អ្នកទាំំងអស់បានអានទាក់ទងនឹងវិញ្ញាណសណ្ឋិតកាលពីវគ្គ១រួចហើយ
តើមានអារម្មណ៍យ៉ាងម៉េចដែរ ខ្ញុំយល់អាចជាប្រិយមិត្តមួយចំនួនមិនអស់ចិត្តនៅឡើយ
ថ្ងៃនេះអ៊ែដមីនសូមនាំយកនូវរឿងខ្មោចសណ្ឋិតនេះ សម្រាប់វគ្គ២បន្ដទៀត
ដែលរឿងរ៉ាវនេះបានកើតឡើងនៅក្បែរភូមិរបស់អ៊ែដមីនរស់នៅតែម្ដង ពិតជាគួរឲ្យខ្លាចខ្លាំងណាស់
ពេលអានចប់ហើយ បើយល់សប្ដិមិនល្អអីកុំខឹងអ៊ែដមីនណា ។
តោះអញ្ចឹងយើងចូលដល់សាច់រឿងទាំងអស់គ្នា ៖
រឿងនេះបាននិយាយអំពីបុរសកំលោះចាស់ម្នាក់ឈ្មោះ
ប្រិយ រស់នៅខេត្តកំពង់ចាម គាត់ជាមនុស្សស្រលាញ់ទ្រព្យរបស់ណាស់ គាត់មានប្រកបរបរជាអាជីវករលក់ថ្នាំកសិកម្មគ្រប់ប្រភេទ
ដោយផ្ដើមបោះទុនពីកូនតូបតូចមួយ តស៊ូរហូតបានបើកឃ្លាំងធំឡើង
រឿងនេះពិតជាគួរឲ្យមានមោទនភាពណាស់ ព្រោះគាត់ខិតខំតស៊ូក្នុងជីវីត គួរឲ្យយកតម្រាប់តាម
។ ក្រោយពីជោគជ័យក្នុងមុខរបរមួយរយៈ គាត់ក៏សម្រេចចិត្តទិញឡាន HYUNDAI ប្រភេទ២តោនកន្លះមួយគ្រឿង
ដើម្បីស្វែងរកម៉ូយដើម្បីលក់ថ្នាំបន្ដពីគាត់ ប៉ុន្ដែជាសំណាងមិនល្អ
គាត់មិនចេះបើកឡានទេ ដូចនេះហើយគាត់ក៏សម្រេចចិត្តជួលតៃកុងឡានម្នាក់ និងព្រូឡានម្នាក់
ដើម្បីជួយក្នុងការដឹកជី ថ្នាំកសិកម្ម ដើរលក់ឲ្យម៉ូយនៅតាមបណ្ដាស្រុក
ក៏ដូចជាបណ្ដាខេត្តផ្សេងៗទៀត ដែលត្រូវការលក់បន្ដ ។
បានមួយរយៈក្រោយមកឃើញថា អាជីវកម្មគាត់បានជោគជ័យណាស់
គាត់ក៏បានទាក់ទងបានម៉ូយដែលស្ថិតនៅខេត្តព្រះវិហារ ។ គាត់សប្បាយចិត្តណាស់
ព្រោះថាទី១គាត់អាចបានម៉ូយថ្មីៗកាន់តែច្រើន ទី២ គាត់ចង់ស្គាល់ខេត្តឆ្ងាយៗដែរ
ជាពិសេសតំបន់រមណីយដ្ឋានកំសាន្ដនានា ។ ក្រោយពីទាក់ទងបានម៉ូយបន្ថែមហើយ គាត់ក៏ចាប់ផ្ដើមរៀបចំជី
ថ្នាំកសិកម្មរបស់គាត់ ហើយចេញដំណើរពីខេត្តកំពង់ចាមឆ្ពោះមកកាន់ខេត្តព្រះវិហារ ដោយសប្បាយចិត្តណាស់
ទឹកមុខញញឹមស្រស់ស្រាយណាស់ ដោយព្រូឡានអង្គុយក្នុងកាប៊ីនក្រោយតៃកុងឡាន ចំណែកឯពូប្រិយវិញ
អង្គុយកៅអីជាប់តៃកុងឡាន ។
ការធ្វើដំណើរប្រកបដោយសុវត្ថិភាព
និងបរិយាកាសរីករាយណាស់ គ្រប់គ្នាពោរពេញដោយស្នាមញញឹម
ព្រោះថាអាជីវកម្មរបស់ពូប្រិយបានជោគជ័យ តៃកុងឡានក៏ទទួលបានប្រាក់ខែបន្ថែមខ្ពស់
ព្រមទាំងលុយកម្រៃជើងដឹកតាមខេត្តទៀត នរណាមិនសប្បាយចិត្តន៎ សូម្បីតែអ៊ែដមីនក៏សប្បាយដែរ
បើថៅកែបានជោគជ័យ កូនចៅក៏ចំណេញ រឿងអីមិនខំប្រឹងធ្វើការងារ ។ ក្រោយពីបានធ្វើដំណើរអស់ជាច្រើនមក
