សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Wednesday, August 23, 2017

រឿងភ្លេចអុុជធូប




រឿង ភ្លេចអុជធូប

          រឿងនេះបានកើតឡើងកាលអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ឆ្នាំទៅ ២០១៦ នៅពេលដែលខ្ញុំបានស្នាក់នៅផ្ទះឪពុកធម៌ខ្ញុំនៅឯខេត្តតាកែវ ។ វាជារឿងកំរសម្រាប់ផ្ទះគាត់ ដោយសារតែកូនប្រុសច្បងរបស់គាត់ពុំបាននៅផ្ទះឡើយ ដោយគាត់ទៅធ្វើការនៅឯប្រទេសកូរ៉េ នៅតែកូនស្រីគាត់ ដែលជាស្រ្ដីមេម៉ាយកូនមួយ ។ នៅថ្ងៃបិណ្ឌទី០៩ ខ្ញុំក៏បានជិះឡានទៅលេងគ្រួសារគាត់ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានរាប់អានគាត់ជាឪពុកធម៌ ម្ដាយធម៌ ព្រោះពួកគាត់មានសណ្ដានចិត្តល្អ ព្រមទាំង មានគេស្រលាញ់រាប់អានច្រើនណាស់ អ្នកនៅក្នុងភូមិៗ មិនថាចាស់ឬក្មេងនោះទេ តែងតែស្រលាញ់រាប់អានជានិច្ច ។ នេះជាឱកាសល្អដែលខ្ញុំបានដើរលេងអោយស្គាល់ខេត្តគេម្ដង ព្រោះតាំងពីកើតពីពោះម៉ែមក ធ្លាប់បានទៅតែភ្នំពេញម្ដង ដោយចូលរួមវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងនៅក្នុងអង្គភាពការងាររបស់ខ្ញុំ ។ ខ្ញុំធ្វើដំណើរដោយជិះឡានតាក់ស៊ីស៊ាំងយ៉ុងពណ៌ស រហូតដល់ម៉ោងប្រហែលជា ០៤ រសៀលទៅហើយ ទើបដល់ផ្លូវបំបែកចេញទៅទីរួមខេត្តតាកែវ(កាលណោះខ្ញុំជិះខុសឡាន ព្រោះឡាននោះចេញទៅស្រុកត្រាំកក់) លុះដល់ផ្លូវបំបែកហើយ ខ្ញុំក៏បានជិះម៉ូតូឌុបទៅរកផ្ទះគាត់ ។ តែប្រហែលជាមិនដែលស្គាល់ស្រុកគេផង បានជាម៉ូតូគាត់យក៥ម៉ឺនរៀល ខ្ញុំគិតក្នុងចិត្តថា៖

-       ចុម! អីក៏ថ្លៃម៉េសលោក ហើយខ្ញុំក៏សួរពូម៉ូតូឌុបថា ពូ!ម៉េចក៏ថ្លៃម៉េស ចុះបន្ដិចទៅបានទេ ?

-       អត់បានទេអាអូន! ពូអត់យកចំណេញទេណា ទៅដល់ភូមិហ្នឹងឆ្ងាយណាស់ និយាយអោយត្រង់អូនឯងធ្លាប់មកភូមិហ្នឹងអត់?

-       អត់ទេពូ! លើកទី១ហើយ

-       ចុះមករកនរណា?

-       បាទពូ! មកលេងពុកធម៌ គាត់នៅភូមិហ្នឹង

-       អញ្ជឹងទេ! ពូស្មានថាមកដណ្ដឹងប្រពន្ធ (គាត់សើច)

-       មានឯណា! ពូ! ចេះតែថាហើយ ដឹងអត់ខ្ញុំក៏ចេះអៀនដែរ

-       ចុះឥលូវ៥ម៉ឺនហ្នឹងទៅអត់ ?

