សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Tuesday, June 30, 2020

រឿងទន្សាយគល់



រឿងនេះបានកើតឡើងនាយប់ថ្ងៃមួយ នៅពេលបងដារី និងអ្នកភូមិ២នាក់ទៀត ចេញ​ទៅឆ្លុះកង្កែប ព្រោះមេឃថ្ងៃនោះដូចជាភ្លៀងខ្លាំងគ្រាន់បើដែរ បងដារីគាត់សង្ឃឹមថា នឹងមានកង្កែបចេញច្រើនហើយ មើលទៅ គាត់ក៏ប្រដាប់ទៅដោយស្នាតេះ និងចំពាមកៅស៊ូ ។ ពិតជាដូចបំណងមែន ដោយសារតែជាព្រានដៃចំណានផង គាត់បាញ់កង្កែប     មួយៗ មិនសូវជាខុសទេ គាត់បានច្រើនគួរសមដែរ ក្នុងខណៈពេលដែរគាត់ប្រុងនឹងត្រលប់មកផ្ទះវិញទៅហើយ ស្រាប់តែគាត់ឃើញស្រមោលមួយលោតផ្លោតៗ យ៉ាងលឿន គាត់ក៏ហៅគ្នាគាត់ហើយរត់ដេញតាមយ៉ាងលឿនតាមទិសដៅស្រមោលដែលលោតនោះ គាត់ដេញតាមព្រោះ គាត់ដឹងច្បាស់ថាជាទន្សាយធំមួយ ។ លុះដេញតាមមកដល់គុម្ពោតព្រេចបងដារីនិងក្រុមគាត់ក៏លបៗ អង្គុយរួចទាញត្រៀមស្នាដើម្បីបាញ់ នៅពេលគាត់តម្រង់ទៅ គឺទន្សាយគល់ពណ៌ប្រផេះធំមួយ អីយ៉ាវាធំចង់ប៉ុនកូនជ្រូកមួយដែរ ស្នូរកេះកៃស្នាលាន់សូរផេស គ្រាប់ព្រួ​ញបាញ់តម្រង់ចំទន្សាយនោះ ស្លាប់មួយរំពេច បងដារីសប្បាយចិត្តណាស់ ក៏លើកទន្សាយនោះមកផ្ទះ ។​ មកដល់ផ្ទះបងដារីក៏ស្រែកប្រាប់ប្រពន្ធ៖
អូនអើយ! ថ្ងៃនេះបានឆ្ងាញ់មាត់ហើយ បងបាញ់បានទន្សាយគល់ធំមួយ អូនមើលនែ៎!
យី! បង ឯណាទន្សាយ មិនឃើញផងហ្នឹង ចេះមកកុហកទៀត ហើយបងឯងបានត្រីស្អុយងាប់មកពីណា ស្អុយដង្កូវចោះហើយ ចេះយកមកទៀត
យីអើ! មែនតើ! ចុះទន្សាយអំបាញ់មិញទៅណាហើយ ចម្លែកណាស់ សង្ស័យខ្មោចលងទេដឹងនេះ ណ្ហើយ! បងបានកង្កែបច្រើនដែរ អូនធ្វើកង្កែបបោកទៅ ត្រីនេះវិញ បោះចោលទៅ ស្អែកបងនឹងយកទន្សាយអោយអូនទាល់តែបានចាំមើលទៅ ។
នៅយប់ស្អែក បងដារីចេញទៅម្នាក់ឯង ដោយខឹងចិត្តនឹងទន្សាយនោះ គាត់ចង់សម្លាប់វាដោយផ្ទាល់ដៃម្ដងទៀត គាត់ក៏ធ្វើដំណើរទៅកន្លែងចាស់ ស្រាប់តែឃើញទន្សាយនោះ នៅកន្លែងដដែលទៀត គាត់ក៏ទាញស្នាម្ដងទៀត បាញ់សំដៅទៅលើទន្សាយនោះ តែខុស ទន្សាយនោះក៏លោតទៅ គាត់ក៏ដេញតាមទន្សាយនោះ រហូតដល់ព្រៃជ្រៅ ស្រាប់តែវាឈប់ស្ងៀមនៅលើដំបូកមួយ គាត់ក៏ទាញស្នាម្ដងទៀត តម្រង់ទៅចំក្បាលរបស់វា បណ្ដាល អោយវាប្រកាច់ដេកស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។ បងដារីសើច៖ ម៉េចអាហែង ងាប់ឬមិនងាប់ ឥលូវនេះ គាត់ក៏ចាប់លើកទន្សាយនោះឡើង ស្រាប់តែបែរក្លាយជាក្បាលខ្មោចទៅ បងដារីលាន់មាត់៖ យី! ម៉េចទៅជាក្បាលខ្មោចវិញ ឯណាទន្សាយ។ គ្រាន់តែថាប៉ុណ្ណេះ ស្រាប់តែទន្សាយដ៏ធំមួយប៉ុន្ដែសត្វជ្រូក តែមានតែមាត់ សើចយ៉ាងឮដាក់គាត់ ហេស! ហេស! ហេសៗៗៗ បងដារីទម្លាក់ស្នាចេញ រត់ដោយគ្មានងាកក្រោយនោះទេ ប៉ុន្ដែរត់ចុះរត់ឡើងនៅកន្លែងដដែល មុខគាត់ភ័យឡើងញ័រមាត់ សក់ក្បាលបះច្រូង បបូរមាត់ឡើងស្លេក គាត់ព្យាយាមរត់ជាច្រើនលើកច្រើនសា តែនៅកន្លែងដដែល ដោយអស់កម្លាំងផង គាត់ក៏ដាក់គូថអង្គុយនៅទីនោះ លែងរត់ ទោះបីជារត់ក៏រត់លែងរួចដែរ ក្រោយមកឮសូរសម្លេង ស្រឹប!ស្រឹបៗ មកកាន់តែជិតគាត់ ឯទន្សាយនោះក៏បាត់ទៅ បែរជាលេចចេញរូបរាងពស់ដ៏ធំមួយ មានសក់វែងរំសាយដូចមនុស្សស្រីអញ្ចឹង កំពុងលៀនអណ្ដាតព្រែករបស់វា ថ្លែនៗៗ មករកបងដារី វាក៏បុកបងដារីនឹងក្បាលវាមួយទំហឹង គាត់ក៏សន្លប់បាត់ស្មារតីទៅ ។
