សូមអានដោយការពិចារណា និងវិចារណញាណ!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
តាមពិតរឿងព្រាយក្រឡាភ្លើងនេះ តែងតែកើតឡើងមានឡើងចំពោះស្រ្ដីដែលមានផ្ទៃពោះ ព្រោះកាលណាតែមិនប្រយ័ត្នក្នុងការឆ្លងទន្លេ នឹងអាចកើតជាក្រឡាភ្លើងបាន ហើយក្រឡាភ្លើងនេះទៀតសោត បើតាមក្បួនគ្រូពេទ្យ វាជាប្រភេទជម្ងឺម្យ៉ាងប៉ុណ្ណោះ ។
រឿងនេះតំណាលពីបងស្រីរ័ត្ន គាត់ជាស្រ្ដីមេម៉ាយ ដែលត្រូវប្ដីគាត់លែងលះគ្នា គាត់ក៏ចាកចេញពីស្រុកកំណើតមករស់នៅទីជនបទ ដើម្បីគ្រាន់នឹងរកប្រាក់ចិញ្ចឹមជីវិតម្ដាយនិងកូនដ៏កំសត់នោះ គាត់បានសុំនៅក្នុងខ្ទមនៅស្រែរបស់អ៊ំចិន្ដា គាត់ជាមនុស្សចិត្តបានណាស់ គាត់អោយបងស្រីរ័ត្នស្នាក់នៅទីនោះបណ្ដោះអាសន្ន ដោយសារតែគាត់ក៏មានជីវភាពខ្វះខាតដែរ ខ្ទមនោះនៅឆ្ងាយពីគេឯងបន្ដិច ប៉ុន្ដែហេតុតែទាល់ បងស្រីរ័ត្នបានត្រឹមតែទ្រាំ ប៉ុន្ដែអ្នកភូមិស្រលាញ់គាត់គ្រប់គ្នា ម្យ៉ាងដោយសារតែការអាណិតផង ដោយសារតែគាត់ខ្លួនមួយម្នាក់ឯង ប៉ុន្ដែគាត់ឧស្សាហ៍ប្រឹងប្រែងធ្វើការណាស់ ហើយក៏បានដាំដំណាំខ្លះទុកគ្រាន់នឹងបេះហូប នៅពេលគាត់ទៅរស់នៅទីនោះ គាត់មានផ្ទៃពោះជាង០៦ខែទៅហើយ ប៉ុន្ដែដោយសារតែទីជនបទដាច់ស្រយាល គាត់មិនបានទៅពិនិត្យពោះអីទេ ដោយហូបតែថ្នាំខ្មែរ សង្ឃឹមថានឹងបានល្អគាប់ កូនមកនឹងមានសុខភាពល្អមិនខាន ។
នៅទីនោះមានអន្ទិតម្នាក់ទើបនឹងសឹក មានចិត្តស្រលាញ់បងស្រីរ័ត្ន ប៉ុន្ដែគាត់បដិសេធដោយយល់ថាខ្លួនជាស្រីមេម៉ាយផង មានផ្ទៃពោះផង មិនសាកសមនឹងគាត់ជាកំលោះនោះទេ ម្យ៉ាងជាអ្នកបួសរៀនមិនខ្វះទេ នារីៗដែលតាមស្រលាញ់នោះ ប៉ុន្ដែយ៉ាងណាលោកបង អន្ទិតនៅតាមលួងលោម និងតាមជួយគាត់គ្រប់បែបយ៉ាង រហូតបងស្រីរ័ត្នគាត់ព្រមទទួលលោកបងអន្ទិតជាស្វាមីរស់នៅជាមួយគ្នា យ៉ាងសុខក្សេមក្សាន្ដ ។
ប៉ុន្ដែជាអកុសលនៅថ្ងៃមួយលោកបងអន្ទិត គាត់បានទៅចេញទៅស្រែ ដើម្បីទៅមើលសន្ទូងថាល្អឬអត់? មុនចេញទៅគាត់បានផ្ដាំបងស្រីរ័ត្នថា កុំអោយធ្វើអ្វីធ្ងន់អោយសោះព្រោះ អូនមានកូនផង ចាំពេលបងត្រលប់មកវិញ ចាំបងអ្នកធ្វើ បងទៅតែមួយស្របក់ទេ អូនសម្រាកទៅ ។ ក្រោយពីពេលបងអន្ទិតចេញទៅ ស្រាប់តែមានមនុស្សប្រមឹក២នាក់ បានដើរមកដល់ផ្ទះបងស្រីរ័ត្ន ដោយអំនាចតណ្ហា ពួកគេបានចាប់រំលោភបងស្រីរ័ត្ន ហើយដើម្បីបំបាត់ភស្ដុតាង ពួកគេបានច្រានបងស្រីរ័ត្ន ទំលាក់ពីលើផ្ទះ ធ្វើដូចជាគាត់រអិលជើងដួលអញ្ចឹង បណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតភ្លាមៗ ។ ដោយសារតែមិនអស់ចិត្ត ព្រលឹងបងស្រីរ័ត្នបានបណ្ដាលឲ្យគាត់ក្លាយជាព្រាយក្រឡាភ្លើង ដោយមើលទៅដូចជាមនុស្សធម្មតា ពេលបងអន្ទិតត្រលប់មកវិញ ដោយទឹកមុខញញឹមពីចំងាយ ព្រោះឃើញបងស្រីរ័ត្នកំពុងតែស្លសម្លប្រហើរមានក្លិនឈ្ងុញគួរឲ្យចង់ពិសាណាស់ បងអន្ទិតដើរមកអោយប្រពន្ធពីក្រោយដោយក្ដីរីករាយ ដោយឧទានឡើងថា៖
- ថ្ងៃនេះបានសម្លអីដែរ ! ទំនងឆ្ងាញ់ណាស់ ន៎!
