រឿង ខ្មោចដេកសង្កត់
ខ្ញុំជឿថារឿងរ៉ាវមួយនេះ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹង និងឮខ្លះជាមិនខានឡើយ ចំណែកខ្ញុំក៏ធ្លាប់បានឮរឿងរ៉ាវនេះផងដែរពីឪពុកម្ដាយរបស់ខ្ញុំ ក៏ដូចជាចាស់ៗក្នុងភូមិអញ្ចឹងដែរ ។ រឿងរ៉ាវនេះបានកើតឡើងលើយុវជនម្នាក់ឈ្មោះ សូនី គេជាក្មេងជំទង់ម្នាក់វ័យប្រហែលជា ១៤ឆ្នាំហើយដែលមានរូបរាងស្គមកំព្រឹង សម្បុរស្រអែម ភ្នែកធំៗ ឯធ្មេញវិញឡើងស្មេញៗប៉ុនចបទៅហើយ ។ ផ្ទះរបស់គេនៅឆ្ងាយពីភូមិបន្ដិច ព្រោះគ្រួសារគេក្រីក្រណាស់ គេគ្មានឪពុកទេ មានតែម្ដាយ ដែលមានវ័យជាង៥៥ប្លាយទៅហើយ ។ គាត់ដើរស៊ីឈ្នួលដកដំឡូងអោយគេ គ្រាន់នឹងបានលុយទិញអង្ករហូប ចំណែកឯសូនីវិញ ហេតុតែក្រីក្រពេកគេមិនបានចូលរៀនអីទេ គេក៏ស៊ីឈ្នួលឃ្វាលគោអោយគេ បានមួយខែជា១៥ម៉ឺនរៀលដែរ ។
ដូចសព្វមួយដងដែរថ្ងៃនេះ សូនីបានឃ្វាលគោ ទៅដល់ព្រៃមួយនៅខាងក្រោយភូមិបន្ដិច គេ ចងគោអោយស៊ីស្មៅរួច គេក៏ប្រះខ្លួនដេកបន្ដិច ។ មួយស្របក់ក្រោយមក ស្រាប់តែគោផ្អើល សូនី ស្ទុះក្រោកឡើងដេញចាប់គោ ដែលហៀបនឹងរហូតស្នឹង គេសង្កេតឃើញថាភ្នែកគោបើកធំៗ ឯត្រចៀក និងកន្ទុយវាវិញឡើងត្រង់ឆ្កើតតែម្ដង មាត់វាចេះតែស្រែកម៉ៗៗរហូត ឯជើងវាវិញជ្រុំនៅនឹងកន្លែង ហាក់ដូចជាចង់រត់ចេញពីទីនោះអញ្ចឹង ។ សូនីដើរទៅក្បែរគោរួចអង្អែលថ្ពាល់ និងក្បាលរបស់វា ជាអាកប្ប ករិយាជួយលួងលោមវាអោយបាត់ភ័យ ភ្នែកសូនីសំលឹងរំពៃមើលទៅក្នុងព្រៃចុះឡើង ស្រាប់តែប្រទះទង់សមួយដោតនៅក្បែរដំបូកមួយ វាក៏គិតថា ៖ “ ប្រហែលជាគោវាភ័យនឹងអាទង់សមួយហ្នឹងហើយ “ ថាហើយសូនីក៏ដំស្នឹងគោបន្ថែម ដើម្បីកុំអោយរបូត រួចក៏ដើរសំដៅទៅកន្លែងគេដោតទង់នោះ ។ ពេលទៅដល់សូនីភ្ញាក់ព្រើត ព្រោះទើបដឹងថាដីនោះមិនមែនជាដំបូកឯណា វាជាផ្នូរខ្មោចទេតើ វាចាំម្ដាយរបស់វាប្រាប់ថា៖ “ បើកូនឯងដើរទៅក្នុងព្រៃ ហើយប្រទះផ្នូរខ្មោចនោះ ចូរកូនលើកដៃសំពះ រួចនិយាយសុំខមាទោលពីគេ ថា សូមអស់អ្នកដែលនៅក្នុងព្រៃនេះ សូមមេត្តាកុំប្រកាន់នឹងកូនសត្វនេះអី ត្បិតខ្ញុំមិនបានដឹងថាអស់អ្នកស្នាក់នៅទីនេះទេ ក៏គ្មានបំណងដើម្បីមករំខានអ្នកដែរ ខ្ញុំមកនេះគ្រាន់តែឃ្វាលគោប៉ុណ្ណោះទេ សុំលោកកុំប្រកាន់ទោសពៃអី “ ។ សូនីក៏និយាយតាមម្ដាយវាប្រាប់ ពេលនិយាយបន្ដើរ វាមានអារម្មណ៍ថាព្រឺសម្បុរខ្ញាកៗបណ្ដើរ សក់ក្បាលវិញ ឡើងចង់ប៉ុនចង្អេរទៅហើយ ដោយភ័យពេកសូនី ក៏រត់ចោលគោមករកម្ដាយនៅឯផ្ទះ ។
ម្ដាយឃើញសូនីរត់មកត្រហេបត្រហបបែបនេះ ក៏សួរ ៖
- នី!កូន មានរឿងអី បានជារត់មកទាំងត្រហេបត្រហបបែបនេះ ហើយចុះឯណាគោ ?