-       ដោយឃើញល្ងាចហើយ ខ្ញុំក៏យល់ព្រម តោះ!៥ម៉ឺនក៏៥ម៉ឺនទៅ

ឡើងជិះម៉ូតូភ្លែត គាត់បើកចេញភ្លាមៗ ទេសភាពតាមដងផ្លូវពិតជាគួរប្លែកក្នុងអារម្មណ៍ណាស់ ជិះមួយសន្ទុះធំបានទៅដល់ផ្សារខេត្តតាកែវ (កុំអីក៏មិនស្គាល់ដែរ កុំតែឃើញរូបសំណាកតាកែវយាយកែវទេ) ខ្ញុំបន្ដដំណើរទៅមុខទៀតដោយអន្លើៗ ក្លិនពិដោរនៃស្រូវរបស់បងប្អូនប្រជាកសិករ ពិតជាក្រអូបឈ្ងុយឈ្ងប់ ទាក់ទាញអារម្មណ៍របស់ខ្ញុំណាស់ ម្យ៉ាងខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តទេសភាព​ស្រុកស្រែផង ហើយក៏ចូលចិត្តសរសេរអត្ថបទផងដែរ (សូមបញ្ជាក់មិនមែនជាអ្នកនិពន្ធអីទេណា គ្រាន់តែចូលចិត្ត) កំពុងតែស្លុងអារម្មណ៍ទៅនឹងទេសភាពផង ស្រាប់តែពូម៉ូតូឌុបឈប់សម្រាកម៉ូតូនៅមុខវត្តពោធិ៍អំពិល ហើយគាត់សួរខ្ញុំថា៖

-       ​ អាអូន! ផ្ទះពុកធម៌អូនឯងនៅឯណា ?

-       ឈប់ពូ! ចាំខ្ញុំខលសួរគាត់សិន !

ខ្ញុំក៏ទូរស័ព្ទសួរគាត់ពីផ្ទះរបស់គាត់ ហើយប្រាប់ពូម៉ូតូឌុបវិញ៖

-       ពូ! ដាក់ខ្ញុំត្រង់ហ្នឹងហើយ បន្ដិចទៀត មានគេមកយកខ្ញុំហើយ (ខ្ញុំក៏អោយលុយគាត់) ហើយចុះពូមិនទាន់ទៅទេ?

-       អត់ទេ! ចាំមានគេមកយកអាអូនឯងសិនចាំពូទៅវិញ ! ខ្លាចអត់មានអ្នកមកយក អូនឯងមិនវង្វេងវល់ហើយទេ អត់ស្គាល់ស្រុកគេផង

-       ពូចិត្តបានណាស់ ! អរគុណពូហើយ

-       មិនអីទេ ! យ៉ាងណាយើងក៏ជាជនជាតិខ្មែរដូចគ្នា មានអីក៏ជួយគ្នាខ្លះទៅ

-       បាទពូ!

មួយស្របក់ក្រោយមក ខ្ញុំឃើញកូនស្រីគាត់ជិះម៉ូតូមករកខ្ញុំនៅក្នុងវត្ត(អ្នកទាំងអស់គ្នាពិតឆ្ងល់ថា ម៉េចក៏ស្គាល់កូនស្រីគេ ឬក៏............ចាំតាមដានវគ្គបន្ដទៀតចុះណា)

-       អូ! នោះមានគេមកយកហើយ

-       បាទពូ! ពូអញ្ជើញត្រលប់ទៅវិញចុះ

-       ពូ!ទៅហើយណា

-       បាទ

នាងបានជិះម៉ូតូមកដល់ក្នុងវត្តហើយក៏សួរ ៖

-       ចុះបងម៉េចក៏មិនអោយម៉ូតូជូនដល់ផ្ទះម៉ងទៅ

-       បងខ្លាចគាត់អត់ស្គាល់ផ្ទះ ទើបចាំអូន!មកយកហ្នឹងណា

-       អញ្ជឹងឡើងម៉ូតូមក អូនអ្នកឌុប ផ្ទះនៅទល់មុខវត្តសោះហ្នឹងណា

-       អញ្ជឹងបើដឹងអញ្ជឹងបងដើរទៅបាត់

-       កុំមកប្រូ ឬកបងឯងហ៊ានដើរ

-       បងមិនមែនកូនស្ដេចឯណា ដែលថាដើរមិនបាននោះ

(អ្នកទាំងអស់គ្នាពិតជាឆ្ងល់ថា យី! បងប្អូនធម៌សោះ បងអូនៗ អាលួយម៉េស តាមពិតទៅគេស្រលាញ់គ្នាសោះ ហាស ហា ហា ហា )

