ញុំពិត​ជាមិនហ៊ានស្រម៉ៃដល់រឿងនោះទៀតទេ នេះក៏ជាមូលហេតុដែលខ្ញុំខ្លាចទឹករហូតមកដល់​សព្វថ្ងៃ ។

          ជាបទពិសោធន៍ ទោះជាខែប្រាំង ឬវស្សាក៏ដោយ កន្លែងដែលធ្លាប់មានជើងកបនៅ សូមបងប្អូនប្រិយមិត្តប្រយ័ត្នប្រយែងឲ្យបានច្រើន ជាពិសេសកុំទៅលេងដោយគ្មានចាស់ទុំទៅជាមួយ ព្រោះពេលខ្លះក្មេងៗអាចនាំទុក្ខច្រើន ។


Thursday, December 28, 2023

រឿង ផ្ទះសំណាក់ថ្មី

 

          រឿងនេះបានកើត​ឡើង​អំឡុងឆ្នាំ២០១៥ ខណៈពេលដែលខ្ញុំបានឡើងទៅភ្នំពេញ​ដើម្បីទៅចូលរួមវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងរយៈពេល​១សប្ដាហ៍ ។ ខ្ញុំជាអ្នកនៅជនបទ មិនដែលស្គាល់ក្រុងភ្នំពេញទេ សូម្បីតែពេលឆ្លងផ្លូវម្ដងៗ ត្រូវចំណាយពេលយូរណាស់ ខ្ញុំចេញទៅពីខេត្តតែម្នាក់ឯងទេ កាលណោះខ្ញុំជិះឡានក្រុងសូរិយា បេននៅម្ដុំផ្សារធំថ្មី ។ ក្រោយពីពេលធ្វើដំណើរទៅដល់រាជធានីភ្នំពេញ ខ្ញុំបានរកតុតុ ដើម្បីរកផ្ទះសំណាក់នៅក្បែរក្រសួងសម្រាក ងាយស្រួលចេញចូលទៅរៀន ខ្ញុំស្វែងរកចុះស្វែងរកឡើង ក៏ឃើញផ្ទះសំណាក់មួយនៅផ្លូវតូច៣ជួរក្រោយផ្លូវជាតិ ឃើញថាកំពុងតែសាងសង់ ក៏ចុះទៅសួរម្ចាស់ផ្ទះ៖

-       សួស្ដីបង ! ផ្ទះសំណាក់បងបើកទទួលភ្ញៀវឬនៅ? (ពេលនោះមានបុរសមាឌធំដំបង និងសម្បុរខ្មៅ បានចេញមក )

-       ទទួលអូន!

-       មួយយប់ប៉ុន្មានដែរបង?

-       នៅទីនេះមួយយប់តែ៥ដុល្លារទេ កង្ហារ ១០ដុល្លារសម្រាប់ម៉ាស៊ីនត្រជាក់ អូនយកមួយណា?

ហេតុតែចង់សន្សំលុយខ្លះ ខ្ញុំក៏សម្រេចចិត្តយកបន្ទប់៥ដុល្លារ ខ្ញុំក៏សម្រេចចិត្តថាសម្រាកមួយយប់សិន បើសិនជាមានផាសុកភាព ខ្ញុំនឹងកក់សម្រាក១សប្ដាហ៍តែម្ដង។ ខ្ញុំក៏​បានឥវ់ាន់ ទៅទុកក្នុងបន្ទប់ ឃើញថាបន្ទប់នៅក្លិនថ្នាំមិនស្ងួតល្អផង ប៉ុន្ដែស្អាត ខ្ញុំមិនគិតច្រើន ក៏ចូលទៅមុជទឹក រួចរៀបចំខ្លួនទៅរកហូបអី និងទៅមើលក្រសួងសិន ព្រោះលើកទី១ ទើបស្គាល់ ទៅមើលឲ្យហើយ ខ្លាចវង្វេងផ្លូវផង ។ ក្រោយពីត្រលប់មកវិញ ម៉ោងជាង៦យប់ទៅ តែដូចដឹង​ស្រាប់ហើយ ភ្នំពេញ​មិនងងឹតទេ ប៉ុន្ដែផ្លូវដែលទៅផ្ទះសំណាក់ដែលខ្ញុំសម្រាក គឺងងឹតដោយ​សារតែក្បែរនោះ មានផ្ទះខ្ពស់របងខ្ពស់ និងមានដាំដើមឈើទៀត ខ្ញុំក៏បានដើរម្នាក់ឯង ទៅផ្ទះសំណាក់ ប៉ុន្ដែមានអារម្មណ៍ថា ហាក់ដូចជាមានអ្នកដើរពីក្រោយ គិតមកដល់ចំណុចនេះ ពិតជាគួរឲ្យស្រៀវណាស់ ព្រោះល្បីថាភ្នំពេញសម្បូរចោរឆក់ ប្លន់ ឬស្ទាវៗ ព្រោះខ្ញុំមិនបាន​គិតដល់រឿងខ្មោចអីទេ ខ្លាចតែមនុស្សទេ ។ ខ្ញុំដើរបណ្ដើរឮសូរសម្រឹបជើងមនុស្សដើរពីក្រោយបណ្ដើរ ស្ទើរតែនឹងកៀកខ្លួនហើយ ខ្ញុំក៏ងាកក្រោយមើល តែពុំឃើញអ្វីសោះ ខ្ញុំក៏គិតថា ប្រហែលជាសម្លេងខ្យល់ប៉ៈនឹង​អ្វីហើយ កុំគិតច្រើនពេក ទីបំផុតខ្ញុំក៏បានមកដល់ផ្ទះសំណាក់ ។

