រឿង ភ្លេចអុជធូប
រឿងនេះបានកើតឡើងកាលអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ឆ្នាំទៅ ២០១៦ នៅពេលដែលខ្ញុំបានស្នាក់នៅផ្ទះឪពុកធម៌ខ្ញុំនៅឯខេត្តតាកែវ ។ វាជារឿងកំរសម្រាប់ផ្ទះគាត់ ដោយសារតែកូនប្រុសច្បងរបស់គាត់ពុំបាននៅផ្ទះឡើយ ដោយគាត់ទៅធ្វើការនៅឯប្រទេសកូរ៉េ នៅតែកូនស្រីគាត់ ដែលជាស្រ្ដីមេម៉ាយកូនមួយ ។ នៅថ្ងៃបិណ្ឌទី០៩ ខ្ញុំក៏បានជិះឡានទៅលេងគ្រួសារគាត់ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានរាប់អានគាត់ជាឪពុកធម៌ ម្ដាយធម៌ ព្រោះពួកគាត់មានសណ្ដានចិត្តល្អ ព្រមទាំង មានគេស្រលាញ់រាប់អានច្រើនណាស់ អ្នកនៅក្នុងភូមិៗ មិនថាចាស់ឬក្មេងនោះទេ តែងតែស្រលាញ់រាប់អានជានិច្ច ។ នេះជាឱកាសល្អដែលខ្ញុំបានដើរលេងអោយស្គាល់ខេត្តគេម្ដង ព្រោះតាំងពីកើតពីពោះម៉ែមក ធ្លាប់បានទៅតែភ្នំពេញម្ដង ដោយចូលរួមវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងនៅក្នុងអង្គភាពការងាររបស់ខ្ញុំ ។ ខ្ញុំធ្វើដំណើរដោយជិះឡានតាក់ស៊ីស៊ាំងយ៉ុងពណ៌ស រហូតដល់ម៉ោងប្រហែលជា ០៤ រសៀលទៅហើយ ទើបដល់ផ្លូវបំបែកចេញទៅទីរួមខេត្តតាកែវ(កាលណោះខ្ញុំជិះខុសឡាន ព្រោះឡាននោះចេញទៅស្រុកត្រាំកក់) លុះដល់ផ្លូវបំបែកហើយ ខ្ញុំក៏បានជិះម៉ូតូឌុបទៅរកផ្ទះគាត់ ។ តែប្រហែលជាមិនដែលស្គាល់ស្រុកគេផង បានជាម៉ូតូគាត់យក៥ម៉ឺនរៀល ខ្ញុំគិតក្នុងចិត្តថា៖
- ចុម! អីក៏ថ្លៃម៉េសលោក ហើយខ្ញុំក៏សួរពូម៉ូតូឌុបថា ពូ!ម៉េចក៏ថ្លៃម៉េស ចុះបន្ដិចទៅបានទេ ?
- អត់បានទេអាអូន! ពូអត់យកចំណេញទេណា ទៅដល់ភូមិហ្នឹងឆ្ងាយណាស់ និយាយអោយត្រង់អូនឯងធ្លាប់មកភូមិហ្នឹងអត់?
- អត់ទេពូ! លើកទី១ហើយ
- ចុះមករកនរណា?
- បាទពូ! មកលេងពុកធម៌ គាត់នៅភូមិហ្នឹង
- អញ្ជឹងទេ! ពូស្មានថាមកដណ្ដឹងប្រពន្ធ (គាត់សើច)
- មានឯណា! ពូ! ចេះតែថាហើយ ដឹងអត់ខ្ញុំក៏ចេះអៀនដែរ
- ចុះឥលូវ៥ម៉ឺនហ្នឹងទៅអត់ ?
