សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Monday, November 22, 2021

រឿងពូថៅខ្មោច

 

មានកាលថ្ងៃមួយមានបុរសម្នាក់ឈ្មោះ ជា ជាមនុស្សស្លូតបូតណាស់ គាត់មិនសូវចេះមាត់កនោះទេ ថ្វីត្បិតបើគាត់មានរូបរាងមិនសូវស្អាតសង្ហា សម្បុរមិនស ដូចគ្នា ប៉ុន្ដែទឹកចិត្តគាត់គឺប្រពៃណាស់ ។ ដោយសារជីវភាពគាត់ពុំបានរៀនសូត្រខ្ពស់នឹងគេទេ បានត្រឹមតែថ្នាក់ទី៩ប៉ុណ្ណោះ ហើយគាត់ប្រកបរបរធ្វើស្រែចំការ និងដើរស៊ីឈ្នួលគេប ។ នៅថ្ងៃមួយខណៈពេលដែលគាត់ត្រលប់មកពីស៊ីឈ្នួលគេវិញ គាត់បានដើរចូលដីចំការមួយកន្លែង ដើម្បីបេះផ្លែអំពិលយកទុកគ្រាន់នឹងស្ល ឬក៏បុកហូប ។ ពេលបេះផ្លែអំពិលរួចហើយ គាត់ក៏ចុះពីដើមអំពិលប្រទះភ្នែកនឹងកូនពូថៅតូចមួយដែលចេះអស់ហើយ ដងក៏បាក់ទៀត ប៉ុន្ដែដោយសារតែឃើញផ្លែវានៅល្អគ្រាន់បើ គាត់ក៏រើសមកផ្ទះដើម្បីសំលៀងសាកមើល ក្រែងលោអាចប្រើការកើត ។ ក្រោយពីមកដល់ផ្ទះ គាត់ក៏រៀបចំដុតផ្លែពូថៅចាស់ ដើម្បីឲ្យរលួសដងចាស់ចេញ ហើយ ក៏ខាត់ដងថ្មីយ៉ាងស្អាតជំនួសវិញ ពេលដែលសំលៀងទៅឃើញថា ពូថៅនៅមុត និងនៅរឹងមាំល្អ អាចប្រើការបានគាត់សប្បាយចិត្តណាស់ ក៏រៀបចំទុកដាក់វានៅចង្រ្កានបាយទៅ ហើយរៀបចំទៅសម្អាតខ្លួន ហូបបាយ ហើយសម្រាកទៅ។

          ខណៈពេលយប់មកដល់ម៉ោងប្រហែលជា១២រំលងអាធ្រាត្រ មនុស្សម្នាកំពុងតែលង់លក់អស់ហើយ បងប្រុសជា ក៏បម្រុងតែនឹងដេកលក់រលីវៗដែរ ស្រាប់តែបានឮសម្លេងមនុស្សដើរ និងបើកចានឆ្នាំងនៅផ្ទះបាយ គាត់ក៏ភ្ញាក់ព្រើត ហើយក៏ផ្ទៀងត្រចៀកស្ដាប់ ទើបគិតថាមានចោរចូលផ្ទះលួចរបស់ហើយ គាត់ក៏រអ៊ូថា៖

-      រាល់ថ្ងៃនេះឯងក្ររកតែអង្ករច្រកឆ្នាំងផង ចុះចោរឯណាមកលួចនេះ មានស្អីឲ្យលួច ឆ្ងល់ដល់ហើយ
          ក្រោយពីរអ៊ូរួច គាត់ក៏ដើរលបៗ ទៅផ្ទះបាយ រួចទាញកាំបិតផ្គាក់នៅក្បាលដំណេក មកជាមួយ ពេលទៅដល់ផ្ទះបាយគាត់ក៏ចាប់អាគុយ ដើម្បីបំភ្លឺអំពូល ប៉ុន្ដែស្រាប់តែមិនឃើញមានអ្វីសោះ គាត់ក៏គិតថា៖ ចុម! អញស្ដាប់ច្រឡំទេដឹង កណ្ដុរទេដឹង! ដោយមិនឃើញមានអ្វីគាត់ក៏ត្រលប់ទៅដេកវិញ តែមិនបិទអំពូលភ្លើងទេ ខ្លាចមើលមិនច្បាស់ទៀត។ ពេលមកដល់គ្រែដេក បម្រុងតែនឹងដេកស្រាប់តែឮសម្លេងទៀត គាត់ក្ដៅក្រហាយណាស់ គាត់ក៏លបៗទៅម្ដងទៀត ពេលនោះហើយទើបគាត់បានឃើញហេតុការណ៍ចម្លែកៗ គឺថាគម្របឆ្នាំបាយគាត់ហោះចុះហោះឡើង ហើយឃើញកំសៀវចេះចាក់ទឹកខ្លួនឯង ពេលនោះគាត់ក៏គិតទៀតថា ប្រហែលជាគាត់ស្រវាំងភ្នែកហើយ ឬមិនមែនទេ អញយល់សប្ដិទេដឹង ! គាត់ក៏ក្ដិចខ្លួនឯង ស្ទើរស្រក់ទឹកភ្នែក អូយ! ឈឺណាស់ យី! មិនមែនយល់សប្ដិទេ មែនទែនហើយតើនេះ ។ កំពុងតែលបមើលហេតុការណ៍ទាំងនោះស្រាប់តែឮសម្លេង   ពុសអុសនៅក្រៅផ្ទះ ពេលនោះគាត់ក៏ងាកតាមបង្អួច ឃើញកូនពូថៅរបស់គាត់នោះ ពុស  អុដោយខ្លួនឯង ពេលនោះហើយ ទើបគាត់ដឹងថាខ្មោចលងគាត់ហើយ តែគាត់មិនដឹងធ្វើយ៉ាងម៉េច បានត្រឹមតែទៅដេកទាំងគ្របភួយជិតឈឹងនោះទេ ។