ខណៈពេលខ្ញុំកំពុងសម្រាកម៉ោងប្រហែល១២រំលងអាធ្រាត្រ ស្រាប់តែសម្លេងក្ដុងក្ដាំង ឮសម្លេងមនុស្សស្រែកឡូឡា ដូចជាឈ្លោះគ្នាអ៊ីចឹង ខ្ញុំក៏គិតថាប្រហែលជាសម្លេងអ្នកជិតខាងទេ ប៉ុន្ដែពេលស្ដាប់យូរទៅឮខ្លាំងឡើងៗ ចេញពីបន្ទប់ទឹករបស់ខ្ញុំ ខ្ញុំក៏បើកភ្លើង ហើយបើកទ្វារបន្ទប់ទឹកមើល តែមិនឃើញមានអ្វីប្លែកទេ​ ខ្ញុំក៏បិទភ្លើងដេកបន្ដ ប៉ុន្ដែគ្រាន់តែបិទភ្នែកភ្លាម ស្រាប់តែមានសម្លេងមកខ្សឹបដាក់ក្រដាសត្រចៀកខ្ញុំថា៖

-       ហ៊ឺៗ.......ចេ...ញពីទីនេះទៅ......(ហើយស្រាប់តែឮសម្លេងសើចយ៉ាងគួរខ្លាច ពេញបន្ទប់)

ខ្ញុំក៏ស្ទុះបើកភ្លើង រួចបើកទ្វារចេញពីបន្ទប់មករកម្ចាស់ផ្ទះ ហៅយ៉ាងណាក៏គាត់មិនព្រមបើកទ្វារបន្ទប់ ខ្ញុំបល់គំនិតហើយ ចង់សួរគាត់ថាមានរឿងអីឲ្យប្រាកដ ។ ដោយអស់សង្ឃឹមខ្ញុំក៏​ត្រលប់មកបន្ទប់វិញ បើកភ្លើងរហូត ស្រាប់តែពេលនោះដាច់ភ្លើងផ្លឹប ខ្ញុំបានឃើញ​ភ្នែកមួយគូ ក្រហម ធំៗប៉ុនប៉ាល់ទាត់ គ្របដោយឈាម ហើយមានធ្មេញធំ សើចតាមបង្អួចដាក់ខ្ញុំ សំខាន់ ក្លិនស្អុយដូចគម្រង់ទៀត ណាមួយរាងខ្លាចផង ក៏រត់ទៅបើកទ្វារ តែទ្វារខ្ញុំបែរជាជាប់សោទៅវិញ ។ ខ្ញុំភ័យណាស់ក៏ស្រែកឲ្យគេជួយ ស្រែកឡើងភ្លាត់សម្លេង ប៉ុន្ដែមិនមាននរណាម្នាក់បាន​ឮនិង​ចេញមករកខ្ញុំឡើយ ។ ខ្ញុំក៏តាំងស្មារតី បើកទ្វារ ទាញផង ទាត់ផង ទីបំផុត ខ្ញុំធ្វើបានសម្រេច ខ្ញុំរត់ចេញមកខាងក្រៅ ហើយងាកមើលទៅផ្ទះសំណាក់នោះ ឃើញថាមានសភាពចាស់​ទ្រុឌទ្រោមខ្លាំងណាស់​ បន្ទប់ខ្លះត្រូវបានគេវាយបំផ្លាញទៅហើយ ខ្ញុំក៏ឆ្ងល់ខ្លួនឯងថា ម៉េចពីពេលថ្ងៃខ្ញុំឃើញផ្ទះនេះស្អាតម្ល៉េះ ហើយក៏មិនចាប់អារម្មណ៍ថាពេលដែលខ្ញុំមករកបន្ទប់ជួល​ពុំមានឃើញភ្ញៀវណាម្នាក់មកទេ សូម្បីតែតាមផ្លូវក៏ស្ងាត់មនុស្សដែរ ភ្លាមៗនោះសម្លេងឆ្កែលូយ៉ាងខ្លាំង ខ្យល់ត្រជាក់ស្រឹប ខ្ញុំញ័រអស់ទាំងខ្លួន នៅពេលអ្វីម្យ៉ាងកំពុងនៅពីខាងលើក្បាលខ្ញុំ​ ពេលខ្ញុំបានក្រឡេកទៅ ឃើញភ្នែកមួយគូនោះកំពុងតែពីលើ ក្រហមលាយឈាម ស្រក់មកតក់ៗលើក្បាលខ្ញុំ ខ្ញុំក៏ស្រែកឡើងភ្លាត់សម្លេង ស្រាប់តែមានសក់យ៉ាងធំគ្របមុខខ្ញុំជិតឈឹង ខ្ញុំមិនដឹងយ៉ាងម៉េចក៏សន្លប់បាត់ទៅ។ ពេលដឹងខ្លួនឃើញថាខ្លួនឯងកំពុងឲ្យបបង្វេចដេកនៅក្រោម​ដើមស្វាយតាមផ្លូវទៅវិញ ខ្ញុំឆ្ងល់ណាស់ ប៉ុន្ដែមិនដឹងធ្វើយ៉ាងម៉េច ក៏បន្ដដើរ ឃើញមានផ្ទះសំណាក់ក្បែរនោះ ម្ចាស់ផ្ទះសំណាក់ បានងើបមកសួរខ្ញុំ ថាខ្ញុំមកពីណា បានជាមកដេកនៅតាមផ្លូវបែបនេះ ខ្ញុំក៏រៀបរាប់ប្រាប់គាត់ គាត់ថាដោយសារផ្ទះសំណាក់នោះពិតជាមានមែន តែត្រូវម្ចាស់ទុកចោលដោយសារជាប់ជំពាក់បំណុលច្រើនពេក ម្ចាស់រត់ចោល ហើយមានកម្មករ​បានស្លាប់នៅទីនោះ សូម្បីតែផ្ទះសំណាក់របស់ខ្ញុំក៏មិនសូវមានភ្ញៀវ ដោយសារតែនៅក្បែរគ្នា ដែរ ប៉ុន្ដែផ្ទះរបស់ខ្ញុំមិនអីទេ អូនអាចសម្រាកបាន ខ្ញុំក៏បានចូលទៅសម្រាកនៅផ្ទះសំណាក់ថ្មីនោះ រហូតដល់ភ្លឺ ហើយក៏បានចូលរួមវគ្គបណ្ដុះបណ្ដាលពេញមួយសប្ដាហ៍ និងបាន​ត្រលប់មកវិញដោយសុខសាន្ដ។