ដោយសារតែចម្លែកចិត្ត បាត់ប្ដីគាត់យូរពេក ប្រពន្ធបងដារីក៏ទៅរកមិត្តភក្ដិបងដារី ដើម្បីទៅជួយរក ប្រពន្ធគាត់បានប្រាប់ពីរឿងរ៉ាវដល់ក្រុមអ្នករុករក ។ គ្រប់គ្នាបានទៅរកនៅកន្លែងដែលបានបាញ់ទន្សាយនោះ ក៏មិនឃើញទើបបន្ដតាមរហូតដល់ដំបូកមួយ ឃើញបងដារីកំពុងសន្លប់ដេកនៅលើដំបូកនោះ គ្រប់គ្នាជួយគ្រាគាត់មកផ្ទះវិញ ប៉ុន្ដែដំបូកដែលគាត់សន្លប់លើនោះ បែរក្លាយទៅផ្នូរខ្មោច ដែលដុះស្មៅក្រាស់ទៅវិញ ។ ពេលមកដល់ផ្ទះ ប្រពន្ធបងដារីក៏ទៅនិមន្ដលោកឪ អោយមកជួយប្រោះព្រំ បំបាត់ការភ័យខ្លាច ទើបបងដារី បានដឹងខ្លួនវិញ ។ លោកឪបានមានសង្ឃដីកាថា៖ ប្រហែលជាបងដារីមានជំពាក់កម្មពីជាតិមុន ទើបជាតិនេះម្ចាស់បំណុលកម្មមកតាមចងពៀរ ដូចនេះចាប់ពីថ្ងៃនេះតទៅ សូមឈប់សម្លាប់សត្វ ហើយព្យាយាមធ្វើបុណ្យអោយបានច្រើន និងកុំភ្លេចឧទ្ទិសកុសល ទៅដល់ម្ចាស់កម្មពៀរទាំងនោះផង ។

Sunday, June 21, 2020

រឿងខ្មោចនាំផ្លូវ



រឿងទី២ ខ្មោចនាំផ្លូវ
ខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតធ្លាប់បានឮរឿងនេះពីចាស់ៗ ឬអ្នកដែលត្រូវខ្មោចនាំផ្លូវទៅទីកន្លែងដែលយើងមិនស្គាល់ ហើយយើងមិនដឹងខ្លួនទៀតផង ។ រឿងនេះជារឿងរ៉ាវរបស់​បងប្រុសសុផុន ថ្ងៃនោះជាថ្ងៃដែលគាត់ចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅរាជធានីភ្នំពេញ គាត់ចាកចេញទាំងទឹកមុខក្រៀមក្រំ ព្រោះមិនដឹងអាចមានភ័ព្វវាសនា នឹងជាប់បានការងារធ្វើនឹងគេអត់ទេ ក្នុងភូមិគាត់ភាគច្រើន គេទៅធ្វើការរោងចក្រ ខ្លះទៀតធ្វើការកាស៊ីណូ ប៉ុន្ដែគេជាមនុស្សស្រីមានសម្រស់ស្អាតៗ ងាយរកការងារណាស់ ប្លែកតែគាត់ទេ មិនសូវស្អាត មិនសូវចេះមាត់ក ប៉ុន្ដែ ជីវភាពបង្ខំហើយ មានតែសម្រេចចិត្តទៅ ។ ខណៈដែលឡានក្រុងឈប់សម្រាកតាមផ្លូវ គេគ្រប់គ្នាដើរទៅហាងបាយដែលនៅខាងមុខ ប្លែកអីតែបងសុផុន គាត់បែរជាឆ្លងផ្លូវទៅហាងមួយទៀតដែលនៅទល់មុខនោះ ព្រោះគាត់ឃើញកន្លែងនោះមនុស្សមិនសូវច្រើន ប៉ុន្ដែអ្នកជិះឡានទាំងអស់បែរជាគិតថាគិតប្រហែលជាអ្នកស្រុកភូមិដែលទំលាប់ទៅហើយ ទើបដើរទៅរកព្រៃដើម្បីដោះទុក្ខសត្វ ព្រោះគ្រប់គ្នាដឹងថានៅទល់មុខនោះមិនមានហាងឯណាទេ គឺមានតែព្រៃប៉ុណ្ណោះ អញ្ចឹងបានន័យបងសុផុនកំពុងតែមានបញ្ហាហើយ ។
ក្រោយពីដើរចូលហាងនោះរួច បងសុផុនបានជួបនឹងនារីម្នាក់ នាងមានសម្រស់គួរអោយទាក់ទាញណាស់ នាងបានអង្គុយរួមតុជាមួយនឹងបងសុផុន រួចក៏សួរនាំបងសុផុនខ្លះៗ ៖
បងប្រុសៗ ! បងប្រុសទៅណាដែរ
បាទ! ខ្ញុំទៅភ្នំពេញ គិតថានឹងរកការងារធ្វើនឹងគេ ព្រោះនៅឯស្រែ ស្រូវក៏មិនសូវល្អទៀត គិតថានឹងបានការងារបន្ថែមជួយសម្រាលពុកម៉ែខ្លះ
បងប្រុស! ពិតជាកូនល្អមែន ខុសពីខ្ញុំ ប៉ាម៉ាក់មាន តែខ្ញុំគិតថានឹងចេញរកស៊ីខ្លួន ដោយមិនពឹងពួកគាត់ទេ
ម៉េចក៏អញ្ចឹង ចែគិតអញ្ចឹងមិនត្រូវទេ! បើខ្ញុំវិញ ខ្ញុំនឹងនៅជិតលោកអ្នកមានគុណហើយ ខ្ញុំមិនប្រាថ្នាចាកចេញពីស្រុកទៅធ្វើការនៅស្រុកឆ្ងាយនោះទេ ហោចណាស់ក៏យើងអាចនៅមើលថែទាំបាយទឹកអោយគាត់ដែរ
ខ្ញុំមិនអាចល្អដូចបងប្រុសទេ មនុស្សម្នាក់ៗ​ចិត្តខុសគ្នា