ព្រឹកឡើងគាត់ក៏ទៅនិយាយរឿងនេះប្រាប់មិត្តភក្ដិរបស់គាត់ តែគេមិនជឿទេ គេថាគាត់បោក និយាយឡើងមិនទំនង មិនដែលមានខ្មោចឯណាចូលផ្ទះកើត បើនៅផ្ទះមានជំនាងផ្ទះ មានព្រះភូមិនៅតើ ។ គាត់ក៏លែងនិយាយទៅ ។

យប់មួយនៅក្នុងភូមិមានបុណ្យភូមិនៅវត្ត មិត្តភក្ដិបងប្រុសជាក៏បបួលគាត់ទៅលេងនឹងគេដែរ ដំបូងគាត់មិនចង់ទៅទេ ព្រោះគាត់មិនមែនជាមនុស្សរាំរែកអីផង ម្យ៉ាងគាត់ជាមនុស្សអៀនប្រៀនច្រើនណាស់ តែដោយសារតែនៅផ្ទះក៏អផ្សុកផង ក៏សម្រេចចិត្តថានឹងទៅជាមួយគេដែរ ប៉ុន្ដែអ្វីដែលចម្លែកនោះគឺថា សុខៗ គាត់បែរជាយកកូនពូថៅរបស់គាត់ទៅដែរ ដែលវាចម្លែកថាមនុស្សដែលស្លូតបូត ទៅណាមកណាមិនដែលគិតយកអាវុធតាមខ្លួនសោះបែរជាធ្វើបែបនេះ ។ ពេលទៅដល់វត្តដំបូងឡើយគាត់មើលគេរាំយ៉ាងសប្បាយ និងទិញអ្វីហូបកំដរមាត់បន្ដិចបន្ដួច  ប៉ុន្ដែស្រាប់តែបន្ដិចក្រោយមក មានបុរសប្លែកមុខម្នាក់បានដើរចូលមករាំក្នុងវង់ បុរសនោះសាក់ពេញខ្លួន គាត់តែឃើញបុរសនោះភ្លាម បងប្រុសជាប្រែទឹកមុខ ភ្នែកចាប់ផ្ដើមក្រហមស្ទើរតែស្រក់ឈាម ហើយខាំធ្មេញសង្រ្កៀតជាប់ ដៃក្ដាប់យ៉ាងណែន ហើយញ័រសាច់ទទ្រើក ដូចជាខឹងអ្វីខ្លាំងណាស់ ភ្លាមៗនោះមិត្តភក្ដិរបស់គាត់ឃើញសភាពចម្លែកក៏សួរទៅគាត់ តែបែរជាមិនឆ្លើយហើយស្ទុះចូលក្នុងវង់រាំទាញកូនពូថៅនោះសំដៅបុរសប្លែកមុខនោះ គាត់វាយបុរសនោះត្រូវមួយផ្លែពូថៅ បណ្ដាលឲ្យបែកក្បាលហូរឈាម គាត់បម្រុងតែនឹងកាប់បុរសនោះទៅហើយ ក៏ត្រូវមិត្តភក្ដិគាត់ស្ទុះទៅចាប់ និងស្រែកឲ្យគេជួយ អ្នកភូមិក៏ជួយចាប់គាត់ ព្រោះឃើញអាការៈរបស់មិនស្រួល ឯបុរសប្លែកមុខនោះ កាលបើគេចាប់បងប្រុសជាហើយ បម្រុងតែនឹងទៅក្របួចកអាវវាយតបវិញ ត្រូវបានព្រះតេជគុណព្រះចៅអធិការវត្តចេញមិនឃាត់ទាន់ ដោយលោកសុំឲ្យស្ងប់ស្ងាត់រៀងខ្លួនសិន ព្រោះលោកដឹងថាចៅជាមិនមែនជាមនុស្សបែបនេះទេ ព្រោះចៅជាក៏ជាកូនសេកលោកដែរ លោកស្គាល់ចរិតច្បាស់ណាស់ អ្នកនៅក្បែរនោះក៏ជួយរុំក្បាលឲ្យបុរសប្លែកមុខនោះ ។ ចំណែកព្រះចៅអធិការវត្ត ក៏ដើរមករកបងប្រុសជាដែលកំពុងតែគេចាប់ ហើយខំប្រឹងរើបម្រាស់នោះ ហើយមានសង្ឃដីកាថា៖

-       ឈប់ចងកម្មពៀរទៅណាញោម ! ទោះជាពីមុនមានពៀរអ្វីក៏ដោយ សូមឲ្យរំងាប់ទៅចុះណា សូមឲ្យអហោសិកម្មឲ្យគ្នាទៅ (លោកមានសង្ឃដីកាបែបនេះព្រោះលោកដឹងថា បងប្រុសជាត្រូវកម្រោលចូលហើយ)

-       អត់ទេ! វាធ្វើឲ្យខ្ញុំករុណាស្លាប់ គំនុំនេះមិនអាចអត់ឱនឲ្យបានទេ

-       ស្អីគេ ! នរណាគេធ្វើឲ្យឯងស្លាប់ អញទេដែលស្ទើរតែនឹងស្លាប់នោះបានត្រូវ (បុរសប្លែកមុខនោះនិយាយទៅ)

-       ព្រះចៅអធិការវត្តក៏សួរដំណើរដើមទងទៅ ទើបដឹងថាកម្រោលដែលចូលខ្លួនបង ប្រុសជា គឺមានការយល់ច្រលំ ដោយសារតែកាលពីនៅរស់ កាលពី១ខែមុន គាត់បានឃើញបុរសប្លែកមុខនោះ ដេញវាយគ្នា ហើយចង្អុលមកគាត់ គាត់ក៏ស្មានថាគេមកធ្វើបាប ហើយក៏រត់ទៅដល់ដីដើមអំពិលដែលបងប្រុសជាបានបេះនោះ ក៏ឡើងរត់ពួនលើដើមអំពិល ដោយមិនប្រយ័ត្នក៏ត្រូវពស់វែកចឹកបណ្ដាលឲ្យចុកចាប់ និងស្លាប់ទៅ ប៉ុន្ដែមុនស្លាប់គាត់ក៏ប្រទះកូនពូថៅដែលម្ចាស់ចំការភ្លេច គាត់ក៏យកពូថៅនោះទៅកាប់ពស់ឲ្យស្លាប់ដែរ ហើយក៏ត្រូវបងប្អូនស្វែងរកក៏ប្រទះនៅទីនោះក៏យកទៅធ្វើបុណ្យរួចហើយ ប៉ុន្ដែនៅសល់គំនុំមិនទាន់សងសឹកទើបគាត់តាមចងកម្មពៀរទៀត ។ ពេលឮបែបនេះបុរសប្លែកមុខនោះក៏អាណិត ហើយនិយាយឲ្យយល់សេចក្ដីថាតាមពិតកាលណោះ គាត់មិនបានដេញវាយបុរសនោះទេ គឺគាត់ដេញវាយចោរដែលបានលួចម៉ូតូគាត់ទេ វាលួចយករត់ទៅតាមផ្លូវចំការដើមអំពិលនោះទើបគាត់ដេញតាម គាត់មិនដឹងថាបុរសនោះនៅក្នុងហេតុការណ៍នោះទេ ។

