Monday, November 1, 2021

រឿងអាគមបង្រួញដី


មន្ដអាគម គាថា អបិយជំនឿជាច្រើន នៅប្រទេសខ្មែរយើង គឺមានកំណើតតាំងពីបុព្វកាលមកម្ល៉េះ ទោះបីជាមកដល់សម័យទំនើបនេះក៏ដោយក៏ជំនឿទាំងនេះផងដែរ។ អាគមមហាកម្លាំង ទម្ងន់ដៃ កាប់មិនមុតដុតមិនឆេះ ជាដើម ហើយថ្ងៃនេះខ្ញុំសូមលើកយករឿងអាគមបង្រួញដីមកនិទានជូនអ្នកទាំងអស់គ្នា ៖

          ថ្លែងពីបុរសម្នាក់ឈ្មោះ ទុន ប្រកបរបរជាកសិករនៅក្នុងភូមិមួយ គាត់មានមាឌល្អិតបន្ដិច ប៉ុន្ដែគាត់ក៏ជាមនុស្សម្នាក់ចូលចិត្តផឹកស្រាផងដែរ ដែលប្រពន្ធគាត់តែងតែហាមប្រាម ព្រោះពេលដែលគាត់ស្រវឹង គឺគាត់ចចេសខ្លាំងណាស់ ។ ដោយសារតែប្រពន្ធគាត់បានដឹងថាប្ដីគាត់បានរៀនអាគមបង្រួមដី ដែលអាគមនេះពេលប្រើម្ដងៗ គឺសម្លាប់ជីវិតសត្វច្រើនណាស់ ព្រោះការដែលដើរចម្ងាយ២០គីឡូម៉ែត្រ ត្រូវចំណាយពេលជាង១ម៉ោង តែប្ដីគាត់ប្រើពេលមិនដល់១០នាទីផង គឺគាត់តែងតែប្រើអាគមបង្រួមដី ។ ជារៀងរាល់ព្រឹក ពូទុនត្រូវសូត្រអាគមដែលគាត់ហាត់នោះ រួចផ្លុំទៅឆ្វេង៧ដង ទៅស្ដាំ៧ដង គាត់ត្រូវសូត្រអាគមនោះរាល់ថ្ងៃ ដើម្បីឲ្យវាស័ក្ដិសិទ្ធ គឺនៅពេលគាត់ត្រូវការប្រើ គា្រន់តែនឹកដល់អាគមនោះ គឺគាត់អាចបង្រួញដីបានភ្លាមៗ ។

          នៅថ្ងៃមួយនៅពេលពូទុនបានទទួលដំណឹងថា ឪពុករបស់គាត់ដែលមានវ័យជាង៧០ឆ្នាំបានទទួលមរណភាព គាត់ក៏បានប្រាប់ទៅប្រពន្ធឲ្យរករទេះអ្នកស្រុកដើម្បីជិះទៅតាមក្រោយគាត់ ចំណែកគាត់ធ្វើដំណើរទៅមុន ដោយចម្ងាយពីផ្ទះគាត់ទៅផ្ទះឪពុករបស់គាត់ គឺឆ្ងាយគួរសមដែរ ជាង៥០គីឡូឯណោះ ម្យ៉ាងត្រូវកាត់តាមស្រែ ឬតាមភូមិ ឬតាមផ្លូវដើរកៀនផ្ទះរបស់អ្នកភូមិ បើជិះរទេះយ៉ាងតិចក៏ប្រើពេលជាង១ព្រឹកដែរ ប៉ុន្ដែគាត់ក៏នាំបងប្អូនប្រុសម្នាក់ទៅជាមួយ ដើម្បីទៅរៀបចំចាត់ចែងក្នុងពិធីបុណ្យសព ។ ខណៈដែលកំពុងតែដើរទៅ ពូទុនក៏សូត្រអាគមបង្រួញដីរបស់គាត់ផ្លុំទៅឆ្វេង៧ ផ្លុំទៅស្ដាំ៧ ដោយតាំងឡើងថា៖ ព្រាយហោះព្រាយហើរ ព្រាយដើរលើដី............(អាគមនេះអ៊ែដមីនអត់ចេះទេ តែធ្លាប់ឮគេសូត្រ ពេលគេត្រូវប្រើវា) ភ្លាមៗនោះ ពូទុនបានដល់ជិត២០គីឡូម៉ែត្របាត់ ឯប្អូនប្រុសម្នាក់ទៀត ដើរមិនទាន់នោះទេ ព្រោះគាត់ដឹងថាពូទុនពិតជាប្រើអាគមនេះប្រាកដ ។ ក្រោយពីទៅដល់ផ្ទះរបស់ឪពុកគាត់ហើយ ពូទុន ក៏ចាត់ចែងរៀបចំបុណ្យសព រង់ចាំប្រពន្ធកូននិងសាច់ញាតិដទៃទៀតមកដល់ ។ លុះពិធីបុណ្យសពបានចប់សព្វគ្រប់ហើយ ប្រពន្ធគាត់ក៏នាំកូនត្រលប់មកផ្ទះមុន ចំណែកគាត់នៅកំដរម្ដាយ និងចង់នៅលេងបងប្អូនបាន២-៣ថ្ងៃ ។ យប់ឡើងពូទុននិងសាច់ញាតិដទៃទៀត ក៏នាំគ្នាទិញស្រាមកពីចុងភូមិ ដើម្បីផឹកស៊ី កាប់ជ្រូកអស់មួយទៀត ដល់ពេលផឹកអស់ស្រា យប់ល្មម អញ្ចឹងហើយសាច់ញាតិគាត់បានលាន់មាត់ថា៖