- សម្លសម្លក់ប្រហើរហ្នឹង មិនដឹងឈ្ងុញស្អីទេ មិនទាន់បានដាក់គ្រឿងផង ចេះតែបញ្ជោរគេហើយ
- មែនតើ! សម្លដែលអូនស្ល ឆ្ងាញ់ទាំងអស់
ពួកគាត់ពិតជារីករាយណាស់ នៅពេលយប់ឡើង ខណៈ នាយផាង ក្នុងចំណោមពួកម៉ាកកំពុងតែផឹកទឹកត្នោតជូ យ៉ាងតាប៉ែឡ៉ត នាយផាងងើបឡើងទៅឈឺនោម បានបន្ដិច ត្រលប់មកវិញ ស្រាប់តែក្រុមពួកម៉ាក បានឃើញស្រមោលស្ទង់ៗកំពុងតែដើរមករកពួក គេ គេស្គាល់ច្បាស់ គឺបងស្រីរ័ត្ន ប៉ុន្ដែមានតែនាយផាងម្នាក់ទេ ដែលដឹងថាបងស្រីរ័ត្នស្លាប់ ព្រោះវាជារំលោភនិងសម្លាប់បងស្រីរ័ត្នដោយផ្ទាល់ដៃ ។ គ្រាន់តែឃើញបងស្រីរ័ត្នភ្លាម នាយផាង ស្រែកយ៉ាងឮថា ៖ ខ្មោចៗ ខ្មោចៗ រួចនាយក៏ស្ទុះរត់ចេញយ៉ាងលឿន ឯពួកម៉ាកផ្សេងៗ ទៀតនាំគ្នាសើចព្រាត យី!អានីស បងស្រីរ័ត្នតើ យី! តាមពិតអាផាងនេះខ្លាច ស្រីពោះធំតើ ហាសហាសហា កំពុងតែសើចស្រាប់តែបងស្រីរ័ត្នហោះស្ទុយ ធ្លាក់ក្បាលមកលើគ្រែខ្ពោក ម្នាក់ប្រែជាស្ងៀមស្ងាត់ ចំហរមាត់ រួចក៏ស្រែកថាខ្មោចៗ ហើយក៏រត់យកប្រាសអាយុរៀងខ្លួន ។
និយាយពីនាយផាង រត់ដល់ដីដំបូកក្នុងព្រៃឬស្សីមួយក៏ឈប់សម្រាកសិន ដោយគិតថា បងស្រីរ័ត្នឈប់ដេញតាមហើយ ប៉ុន្ដែមិនដូចការគិតនោះ ក្បាលរបស់ស្រីរ័ត្នបានធ្លាក់នៅពីមុខនាយផាង ហើយនិយាយថា៖ ហេតុអ្វីបានជាឯងសម្លាប់យើង ហេតុអ្វី ឯងត្រូវតែស្លាប់ ៗ ខណៈនោះក្បាលបងស្រីរ័ត្នបានហោះទៅខាំករបស់នាយផាងរបស់ដល់ស្លាប់ ។ ព្រឹកឡើងគ្រប់គ្នាផ្អើលទៅមើលសាកសពរបស់នាយផាង ហើយក្រុមពួកម៉ាករបស់នាយផាង បានប្រាប់ថា បងស្រីរ័ត្នជាខ្មោច បងស្រីរ័ត្នជាអ្នកសម្លាប់វា ប៉ុន្ដែគ្រប់គ្នាមិនជឿព្រោះឃើញបងស្រីរ័ត្ននៅរស់ជ្រងោៗសោះ ។
លុះស្អែកឡើងនាយប្រុញ ជាដៃគូរបស់នាយផាង បានដឹងខ្លួនថាច្បាស់ជាបងស្រីរ័ត្ននឹងទៅរកវាមិនខាន ទើបសម្រេចចិត្តកុហកប្រពន្ធថាទៅលេងស្រុកកំណើតមួយរយៈ ប្រហែលជាបួនប្រាំថ្ងៃប៉ុណ្ណោះ តែតាមពិតនាយប្រុញបានរត់ទៅនៅវត្ត សុំឲ្យលោកឪជួយធ្វើគាថាការពារខ្លួន ដើម្បីការពារបងស្រីរ័ត្នធ្វើបាបបាន ក្រោយពីបានសម្រេចហើយនាយប្រុញបានត្រលប់មកផ្ទះវិញ ហើយបានទៅបបួលមិត្តភក្ដិពួកភឿន ផឹកទឹកត្នោតជូ នៅឯវាលស្រែក្បែរខ្ទមបងស្រីរ័ត្នទៀត ក្រោយពីផឹកបានមួយសន្ទុះបងស្រីរ័ត្នក៏ទៅរកនាយប្រុញ មែន ប៉ុន្ដែបែរជាធ្វើអ្វីមិនបានព្រោះតែខ្សែកព្រះដែលនាយពាក់ ប៉ៈពេលណាគាត់ក្ដៅពេលនោះ ក្ដៅក្រហល់ក្រហាយ ហើយក៏រលាយបាត់ទៅ នាយប្រុញខំតែសប្បាយចិត្ត មួយសន្ទុះពេលដែលស្រវឹងវ៉ែវ៉ល់ហើយ នាយប្រុញដើរមកផ្ទះវិញហើយស្រែកខ្លាំង ៖
- ខ្មោចអាច់អីទេ ! បើគ្រាន់បើចេញមក អញមិនខ្លាច ហាសហាសហា
ខណៈពេលនោះស្រាប់តែលេចចេញនាងវរល័ក្ខជាមនុស្សស្រីដែលនាយប្រុញស្រលាញ់ដើរមកតាមផ្លូវ ឃើញភ្លាមនាយស្ទុះភ្លែត៖
- អូនល័ក្ខ ម្ដេចក៏ដើរម្នាក់ឯងយប់ព្រលប់បែបនេះ
- អូនមករកបងហ្នឹងណា
- ថាម៉េច! មករកបង ចុះពេលជួបបងនៅឯភូមិម្ដេចក៏ធ្វើឬកសម្ញែងមិនព្រមនិយាយដាក់បង មានតែជេរថាបងជាមនុស្សអាក្រក់ទៀត
- ឲ្យអូនសុំទោស មកពីអូនមិនចង់អ្នកដទៃគេដឹងចិត្ត ខ្លាចគេច្រណែនបង ខ្លាចគេរករឿងបងតើ! អូនចង់ឲ្យយើងទាំងពីរមានឱកាសស្ងាត់ៗតើ បងឯងនេះអត់យល់ចិត្តគេសោះទេអី!