ក្រោយពីស្ដាប់ហេតុការណ៍ចប់ ព្រះតេជគុណក៏មានសង្ឃដីកាណែនាំឲ្យវិញ្ញាណនោះទៅចាប់ជាតិ ព្រោះតែនិស្ស័យកម្មអស់ហើយ កុំឲ្យនៅចងអាឃាត នឹងគ្នាទៀត ពេលនោះបងប្រុសជាក៏ប្រែមកធម្មតាវិញហើយមិនបានដឹងរឿងអីសោះ មិត្តភក្ដិគាត់ក៏ប្រាប់តាមដំណើរ គាត់ក៏សំពះសុំទោសបុរសប្លែកមុខនោះហើយក៏ជូនគាត់ទៅព្យាបាល ក្រោយមកអ្នកទាំងពីរក៏ក្លាយជាសម្លាញ់នឹងគ្នា ចំណែកឯពូថៅនោះ ព្រះតេជគុណបានប្រសិទ្ធីឲ្យ ហើយក៏បងប្រុសជាយកទៅកប់ចោល តាំងពីពេលនោះមកបងប្រុសជាក៏មិនដែលបានឃើញហេតុការណ៍ចម្លែកៗទៀតដែរ ។

Wednesday, November 17, 2021

រឿងក្មេងបាប

 


រឿងនេះជារឿងពិតមួយដែលបានកើតឡើងចំពោះក្រុមក្មេងៗ ដែលរស់នៅជិតវត្ត ព្រោះកាលពីក្មេងអ៊ែដមីនគឺជាកូនសេកលោកម្នាក់ដែរ អ៊ែដមីនតែងតែស្នាក់នៅជាមួយភិក្ខុមួយអង្គព្រះនាម សុវណ្ណ ដើម្បីរៀនធម៌ និងពឹងពាក់វត្តអារាមជាទីស្ងប់សុខ ងាយស្រួលរៀនសូត្រផងដែរ ។ នៅឆ្នាំនេះនៅទីវត្តអារាមមានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ធំជាងរាល់ឆ្នាំ ពុទ្ធបរិស័ទគ្រប់ទិសទី បានមកជួបជុំគ្នាកុះករណាស់ ។ នៅក្នុងចំណោមក្មេងវត្ត មានក្មេងប្រុសម្នាក់ឈ្មោះថា រ៉ាម៉ន ជាក្មេងមួយរពឹស ហើយក្បាលខូចទៀត បើពេលដែលលោកយាយ ឬអាចារ្យតែងតែរៀបចំបាយទឹកឲ្យក្មេងហូបជុំគ្នា ព្រោះគាត់មិនអនុញ្ញាតឲ្យក្មេងៗរត់មកលើកម្ហូបរញ៉េរញ៉ៃទេ និងរក្សាសណ្ដាប់ធ្នាប់ផង ពេលកំពុងហូបគ្រប់គ្នារួមទាំងអ៊ែដមីន គឺហូបតាមសម្រួល តែខុសអីតែរ៉ាម៉ន ហូបញាត់យកៗ ហើយឆ្លៀតយកថង់ច្រកបាយនិងសម្លទៀត អ៊ែដមីនក៏ថា៖

-       អាម៉ន! ម៉េចក៏ឯងច្រកម្ហូបអ៊ីចឹងធ្វើអី?

-       យី! អានេះកុំមកចេះ អញច្រកទុកស៊ីតើ

-       មុននឹងឯងទុក មានគិតអ្នកដទៃដែលគេកំពុងហូបអត់? បើគេហូបអស់ហើយ ឯងទុកក៏គេមិនថាដែរ បើត្រូវការម្ហូបទុកឲ្យអ្នកផ្ទះមែន ទៅសុំតាៗទៅបានហើយ

-       ចុមមើលវានិយាយ អញទុកស៊ីជារឿងរបស់អញ ប្រយ័ត្នត្រូវហ្អែង

ក្មេងៗដទៃទៀត ពុំមាននរណាមួយហ៊ានតមាត់ជាមួយអាម៉នឡើយ ចំណែកខ្ញុំក៏បានត្រឹមតែខឹង លែងស្ដី ដើរចេញពីនោះទៅ ។ ថ្ងៃមួយពេលខ្ញុំកំពុងនៅលេងក្រោមសាលាឆាន់ម្នាក់ឯង ស្រាប់តែអាម៉នដើរមករករឿងខ្ញុំ វានិយាយថាខ្ញុំជាក្មេងចេះដឹង ពូកែមកត្រួតត្រាវា តាមពិតខ្ញុំនិយាយឲ្យវាល្អសោះ វាមើលមុខខ្ញុំរួចក៏ស្ទុះមកវាយតែម្ដង ហើយចាំអូសខ្ញុំទៅសង្កត់មុខផ្កាប់ទៅនឹងដីខ្សាច់ ដោយសារតែខ្ញុំនៅពីក្មេងជាក្មេងស្លូត ហើយម្យ៉ាង ពុំសូវមានសាច់ឈាមប៉ុន្មានទេ ជាហេតុមិនអាចតទល់ជាមួយអាម៉នដែលមានមាឌធំជាង ខ្ញុំស្ទើរតែថប់ដង្ហើមស្លាប់ទៅហើយ ស្រាប់តែត្រូវប្អូនប្រុសរបស់ខ្ញុំមកទាន់ បានជួយអូសអាម៉នចេញ គ្រាន់តែបានងើបផុតពីខ្សាច់ភ្លាម ខ្ញុំជាមួយប្អូនប្រុសក៏ស្ទុះទៅដាល់អាម៉នម្នាក់មួយដៃ ធ្វើឲ្យវាប៉ោងមាត់ វាដឹងថាមិនអាចឈ្នះពីរនាក់បានទេ ក៏រត់ត្រលប់ទៅផ្ទះវិញបាត់ទៅ ។

