Monday, November 22, 2021

រឿងពូថៅខ្មោច

 

មានកាលថ្ងៃមួយមានបុរសម្នាក់ឈ្មោះ ជា ជាមនុស្សស្លូតបូតណាស់ គាត់មិនសូវចេះមាត់កនោះទេ ថ្វីត្បិតបើគាត់មានរូបរាងមិនសូវស្អាតសង្ហា សម្បុរមិនស ដូចគ្នា ប៉ុន្ដែទឹកចិត្តគាត់គឺប្រពៃណាស់ ។ ដោយសារជីវភាពគាត់ពុំបានរៀនសូត្រខ្ពស់នឹងគេទេ បានត្រឹមតែថ្នាក់ទី៩ប៉ុណ្ណោះ ហើយគាត់ប្រកបរបរធ្វើស្រែចំការ និងដើរស៊ីឈ្នួលគេប ។ នៅថ្ងៃមួយខណៈពេលដែលគាត់ត្រលប់មកពីស៊ីឈ្នួលគេវិញ គាត់បានដើរចូលដីចំការមួយកន្លែង ដើម្បីបេះផ្លែអំពិលយកទុកគ្រាន់នឹងស្ល ឬក៏បុកហូប ។ ពេលបេះផ្លែអំពិលរួចហើយ គាត់ក៏ចុះពីដើមអំពិលប្រទះភ្នែកនឹងកូនពូថៅតូចមួយដែលចេះអស់ហើយ ដងក៏បាក់ទៀត ប៉ុន្ដែដោយសារតែឃើញផ្លែវានៅល្អគ្រាន់បើ គាត់ក៏រើសមកផ្ទះដើម្បីសំលៀងសាកមើល ក្រែងលោអាចប្រើការកើត ។ ក្រោយពីមកដល់ផ្ទះ គាត់ក៏រៀបចំដុតផ្លែពូថៅចាស់ ដើម្បីឲ្យរលួសដងចាស់ចេញ ហើយ ក៏ខាត់ដងថ្មីយ៉ាងស្អាតជំនួសវិញ ពេលដែលសំលៀងទៅឃើញថា ពូថៅនៅមុត និងនៅរឹងមាំល្អ អាចប្រើការបានគាត់សប្បាយចិត្តណាស់ ក៏រៀបចំទុកដាក់វានៅចង្រ្កានបាយទៅ ហើយរៀបចំទៅសម្អាតខ្លួន ហូបបាយ ហើយសម្រាកទៅ។

          ខណៈពេលយប់មកដល់ម៉ោងប្រហែលជា១២រំលងអាធ្រាត្រ មនុស្សម្នាកំពុងតែលង់លក់អស់ហើយ បងប្រុសជា ក៏បម្រុងតែនឹងដេកលក់រលីវៗដែរ ស្រាប់តែបានឮសម្លេងមនុស្សដើរ និងបើកចានឆ្នាំងនៅផ្ទះបាយ គាត់ក៏ភ្ញាក់ព្រើត ហើយក៏ផ្ទៀងត្រចៀកស្ដាប់ ទើបគិតថាមានចោរចូលផ្ទះលួចរបស់ហើយ គាត់ក៏រអ៊ូថា៖

-      រាល់ថ្ងៃនេះឯងក្ររកតែអង្ករច្រកឆ្នាំងផង ចុះចោរឯណាមកលួចនេះ មានស្អីឲ្យលួច ឆ្ងល់ដល់ហើយ
          ក្រោយពីរអ៊ូរួច គាត់ក៏ដើរលបៗ ទៅផ្ទះបាយ រួចទាញកាំបិតផ្គាក់នៅក្បាលដំណេក មកជាមួយ ពេលទៅដល់ផ្ទះបាយគាត់ក៏ចាប់អាគុយ ដើម្បីបំភ្លឺអំពូល ប៉ុន្ដែស្រាប់តែមិនឃើញមានអ្វីសោះ គាត់ក៏គិតថា៖ ចុម! អញស្ដាប់ច្រឡំទេដឹង កណ្ដុរទេដឹង! ដោយមិនឃើញមានអ្វីគាត់ក៏ត្រលប់ទៅដេកវិញ តែមិនបិទអំពូលភ្លើងទេ ខ្លាចមើលមិនច្បាស់ទៀត។ ពេលមកដល់គ្រែដេក បម្រុងតែនឹងដេកស្រាប់តែឮសម្លេងទៀត គាត់ក្ដៅក្រហាយណាស់ គាត់ក៏លបៗទៅម្ដងទៀត ពេលនោះហើយទើបគាត់បានឃើញហេតុការណ៍ចម្លែកៗ គឺថាគម្របឆ្នាំបាយគាត់ហោះចុះហោះឡើង ហើយឃើញកំសៀវចេះចាក់ទឹកខ្លួនឯង ពេលនោះគាត់ក៏គិតទៀតថា ប្រហែលជាគាត់ស្រវាំងភ្នែកហើយ ឬមិនមែនទេ អញយល់សប្ដិទេដឹង ! គាត់ក៏ក្ដិចខ្លួនឯង ស្ទើរស្រក់ទឹកភ្នែក អូយ! ឈឺណាស់ យី! មិនមែនយល់សប្ដិទេ មែនទែនហើយតើនេះ ។ កំពុងតែលបមើលហេតុការណ៍ទាំងនោះស្រាប់តែឮសម្លេង   ពុសអុសនៅក្រៅផ្ទះ ពេលនោះគាត់ក៏ងាកតាមបង្អួច ឃើញកូនពូថៅរបស់គាត់នោះ ពុស  អុដោយខ្លួនឯង ពេលនោះហើយ ទើបគាត់ដឹងថាខ្មោចលងគាត់ហើយ តែគាត់មិនដឹងធ្វើយ៉ាងម៉េច បានត្រឹមតែទៅដេកទាំងគ្របភួយជិតឈឹងនោះទេ ។