- បាទម៉ែ! គោនៅស៊ីស្មៅក្នុងព្រៃឯណោះ ដំបូងខ្ញុំឃើញគោវាផ្អើល ខ្ញុំដើរទៅមើលស្រាប់តែឃើញទង់ខ្មោចនៅមុខផ្នូរ ខ្ញុំភ័យពេក ហើយណាមួយនៅម្នាក់ឯងផង ខ្ញុំបះរោមខ្ញាកៗ ទំនងបែបមិនស្រួលទើបខ្ញុំរត់មកម៉ែអោយជូនទៅយកគោ ។
- អើ! មិនអីទេ ចាំម៉ាភ្លែត ម៉ែរៀបរបស់របរទុកសិន ព្រោះថ្ងៃល្ងាចណាស់ទៅហើយ
ក្រោយពីរៀបចំរបស់របររួច ម្ដាយសូនីក៏ជូនកូនទៅយកគោ ត្រលប់មកផ្ទះវិញ ។ យប់ឡើងស្រាប់តែសូនីចាប់ក្ដៅខ្លួន ប្រហែលជាគ្រុនហើយមើលទៅ ។ ម្ដាយរបស់គេបានកោសខ្យល់ អោយ រួចអោយហូបបបរស ហើយអោយសូនីសំរាកទៅ ។ យប់នេះមេឃហាក់ដូចជាធ្លាក់ខ្យល់ខុសធម្មតា ជញ្ជាំង និងដំបូលផ្ទះសូនីប្រក់ដោយស្លឹកខ្ជែង ត្រូវខ្យល់ត្រជាក់នោះ បរិយាកាសក្នុងផ្ទះកាន់តែត្រជាក់ខ្លាំងឡើង ពេលខ្យល់បក់មកប៉ៈស្លឹកខ្ជែងម្ដងៗ លាន់សូរ ប្រឹសៗ វេលានោះ អាគី ដែលកំពុងតែដេកក្រោមផ្ទះនោះ បានព្រុស ហើយលូ យ៉ាងខ្លាំង សំលេងរបស់អាគីធ្វើអោយសូនីភ្ញាក់ពីដំណេក តែហេតុតែគេទើបតែចាប់គ្រុន ក៏មានអារម្មណ៍ថាងងុយណាស់ រកបើកភ្នែកសឹងតែមិនរួចទេ គេត្រជាក់ខ្លាំងណាស់ បម្រុងទាញភួយរុំដណ្ដប់បន្ថែមស្រាប់តែ មានអារម្មណ៍ថាមានអ្នកដើរចូលមក គេគិតថាប្រហែលជាម្ដាយគេហើយមើលទៅ គេក៏ហៅគាត់អោយជួយយកភួយដណ្ដប់អោយគេ ស្រាប់តែគេមានអារម្មណ៍ថានិយាយអត់ចេញ គេមានអារម្មណ៍ភ័យណាស់ ម្យ៉ាងលើខ្លួនរបស់គេហាក់ដូចជាមានរបស់អ្វីម្យ៉ាងដ៏ធ្ងន់មកសង្កត់ ធ្វើអោយគេថប់ដង្ហើមខ្លាំងណាស់ គេប្រឹងរើ តែរើមិនរួច គេកាន់តែប្រឹង នោះគេកាន់តែអស់កម្លាំង គេភ័យណាស់ ខំប្រឹងបើកភ្នែក តែពេលបើកមក ឃើញងងឹតឈឹងរកមើល អ្វីមិនឃើញសោះ មួយសន្ទុះក្រោយមក ស្រាប់តែមានអ្វីម្យ៉ាងក្រហមៗព្រឿងៗមួយគូ ប្រៀបដូចភ្នែក អញ្ចឹងកំពុងសំលឹងមករកគេ យូរទៅវាបានឃើញយ៉ាងច្បាស់ថាជាភ្នែក ក្រោយមកភ្នែកនោះកាន់តែធំទៅៗ វាភ័យឡើងបែកញើសពេញខ្លួនខំរើបំរះអស់ពីកម្លាំងរបស់វា វាប្រឹងស្រែកអោយម្ដាយរបស់វាជួយ ជាច្រើនដង តែហាក់ដូចជាមិនបានផលសោះ ព្រោះសំលេងដែលវាប្រឹងស្រែកនោះប្រៀបដូចជាសំលេងដែលខ្សឹបដាក់ត្រចៀកប៉ុណ្ណោះ ដោយសារភាពភ័យខ្លាចពេកសូនីក៏សន្លប់បាត់ស្មារតីទៅ ។
