Friday, February 17, 2017

រឿង ស្រមោល





រឿង ស្រមោល

      
នេះក៏ជារឿងពិតមួយដែលខ្ញុំតែងតែជួបប្រទះជារៀងរាល់ថ្ងៃ អោយតែយប់ឡើងរាល់ពេលខ្ញុំដេក ខ្ញុំតែងតែឃើញស្រមោលខ្មៅមួយ តែងតែបង្ហាញខ្លួនអោយខ្ញុំឃើញ ជាពិសេសនៅពេលខ្ញុំចាប់ផ្ដើមបិទភ្នែកដេក ស្រាប់តែមានអារម្មណ៍មានអ្វីម្យ៉ាងនៅក្បែរខ្លួនកំពុងមានសកម្មភាព ពេលដែលខ្ញុំបើកភ្នែកឡើង ហើយខ្ញុំសំឡឹងទៅរកទីកន្លែងដែលខ្ញុំសង្ស័យ ខ្ញុំតែងតែឃើញស្រមោលចំលែកនោះបង្ហាញខ្លួន ប៉ុន្ដែស្រមោលនោះពុំដែលបានធ្វើបាបខ្ញុំម្ដងណានោះទេ វាគា្រន់តែបញ្ចេញរូបរាងអោយខ្ញុំឃើញដល់សព្វថ្ងៃនេះ ។ ប្រហែលជាខ្ញុំមាននិស្ស័យនឹងរឿងនេះទេដឹង ព្រោះតាំងតែពីតូច ខ្ញុំឧស្សាហ៍ឃើញរឿងចំលែកបែបនេះណាស់ បើនិយាយរឿងខ្មោចវិញ ខ្ញុំជួបឡើងចង់ស៊ាំទៅហើយ ទើបធ្វើអោយ ខ្ញុំចាប់ផ្ដើមសរសេររឿងនេះដោយគ្រាន់តែជាការចែករំលែកសម្រាប់អស់លោកអ្នកដែលចូលចិត្តអានរឿងខ្មោចប៉ុណ្ណោះ ។
          ត្រលប់មករឿងយើងវិញ រាល់ពេលខ្ញុំឃើញស្រមោលចំលែកនោះ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំកំពុងស្រមើស្រម៉ៃប៉ុណ្ណោះ ប៉ុន្ដែធាតុពិតមិនមែននោះទេ ។ ដូចជាកាលយប់មួយនោះ ខ្ញុំកំពុងដេកក្នុងមុង ស្រាប់តែខ្ញុំឃើញ ខ្យល់គួចកណ្ដាលដំបូលមុងរបស់ខ្ញុំ ខ្ញុំលើកដៃឡើង ស្រាប់តែវាស្រូបយកដៃរបស់ខ្ញុំ ខ្ញុំនៅតែគិតថាស្រមើស្រម៉ៃ ៗ ជាប់ក្នុងចិត្តប៉ុន្ដែដៃរបស់ខ្ញុំកាន់តែស្រូបចូលទៅរហូតហើបខ្លួនខ្ញុំពីគ្រែដេក ពេលនោះហើយខ្ញុំដឹងថាអ្វីៗ មិនមែនស្ថិតនៅក្នុងក្ដីស្រម៉ៃ ឬ យល់សបិ្ដទេ ភ្លាមៗនោះ ខ្ញុំក៏បានស្រែកមួយទំហឹង ភ្លាមៗនោះម្ដាយរបស់ខ្ញុំបានលឺ ហើយស្ទុះមកលើផ្ទះនឹងបើក ភ្លើង  ហើយខ្ខ្យល់គួចនោះក៏ស្រាប់តែបាត់ភ្លាមៗ ខ្ញុំធ្លាក់មកលើគ្រែ លាន់សូរគ្រាំង  ខ្ញុំឈឺចង្កេះ និងខ្នងខ្លាំងណាស់ ពេលម្ដាយរបស់ខ្ញុំសួរ៖ គាត់ថាមានរឿងអ្វី ? ខ្ញុំឆ្លើយថា យល់សប្ដិអាក្រក់ ! គាត់ក៏ លែងសួរទៅហើយ ទៅសំរាកវិញ។
ថ្ងៃក្រោយមកទៀត ខ្ញុំកំពុងដេកស្រាប់តែឃើញស្រមោលខ្មៅមួយយ៉ាងធំ កំពុងអង្គុយនៅខាងក្រៅមុងរបស់ខ្ញុំ ខ្ញុំភ័យណាស់ តែខ្ញុំនៅតែគិតថាខ្ញុំកំពុងដេកយល់សប្ដិ ឬស្រមើស្រម៉ៃ ខ្ញុំបានលឺ      ចាស់ៗប្រាប់ថា ដើម្បីអោយដឹងថាខ្លួនយើងកំពុងយល់សប្ដិ យើងក្ដិចខ្លួនឯង បើមិនឈឺមានន័យថា យើងកំពុងយល់សប្ដិមែន តែបើឈឺមែន បានន័យថា គឺពិតមែនហើយ ។ ភ្លាមៗនោះ ដើម្បីជំនះខ្លួន៝ឯង ខ្ញុំមួលដៃខ្លួនឯងមួយទំហឹង មានអារម្មណ៍ថាឈឺដែរ តែរាងស្ពឹកៗ មិនអស់ចិត្តខ្ញុំក៏ទះមុខខ្លួនឯងមួយកំភ្លៀង ពេលនោះបានខ្ញុំដឹងថាឈឺណាស់ ឈឺឡើងស្រក់ទឹកភ្នែក ។ ក្រោយពីដឹងថាខ្ញុំមិនមែនយល់សប្ដិទេ ខ្ញុំសំលឹងមើលស្រមោលនោះម្ដងទៀត ស្រាប់តែបាត់ពីមុខខ្ញុំ ស្រាប់តែវាមកនៅក្បែរខ្ញុំ ហើយខ្ញុំស្លន់ពេករកគិតអីមិនទាន់ ក៏ដាល់ស្រមោលនោះមួយដៃ ប៉ុន្ដែវាបាត់ទៀតហើយ ឈរក្បែរជញ្ជាំង ខ្ញុំស្ទុះទៅដាល់មួយដៃទៀត ប៉ះនឹងក្ដារជញ្ជាំងផ្ទះ លាន់ផាំង ភ្លាមៗនោះម្ដាយខ្ញុំក៏បានស្ទុះមកទៀត ហើយបើកភ្លើង ស្រមោលនោះក៏បាត់ទៅ ។ លុះព្រឹកឡើងដៃរបស់ខ្ញុំហើម ឈឺខ្លាំងណាស់ ម្ដាយរបស់ខ្ញុំថាខ្ញុំមមើរវាយជញ្ជាំង ខ្ញុំក៏មិនដឹងឆ្លើយយ៉ាងណា ក៏ថាតាមគាត់តែម្ដងទៅ។ ការដែលខ្ញុំបានឃើញស្រមោលចំលែកដូចនេះ អស់ជា២ឆ្នាំមកហើយ អ្នកទាំងអស់គ្នាគិតមើលថា ខ្ញុំដេកមួយ   យប់ៗ មិនដែលឆ្អែតទេ រហូតឡើងស្រកសាច់ ។
ថ្ងៃនេះជាថ្ងៃសីល ខ្ញុំបានយកចង្ហាន់ទៅវត្ត នឹងបានសាកសួររឿងនេះពីលោកចៅអធិការវត្ត ដើម្បីអោយគាត់ជួយដោះស្រាយ គាត់បានប្រាប់ថា ប្រហែលជាខ្ញុំមាននិស្ស័យជាមួយគេហើយ ហើយលោកបានប្រាប់ទៀតថា អោយខ្ញុំក៏ភ័យតក់ស្លុតអ្វីទាំងអស់ គ្រាន់តែពេលដែលឃើញស្រមោលនោះ ត្រូវតែតាំងចិត្ត និងសូត្រធម៌ចុះនោះនឹងបាត់ ម្យ៉ាងទៀតគេនោះ អា​ចជានឹងមកសុំអ្វីពីខ្ញុំផងមិនដឹង ដូចនេះហើយលោកអោយខ្ញុំធ្វើចិត្តអោយទូលាយ សាងអំពើល្អអោយបានច្រើន ។ ក្រោយមកទៀត ខ្ញុំក៏បានធ្វើតាមបណ្ដាំចៅអធិការវត្ត ត្បិតតែខ្ញុំបានឃើញស្រមោលនោះមែន តែគេមិនដែលធ្វើបាបខ្ញុំទៀត ឡើយ គេគ្រាន់តែបង្ហាញខ្លួន អោយឃើញ ខ្ញុំក៏បិទភ្នែកតាំងចិត្តសូត្រធម៌ នោះស្រមោលនោះនឹងបាត់ភ្លាមៗ ។ រឿងនេះជារឿងដែលខ្ញុំជួបពិត គឺសព្វថ្ងៃនេះស្រមោលនោះក៏តែងតែតាមខ្ញុំ មិនថាខ្ញុំ ទៅដល់ទីណានោះទេ គឺតែបានឃើញជានិច្ច ពេលខ្លះម៉ោង១០យប់ ពេលខ្លះ ម៉ោង ២ជិតភ្លឺក៏មាន តែខ្ញុំមិនខ្លាចនោះទេ ប៉ុន្ដែគ្រាន់តែភ្ញាក់ម្ដងៗដែរ ព្រោះពេលខ្លះឃើញនៅក្បែរខ្លួនពេក ខ្ញុំពិតជាចង់និយាយជាមួយស្រមោលនោះណាស់ ដើម្បីអោយដឹងថាគេជានរណា ហើយមករកខ្ញុំក្នុងគោលបំណងអ្វីដែរ ហើយចង់បានអ្វីពីខ្ញុំ ហេតុអ្វីអោយខ្ញុំឃើញរាល់ថ្ងៃ មានពេលខ្លះ ខ្ញុំចង់សាកមិនសូត្រធម៌ គឺស្រមោលនោះ នៅតែបង្ហាញខ្លួនអោយខ្ញុំឃើញទល់ភ្លឺ ប៉ុណ្ណោះ គេមិនធ្វើអ្វីខ្ញុំនោះឡើយ រហូតមកល់ពេលនេះ  ខ្ញុំសរសេររឿងនេះដើម្បីអោយមិត្តៗជួយដឹងរឿងរ៉ាវរបស់ខ្ញុំកុំអោយឃើញស្រែកយប់ព្រលប់ថាខ្ញុំមមើរ យល់សប្ដិ ឬថាខ្ញុំស្រមើស្រម៉ៃព្រោះខ្លាចខ្មោច តាមពិតមិនមែនទេ ។
ដោយហេតុថាមាននិស្ស័យនឹងព្រលឹងវិញ្ញាណនេះហើយ បានជាខ្ញុំសំរេចចិត្តសរសេររឿងខ្មោចឡើង ដើម្បីចែករំលែកជូនអ្នកអាន ។


0 មតិយោបល់:

Post a Comment