- អូ! អញ្ចឹងទេ ! នាយប្រុញបានឱកាសក៏ចាប់ផ្ដើមអោបនាងល័ក្ខ រួចក៏ថើបនាង នាងក៏ស្រែកឡើង៖
- ស្អីទេបងឯង ពាក់ខ្សែកស្អីទេ ចាក់សាច់អូនឈឺណាស់ ដោះទុកសិនទៅ កុំឲ្យទើសទាល់
ដោយតណ្ហាដល់ក នាយប្រុញដោះខ្សែកចេញ ស្រាប់តែនាងល័ក្ខប្រែក្លាយជាខ្មោចបងស្រីរ័ត្នភ្លាមៗ គាត់ច្របាច់កនាយប្រុញ ហើយនិយាយថា ឯងរំលោភយើងហើយសម្លាប់យើងទៀត ឯងកុំរស់អី ! គាត់រុញនាយប្រុកទៅនឹងដីដំបូក ហើយក៏ឲ្យនាយរំលោភដីដំបូកនោះរហូតដល់ស្លាប់ ។
ក្រោយមកបងស្រីរ័ត្នក៏ប្រាប់រឿងរ៉ាវទាំងអស់ដល់ប្ដីឲ្យបានដឹង នឹងបានសុំលាប្ដី ទៅរកចាប់ជាតិកំណើតថ្មី បងអន្ទិតយំយ៉ាងខ្លាំងស្ដាយស្រណោះប្រពន្ធ និងកូនក្នុងផ្ទៃ មិនគួរណាចាកចេញដោយគ្មានថ្ងៃត្រលប់យ៉ាងនេះសោះ ។ បងអន្ទិតបាននិមន្ដលោកមកសូត្រធម៌បង្សុកូល ឧទ្ទិសកុសលឲ្យវិញ្ញាក្ខន្ធបងស្រីរ័ត្នបានទៅចាប់កំណើតថ្មីនៅឋានថ្មី កុំឲ្យមានវាសនាអភ័ព្វដូចជាតិនេះទៀត ។
ខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាធ្លាប់បានដឹង បានឮខ្លះហើយចំពោះរឿងដើរក្នុងព្រៃ ដែលចាស់ៗតែងតែនិយាយតៗគ្នាថា នៅក្នុងព្រៃតែងតែមានម្ចាស់ព្រៃថែរក្សា ដូចជាអ្នកតាចាស់ស្រុក រុក្ខទេវតា នាងពួន ឬក៏មានព្រាយកាន់ជាដើម ហេតុដូចនេះហើយទើបគាត់ហាមមិនអោយនិយាយអ្វីផ្ដេសផ្ដាស ពាក្យអសុរសជាដើម ឬក៏ការប្រពឹត្តនូវអំពើបាបកម្មផ្សេងៗ សម្លាប់សត្វ សម្លាប់ជីវិតមនុស្ស ប្រមាថកាបទានអ្នកដទៃជាដើម ។
រឿងនេះមានសេចក្ដីថា នៅក្នុងព្រៃជ្រៅមួយចម្ងាយពីផ្លូវជាតិជាង១០ គីឡូម៉ែត្រ គឺមានមនុស្សប្រហែលជា១០គ្រួសារប៉ុណ្ណោះដែលចូលទៅរស់នៅ ហើយក្រោយមកក៏មានអ្នកស្រុកចេញចូលជាហូរហែ ដោយសារតែព្រៃនោះជាតំបន់រ៉ែមាសដ៏សម្បូរបែប គ្រប់គ្នាមិនថាជិតឬឆ្ងាយ បានចូលទៅរកជីករ៉ែងរ៉ែមាសនឹងគេ ។ នីតាជានារីដ៏ស្រស់ស្អាតម្នាក់ ប៉ុន្ដែកើតក្នុងត្រកូលក្រខ្សត់នៅខេត្តកំពង់ធំ នាងបានចេញមកជាមួយម្ដាយនាងមករកមាសនឹងគេ ដោយសារតែឪពុកនាងមានជម្ងឺប្រចាំកាយ ត្រូវការប្អូននាងជួយថែទាំ នៅពេលមកដល់នាងបានជួបខ្ញុំ ជាអ្នកចម្ងាយដែរ ដែលកាលណោះខ្ញុំក៏ទៅរកមាសនឹងគេដែរ និយាយទៅ កាលណោះម្នាក់ៗ បើគិតរឿងស្នេហាបែបគិតមិនចេញទេ ជីវភាពសុទ្ធតែត្រដាបត្រដួសរៀងៗខ្លួន ប៉ុន្ដែការកើតសេចក្ដីស្រលាញ់ពិតជាជាជៀសមិនរួចនោះទេ ។
នៅទីនោះមានបុរសម្នាក់ឈ្មោះ អាឆើត ជាក្មេងកាងនៅតំបន់នោះ គ្រាន់តែឮឈ្មោះ ក៏មើលដឹងដល់ក្រយ៉ៅគូថវាហើយ វាឈ្លើយសម្បើមណាស់ ក្នុងភូមិនោះភាគច្រើនជាមនុស្សផឹក មិនទាន់មានមេភូមិនោះទេ ដោយសារតែទើបមានមនុស្សមករស់នៅ បន្ដិចបន្ដួច ។ នៅពេលវាជួបអូននីតានិងខ្ញុំកំពុងដើរជាមួយគ្នា វាសំលឹងមិនដាក់ភ្នែកនោះទេ ហើយបោះសម្ដីថា ថ្ងៃណាមួយនាងនឹងក្លាយជារបស់វា ។ ការរកមាសនៅទីនោះក៏ពិបាកណាស់ដែរ ដោយសារតែខ្វះទឹកជាខ្លាំង ហើយខ្វះខាតបន្លែដែរ បើសាច់មិនខ្វះទេ សម្បូរណាស់សាច់ព្រៃដែលជាប់អន្ទាក់ តាមទឹកភក់តិចមានត្រី អន្ទង់មិនដាច់ទេ ទើបខ្ញុំនឹងគ្រួសារអូននីតា សម្រេចគ្នាចូលទៅព្រៃជ្រៅដែលល្បីថាសម្បូរមាស មាសធំៗណាស់ បើនរណាមានភ័ព្វនឹងបានដូចបំណង