លុះព្រឹកឡើង សូនីបានប្រាប់ហេតុការណ៍ដែលកើតឡើងកាលពីយប់ប្រាប់ម្ដាយរបស់វាអោយបានដឹង គាត់ក៏បាននាំសូនីទៅវត្ត ដើម្បីអោយលោកជួយស្រោចទឹកអោយ ។
លោកគ្រូចៅអធិការវត្ត មានសង្ឃដីកា៖
- តើកូនញោមកើតអីដែរ បានជាមករកអាត្មាជួយស្រោចទឹកអោយ
- ករុណាតេជគុណ កូនខ្ញុំករុណា បានដើរទៅឃ្វាលគោ ហើយបានដើរជួបនឹងផ្នូរខ្មោច ហើយពេលត្រលប់មកវិញវាក៏គ្រុនក្ដៅ ហើយយប់មិញវាប្រាប់ខ្ញុំករុណាថា មានអ្វីទេ មកសង្កត់លើវា ទើបខ្ញុំករុណ នាំមកអោយព្រះអង្គជួយស្រោចទឹករំដោះគ្រោះអោយ ។
- អូ!អញ្ចឹងមិនអីទេញោម ចាំអាត្មាជួយស្រោចអោយ
ក្រោយពីស្រោចទឹករួចព្រះគ្រូចៅអធិការវត្ត ក៏មានសង្ឃដីកាបន្ដថា៖
- តាមពិតរឿងដែលកូនរបស់ញោមបានជួបយប់មិញនេះ អាចជាខ្មោចសង្កត់ ព្រោះបើតាមជំនឿរបស់ពុទ្ធសាសនិកមួយចំនួន គឺថាខ្មោចនោះ មានការចូលចិត្ត អាណិតស្រលាញ់ ទើបគេមក អោបប្រលែងជាមួយយើង ប៉ុន្ដែការដែលយើងឃើញហើយ បែរជាយល់ច្រឡំ ហើយកើតជាភ័យ នោះកម្លាំងយើងនឹងថមថយទោះជាប្រឹងរើយ៉ាងណាក៏មិនអាចឈ្នះបានទេ អញ្ចឹងកូនញោម បើថ្ងៃក្រោយមានរឿងបែបនេះទៀត គួរតែកុំភ័យតក់ស្លុតអោយសោះ ត្រូវរំឮកនូវគុណទាំងបី គឺគុណព្រះពុទ្ធ ព្រះសង្ឃ និងព្រះធម៌ ហើយសូត្រធម៌មេរំងាប់អារម្មណ៍ទៅ ហើយព្យាយាមកំរើកតិចៗ កាលណាតែកំរើកបានហើយ នោះអ្វីដែលកូនញោមបានឃើញ ប្រាកដជាបាត់មិនខាន ។ តែបើតាមវិទ្យាសាស្រ្ដឥលូវនេះ គេបាននិយាយថារឿងនេះមិនមែនហៅថាខ្មោចសង្កត់នោះទេ វាជាផលដែលយើងនឹងទទួលបានក្រោយពីអាការៈអស់កំលាំង ហើយស្ថិតនៅក្នុងការមិនជឿលើខ្លួនឯង នៅពេលដែលមនុស្សម្នាក់មានការអស់កំលាំងខ្លាំង នៅពេលដេកលក់ រាងកាយរបស់គេនឹងស្ពឹក ពេលគេភ្ញាក់ភ្លាមៗ នោះគេនឹងសល់នៅក្ដីស្រម៉ៃរបស់គេ អាចជាឃើញអ្វីចំឡែកៗ ហើយគេពុំអាចស្រែកឮសំលេងបានទេ ព្រោះកំពុងស្ថិតនៅក្នុងការរវើរវាយ តែបើគេធ្វើខ្លួនអោយរឹងមាំ ព្យាយាមធ្វើចិត្តកុំខ្លាច កុំតក់ស្លុយ ហើយព្យាយាមកំរើកផ្នែកណាមួយនៃរាងកាយបន្ដិចម្ដងៗ នោះប្រាកដជាបាត់មិនខាន ដូចជាការយកមេជើងស្ដាំ មកដកមេជើង ឆ្វេងជាដើម វាធ្វើអោយផ្នែកនៃរាងកាយលែងស្ពឹក ហើយយើងនឹងមានអារម្មណ៍ស្រឡះដូចធម្មតាវិញ ។ ម៉េចញោមយល់ហើយមែនទេ ?
- ករុណា តេជគុណ ករុណាយល់ហើយ អញ្ចឹងខ្ញុំករុណាថ្វាយបង្គំលា
- ចម្រើនពរញោម !
0 មតិយោបល់:
Post a Comment