     មួយរយៈក្រោយមកពិធីបុណ្យភ្ជុំបិណ្ឌក៏មកដល់ មនុស្សម្នាជាច្រើនរៀបចំខ្លួនដើម្បីរៀបចំចង្ហាន់មករាំបាត្របង្សុកូល នារីក៏ស្លៀកពាក់ខ្លះបែបប្រពៃណីអាវប៉ាក់ហូលផាមួង មើលទៅគួរឲ្យគយគន់ណាស់ តែក៏មាននារីមួយចំនួនស្លៀកពាក់ខ្លីៗ បញ្ចេញសាច់ មិនជាទីគួរប្រាថ្នាសោះ គ្រប់គ្នារៀបចំឈរតម្រៀបគ្នា ដើម្បីរាប់បាត្រ ខណៈគេកំពុងតែរាប់បាត្រ ខ្ញុំបានចុះមកដល់លេងក្រោមសាលាឆាន់ ដើម្បីរើសកៅស៊ូកងទុកលេង ស្រាប់តែឃើញពួករ៉ាម៉ន និងគ្នីគ្នាកំពុងតែឈរពីក្រោមកន្លែងគេរាប់បាត្រ ហើយនាំគេសើចលាន់ឡើងថា៖ ក្រហម ស ស្អីមិនដឹងទេ ខ្ញុំហាក់បីដូចសង្ស័យក៏ដើរទៅក្បែរឃើញរនាបត្រង់គេឈរនោះមានប្រហោងធំៗប៉ុនធ្នាប់ដៃ ខ្ញុំក៏ដឹងថាពួកវានេះលួចមើលខោក្នុងស្រីៗដែលស្លៀកខ្លីនោះឯង ទើបប្រាប់ថា៖

-       នែ៎! ពួកឯងមើលស្អីហ្នឹង ការងារល្អមួយគំនរមិនព្រមធ្វើទេ ធ្វើតែរឿងផ្ដេសផ្ដាស

-       ម៉េចថ្ងៃមុនអញវាយចង់ងាប់ អត់រាងទេហ៎

-       អញមិនខ្លាចឯងទេ ពួកឯងខំមើលទៅប្រយ័ត្នតែបាបជាន់ ធ្លាក់បាយក្ដៅ ដាក់ភ្នែកខ្វាក់ទៅ

-       អញមិនខា្លច

និយាយមិនទាន់ចប់ផង ស្រាប់តែអ្នកដាក់បាត្របានកំពប់បាយក្ដៅ ធ្លាក់ចំភ្នែកអាម៉ន មែន វាក៏ក្ដីផ្សារស្រែកឈឺណាស់ ហើយក៏ស្ទុះដេញវាយខ្ញុំទៀត តែសំណាងល្អ រត់ចុះរត់ឡើង ខ្ញុំទៅពួនក្រោមដើមពុទ្រាមួយ ស្រាប់តែវាមកទាន់រត់មកដល់ក្រោមដើមពុទ្រានោះ ក៏ត្រូវស្រាំងទិញហើមមុខគ្រប់គ្នា ឯខ្ញុំរត់ចេញផុតទាន់ ប៉ុណ្ណឹងហើយវាមិនអស់ចិត្តទៀត រិតតែក្ដៅក្រហាយ ដេញចាប់ខ្ញុំ រត់ចុះរត់ឡើង ខ្ញុំក៏រត់ទៅពួនលើដើមពោធិ៍ក្បែរសំណាកព្រះអង្គខ្មៅ (រូបបដិមាព្រះភ្នែនដែលមានពស់ក្បាលប្រាំបីបាំងឲ្យទ្រង់) ពួកអាម៉នដឹងថាខ្ញុំពិតជាពួននៅទីនោះ ព្រោះខ្ញុំឧស្សាហ៍ឡើងបេះផ្លែពោធិ៍ហូបណាស់ វាក៏នាំគ្នាព័ទ្ធខ្ញុំជុំវិញ ខ្ញុំមិនដឹងរត់ទៅណា ក៏លើកដៃប្រណម សុំឲ្យលោកតាថែរក្សាដើមពោធិ៍ជួយ ត្បិតបើចុះទៅពិតជាពួកនោះវាយស្លាប់មិនខានទេ ស្រាប់តែដូចបំណង ក៏មានពស់វែកក្របីមួយក្បាល បានវាចេញពីរន្ធដើមពោធិ៍​ សំដៅទៅរ៉ាម៉ន ដោយឃើញបែបនោះពួករ៉ាម៉ន ក៏រត់ចែកជើងគ្នាព្រាត ខ្ញុំក៏បានរួចខ្លួនម្ដងទៀត ។

ក្រោយមកនៅថ្ងៃមួយមានគេយកមាន់ស្ងោរ ក្បាលជ្រូកស្ងោរមកសែនឲ្យអ្នកតានៅក្នុងវត្ត ទាំងគេទាំងខ្ញុំគឺទៅអង្គុយ ដើម្បីសុំសំបក ប៉ុន្ដែខ្ញុំទាល់តែធូបអស់បានហ៊ានសុំយកសំបក ហើយមិនយកក្បាលជ្រូកទេ ទោះឃ្លានប៉ុណ្ណាក៏ដោយ ព្រោះលោកគ្រូសូត្រស្ដាំ គាត់ផ្ដាំថាកូនសិស្សលោក មិនអាចយកសំណែនបានទេ ប៉ុន្ដែខ្ញុំមិនពេញលក្ខណៈជាកូនសិស្សលោកទេ អាចយកបាន តែហាមយកក្បាលជ្រូក ព្រោះជារបស់អ្នកតាចូលចិត្ត បើហ៊ានយកពិតជាមានបញ្ហាមិនខាន ។ ខណៈពេលកំពុងអង្គុយចាំធូប ស្រាប់តែអាម៉នមកទៀត លើកនេះវាមិនមកវាយទេ គឺមិនដណ្ដើមសំណែន ខ្ញុំប្រាប់វាថា

-      អើ! បើឯងមកសុំសំណែនក៏យកទៅ អញយកតែនំនិងទឹកក្រូចទេ មាន់ ជ្រូកឯងយកចុះ ប៉ុន្ដែកុំយកក្បាលជ្រូកអី ប្រយ័ត្នមានបញ្ហា ព្រោះលោកគ្រូគាត់ប្រាប់ហាម ។

-      អញយកទាំងអស់ ម៉េច ចង់ធ្វើអីអញ

ថាហើយអាម៉ន ក៏ទៅផ្ដុំធូបពន្លឿនឲ្យឆាប់អស់ ដោយយូរពេក វាក៏កាច់ធូបនោះបំបាក់ ហើយក៏សំណែនអស់ ទុកតែទឹកក្រូចឲ្យខ្ញុំ១កំប៉ុង ខ្ញុំក៏មិនដឹងជាថាអ្វីដែរ ។ ក្រោយមកអាម៉នបានយកសំណែនទៅស៊ី មិនទាន់អស់ផង តែវាចាប់ផ្ដើមចុកពោះយ៉ាងខ្លាំង ហើយស្រែកយំរកគេជួយ ខ្លួនវាចាប់ផ្ដើមខ្មៅ ដូចគេរោលនឹងភ្លើង សាច់ក៏ចាប់ផ្ដើមហើមភ្លាមៗ ហើយស្ទើរតែប្រេះទៅហើយ តែមួយភ្លែតសោះវាដើរមិនរួច ដេកនឹងកន្ទេល មើលពីចម្ងាយគឺដូចទៅនឹងសាកសពដែលកំពុងហើមរលួយអញ្ចឹង ខ្ញុំមិនបានគុំគួនអីទេ ព្រោះក្មេងដូចគ្នា ក៏រត់ទៅពិតលោកគ្រូ លោកគ្រូដឹងហើយក៏ប្រញាប់និមន្ដមក ហើយក៏សួរគ្រប់រឿង ទើបលោកមានសង្ឃដីកាឲ្យខ្ញុំទៅយកផ្ដិលទឹកមន្ដ និងរៀបចំធូបបីសរសៃអុជ និងឲ្យអាម៉នខមាលទោសអ្នកតា រួចលោកគ្រូក៏តាំងសូត្របាលី ផ្លុំស្ដោះ និងប្រោះទឹកឲ្យអាម៉ន មួយស្របក់ រូបរាងកាយអាម៉នក៏ស្រកលែងហើយ និងវិលមករកធម្មតា និងបានទៅថ្វាយបង្គំសុំខមាលទោសលោកគ្រូ និងអុជធូបស្បថលែងហូបសំណែនអ្នកតា និងបានតាំងចិត្តរៀនធម៌ ហើយក៏បានបួសជាសាមណេរក្នុងវេលាក្រោយមក ។

Tuesday, November 9, 2021

រឿងកាប់មិនមុតដុតមិនឆេះ

 


រឿងនេះក៏ជាចំណែកមួយនៃបណ្ដារឿងអាគម អូមអាមរបស់ខ្មែរយើងដែរ រឿងនេះផងដែរ ជីតារបស់អ៊ែដមីនជាអ្នកនិយាយប្រាប់ ព្រោះគាត់ជាមនុស្សចាស់ដែលកើតទាន់ដល់ទៅ៣ជំនាន់ ប៉ុន្ដែគាត់បានចែកឋានចោលអ៊ែដមីនយូរហើយ ថ្ងៃនេះដើម្បីជាការរំលឹកដល់គាត់ អ៊ែដមីនសូមលើកយករឿងដែលគាត់បាននិទានដូចតទៅ៖

          កាលពីមុននៅក្នុងខេត្តកំពង់ចាម មានប្រជាជនដែលចំណូលស្រុកច្រើនណាស់ ក្នុងនោះក៏មានតារបស់អ៊ែដមីនដែរ តាអ៊ែដមីនគាត់មិនមែនជាមនុស្សចេះមន្ដអាគមអ្វីទេ គាត់ចេះតែរកថ្នាំឈើបុរាណជួយអ្នកស្រុកភូមិប៉ុណ្ណោះ ក្រោយពីបានចាប់ដៃគ្នាជាមួយយាយរបស់អ៊ែដមីន ពួកគាត់រស់នៅយ៉ាងសុខសាន្ដ ។ តែភាពសុខសាន្ដនោះមិនបានយូរអង្វែងទេ ដោយសារតែមានមនុស្សប្លែកចូលមកនៅក្នុងភូមិ ដែលគេល្បីតគ្នាថាគាត់នោះចេះមន្ដអាគមច្រើនណាស់ រួមទាំងអាគមកាប់មិនមុតដុតមិនឆេះទៀតផង ដែលគាត់ប្រើសាក់យ័ន្ដនិងខ្លួនតែម្ដង ពុំប្រើអាវយ័ន្ដនោះទេ ជាហេតុធ្វើឲ្យគាត់សាច់ស្វិតកាប់មិនមុតទេ។ នៅថ្ងៃមួយមានបុរសចេះអាគមដំស្នឹង បានបង្អួតអ្នកស្រុកលេង ដោយចង់ឲ្យគេបានដឹងពីមន្ដអាគមខ្មែរយើងថាពូកែស័ក្ដិសិទ្ធិប៉ុណ្ណា គាត់អង្គុយពេនភ្នែន និងចាប់សូត្រអាគមឡើង រួចឲ្យមនុស្សពីរនាក់មកលើកគាត់ឲ្យហើបពីដី ប៉ុន្ដែលើកពុំរួច សូម្បីតែរង្គើ មិនរង្គើផង ក្រោយមកក៏មនុស្សបួននាក់ នៅតែមិនរួចទេ ចូលដល់៨នាក់ ក៏ពុំរង្គើដែរ ស្របពេលនោះយាយរបស់អ៊ែដមីន គាត់ក៏ជាគ្រូបុរាណដែរ ដែលអ៊ែដមីនធ្លាប់បានលើកឡើងម្ដងហើយក្នុងរឿងវិញ្ញាណសណ្ឋិត គាត់ក៏បានដឹងព្រោះមនុស្សធម្មតាមើលមិនឃើញស្នឹងដែលគាត់បានដាំនោះទេ អញ្ចឹងគាត់ក៏ដើរទៅរកកន្លែងនោះដោយសូត្រអាគមដោះស្នឹងចេញ រួចគាត់គ្រាន់តែមួលស្លឹកត្រចៀកបុរសនោះ ក៏ហើបចេញពីដី ធ្វើឲ្យគ្រប់គ្នាស្ញើចគ្រប់ៗគ្នា ​ឯបុរសនោះក៏សើចហើយនិយាយថា៖ មិនដឹងជាស្អីទេបង! គ្រាន់តែខ្ញុំលេងជាមួយអ្នកភូមិសោះ ក៏មកធ្វើបាបប្អូនដែរ យាយក៏ឆ្លើយតប៖ អើ! មកពីអញឃើញទើសភ្នែកពេក លេងរបៀបធ្វើបាបអ្នកភូមិ បើលេងមិនប្រើអាគម ទៅមានស្អី ដល់ខ្លួនឯងដាំស្នឹងហើយ ឲ្យគេលើក មនុស្សធម្មតាម្ដេចនឹងលើកកើត ទាល់តែត្រូវអញ្ចឹងបានរៀង កុំឲ្យអួតពេក ។