ខណៈដែលកំពុងតែនិយាយគ្នា ស្រាប់តែមានឡានដឹកថ្មមួយបានបើកយ៉ាងលឿនហើយ ក៏មកជ្រុលបុកចូលហាង បុកត្រូវនារីម្នាក់នោះ ឯបងសុផុនគេចផុត  គ្រាន់តែឃើញបែបនេះ បងសុផុន ប្រឹងស្រែកហៅអ្នកជិតនោះអោយជួយ តែហាក់បីដូចជាគ្មាននរណាម្នាក់ចាប់អារម្មណ៍សោះ ខណៈដែលគាត់កំពុងតែលើកបីរាងកាយនារីនោះ ស្រាប់តែជុំវិញខ្លួនគាត់ ប្រែជាព្រៃដ៏ក្រាស់ បាត់ហាងបាត់អីអស់ នៅចំពោះមុខគាត់បែរជាឃើញផ្នូរដែលដាក់រូបថត និងឈ្មោះនារីដែលគាត់បាននិយាយជាមួយ ស្លាប់ជាង៣ឆ្នាំមកហើយ ចំណែកឯសាកសពដែលគាត់កំពុងបីប្រែក្លាយជាតុក្ដតាខ្លាឃុំមួយទៅវិញ ។ ឃើញបែបនេះបងសុផុន តក់ស្លុតជាខ្លាំង ក៏រត់ស្រែកអោយគេជួយ ប៉ុន្ដែគាត់រត់យ៉ាងណាក៏មិនផុតពីព្រៃនោះដែរ ខណៈដែលគាត់កំពុងតែរត់ស្រាប់ជួបមនុស្សចាស់ម្នាក់ គាត់ក៏សួរ៖
អ៊ំៗ ៗ ស្គាល់ផ្លូវចេញពីព្រៃនេះទេ ! ខ្ញុំត្រូវខ្មោចលង ! នាំខ្ញុំមកវង្វេងនៅទីនោះ (ស្រាប់តែក្បាលអ៊ំប្រុសនោះធ្លាក់ពីស្មាក្ដុក បងសុផុន ស្រែក៖ ពុទ្ធោ! ពុទ្ធោ ព្រៃនេះសុទ្ធតែខ្មោចតើ កុនហើយខ្ញុំ គាត់ប្រឹងរត់ផង ស្រែកផង ឡើងភ្លាត់សំលេង ស្រាប់តែមានសម្លេងមួយហៅគាត់ពីចម្ងាយ៖
ញោមប្រុសៗ ៗ ឈប់សិន! ស្ដាប់អាត្មាសិន
ទេ! ទេ! ខ្ញុំមិនស្ដាប់ សង្ស័យតែជាខ្មោចទៀតក៏មិនដឹង
ទេញោមប្រុស ញោមធ្វើអារម្មណ៍អោយស្ងប់ ហើយមកជិតអាត្មាមក អាត្មានឹងនាំញោមចេញពីទីនេះ
ដោយឮថាព្រះសង្ឃអង្គនេះនាំចេញពីព្រៃ បងសុផុន ក៏ដើរលបៗយឺតៗទៅរកព្រះសង្ឃអង្គនោះ ដោយខ្លាចជាខ្មោចទៀត នៅពេលទៅដល់ព្រះអង្គបានមានសង្ឃដីកាថា” ញោមប្រុស! ញោមគឺត្រូវខ្មោចតៃហោងនៅទីនេះលងបន្លាចហើយ កាលពីបីឆ្នាំមុន នៅទីនេះមានហេតុការណ៍ដ៏រន្ធត់មួយ គឺមាននារីម្នាក់ត្រូវបានឡានដឹកថ្មបុក ខណៈនាងកំពុងតែឈរនិយាយទូរស័ព្ទនៅក្បែរផ្លូវ ហេតុនេះហើយ ព្រលឹងរបស់នាងនៅតែលតោលរង់ចាំមានគេធ្វើបុណ្យកុសលជូននាង ញោមប្រហែលជាមាននិស្ស័យនិងនាងហើយ បានជាអាចឃើញនាងនោះ ឥលូវញោមបិទភ្នែកទៅ ពេលអាត្មាប្រាប់អោយបើកចាំបើក ។ បងសុផុនក៏បិទភ្នែកមួយសន្ទុះហើយក៏ស្ងាត់មាត់ព្រះសង្ឃនោះ ក៏បើកភ្នែកឡើង ពេលនោះគាត់កំពុងតែដេកនៅក្នុងមន្ទីរពេទ្យមួយនៅក្រុងភ្នំពេញទៅហើយ ដោយអ្នកជិះឡានក្រុងបានប្រាប់ថា ឃើញគាត់ដើរចូលព្រៃយូរហើយ តែមិនចេញមកវិញ តៃកុងឡានស៊ីផ្លេហៅជាច្រើនដងតែមិនឃើញមក ទីបំផុតមានព្រះតេជគុណមួយអង្គបានដើរទៅមើល ឃើញបងសុផុន សន្លប់នៅក្បែរមាត់ផ្លូវ ព្រះអង្គក៏ជួយបញ្ជូនបងសុផុនមកភ្នំពេញតែម្ដងទៅ ។ បងសុផុនក៏មិនបាននិយាយអ្វីច្រើនដែរ ព្រោះដឹងថាព្រះតេជគុណដែលជួយគាត់ពីព្រៃនោះហើយ ជាអ្នកជូនគាត់មកភ្នំពេញ គាត់ក៏សុំព្រះអង្គជាកូនសេក និងសុំស្នាក់នៅវត្ត ដើម្បីរកការងារធ្វើ ។
https://m.facebook.com/story.php?story_fbid=2328003974173350&id=1515807548726334

រឿងខ្មោចនៅសាលារៀន



 នឹកដល់រឿងនេះគឺត្រូវត្រលប់ទៅពេលវេលាមួយដែលខ្ញុំនឹកដល់គួរអោយខ្លាច និងរន្ធត់ណាស់ ពេលនោះ ខ្ញុំមានអាយុជាង១៥ឆ្នាំប៉ុណ្ណោះ នៅពេលយប់ឡើង ខ្ញុំតែងតែរៀនគួរភាសាអង់គ្លេស ដូចរាល់ដងគឺខ្ញុំចេញម៉ោងជាង០៦យប់ ប៉ុន្ដែថ្វីត្បិតតែម៉ោងជា០៦ តែមេឃកាលហ្នឹង គឺងងឹតលឿនណាស់ ខ្ញុំដើរចេញពីថ្នាក់សំដៅមកផ្ទះ ស្រាប់តែមានអារម្មណ៍ខ្យល់ត្រជាក់ល្ហៀកៗ បក់មកប៉ៈនឹងខ្លួន ហើយព្រឺបះរោមក្រញ៉ាង ខ្យល់បក់ម្ដងកាន់តែត្រជាក់ទៅៗ ក៏មានសម្លេងមួយរសាត់មកប៉ៈនឹងសោតារបស់ខ្ញុំល្វើយៗ ៖ ជួយខ្ញុំផង ៗៗ ខ្ញុំក៏ងាកទៅរកតាមសម្លេងនោះ ប៉ុន្ដែពុំឃើញអ្វីនោះទេ ខ្ញុំក៏ដើរបន្ដទៅទៀត