ប៉ុន្ដែព្រៃនោះក៏មានម្ចាស់ព្រៃរក្សាដែរ ។ ក្រោយពីដឹងថាខ្ញុំនឹងអូននីតា ទៅព្រៃនោះ អាឆើតវាក៏តាមទៅដែរ ប៉ុន្ដែដឹងស្រាប់ហើយ មនុស្សទមិឡ វាពិតជាមិនជឿរឿងម្ចាស់ព្រៃនោះទេ ពេលចូលទៅដល់ព្រៃវាបានជេរប្រមាថពួកខ្ញុំ ហើយនិយាយគ្មានម្ចាស់ព្រៃស្អីនោះទេ ស្រាប់តែយប់ឡើងមិនដឹងមូសមកពីណាទេ ឃើញហោះយ៉ាងសម្បើមសំដៅទៅកន្លែងអាឆើតដេក មួយសន្ទុះឮសម្លេងវាស្រែកផ្អើលពេញព្រៃ ស្អែកឡើង អាឆើតចាប់ផ្ដើមក្ដៅខ្លួនញាក់ ខ្ញុំក៏ប្រាប់ថាវាអាចគ្រុនចាញ់ តែវាមិនស្ដាប់ទេ ហើយថែមទាំងប្រមាថរកវាយខ្ញុំទៀតផង ។
ល្ងាចមួយពេលខ្ញុំនិងអូននីតារកមាសបានប្រហែលជា ២ហ៊ុនដែរ ខ្ញុំក៏ផ្ញើអូននីតាយកទៅលក់នៅឯស្រុក ដោយជិះម៉ូតូជាមួយអ្នកក្បែរនោះគាត់ត្រូវទៅលក់ដែរ ឯខ្ញុំនឹងម្ដាយអូននីតានៅជីកបន្ដ ។ អូននីតាចេញទៅពីព្រឹក រហូតដល់ល្ងាចម៉ោងជាង០៦ មិនទាន់ឃើញមកដល់ ខ្ញុំកើតក្ដីបារម្ភណាស់ ព្រោះថ្វីបើម៉ោង០៦ តែព្រៃមើលទៅគឺយប់បាត់ហើយ ខ្ញុំក៏កាន់ចន្លុះអុជបំភ្លឺផ្លូវ (កាលណោះក្រណាស់មិនទាន់មានទូរស័ព្ទប្រើនឹងគេទេ)ខ្ញុំដើរយ៉ាងលឿន បន់ក្នុងចិត្តសូមកុំអោយអូននីតាមានបញ្ហាអ្វីអោយសោះ ដើរបានប្រហែលជា៥ គីឡូម៉ែត្រ ខ្ញុំឮសម្លេងអូននីតាស្រែកអោយជួយ ៖
- ជួយផង! ជួយផង អ្នកណាក៏បានជួយខ្ញុំផង លែងអញ លែងអញភ្លាម
ខ្ញុំស្ទុះមួយទំហឹងរត់រកសម្លេងនោះ ទីបំផុត ឃើញមនុស្សប្រុសម្នាក់កំពុងតែប្រុងបំពានអូននីតា ខ្ញុំមិនគិតច្រើនទេ ស្ទុះដាល់វាមួយដៃអស់មួយទំហឹង វាដាច់ផ្ងារ រួចក៏រត់ តែខ្ញុំស្រវាចុះឡើងចាប់បានអង្កត់ឈើមួយកំណាត់ចោលវាត្រូវក្បាលបែកក្បាល វានៅរត់ទៅបាត់ទៀត ខ្ញុំពិតជាក្ដៅណាស់ ។
អូននីតាស្ទុះអោបខ្ញុំហើយយំសស្រាក់ ខ្ញុំអង្អែលក្បាលអោយក៏នាំនាងត្រលប់មកផ្ទះវិញ ហើយនាងនិយាយរៀបរាប់ថា៖ តាមពិតនាងបានជិះម៉ូតូមកវិញហើយ តែចៃដន្យអីម្ចាស់ម៉ូតូគាត់ថាភ្លេចថង់លុយនៅទូអ្នកទិញមាស ទើបសុំត្រលប់ទៅវិញ អោយខ្ញុំចាំបន្ដិច ដោយសារតែឃើញមេឃនៅភ្លឺទើបខ្ញុំមិនទៅជាមួយ ដល់ពេលចាំយូរពេក ខ្ញុំក៏ដើរ បណ្ដើរៗ ស្រាប់មេឃងងឹតតែម្ដង ស្រាប់តែមានបុរសម្នាក់លបមកពីក្រោយខ្ញុំ ចាប់ខ្ញុំផ្ដួល បម្រុងបំពានលើខ្ញុំ ខ្ញុំខំតតាំងដែរ តែកម្លាំងខ្សោយជាងវា សំណាងហើយដែលបងមកជួយខ្ញុំទាន់ កុំអីខ្ញុំប្រាកដជា........។
- មិនអីទេ! ចាត់ទុកជាស៊យអូនចុះ ចាប់ពីថ្ងៃនេះតទៅ បងនឹងមិនអោយអូនទៅណាម្នាក់ឯងទៀតទេ ។
ស្អែកឡើងខ្ញុំបានឃើញអាឆើត រុំក្បាលនឹងបង់ ខ្ញុំសង្ស័យថាវាជាអ្នកបំពានអូននីតាយប់មិញ តែវានិយាយថាវាស្រវឹងដើរដួលបោកក្បាលនឹងស្ពានទេ ។ ក្រោយមកបានប្រហែលបួនប្រាំថ្ងៃ អាឆើតវាផឹកស្រវឹងទាំងថ្ងៃរួច ក៏ជេរប្រទេចផ្ដាសាម្ចាស់ព្រៃ ប្រមាថគ្រប់បែបយ៉ាង ស្រាប់តែពេលនោះ មានសម្លេងមួយស្រែកហឺស យ៉ាងខ្លាំងខ្ទរព្រៃ ឯអាឆើតវិញ ស្រាប់តែឈប់ជេរ ខ្លួនវាឡើងស្លេកដូចត្រីស្ងោរ ភ្នែកបញ្ឈរឡើងលើ គ្រាប់ភ្នែកប្រែជាពណ៌ស ញ័រកន្រ្តាក់ដៃកន្ដ្រាក់ជើង រួចឆ្លើយសារភាពថាវាជាអ្នកបំពានអូននីតា រួចក៏ស្រាប់តែដៃវាកាច់បំបាក់ឆ្អឹង ផស់ៗ គួរអោយស្រៀវណាស់ នៅទីបំផុត វាមួលកខ្លួនឯងបំបាក់តែម្ដង ។ ហេតុការណ៍ដ៏រន្ធត់នោះពិតជាធ្វើអោយខ្ញុំនិងអ្នកនៅទីនោះចងចាំមិនភ្លេចទេ ហើយក៏នាំគ្នារៀបចំសែនព្រេនថ្វាយម្ចាស់ព្រៃ ហើយក៏ត្រូវបានចាត់តាំងជាភូមិមួយឡើង ហើយតាំងពីពេលនោះមកក៏មិនមាននរណាហ៊ានជេរប្រមាថ ឬធ្វើអំពើបាបកម្មទៀតដែរ ។