បាទបងៗ ខ្ញុំលែងហ៊ានលេងបែបនេះហើយ ។

          ក្រោយមកបុរសប្លែកមុខដែលចូលមករស់នៅក្នុងភូមិនោះ មានថ្ងៃមួយផឹកស្រា   ស្រវឹងទាំងថ្ងៃ រួចក៏ដើរស្រែកជេរគេពេញហ្នឹង ហើយកើតជារឿងវាយតប់គ្នា គ្រប់គ្នាក្ដៅក្រហាយណាស់ ស្រាប់តែពូចនជាមនុស្សដៃឆៅ បានស្ទុះទាញកាំបិតផ្គាក់ទៅកាប់បុរសនោះប៉ុន្ដែមិនមុតសូម្បីតែបន្ដិច បុរសនោះក៏សើចផ្គើនថែមទៀត ។ បន្ដិចក្រោយមកលោកមេភូមិក៏មកសម្រួល ដើម្បីកុំឲ្យមានបញ្ហាទៀត រឿងនេះក៏បានស្ងប់ស្ងាត់មួយរយៈ ។

          បានប្រហែលជាមួយខែក្រោយមក អ្នកភូមិក៏ស្រាប់តែបាត់ក្របីស្ទើរគ្រប់ផ្ទះ ដោយមិនដឹងបាត់ទៅណា ទោះបីជាដើររកយ៉ាងណាក៏មិនឃើញដែរ ។ នៅវេលាយប់មួយក្នុងពេលគ្រប់គ្នាកំពុងតែដេកលង់លក់ ស្រាប់តែផ្ទះជីតាខ្ញុំឆ្កែក៏ចាប់ផ្ដើមព្រុសពេញហ្នឹង អញ្ចឹងគាត់ក៏សង្ស័យថាប្រាកដជាចោរចូលផ្ទះមិនខាន ព្រោះក្របីផ្ទះគាត់មិនទាន់មាននរណាលួចបានទេ ព្រោះវាខ្លាំង សូម្បីតែខ្លាក៏ស៊ីមិនបានផង ជីតារបស់ខ្ញុំក៏ដាស់យាយ មួយសន្ទុះសម្លេងឆ្កែក៏បាត់ គាត់អើតតាមបង្អួចផ្ទះក៏ស្រាប់តែឃើញខ្លាមួយក្បាលកំពុងតែដើរលបមកក្រោលក្របី យាយគាត់ឃើញបែបនេះក៏ដឹងថាមិនមែនជាខ្លាមិនទែនទេ តែជាខ្លាអាគមដែលគេប្រសិទ្ធីដោយអាគមទេ គាត់ក៏សូត្រសែកអាគមរួចផ្លុំទៅវិញ ទើបខ្លានោះរលាយបាត់វិញ ក៏ស្រាប់តែឮសូរសម្លេងក្របីដើរ តែមិនមានសម្លេងស្រែកទេ ព្រោះវាស្រែកពុំរួច ព្រោះអាគមចងហើយ គាត់ក៏នាំគ្នាចុះទៅមើលឃើញក្របីបាត់ពីក្រោលទាំងអស់ គាត់ក៏ឲ្យតាគោះត្រដោកប្រាប់អ្នកភូមិ អ្នកភូមិក៏ផ្អើលអុជចន្លុះរួចមកជួបជុំគ្នានៅមុខផ្ទះតាអ៊ែដមីន។ ក្រោយពីជួបជុំគ្នាហើយ អ្នកភូមិរួមទាំងតាយាយរបស់អ៊ែដមីនក៏នាំគ្នាដើរតាមគន្លងដានជើងក្របីទៅដល់ព្រៃចុងភូមិក៏ពើបប្រទះនឹងក្របីជាច្រើនកំពុងចងជាហ្វូង បម្រុងដឹកចេញទៅ ហើយគ្រប់គ្នាបម្រុងដើរចូលទៅលែងក្របី ទើបយាយរបស់អ៊ែដមីនប្រាប់ថាកុំអាលទៅ ព្រោះអ្វីដែលយើងឃើញអាចមិនមែនការពិតទេ គាត់ក៏សូត្រផ្លុំអាគមដែលគាត់ចេះ ចាប់ដីមួយក្ដាប់ដៃបាចទៅ ឃើញថាទីនោះប្រែទៅជារណ្ដៅដែលមានចម្រូងឬស្សីជាច្រើន បំណងថាបើដើរចូលពិតជាធ្លាក់ចូលរណ្ដៅនោះស្លាប់ជាក់ជាមិនខាន គាត់ក៏ចាប់ផ្ដើមគន់គូររកទិសដែលក្រុមចោរដឹកក្របីទៅ ឃើញហើយក៏នាំអ្នកភូមិចេញទៅតាមទាន់ តាមពិតគឺបុរសប្លែកមុខម្នាក់នោះសោះ ដោយសារតែមានអំណួតរឿងអាគមកាប់មិនមុតដុតមិនឆេះ បុរសនោះមិនខ្លាចទេ អ្នកភូមិក៏ប្រយុទ្ធតទល់ជាមួយបុរសនោះតែមិនឈ្នះបុរសនោះទេ សូម្បីតែយាយអ៊ែដមីនក៏គាត់មិនអាចជួយអ្វីបានដែរ គ្រានោះតារបស់អ៊ែដមីន គាត់ក៏បោះពាក្យថា កាប់មិនមុតដុតមិនឆេះមែន តែមិនមែនវាយមិនចេះគ្រាំឯណា ភ្លាមនោះអ្នកភូមិក៏ពួតគ្នាវាយដោយដៃ និងដំបង តែបុរសនោះនៅតែមិនអីទេ តាអ៊ែដមីនក៏លើកដៃបួងសួងឡើងថា៖ បពិត្រទសបារមីនៃព្រះរតនត្រ័យ បពិត្របារមីគុណូបការៈនៃមាតាបិតាខ្ញុំ អ្នកសច្ចំបង់បត់ ដោយអំណាចនៃអំពើល្អដែលខ្ញុំសាង សូមផ្ដល់នូវឬទ្ធីនុភាពដល់កាំបិតខ្ញុំនេះ កាប់ពួកអបល័ក្ខណ៍កាលណាឲ្យមុត វិនាសតៃហោង ដូចបំណង គាត់ក៏ហូតកាំបិតផ្គាក់រត់ចូលព្រៃមួយស្របក់ រួចចេញមកវិញស្ទុះទៅកាប់បុរសនោះ ដូចបំណង មួយកំាំបិតឈាមហូរស្រោចពេញខ្លួន បុរសនោះដឹងថាអាគមរបស់ខ្លួនមិនអាចជួយបាន ក៏រត់ភៀសខ្លួនចេញពីនោះបាត់ជារៀងរហូត ហើយអ្នកភូមិក៏រស់នៅបានសុខសប្បាយរៀង     មក។

