រឿងនេះជារឿងពិតមួយដែលបានកើតឡើងចំពោះក្រុមក្មេងៗ
ដែលរស់នៅជិតវត្ត ព្រោះកាលពីក្មេងអ៊ែដមីនគឺជាកូនសេកលោកម្នាក់ដែរ
អ៊ែដមីនតែងតែស្នាក់នៅជាមួយភិក្ខុមួយអង្គព្រះនាម សុវណ្ណ ដើម្បីរៀនធម៌
និងពឹងពាក់វត្តអារាមជាទីស្ងប់សុខ ងាយស្រួលរៀនសូត្រផងដែរ ។
នៅឆ្នាំនេះនៅទីវត្តអារាមមានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ធំជាងរាល់ឆ្នាំ
ពុទ្ធបរិស័ទគ្រប់ទិសទី បានមកជួបជុំគ្នាកុះករណាស់ ។ នៅក្នុងចំណោមក្មេងវត្ត
មានក្មេងប្រុសម្នាក់ឈ្មោះថា រ៉ាម៉ន ជាក្មេងមួយរពឹស ហើយក្បាលខូចទៀត បើពេលដែលលោកយាយ
ឬអាចារ្យតែងតែរៀបចំបាយទឹកឲ្យក្មេងហូបជុំគ្នា
ព្រោះគាត់មិនអនុញ្ញាតឲ្យក្មេងៗរត់មកលើកម្ហូបរញ៉េរញ៉ៃទេ និងរក្សាសណ្ដាប់ធ្នាប់ផង
ពេលកំពុងហូបគ្រប់គ្នារួមទាំងអ៊ែដមីន គឺហូបតាមសម្រួល តែខុសអីតែរ៉ាម៉ន ហូបញាត់យកៗ
ហើយឆ្លៀតយកថង់ច្រកបាយនិងសម្លទៀត អ៊ែដមីនក៏ថា៖
- អាម៉ន! ម៉េចក៏ឯងច្រកម្ហូបអ៊ីចឹងធ្វើអី?
- យី! អានេះកុំមកចេះ អញច្រកទុកស៊ីតើ
- មុននឹងឯងទុក មានគិតអ្នកដទៃដែលគេកំពុងហូបអត់?
បើគេហូបអស់ហើយ ឯងទុកក៏គេមិនថាដែរ បើត្រូវការម្ហូបទុកឲ្យអ្នកផ្ទះមែន
ទៅសុំតាៗទៅបានហើយ
- ចុមមើលវានិយាយ អញទុកស៊ីជារឿងរបស់អញ
ប្រយ័ត្នត្រូវហ្អែង
ក្មេងៗដទៃទៀត
ពុំមាននរណាមួយហ៊ានតមាត់ជាមួយអាម៉នឡើយ ចំណែកខ្ញុំក៏បានត្រឹមតែខឹង លែងស្ដី
ដើរចេញពីនោះទៅ ។ ថ្ងៃមួយពេលខ្ញុំកំពុងនៅលេងក្រោមសាលាឆាន់ម្នាក់ឯង ស្រាប់តែអាម៉នដើរមករករឿងខ្ញុំ
វានិយាយថាខ្ញុំជាក្មេងចេះដឹង ពូកែមកត្រួតត្រាវា តាមពិតខ្ញុំនិយាយឲ្យវាល្អសោះ
វាមើលមុខខ្ញុំរួចក៏ស្ទុះមកវាយតែម្ដង ហើយចាំអូសខ្ញុំទៅសង្កត់មុខផ្កាប់ទៅនឹងដីខ្សាច់
ដោយសារតែខ្ញុំនៅពីក្មេងជាក្មេងស្លូត ហើយម្យ៉ាង ពុំសូវមានសាច់ឈាមប៉ុន្មានទេ ជាហេតុមិនអាចតទល់ជាមួយអាម៉នដែលមានមាឌធំជាង
ខ្ញុំស្ទើរតែថប់ដង្ហើមស្លាប់ទៅហើយ ស្រាប់តែត្រូវប្អូនប្រុសរបស់ខ្ញុំមកទាន់
បានជួយអូសអាម៉នចេញ គ្រាន់តែបានងើបផុតពីខ្សាច់ភ្លាម
ខ្ញុំជាមួយប្អូនប្រុសក៏ស្ទុះទៅដាល់អាម៉នម្នាក់មួយដៃ ធ្វើឲ្យវាប៉ោងមាត់
វាដឹងថាមិនអាចឈ្នះពីរនាក់បានទេ ក៏រត់ត្រលប់ទៅផ្ទះវិញបាត់ទៅ ។
មួយរយៈក្រោយមកពិធីបុណ្យភ្ជុំបិណ្ឌក៏មកដល់
មនុស្សម្នាជាច្រើនរៀបចំខ្លួនដើម្បីរៀបចំចង្ហាន់មករាំបាត្របង្សុកូល
នារីក៏ស្លៀកពាក់ខ្លះបែបប្រពៃណីអាវប៉ាក់ហូលផាមួង មើលទៅគួរឲ្យគយគន់ណាស់ តែក៏មាននារីមួយចំនួនស្លៀកពាក់ខ្លីៗ
បញ្ចេញសាច់ មិនជាទីគួរប្រាថ្នាសោះ គ្រប់គ្នារៀបចំឈរតម្រៀបគ្នា ដើម្បីរាប់បាត្រ ខណៈគេកំពុងតែរាប់បាត្រ
ខ្ញុំបានចុះមកដល់លេងក្រោមសាលាឆាន់ ដើម្បីរើសកៅស៊ូកងទុកលេង ស្រាប់តែឃើញពួករ៉ាម៉ន
និងគ្នីគ្នាកំពុងតែឈរពីក្រោមកន្លែងគេរាប់បាត្រ ហើយនាំគេសើចលាន់ឡើងថា៖ ក្រហម ស
ស្អីមិនដឹងទេ
ខ្ញុំហាក់បីដូចសង្ស័យក៏ដើរទៅក្បែរឃើញរនាបត្រង់គេឈរនោះមានប្រហោងធំៗប៉ុនធ្នាប់ដៃ
ខ្ញុំក៏ដឹងថាពួកវានេះលួចមើលខោក្នុងស្រីៗដែលស្លៀកខ្លីនោះឯង ទើបប្រាប់ថា៖
- នែ៎! ពួកឯងមើលស្អីហ្នឹង
ការងារល្អមួយគំនរមិនព្រមធ្វើទេ ធ្វើតែរឿងផ្ដេសផ្ដាស
- ម៉េចថ្ងៃមុនអញវាយចង់ងាប់ អត់រាងទេហ៎
- អញមិនខ្លាចឯងទេ ពួកឯងខំមើលទៅប្រយ័ត្នតែបាបជាន់
ធ្លាក់បាយក្ដៅ ដាក់ភ្នែកខ្វាក់ទៅ
- អញមិនខា្លច
និយាយមិនទាន់ចប់ផង
ស្រាប់តែអ្នកដាក់បាត្របានកំពប់បាយក្ដៅ ធ្លាក់ចំភ្នែកអាម៉ន មែន
វាក៏ក្ដីផ្សារស្រែកឈឺណាស់ ហើយក៏ស្ទុះដេញវាយខ្ញុំទៀត តែសំណាងល្អ រត់ចុះរត់ឡើង
ខ្ញុំទៅពួនក្រោមដើមពុទ្រាមួយ ស្រាប់តែវាមកទាន់រត់មកដល់ក្រោមដើមពុទ្រានោះ
ក៏ត្រូវស្រាំងទិញហើមមុខគ្រប់គ្នា ឯខ្ញុំរត់ចេញផុតទាន់ ប៉ុណ្ណឹងហើយវាមិនអស់ចិត្តទៀត
រិតតែក្ដៅក្រហាយ ដេញចាប់ខ្ញុំ រត់ចុះរត់ឡើង
ខ្ញុំក៏រត់ទៅពួនលើដើមពោធិ៍ក្បែរសំណាកព្រះអង្គខ្មៅ
(រូបបដិមាព្រះភ្នែនដែលមានពស់ក្បាលប្រាំបីបាំងឲ្យទ្រង់)
ពួកអាម៉នដឹងថាខ្ញុំពិតជាពួននៅទីនោះ ព្រោះខ្ញុំឧស្សាហ៍ឡើងបេះផ្លែពោធិ៍ហូបណាស់
វាក៏នាំគ្នាព័ទ្ធខ្ញុំជុំវិញ ខ្ញុំមិនដឹងរត់ទៅណា ក៏លើកដៃប្រណម
សុំឲ្យលោកតាថែរក្សាដើមពោធិ៍ជួយ ត្បិតបើចុះទៅពិតជាពួកនោះវាយស្លាប់មិនខានទេ ស្រាប់តែដូចបំណង
ក៏មានពស់វែកក្របីមួយក្បាល បានវាចេញពីរន្ធដើមពោធិ៍ សំដៅទៅរ៉ាម៉ន
ដោយឃើញបែបនោះពួករ៉ាម៉ន ក៏រត់ចែកជើងគ្នាព្រាត ខ្ញុំក៏បានរួចខ្លួនម្ដងទៀត ។
ក្រោយមកនៅថ្ងៃមួយមានគេយកមាន់ស្ងោរ
ក្បាលជ្រូកស្ងោរមកសែនឲ្យអ្នកតានៅក្នុងវត្ត ទាំងគេទាំងខ្ញុំគឺទៅអង្គុយ
ដើម្បីសុំសំបក ប៉ុន្ដែខ្ញុំទាល់តែធូបអស់បានហ៊ានសុំយកសំបក ហើយមិនយកក្បាលជ្រូកទេ
ទោះឃ្លានប៉ុណ្ណាក៏ដោយ ព្រោះលោកគ្រូសូត្រស្ដាំ គាត់ផ្ដាំថាកូនសិស្សលោក
មិនអាចយកសំណែនបានទេ ប៉ុន្ដែខ្ញុំមិនពេញលក្ខណៈជាកូនសិស្សលោកទេ អាចយកបាន
តែហាមយកក្បាលជ្រូក ព្រោះជារបស់អ្នកតាចូលចិត្ត បើហ៊ានយកពិតជាមានបញ្ហាមិនខាន ។
ខណៈពេលកំពុងអង្គុយចាំធូប ស្រាប់តែអាម៉នមកទៀត លើកនេះវាមិនមកវាយទេ គឺមិនដណ្ដើមសំណែន
ខ្ញុំប្រាប់វាថា
-
អើ!
បើឯងមកសុំសំណែនក៏យកទៅ អញយកតែនំនិងទឹកក្រូចទេ មាន់ ជ្រូកឯងយកចុះ
ប៉ុន្ដែកុំយកក្បាលជ្រូកអី ប្រយ័ត្នមានបញ្ហា ព្រោះលោកគ្រូគាត់ប្រាប់ហាម ។
-
អញយកទាំងអស់
ម៉េច ចង់ធ្វើអីអញ
ថាហើយអាម៉ន
ក៏ទៅផ្ដុំធូបពន្លឿនឲ្យឆាប់អស់ ដោយយូរពេក វាក៏កាច់ធូបនោះបំបាក់ ហើយក៏សំណែនអស់
ទុកតែទឹកក្រូចឲ្យខ្ញុំ១កំប៉ុង ខ្ញុំក៏មិនដឹងជាថាអ្វីដែរ ។
ក្រោយមកអាម៉នបានយកសំណែនទៅស៊ី មិនទាន់អស់ផង តែវាចាប់ផ្ដើមចុកពោះយ៉ាងខ្លាំង
ហើយស្រែកយំរកគេជួយ ខ្លួនវាចាប់ផ្ដើមខ្មៅ ដូចគេរោលនឹងភ្លើង
សាច់ក៏ចាប់ផ្ដើមហើមភ្លាមៗ ហើយស្ទើរតែប្រេះទៅហើយ តែមួយភ្លែតសោះវាដើរមិនរួច
ដេកនឹងកន្ទេល មើលពីចម្ងាយគឺដូចទៅនឹងសាកសពដែលកំពុងហើមរលួយអញ្ចឹង
ខ្ញុំមិនបានគុំគួនអីទេ ព្រោះក្មេងដូចគ្នា ក៏រត់ទៅពិតលោកគ្រូ
លោកគ្រូដឹងហើយក៏ប្រញាប់និមន្ដមក ហើយក៏សួរគ្រប់រឿង
ទើបលោកមានសង្ឃដីកាឲ្យខ្ញុំទៅយកផ្ដិលទឹកមន្ដ និងរៀបចំធូបបីសរសៃអុជ និងឲ្យអាម៉នខមាលទោសអ្នកតា
រួចលោកគ្រូក៏តាំងសូត្របាលី ផ្លុំស្ដោះ និងប្រោះទឹកឲ្យអាម៉ន មួយស្របក់
រូបរាងកាយអាម៉នក៏ស្រកលែងហើយ និងវិលមករកធម្មតា និងបានទៅថ្វាយបង្គំសុំខមាលទោសលោកគ្រូ
និងអុជធូបស្បថលែងហូបសំណែនអ្នកតា និងបានតាំងចិត្តរៀនធម៌
ហើយក៏បានបួសជាសាមណេរក្នុងវេលាក្រោយមក ។
0 មតិយោបល់:
Post a Comment