“សូមចងចាំថា បើអ្នកមិនជឿ សូមកុំប្រមាថ “
យល់សប្ដិ ឬសុបិន្ដ មនុស្សគ្រប់គ្នាតែងតែមានគ្រប់គ្នា គ្រាន់តែថាមនុស្សខ្លះ យល់សប្ដិល្អ ខ្លះយល់សប្ដិអាក្រក់ប៉ុណ្ណោះ ។ ថ្ងៃនេះខ្ញុំនឹងយករឿងសុបិន្ដចម្លែករបស់បងស្រីធីតា គាត់មានអាយុប្រហែលជាសាមសិបឆ្នាំ រៀងរាល់ថ្ងៃសីលគាត់តែងតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តមិនដែលខានទេ គាត់ជាមនុស្សមាននិស្ស័យនឹងធម៌អារ្យណាស់ហើយគាត់តែងតែសមាទានសីលមិនដែលខាននោះទេ ។ នៅថ្ងៃមួយបងស្រីធីតា បងស្រី គាត់យល់សប្ដិចម្លែក គាត់យល់ឃើញថាបងប្រុសដា ជាអ្នកជិតខាងគាត់នឹងមានគ្រោះថ្នាក់ម៉ូតូបុក នៅម៉ោង១២ថ្ងៃត្រង់ស្អែក គាត់ឃើញស្ដែងៗណាស់ ហេតុនេះហើយព្រឹកឡើង គាត់បានដើរទៅប្រាប់ប្រពន្ធបងដាថា អោយឃាត់បងដាកុំអោយចេញទៅណាអីនៅម៉ោង១២ថ្ងៃត្រង់ ព្រោះគាត់បានយល់សប្ដិឃើញគាត់មានគ្រោះថ្នាក់ នៅពេលដែលនិយាយរួចគ្រួសារបងដាមិនហ៊ានចេញទៅណាទេ ប៉ុន្ដែចៃដន្យអីគ្រូនៅសាលារៀនទូរស័ព្ទប្រាប់ថាកូនស្រីគាត់វត្តី ខ្យល់គ នៅកំពុងតែរៀបចំសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បងដានិងប្រពន្ធដោយភ័យពេក ភ្លេចរឿងដែលបងស្រីធីតាប្រាប់ ក៏រៀបចំខ្លួនទៅមន្ទីរពេទ្យ ក្រោយពីកូនគាត់បានធូរស្រាលហើយ គាត់ក៏នាំត្រលប់មកផ្ទះវិញ មកដល់មុខផ្ទះ ម៉ូតូបងដាក៏បែកកង់មុខ ប្រពន្ធនឹងកូនគាត់នាំគ្នាចុះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បោះពួយពេញមួយទំហឹង មកបុកបងដា បណ្ដាលអោយស្លាប់ទាំងអ្នកបុក ស្លាប់ទាំងបងដា ពេលនោះគឺម៉ោង១២ត្រង់ល្មម ។ ហេតុការណ៍នោះពិតជាគួរអោយតក់ស្លុតជាតក្កមា ប្រពន្ធនិងកូនបងដា យំអោបស្ដាយគាត់ ដោយសារតែភ័យនឹងកូន បែរជាភ្លេចគ្រោះខ្លួន វាហាក់បីដូចជាលឿនពេកហើយ ។
បីថ្ងៃក្រោយមក បងស្រីធីតា បានយល់សប្ដិថានិងមានសត្វព្រៃរត់ចូលស្រុក ហើយនឹងធ្វើអោយមានគ្រោះថ្នាក់ដល់មនុស្សវ័យចំណាស់អាយុ៥០ឆ្នាំប្លាយបីនាក់ បងស្រីធីតាពិតជាមិនអាចបណ្ដោយអោយរឿងនេះកើតឡើងម្ដងទៀតទេ គាត់ក៏បានទូរស័ព្ទប្រាប់ ចាស់ៗ ដែលមានអាយុចាប់ពី៥០ឆ្នាំឡើង កុំអោយដើរចេញទៅណា ចៃដន្យអីថ្ងៃនោះ ជាថ្ងៃឧបោសថសីលទៀត សូម្បីតែបងស្រីធីតាក៏ត្រូវទៅវត្តដែរ គាត់ភ័យព្រួយណាស់ គាត់នៅក្នុងវត្តបានហាមឃាត់ សុំមិនអោយអ្នកមានអាយុ៥០ឆ្នាំឡើង ចេញពីវត្តទេ រង់ចាំអោយកូនចៅមកទទួល ខណៈកំពុងតែហូបបាយថ្ងៃត្រង់រួច ស្រាប់តែគ្រប់គ្នាផ្អើលឈូរ ថាមានសត្វព្រៃមួយក្បាលរត់ចូលវត្ត ដោយចោមរោមមើល បងធីតាគិតថាប្រហែលជាសត្វឈ្លូស ហើយមើលទៅ គាត់ក៏ដើរសំដៅទៅកាន់ហ្វូងមនុស្ស ស្រាប់តែឃើញសត្វនោះជាជ្រូកព្រៃដែលរងរបួសទៅវិញ ។ ឃើញស្ថានភាពបែបនេះបងស្រីធីតានឹកឃើញដល់រឿងយល់សប្ដិ គាត់ក៏ស្រែកហៅមនុស្សចាស់ឡើងលើសាលាឆាន់ ប៉ុន្ដែគ្មាននរណាស្ដាប់គាត់ឡើយ គាត់ក៏រត់ទៅពិតទូលព្រះចៅអធិការវត្ត