Wednesday, December 27, 2023

រឿង កង្កែប

 

និយាយពីរឿងកង្កែបនេះ ខ្ញុំជឿជាក់ប្រិយមិត្តអ្នក​អាន​មួយ​ចំនួនដែលមិនធ្លាប់​ជួប​ពិតជា​មានអារម្មណ៍​ថាអាចជាការលេងសើចហើយ ព្រោះកង្កែបធម្មតាគេយក​មកធ្វើម្ហូប​ឆ្ងាញ់​ពិសារ ប៉ុន្ដែរឿងហេតុការណ៍ពិតជាក់ស្ដែងណាស់ ។ នាយប់មួយ​មេឃរលឹមបន្ដិចដែរ ខ្ញុំ​បាន​ចេញ​ទៅ​រកឆ្លុះកង្កែប​ គ្រាន់នឹង​បាន​ធ្វើម្ហូប ខ្ញុំចេញទៅម្នាក់ឯងទេ ខ្ញុំ​មានក្បាលកែវ(ភ្លើងពិល)មួយ និងចំពាម១ដើម សំដៅទៅអូរមួយនៅឆ្ងាយពីផ្ទះ​ប្រហែលជា​២គីឡូម៉ែត្រ​ ។ ខ្ញុំ​ដើរ​តាមផ្លូវបាន​ឃើញ​កង្កែប​តាមផ្លូវ​ច្រើនណាស់​ ខ្ញុំក៏ឆ្លៀតបាញ់​បាន​គួរសមដែរ ប៉ុន្ដែ​ស្រាប់តែ​ខ្ញុំកំពុង​ដើរបាញ់មកដល់​គុម្ពឬស្សីមួយ ខ្ញុំឃើញកង្កែបធំណាស់ សឹងមិនជឿភ្នែក ព្រោះ ចាស់​ៗ​គាត់​ថា​ជាកង្កែបកូនង៉ា​ ព្រោះធំ ថ្លោសៗណាស់ មួយៗជាងកំភួនដៃខ្ញុំទៀត ប៉ុន្ដែនេះធំជ្រុល សឹងតែ​ស្មើនឹងកូនទន្សាយមួយហើយ ខ្ញុំឃើញភ្លាមក៏ចាប់ផ្ដើមព្រឺសម្បុរដែរ ព្រោះធំហួសហេតុពេកហើយ​ ។ តែមិនគិតយូរ​ ខ្ញុំក៏ចាប់​ចំពាមឡើង​តម្រង់​ទៅវាភ្លាម ប៉ុន្ដែស៊យដៃ​ បាញ់អស់ជិត​១០គ្រាប់​មិនត្រូវសោះ ខ្ញុំចាប់ផ្ដើមមួរម៉ៅឡើង ហើយក៏បោះពាក្យថា៖ យីស! អាកង្កែបខ្មោចស្អី បាញ់មិនត្រូវសោះវ៉ើយ ! មិនអស់ចិត្តសោះ

