Sunday, September 5, 2021

រឿងខ្មោចសណ្ឋិត

 

ខ្មោចសណ្ឋិត ខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាបានឮគេនិយាយហើយ គ្រាន់តែអ្នកខ្លះមិនជឿទេ គេតែងគិតបែបវិទ្យាសាស្រ្ដថាម្នាក់នោះមិនមែនខ្មោចសណ្ឋិតអីទេ ម្នាក់នោះគ្រាន់តែមានជំងឺស្កន់ ឬជំងឺវង្វេងប៉ុណ្ណោះ ប៉ុន្ដែទាល់តែជួបខ្លួនឯងបានជឿមើលទៅ ដូចចាស់លោកថាបើមិនជឿកុំប្រមាថ បើអ្នកមិនជឿទេ សូមកុំតែនិយាយប្រមាថ ព្រោះវាអាចនឹងនាំអន្ដរាយដល់អ្នកបាន ដូចជាតំណាលមួយ៖

          នៅក្នុងភូមិមួយ មានក្មេងកំលោះម្នាក់ឈ្មោះ សុភាព ជានិស្សិតទើបតែបញ្ចប់ការសិក្សាផ្នែកពេទ្យនៅទីក្រុងភ្នំពេញ គាត់ជាមនុស្សដែលទាន់សម័យ ទៅភ្នំពេញតែប៉ុន្មានឆ្នាំ ត្រលប់មកស្រុកកំណើតវិញ ចង់ភ្លេចកំណើតខ្លួន ។ នៅពេលត្រលប់មកវិញអ្នកផ្ទះ អ្នកជិតខាង ក៏ដូចជាអ្នកភូមិទាំងមូលពិតជាមានសេចក្ដីសប្បាយចិត្តណាស់ ព្រោះនៅភូមិនេះពុំមាននរណាមានឱកាសបានបន្ដការសិក្សារហូតដល់ចប់ម៉ាស្ទ័រនោះទេ ភាគច្រើនបានត្រឹមបាក់ឌុប អ្នកអ្នករៀនមិនចប់ផង ដោយសារតែជីវភាពក្រីក្រ ហើយសុទ្ធតែអ្នកស្រែចំការ គិតថាមិនបាច់រៀនសូត្រខ្ពស់អីទេ បើគង់តែរកការងារក៏ពិបាក ព្រោះសម័យនេះគេទាល់តែមានខ្សែមានខ្នង ទើបអាចសង្ឃឹមបាន ប៉ុន្ដែសុភាពជាមនុស្សម្នាក់ដែលមិនគិតបែបនេះទេ​គេចង់បន្ដការសិក្សាផ្នែកពេទ្យ ព្រោះគេបានឃើញម្ដាយរបស់គេតែឧស្សាហ៍មានបញ្ហាសុខភាពជាប្រចាំថ្ងៃ ម្យ៉ាងនៅក្នុងភូមិនេះគឺនៅឆ្ងាយពីរួមខេត្ត អញ្ចឹងពិបាករកពេទ្យព្យាបាលណាស់ ដោយមើលឃើញពីបញ្ហានេះ ទើបសុភាពបានពុះពាររៀនសូត្ររហូតបានសម្រេចបានតាមបំណង ប៉ុន្ដែក៏ត្រូវចំណាយច្រើនដែរ ។ ប៉ុន្ដែដោយសារតែសិក្សានៅភ្នំពេញធ្វើឲ្យគេប្រែប្រួលក្លាយជាមនុស្សទាន់សម័យពេក លែងចង់ស្គាល់អ្នកភូមិផងជាមួយគ្នា ។ ក្រោយពីត្រលប់មកផ្ទះវិញបានប្រហែលជា៥ថ្ងៃម្ដាយរបស់គេ អ្នកមីងខៃកំពុងតែហូបបាយជុំគ្នាសុខៗ ស្រាប់តែគាត់ចាប់ផ្ដើមញ័រដៃជើងកន្រ្ដាក់ ភ្នែកសបញ្ឈរ ខាំមាត់ខាំធ្មេញ សង្កៀតចុះសង្កៀតឡើង រួចចង្អុលទៅនាយសុភាព ហើយនិយាយដោយកំហឹងថា៖ ហែង ! ហែង មើលងាយអញ ហែងមិនគោរពអញ ភ្លាមៗនោះ ប្អូនៗសុភាព និងឪពុករបស់នាយ បានឃើញពីស្ថានភាពក៏យល់ ហើយក៏និយាយលួងលោមទៅថា ៖ តើខឹងរឿងអី ហើយនរណាគេហ្នឹងដែលខឹង ។ នាយសុភាពក៏សួរទៅឪពុកទាំងឆ្ងល់ថា៖ ពុក ! ពុកសួរនរណាគេ ម៉ែគាត់ប្រហែលជាមានបញ្ហាអ្វីហើយ ចាំខ្ញុំពិនិត្យជីពចរ និងវាស់សម្ពាធឈាមឲ្យគាត់សិន ពុកជួយនាំម៉ែទៅសម្រាកសិនទៅ ។ ពេលដែលនាយពិនិត្យជីពចរ និងវាស់សម្ពាធឈាម ឃើញថាមិនមានបញ្ហាទេ ។ នាយក៏ឧទានឡើង៖ ទេ! ជីពចរ និងសម្ពាធឈាមធម្មតាទេ ម៉េចក៏ម៉ែញ័រកន្រ្ដាក់ម៉្លេះ ។ ឪពុកនាយឃើញក៏ប្រាប់កូនថា ម៉ែកូនឯងត្រូវខ្មោចចូលសណ្ឋិតហើយ ប្រហែលជាខ្មោចខាងដូនតាហើយ ខឹងនឹងកូនឯង ។ ស្ដាប់ហើយនាយសុភាពប្រុងតែនឹងសើច តែខំទប់កុំឲ្យឪពុកនិងបងប្អូន គិតថាខ្លួនសើចទៅកើត ឃើញម្ដាយកំពុងតែពិបាកហើយ ភ្លាមៗនោះ ឪពុករបស់នាយបានប្រើប្អូនៗទៅជួយហៅអ្នកជិតខាងមកជួយ ។ មួយសន្ទុះក្រោយមកក៏មានចាស់ៗជាច្រើនបានមកឈូឆរ ចោមរោម អ្នកខ្លះក៏អុជធូប ជួយនិយាយជួយបន់ ខណៈនោះលោកយាយសយ ជាចាស់ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ ក៏ប្រាប់នាយសុភាពឲ្យទៅរកពងមាន់ថ្មីដែលទើបនឹងពងដំបូង២ គ្រាប់មក ។ នាយសុភាពក៏ចេញទៅរកតាមតម្រូវការដោយមិនយល់ថាគេយកពងមាន់ហ្នឹងមកធ្វើអីទេ ក្រោយពីរកបានពងមាន់ហើយ យាយសយក៏ចាប់ផ្ដើមអុជធូប ដុតទៀន រួចដាក់ពងមាន់នោះលើចានមួយ រួចចាប់ផ្ដើមនិយាយឡើង៖ មើលណា! រូបនេះបានធ្វើអ្វីខុស ឬមានឆ្គាំឆ្គងត្រង់ណា សូមប្រាប់មកណា កុំធ្វើបាបគ្នា គ្នាមិនដឹងអីទេ ហើយចុះអ្នកចូលរូបនេះជានរណា ជាខ្មោចមកពីខាងណា ហ៎ក បើខ្មោចអារុក្ខអារក្ខខាងឪពុក សូមឲ្យពងមាន់ចាប់ទៅចុះ (គាត់និយាយបែបនេះពីរដងនៅតែមិនជាប់) ហ៎កណា បើមិនមែនខាងឪពុកទេ សូមបូលរកខាងម្ដាយវិញ បើពិតជាខ្មោចដូនតាខាងម្ដាយខឹងសម្បារនឹងកូនចៅមែន សូមឲ្យពងមាន់ឈរឆ្ដុបទៅ ភ្លាមនោះពងមាន់ដែលបូលបានឈរត្រង់ស្ងៀមនៅលើចាននោះដោយមិនមានរលំទេ គ្រប់គ្នាក៏លាន់មាត់ឡើង ៖ ហ៎ក! ឥលូវនេះឃើញថាពិតជាខ្មោចដូនតាខាងម្ដាយធ្វើមែន តោះឥលូវនេះកូនចៅបានដឹងហើយ  ឥលូវនេះសូមប្រាប់កូនចៅមកណា តើដូនតាខឹងសម្បារនឹងនរណា យាយសយក៏ចាប់និយាយរៀបរាប់កូនចៅរបស់គាត់ ព្រមទាំងម្ចាស់រូប ដោយដាក់ពងមាន់មួយទៀតដើម្បីបូលរក តែមិនឃើញមានជាប់ទេ ទាល់តែដល់ឈ្មោះសុភាព ទើបពងមាន់ចាប់ឆ្ដុប ត្រង់ស្ងៀម ។ យាយសយក៏តាំងឧទានឡើង ៖ ន៎! ន៎ ឃើញហើយ ដូនតាខឹងអាចៅសុភាព ព្រោះប្រហែលជាអាចៅមានការប៉ៈពាល់ដោយប្រការណាមួយហើយ (នាយសុភាពចង់តមាត់ដែរ តែត្រូវយាយសយខ្សឹបប្រាប់ថានៅឲ្យស្ងៀម ហើយចាំថាតាមគាត់បើចង់ជួយម្ដាយ ហេតុតែចង់ជួយម្ដាយសុភាពសុខចិត្តនៅស្ងៀមទទួលយកអ្វីដែលគេមិនជឿទាល់តែសោះ) ។ ណ្ហើយ! ឥលូវនេះកូនចៅដឹងកំហុសហើយ ម្យ៉ាងកូនចៅនៅក្មេងពុំទាន់ដឹងរាក់ជ្រៅទេ សូមដូនតាមកុំប្រកាន់អី ! ​ឲ្យតែឈប់ខឹងកូនចៅនឹងចំសែនថ្វាយ មានបង្អែមចំអាប នំនែក មាន់ស្ងោរ បាយសម្លឲ្យ ហ៎ក! អាចៅ និយាយតាមយាយមក នាយសុភាពក៏ចាប់និយាយឡើង ៖ បាទ! កូនចៅពិតជាខុសមែន កូនចៅពិតជាមិនបានដឹងថាដូនតាប្រកាន់ទេ ឲ្យតែបាត់ខឹង នឹងព្រមចេញពីរូបម្ដាយចៅ ចៅនឹងសែនថ្វាយគ្រឿងដែលបានប្រាប់ខាងលើ មានបង្អែមចំអាប នំនែក មាន់ស្ងោរ កុំភ័យកូនចៅសន្យា ។ ក្រោយពីនិយាយរួច ពងមាន់នៅមិនទាន់ដួលទេ មានន័យថាដូនតាមិនទាន់បាត់ខឹងទេ យាយសយនិងអ្នកភូមិបានជួយគ្នា និយាយម្នាក់មួយម៉ាត់មួយក រួចក៏ផ្លុំភ្លើងទៀនពន្លត់ ឯពងមាន់ក៏ដួលដោយខ្លួនឯងដែរ ។ ក្រោយពីមួយស្របក់អ្នកមីងខៃ ក៏ដឹងខ្លួនឡើងវិញ គ្រប់គ្នាក៏និយាយប្រាប់ពីលទ្ធផលដែលបានបូលពងមាន់ ។ គាត់ក៏សួរទៅសុភាពថា តើកូនឯងបាននិយាយអីប៉ៈពាល់ ឬប្រមាថមែន? បានជាដូនតាខឹង ឯសុភាពក៏តបថា៖ មិនបាននិយាយអីផង (តាមពិតគេកុហក ដោយគេមិនជឿរឿងទាំងនេះទេ តែមិនចង់វែងឆ្ងាយ កុំឲ្យម្ដាយសួរនាំច្រើនពេក) ។