ម្ដងនេះ សម្លេងយំស្រែកដូចជាឈឺចាប់ខ្លាំងណាស់ បានស្រែកមករកខ្ញុំ ជួយខ្ញុំផង ជួយខ្ញុំផង ខ្ញុំឈឺណាស់ ខ្ញុំក្រឡេកម្ដងទៀត រេក្រសែភ្នែកតាមសម្លេង ក៏បានឃើញម្ចាស់សម្លេងនោះ កំពុងអង្គុយយោលជើងនៅលើមែកដើមចាមរីក្នុងសាលារៀន ដោយជើងខាងឆ្វេងដាច់រយ៉ៃហូរឈាមសស្រាក់ ឯភ្នែកម្ខាងជ្រុះក្ដុកមកនៅនឹងមុខខ្ញុំ បន្ទាប់មកស្រាប់តែក្បាលរបស់វា ធ្លាក់មកក្បែរជើងខ្ញុំ ហើយមាត់វានៅតែហាហៅខ្ញុំជួយផង ៗ បើសិនមិនរត់មានតែឆ្កួត នៅធ្វើអី្វទៀត ខ្ញុំដាក់មេប្រូច គ្មានដឹងហត់អីបន្ដិច តែពីរវឹងសោះដល់ផ្ទះល្មម ញើសឡើងជោគពេញខ្លួន បបូរមាត់ប្រែជាស្លេកដូចគេលិតបីថ្ងៃ សក់ក្បាលដូចជាទើបមកពីកន្លែងជាង បះអោយច្រូង ពេលមកដល់ផ្ទះម្ដាយខ្ញុំសួរខ្ញុំថា៖ មានរឿងអីមែនកូន! ខ្ញុំថាអត់ទេ ! គ្រាន់តែខ្ញុំរត់លេងតើ (ខ្ញុំព្យាយាមធ្វើទឹកមុខធម្មតាឡើង វិញហើយកុហកគាត់ព្រោះខ្លាចគាត់បារម្ភ និងខ្លាច តែជើងវិញឈរញ័រមិនទាន់បាត់នៅឡើយទេ) ។
 ស្អែកឡើងខ្ញុំទៅរៀនដូចធម្មតា ខ្ញុំជាអ្នកកាន់កូនសោថ្នាក់ ព្រោះជាវេនខ្ញុំសំអាត ពេលនោះមិត្តរួមថ្នាក់កំពុងឈរចាំនៅមុខថ្នាក់រៀន ខ្ញុំចាក់សោបន្ទប់រួចបើកទ្វារចូល គ្រប់គ្នាចូលរួចស្រាប់តែស្រែកពេញថ្នាក់ហើយរត់មកក្រៅ ទឹកមុខម្នាក់ៗស្លេកស្លាំងដូចត្រីស្ងោរ ខ្ញុំក៏ចូលទៅមើល គួរអោយញាក់សាច់ណាស់ ក្លិនឈាមឆ្អាបពេញបន្ទប់ ជញ្ជាំង ពិតាន ដំបូល សុទ្ធតែស្នាមបាតដៃបាតជើងដែលប្រឡាក់ដោយឈាម ខ្ញុំក៏ដើរចេញមកក្រៅរួចរត់ទៅប្រាប់អ្នកគ្រូ ពេលអ្នកគ្រូមកដល់ ស្រាប់តែក្លិនឆ្អាបនោះ និងស្នាមបាតដៃបាតជើងនោះ បាត់អស់រលីងដូចគេជូត អ្នកគ្រូបានបន្ទោសពួកខ្ញុំថា ពួកខ្ញុំខ្ជិលបោសថ្នាក់ ហើយមកប្រឌិតរឿងឥតប្រយោជន៍ ។ នៅល្ងាចថ្ងៃនោះខ្ញុំត្រូវទៅរៀនគួរដូចរាល់ដងទៀត ខ្ញុំគិតថាល្ងាចនេះប្រហែលជាមិនមានអ្វីនោះទេ មើលទៅ មានឯណា ក្រោយដើរចេញពីថ្នាក់បន្ដិច ខ្ញុំឮសម្លេងមនុស្សស្រែកអ៊ូអរពេញមុខសាលា ខ្ញុំឆ្ងល់ណាស់ មុនចូលរៀនដូចមិនមានមនុស្សទេ ម្ដេចក៏ពេលនេះមានមនុស្សច្រើនម្ល៉េះ ខ្ញុំតាំងចិត្តមិនខ្លាច រួចដើរសំដៅទៅហ្វូងមនុស្ស ខ្ញុំបានឃើញមនុស្សម្នាក់ចងកនៅលើមែកដើមក្ងោក ខ្ញុំក៏ស្ទុះទៅមើល ប៉ុន្ដែសាកសពនោះបែរជាគ្មានមុខទៅវិញ និយាយដល់កន្លែងនេះ ព្រឺរោមណាស់ មុខទទេស្អាតដូចក្រដាសរ៉ាមសមួយសន្លឹកអញ្ចឹង ខ្ញុំក៏ងាកមើលមនុស្សដែលឈរជុំវិញសាកសពនោះ ស្រាប់តែគ្មាននរណាម្នាក់មានក្បាលនោះឡើយ ក្បាលរបស់ពួកគេកំពុងនៅលើមែកក្ងោកនោះទាំងអស់ ភ្លាមនោះ ខ្ញុំស្ទើរតែគាំងហើយមិនដឹងធ្វើម៉េចទេ មានតែដាក់មេប្រូចទៀតហើយ ម្ដងនេះ សម្លេងស្រែកអោយខ្ញុំជួយដេញតាមខ្ញុំមិនឈប់ ខ្ញុំមិនងាកក្រោយជាដាច់ខាត ទោះអោយលុយប៉ុន្មានម៉ឺនក៏មិនយកដែរ ។
 រំលងបានមួយសប្ដាហ៍ហេតុការណ៍បាតដៃបាតជើងឈាមនោះ បានធ្វើអោយអ្នកគ្រូខ្ញុំឃើញ គាត់ក៏រាយការណ៍ទៅនា​យក លោកនាយកក៏បានរៀបចំបុណ្យយ៉ាងធំមួយនៅសាលាដើម្បីឧទ្ទិសបុណ្យកុសលជូនដល់ព្រលឹងគ្មានសាច់ញាតិទាំងនោះ រួចក៏យកថ្នាក់រៀនមួយនោះទៅជាបន្ទប់ដាក់ ឥវ៉ាន់វិញ ។ ប៉ុន្ដែក្រោយពីធ្វើបុណ្យរួច ខ្ញុំគិតថានឹងលែងមានបញ្ហាទៀតហើយ នៅពេលខ្ញុំដើរចេញពីរៀនគួរវិញ ពេលនោះយប់ខែងងឹតណាស់ ខ្ញុំដើរមកវិញ ស្រាប់តែមានអារម្មណ៍ចំឡែកគឺមានអារម្មណ៍ថាក្ដៅខ្នង