ភ្លាមៗ ស្រាប់តែមានផ្សែងដូចអ័ព្វ មើលអ្វីមិនឃើញ មេឃចុះត្រជាក់ខ្លាំង ប៉ុន្ដែរាំងរលឹមដែរ ខ្យល់បក់ វ៉ូៗ ខ្ញុំឮសម្លេងយំខ្សឹបខ្សួល នៅក្បែរត្រចៀក ខ្ញុំក៏ដឹងថា មិនមានមនុស្សណា​មកយំ​អីកណ្ដាលយប់ កណ្ដាលព្រៃនោះ ទេ ខ្ញុំ​ចាំផ្ដើមសម្លឹង​តាមសូរ​សម្លេង បន្ដិច​ម្ដងៗ ផ្សែងបាន​រសាត់​បាត់​ ពុទ្ធោ​! រូបរាងជាមនុស្ស​ស្រីស្លៀកពាក់ស ប៉ុន្ដែអត់មានក្បាលទេ ​ខ្ញុំប្រុងតែនឹង​រត់​ដែរ ប៉ុន្ដែដូច​មាន​អី​ចាំ​ជើងខ្ញុំជាប់ ខ្ញុំក្រឡេកមើលទៅ គឺកង្កែបធំមុននេះ កំពុងចាប់ជើងខ្ញុំ ខ្ញុំនិយា​យ​មកដល់​ត្រង់នេះពិត​ជាប្រិយមិត្តអាចនិយាយបានថា ៖ វាមែនដែលកង្កែបចេះចាប់ជើង បាទ! ពិតមែន មិនត្រឹមចាប់ជើងទេ វាចេះសើចមើលមុខខ្ញុំទៀត និយាយត្រង់ពេលនោះ បើស្មារតីមិនរឹង មុខជាដួលសន្លប់មែនតើ ហួសវាចា ព្រោះមួយជីវិតនេះមិនដែលជួបហេតុការណ៍បែបនេះទេ ។

ខ្ញុំក៏ដាស់ស្មារតីឡើង រួចយកជើងម្ខាងទៀត ទាត់កង្កែបនោះប៉ើងដូចសំឡី តែជើងខ្ញុំ      រយះឈាមដែរ ខ្ញុំក្រឡេកមើលទៅកង្កែបនោះ តាមពិតខ្ញុំកំពុងទាត់គល់ឈើទេតើ អ៊ីចឹងបាន​ឈឺណាស់​ ខ្ញុំប្រវេរប្រវារត់​ត្រឡប់មកផ្ទះវិញ រត់ៗ ក៏ជំពប់ជើងដួល ងើបមុខឡើង ខ្ញុំបែរជានៅមុខផ្នូរខ្មោចទៅវិញ កាន់តែធ្ងន់កហើយ ពេលនោះខ្ញុំលែងគិតអ្វីទាំងអស់ ស្ទុះរត់មួយទំហឹង តាមដែលអាចធ្វើបាន រត់ផង ដួលផង រលាត់ របកអស់ហើយដៃជើង ខ្ញុំរត់មួយអស់ខ្យល់ ទីបំផុត រត់មិនផុតពីផ្នូរនោះដដែល ។ សម្លេងឆ្កែលូបន្លឺឡើង ខ្យល់ត្រជាក់ស្រៀវដល់ឆ្អឹងខ្នង បានបក់មកម្ដងទៀត លើកនារីម្នាក់នោះ ស្រាប់តែលេខរូបរាងធំ ខ្ពស់សឹងផុតកម្ពស់ឬស្សី ហើយចាំផ្ដើមទម្លាក់សក់ធំសម្បើមមកលើខ្ញុំ ខ្ញុំរើក៏រើមិនរួច ទាល់តម្រិះខ្ញុំស្រែកឡើងភ្លាត់សម្លេង ៖

-       ជួយផងៗ មានបងប្អូនណានៅជិតនេះទេ ជួយខ្ញុំផង

ពិតជាសំណាងណាស់ ភ្លាមៗនោះដែរ មានព្រះសង្ឃមួយអង្គលោកកំពុងនិមន្ដ​ដើរជុំវិញវត្តបានឃើញ និងឮខ្ញុំហៅ ខ្ញុំនិមន្ដទៅ​រកខ្ញុំភ្លាម និងបានសូត្រគាថាអ្វីខ្លះទេ ទើបខ្មោចនោះបានលែងសក់ និងរលាយបាត់ពីខ្ញុំទៅ ក្រោយមកទើបខ្ញុំដឹងថាមុននេះខ្ញុំរត់រហូតមកដល់ក្រោយវត្តទៅហើយ ទាំងវត្តនៅឆ្ងាយពីផ្ទះខ្ញុំជាង៣គីឡូម៉ែត្រ ហើយមិនមែន​នៅទិសទៅទឹកអូរទេ ។

