រឿងនេះជាអបិយជំនឿមួយរបស់ខ្មែរយើងតាំងពីបុរាណកាលមក
ដោយនៅពេលដែលយើងយល់សប្ដិឃើញ ឬឃើញនៅខាងក្រៅជាក់ស្ដែង ថានរណាម្នាក់ពុំមានក្បាល
មានន័យថាម្នាក់នោះនឹងមានគ្រោះថ្នាក់ដល់ជីវិតមិនខាន
ពេលខ្លះជំនឿទាំងនេះក៏បានបណ្ដាលឲ្យចិត្តមនុស្សមួយចំនួនដែលធ្លាប់តែសាងនូវអំពើបាបកម្ម
ខ្លបខ្លាច និងត្រូវកែប្រែទង្វើផ្សេងៗតាមតែគ្រូបង្គាប់បញ្ជា
ដើម្បីតែបានរួចផុតសេចក្ដីស្លាប់ ប៉ុន្ដែព្រះពុទ្ធទ្រង់មានពុទ្ធដីកាហើយថា រូបំ
ទុក្ខំ អនិច្ចំ អនត្តា មានរូបមានទុក្ខ ជីវិតគឺមិនទៀង មិនមែនខ្លួន
ដូចនេះមានតែអំពើល្អដែលអ្នកបានសាងនោះទេ ដែលនាំចិត្តអ្នក និងនាំផ្លូវអ្នកទៅកាន់និពា្វនបាន
។
រឿងនេះមានតំណាលពីបុរសម្នាក់វ័យខ្ទង់២៧ឆ្នាំ
ទើបតែរៀបការថ្មោងថ្មីជាមួយប្រពន្ធដ៏ស្រស់ស្អាតម្នាក់
មិនយូរប៉ុន្មានដំណឹងល្អបានមកដល់ ប្រពន្ធរបស់គេមានផ្ទៃពោះបាន២ជាងហើយ បុរសនោះឈ្មោះថា
ភ័ព្វ ជាមនុស្សកំសត់តាំងពីតូច គេប្រកបរបរជាពេជ្ឈឃាតនៅឯទីសត្វឃាតមួយកន្លែង
ដើម្បីតែក្រពះ គេបានពិឃាតសត្វច្រើនណាស់
ប៉ុន្ដែរបរមួយនេះមិនបានឲ្យគ្រួសារគេបានធូរធារនោះទេ បានត្រឹមតែគែប៉ុណ្ណោះ។
រំលងទៅមិនយូរ ប្រពន្ធរបស់ភ័ព្វក៏ជិតដល់ថ្ងៃសម្រាល គេសប្បាយចិត្តណាស់
ក៏នឹកនិយាយជាមួយប្រពន្ធថា៖
- អូន! បើកូនយើងកើតមក
យើងគួរតែរកឈ្មោះដាក់ឲ្យកូនឲ្យហើយ ព្រោះខ្វះតែប៉ុន្មានថ្ងៃទៀតទេ
អូននឹងដល់ថ្ងៃដែលឆ្លងទន្លេហើយ
- អីក៏ប្រញាប់ម្ល៉េះបង !
មិនបាច់បារម្ភទេរឿងឈ្មោះនោះ ដល់ពេលកើតរកនឹកដាក់ក៏មិនហួសពេលដែរ រឿងដែលសំខាន់ពេលនេះ
តើបងមានលុយត្រៀមបម្រុងទុកឲ្យកូនយើងហើយឬនៅ?
- មានតើអូន! ប៉ុន្ដែមិនបានច្រើនទេ
លុយបងខំសន្សំ មិនហ៊ានចាយវាយផ្ដេសផ្ដាសទេ ពេលនេះបានជាង បួនលានរៀលដែរ
សង្ឃឹមថាអាចនឹងគ្រប់។
ពេលយប់បានមកដល់
ប្រហែលជាយប់ជ្រៅបន្ដិច ភ័ព្វបានឮប្រពន្ធស្រែកថា ទេ! ទេ
នាយក៏ស្ទុះងើបមើលប្រពន្ធទាំងអារម្មណ៍ភ័យក្នុងចិត្ត ភ្លាមនោះនាយក៏ដាស់ប្រពន្ធឡើង ៖
- អូន! អូន! អូនក្រោកឡើង
មានរឿងអីមែន?
