រឿងនេះក៏ជាចំណែកមួយនៃបណ្ដារឿងអាគម
អូមអាមរបស់ខ្មែរយើងដែរ រឿងនេះផងដែរ ជីតារបស់អ៊ែដមីនជាអ្នកនិយាយប្រាប់ ព្រោះគាត់ជាមនុស្សចាស់ដែលកើតទាន់ដល់ទៅ៣ជំនាន់
ប៉ុន្ដែគាត់បានចែកឋានចោលអ៊ែដមីនយូរហើយ ថ្ងៃនេះដើម្បីជាការរំលឹកដល់គាត់ អ៊ែដមីនសូមលើកយករឿងដែលគាត់បាននិទានដូចតទៅ៖
កាលពីមុននៅក្នុងខេត្តកំពង់ចាម
មានប្រជាជនដែលចំណូលស្រុកច្រើនណាស់ ក្នុងនោះក៏មានតារបស់អ៊ែដមីនដែរ
តាអ៊ែដមីនគាត់មិនមែនជាមនុស្សចេះមន្ដអាគមអ្វីទេ គាត់ចេះតែរកថ្នាំឈើបុរាណជួយអ្នកស្រុកភូមិប៉ុណ្ណោះ
ក្រោយពីបានចាប់ដៃគ្នាជាមួយយាយរបស់អ៊ែដមីន ពួកគាត់រស់នៅយ៉ាងសុខសាន្ដ ។ តែភាពសុខសាន្ដនោះមិនបានយូរអង្វែងទេ
ដោយសារតែមានមនុស្សប្លែកចូលមកនៅក្នុងភូមិ ដែលគេល្បីតគ្នាថាគាត់នោះចេះមន្ដអាគមច្រើនណាស់
រួមទាំងអាគមកាប់មិនមុតដុតមិនឆេះទៀតផង ដែលគាត់ប្រើសាក់យ័ន្ដនិងខ្លួនតែម្ដង
ពុំប្រើអាវយ័ន្ដនោះទេ ជាហេតុធ្វើឲ្យគាត់សាច់ស្វិតកាប់មិនមុតទេ។ នៅថ្ងៃមួយមានបុរសចេះអាគមដំស្នឹង
បានបង្អួតអ្នកស្រុកលេង ដោយចង់ឲ្យគេបានដឹងពីមន្ដអាគមខ្មែរយើងថាពូកែស័ក្ដិសិទ្ធិប៉ុណ្ណា
គាត់អង្គុយពេនភ្នែន និងចាប់សូត្រអាគមឡើង រួចឲ្យមនុស្សពីរនាក់មកលើកគាត់ឲ្យហើបពីដី ប៉ុន្ដែលើកពុំរួច
សូម្បីតែរង្គើ មិនរង្គើផង ក្រោយមកក៏មនុស្សបួននាក់ នៅតែមិនរួចទេ ចូលដល់៨នាក់
ក៏ពុំរង្គើដែរ ស្របពេលនោះយាយរបស់អ៊ែដមីន គាត់ក៏ជាគ្រូបុរាណដែរ
ដែលអ៊ែដមីនធ្លាប់បានលើកឡើងម្ដងហើយក្នុងរឿងវិញ្ញាណសណ្ឋិត គាត់ក៏បានដឹងព្រោះមនុស្សធម្មតាមើលមិនឃើញស្នឹងដែលគាត់បានដាំនោះទេ
អញ្ចឹងគាត់ក៏ដើរទៅរកកន្លែងនោះដោយសូត្រអាគមដោះស្នឹងចេញ រួចគាត់គ្រាន់តែមួលស្លឹកត្រចៀកបុរសនោះ
ក៏ហើបចេញពីដី ធ្វើឲ្យគ្រប់គ្នាស្ញើចគ្រប់ៗគ្នា ឯបុរសនោះក៏សើចហើយនិយាយថា៖