          ក្រោយពីស្ដាប់ការរៀបរាប់របស់ខ្ញុំចប់ លោកក៏ឲ្យកូនសេកជូនខ្ញុំទៅផ្ទះវិញ រួចលោក​ក៏ណែនាំឲ្យខ្ញុំឈប់ដើរឆ្លុះសម្លាប់សត្វទៀតទៅ ព្រោះជាក់ស្ដែង ខ្ញុំដើរយប់មិនដឹង​ថា​ខ្ញុំបានដើរជាន់លើផ្នូរគេទេ លោកបានមានសង្ឃដីកាថា នេះគឺជាព្រាយដែលរស់នៅយូរឆ្នាំហើយ ប៉ុន្ដែទាល់តែរាសីអ្នកធ្លាក់ ឬឆុងឆ្នាំ ទើបវាអាចមានអំណាច​មកលើយើងបាន ប៉ុន្ដែព្រះអង្គនិងនិមន្ដទៅ​សូត្ររំដោះគ្រោះឲ្យខ្ញុំ ហើយនិង​ទៅសូត្ររំងាប់នៅកន្លែងដែលព្រាយនោះនៅ ហើយចាប់តាំងពីពេលនោះមកខ្ញុំមិនដែលចេញឆ្លុះយប់ទៀតទេ ទោះជានៅក្បែរផ្ទះក៏មិនចេញដែរ ព្រោះខ្លាចឈឺជ្រុះសក់ ទោះជាខ្ញុំជាមនុស្ស​ខ្លាចខ្មោច តែដល់ពេលជួបស្ដែងៗពេក ដូចពេលនេះ គឺមិនហ៊ាននិយាយថា ខ្ញុំមិនខ្លាចនោះទេ ។


Tuesday, December 26, 2023

រឿងខ្មោចក្រឡាប់ឡាន

 

        

    

ខ្ញុំគឺជានិស្សិតកំពុងបន្ដ​ការ​សិក្សានៅខេត្ត​កំពង់ធំ ខ្ញុំតែងើបពី​ព្រឹកថ្ងៃសៅរ៍​ទៅ ។ ខណៈ​ពេលដែលខ្ញុំបានកំពុង​ជិះ​ម៉ូតូ តាមផ្លូវ ស្រាប់តែជួប​ហេតុការណ៍​ដ៏រន្ធត់មួយ​គឺ មានឡា​នដឹក​ថ្ម​ធំៗ បានវ៉ាជែងគ្នា ហើយក៏ក្រឡាប់​តែម្ដង​ ខ្ញុំបានឈប់​មើលបន្ដិច​ដែល ព្រោះមាន​សមត្ថកិច្ច​ចុះ មកដល់​ទី​តាំង​ហើយ រថយន្ដ​សាមុយ​ក៏មកដល់​ដែរ ខ្ញុំក៏បន្ដ​ដំណើរ​ទៅ​ខេត្ត​កំពង់ធំ​ទៀត ។ ខ្ញុំបានត្រលប់​មកវិញ​នៅ​រសៀលម៉ោង​៣ជាង​ទៅហើយ លុះមក​ដល់​ទីតាំង​ក្រឡាប់ឡាននោះ ម៉ោង​ជិត​៧ជាងហើយ ព្រោះ​ទម្លាប់ខ្ញុំគឺតែង​តែជិះ​យឺតៗ ពេល​ត្រឡប់មកវិញ ព្រោះ យល់​ថាលឿនឬឆាប់​ គង់តែ​នឹង​ដល់ផ្ទះដដែលទេ​។ ពេលខ្ញុំមកដល់​ចំណុចក្រឡាប់ឡាននោះ ស្រាប់តែឃើញមនុស្សម្នាក់​កំពុង​តែអង្គុយត្របោមក្បាលជង្គង់លើ​ថ្ម ទាំងទឹកមុខប្រឡាក់​ដោយ​​ឈាម ខ្លួនសុទ្ធតែកំទេចសៗរបស់ថ្ម ខ្ញុំប្រុងថានឹងជិះហួសហើយ ព្រោះជាធម្មតា​ពេលខ្លះ ស្ថានភាពមិន​ល្អ អាច​នាំរឿងមិនល្អដល់ខ្លួនឯង ម្យ៉ាងខ្លួន​ខ្ញុំតែមួយផង ប៉ុន្ដែ​ឃើញគាត់បក់ដៃ ចិត្តមិនដាច់សោះ ក៏ឈប់​ម៉ូតូសួរនាំ​គាត់៖

-        បងប្រុសៗ ! បងប្រុសកើតអី​បាន​ជាមានឈាមច្រើនពេញខ្លួនទៅហើយ (ខ្ញុំមិនគិត​ច្រើន បាន​រូតកាតាប​យកកូនកន្សែងមកជួយជូតឈាមឲ្យគាត់)

-       ខ្ញុំក្រឡាប់ឡានម្សិលមិញ (ខ្ញុំគ្រាន់តែឮភ្លាមៗ ចប់តិច​ខ្មោចលងទៅ) ខ្ញុំខ្ទាតទៅក្នុងព្រៃសន្លប់​ បែបគេ​រក​ខ្ញុំ​មិនឃើញ​ទេ​ដឹង ព្រោះពេលដឹងខ្លួន ឃើញគេស្ទូចឡាន និង​យក​មនុស្សទៅអស់បាត់ហើយ​។

-       បានន័យថា បងមិនទាន់អីទេន៎(ខ្ញុំសួរបញ្ជាក់) អ៊ីចឹងបងចាំខ្ញុំបន្ដិច ខ្ញុំតេរកឡានពេទ្យឲ្យ​

-       បាទ អរគុណ!