មកដល់ផ្ទះខ្ញុំក៏ជំរាបសួរឪពុកធម៌ម្ដាយធម៌ ហើយក៏រៀបចំមុជទឹក ហូបបាយជុំគ្នាម្ដង យ៉ាងឆ្ងាញ់ពិសា ។ យប់នោះខ្ញុំក៏បាននាំនាងដើរលេងនៅវត្តជាមួយកូនរបស់នាង ដូចចង្រៃម្ល៉េះទេខ្ញុំ គ្រាន់តែដើរចូលវត្តភ្លាម ដាច់ភ្លើងភ្លាមៗ ភ្លើងក៏ភ្លឺឡើងវិញ ខ្ញុំដើរយកលុយទៅចូលបុណ្យ គ្រាន់តែដាក់លុយភ្លាម ដាច់ភ្លើងទៀត ខ្ញុំនឹកអស់សំណើចខ្លួនឯង ។ បន្ទាប់មកខ្ញុំក៏បាននាំកូនស្រី និងនាង ដើរទិញអីហូបក្នុងវត្ត ដោយចិត្តសប្បាយរីករាយខ្លាំងណាស់ ។ (បងប្អូនប្រាកដជាគិតថា យី! រវល់តែអូនបងៗ ថ្ងៃណាដល់សាច់រឿង អានម៉ាថ្ងៃហើយហ្នឹង) កុំអាលខឹង ដល់ឥលូវហើយ ) សូមស្លេះការញ៉ែគ្នា សាសងអូនបងហើយ ចូលដល់វគ្គពិសេសម្ដង ។

ពេលត្រលប់មកពីវត្តវិញ ម៉ោងប្រហែលជា ០៩ ជាងប៉ុណ្ណោះ ដោយអស់កម្លាំងពីថ្ងៃផង ខ្ញុំក៏ប្រាសខ្លួនដេកមុនគេម៉ង កំពុងតែរលីវៗស្រាប់តែ (ចូលដល់សាច់រឿងហើយណា) មានស្រមោលមនុស្សប្រុសម្នាក់ខ្មៅ ធំ ប៉ុន្ដែគ្មានក្បាលនោះទេ និយាយពីថា..........និយាយពីថា សម្បុរគីង្គក់ សម្បុរហ៊ីងរបស់ខ្ញុំចាប់ផ្ដើម ព្រឺខ្ញាកៗ សក់ក្បាលព្រឺចង់ប៉ិនកង់រទេះលោក! អត់ភរទេ បើប្អូនជួបវិញ ញាក់សាច់! ប៉ុន្ដែពេលនោះខ្ញុំក៏តាំងអារម្មណ៍ថាមិនត្រូវខ្លាចនោះទេ ខ្ញុំក៏ងាកខ្លួនបន្ដិច ស្រាប់តែឃើញមួយទៀត ញាក់សាច់ទ្រឺតៗម៉ង ថាមួយចុះរាងខ្លាចហើយ ចុះទម្រាំពីរទៀត ពួកគេទាំងពីរចាប់ផ្ដើមដើរមកចិត្តខ្ញុំ ព្រមទាំងមានកាំបិតម្នាក់មួយទៀត មិនអស់ចិត្តខ្ញុំក៏ស្រែកមួយទំហឹងបណ្ដោយ៖

-       អាអូនៗ! យ៉ាងម៉េចហើយ កើតថី(ពុកខ្ញុំគាត់សួរ)

-       អត់អីទេពុក! តែអំបាញ់មិញខ្ញុំឃើញមនុស្សប្រុសពីរនាក់កាន់កាំបិត ដើរសំដៅមករកខ្ញុំ ខ្ញុំខ្លាចពេកទើបស្រែកតែម្ដងទៅ ។

-       អូ!ប្រហែលជាជំនាងផ្ទះហើយ មើលទៅ នេះមកពីពុកភ្លេចអុជធូបប្រាប់គេហ្នឹងណា ព្រោះផ្ទះនេះខានមានមនុស្សប្រុសមកស្នាក់នៅយូរហើយ ជាពិសេសអ្នកក្រៅផ្ទះ

