រឿងនេះដែរក៏សូមអរគុណដល់ប្អូនស្រី ដែលមានអាខោនហ្វេសប៊ុកឈ្មោះ
ច័ន្ទរ៉ា ពេជ្រត្រា ដែលបានផ្ដល់ជាសាច់រឿងដល់អ៊ែដមីន សង្ឃឹមថាប្អូនស្រីនឹងបានអានរឿងនេះផងចុះ
។ រឿងនេះជាសាច់រឿងពិតដែលបានកើតឡើងនៅតំបន់ប្អូនស្រីរស់នៅ
ដែលរឿងនេះនិយាយទាក់ទងជាមួយបងស្រីជីដូនមួយរបស់ម្ដាយប្អូន
រឿងនេះកើតឡើងនៅខេត្តកំពង់ធំ ។ បងស្រីជីដូនមួយរបស់គាត់បានពោះធំ
ប៉ុន្ដែជាអកុសលគាត់ក៏បានទទួលមរណភាពទាំងកូននៅក្នុងផ្ទៃ ។ ក្នុងកាលៈទេសៈនេះមិនថាគេ
ឬខ្ញុំទេ ពិតជាគួរឲ្យខ្លោចចិត្តណាស់ ណាមួយអាណិតក្មេងមិនទាន់បានឃើញពន្លឺព្រះអាទិត្យ
ណាមួយអាណិតម្ដាយដែលខិតខំពរពោះកូនក្នុងផ្ទៃ ។ សម្លេងទ្រហោយំពេញផ្ទះនៃសព
សាច់ញាតិនៃសព ក្នុងទឹកមុខស្រពាប់ស្រពោន និងទឹកភ្នែកពេញផែនថ្ពាល់ សោកស្ដាយនៃការបាត់បង់សមាជិកគ្រួសារដែលកំពុងតែសាងសុភមង្គល
។ ពិធីបុណ្យបានរៀបចំតាមប្រពៃណីបែបព្រះពុទ្ធសាសនា សម្លេងឧគ្ឃោសនស័ព្ទបានបន្លឺឡើងបង្ហាញពីការកាន់មរណទុក្ខ
ជូនដល់ញាតិជិតខាង នឹងពុទ្ធបរស័ទដទៃ នឹងលះបង់នូវសេចក្ដីកំណាញ់
មានសទ្ធាជ្រះថ្លាចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ។ ម៉ោងជាង១១ទៅហើយ សម្លេងខ្លងខែកដង្ហែសពទៅកាន់ទីឈាបនដ្ឋាន
ដើម្បីបញ្ចុះសព ។
ការបញ្ចុះសពនេះក្រុមគ្រួសារនៃសពបានព្រមព្រៀងគ្នាទៅបញ្ចុះនៅក្រោមដើមពោធិ៍ធំមួយ
ដើម្បីទុកគ្រាន់ជាទីជម្រកឲ្យវិញ្ញាណសពនៅទីនោះ ព្រោះមនុស្សពោះធំស្លាប់
បើមិនមានដើមឈើ ឬដាំដើមចេកជ្វាឲ្យទេ នឹងមានការលងបន្លាចមិនខាន
ហើយមូលហេតុដែលក្រុមគ្រួសារនៃសពមិនព្រមវះកាត់យកកូនចេញ ព្រោះតែក្ដីអាណិតស្រលាញ់ ព្រោះបើខ្ញុំធ្លាប់ឮចាស់ៗនិយាយ
គេមិនឲ្យបញ្ចុះទាំងសពនៅកូនក្នុងផ្ទៃទេ ត្រូវវះចេញក្រៅ ហើយកាត់សពកូននោះជាបីកំណាត់
នឹងផ្កាប់មុខទៀត ស្ដាប់ទៅដូចជាឃោឃៅខ្លាំងណាស់ នរណានឹងដាច់ចិត្ត
សូម្បីតែខ្ញុំក៏ទទួលយកមិនបានដែរ កូនមិនទាន់បានកើតហើយ ត្រូវប្រមាថលើសាកសពទៀត ។
ក្រោយពីពិធីបុណ្យបានបញ្ចប់ ប្រាំពីរថ្ងៃក្រោយមកក៏មានហេតុការណ៍បានកើតឡើង
។ គ្រានោះមានប្ដីប្រពន្ធពីរនាក់ គាត់បានទៅស៊ីឈ្នួលដាំសណ្ដែកឲ្យគេ