ខ្ញុំបានទាញទូរស័ព្ទ​រកលេខមណ្ឌលសុខភាពដែលជិតនោះ ខ្ញុំស្គាល់តែប្រធានមណ្ឌល​ រួចចុចទូរស័ព្ទប្រាប់គាត់​ ថាមានជនរងគ្រោះ​ក្រឡាប់ឡាន ពេលនេះរបួសខ្លាំងណាស់​ ។ ក្រោយខ្ញុំ​ទូរស័ព្ទរួច ខ្ញុំក៏បន្ដសួរ​នាំពី ស្ថានភាពបងប្រុសនោះបន្ថែម គាត់បាន​ប្រាប់​ថាគាត់​ឈ្មោះ វីន គាត់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន ថ្ងៃគ្រោះ​ថ្នាក់​គាត់​ដឹក​ថ្ម​ទៅ​ការដ្ឋាន​​ ប៉ុន្ដែ​គាត់​បាន​វ៉ាជែង ឡានមួយទៀត តែចៃដន្យ​អី​កង់ឡានខាងមុខ​គាត់​បាន​បែក​ ទើ​បរេចង្កូត​ទៅ​ក្រឡាប់​ក្បែរ​ស្នាមភ្លោះ។ សម្លេងឡានសាមុយ បាន​មកដល់​ក្រុម​គ្រូ​ពេទ្យ​បាន​ស្ទុះស្ទា​ក្នុងការ​ចុះមក​លើក​បងវីន​ ដាក់ក្នុង​ឡាន​យកទៅ​សង្គ្រោះ​ ខ្ញុំក៏ជិះម៉ូតូ​តាមក្រោយ​ ។ ពេលខ្ញុំជិះម៉ូតូ បាន​បនិ្ដច​ស្រាប់តែឃើញបង​វីន កំពុង​តែឈរកណ្ដាល​ផ្លូវ​ទៅ​វិញ ឯឡានសាមុយ ក៏មិនមាន​ឃើញ​ដែរ ខ្ញុំដឹងច្បាស់ណាស់ថា ប្រាកដជា​ខ្មោចលង ព្រោះគាត់​ទើបតែឡើងជិះឡានសោះ បែរជាមកឈរមកកណ្ដាលអីណា ខ្ញុំក៏​គិត​បណ្ដើរ​ថាគួរធ្វើយ៉ាងម៉េច បើមកឈាមហូរកាន់តែច្រើន មើលមុខគាត់សឹងលែងស្គាល់​ ខ្ញុំក៏គិតថា អ៊ីចឹងមានតែជិះម៉ូតូ​បុកតែម្ដងទៅ ព្រោះគាត់ជាខ្មោចស្រាប់មិនមានអី​ប៉ៈពាល់ទេ ។ មានឯណា គ្រាន់តែជិះបុកគាត់ភ្លាម ខ្ញុំដួលម៉ូតូព្រូស ចុម! ស្មានថាមិនអីតើ! ខ្ញុំរបួសស្រាលទេ ខ្ញុំទាល់តម្រិះក៏សួរគាត់​តែម្ដងទៅ ៖

-       ឥលូវបងចង់បានអី ខ្ញុំមិនធ្លាប់នឹងស្គាល់បង អ៊ីចឹងមិនដឹងថាឲ្យអីបងទេ!

-       ខ្ញុំឃ្លា....ន.....ណា.....ស់ (សម្លេងគាត់ខ្សាវៗ បូកផ្សំនឹងមេឃងងឹត ខ្យល់ត្រជាក់​ រោមខ្ញុំបះអស់ហើយ ទោះចិត្តថាមិនខ្លាច នៅតែញញើតខ្លះដែរ)

-       យប់ថ្មើរនេះហើយ ឲ្យខ្ញុំទៅរកអី ! ឥលូវបើបងមិនប្រកាន់ទេ ខ្ញុំ​មាននំកញ្ចប់ខ្លះ និងបាកាស ខ្ញុំមិនទាន់​បាន​ហូប​ទេ បងហូបកើតអត់?

-       ហូ...ប

ខ្ញុំក៏ហុចឲ្យគាត់ តែគាត់ចាប់អត់បានទេ ខ្ញុំក៏នឹកឃើញ បកម៉ូតូទៅកន្លែងគាត់ក្រឡាប់​វិញ ហើយទាញនំ និងបាកាសដាក់លើថ្ម ប៉ុន្ដែមិនមានធូបដុតទេ ក៏ឧបកិច្ច ថា៖ ដោយអំណាចព្រះគុណរតនត្រ័យ ខ្ញុំសូមបង្សុកូលឧទ្ទិសនៅភត្តនេះ ជូនដល់​ដួង​វិញ្ញាណដែលលោកបាន​ជួបគ្រោះថ្នាក់​នៅទីនេះ សូមឲ្យលោក​បាន​សេពសោយ​ផងចុះ​ សាធុ សាធុ សាធុ។

ខ្ញុំក៏បានឃើញគាត់ហូបនំ និងផឹកបាកាសនោះ បានប៉ុន្ដែគាត់នៅតែមិនព្រមចាកចេញ​ពីខ្ញុំ ខ្ញុំក៏បានប្រាប់​ថា ចាំខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំនឹងទៅ​ធ្វើបុណ្យនៅវត្ត ហើយនិង​ឧទ្ទិសមគ្គផលជូនបង សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព ។ គាត់បានបាត់ភ្លាមៗ ខ្ញុំនៅតែបន្ដខ្លាច ព្រោះស្រស់ៗពេក ខ្ញុំបានបន្ដធ្វើដំណើរមកផ្ទះវិញ មកដល់ផ្ទះម៉ោងជិត១០យប់ ។