- ដោយឃើញល្ងាចហើយ ខ្ញុំក៏យល់ព្រម តោះ!៥ម៉ឺនក៏៥ម៉ឺនទៅ
ឡើងជិះម៉ូតូភ្លែត គាត់បើកចេញភ្លាមៗ ទេសភាពតាមដងផ្លូវពិតជាគួរប្លែកក្នុងអារម្មណ៍ណាស់ ជិះមួយសន្ទុះធំបានទៅដល់ផ្សារខេត្តតាកែវ (កុំអីក៏មិនស្គាល់ដែរ កុំតែឃើញរូបសំណាកតាកែវយាយកែវទេ) ខ្ញុំបន្ដដំណើរទៅមុខទៀតដោយអន្លើៗ ក្លិនពិដោរនៃស្រូវរបស់បងប្អូនប្រជាកសិករ ពិតជាក្រអូបឈ្ងុយឈ្ងប់ ទាក់ទាញអារម្មណ៍របស់ខ្ញុំណាស់ ម្យ៉ាងខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តទេសភាពស្រុកស្រែផង ហើយក៏ចូលចិត្តសរសេរអត្ថបទផងដែរ (សូមបញ្ជាក់មិនមែនជាអ្នកនិពន្ធអីទេណា គ្រាន់តែចូលចិត្ត) កំពុងតែស្លុងអារម្មណ៍ទៅនឹងទេសភាពផង ស្រាប់តែពូម៉ូតូឌុបឈប់សម្រាកម៉ូតូនៅមុខវត្តពោធិ៍អំពិល ហើយគាត់សួរខ្ញុំថា៖
- អាអូន! ផ្ទះពុកធម៌អូនឯងនៅឯណា ?
- ឈប់ពូ! ចាំខ្ញុំខលសួរគាត់សិន !
ខ្ញុំក៏ទូរស័ព្ទសួរគាត់ពីផ្ទះរបស់គាត់ ហើយប្រាប់ពូម៉ូតូឌុបវិញ៖
- ពូ! ដាក់ខ្ញុំត្រង់ហ្នឹងហើយ បន្ដិចទៀត មានគេមកយកខ្ញុំហើយ (ខ្ញុំក៏អោយលុយគាត់) ហើយចុះពូមិនទាន់ទៅទេ?
- អត់ទេ! ចាំមានគេមកយកអាអូនឯងសិនចាំពូទៅវិញ ! ខ្លាចអត់មានអ្នកមកយក អូនឯងមិនវង្វេងវល់ហើយទេ អត់ស្គាល់ស្រុកគេផង
- ពូចិត្តបានណាស់ ! អរគុណពូហើយ
- មិនអីទេ ! យ៉ាងណាយើងក៏ជាជនជាតិខ្មែរដូចគ្នា មានអីក៏ជួយគ្នាខ្លះទៅ
- បាទពូ!
មួយស្របក់ក្រោយមក ខ្ញុំឃើញកូនស្រីគាត់ជិះម៉ូតូមករកខ្ញុំនៅក្នុងវត្ត(អ្នកទាំងអស់គ្នាពិតឆ្ងល់ថា ម៉េចក៏ស្គាល់កូនស្រីគេ ឬក៏............ចាំតាមដានវគ្គបន្ដទៀតចុះណា)
- អូ! នោះមានគេមកយកហើយ
- បាទពូ! ពូអញ្ជើញត្រលប់ទៅវិញចុះ
- ពូ!ទៅហើយណា
- បាទ
នាងបានជិះម៉ូតូមកដល់ក្នុងវត្តហើយក៏សួរ ៖
- ចុះបងម៉េចក៏មិនអោយម៉ូតូជូនដល់ផ្ទះម៉ងទៅ
- បងខ្លាចគាត់អត់ស្គាល់ផ្ទះ ទើបចាំអូន!មកយកហ្នឹងណា
- អញ្ជឹងឡើងម៉ូតូមក អូនអ្នកឌុប ផ្ទះនៅទល់មុខវត្តសោះហ្នឹងណា
- អញ្ជឹងបើដឹងអញ្ជឹងបងដើរទៅបាត់
- កុំមកប្រូ ឬកបងឯងហ៊ានដើរ
- បងមិនមែនកូនស្ដេចឯណា ដែលថាដើរមិនបាននោះ
(អ្នកទាំងអស់គ្នាពិតជាឆ្ងល់ថា យី! បងប្អូនធម៌សោះ បងអូនៗ អាលួយម៉េស តាមពិតទៅគេស្រលាញ់គ្នាសោះ ហាស ហា ហា ហា )