មិនដឹងជាស្អីទេបង! គ្រាន់តែខ្ញុំលេងជាមួយអ្នកភូមិសោះ ក៏មកធ្វើបាបប្អូនដែរ
យាយក៏ឆ្លើយតប៖ អើ! មកពីអញឃើញទើសភ្នែកពេក លេងរបៀបធ្វើបាបអ្នកភូមិ បើលេងមិនប្រើអាគម
ទៅមានស្អី ដល់ខ្លួនឯងដាំស្នឹងហើយ ឲ្យគេលើក មនុស្សធម្មតាម្ដេចនឹងលើកកើត
ទាល់តែត្រូវអញ្ចឹងបានរៀង កុំឲ្យអួតពេក ។
បាទបងៗ
ខ្ញុំលែងហ៊ានលេងបែបនេះហើយ ។
ក្រោយមកបុរសប្លែកមុខដែលចូលមករស់នៅក្នុងភូមិនោះ
មានថ្ងៃមួយផឹកស្រា ស្រវឹងទាំងថ្ងៃ
រួចក៏ដើរស្រែកជេរគេពេញហ្នឹង ហើយកើតជារឿងវាយតប់គ្នា គ្រប់គ្នាក្ដៅក្រហាយណាស់ ស្រាប់តែពូចនជាមនុស្សដៃឆៅ
បានស្ទុះទាញកាំបិតផ្គាក់ទៅកាប់បុរសនោះប៉ុន្ដែមិនមុតសូម្បីតែបន្ដិច
បុរសនោះក៏សើចផ្គើនថែមទៀត ។ បន្ដិចក្រោយមកលោកមេភូមិក៏មកសម្រួល ដើម្បីកុំឲ្យមានបញ្ហាទៀត
រឿងនេះក៏បានស្ងប់ស្ងាត់មួយរយៈ ។
បានប្រហែលជាមួយខែក្រោយមក
អ្នកភូមិក៏ស្រាប់តែបាត់ក្របីស្ទើរគ្រប់ផ្ទះ ដោយមិនដឹងបាត់ទៅណា ទោះបីជាដើររកយ៉ាងណាក៏មិនឃើញដែរ
។ នៅវេលាយប់មួយក្នុងពេលគ្រប់គ្នាកំពុងតែដេកលង់លក់ ស្រាប់តែផ្ទះជីតាខ្ញុំឆ្កែក៏ចាប់ផ្ដើមព្រុសពេញហ្នឹង
អញ្ចឹងគាត់ក៏សង្ស័យថាប្រាកដជាចោរចូលផ្ទះមិនខាន ព្រោះក្របីផ្ទះគាត់មិនទាន់មាននរណាលួចបានទេ
ព្រោះវាខ្លាំង សូម្បីតែខ្លាក៏ស៊ីមិនបានផង ជីតារបស់ខ្ញុំក៏ដាស់យាយ
មួយសន្ទុះសម្លេងឆ្កែក៏បាត់ គាត់អើតតាមបង្អួចផ្ទះក៏ស្រាប់តែឃើញខ្លាមួយក្បាលកំពុងតែដើរលបមកក្រោលក្របី
យាយគាត់ឃើញបែបនេះក៏ដឹងថាមិនមែនជាខ្លាមិនទែនទេ តែជាខ្លាអាគមដែលគេប្រសិទ្ធីដោយអាគមទេ
គាត់ក៏សូត្រសែកអាគមរួចផ្លុំទៅវិញ ទើបខ្លានោះរលាយបាត់វិញ ក៏ស្រាប់តែឮសូរសម្លេងក្របីដើរ
តែមិនមានសម្លេងស្រែកទេ ព្រោះវាស្រែកពុំរួច ព្រោះអាគមចងហើយ គាត់ក៏នាំគ្នាចុះទៅមើលឃើញក្របីបាត់ពីក្រោលទាំងអស់