ខ្ញុំបានប្រាប់គ្រប់យ៉ាងទៅគ្រួសារ ទើបព្រឹកឡើង ខ្ញុំបាននាំចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ដើម្បីបង្សុកូល និងឧទ្ទិសកុសលជូនគាត់ នឹងបានសុំឲ្យព្រះសង្ឃចុះទៅប្រោះព្រំ កន្លែងកើតហេតុផង ប៉ុន្ដែទោះជាយ៉ាងណា បច្ចុប្បន្នវិញ្ញាណរបស់គាត់​មិនបាន​ទៅណាទេ ព្រោះខ្ញុំឮថាទាល់តែមានអ្នកជំនួស ទើបគាត់អាចទៅចាប់ជាតិបាន ព្រោះខ្ញុំតែងតែឃើញគាត់ឈរនៅផ្លូវនោះ រាល់ពេលខ្ញុំជិះកាត់ដដែល។

Follow for more on Telegram

Saturday, December 23, 2023

រឿង ខ្មោចទំនប់ទឹក

 

        



រឿងនេះកន្លងទៅក្នុងឆ្នាំ២០២២ថ្មីៗទេ កាលណោះ ខ្ញុំបាន​ចុះ​បំពេញ​បេសកកម្ម​ដោយ​ជិះម៉ូតូ​ម្នាក់​ឯង​ ទៅ​តាមស្រុក ។ ខ្ញុំបានធ្វើដំណើរឆ្លងកាត់​ទំនប់ទឹកធំមួយ ជាកន្លែងដែល​ខ្ញុំ​តែង​តែឆ្លងកាត់​ឲ្យ​តែទៅកាន់ស្រុកនោះ ប៉ុន្ដែថ្ងៃនេះហាក់បីដូចជាចម្លែកណាស់ ព្រោះរាល់​ដង​ពេល​ខ្ញុំ​ជិះកាត់​មិនដែល​ឃើញ​មាន​លក់តែបៃតងអីទេ ខ្ញុំក៏គិតថា គេទើបមកលក់ទេដឹង? មិនបង្អាក់ពេលវេលា​ ខ្ញុំបន្ដទៅបំពេញ​បេសកកម្មរហូតរួចរាល់ ទើបត្រលប់មកវិញ ។​ ពេលធ្វើដំណើរ​តាមផ្លូវ​មេឃស្រាប់តែក្ដៅខ្លាំងចម្លែក ខ្ញុំក៏សម្រេចចិត្តឈប់សម្រាកនៅ​ទីតាំងទំនប់ទឹក​នោះ ពេលសម្រាកបានមួយស្របក់ ក៏ចាប់អារម្មណ៍​តូបលក់​តែបៃតង ម្យ៉ាងស្រេកទឹកផង​ ក៏ទៅទិញហូប ប៉ុន្ដែអ្វីដែលកាន់តែចម្លែក ស្រាប់តែមេឃប្រែជាខ្មៅភ្លាមៗ ដូចបម្រុងភ្លៀងធំអ៊ីចឹង ខ្យល់ក៏ខ្លាំងទៀត ពេលខ្ញុំទៅដល់តូបលក់ ខំមើលទៅអ្នកលក់ គាត់ជានារីអាយុប្រមាណជា២០​ឆ្នាំ កម្ពស់ល្មម ស្លៀកខោខូវប៊យរឹបរាង និងពាក់អាវយឺតពណ៌ស មានលាយរូបផ្កាលឿងបន្ដិច​ ។ ខ្ញុំក៏សន្ទនាជាមួយគាត់ខ្លះ៖

-       សួស្ដីចែៗ (ខ្ញុំចូលចិត្តហៅស្រីៗអ៊ីចឹង)

-       ចាស! ចង់ញ៉ាំអីដែរបង?

-       ចែមានលក់កាហ្វេទេ

-       មានតើបង !

-       ប៉ុន្ដែខ្ញុំមិនចេះហូបកាហ្វេដាក់ដូងក្រអូបទេ ឥលូវខ្ញុំយកបាកាស១វិញ

-       ចាស

ខ្ញុំបានគាស់បាកាសរួចផឹកបណ្ដើរ និង​បាន​សាកសួរបណ្ដើរ ព្រោះខ្ញុំប្លែកចិត្តឃើញគាត់មកលក់ម្នាក់ឯងនៅតាមផ្លូវ ស្ងាត់ក៏ស្ងាត់ កំពុងតែសួរនាំស្រាប់តែខ្ញុំឮសម្លេងមនុស្សស្រីស្រែកឲ្យជួយ៖