ពូប្រិយបានឈានជើងដល់ទឹកដីខេត្តព្រះវិហារ គាត់ក៏បានទូរស័ព្ទប្រាប់ម៉ូយឲ្យហើយ
ប៉ុន្ដែជាអកុសលផលបុណ្យគាត់អស់ លុះធ្វើដំណើរមកចំណុចផ្លូវកោងមួយ
ស្រាប់តែតៃកុងឡានរេចង្កូត ដោយឃើញស្ថានភាពមិនស្រួល ពូប្រិយក៏បើកទ្វារលោតចុះពីឡាន
ទោះបីតៃកុងឡានឃាត់ក៏គាត់មិនស្ដាប់ដែរ តៃកុងឡានថាកុំលោតអី ពាក់ខ្សែក្រវ៉ាត់ឲ្យជាប់ទៅ
តែគាត់ខ្លាចក្រឡាប់ឡានទៅគ្រោះថ្នាក់ ប៉ុន្ដែមិនមែនដូចការគិតរបស់គាត់ឯណា ពេលដែលគាត់លោតចុះភ្លាម
កម្លាំងលោតរបស់គាត់មិនផុតឆ្លាយពីឡាននោះទេ ភ្លាមនោះឡានបានក្រឡាប់ហើយទ្រុងឡានក៏សង្កត់ចំគាត់
បណ្ដាលឲ្យគាត់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ។ ឯតៃកុងឡាន និងព្រូឡានមិនមានគ្រោះថ្នាក់អ្វីធំដុំទេ
ព្រោះតែបានខ្សែក្រវ៉ាត់ការពារជាប់ហើយ ចំណែកព្រូឡានគ្រាន់តែរបួសក្បាលបន្ដិចប៉ុណ្ណោះ
ក្រោយពីហេតុការណ៍ក្រឡាប់ឡានភ្លាមៗ អ្នកភូមិក្បែរនោះបានរត់មកឈូឆរ ដើម្បីមកមើលនិងជួយអ្នករបួស
ខណៈនោះក៏មានជាងជួសជុលម៉ូតូម្នាក់បានរត់មកមើលនឹងគេដែរ ពិតជារហ័សមែន គ្រាន់តែពូជាងម៉ូតូនោះមកដល់ភ្លាម
ស្រាប់តែវិញ្ញាណរបស់ពូប្រិយចូលសណ្ឋិតក្នុងខ្លួនជាងម៉ូតូនោះភ្លាម ដំបូងអ្នកភូមិក្បែរនោះមិនបានចាប់អារម្មណ៍ទេ
ស្រាប់តែបន្ដិចក្រោយមកពូជាងម៉ូតូនោះ ប្រែខ្លួនខ្មៅទៅៗ
ភ្នែកចាប់ផ្ដើមចេញប្រស្រីពណ៌ស ឡើងទៅលើអស់ បន្ទាប់មកក៏កន្រ្ដាក់ដៃ កន្រ្ដាក់ជើង ដៃជើងប្រែជាខ្វេរខ្វង់
ខាំមាត់សង្កៀតជើងធ្មេញ គ្រឺតៗ ហើយក៏ចាប់ទ្រហោយំយ៉ាងខ្លាំង
គ្រប់គ្នាដែលឃើញហេតុការណ៍នោះក៏ភ័យណាស់ នាំគ្នាបួនដប់នាក់ ចាប់ក្រៀកតែមិនឈ្នះ រូបពូជាងម៉ូតូនោះនៅតែទ្រហោយំ
ចង្អុលទៅឡានដែលក្រឡាប់នោះ ម្ដងនេះ គេនាំគ្នាជាង២០នាក់ ដើម្បីចាប់ក្រៀកបានសម្រេច
រួចដឹកតាមរ៉ឺម៉កម៉ូតូមកផ្ទះរបស់យាយ អ៊ែដមីន
ព្រោះយាយរបស់អ៊ែដមីនគាត់ជាគ្រូខ្មែរដែលចេះដោះអំពើទាំងឡាយបាន (ដោយសារហេតុនេះហើយ
ទើបអ៊ែដមីនឧស្សាហ៍ជួបរឿងចម្លែក រឿងវិញ្ញាណ រឿងខ្មោចនេះ តាំងពីនៅតូចម្ល៉េះ
រាប់ភ្លេចហើយ) ក្រោយពីមកដល់ភ្លាម យាយរបស់អ៊ែដមីន បានទាញធូប អុជ រៀបចំឲ្យគេចាប់ដៃជើងរូបពូជាងម៉ូតូនោះឲ្យជាប់
ហើយគាត់ក៏ធ្វើពិធីសមាធិដើម្បីនិយាយជាមួយព្រលឹងនោះ គាត់ក៏សូត្រមន្ដគាថា រួចសួរទៅថា៖
- តើវិញ្ញាណនរណាដែលចូលរូបនេះ?