ដែលចំការនោះនៅក្បែរទីតាំងដើមពោធិ៍ដែលបញ្ចុះសពនោះ អាកាសធាតុពិតជាក្ដៅខ្លាំងណាស់
ក្រោយពីដល់ម៉ោងសម្រាកពីរនាក់ប្ដីប្រពន្ធក៏នាំគ្នាទៅសម្រាកក្រោមម្លប់ពោធិ៍នោះ
ព្រោះឃើញម្លប់ត្រជាក់ត្រឈឹងត្រឈៃ ងាយស្រួលនឹងហូបបាយថ្ងៃត្រង់ផង ។
គ្រាន់តែចូលដល់ក្រោមដើមពោធិ៍នោះភ្លាម មិនទាន់បានស្រាយកញ្ចប់បាយផង
ស្រាប់តែមេឃប្រែជាខ្មៅ ខ្យល់បក់យ៉ាងខ្លាំង
ធ្វើឲ្យប្ដីប្រពន្ធនោះមានអារម្មណ៍ខ្លាចយ៉ាងខ្លាំង
ស្របពេលដែលមានខ្យល់បក់បោកផង ក៏ស្រាប់តែលាន់សម្លេងមនុស្សស្រីស្រែកចេញពីលើដើមពោធិ៍៖
ចេញទៅ! ចេញទៅ! គ្រាន់តែឮប៉ុណ្ណេះ ប្ដីប្រពន្ធនាំគ្នារត់បាតជើងសព្រាត
គ្រាន់តែរត់ចេញផុត បន្ដិច មេឃក៏ប្រែជាស្រឡះល្អវិញ ។ លុះដល់យប់ឡើង
មេឃចុះត្រជាក់ស្រឹប សម្លេងឆ្កែលូលាន់ពេញផ្លូវ ខ្យល់បក់មកល្ហៀកៗ
ត្រជាក់ដល់ឆ្អឹងខ្នង សម្លេងថ្នូរយំគ្រលួចចេញពីដើមពោធិ៍នោះ មកល្វើយៗ
សម្លេងបំពេរកូនពេលរាត្រី ស្ដាប់ទៅពិតជាគួរឲ្យព្រឺក្បាលណាស់ លាយឡំនឹងសម្លេងនោះ
ក៏មានពន្លឺភ្លើងយ៉ាងធំពណ៌ក្រហមឆ្អៅ អណ្ដែតហោះចេញពីដើមពោធិ៍នោះហោះអណ្ដែតចុះឡើង ធ្វើឲ្យអ្នកដែលបានឃើញហេតុការណ៍នោះ
ពិតជាខ្លាច សូម្បីតែឈឺបត់ជើង មិនហ៊ានចុះពីផ្ទះផង ។ ហេតុការណ៍បានកើតឡើងស្ទើរតែរាល់យប់
ជាពិសេសពេលថ្ងៃត្រង់ នរណាក៏ដោយឲ្យតែដើរកាត់ ឬចូលចង់ទៅសម្រាកទីនោះ តែងតែជួបប្រទះហេតុការណ៍ចម្លែកៗជាច្រើន
ខ្លះក៏មានក្បាលខ្មោចសក់វែងអន្លាយធ្លាក់សំយុងពីលើដើមពោធិ៍
ខ្លះក៏មានសម្លេងកូនង៉ាយំទ្រហឹង
អ្នកដែលខ្លាចហេតុការណ៍ទាំងនោះអ្នកខ្លះក៏ធ្លាក់ខ្លួនឈឺក៏មាន ។
ដោយសារតែឃើញអ្នកស្រុកជួបទុក្ខភ័យ ព្រះគ្រូចៅអធិការវត្ត បាននិមន្ដទៅសូត្រមន្ដ រំដោះគ្រោះ
នឹងបានផ្សាយធម៌ជូនដល់វិញ្ញាណក្ខន្ធនោះឲ្យបានស្ងប់ចិត្តកុំនៅអាល័យវិលវល់ទីនោះ
នឹងបានទៅចាប់ជាតិទៅតាមកុសលកម្មរបស់ខ្លួន ក្រោយពីមានការសូត្ររំដោះគ្រោះមកទីនោះក៏ស្ងប់ស្ងាត់មួយរយៈ
ប៉ុន្ដែប្រហែលជាព្រលឹងខ្មោចនោះមិនទៅចាប់ជាតិនោះទេ ទើបហេតុការណ៍ដែលគួរឲ្យខ្លាច
ការលងបន្លាច សម្លេងយំបំពេរកូន និងភ្លើងហោះចុះហោះឡើង រាល់យប់នៅកើតបន្ដមានរហូតដល់សព្វថ្ងៃនេះ
។
0 មតិយោបល់:
Post a Comment