ហើយបែរជាមើលឃើញស្រមោលខ្លួនឯងទៅវិញ ខ្ញុំគិតថាទល់តែខែភ្លឺទើបពន្លឺចាំងមកអាចឃើញស្រមោលខ្លួនឯង ប៉ុន្ដែនេះមានពន្លឺដូចជាអណ្ដាតភ្លើងកំពុងតែឆេះ អណ្ដែតលើក្បាលខ្ញុំ ខ្ញុំក៏ងាកទៅ ស្រាប់តែដុំភ្លើងមួយយ៉ាងធំកំពុងនៅកៀកស្ទើរតែដល់មុខរបស់ខ្ញុំទៅហើយ ពេលនោះខ្ញុំស្ទុះរត់ចេញទាំងបិទភ្នែក ព្រោះក្រោយសំលឹងភ្លើងនោះខ្ញុំមានអារម្មណ៍ងងឹតមុខឈឹង តែខ្ញុំព្យាយាមរត់ទៅតាមលទ្ធភាពដែលអាចធ្វើបាន រត់បានចម្ងាយប្រហែលជា៥០ម៉ែត្រដែរ ខ្ញុំក៏ដួលព្រូសតែម្ដង ខ្ញុំមានអារម្មណ៍ថាភ្លើងនោះកំពុងតែហោះមកជិតដល់ខ្ញុំហើយ ខ្ញុំខ្សោយអស់កម្លាំងនឹងស្រែកអោយគេជួយ ស្របពេលនោះក៏មានឆ្កែកាចប្រចាំភូមិបួនក្បាលរត់មកខ្ញុំបំរុងខាំខ្ញុំ តែបែរជាព្រូស លោតកន្រ្ដោងដាក់ភ្លើងនោះទៅវិញ ស្រាប់តែភ្លើងនោះបានហោះបុកឆ្កែទាំងបួននោះ ងាប់អស់តែម្ដង ខ្ញុំក៏ព្យាយាមងើបរត់តទៅទៀត រហូតដល់ផ្ទះក៏សន្លប់តែម្ដង ព្រឹកឡើងខ្ញុំបានយកហេតុការណ៍នោះប្រាប់ក្រុមគ្រួសារនិងលោកនាយកសាលា ម្ដងនេះ លោកនាយកបាននិមន្ដព្រះមេគុណខេត្តអោយទៅសូត្រមន្ដរំដោះគ្រោះ ចាប់ពីនោះមកក៏លែងបានឃើញហេតុការណ៍ដ៏អាក្រក់ទាំងនោះទៀតដែរ ។
លោកអ្នកអាចចូលអាននៅក្នុងផេក
https://www.facebook.com/1515807548726334/posts/2322726674701080/

Thursday, June 11, 2020

រឿង គោបា



រឿងនេះត្រូវបានកើតឡើងជាយូរឆ្នាំមកហើយដែរ តាមជំនឿរបស់ខ្មែរយើង គោបានេះ ជាសត្វចិញ្ចឹមរបស់គ្រូអាគមធ្មប់ ដែលប្រើសម្រាប់ទុកកម្ចាយសត្រូវរបស់ខ្លួន ឬអ្នកដែលខ្លួនមិនចូលចិត្តជាដើម អ្នកត្រូវគោបា ធ្វើបាបច្រើនមានអាការៈរវើរវាយ ធ្លាក់ខ្លួនឈឺស្គមគ្មានមូលហេតុ ចុកក្នុងពោះជាដើម ឬក៏អាចស្លាប់ភ្លាមៗក៏មានដែរ ។ គោបានេះត្រូវបានប្រសិទ្ធីឡើងតាមទម្រង់ជាលង្ហិន លាយជាមួយដីបច្ឆាខ្មោច០៧វត្ត និងមានកថាដែលមានបញ្ចុះអាគមដាក់ចូលក្នុងពោះទុកប្រើការ គោបានេះ វាចេញរកស៊ីពេលយប់ ឬពេលថ្ងៃអាស្រ័យនឹងការព្រលែងរបស់គ្រូមន្ដអាគមនោះ  រឿងនេះបានតំណាលថា៖
 នៅក្នុងភូមិក្រីក្រមួយ ដែលជាភូមិថ្មី មានត្រឹមតែជាង១០០គ្រួសារប៉ុណ្ណោះ គ្រប់គ្នាប្រកបរបរកសិកម្មធ្វើស្រែ ចិញ្ចឹមជីវិត លោកអ៊ំ ដួង គឺជាមេភូមិនៅទីនោះ ដោយត្រូវបានអ្នកភូមិស្រលាញ់ គោរពរាប់អាន ព្រោះគាត់ជាមនុស្សចិត្តទូលាយណាស់ ម្យ៉ាងគាត់មានកូនក្រមុំស្អាត ដោយនាងជាមនុស្សរាក់ទាក់ និងគោរពចាស់ទុំណាស់ នាងឈ្មោះ លក្ខិណា ដែលសមប្រកបជាមនុស្សគួរអោយស្រលាញ់ ប្រុសៗជាច្រើន តាមស្រលាញ់នាង ប៉ុន្ដែនាងបដិសេធ ដោយយល់ថាខ្លួននៅក្មេងពេក ចង់នៅអោយបានចាស់ទុំជាងហ្នឹងបន្ដិច ។ នាយវ៉ាន់ គឺជាកូនរបស់អ៊ំឆយ ដែលល្បីថាជាគ្រូអាគម មានគោបាចិញ្ចឹមទៀតផង បានលួចស្រលាញ់នាងលក្ខិណា និងតាមអង្វរលោមសុំស្រលាញ់នាងជាច្រើនលើក ប៉ុន្ដែនាងបដិសេធរហូត ព្រោះនាយជាមនុស្សប្រមឹកខួប ផឹកមិនលោះថ្ងៃ ពេលដែលស្រវឹងម្ដងៗ តែងតែឡូឡារករឿងគេឯង ម៉្លោះហើយនាងស្អប់ជំពូកមនុស្សបែបនេះណាស់ ។ នៅថ្ងៃមួយ ពេលកំពុងភ្ជួរស្រែ នាយវ៉ាន់ បានឃើញនាងលក្ខិណា បណ្ដើរគ្នាជាមួយអ្នកកម្លោះ ធន់ ដែលជាគូសង្សាររបស់នាង នាយវ៉ាន់ ក៏ស្ទុះមកស្ទាក់ផ្លូវរួចនិយាយថា៖
យើស! អាបញ្ញើក្អែក អាគីង្គក់ចង់ស៊ីសាច់ក្ងាន ឯងនេះថ្លើមធំណាស់ ហ៊ានលូកថ្លើមអញផង