តែវិញ្ញាណនោះមិនឆ្លើយគិតតែយំ ទើបយាយរបស់អ៊ែដមីន បាននិយាយទៀតថា បើមិនឈប់យំទេ ធ្វើម៉េចខ្ញុំនេះដឹងថាអ្នកត្រូវការអី ហើយហេតុអីបានជាចូលរូបរបស់គេបែបនេះ ក្រោយពីនិយាយហើយមិនទៅដូចមិនបានផលសោះ ដោយរូបនោះកាន់តែកន្រ្ដាក់ដៃជើង ភ្នែកឡើងស្លឺអស់ សល់តែផ្នែកពណ៌ស ខាំធ្មេញសង្កៀតជាប់ មើលពីចម្ងាយស្មានថាជាសាកសពហើមហើយតើ ព្រោះខ្មៅងងឹតឈឹង លាយក្រហមក្រម៉ៅ សូម្បីតែអ្នកដែលជួយចាប់នោះបានឃើញរូបពូជាងម៉ូតូហើយ បះរោម ខ្លាចគ្រប់គ្នា ព្រោះមនុស្សដែលសស្អាតដូចជាកូនកាត់ ប្រែជាខ្មៅគួរឲ្យខ្លាចបែបនេះ ។ ក្រោយពីមិនបានផល យាយរបស់អ៊ែដមីនក៏ចាប់សូត្រគាថាស្ដោះផ្ដុំ យកទៀនសម្រក់លើរូបកាយរបស់ជាងម៉ូតូនោះ នោះចងសីមានៅនឹងដៃ សូត្រៗទាល់តែរូបនោះព្រមឈប់យំ បែរជាស្រែកឈឺទៅវិញ ពេលនោះរូបក៏អង្វរថា៖ យាយ! កុំធ្វើបាបខ្ញុំអី! យាយ ខ្ញុំឈ្មោះប្រិយ ជាម្ចាស់ឡានដែលបានក្រឡាប់ព្រឹកមិញនោះ ខ្ញុំមិនបានចង់ធ្វើបាបគេទេ តែខ្ញុំនឹកស្ដាយឡានថ្មីថ្មោង ទើបមិនចង់ចេញទៅណា ។ ឮដូចនេះយាយរបស់អ៊ែដមីន ក៏និយាយពន្យល់ថា ក្មួយអស់កម្មត្រឹមនេះហើយ ទោះបីជាក្មួយស្ដាយរបស់ ក៏មិនអាចយកទៅបានដែរ ដូចនេះហើយក្មួយគួរតែទៅចាប់ជាតិរកភពថ្មីទៅ បើបុណ្យនៅមាន ក្មួយនឹងអាចចាប់ជាតិជាមនុស្សបានទៀត បើក្មួយចូលរូបគេ ធ្វើឲ្យគេភ័យព្រួយបែបនេះ វានឹងនាំមកនូវបានទេ ឥលូវចេញពីរូបចុះ យាយនឹងសូត្រមន្ដឲ្យ ហើយយាយនឹងស្វែងរកសាច់ញាតិឲ្យធ្វើបុណ្យបង្សុកូល ឧទ្ទិសកុសលផលបុណ្យឲ្យ កុំនៅទៀតអី កើតចាស់ឈឺស្លាប់ជារឿងមិនទៀងទេណា សូមយកពុទ្ធឱវាទជាប់នឹងខ្លួន ដើម្បីឆ្លងផុតសេចក្ដីទុក្ខ ។ ក្រោយពីពន្យល់មួយស្របក់រូបនោះក៏ចាប់ផ្ដើមលើកដៃសំពះ ប្រណម ឯយាយរបស់អ៊ែដមីន ក៏សូត្រធម៌នាំផ្លូវ រូបពូជាងម៉ូតូនោះក៏ប្រែជាស្ងៀមលែង កន្រ្ដាក់ដូចមុន ហើយក៏ចាប់ផ្ដើមចេញពណ៌សាច់សស្អាតឡើងវិញបន្ដិចម្ដងៗ រហូតដល់បានដឹងខ្លួន ក្រោយពីបានដឹងខ្លួនហើយ ក៏អស់កម្លាំងយ៉ាងខ្លំាង យាយអ៊ែដមីន និងអ្នកភូមិក៏ប្រាប់ពីដំណើរដើមទងនៃរឿងហេតុ ហើយក៏ផ្ដាំទៅតៃកុងឡាន ឲ្យជូនដំណឹងទៅសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី និងនិមន្ដលោកមកបង្សុកូលកន្លែងដែលគ្រោះថ្នាក់ផង បើមិនអញ្ចឹងទេ ពិតជាមិនបានសុខទេ ព្រោះព្រលឹងអាចវិលវល់ នៅចាំ អាចក្លាយជាជើងកបបាន ។
ក្រោយពីបានផ្ដែផ្ដាំចប់រួចហើយ
គ្រប់គ្នាក៏បំបែកទៅផ្ទះរៀងខ្លួន ហើយគ្រប់យ៉ាងក៏បានប្រសើរឡើងក្រោយពីការធ្វើបុណ្យ
និងរៀបចំបង្សុកូលឲ្យដួងវិញ្ញាណក្ខន្ធរបស់ពូប្រិយរួចមក ។
0 មតិយោបល់:
Post a Comment