Friday, February 17, 2017

រឿង ដេកក្រោមធ្នឹមផ្ទះ





រឿង ដេកក្រោមធ្នឹមផ្ទះ




      


នេះក៏ជារឿងពិតមួយដែលយើងទាំងអស់គ្នា ជាពិសេសសំរាប់ខ្ញុំដែលខ្ញុំតែងតែមិនចង់ជឿថា វាអាចកើតឡើងបាន ដោយគ្រាន់តែយើងដេកឲ្យចំពីក្រោមធ្នឹមផ្ទះនោះ នឹងបានឃើញអ្វីចំលែកមិនខាន ។ រឿងបានកើតឡើងចំពោះខ្ញុំផ្ទាល់ប្រហែលជាជាងកន្លះឆ្នាំមុននេះ កាលនោះខ្ញុំបានទៅដេកលេងផ្ទះអ៊ំ ៖
-       វិបុល ! ក្មួយមកហូបបាយមកឆ្អិនហើយ !
-       បាទ! អ៊ំ ! បានសំលអីដែរថ្ងៃហ្នឹង !
-       បានទឹកគ្រឿងណាក្មួយ !
-       អូ! ឆ្ងាញ់មាត់ហើយថ្ងៃនេះ !
-       បើឆ្ងាញ់ ហូបអោយបានច្រើនទៅ !
-       បាទ!
ខ្ញុំបានហូបបាយជួបជុំនឹងគ្រួសាររបស់អ៊ំខ្ញុំដែលមានសមាជិកទាំងអស់បួននាក់ រួមទាំងខ្ញុំផង៥នាក់ ។ ហូបបាយរួចឆ្អែត ខ្ញុំបានអង្គុយជជែកលេងជាមួយគាត់ពីនេះពីនោះ មួយស្របក់ក៏រាងងងុយដេក ក៏សុំគាត់ដេកមុន ។
-       បើក្មួយឯងងងុយដេកហើយ ឡើងទៅដេកលើផ្ទះទៅ
-       អត់ទេអ៊ំ ខ្ញុំចង់ដេកនៅក្រោមវិញបានខ្យល់ត្រជាក់ស្រួលខ្លួនផង
-       តាមចិត្តក្មួយចុះ
ខ្ញុំក៏ទាញអង្រឹងយកមកចងក្រោមផ្ទះ ស្រាប់តែអ៊ំគាត់ថាអោយខ្ញុំ៖
-       អាម៉េចក្មួយឯងមកចងអង្រឹងដេកក្រោមធ្នឹមផ្ទះអញ្ចឹង វាមិនល្អទេ ចងកន្លែងផេ្សងទៅ
-       ហេតុអីអ៊ំ ? មានអីមែន?
-       អើ ! ចាស់ៗគេហាមមិនអោយដេកក្រោមធ្នឹមទេ ក្រែងត្រូវខ្មោចសង្កត់
-       វាមិនដែលអ៊ំ ! ផ្ទះយើងសោះហ្នឹង
-       អើ ! បើមិនជឿអ៊ំទេ សាកដេកមើលទៅក្មួយនឹងដឹងហើយ
ខ្ញុំសើច ហាក់ដូចជាមិនចាប់អារម្មណ៍នឹងពាក្យសំដីរបស់គាត់នោះទេ ខ្ញុំចាប់ផ្ដើមចងអង្រឹងដេក ។ យប់យន់កាន់តែស្ងាត់ពេលនោះម៉ោងប្រហែលជា១១យប់ ខ្ញុំកំពុងរលីវៗ ស្រាប់តែមានអារម្មណ៍មានរបស់អ្វីយ៉ាងធំសំបើម កំពុងតែអើតមកមើលខ្ញុំ ។ ខ្ញុំកំពុងតែគិត ស្រាប់តែខ្ញុំបើកភ្នែកសន្សឹមៗ ឃើញមនុស្សមាឌធំដំបង ខ្មៅស្គិលកំពស់ស្មើហ្នឹងធ្នឹមផ្ទះ តែអត់ឃើញក្បាលនោះទេ ដៃដូចជាមានកាន់ពូថៅកំពុងអោនមករកខ្ញុំ ឃើញដូចនេះ ខ្ញុំស្ទុះងើបពីអង្រឹងតែងើបមិនរួច ដៃស្រវាទាញមុងតែទាញមិនចេញសោះ ខ្ញុំឆ្អល់ណាស់ហេតុពេលកំពុងស្ថិតក្នុងស្ថានការណ៍បែបនេះខ្ញុំបែរជាងើបមិនរួច ហើយមុងខ្ញុំម៉េចក៏ធំម្ល៉េះ ទាញមិនចេះបានសោះ ស្រមោលខ្មៅនោះបានអោនមកបន្ដិចម្ដងៗ រហូតមកដល់លើមុខរបស់ខ្ញុំតែម្ដង ខ្ញុំស្រឡាំងកាំង ដកដង្ហើមថប់ៗ សឹងមិនរួច មាត់ហាស្រែកតែស្រែកមិនចេញ ខ្ញុំចាប់ផ្ដើមឃើញវត្ថុមូលៗក្រហមផុសអណ្ដែតមកបន្ដិចម្ដងៗ ធំសឹងប៉ុនបាល់ទាត់ទៅហើយ ពេលនោះខ្ញុំអស់សង្ឃឹមនឹងរើបំរាស់ ខ្ញុំក៏បិទភ្នែករំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ គុណឪពុកម្ដាយ រួចសូត្រ នមោ បីចប់ ហើយខ្ញុំក៏តាំងអារម្មណ៍ស្រែកមួយទំហឹងដើម្បីអោយគេជួយ ទីបំផុតខ្ញុំធ្វើបានសំរេច ! អ៊ំរបស់ខ្ញុំស្ទុះមកជួយទាញមុងរបស់ខ្ញុំចេញ ទើបស្រមោលនោះបាត់ចេញពីទីនោះភ្លាមៗ ។ ខ្ញុំបានប្រាប់រឿងទាំងអស់នេះអោយអ៊ំរបស់ខ្ញុំស្ដាប់ ។ គាត់បានប្រាប់ថា៖
-       តាមពិតទៅស្រមោលខ្មៅដែលខ្ញុំបានឃើញអំបាញ់មិញ មិនមែនជាខ្មោចនោះទេ តែគ្រាន់តែជាផ្នែកមួយរបស់ជំនាងផ្ទះប៉ុណ្ណោះ ជានិច្ចកាលនរណាក៏ដោយអោយតែដេកក្រោមធ្នឹមផ្ទះនឹងបានឃើញគ្រប់គ្នា ។
ចាប់តាំងពីពេលនោះមកខ្ញុំមិនដែលដេកអោយចំក្រោមធ្នឹមផ្ទះទៀតទេ ហើយខ្ញុំក៏លែងបានឃើញស្រមោលខ្មៅនោះទៀតដែរ ។ កាលដែលខ្ញុំអង្គុយសរសេររឿងរ៉ាវទាំងអស់នេះ គឺនៅពេលយប់ទំនេរពីធ្វើការ តែខ្ញុំបះរោម ព្រឺសម្បុរមិនចេះឈប់សោះ ខ្ញុំគិតប្រហែលជាមានវិញ្ញាណនៅក្បែរខ្លួនរបស់ខ្ញុំហើយ ។

0 មតិយោបល់:

Post a Comment