ព្រឹកឡើងគាត់ក៏ទៅនិយាយរឿងនេះប្រាប់មិត្តភក្ដិរបស់គាត់ តែគេមិនជឿទេ គេថាគាត់បោក និយាយឡើងមិនទំនង មិនដែលមានខ្មោចឯណាចូលផ្ទះកើត បើនៅផ្ទះមានជំនាងផ្ទះ មានព្រះភូមិនៅតើ ។ គាត់ក៏លែងនិយាយទៅ ។

យប់មួយនៅក្នុងភូមិមានបុណ្យភូមិនៅវត្ត មិត្តភក្ដិបងប្រុសជាក៏បបួលគាត់ទៅលេងនឹងគេដែរ ដំបូងគាត់មិនចង់ទៅទេ ព្រោះគាត់មិនមែនជាមនុស្សរាំរែកអីផង ម្យ៉ាងគាត់ជាមនុស្សអៀនប្រៀនច្រើនណាស់ តែដោយសារតែនៅផ្ទះក៏អផ្សុកផង ក៏សម្រេចចិត្តថានឹងទៅជាមួយគេដែរ ប៉ុន្ដែអ្វីដែលចម្លែកនោះគឺថា សុខៗ គាត់បែរជាយកកូនពូថៅរបស់គាត់ទៅដែរ ដែលវាចម្លែកថាមនុស្សដែលស្លូតបូត ទៅណាមកណាមិនដែលគិតយកអាវុធតាមខ្លួនសោះបែរជាធ្វើបែបនេះ ។ ពេលទៅដល់វត្តដំបូងឡើយគាត់មើលគេរាំយ៉ាងសប្បាយ និងទិញអ្វីហូបកំដរមាត់បន្ដិចបន្ដួច  ប៉ុន្ដែស្រាប់តែបន្ដិចក្រោយមក មានបុរសប្លែកមុខម្នាក់បានដើរចូលមករាំក្នុងវង់ បុរសនោះសាក់ពេញខ្លួន គាត់តែឃើញបុរសនោះភ្លាម បងប្រុសជាប្រែទឹកមុខ ភ្នែកចាប់ផ្ដើមក្រហមស្ទើរតែស្រក់ឈាម ហើយខាំធ្មេញសង្រ្កៀតជាប់ ដៃក្ដាប់យ៉ាងណែន ហើយញ័រសាច់ទទ្រើក ដូចជាខឹងអ្វីខ្លាំងណាស់ ភ្លាមៗនោះមិត្តភក្ដិរបស់គាត់ឃើញសភាពចម្លែកក៏សួរទៅគាត់ តែបែរជាមិនឆ្លើយហើយស្ទុះចូលក្នុងវង់រាំទាញកូនពូថៅនោះសំដៅបុរសប្លែកមុខនោះ គាត់វាយបុរសនោះត្រូវមួយផ្លែពូថៅ បណ្ដាលឲ្យបែកក្បាលហូរឈាម គាត់បម្រុងតែនឹងកាប់បុរសនោះទៅហើយ ក៏ត្រូវមិត្តភក្ដិគាត់ស្ទុះទៅចាប់ និងស្រែកឲ្យគេជួយ អ្នកភូមិក៏ជួយចាប់គាត់ ព្រោះឃើញអាការៈរបស់មិនស្រួល ឯបុរសប្លែកមុខនោះ កាលបើគេចាប់បងប្រុសជាហើយ បម្រុងតែនឹងទៅក្របួចកអាវវាយតបវិញ ត្រូវបានព្រះតេជគុណព្រះចៅអធិការវត្តចេញមិនឃាត់ទាន់ ដោយលោកសុំឲ្យស្ងប់ស្ងាត់រៀងខ្លួនសិន ព្រោះលោកដឹងថាចៅជាមិនមែនជាមនុស្សបែបនេះទេ ព្រោះចៅជាក៏ជាកូនសេកលោកដែរ លោកស្គាល់ចរិតច្បាស់ណាស់ អ្នកនៅក្បែរនោះក៏ជួយរុំក្បាលឲ្យបុរសប្លែកមុខនោះ ។ ចំណែកព្រះចៅអធិការវត្ត ក៏ដើរមករកបងប្រុសជាដែលកំពុងតែគេចាប់ ហើយខំប្រឹងរើបម្រាស់នោះ ហើយមានសង្ឃដីកាថា៖