Monday, November 1, 2021

រឿងអាគមបង្រួញដី


មន្ដអាគម គាថា អបិយជំនឿជាច្រើន នៅប្រទេសខ្មែរយើង គឺមានកំណើតតាំងពីបុព្វកាលមកម្ល៉េះ ទោះបីជាមកដល់សម័យទំនើបនេះក៏ដោយក៏ជំនឿទាំងនេះផងដែរ។ អាគមមហាកម្លាំង ទម្ងន់ដៃ កាប់មិនមុតដុតមិនឆេះ ជាដើម ហើយថ្ងៃនេះខ្ញុំសូមលើកយករឿងអាគមបង្រួញដីមកនិទានជូនអ្នកទាំងអស់គ្នា ៖

          ថ្លែងពីបុរសម្នាក់ឈ្មោះ ទុន ប្រកបរបរជាកសិករនៅក្នុងភូមិមួយ គាត់មានមាឌល្អិតបន្ដិច ប៉ុន្ដែគាត់ក៏ជាមនុស្សម្នាក់ចូលចិត្តផឹកស្រាផងដែរ ដែលប្រពន្ធគាត់តែងតែហាមប្រាម ព្រោះពេលដែលគាត់ស្រវឹង គឺគាត់ចចេសខ្លាំងណាស់ ។ ដោយសារតែប្រពន្ធគាត់បានដឹងថាប្ដីគាត់បានរៀនអាគមបង្រួមដី ដែលអាគមនេះពេលប្រើម្ដងៗ គឺសម្លាប់ជីវិតសត្វច្រើនណាស់ ព្រោះការដែលដើរចម្ងាយ២០គីឡូម៉ែត្រ ត្រូវចំណាយពេលជាង១ម៉ោង តែប្ដីគាត់ប្រើពេលមិនដល់១០នាទីផង គឺគាត់តែងតែប្រើអាគមបង្រួមដី ។ ជារៀងរាល់ព្រឹក ពូទុនត្រូវសូត្រអាគមដែលគាត់ហាត់នោះ រួចផ្លុំទៅឆ្វេង៧ដង ទៅស្ដាំ៧ដង គាត់ត្រូវសូត្រអាគមនោះរាល់ថ្ងៃ ដើម្បីឲ្យវាស័ក្ដិសិទ្ធ គឺនៅពេលគាត់ត្រូវការប្រើ គា្រន់តែនឹកដល់អាគមនោះ គឺគាត់អាចបង្រួញដីបានភ្លាមៗ ។