គាត់ក៏ដើរទៅអុជធូបប្រាំសរសៃ ហើយប្រាប់ដល់ជំនាងផ្ទះ ទើបយប់ហ្នឹងខ្ញុំដេកបានលក់ទល់ភ្លឺ ហើយបន្ដនៅលេងផ្ទះគាត់រហូតដល់ចប់បុណ្យភ្ជុំបិណ្ឌ ។ រឿងខ្ញុំមានតែប៉ុណ្ណឹងឯង ខ្ញុំមិនសូវពូកែសរសេរដូចគេអ្នកនិពន្ធទេ អាចអោយអ្នកអានរន្ធត់ញាប់ញ័របាន តែនេះគ្រាន់តែជាការចែករំលែករឿងរ៉ាវពិតទាក់ទងនឹងវិញ្ញាណ ថ្ងៃក្រោយកុំភ្លេចទៅណាមកអុជធូបសុំផង ចូរចាំថា” ជំនឿល្អ នាំមកនូវសេចក្ដីសុខ” ។

សូមអរគុណចំពោះការតាមដានអានអត្ថបទរបស់ខ្ញុំកន្លងមក សូមជំរាបលា អេវំ!

Friday, February 17, 2017

រឿង ស្រមោល





រឿង ស្រមោល

      
នេះក៏ជារឿងពិតមួយដែលខ្ញុំតែងតែជួបប្រទះជារៀងរាល់ថ្ងៃ អោយតែយប់ឡើងរាល់ពេលខ្ញុំដេក ខ្ញុំតែងតែឃើញស្រមោលខ្មៅមួយ តែងតែបង្ហាញខ្លួនអោយខ្ញុំឃើញ ជាពិសេសនៅពេលខ្ញុំចាប់ផ្ដើមបិទភ្នែកដេក ស្រាប់តែមានអារម្មណ៍មានអ្វីម្យ៉ាងនៅក្បែរខ្លួនកំពុងមានសកម្មភាព ពេលដែលខ្ញុំបើកភ្នែកឡើង ហើយខ្ញុំសំឡឹងទៅរកទីកន្លែងដែលខ្ញុំសង្ស័យ ខ្ញុំតែងតែឃើញស្រមោលចំលែកនោះបង្ហាញខ្លួន ប៉ុន្ដែស្រមោលនោះពុំដែលបានធ្វើបាបខ្ញុំម្ដងណានោះទេ វាគា្រន់តែបញ្ចេញរូបរាងអោយខ្ញុំឃើញដល់សព្វថ្ងៃនេះ ។ ប្រហែលជាខ្ញុំមាននិស្ស័យនឹងរឿងនេះទេដឹង ព្រោះតាំងតែពីតូច ខ្ញុំឧស្សាហ៍ឃើញរឿងចំលែកបែបនេះណាស់ បើនិយាយរឿងខ្មោចវិញ ខ្ញុំជួបឡើងចង់ស៊ាំទៅហើយ ទើបធ្វើអោយ ខ្ញុំចាប់ផ្ដើមសរសេររឿងនេះដោយគ្រាន់តែជាការចែករំលែកសម្រាប់អស់លោកអ្នកដែលចូលចិត្តអានរឿងខ្មោចប៉ុណ្ណោះ ។
          ត្រលប់មករឿងយើងវិញ រាល់ពេលខ្ញុំឃើញស្រមោលចំលែកនោះ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំកំពុងស្រមើស្រម៉ៃប៉ុណ្ណោះ ប៉ុន្ដែធាតុពិតមិនមែននោះទេ ។ ដូចជាកាលយប់មួយនោះ ខ្ញុំកំពុងដេកក្នុងមុង ស្រាប់តែខ្ញុំឃើញ ខ្យល់គួចកណ្ដាលដំបូលមុងរបស់ខ្ញុំ ខ្ញុំលើកដៃឡើង ស្រាប់តែវាស្រូបយកដៃរបស់ខ្ញុំ ខ្ញុំនៅតែគិតថាស្រមើស្រម៉ៃ ៗ ជាប់ក្នុងចិត្តប៉ុន្ដែដៃរបស់ខ្ញុំកាន់តែស្រូបចូលទៅរហូតហើបខ្លួនខ្ញុំពីគ្រែដេក ពេលនោះហើយខ្ញុំដឹងថាអ្វីៗ មិនមែនស្ថិតនៅក្នុងក្ដីស្រម៉ៃ ឬ យល់សបិ្ដទេ ភ្លាមៗនោះ ខ្ញុំក៏បានស្រែកមួយទំហឹង ភ្លាមៗនោះម្ដាយរបស់ខ្ញុំបានលឺ ហើយស្ទុះមកលើផ្ទះនឹងបើក ភ្លើង  ហើយខ្ខ្យល់គួចនោះក៏ស្រាប់តែបាត់ភ្លាមៗ ខ្ញុំធ្លាក់មកលើគ្រែ លាន់សូរគ្រាំង  ខ្ញុំឈឺចង្កេះ និងខ្នងខ្លាំងណាស់ ពេលម្ដាយរបស់ខ្ញុំសួរ៖ គាត់ថាមានរឿងអ្វី ? ខ្ញុំឆ្លើយថា យល់សប្ដិអាក្រក់ ! គាត់ក៏ លែងសួរទៅហើយ ទៅសំរាកវិញ។
ថ្ងៃក្រោយមកទៀត ខ្ញុំកំពុងដេកស្រាប់តែឃើញស្រមោលខ្មៅមួយយ៉ាងធំ កំពុងអង្គុយនៅខាងក្រៅមុងរបស់ខ្ញុំ ខ្ញុំភ័យណាស់ តែខ្ញុំនៅតែគិតថាខ្ញុំកំពុងដេកយល់សប្ដិ ឬស្រមើស្រម៉ៃ ខ្ញុំបានលឺ      ចាស់ៗប្រាប់ថា ដើម្បីអោយដឹងថាខ្លួនយើងកំពុងយល់សប្ដិ យើងក្ដិចខ្លួនឯង បើមិនឈឺមានន័យថា យើងកំពុងយល់សប្ដិមែន តែបើឈឺមែន បានន័យថា គឺពិតមែនហើយ ។ ភ្លាមៗនោះ ដើម្បីជំនះខ្លួន៝ឯង ខ្ញុំមួលដៃខ្លួនឯងមួយទំហឹង មានអារម្មណ៍ថាឈឺដែរ តែរាងស្ពឹកៗ មិនអស់ចិត្តខ្ញុំក៏ទះមុខខ្លួនឯងមួយកំភ្លៀង ពេលនោះបានខ្ញុំដឹងថាឈឺណាស់ ឈឺឡើងស្រក់ទឹកភ្នែក ។ ក្រោយពីដឹងថាខ្ញុំមិនមែនយល់សប្ដិទេ ខ្ញុំសំលឹងមើលស្រមោលនោះម្ដងទៀត ស្រាប់តែបាត់ពីមុខខ្ញុំ ស្រាប់តែវាមកនៅក្បែរខ្ញុំ ហើយខ្ញុំស្លន់ពេករកគិតអីមិនទាន់ ក៏ដាល់ស្រមោលនោះមួយដៃ ប៉ុន្ដែវាបាត់ទៀតហើយ ឈរក្បែរជញ្ជាំង ខ្ញុំស្ទុះទៅដាល់មួយដៃទៀត ប៉ះនឹងក្ដារជញ្ជាំងផ្ទះ លាន់ផាំង ភ្លាមៗនោះម្ដាយខ្ញុំក៏បានស្ទុះមកទៀត ហើយបើកភ្លើង ស្រមោលនោះក៏បាត់ទៅ ។ លុះព្រឹកឡើងដៃរបស់ខ្ញុំហើម ឈឺខ្លាំងណាស់ ម្ដាយរបស់ខ្ញុំថាខ្ញុំមមើរវាយជញ្ជាំង ខ្ញុំក៏មិនដឹងឆ្លើយយ៉ាងណា ក៏ថាតាមគាត់តែម្ដងទៅ។ ការដែលខ្ញុំបានឃើញស្រមោលចំលែកដូចនេះ អស់ជា២ឆ្នាំមកហើយ អ្នកទាំងអស់គ្នាគិតមើលថា ខ្ញុំដេកមួយ   យប់ៗ មិនដែលឆ្អែតទេ រហូតឡើងស្រកសាច់ ។