          ក្រោយពីហេតុការណ៍បានបញ្ចប់ដោយរលូន ដោយគ្រួសាររបស់សុភាពបានរៀបចំសំណែនដូចដែលបានសន្យា ប៉ុន្ដែបានតែពីរថ្ងៃប៉ុណ្ណោះ ស្រាប់តែសុភាពបែរជាមាន       អាការៈប្លែកៗ ដោយសុភាពធ្លាប់ជាមនុស្សរួសរាយរាក់ទាក់ បែរជាមានចិត្តជាមារ ឃើញចាស់ទុំមិនគោរព ហើយថែមទាំងជេរប្រមាថចាស់ៗពេញភូមិ មិនថាចាស់ក្មេង មិនថាសូម្បីតែឪពុកខ្លួន ឃើញដូចនេះ ម្ដាយរបស់សុភាព យល់ថាសុភាពប្រហែលជាមានបញ្ហាអ្វីហើយ គាត់ក៏រូតរះទៅរកយាយសយ ដើម្បីជួយគន់គូរមើល ក្រោយដឹងថានាយសុភាពមានវិញ្ញាណសណ្ឋិត វិញ្ញាណនោះគឺជាវិញ្ញាណព្រាយតៃហោងដែលរស់នៅនឹងដើមអំពិលមួយដើមចុងភូមិ ។ ដោយដឹងពីរឿងរ៉ាវសព្វគ្រប់ហើយ មីងខៃបានហៅក្មេងៗពេញកម្លាំង ជួយចាប់សុភាពដើម្បីរៀបចំពិធីបណ្ដេញវិញ្ញាណព្រាយនោះចេញ ។ ទម្រាំចាប់បានសុភាព អ្នកខ្លះក៏ត្រូវសុភាពដល់បែកមុខបែកមាត់ អ្នកខ្លះខឹងពេកក៏ដល់សុភាពប៉ោងគ្រាប់ភ្នែក កុំតែមីងខៃឃាត់ទាន់ កុំអីប្រហែលសុភាពបែកមុខមាត់ខ្ទេចខ្ទីប្រាកដមិនខាន ។