-       ឈប់ចងកម្មពៀរទៅណាញោម ! ទោះជាពីមុនមានពៀរអ្វីក៏ដោយ សូមឲ្យរំងាប់ទៅចុះណា សូមឲ្យអហោសិកម្មឲ្យគ្នាទៅ (លោកមានសង្ឃដីកាបែបនេះព្រោះលោកដឹងថា បងប្រុសជាត្រូវកម្រោលចូលហើយ)

-       អត់ទេ! វាធ្វើឲ្យខ្ញុំករុណាស្លាប់ គំនុំនេះមិនអាចអត់ឱនឲ្យបានទេ

-       ស្អីគេ ! នរណាគេធ្វើឲ្យឯងស្លាប់ អញទេដែលស្ទើរតែនឹងស្លាប់នោះបានត្រូវ (បុរសប្លែកមុខនោះនិយាយទៅ)

-       ព្រះចៅអធិការវត្តក៏សួរដំណើរដើមទងទៅ ទើបដឹងថាកម្រោលដែលចូលខ្លួនបង ប្រុសជា គឺមានការយល់ច្រលំ ដោយសារតែកាលពីនៅរស់ កាលពី១ខែមុន គាត់បានឃើញបុរសប្លែកមុខនោះ ដេញវាយគ្នា ហើយចង្អុលមកគាត់ គាត់ក៏ស្មានថាគេមកធ្វើបាប ហើយក៏រត់ទៅដល់ដីដើមអំពិលដែលបងប្រុសជាបានបេះនោះ ក៏ឡើងរត់ពួនលើដើមអំពិល ដោយមិនប្រយ័ត្នក៏ត្រូវពស់វែកចឹកបណ្ដាលឲ្យចុកចាប់ និងស្លាប់ទៅ ប៉ុន្ដែមុនស្លាប់គាត់ក៏ប្រទះកូនពូថៅដែលម្ចាស់ចំការភ្លេច គាត់ក៏យកពូថៅនោះទៅកាប់ពស់ឲ្យស្លាប់ដែរ ហើយក៏ត្រូវបងប្អូនស្វែងរកក៏ប្រទះនៅទីនោះក៏យកទៅធ្វើបុណ្យរួចហើយ ប៉ុន្ដែនៅសល់គំនុំមិនទាន់សងសឹកទើបគាត់តាមចងកម្មពៀរទៀត ។ ពេលឮបែបនេះបុរសប្លែកមុខនោះក៏អាណិត ហើយនិយាយឲ្យយល់សេចក្ដីថាតាមពិតកាលណោះ គាត់មិនបានដេញវាយបុរសនោះទេ គឺគាត់ដេញវាយចោរដែលបានលួចម៉ូតូគាត់ទេ វាលួចយករត់ទៅតាមផ្លូវចំការដើមអំពិលនោះទើបគាត់ដេញតាម គាត់មិនដឹងថាបុរសនោះនៅក្នុងហេតុការណ៍នោះទេ ។

ក្រោយពីស្ដាប់ហេតុការណ៍ចប់ ព្រះតេជគុណក៏មានសង្ឃដីកាណែនាំឲ្យវិញ្ញាណនោះទៅចាប់ជាតិ ព្រោះតែនិស្ស័យកម្មអស់ហើយ កុំឲ្យនៅចងអាឃាត នឹងគ្នាទៀត ពេលនោះបងប្រុសជាក៏ប្រែមកធម្មតាវិញហើយមិនបានដឹងរឿងអីសោះ មិត្តភក្ដិគាត់ក៏ប្រាប់តាមដំណើរ គាត់ក៏សំពះសុំទោសបុរសប្លែកមុខនោះហើយក៏ជូនគាត់ទៅព្យាបាល ក្រោយមកអ្នកទាំងពីរក៏ក្លាយជាសម្លាញ់នឹងគ្នា ចំណែកឯពូថៅនោះ ព្រះតេជគុណបានប្រសិទ្ធីឲ្យ ហើយក៏បងប្រុសជាយកទៅកប់ចោល តាំងពីពេលនោះមកបងប្រុសជាក៏មិនដែលបានឃើញហេតុការណ៍ចម្លែកៗទៀតដែរ ។

0 មតិយោបល់:

Post a Comment