នែ៎អាវ៉ាន់ អាណាលូកថ្លើមឯងហ៎ា គិតតែឯងទេ ដែលជាគីង្គក់ចង់ស៊ីសាច់ក្ងាននោះ អូនលក្ខិណាជាគូសង្សារអញ អនាគតជាប្រពន្ធអញ លោកអ៊ំពុក(លោកមេភូមិ) ក៏គាត់ដឹងដែរ​គាត់ពេញចិត្ត
មែនហើយ! ខ្ញុំនិងបងធន់ជាគូសង្សារ នឹងភ្ជាប់ពាក្យឆាប់ៗនេះហើយ ពូវ៉ាន់ឯង បើនៅតែប្រមឹកខួបបែបនេះ តើស្រីណាគេនឹងយកទៅ
ដោយខឹងនឹងសម្ដីឌឺដងរបស់អ្នកទាំងពីរ នាយវ៉ាន់ក៏ស្ទុះទៅដាល់នាយធន់មួយដៃ ប៉ុន្ដែធន់គេចទាន់ ក៏តបទៅវិញបណ្ដាលអោយនាយវ៉ាន់ ជាំភ្នែកម្ខាង ឆាកប្រយុទ្ធរវាងអ្នកទាំងពីរ បណ្ដាលអោយនាយវ៉ាន់របួសធ្ងន់ ក៏គេចខ្លួនទៅផ្ទះបាត់ ។ នៅពេលទៅដល់ផ្ទះ អ៊ំឆយបានសួរកូនគាត់៖
ស្អីអាវ៉ាន់ ហើយឯងទៅត្រូវនឹងស្អីបានជាំភ្នែក បែកមាត់អញ្ចឹង
គឺអាធន់ណាពុក វាដណ្ដើមអូនលក្ខិណាពីខ្ញុំ ខ្ញុំកំពុងនិយាយលេងជាមួយអូនលក្ខិណាសុខៗ វាបែរជាមកថាខ្ញុំគីង្គក់ចង់ស៊ីសាច់ក្ងាន រួចឆក់អូសដៃអូនលក្ខិណាចេញពីខ្ញុំ ពេលខ្ញុំចាប់ទាញអូនលក្ខិណាមកវិញ វាដាល់ខ្ញុំនិងវាយខ្ញុំ ទើបខ្ញុំកើតជាបែបនេះទៅ ។
អ៊ំឆយកើតក្ដីខឹងសម្បារជាខ្លាំង ក៏មិនមាត់មិនកអ្វីទេ ហើយដើរចូលក្នុងបន្ទប់បាត់ ពេលចូលទៅដល់គាត់ ក៏យកគោបារបស់គាត់មកសូត្រដាស់អាគមអោយប្រើទៅធ្វើបាបនាយធន់ នៅពេលយប់មកដល់នាយធន់កំពុងតែត្រលប់មកពីជូនលក្ខិណាទៅផ្ទះ ស្រាប់ឮសូរសម្លេងកណ្ដឹងគោបោលយ៉ាងលឿន នាយខំស្វែងរកតែរកមិនឃើញ ស្រាប់តែពេលនោះ មានគោក្រហមដ៏ធំមួយ មានបូកធំ គូថទាបដល់ដី ស្វែងកោងដូចដាវ បានរត់សំដៅមករកនាយ នាយក៏ស្ទុះគេចខ្លួនផុតបន្ដិច គោនោះក៏ត្រលប់មកវិញ លើកនេះនាយគេចមិនផុត ព្រោះគោនោះលឿនពេក វាបានបុកនាយធន់ រហូតដល់ស្លាប់បាត់បង់ជីវិត ។ លុះព្រឹកឡើង មានអ្នកដំណើរកាត់ទៅនោះ បានស្រែកឆោឡោឡើង ព្រោះតែឃើញនាយធន់ដេកស្លាប់ ដោយខ្លួនសុះនឹងស្វែងគោ និងជាំពេញខ្លួន ឆ្អឹងឆ្អែងបាក់ខ្ទេចខ្ទី នាងលក្ខិណាយំសោកបោកខ្លួន ស្ដាយគូសង្សារជាអនេក ។ រំលងបាន៣ថ្ងៃនៅពេលនាងលក្ខិណា ដើរតែម្នាក់ឯងទៅស្រែ នាយវ៉ាន់ក៏ស្ទាក់ផ្លូវម្ដងទៀត ៖
អូនលក្ខិណា! យ៉ាងម៉េចដែរឥលូវនេះ សង្សារកំណាន់ចិត្តអូន មកពីវាឈ្លើយពេក ទើបបាបវាតាមស្នងនោះអី (នាយចាប់ដៃ និងចាប់ថ្ពាល់លក្ខិណា តែត្រូវនាងគ្រវាសដៃចេញ និងឆ្លើយទាំងកំហឹង)
នែមនុស្សគំរក់ ! អញប្រាប់ឯងអោយដឹង ទោះបីជាក្នុងលោកនេះស្លាប់មនុស្សប្រុសអស់ នៅតែអាឯង ក៏អញមិនយកឯងដែរ
ដោយសេចក្ដីប្រមាថរបស់នាងចំពោះនាយវ៉ាន់ ក៏ខឹងច្រឡោតស្ទុះទៅចាប់អោយលក្ខិណា ខ្ទប់មាត់របស់នាង ថើបញាំញ៉ីនាង ហើយរំលោភបំពាននាងបានសម្រេច ដោយខ្មាសអៀន និងស្ដាយព្រហ្មចារី នាងលក្ខិណា បានខាំមាត់សម្លាប់ខ្លួនក្នុងគ្រានោះ ។ នាយវ៉ាន់ភ័យពេកក៏អូសសាកសពនាង ទៅបោះចោលគៀនព្រៃ ។ និយាយពីអ៊ំដួង ក្រោយបាត់កូនស្រីមួយយប់ ក៏ភ័យឆោឡោឡើង គោះត្រដោកអោយអ្នកភូមិជួយដើររកពេញភូមិ តែមិនឃើញនាង លុះស្អែកឡើងមានអ្នកភូមិម្នាក់មកពីស្រែវិញប្រទះឃើញដានស្មៅដូចគេប្រតាយប្រតបគ្នា ក៏តាមមើលក៏ឃើញសាក​សព​នាងលក្ខិណា ក៏រត់ទៅប្រាប់លោកមេភូមិ អ៊ំដួងខ្លោចផ្សាក្នុងចិត្តណាស់ ព្រោះដឹងតាមស្ថានភាពសាកសពគឺនាងត្រូវគេរំលោភយ៉ាងព្រៃផ្សៃ គាត់ក៏ចាប់ផ្ដើមស៊ើបសួរពីរឿងនេះ រហូតដល់ថ្ងៃមួយនាយវ៉ាន់ស្រវឹងជាខ្លាំងក៏ដើរទាំងត្រេតត្រូត រត់ស្រែកអោយគេជួយ រត់រហូតមកដល់ផ្ទះមេភូមិទាំងមិនដឹងខ្លួន ហើយក៏ស្រែកថា បងមិនបានសម្លាប់អូនទេ គឺមកពីអូនតើមិនព្រមស្រលាញ់បងទៅស្រលាញ់អាធន់ស្អីគេនោះ ពេលនោះលោកមេភូមិឮហើយក៏ស្ទុះចុះមកពីលើផ្ទះក្របួចកអាវនាយ  វ៉ាន់ហើយស្រែកសួរទាំងកំហឹង៖ គឺឯងមែនទេ ដែលរំលោភកូនអញ អាវ៉ាន់ ដោយស្ថានភាពស្រវឹងនាយវ៉ាន់ក៏តប ៖ តើវាយ៉ាងម៉េច លោកមេភូមិគិតថាខ្លួនឯងអស្ចារ្យអី នាយវ៉ាន់ក៏គ្រវាសដៃមេភូមិចេញ រត់សំដៅទៅក្រោមផ្ទះក៏ប្រទះកាំបិតផ្គាក់ បំរុងនឹងកាប់លោកភូមិ តែគាត់គេចទាន់រួចចាប់បានកាំបិតវិញ ចាក់នាយវ៉ាន់មួយកំបិត កាប់ថែមបីកាំបិត បណ្ដាលអោយនាយវ៉ាន់ស្លាប់ក្នុងថ្លុកឈាម រួចមេភូមិក៏ហៅអ្នកភូមិមកជួបជុំគ្នា ហើយប្រាប់ពីហេតុការណ៍ អ៊ំឆយបានដឹងថាកូនគាត់ស្លាប់ដោយសារតែមេភូមិ ក៏ច្រលោតខ្លាំងឡើង រួចប្រើគោបាគាត់អោយទៅសំលាប់មេភូមិ ក្នុងកំពុងពេលជុំគ្នា អ្នកភូមិបានឮនិងឃើញគោយ៉ាងធំសំដៅមកផ្ទះមេភូមិ គ្រប់គ្នាដឹងនេះគឺជាគោបារបស់តាឆយ ព្រោះបាត់តែគាត់មិនមក មេភូមិអោយអ្នកភូមិទាំងអស់ចូលក្នុងផ្ទះកុំអោយចេញមកក្រៅ មួយស្របក់ក្រោយមកលោកមេភូមិបានទាញសំពត់កូនស្រីគាត់បោះមកចំក្បាលគោបានោះ ហើយលោតទៅចាប់ គោនោះក៏ប្រែជាគោបាលង្ហិនដ៏តូចមួយ គាត់បានដកកថានៅនឹងគូថគោនោះចេញ គោនោះក៏លែងកំរើក ។ ក្រោយមកអ្នកភូមិទាំងអស់គ្នាក៏លើកគ្នាទៅបណ្ដេញអ៊ំឆយចេញពីភូមិ តាំងពីពេលនោះមក អ្នកភូមិបានរស់នៅប្រកបដោយភាពសុខសាន្ដរហូត ។

Tuesday, June 2, 2020

រឿងអាថ័នកូនក្រក



តាមជំនឿបុរាណតមក កូនក្រកគឺជាកូនដែលនៅក្នុងផ្ទៃម្ដាយ ភាគច្រើនគេយកធំបំផុតត្រឹមបីខែ តែបាន២ខែ រិតតែល្អ ក្នុងជំនឿនេះ កូនក្រកដែលត្រូវបានគេបញ្ចុះមន្ដអាគម មានសមត្ថភាពអាចប្រាប់ពីហេតុការដែលកើតមុនបាន ។ គេយកកូនក្រកបានដោយសុំពីម្ដាយកូននោះដោយទំលាក់ ប៉ុន្ដែភាគច្រើនពីបុរាណគឺវះពោះយកតែម្ដង នេះជាអំពើបាបកម្មណាស់ ដើម្បីតែប្រយោជន៍ខ្លួនឯងបែរជាហ៊ានលើកដៃផ្ដាច់ជីវិតស្រ្ដីដែលពុំដឹងអីម្នាក់បាន ។ ក្រោយពីយកកូនបានហើយ គេយកទៅសំអាត និងឆ្អើរអោយក្រៀម រួចបញ្ចុះអាគមមន្ដសីមា ធ្វើពិធីអស់កាលប្រាំពីរយប់ប្រាំពីរថ្ងៃ រួចយកទៅរក្សាទុកតាមខ្លួននៅពេលចេញដំណើរទៅណាម្ដងៗ ចំពោះនៅផ្ទះត្រូវដាក់បាយទឹកអោយវាស៊ីដូចក្មេងធម្មតា ត្រូវចេះលួងលោមវា បើធ្វើអោយវាខឹង ឬឃ្លាន វានឹងលេងម្ចាស់វាតែម្ដង តែបើមើលថែយកចិត្តទុកដាក់លើវាបានល្អ វាក៏សងគុណយើងតបមកវិញដែរ ។ រឿងទាក់ទងនឹងជំនឿកូនក្រកនេះបានកើតឡើងដូចរឿងដែលមានតំណាលដូចតទៅ៖
នាសម័យថ្ងៃមួយ មានបុរសម្នាក់ឈ្មោះ នាយស៊ុំ ជាមនុស្សទុរគតណាស់ បានធ្វើដំណើរមកពីស្រុកឆ្ងាយ ក៏ប្រទះនឹងអ៊ំប្រុសម្នាក់ជាចាស់បុរាណមានគម្ពីរអាគមថែរក្សាទុកជាច្រើនដំណ តែគាត់មិនដែលរៀនទេ ព្រោះគិតថានាំអោយអ្នកស្រុកស្អប់ខ្ពើម តែរស់នៅតែពីរនាក់ប្ដីប្រពន្ធ គ្មានកូនចៅនឹងគេទេ ក៏មានចិត្តអាណិតសណ្ដោសប្រណី អោយនាយស៊ុំស្នាក់នៅបានជាកូនចៅ ដោយនាយស៊ុំនេះទៀតសោត ក៏ចេះផ្គាប់ចិត្តអ៊ំប្រុសអ៊ំស្រី មិនដែលលស់កាលឡើយ ម្ល៉ោះហើយអ្នកទាំងពីរក៏កើតចិត្តស្រលាញ់នាយជាខ្លាំង និងបានសន្យាថានឹងប្រគល់នូវទ្រព្យមរតកទាំងអស់អោយទៅនាយ ពេលពួកគាត់ស្លាប់ទៅ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺនាយស៊ុំត្រូវបានអ៊ំប្រុសអ៊ំស្រីនោះ ប្រគល់នូវវត្ថុស័ក្ដិសិទ្ធដើម្បីការពារខ្លួនផងនោះ គឺកូនក្រកនោះឯង កាលដែលមិនទាន់បានកូនក្រក នាយស៊ុំមានសេចក្ដីអោនលំទោនខ្លាំងណាស់ តែក្រោយពីបានកូនក្រកនោះហើយ ក៏កើតចិត្តទោសៈ អួតក្អេងក្អាង និងបានប្រើកូនក្រកនោះទៅធ្វើបាបអ្នកដទៃ ទៀតផង ។ ដោយសេចក្ដីខឹងក្រោធ អ៊ំប្រុសស្រីនោះបានដេញនាយស៊ុំចេញពីផ្ទះ នាយក៏ទៅរស់នៅក្នុងព្រៃម្នាក់ឯង រួចក៏ហាត់រៀនអាគមកាប់មិនមុតដុតមិនឆេះ រៀនទាំងវិជ្ជាបំបាំងកាយតាមគម្ពីរដែលបានលួចពីអ៊ំប្រុសនោះថែមទៀត ។
ក្រោយបានហាត់ការរៀនវិជ្ជាការអស់ជាង៣ខែ នាយស៊ុំក៏ចាប់ផ្ដើមសាកល្បង ដោយរករឿងគេឯងគ្រប់គ្នា ក៏មានការប្រតាយប្រតប់ ប៉ុន្ដែនាយពុំមានរបួសអ្វីបន្ដិចសោះឡើយ ដោយដឹងថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ហើយ នាយក៏ចាប់ផ្ដើមគំនិតនរក អន្ធពាល បានលបទៅចូលផ្ទះតាសុងទាំងយប់ រួចចាប់រំលោភកូនក្រមុំទាំងបីរបស់គាត់ ហើយសំលាប់ចោលទៀតផង ដោយតាសុង ពុំបានដឹងអ្វីទាំងអស់ ។ លុះព្រឹកឡើង តាសុង និងប្រពន្ធ ស្រែកយំអោយគេជួយ ផ្អើលអស់ទាំងអ្នកស្រុក គ្រប់គ្នាកើតទុក្ខ អាណិតតាសុងជាខ្លាំង ។ ក្រោយមករំលងបាន២ថ្ងៃ នាយស៊ុំបានលបចូលផ្ទះពូពុយ ដែលនៅក្បែរតាសុងទៀត ដោយចាប់រំលោភកូនក្រមុំគាត់ ប៉ុន្ដែគាត់បានមកទាន់ ក៏ស្រែកឆោឡោ ប៉ុន្ដែត្រូវនាយស៊ុំ កាប់មួយកាំបិតបណ្ដាលអោយរបួសធ្ងន់ ហើយកូនក្រមុំគាត់ក៏ត្រូវនាយស៊ុំ កាច់បំបាក់ក     ស្រស់ៗតែម្ដង អ្នកភូមិបានលើកគ្នាជាច្រើនមកតាមវាយសម្លាប់នាយស៊ុំ ប៉ុន្ដែហាក់បីដូចជាឥតបានការនោះទេ ព្រោះនាយស៊ុំត្រូវកូនក្រកតាមជួយ អោយគេចផុតរហូត ដោយកូនក្រកនោះបានចុកពោះអ្នកស្រុកគ្រប់គ្នាដែលតាមនាយស៊ុំ ខ្លះកូនក្រកនោះស្ដែងជារូបព្រាយគួរអោយខ្លាចទៀតផង ដើម្បីបំបាក់ស្មារតីរបស់អ្នកស្រុក រហូតដល់ថ្ងៃមួយមានគ្រូល្បីមកពីឆ្ងាយបានមកដល់ស្រុកនោះ ក៏ប្រាប់អោយអ្នកស្រុកយកឈាមរដូវស្រ្ដីព្រហ្មចារី ទៅលាបនឹងកាំបិតបន្ទោះ នឹងអាចចាក់នាយស៊ុំមុតបាន ក្រោយពីបានដឹងវិធីហើយ អ្នកស្រុកបានធ្វើតាម នាយស៊ុំបានត្រូវរបួសជាទម្ងន់ ចំណែកកូនក្រកក៏ត្រូវបានលោកគ្រូរៀបចំពីធីប្រើមន្ដសណ្ដំ យកទៅថែរក្សា ធ្វើអោយនាយស៊ុំពុំមានកូនក្រកការពារតទៅទៀតដោយអស់តំរិះនាយស៊ុំ បានរត់ទាំងមានរបួសចូលចំការល្ហុង ដោយបំបាំងខ្លួនចូលពួននឹងផ្លែល្ហុង គ្រប់គ្នាតាមរកតែមិនឃើញ ពេលនោះលោកគ្រូក៏ប្រើអាគមមើលឃើញថានៅដើមល្ហុងមួយដើម ដែលមានផ្លែតែមួយទេក្នុងដើមនោះ លោកបានអោយអ្នកស្រុកយកស្នឹងទៅបោះចំដើមចេកនោះ បើចេញឈាមមានន័យថានាយស៊ុំគឺនៅដើមនោះហើយ ហើយស្នឹងនេះទៀតសោត គឺចងនាយស៊ុំមិនអាចគេចរួចបាន រួចលោកគ្រូបានយកអំបោះបាលីសបីសរសៃ ចងផ្លែនោះរួចកាត់យកមក នៅពេលដែលកាត់ផ្លែនោះ ស្រាប់តែផ្លែល្ហុងប្រែជានាយស៊ុំ ហើយអំបោះសីមានោះចងនាយក្លាយជាខ្សែពួរដ៏មាំ គ្រប់គ្នាកើតក្ដីក្ដៅក្រហាយ រួចក៏ចាប់នាយស៊ុំចងស្លាបសេក រួចដុតទាំងរស់ដើម្បីរំសាយកំហឹងគ្រប់គ្នា ហើយអ៊ំប្រុសស្រីរបស់នាយស៊ុំបានទៅរកគម្ពីរដែលនាយលួចមកវិញ យកទៅកប់ចោលពុំមាននរណាដឹងពីទីកន្លែងឡើយ ព្រោះគាត់យល់ថាដោយសារតែគម្ពីរនោះហើយ ធ្វើអោយមនុស្សកើតនូវអំនួត គួរសាងអំពើល្អដោយការប្រតិបត្តិត្រូវ នោះទើបសេចក្ដីសុខកើតមានដល់អ្នក ។