- អូ! មិនមានអីទេ
គ្រាន់តែអំបាញ់មិញអូនយល់សប្ដិអាក្រក់
- យល់សប្ដិឃើញអីអូន?
- គឺឃើញបងមកសុំនៅជាមួយអូន
តែអូនមិនព្រមទេ ប៉ុន្ដែបងអង្វរពេក អូនក៏ព្រមទៅ ព្រោះអីយើងនៅជាមួយហើយតើ
- អូ! មិនអីទេអូន
វាគ្រាន់តែជាការយល់សប្ដិប៉ុណ្ណោះ គ្មានរឿងអ្វីធំដុំនោះទេ
ភ្លាមនោះស្រាប់តែប្រពន្ធភ័ព្វបានឈឺពោះសម្រាល
នាយក៏រួសរាន់ទៅដាស់ម្ដាយ ឲ្យជួយ ដើម្បីជូនប្រពន្ធទៅមន្ទីរពេទ្យ ។
នាយឈររង់ចាំយ៉ាងអន្ទះសា ប្រហែលម៉ោង៤ភ្លឺ ប្រពន្ធក៏កើតបានកូនប្រុសយ៉ាងធ្លោស ទម្ងន់៣
គីឡូ ៣ខាំ គួរឲ្យស្រលាញ់ណាស់ ប៉ុន្ដែម្ដាយភ័ព្វបានឲ្យគេទៅទិញបបរឲ្យប្រពន្ធហូប
ព្រោះទើបសម្រាលរួចគឺហេវណាស់ នាយក៏ស្ទុះទៅវឹង ។ ឯប្រពន្ធក៏សួររកប្ដី
ម្ដាយក៏ប្រាប់ថា ប្ដីកូនឯងទៅរកទិញអីបាត់ ហើយ ប្រពន្ធគ្រាន់តែឮក៏ស្លុតចិត្តណាស់
ព្រោះបានយល់សប្ដិមិនល្អ ហើយក៏ប្រាប់ទៅម្ដាយ ម្ដាយក៏កូនតាំងចិត្តព្រោះខ្លាចទាស់
ទើបតែសម្រាលថ្មីៗផង ហើយគាត់និយាយថា៖ មិនអីទេ! កូន គ្រាន់តែយល់សប្ដិតើ ។
មួយសន្ទុះក៏ឃើញប្ដីត្រលប់មកវិញ ក៏ត្រេកអរណាស់
ប៉ុន្ដែក៏លាន់មាត់ទាំងភ័យឃើញប្ដីឈាមពេញខ្លួន៖
- បង ! បងកើតអីមែន?
- អត់អីទេអូន!
អំបាញ់មិញពេលបងមកវិញឲ្យគេដួលម៉ូតូ ក៏ទៅជួយលើកទើបជាប់ប្រលាក់ឈាមតែម្ដងទៅ កុំគិតអីផ្ដេសផ្ដាសអី
ប្រពន្ធក៏សប្បាយចិត្តឡើងវិញ
ក្រោយមកបាន២ថ្ងៃភ័ព្វនិងគ្រួសារ ក៏ត្រលប់ទៅផ្ទះវិញ ហើយក្រុមគ្រួសារគេ
ក៏រៀបចំកម្មវិធីជប់លៀងបន្ដិចបន្ដួចដើម្បីអបអរសមាជិកថ្មី ។ ខណៈពេលដែលកម្មវិធីកំពុងដំណើរការ
ស្រាប់តែមិត្តភក្ដិភ័ព្វបានកេះគ្នាប្រាប់ថា ឃើញភ័ព្វដើរទៅមិនឃើញមានក្បាលសោះ
ក៏ទៅប្រាប់ម្ដាយរបស់នាយ គាត់ក៏ហាមប្រាមមិនឲ្យភ័ព្វធ្វើដំណើរទៅណាទេ
ព្រោះគាត់ជឿថានេះជាប្រផ្នូលមិនល្អ អាចមានគ្រោះដល់ជីវិត ។
លុះស្អែកឡើង
ម្ដាយរបស់ភ័ព្វបាននិមន្ដព្រះសង្ឃមកសូត្រមន្ដរំដោះគ្រោះលើករាសីឲ្យ
ព្រះតេជគុណមានសង្ឃដីកាថា កម្មរមែងតែមានហេតុ ជាតិនេះញោមមិនបានធ្វើកម្មមែន
ប៉ុន្ដែអាចជាមកពីជាតិមុន
ដូចនេះសូមញោមព្យាយាមធ្វើបុណ្យឲ្យច្រើនប្រកបដោយសទ្ធាជ្រះថ្លា
បុណ្យនោះនឹងអាចជួយញោមបាន ។ ក្រោយពីចប់ពិធីសូត្រមន្ដរួចភ័ព្វ
ក៏បានម្ដាយរបស់ខ្លួនជួយរៀបចំចង្ហាន់ដើម្បីទៅធ្វើបុណ្យបង្សុកូលជូនដល់ម្ចាស់កម្មពៀរទាំង
ឡាយ សូមកុំឲ្យចងពៀរនឹងគ្នាតទៅទៀត ។
រំលងបានមួយអាទិត្យ
ស្រាប់តែកូនរបស់ភ័ព្វក្ដៅខ្លួនយ៉ាងខ្លាំង
ពេលនោះគ្រប់គ្នាមិនបានគិតដល់រឿងគ្រោះរបស់ភ័ព្វទេ គ្រប់គ្នាបានម្នីម្នានាំកូនតូចនោះទៅពេទ្យដើម្បីព្យាបាល
ខណៈពេលកំពុងតែរង់ចាំនៅក្នុងមន្ទីរពេទ្យ ស្រាប់តែពេលនោះមាន
គ្រួសារមួយទៀតកំពុងតែប្រញាប់ដៃជើងបញ្ជូនសមាជិកគ្រួសារមកពេទ្យដែរ
តែអកុសលអីមកដល់មុខមន្ទីរពេទ្យក៏ជ្រុលចង្កូតម៉ូតូបុកនឹងក្លោងទ្វារមន្ទីរពេទ្យ
ឃើញភ្លាមភ័ព្វក៏មិនបានគិតច្រើនរត់ទៅក្រុមគ្រួសារនោះ
រួចលើកបីជនរងគ្រោះចូលមកមន្ទីរពេទ្យ ប៉ុន្ដែអ្វីដែលគួរឲ្យព្រឺក្បាលនោះគឺ
ពេលនាយចូលមកដល់មន្ទីរពេទ្យវិញស្រាប់តែបាត់ជនរងគ្រោះម្នាក់នោះបាត់
គឺនៅសល់តែស្នាមឈាមប្រលាក់ពេញខ្លួនរបស់នាយប៉ុណ្ណោះ ម្ដាយឃើញកូនបែបនេះក៏សួរកូនថា៖
- ហើយកូនរត់ទៅណាអំបាញ់មិញ
ហើយម៉េចក៏មកវិញប្រលាក់ខ្លួនសុទ្ធតែឈាមអ៊ីចឹង កូនយ៉ាងម៉េចហើយ
-
មិនអីទេម៉ែ ! នាយក៏រៀបរាប់តាមដំណើរប្រាប់ម្ដាយ
ម្ដាយបារម្ភខ្លាំងណាស់ ចង់ឲ្យកូននៅមើលថែប្រពន្ធនិងកូន គាត់សុខចិត្តដើរទៅទិញបាយ
ប៉ុន្ដែភ័ព្វក៏ប្រាប់ថា ម៉ែកុំគិតច្រើនពេក ធម្មតាជីវិតសត្វលោករមែងមិនទៀងទេ
ម៉ែឃាត់ខ្ញុំថ្ងៃនេះបាន ចុះថ្ងៃស្អែក ចុះថ្ងៃខានស្អែក ម៉ែមិនអាចឃាត់បានរហូតទេ
បណ្ដោយតាមកម្មចុះណាម៉ែ អ្នកណាធ្វើអ្នកនោះជាទទួល។
ក្រោយស្ដាប់ហេតុផលកូនហើយ
ម្ដាយរបស់ភ័ព្វក៏លែងឃាត់កូន ប៉ុន្ដែបានផ្ដាំកូនឲ្យប្រយ័ត្នប្រយែងពេលជិះម៉ូតូ ។
ក្រោយពេលចេញពីមន្ទីរពេទ្យគ្រួសារភ័ព្វបាននាំគ្នាចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត
ដើម្បីសុំខមាលទោស
និងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធដែលជាម្ចាស់កម្មពៀរទាំងឡាយក្នុងវាលវដ្ដសង្សារ
សូមឲ្យបានជៀសផុតពីគ្រោះនេះ ។
អស់ជាច្រើនឆ្នាំ
គឺឃើញថាភ័ព្វនិងក្រុមគ្រួសារបានព្យាយាម ធ្វើបុណ្យដោយសទ្ធា អំពើល្អរបស់គេបានជួយឲ្យគេរស់នៅដោយក្ដីសុខក្សេមក្សាន្ដ
។ ប៉ុន្ដែក្រោយមកភ័ព្វបានឃើញហេតុការណ៍ប្អូនជីដូនរបស់គេ គឺពេលកំពុងតែអង្គុយលេង
គឺពុំមានក្បាលដែរ គេក៏ណែនាំទៅប្អូនជីដូន និងបានប្រាប់ម្ដាយឲ្យជួយប្រាប់បន្ថែម
ប៉ុន្ដែប្អូនជីដូនរបស់គេជាក្មេងរឹងរួស ម្យ៉ាងគេចូលចិត្តដើរផឹកស្រា
និងវាយតប់ក្មេងក្នុងភូមិ អ្នកភូមិម្នាក់ណាដែលថាមិនស្អប់គេនោះទេ ។
នៅម៉ោងប្រហែលជា៩យប់ ប្អូនជីដូនរបស់ភ័ព្វបានជិះម៉ូតូទាំងស្ថានភាពស្រវឹង ដើម្បីដេញវាយក្មេងៗមួយក្រុមទៀត ប៉ុន្ដែខណៈកំពុងតែជិះម៉ូតូប្រដេញគ្នា ស្រាប់តែប្អូនជីដូនរបស់ភ័ព្វបានជ្រុលចង្កូតធ្លាក់ប្រឡាយ បណ្ដាលឲ្យដួលម៉ូតូបុកជាមួយនឹងថ្មក្នុងជង្ហុកនោះបែកក្បាលស្លាប់ក្នុងគ្រានោះឯង ។ ក្រោយកើតហេតុក្រុមរបស់ប្អូនជីដូនរបស់ភ័ព្វផ្អើលយកដំណឹងនេះមកប្រាប់សាច់ញាតិរបស់គេ ។ ទំាងភ័ព្វនិងក្រុមគ្រួសារបានមកយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី ក្រោយដើរចេញពីកន្លែងគ្រោះថ្នាក់ ភ័ព្វបានក្រឡេកឃើញស្រមោលខ្មៅសពីឈរទន្ទឹមគ្នា ហើយសំឡឹងមករកគេ ហើយក៏រលាយបាត់ទៅ ។ រឿងនេះបានធ្វើឲ្យភ័ព្វតាំងចិត្តថានឹងខិតខំធ្វើបុណ្យឲ្យបានច្រើន ព្រោះកាលពីអតីតជាតិ យើងមិនដឹងថាបានធ្វើនូវអំពើអកុសលអ្វីខ្លះទេ ដូចនេះមានតែការសាងអំពើល្អក្នុងជាតិនេះទេ ទើបអាចជួយស្រោចស្រង់នូវអកុសលទាំងឡាយពីអតីតជាតិ និងបន្ដសោយសុខក្នុងអនាគតជាតិ ។
0 មតិយោបល់:
Post a Comment