Saturday, September 25, 2021

រឿងប្រេតសុំបាយ

 

ខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាធ្លាប់បានឮរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងរឿងពពួកប្រេតនេះ ជាពិសេសសម្រាប់ពុទ្ធសាសនិកជនទាំងឡាយ ដែលគោរពបូជានូវព្រះពុទ្ធសាសនា មិនពិតធ្លាប់បានជាក់មិនខាន ជាពិសេសរាល់ពេលរដូវភ្ជុំបិណ្ឌម្ដងៗ គឺតែងតែឮតាមវត្តអារាមចាក់បទ ទំនួញប្រេត ដែលជាសំនៀងរបស់លោកតា ពេជ្រ សុខា ពុំខានឡើយ សូម្បីតែអ៊ែដមីនឲ្យតែដល់បុណ្យភ្ជុំបិណ្ឌ អ៊ែដមីនតែងតែក្រោកពីព្រឹកដើម្បីទៅវត្ត សូត្របទ”សារភញ្ញ និងបរាភវសូត្រ” មិនដែលខានទេ ដើម្បីឧទ្ទិសនៅសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រ័យនេះជូនដល់បុព្វការីជនដែលលោកបានចែកឋានទៅហើយ ព្រមទាំងញាតិគ្រប់សណ្ដានក្នុងសង្សារវដ្ដរបស់អ៊ែដមីន។ មុននឹងចូលដល់សាច់រឿងអ៊ែដមីនសូមរំលឹកដល់អ្នកទាំងអស់គ្នា ពេលដែលធ្វើបុណ្យឧទ្ទិសសូមកុំឧទ្ទិសថាសូមបានដល់ញាតិការទាំងប្រាំពីរសណ្ដាន បើឧទ្ទិសបែបនេះគឺបានតែប្រាំពីសណ្ដានទេ ឯញាតិដែលយើងរាប់មិនអស់ដែលលោកភ្លាំងភ្លាត់ធ្លាក់ទៅនរកអវចីនោះ ពុំទទួលបានទេ ដូចនេះសូមធ្វើការឧទ្ទិសថា ដោយអំណាចនៃផល្លានិសង្សដែលខ្ញុំបានធ្វើនេះ សូមឧទ្ទិសដល់បុព្វការីជនរបស់ខ្ញុំមាន(ឈ្មោះអ្នកដែលទើបនឹងស្លាប់ថ្មីៗ) និងញាតិការគ្រប់សណ្ដានក្នុងសង្សារវដ្ឋរបស់ខ្ញុំ សូមឲ្យលោកទាំងនោះ បានចាកទុក្ខ ជួបតែក្ដីសុខ ។ តែប៉ុណ្ណេះ គឺលោកទាំងនោះនឹងបានសេចក្ដីសុខហើយ ។ ឥលូវនេះយើងចូលមកដល់សាច់រឿងម្ដងវិញ ដែលមានតំណាលថា៖

          នៅក្នុងតំបន់ភូមិដាច់ស្រយាលមួយ មានវត្តអារាមមួយដែលក្រីក្រណាស់ ប៉ុន្ដែប្រជាជននៅក្នុងភូមិនោះ គឺមានសទ្ធាជ្រះថ្លាណាស់ចំពោះព្រះរតនត្រ័យ ហេតុនេះហើយ ទើបបានជាអ្នកភូមិបានបញ្ជូនកូនដើម្បីទទួលបានឧបជ្ឈាពីលោកគ្រូចៅអធិការវត្ត ដើម្បីកសាងព្រះពុទ្ធសាសនាឲ្យបានរុងរឿងឡើង ។ គ្រប់អ្នកភូមិតែងតែរៀបចំចង្ហាន់ជាវេនៗ មិនដែលខាក់ខានឡើយ ទោះជាមិនមែនរដូវភ្ជុំបិណ្ឌ ឬបុណ្យទានឯទៀតក៏ដោយ ។ ដូចរាល់ឆ្នាំដែរ ឆ្នាំនេះពិតជាសប្បាយមិនខានទេ ព្រោះរដូវភ្ជុំបិណ្ឌបានខិតជិតមកដល់ហើយ ប្រជាជនក្នុងភូមិកំពុងតែរៀបចំជួយបោសសម្អាតវត្តដើម្បីត្រៀមទទួលភ្ជុំបិណ្ឌខាងមុខនេះ ។ ឆ្នាំនេះ ក៏មានកំលោះម្នាក់ឈ្មោះថាដារា ជាអ្នកចំណូលស្រុក បានមកលេងភូមិនេះ ដោយសារតែល្បីថា ជាទីដែលសម្បូរដោយអ្នកដែលជ្រះថ្លាក្នុងព្រះរតនត្រ័យ ជាហេតុនាំឲ្យកំលោះយើង ចង់បានឃើញផ្ទាល់ភ្នែក ពេលមកដល់កំលោះដារាបានសុំសម្រាកនៅផ្ទះរបស់លោកមេភូមិ ។ បិណ្ឌ១បានមកដល់ ប្រជាជនក្នុងភូមិបានរៀបចំចង្ហាន់របស់ខ្លួនទៅវត្ត កំលោះយើងក៏បានសុំចូលរួមនឹងគេដែរ ពេលទៅដល់កំលោះយើងបានសួរទៅលោកតាអាចារ្យ៖

-       ជំរាបសួរលោកតា!