-       ជួយផងៗ

ខ្ញុំក៏រេក្រសែភ្នែកទៅតាមសម្លេង ស្រាប់តែឃើញចែអ្នកលក់ហ្នឹងកំពុង​តែលង់ទឹកទំនប់​ ខ្ញុំក៏រាងភ្ញាក់ព្រើត ហ៎ាក! ម៉េចក៏ចែហ្នឹង ទៅលង់ទឹកវិញ ក្រែងនៅលក់ឲ្យ​ខ្ញុំតើ ភ្លាមៗ ខ្ញុំមិនបានគិតច្រើន ក៏ស្ទុះទៅជួយ តែជាអកុសល ខ្ញុំជាមនុស្សមិនចេះហែលទឹក ខ្ញុំមិនហ៊ានលោតទៅជួយទេ បានត្រឹមតែរក​ឈើវែង ដើម្បីដាក់ឲ្យគាត់តោង ប៉ុន្ដែមិនបានផលសោះ ព្រោះទឹកទំនប់ហូរខ្លាំង ហើយជ្រៅទៀត ខ្ញុំក៏រត់ទៅរកម៉ូតូជិះទៅផ្ទះគេក្បែរនោះ ដើម្បីជួយគ្នា ប៉ុន្ដែខ្ញុំមិនទាន់បាន​ជិះម៉ូតូផង ស្រាប់តែខ្យល់ក៏បក់យ៉ាងខ្លាំង មេឃខ្មៅលើសដើម ហើយ ស្រាប់តែប្រែងងឹតឈឹង សឹងតែមើលអ្វីមិនយល់ ខ្ញុំក៏មានអារម្មណ៍ភ័យខ្លះដែរ ប៉ុន្ដែខ្ញុំព្យាយាមតាំងចិត្តឲ្យរឹងមាំ ព្រោះខ្លាចមានរឿងអ្វីមិនល្អ ខ្ញុំព្យាយាមស្រវាលើកម៉ូតូហើយបញ្ឆេះ តែវាមិនឆេះសោះ ខ្ញុំក៏​មាន​អារម្មណ៍ដឹង មានរឿងអ្វីហើយ ខ្ញុំក៏មើលទៅចែលក់ ស្រាប់តែបាត់គាត់ឈឹង តូបក៏បាត់ទៀត ខ្ញុំដឹងយ៉ាងច្បាស់ថា ខ្មោចលងប្រាកដ ខ្ញុំក្រលេកមើលទៅបាកាសខ្ញុំ ស្រាប់តែក្លាយជា​ដបទឹកសុទ្ធទទេ នោះ! យ៉ាងម៉េចយ៉ាងម៉ាទេខ្ញុំ ។

ខ្យល់បក់កាន់តែខ្លាំង ស្របនឹងសម្លេងថ្ងូរសន្សឹមៗ មកក្បែរត្រចៀកខ្ញុំ ខ្ញុំក៏រេភ្នែកខំបើក​ភ្នែកសម្លឹង​តាម​សម្លេងនោះ ស្រាប់តែឃើញ​សក់យ៉ាងវែងទម្លាក់គ្របមកលើក្បាលខ្ញុំ ខ្ញុំមិន​អាច​រើទៅណារួចទេ ហាក់ដូចជាមានអ្វី​ចាប់ជើងជាប់ ពេលនោះ ខ្ញុំទាល់តម្រិះ ក៏ព្យាយាម​តាំង​ចិត្ត​ឲ្យ​មាំ ហើយក៏នឹក​ដល់គុណមាតាបិតា គុណបាអាចារ្យ គុណព្រះរតនៈត្រៃ ដោយទន្ទេញជាប់មាត់​ថា​ មាតាគុណំ បិតាគុណំ ព្រះពុទ្ធគុណំ ព្រះធម៌គុណំ ព្រះសង្ឃគុណំ ដោយអំណាច​នៃសេចក្ដីល្អ ដោយអំណាចនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃ សូមជួយឲ្យខ្ញុំ​បាន​រួច​ពីទុក្ខមួយ​នេះផង ។

          ក្រោយ​ពី​ឧទ្ទិសរួច​ ស្រាប់​តែមេឃស្ងប់​ខ្យល់​ ក៏បាត់​សក់នោះដែរ ហើយមេឃក៏​ចាប់ផ្ដើមស្រឡះមកធម្មតាវិញ​ ពេលនោះទើបខ្ញុំដឹងថា តាមពិតខ្ញុំមិនមែននៅជិតម៉ូតូឯណា ខ្ញុំស្ទើរតែធ្លាក់ចូលទៅក្នុង​ទំនប់បាត់ទៅហើយ ភ្លាមៗនោះ ខ្ញុំបានពូម្នាក់បើកគោយន្ដមកតាមផ្លូវក៏ស្រែកហៅគាត់ឲ្យជួយ សំណាងល្អណាស់ដែលគាត់បានឮ និងបានចុះមកជួយទាញខ្ញុំឡើងទៅលើវិញ គាត់សួរនាំខ្ញុំ ខ្ញុំបានរៀបរាប់តាមហេតុការណ៍ដែលបាន​ប្រាប់ គាត់ថាឲ្យ​ប្រយ័ត្ន​ប្រយែង ព្រោះអ្នកនៅម្ដុំនេះ នរណាក៏ធ្លាប់ជួប ធ្លាប់ឃើញដែរ ។ តាំងពីពេលនោះមក គ្រប់កន្លែង​ដែលខ្ញុំទៅដល់ ឲ្យ​ឃើញស្ថានភាព​មិនស្រួល ខ្ញុំនឹងចាកចេញ ឬទៅរកកន្លែងដែលមាន​មនុស្សកុះករភ្លាមៗ ។