ថ្ងៃនេះជាថ្ងៃសីល ខ្ញុំបានយកចង្ហាន់ទៅវត្ត នឹងបានសាកសួររឿងនេះពីលោកចៅអធិការវត្ត ដើម្បីអោយគាត់ជួយដោះស្រាយ គាត់បានប្រាប់ថា ប្រហែលជាខ្ញុំមាននិស្ស័យជាមួយគេហើយ ហើយលោកបានប្រាប់ទៀតថា អោយខ្ញុំក៏ភ័យតក់ស្លុតអ្វីទាំងអស់ គ្រាន់តែពេលដែលឃើញស្រមោលនោះ ត្រូវតែតាំងចិត្ត និងសូត្រធម៌ចុះនោះនឹងបាត់ ម្យ៉ាងទៀតគេនោះ អា​ចជានឹងមកសុំអ្វីពីខ្ញុំផងមិនដឹង ដូចនេះហើយលោកអោយខ្ញុំធ្វើចិត្តអោយទូលាយ សាងអំពើល្អអោយបានច្រើន ។ ក្រោយមកទៀត ខ្ញុំក៏បានធ្វើតាមបណ្ដាំចៅអធិការវត្ត ត្បិតតែខ្ញុំបានឃើញស្រមោលនោះមែន តែគេមិនដែលធ្វើបាបខ្ញុំទៀត ឡើយ គេគ្រាន់តែបង្ហាញខ្លួន អោយឃើញ ខ្ញុំក៏បិទភ្នែកតាំងចិត្តសូត្រធម៌ នោះស្រមោលនោះនឹងបាត់ភ្លាមៗ ។ រឿងនេះជារឿងដែលខ្ញុំជួបពិត គឺសព្វថ្ងៃនេះស្រមោលនោះក៏តែងតែតាមខ្ញុំ មិនថាខ្ញុំ ទៅដល់ទីណានោះទេ គឺតែបានឃើញជានិច្ច ពេលខ្លះម៉ោង១០យប់ ពេលខ្លះ ម៉ោង ២ជិតភ្លឺក៏មាន តែខ្ញុំមិនខ្លាចនោះទេ ប៉ុន្ដែគ្រាន់តែភ្ញាក់ម្ដងៗដែរ ព្រោះពេលខ្លះឃើញនៅក្បែរខ្លួនពេក ខ្ញុំពិតជាចង់និយាយជាមួយស្រមោលនោះណាស់ ដើម្បីអោយដឹងថាគេជានរណា ហើយមករកខ្ញុំក្នុងគោលបំណងអ្វីដែរ ហើយចង់បានអ្វីពីខ្ញុំ ហេតុអ្វីអោយខ្ញុំឃើញរាល់ថ្ងៃ មានពេលខ្លះ ខ្ញុំចង់សាកមិនសូត្រធម៌ គឺស្រមោលនោះ នៅតែបង្ហាញខ្លួនអោយខ្ញុំឃើញទល់ភ្លឺ ប៉ុណ្ណោះ គេមិនធ្វើអ្វីខ្ញុំនោះឡើយ រហូតមកល់ពេលនេះ  ខ្ញុំសរសេររឿងនេះដើម្បីអោយមិត្តៗជួយដឹងរឿងរ៉ាវរបស់ខ្ញុំកុំអោយឃើញស្រែកយប់ព្រលប់ថាខ្ញុំមមើរ យល់សប្ដិ ឬថាខ្ញុំស្រមើស្រម៉ៃព្រោះខ្លាចខ្មោច តាមពិតមិនមែនទេ ។
ដោយហេតុថាមាននិស្ស័យនឹងព្រលឹងវិញ្ញាណនេះហើយ បានជាខ្ញុំសំរេចចិត្តសរសេររឿងខ្មោចឡើង ដើម្បីចែករំលែកជូនអ្នកអាន ។