គាត់ក៏ឲ្យតាគោះត្រដោកប្រាប់អ្នកភូមិ អ្នកភូមិក៏ផ្អើលអុជចន្លុះរួចមកជួបជុំគ្នានៅមុខផ្ទះតាអ៊ែដមីន។
ក្រោយពីជួបជុំគ្នាហើយ អ្នកភូមិរួមទាំងតាយាយរបស់អ៊ែដមីនក៏នាំគ្នាដើរតាមគន្លងដានជើងក្របីទៅដល់ព្រៃចុងភូមិក៏ពើបប្រទះនឹងក្របីជាច្រើនកំពុងចងជាហ្វូង
បម្រុងដឹកចេញទៅ ហើយគ្រប់គ្នាបម្រុងដើរចូលទៅលែងក្របី ទើបយាយរបស់អ៊ែដមីនប្រាប់ថាកុំអាលទៅ
ព្រោះអ្វីដែលយើងឃើញអាចមិនមែនការពិតទេ គាត់ក៏សូត្រផ្លុំអាគមដែលគាត់ចេះ ចាប់ដីមួយក្ដាប់ដៃបាចទៅ
ឃើញថាទីនោះប្រែទៅជារណ្ដៅដែលមានចម្រូងឬស្សីជាច្រើន
បំណងថាបើដើរចូលពិតជាធ្លាក់ចូលរណ្ដៅនោះស្លាប់ជាក់ជាមិនខាន គាត់ក៏ចាប់ផ្ដើមគន់គូររកទិសដែលក្រុមចោរដឹកក្របីទៅ
ឃើញហើយក៏នាំអ្នកភូមិចេញទៅតាមទាន់ តាមពិតគឺបុរសប្លែកមុខម្នាក់នោះសោះ ដោយសារតែមានអំណួតរឿងអាគមកាប់មិនមុតដុតមិនឆេះ
បុរសនោះមិនខ្លាចទេ អ្នកភូមិក៏ប្រយុទ្ធតទល់ជាមួយបុរសនោះតែមិនឈ្នះបុរសនោះទេ
សូម្បីតែយាយអ៊ែដមីនក៏គាត់មិនអាចជួយអ្វីបានដែរ គ្រានោះតារបស់អ៊ែដមីន
គាត់ក៏បោះពាក្យថា កាប់មិនមុតដុតមិនឆេះមែន តែមិនមែនវាយមិនចេះគ្រាំឯណា ភ្លាមនោះអ្នកភូមិក៏ពួតគ្នាវាយដោយដៃ
និងដំបង តែបុរសនោះនៅតែមិនអីទេ តាអ៊ែដមីនក៏លើកដៃបួងសួងឡើងថា៖ បពិត្រទសបារមីនៃព្រះរតនត្រ័យ
បពិត្របារមីគុណូបការៈនៃមាតាបិតាខ្ញុំ អ្នកសច្ចំបង់បត់ ដោយអំណាចនៃអំពើល្អដែលខ្ញុំសាង
សូមផ្ដល់នូវឬទ្ធីនុភាពដល់កាំបិតខ្ញុំនេះ កាប់ពួកអបល័ក្ខណ៍កាលណាឲ្យមុត វិនាសតៃហោង
ដូចបំណង គាត់ក៏ហូតកាំបិតផ្គាក់រត់ចូលព្រៃមួយស្របក់ រួចចេញមកវិញស្ទុះទៅកាប់បុរសនោះ
ដូចបំណង មួយកំាំបិតឈាមហូរស្រោចពេញខ្លួន បុរសនោះដឹងថាអាគមរបស់ខ្លួនមិនអាចជួយបាន
ក៏រត់ភៀសខ្លួនចេញពីនោះបាត់ជារៀងរហូត ហើយអ្នកភូមិក៏រស់នៅបានសុខសប្បាយរៀង មក។
0 មតិយោបល់:
Post a Comment