ដើម្បីសុំអោយជួយ ។ ក្រោយស្ដាប់រឿងរ៉ាវរួច លោកចៅអធិការវត្តក៏គោះជួង ហៅយាយៗតាៗឡើងលើ សាលាឆាន់ជាបន្ទាន់ថាមានរឿងចង់ប្រាប់ គ្រប់គ្នារួសរាន់ឡើងតាម ប៉ុន្ដែលោកយាយម្នាក់វ័យជរាជាងគេ ដើរមិនទាន់គេ ស្រាប់តែត្រូវជ្រូកព្រៃនោះរត់មកបុក ខ្វេះពោះ ខ្វះមុខ បណ្ដាលអោយបាត់បង់ជីវិតទៅ ហើយវាក៏រត់ចូលព្រៃវិញបាត់ គ្រប់គ្នាក៏នឹកដល់សម្ដីបងស្រីធីតាដែលបានប្រាប់ ទើបនាំគ្នាសុំទោសដល់បងស្រីធីតា ។
ក្រោយហេតុការណ៍នោះបងស្រីធីតា បានចូលសួរព្រះចៅអធិការវត្ត អោយជួយមើលអោយហេតុអី្វបានជាគាត់មើលរឿងទាំងអស់នេះទៅវិញ ។
ព្រះចៅអធិការវត្តបានប្រមើលមើល និងបានមានសង្ឃដីកាថា “ ពីអតីតជាតិបងស្រី គឺជាមនុស្សអភ័ព្វណាស់ ប៉ុន្ដែដោយសារតែបានជួយមនុស្សពិការភ្នែកម្នាក់ ទើបកុសលផលបុណ្យជាតិនេះ បានជួយអោយបងស្រីអាចមើលឃើញហេតុការណ៍មុន ដើម្បីសង្គ្រោះម្ចាស់កម្មពៀរដែលបានធើ្វបាបមនុស្សពិការភ្នែកនោះ “ អ្នកដែលបានជួបគ្រោះថ្នាក់ សុទ្ធតែបានជំពាក់កម្មពីជាតិមុនមក” ។ ពេលវេលាដែលត្រូវសងកម្មនោះ វាអាស្រ័យថា តើនរណាបានសាងកម្មច្រើន ឬតិចប៉ុណ្ណោះ ដូចនេះញោមកុំបារម្ភអី អ្វីគ្រប់យ៉ាងជាអនិច្ចំ សូមរក្សាការសន្សំកុសលរបស់ញោមបន្ដទៀតទៅចុះ ។
អស់ពេលជាច្រើនខែកន្លងទៅ បងស្រីធីតាតែងតែទៅធ្វើបុណ្យនៅតាមវត្តនានា មិនថាជិត ឬឆ្ងាយ ការដាក់ទានអោយអ្នកទាំងពួង ជាពិសេសអ្នកខ្វះខាត ក្មេងកំព្រា រហូតដល់ថ្ងៃ១៥កើត ជាថ្ងៃសីល បងស្រីធីតា បាននាំគ្រួសារបងដាទៅវត្ត និងដើម្បីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ដរបស់បងដាផងដែរ នៅពេលទៅដល់វត្តបានជួបជាមួយព្រះចៅអធិការវត្ត បងដាភ្ញាក់ព្រើតឡើង ហើយក៏បានប្រាប់ថា រូបគាត់ធ្លាប់យល់សប្ដិឃើញព្រះចៅអធិការវត្តដែរ ប៉ុន្ដែមិនមែនជាភេទអ្នកបួសទេ គឺជាគ្រហស្ថដែលពិការភ្នែកមានខោអាវរហែករយ៉ីរយាកខ្លាំងណាស់ មកដល់ចំណុចនេះ បងស្រីក៏សូម ខមាលទោសពីព្រះចៅអធិការវត្ត និងសុំអោយលោកជួយបំភ្លឺរឿងនេះដែរ ។
ដោយសារតែឱកាសមកដល់ ព្រះចៅអធិការវត្តក៏អោយញោមទាំងពីរអង្គុយចុះ លោកក៏ធ្វើវិបស្សនាញាណឃើញកាលពីអតីតជាតិ រួចរៀបរាប់ថា៖
ចូរញោមទាំងពីរស្ដាប់ តាមញាណដែលអាត្មាឃើញ កាលពីជាតិមុន អាត្មាឈ្មោះសុខ គឺជាក្មេងកំព្រាដែលឪពុកម្ដាយស្លាប់ចោលតាំងពីនៅតូច គឺមានលោកយាយម្នាក់យកអាត្មាទៅចិញ្ចឹមនៅវត្ត ដើម្បីរៀនសូត្រនឹងគេ ក្រោយមកពេលអាត្មាអាយុ១០ឆ្នាំ នៅពេលអាត្មាមកពីបិណ្ឌបាត្រជាមួយព្រះចៅអធិការវត្ត ញោមប្រុសសុភ័ក្រ(ញោមដាជាតិនេះ) បានឃើញអាត្មា ហើយបានសើចឡកឡឺយដាក់អាត្មា ថាជាកូនគ្មានម៉ែឪ រស់នៅដោយសារតែបាយអ្នកស្រុក ហើយនៅថ្ងៃមួយអាត្មាបានឃើញញោមសុភ័ក្រ ធ្វើការបំពានលើនារីម្នាក់ ហើយបានសម្លាប់នាងចោលទៀត អាត្មាភ័យណាស់ក៏រត់ចេញ តែត្រូវញោមសុភ័ក្រ ប្រទះឃើញហើយក៏ចាប់ខ្វះភ្នែកទាំងគូ ហើយគម្រាមថាបើអាត្មានិយាយរឿងនេះប្រាប់អ្នកដទៃ គាត់នឹងសម្លាប់អាត្មាចោល ។ ក្រោយពីពិការភ្នែកហើយ អាត្មាត្រូវបានញោមស្រីលក្ខិណា(បងស្រីធីតាជាតិនេះ) បានជួយចិញ្ចឹមថែរក្សា ទំនុកបំរុង រហូតដល់អាត្មាអាយុ២០ឆ្នាំ ក៏ត្រូវបានមនុស្ស៣នាក់ទៀត បានបោកបញ្ឆោតអាត្មាយកអាត្មាទៅលក់ និងនៅទីបំផុត អាត្មាត្រូវគេសម្លាប់នៅពេលដែលអាត្មាធ្វើការអោយគេមិនបាន នៅចុងបញ្ចប់នៃជីវិត អាត្មាបានដាក់បណ្ដាសារនិងចងគំនុំអ្នកទាំងនោះគ្រប់ជាតិ ។ ដោយហេតុតែឃើញពីអតីតជាតិនេះហើយ ទើបអាត្មាបួស ដើម្បីបំពេញកុសលដែលអាត្មាខ្វះកាលពីជាតិមុន បំពេញកុសលជូនម្ចាស់កម្មពៀរពីជាតិមុន អាត្មាបានឧហោសិកម្មអោយអ្នករាល់គ្នាហើយ សូមតែញាតិញោមខិតខំបំពេញកុសលអោយបានទៀងទាត់ ចូរចាំថាយើងមិនអាចមើលឃើញជាតិមុន ឬជាតិក្រោយទេ សំខាន់នាពេលបច្ចុប្បន្នក្នុងជាតិនេះ គួរខិតខំសាងអំពើល្អ កុសលនឹងជូនទៅអ្នកទាំងអស់គ្នាក្នុងបរលោកខាងមុខ ។
ក្រោយពីបានស្ដាប់រឿងរ៉ាវទាំងឡាយបានយល់សព្វសេចក្ដីហើយ បងស្រីធីតា និងប្រពន្ធបងដា ក៏ថ្វាយបង្គំលាព្រះចៅអធិការ និងបានព្យាយាមធ្វើបុណ្យបំពេញកុសល ដែលខានឡើយ ។
“ធម្មទានំ សព្វទានំ ជានាតិ”
ធម្មទានជាទានដ៏ប្រសើរក្រៃលែង លើសអស់ទានទាំងពួង ។
ក្នុងយប់ដ៏សែនស្ងាត់មួយ បងឈុំនិងភរិយាកំពុងតែជិះកង់ឌុបគ្នាចេញពីចំការស្វាយចន្ទី ដើម្បីមកដើរលេងនៅទីរួមខេត្ត ប្ដីប្រពន្ធគាត់ក្រណាស់ ក្រោយរៀបការរួចពុំមាន ទ្រព្យកេរ្ដិ៍អាករដូចអ្នកដទៃទេ គាត់ធ្វើជាអ្នកចាំយាមចំការអោយគេពីរនាក់ប្ដីប្រពន្ធ គ្រាន់នឹងបានលុយចិញ្ចឹមជីវិត ។ យប់នេះនៅទីរួមខេត្តមានកម្មវិធីប្រគុំតន្រ្តី ម្យ៉ាងម្ចាស់ចំការក៏បាននាំកូនចៅទៅដេកលេងចំការ ទើបគាត់សុំសម្រាកមួយថ្ងៃនាំប្រពន្ធដើរលេងម្ដង ម្ចាស់ចំការបានអោយលុយលើកទឹកចិត្តចំពោះភាពស្មោះត្រង់ នឹងការងារ ចំនួន ២០ម៉ឺនរៀល ។ គាត់សប្បាយចិត្តណាស់ ក៏បបួលប្រពន្ធទៅដើរលេងនឹងគេម្ដង តាមមើលពិតជាសប្បាយចិត្តណាស់ ព្រោះមានកម្មវិធីប្រគុំតន្រ្តី មានក្រុមតារាចំរៀងល្បីៗប្រចាំប្រទេសផង ម្យ៉ាងតាំងពីចាប់ដៃគ្នាមក គាត់មិនដែលបាននាំប្រពន្ធដើរលេងអោយសប្បាយចិត្តម្ដងនោះទេ ដោយម្ង៉ៃៗ រវល់តែប្រឹងប្រែងធ្វើការងារ ដើម្បីចិញ្ចឹមជីវិត ។
ក្រោមឈុតខោអាវកំផ្លេ ពណ៌លឿងមានផ្កាក្រហមតិចៗ បងស្រីណារី ពិតជាស្អាតណាស់ មើលទៅស្មានថានៅក្រមុំផង បានប្ដីសម្លឹងញញឹមមិនដាក់ភ្នែកបែបនេះ បងស្រីណារីអៀនមុខក្រហម ហើយពោលថា៖
- ថីបងឯង ! បានជាមើលខ្ញុំមិនដាក់ភ្នែកសោះ
- គឺឃើញប្រពន្ធបងស្អាតពេកហ្នឹងណា មិនគួរអូនមកលំបាកជាមួយបងទេ
- ម៉េចបងឯងគិតអញ្ចឹង! ជីវិតគូគឺបែបនេះឯង យើងមិនអាចមើលឃើញអនាគតទេ មិនប្រាកដថាយើងក្របែបនេះមួយជីវិតឯណា អោយតែយើងប្រឹងប្រែង គង់តែនឹងបានធូរធារដូចគេទេ ។
- ណ្ហើយ! កុំគិតរឿងហ្នឹងអី តោះឡើងកង់មកប្ដីឌុបដើរលេង (បងស្រីណារីញញឹមខ្ចឹបឡើងជិះកង់ អោយចង្កេះប្ដីយ៉ាងស្អិត មើលទៅគួរអោយច្រណែនណាស់)
ខណៈពេលដែលកំពុងតែជិះកង់បានប្រមាណជា ៣គីឡូម៉ែត្រ នៅក្បែរដើមចំបក់ធំមួយ ស្រាប់តែមានខ្យល់យ៉ាងខ្លាំងបក់មក ប្រៀបដូចខ្យល់កួច បងឈុំ ក៏ឈប់កង់ រួចប្រាប់បងណារី ៖
- អូនបានឃើញដូចបងអត់? បងឃើញមានខ្យល់យ៉ាងខ្លាំងចេញពីគល់ដើមចំបក់នោះ ។
- ឃើញតើ ! តើមានរឿងអីមែនបង?
- បងមានអារម្មណ៍ថាដូចមិនសូវស្រួលទេ ដូចជា.....