-       អូ! លើកដៃថ្វាយព្រះចៅ មើលទៅមានព្រលឹងរបស់គេ

-       បាទលោកតា នៅវត្តនេះរាល់ឆ្នាំមានការបោះបាយបិណ្ឌទេ

-       មិនដែលទេចៅ ! ច្រើនឆ្នាំណាស់មកហើយ មិនដែលមានការបោះបាយបិណ្ឌនោះទេ

-       ម៉េចក៏អញ្ចឹងវិញលោកតា

-       តាក៏មិនដឹងដែរ គឺថាធ្វើតាមថេរដីកាទេ

ក្រោយពីសាកសួរបានមួយចំនួនហើយ កំលោះយើង ក៏នៅជួយរៀបចំនៅវត្ត ដូចជាពុសអុស ជួយរែកទឹកជាដើម ។

មិនយូរប៉ុន្មាន បិណ្ឌ១បានមកដល់ នៅតាមវត្តអារាមក្នុងប្រទេស អ៊ូអរពោរពេញដោយមនុស្សកុះករ រៀបចំចង្ហាន់ ភេសជ្ជៈ បច្ច័យ ដើម្បីធ្វើបុណ្យឧទ្ទិសជូនដល់បុព្វការីជន ដែលបានចាកលោកទៅ មិនខុសពីដារា ក៏បានរៀបចំខ្លួន ទៅជួយដាំបាយយាយៗ មើលទៅគេឧស្សាហ៍ណាស់ គេស្ម័គ្រធ្វើកូនសេកលោកមួយរយៈហើយ ។ ព្រឹកម៉ោងប្រហែល៣ យាយតាងើបនាំគ្នា ដាំបាយដំណើបពូតជាដុំៗ ដើម្បីឧបកិច្ច (មិនបោះបាយបិណ្ឌទេ)       ខណៈពេលដែលយាយតាកំពុងញាប់ដៃញាប់ជើង ដាំបាយដំណើបឲ្យឆាប់ឆ្អិន ដាំទឹកក្ដៅសម្រាប់ឆុងតែប្រគេនលោកផង ខណៈនោះស្រាប់មានតែខ្យល់យ៉ាងត្រជាក់ស្រឹប ត្រជាក់ដល់ឆ្អឹងខ្នងតែម្ដង ត្រសៀកៗមក ស្រាប់តែមានដៃមួយយ៉ាងធំ លូកតាមបង្អួចនៃផ្ទះបាយមក លូកមកចាប់បាយដែលដួសដាក់ចានដែកធំមួយ ប៉ុន្ដែលូកមិនបាន ឃើញតែដៃនោះរលាកក្ដៅ ក្រហាយ លាយនឹងសម្លេងយំថ្ងូរទ្រហឹង ឡើងរង្គើខ្ទរដំបូល ស្រាប់តែមានទឹកធ្លាក់ពីលើដំបូលយ៉ាងខ្លាំង ប្រៀបដូចគេចាក់ទឹករាប់តោនមកអញ្ចឹង ធ្វើឲ្យបាក់ដំបូលផ្ទះបាយវត្ត ពេលនោះហើយ ដែលយាយជីតាជី ព្រមទាំងកំលោះយើងផងដែរ បានងើយទៅលើ ឃើញប្រេតយ៉ាងធំ ក្បាលធំៗ ភ្នែកធំៗ ខ្ពស់ផុតចុងដូងទៀត ក្បាលពោះប៉ោងៗ តែរាងកាយស្គមកំព្រឹង ឃើញតែឆ្អឹងជំនីរផុសឡើងមក រកសាច់ពុំយល់ទេ កំពុងតែឈរ មើលឃើញច្បាស់ច្រើនណាស់នៅបរិវេណវត្តនោះ ខណៈនោះដែរ ក៏ផ្អើលដល់មនុស្សម្នាជាច្រើនដែលនៅក្បែរវត្តនោះ ព្រមទាំងព្រះសង្ឃទៀត ដោយសារឃើញផ្ទាល់បែបនេះហើយ ទើបព្រះតេជគុណ ព្រះចៅអធិការវត្ត បាននិមន្ដ និងសូត្រមន្ដ និងបានមានសង្ឃដីកាថា ៖ សូមអហោសិកម្មឲ្យកូនចៅអ្នកផងចុះ អាត្មានិងញាតិញោម និងរៀបចំបោះបាយបិណ្ឌ និងវេរចង្ហាន់បិណ្ឌបាត្រជូនដល់អ្នក សូមឲ្យអ្នកទទួលផល្លានិសង្សនេះចុះ បន្ទាប់ពីមានសង្ឃដីកាចប់ ព្រះតេជគុណ បានប្រាប់ឲ្យលោកតាចារ្យ យាយជី ចាប់ផ្ដើមនមស្សការថ្វាយបង្គំរតនត្រ័យឡើង ចប់រួច សូត្រ យំ កិញ្ចិ ចប់ហើយ ក៏នាំគ្នាអុជធូបឧទ្ទិសមគ្គផល ហើយកាន់ធូបម្នាក់មួយសរសៃ ជាមួយបាយបិណ្ឌ និងចាប់ផ្ដើមដង្ហែរទក្សិណបីជុំ ដោយសូត្របណ្ដើរ បោះបាយបណ្ដើរ ថា៖ សព្វេ សត្តា អាហារបិណ្ឌបាតំ ផល្លា ផល្លំ ភន្ដុ​ ឬអ្នកខ្លះសូត្រត្រឹម សព្វេ សត្តា អាហារហោន្ដុ រួចហើយអនុមោទនា រៀងៗខ្លួន ដរាបគ្រប់បីជុំ គ្រានោះ ប្រេតបានទទួលបាយគ្រប់គ្នា ។

តាំងពីបានឃើញហេតុការណ៍នោះហើយ វត្តអារាមនោះក៏ចាប់ផ្ដើមពិធីបោះបាយបិណ្ឌដរាបរៀងមក ។




0 មតិយោបល់:

Post a Comment