          ក្រោយពីបានចាប់នាយសុភាពបាន គ្រប់គ្នាក៏ចាប់ចងដៃជើងរបស់នាយ រួចយាយសយក៏យកអំបោះរុំព័ទ្ធម្រាមមេជើងសងខាង រួចកុំសូត្រផ្លុំ ៗ រួចក៏សូត្រសែកអាគម បាចអង្ករ សុភាពក៏ស្រែកឡើង ៖ អូយៗ ក្ដៅណាស់ៗ រូបរាងកាយនាយប្រែជាខ្មៅងងិល ដូចគេលាបធ្យូង យាយសយក៏ស្រែកបន្ដ ៖ អើ! បើឈឺ ចាប់ចេញឲ្យឆាប់ បើមិនចេញអញក៏មិនទុកឯងដែរ យាយសយក៏បន្ដបាចអង្ករទៅទៀត ឯរាយកាយសុភាពក៏ស្រែកខ្លាំងឡើង អស់វេលាជាង១ម៉ោង ទីបំផុត វិញ្ញាណនោះក៏ចេញពីរាងកាយសុភាព ពេលនោះរាងកាយនាយក៏ប្រែជាខ្មៅមកធម្មតាវិញបន្ដិចម្ដងៗ រហូតនាយបានដឹងខ្លួន ក៏ងាកមើលជុំវិញខ្លួន ឃើញអ្នកភូមិនៅអ៊ូអរ ឈូឆរ ក៏សួរទាំងឆ្ងល់ថា៖ តើខ្ញុំកើតអីមែន ហើយម៉េចក៏ចងដៃជើងខ្ញុំ       អញ្ចឹង អូយ ! (នាយទើបនឹងឈឺភ្នែកដែលគេវាយ) ។ ក្រោយពីកូនបានដឹងខ្លួនវិញ ម្ដាយក៏នាំកូនទៅបាយទឹកសម្រាករួច ក៏រៀបរាប់ហេតុការណ៍តាមដំណើរ ពេលនោះទើបសុភាពជឿទៅលើរឿងវិញ្ញាណសណ្ឋិត ព្រោះគេពិតជាមិនបានដឹងខ្លួនថាគេ បានជេរប្រមាថដល់ចាស់ទុំអញ្ចឹងសោះ ក្រោយពីបានស្រួលខ្លួនបន្ដិច ហើយ សុភាពក៏ដើរសុំទោសចាស់ៗ ដែលបានជេរទាំងអស់ ដើម្បីសុំខមាលទោសនូវអ្វីដែលគេពុំបានដឹងថាគេធ្វើអ្វីទាំងនេះសោះ ។ ក្រោយពីហេតុការណ៍នោះរួចមកយាយសយក៏បានធ្វើខ្សែគាថា ដើម្បីឲ្យសុភាពពាក់ ហើយក៏លែងមានហេតុការណ៍នោះហើយ បានរស់នៅសុខសប្បាយរហូតមក។


0 មតិយោបល់:

Post a Comment