- បានហើយបងកុំគិតច្រើនអី កុំខ្វល់អី តោះយើងប្រញាប់ចេញទៅ
ពេលបងឈុំគាត់ចេញទៅ ខ្យល់កួចនោះបានបោកមកលើគាត់ទាំងពីរនាក់យ៉ាងខ្លាំង តែបងឈុំគាត់ខំទប់ រួចក៏ឆ្លងផុតទៅ ។ យប់នោះគាត់ទាំងពីរនាក់សប្បាយចិត្តណាស់ ដើរលេងមើលគេមើលឯង ហើយហូបរបស់ឆ្ងាញ់ៗជាច្រើន ហើយក៏មិនភ្លេចពេលត្រលប់មកវិញទិញរបស់បន្ដិចបន្ដួចមកផ្ញើម្ចាស់ចំការដែរ ប៉ុន្ដែគាត់មិនបានដឹងថាម្ចាស់ចំការបានមកលេងដែរទេ ពេលត្រលប់ទៅវិញជួបគ្នានៅតាមផ្លូវគាត់ក៏ជួបជាមួយម្ចាស់ចំការ ពួកគាត់ក៏ជជែកគ្នាលេងទៅវិញទៅមក មួយសន្ទុះគាត់មានអារម្មណ៍ថាហាក់បីដូចជាមើលមិនឃើញផ្លូវទៅចំការវិញ គាត់និងម្ចាស់ចំការបែរជានៅក្នុងព្រៃឬស្សីដ៏ក្រាស់ទៅវិញ ពេលនោះគាត់បានដឹងថាប្រាកដជាមានបញ្ហាហើយ ប្រពន្ធគាត់ ម្ចាស់ចំការភិតភ័យណាស់ ព្រោះគាត់ជាប់កូនតូចមកជាមួយ គាត់ខ្លាចមានបញ្ហាដល់កូនគាត់ ខណៈដែលគ្រប់គ្នាកំពុងតែភ័យព្រួយ ស្រាប់តែលេចស្រមោលអណ្ដាតភ្លើងយ៉ាងធំពណ៌ក្រហមឆ្អៅ ហោះសំដៅមករកគាត់ ម្ចាស់ចំការគាត់ភ័យពេករត់មិនរួច បងឈុំក៏ស្ទុះទៅទាញគាត់ចេញ ភ្លើងនោះក៏ហោះបុកឬស្សី តែបែរជាមិនឆេះសោះ បន្ទាប់មកក៏លាន់សម្លេងសើចយ៉ាងខ្លាំងខ្ទរពេញត្រចៀកគ្រប់គ្នា បងស្រីណារីបាននាំប្រពន្ធម្ចាស់ចំការទៅពួន ឯបងឈុំនិងម្ចាស់ចំការបាននាំគ្នានៅតតាំងជាមួយភ្លើងនោះ បងឈុំក៏ឧទានឡើង៖
- ណែ! តើឯងមកពីខាងណា ហើយយើងមានជំពាក់អ្វីឯងបានជាឯងមកធ្វើបាបពួកយើង ប្រាប់មក (តែភ្លើងនោះបានហោះសំដៅយ៉ាងលឿនមករកគាត់ គាត់ក៏គេចយ៉ាងរហ័ស ហើយភ្លើងនោះក៏ហោះបុកម្ចាស់ចំការមួយទំហឹង បណ្ដាលឲ្យគាត់ដួលទៅនឹងដៃ មុខឡើងខ្មៅ ភ្នែកបាត់ប្រស្រីអស់ ឃើញស្ថានភាពមិនស្រួល បងឈុំ ក៏លុតជង្គង់លើកដៃប្រណម បិទភ្នែកបួងសួងដល់អស់រុក្ខអារក្សទេវតាម្ចាស់ព្រៃជួយ ៖
- បពិត្រអស់លោកអ្នកមានបុណ្យ អ្នកមានបារមី សច្ចំបង់បត់នៅក្នុងដែនដីនេះ សូមមេត្តាជួយប្រោសសត្វដែលមិនដឹងអីនេះផង បើសិនជាពួកកូនចៅមានជាប់មាត់ជាប់ក សូមលោកបង្ហាញផ្លូវ ដើម្បីឲ្យកូនចៅសុំខមាលទោស ព្រោះកូនចៅឆោតល្ងង់ណាស់ ។
រួចគាត់ក៏សូត្រនមោ ៣ចប់ រួចក៏នឹកឃើញដល់គុណបុណ្យព្រះរតនត្រ័យ គុណឪពុកម្ដាយ ទីបំផុតគ្រប់យ៉ាងក៏បានរួច ភ្លើងនោះក៏រលាយបាត់ បងឈុំក៏ប្រញាប់នាំម្ចាស់ចំការទៅរកគ្រូខ្មែរជួយស្ដោះ ដោះអំពើភ្លើងព្រាយនោះចេញ រួចក៏រៀបរណ្ដាប់អោយលោកគ្រូខ្មែរជួយទាយមើលពីមូលហេតុដែលភ្លើងព្រាយនោះតាមធ្វើបាប ។ លោកគ្រូក៏អង្គុយសមាធិស្មឹងស្មាធមួយសន្ទុះ ក៏ប្រាប់វិញថា ភ្លើងនោះជាភ្លើងព្រាយនៅដើមចំបក់នៅក្បែរចំការនោះឯង កាលដែលភ្លើងនោះមកតាមធ្វើបាបធ្វើតែម្ចាស់ចំការធ្លាប់បានសន្យាថានឹងសែនព្រេនអោយគេ នៅពេលផលចំការបានច្រើនចំណេញ សុំអោយអារុក្ខអារក្ខតាមជួយថែរក្សា ព្រាយនោះជាអ្នកតាមថែរក្សាដែរ ប៉ុន្ដែក្រោយមកម្ចាស់ចំការនោះបែរជាមិនឃើញសែនព្រេនឲ្យសោះ ដូចនេះទើបគេមកទារយកវិញ ។
ក្រោយពីម្ចាស់ចំការបានដឹងខ្លួនវិញ បងឈុំបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់គាត់ ម្ចាស់ចំការក៏រៀបចំរណ្ដាប់សែនព្រេន មាននិមន្ដព្រះសង្ឃបង្សុកូលឧទ្ទិសកុសលអោយព្រាយនោះ ដើម្បីបានចាប់ជាតិជាថ្មី ហើយដើម្បីអរគុណពីសណ្ដានចិត្តរបស់បងឈុំ ម្ចាស់ចំការបានសុំបងឈុំធ្វើជាបងធម៌ និងបានចែកដីចំការនោះទៅឲ្យបងឈុំធ្វើការដាំដុះ ចាប់តាំងពីពេលនោះមក បងឈុំក៏បានបែ្រក្លាយជីវភាពបានធូរធាររហូតមកដល់សព្វថ្ងៃនេះ ។