-       ចុម! អស់ស្រាបាត់! បាននរណាទៅទិញ ឥលូវងងឹតបាត់ហើយ កំពុងតែជាប់មាត់ផង

ភ្លាមនោះ អន្ទិតសុះ ជាក្មួយរបស់ពូទុន ក៏សុំទៅទិញស្រា តែទម្រាំដើរទៅដើរមក ប្រើពេលជិតកន្លះម៉ោង ឯគ្រប់គ្នាដែលរង់ចាំនៅទីនេះ គឺនៅមិនសុខ នៅតែសាច់ក្លែម អស់តែស្រា អង្គុយទាំងជូរមាត់ ហើយរអ៊ូគ្រប់គ្នា។

-       អញប្រាប់ហើយ ថាទិញឲ្យច្រើនមក មិនជឿអញទេ ហើយវាទៅហ្នឹង យកលុយទៅប៉ុន្មាននោះ អញសង្ស័យទិញតែ២លីត្រអីចប់បាត់បណ្ដោយ ។

មួយសន្ទុះក្រោយមកអន្ទិតសុះដើរមកវិញ បែកញើសជោគខ្លួន ហើយនិយាយថា៖

-       ស្លាប់ហើយ! ទម្រាំបានទិញ ហើយដើរមកវិញ អស់អារម្មណ៍ផឹកបាត់ហើយពូ ហើយខ្ញុំទិញបានតែ២លីត្រទេ លុយអត់គ្រប់

-       អញថាមែន មែន (ពូសុខរអ៊ូ)

គ្រប់គ្នាក៏អង្គុយបន្ដផឹកស្រានៅវាលមុខផ្ទះ ខណៈពេលដែលស្រវឹងជោគជាំខ្លាំង ស្រាប់តែអស់ស្រាទៀត ពេលនោះគ្រប់គ្នាថា ឈប់ផឹក តែពូទុននិយាយថា៖

-       យូរៗមកលេងផ្ទះម្ដង ផឹកជុំគ្នាម្ដង ម៉េចក៏ឆាប់ឈប់ម្ល៉េះ!

-       មាននរណាថាឈប់ឯណា ! តែមើលទៅ ទៅទិញមុនហ្នឹងវាជិតកន្លះម៉ោង នេះបើនៅផឹកទៀត បែបទល់ភ្លឺក៏មិនស្រវឹងដែរ ដើរចុះដើរឡើងស្វាងបាត់ហើយ

-       មិនអីទេ! ចាំខ្ញុំទៅទិញ(ពូទុននិយាយ)

-       កុំទៅអីឪ ឪឯងស្រវឹងខ្លាំងហើយ (កូនគាត់រារាំងឪពុក តែពូទុនមិនព្រមស្ដាប់)

គាត់ក៏ដើរចេញទៅបានបន្ដិច ក៏នឹកអាគមគាត់សូត្រផ្ដុំ ក៏ធ្វើដំណើរទៅ ហើយកូនគាត់សុំទៅជាមួយ គាត់ក៏លើកកូនដាក់ជិះលើក  ប៉ុន្ដែដោយសារតែគាត់ស្រវឹងខ្លាំងពេក នៅពេលសូត្របង្រួញដី គាត់ដើរលឿនពេក គេចមិនទាន់ក៏បុកចាំដើមត្នោតមួយដើម បាក់កស្លាប់ក្នុងពេលនោះទេ  ចំណែកកូនគាត់មិនបានរងរបួសទេ ភ្លាមៗនោះ កូនរបស់គាត់ក៏រត់ត្រលប់មកផ្ទះវិញ ស្រែកហៅអ៊ំៗឲ្យជួយ តែគួរឲ្យសោកស្ដាយណាស់ ព្រោះពូទុនបានស្លាប់បាត់បង់ជីវិតទៅហើយ ។ គ្រប់គ្នាបានតែទុក្ខសោក នាំដំណឹងនេះទៅប្រពន្ធគាត់ និងរៀបចំបុណ្យសពតាមប្រពៃណី ។


0 មតិយោបល់:

Post a Comment