          នៅថ្ងៃមួយនៅពេលពូទុនបានទទួលដំណឹងថា ឪពុករបស់គាត់ដែលមានវ័យជាង៧០ឆ្នាំបានទទួលមរណភាព គាត់ក៏បានប្រាប់ទៅប្រពន្ធឲ្យរករទេះអ្នកស្រុកដើម្បីជិះទៅតាមក្រោយគាត់ ចំណែកគាត់ធ្វើដំណើរទៅមុន ដោយចម្ងាយពីផ្ទះគាត់ទៅផ្ទះឪពុករបស់គាត់ គឺឆ្ងាយគួរសមដែរ ជាង៥០គីឡូឯណោះ ម្យ៉ាងត្រូវកាត់តាមស្រែ ឬតាមភូមិ ឬតាមផ្លូវដើរកៀនផ្ទះរបស់អ្នកភូមិ បើជិះរទេះយ៉ាងតិចក៏ប្រើពេលជាង១ព្រឹកដែរ ប៉ុន្ដែគាត់ក៏នាំបងប្អូនប្រុសម្នាក់ទៅជាមួយ ដើម្បីទៅរៀបចំចាត់ចែងក្នុងពិធីបុណ្យសព ។ ខណៈដែលកំពុងតែដើរទៅ ពូទុនក៏សូត្រអាគមបង្រួញដីរបស់គាត់ផ្លុំទៅឆ្វេង៧ ផ្លុំទៅស្ដាំ៧ ដោយតាំងឡើងថា៖ ព្រាយហោះព្រាយហើរ ព្រាយដើរលើដី............(អាគមនេះអ៊ែដមីនអត់ចេះទេ តែធ្លាប់ឮគេសូត្រ ពេលគេត្រូវប្រើវា) ភ្លាមៗនោះ ពូទុនបានដល់ជិត២០គីឡូម៉ែត្របាត់ ឯប្អូនប្រុសម្នាក់ទៀត ដើរមិនទាន់នោះទេ ព្រោះគាត់ដឹងថាពូទុនពិតជាប្រើអាគមនេះប្រាកដ ។ ក្រោយពីទៅដល់ផ្ទះរបស់ឪពុកគាត់ហើយ ពូទុន ក៏ចាត់ចែងរៀបចំបុណ្យសព រង់ចាំប្រពន្ធកូននិងសាច់ញាតិដទៃទៀតមកដល់ ។ លុះពិធីបុណ្យសពបានចប់សព្វគ្រប់ហើយ ប្រពន្ធគាត់ក៏នាំកូនត្រលប់មកផ្ទះមុន ចំណែកគាត់នៅកំដរម្ដាយ និងចង់នៅលេងបងប្អូនបាន២-៣ថ្ងៃ ។ យប់ឡើងពូទុននិងសាច់ញាតិដទៃទៀត ក៏នាំគ្នាទិញស្រាមកពីចុងភូមិ ដើម្បីផឹកស៊ី កាប់ជ្រូកអស់មួយទៀត ដល់ពេលផឹកអស់ស្រា យប់ល្មម អញ្ចឹងហើយសាច់ញាតិគាត់បានលាន់មាត់ថា៖

-       ចុម! អស់ស្រាបាត់! បាននរណាទៅទិញ ឥលូវងងឹតបាត់ហើយ កំពុងតែជាប់មាត់ផង

ភ្លាមនោះ អន្ទិតសុះ ជាក្មួយរបស់ពូទុន ក៏សុំទៅទិញស្រា តែទម្រាំដើរទៅដើរមក ប្រើពេលជិតកន្លះម៉ោង ឯគ្រប់គ្នាដែលរង់ចាំនៅទីនេះ គឺនៅមិនសុខ នៅតែសាច់ក្លែម អស់តែស្រា អង្គុយទាំងជូរមាត់ ហើយរអ៊ូគ្រប់គ្នា។

-       អញប្រាប់ហើយ ថាទិញឲ្យច្រើនមក មិនជឿអញទេ ហើយវាទៅហ្នឹង យកលុយទៅប៉ុន្មាននោះ អញសង្ស័យទិញតែ២លីត្រអីចប់បាត់បណ្ដោយ ។

មួយសន្ទុះក្រោយមកអន្ទិតសុះដើរមកវិញ បែកញើសជោគខ្លួន ហើយនិយាយថា៖

-       ស្លាប់ហើយ! ទម្រាំបានទិញ ហើយដើរមកវិញ អស់អារម្មណ៍ផឹកបាត់ហើយពូ ហើយខ្ញុំទិញបានតែ២លីត្រទេ លុយអត់គ្រប់

-       អញថាមែន មែន (ពូសុខរអ៊ូ)

គ្រប់គ្នាក៏អង្គុយបន្ដផឹកស្រានៅវាលមុខផ្ទះ ខណៈពេលដែលស្រវឹងជោគជាំខ្លាំង ស្រាប់តែអស់ស្រាទៀត ពេលនោះគ្រប់គ្នាថា ឈប់ផឹក តែពូទុននិយាយថា៖

-       យូរៗមកលេងផ្ទះម្ដង ផឹកជុំគ្នាម្ដង ម៉េចក៏ឆាប់ឈប់ម្ល៉េះ!

-       មាននរណាថាឈប់ឯណា ! តែមើលទៅ ទៅទិញមុនហ្នឹងវាជិតកន្លះម៉ោង នេះបើនៅផឹកទៀត បែបទល់ភ្លឺក៏មិនស្រវឹងដែរ ដើរចុះដើរឡើងស្វាងបាត់ហើយ

-       មិនអីទេ! ចាំខ្ញុំទៅទិញ(ពូទុននិយាយ)

-       កុំទៅអីឪ ឪឯងស្រវឹងខ្លាំងហើយ (កូនគាត់រារាំងឪពុក តែពូទុនមិនព្រមស្ដាប់)

គាត់ក៏ដើរចេញទៅបានបន្ដិច ក៏នឹកអាគមគាត់សូត្រផ្ដុំ ក៏ធ្វើដំណើរទៅ ហើយកូនគាត់សុំទៅជាមួយ គាត់ក៏លើកកូនដាក់ជិះលើក  ប៉ុន្ដែដោយសារតែគាត់ស្រវឹងខ្លាំងពេក នៅពេលសូត្របង្រួញដី គាត់ដើរលឿនពេក គេចមិនទាន់ក៏បុកចាំដើមត្នោតមួយដើម បាក់កស្លាប់ក្នុងពេលនោះទេ  ចំណែកកូនគាត់មិនបានរងរបួសទេ ភ្លាមៗនោះ កូនរបស់គាត់ក៏រត់ត្រលប់មកផ្ទះវិញ ស្រែកហៅអ៊ំៗឲ្យជួយ តែគួរឲ្យសោកស្ដាយណាស់ ព្រោះពូទុនបានស្លាប់បាត់បង់ជីវិតទៅហើយ ។ គ្រប់គ្នាបានតែទុក្ខសោក នាំដំណឹងនេះទៅប្រពន្ធគាត់ និងរៀបចំបុណ្យសពតាមប្រពៃណី ។