មកដល់ផ្ទះខ្ញុំក៏ជំរាបសួរឪពុកធម៌ម្ដាយធម៌ ហើយក៏រៀបចំមុជទឹក ហូបបាយជុំគ្នាម្ដង យ៉ាងឆ្ងាញ់ពិសា ។ យប់នោះខ្ញុំក៏បាននាំនាងដើរលេងនៅវត្តជាមួយកូនរបស់នាង ដូចចង្រៃម្ល៉េះទេខ្ញុំ គ្រាន់តែដើរចូលវត្តភ្លាម ដាច់ភ្លើងភ្លាមៗ ភ្លើងក៏ភ្លឺឡើងវិញ ខ្ញុំដើរយកលុយទៅចូលបុណ្យ គ្រាន់តែដាក់លុយភ្លាម ដាច់ភ្លើងទៀត ខ្ញុំនឹកអស់សំណើចខ្លួនឯង ។ បន្ទាប់មកខ្ញុំក៏បាននាំកូនស្រី និងនាង ដើរទិញអីហូបក្នុងវត្ត ដោយចិត្តសប្បាយរីករាយខ្លាំងណាស់ ។ (បងប្អូនប្រាកដជាគិតថា យី! រវល់តែអូនបងៗ ថ្ងៃណាដល់សាច់រឿង អានម៉ាថ្ងៃហើយហ្នឹង) កុំអាលខឹង ដល់ឥលូវហើយ ) សូមស្លេះការញ៉ែគ្នា សាសងអូនបងហើយ ចូលដល់វគ្គពិសេសម្ដង ។
ពេលត្រលប់មកពីវត្តវិញ ម៉ោងប្រហែលជា ០៩ ជាងប៉ុណ្ណោះ ដោយអស់កម្លាំងពីថ្ងៃផង ខ្ញុំក៏ប្រាសខ្លួនដេកមុនគេម៉ង កំពុងតែរលីវៗស្រាប់តែ (ចូលដល់សាច់រឿងហើយណា) មានស្រមោលមនុស្សប្រុសម្នាក់ខ្មៅ ធំ ប៉ុន្ដែគ្មានក្បាលនោះទេ និយាយពីថា..........និយាយពីថា សម្បុរគីង្គក់ សម្បុរហ៊ីងរបស់ខ្ញុំចាប់ផ្ដើម ព្រឺខ្ញាកៗ សក់ក្បាលព្រឺចង់ប៉ិនកង់រទេះលោក! អត់ភរទេ បើប្អូនជួបវិញ ញាក់សាច់! ប៉ុន្ដែពេលនោះខ្ញុំក៏តាំងអារម្មណ៍ថាមិនត្រូវខ្លាចនោះទេ ខ្ញុំក៏ងាកខ្លួនបន្ដិច ស្រាប់តែឃើញមួយទៀត ញាក់សាច់ទ្រឺតៗម៉ង ថាមួយចុះរាងខ្លាចហើយ ចុះទម្រាំពីរទៀត ពួកគេទាំងពីរចាប់ផ្ដើមដើរមកចិត្តខ្ញុំ ព្រមទាំងមានកាំបិតម្នាក់មួយទៀត មិនអស់ចិត្តខ្ញុំក៏ស្រែកមួយទំហឹងបណ្ដោយ៖
- អាអូនៗ! យ៉ាងម៉េចហើយ កើតថី(ពុកខ្ញុំគាត់សួរ)
- អត់អីទេពុក! តែអំបាញ់មិញខ្ញុំឃើញមនុស្សប្រុសពីរនាក់កាន់កាំបិត ដើរសំដៅមករកខ្ញុំ ខ្ញុំខ្លាចពេកទើបស្រែកតែម្ដងទៅ ។
- អូ!ប្រហែលជាជំនាងផ្ទះហើយ មើលទៅ នេះមកពីពុកភ្លេចអុជធូបប្រាប់គេហ្នឹងណា ព្រោះផ្ទះនេះខានមានមនុស្សប្រុសមកស្នាក់នៅយូរហើយ ជាពិសេសអ្នកក្រៅផ្ទះ
គាត់ក៏ដើរទៅអុជធូបប្រាំសរសៃ ហើយប្រាប់ដល់ជំនាងផ្ទះ ទើបយប់ហ្នឹងខ្ញុំដេកបានលក់ទល់ភ្លឺ ហើយបន្ដនៅលេងផ្ទះគាត់រហូតដល់ចប់បុណ្យភ្ជុំបិណ្ឌ ។ រឿងខ្ញុំមានតែប៉ុណ្ណឹងឯង ខ្ញុំមិនសូវពូកែសរសេរដូចគេអ្នកនិពន្ធទេ អាចអោយអ្នកអានរន្ធត់ញាប់ញ័របាន តែនេះគ្រាន់តែជាការចែករំលែករឿងរ៉ាវពិតទាក់ទងនឹងវិញ្ញាណ ថ្ងៃក្រោយកុំភ្លេចទៅណាមកអុជធូបសុំផង ចូរចាំថា” ជំនឿល្អ នាំមកនូវសេចក្ដីសុខ” ។
សូមអរគុណចំពោះការតាមដានអានអត្ថបទរបស់ខ្ញុំកន្លងមក សូមជំរាបលា អេវំ!
0 មតិយោបល់:
Post a Comment