រឿង ខ្មោចដេកសង្កត់





រឿង ខ្មោចដេកសង្កត់
      


ខ្ញុំជឿថារឿងរ៉ាវមួយនេះ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹង និងឮខ្លះជាមិនខានឡើយ ចំណែកខ្ញុំក៏ធ្លាប់បានឮរឿងរ៉ាវនេះផងដែរពីឪពុកម្ដាយរបស់ខ្ញុំ ក៏ដូចជាចាស់ៗក្នុងភូមិអញ្ចឹងដែរ ។ រឿងរ៉ាវនេះបានកើតឡើងលើយុវជនម្នាក់ឈ្មោះ សូនី គេជាក្មេងជំទង់ម្នាក់វ័យប្រហែលជា ១៤ឆ្នាំហើយដែលមានរូបរាងស្គមកំព្រឹង សម្បុរស្រអែម ភ្នែកធំៗ ឯធ្មេញវិញឡើងស្មេញៗប៉ុនចបទៅហើយ ។ ផ្ទះរបស់គេនៅឆ្ងាយពីភូមិបន្ដិច ព្រោះគ្រួសារគេក្រីក្រណាស់ គេគ្មានឪពុកទេ មានតែម្ដាយ ដែលមានវ័យជាង៥៥ប្លាយទៅហើយ ។ គាត់ដើរស៊ីឈ្នួលដកដំឡូងអោយគេ គ្រាន់នឹងបានលុយទិញអង្ករហូប ចំណែកឯសូនីវិញ ហេតុតែក្រីក្រពេកគេមិនបានចូលរៀនអីទេ គេក៏ស៊ីឈ្នួលឃ្វាលគោអោយគេ បានមួយខែជា១៥ម៉ឺនរៀលដែរ ។
ដូចសព្វមួយដងដែរថ្ងៃនេះ សូនីបានឃ្វាលគោ ទៅដល់ព្រៃមួយនៅខាងក្រោយភូមិបន្ដិច គេ  ចងគោអោយស៊ីស្មៅរួច គេក៏ប្រះខ្លួនដេកបន្ដិច ។ មួយស្របក់ក្រោយមក ស្រាប់តែគោផ្អើល សូនី ស្ទុះក្រោកឡើងដេញចាប់គោ ដែលហៀបនឹងរហូតស្នឹង គេសង្កេតឃើញថាភ្នែកគោបើកធំៗ ឯត្រចៀក និងកន្ទុយវាវិញឡើងត្រង់ឆ្កើតតែម្ដង មាត់វាចេះតែស្រែកម៉ៗៗរហូត ឯជើងវាវិញជ្រុំនៅនឹងកន្លែង ហាក់ដូចជាចង់រត់ចេញពីទីនោះអញ្ចឹង ។ សូនីដើរទៅក្បែរគោរួចអង្អែលថ្ពាល់ និងក្បាលរបស់វា ជាអាកប្ប  ករិយាជួយលួងលោមវាអោយបាត់ភ័យ ភ្នែកសូនីសំលឹងរំពៃមើលទៅក្នុងព្រៃចុះឡើង ស្រាប់តែប្រទះទង់សមួយដោតនៅក្បែរដំបូកមួយ វាក៏គិតថា ៖ “ ប្រហែលជាគោវាភ័យនឹងអាទង់សមួយហ្នឹងហើយ “ ថាហើយសូនីក៏ដំស្នឹងគោបន្ថែម ដើម្បីកុំអោយរបូត រួចក៏ដើរសំដៅទៅកន្លែងគេដោតទង់នោះ ។ ពេលទៅដល់សូនីភ្ញាក់ព្រើត ព្រោះទើបដឹងថាដីនោះមិនមែនជាដំបូកឯណា វាជាផ្នូរខ្មោចទេតើ វាចាំម្ដាយរបស់វាប្រាប់ថា៖ “ បើកូនឯងដើរទៅក្នុងព្រៃ ហើយប្រទះផ្នូរខ្មោចនោះ ចូរកូនលើកដៃសំពះ រួចនិយាយសុំខមាទោលពីគេ ថា សូមអស់អ្នកដែលនៅក្នុងព្រៃនេះ សូមមេត្តាកុំប្រកាន់នឹងកូនសត្វនេះអី ត្បិតខ្ញុំមិនបានដឹងថាអស់អ្នកស្នាក់នៅទីនេះទេ ក៏គ្មានបំណងដើម្បីមករំខានអ្នកដែរ ខ្ញុំមកនេះគ្រាន់តែឃ្វាលគោប៉ុណ្ណោះទេ សុំលោកកុំប្រកាន់ទោសពៃអី “ ។ សូនីក៏និយាយតាមម្ដាយវាប្រាប់ ពេលនិយាយបន្ដើរ វាមានអារម្មណ៍ថាព្រឺសម្បុរខ្ញាកៗបណ្ដើរ សក់ក្បាលវិញ ឡើងចង់ប៉ុនចង្អេរទៅហើយ ដោយភ័យពេកសូនី ក៏រត់ចោលគោមករកម្ដាយនៅឯផ្ទះ ។
ម្ដាយឃើញសូនីរត់មកត្រហេបត្រហបបែបនេះ ក៏សួរ ៖
-       នី!កូន មានរឿងអី បានជារត់មកទាំងត្រហេបត្រហបបែបនេះ ហើយចុះឯណាគោ ?
-       បាទម៉ែ! គោនៅស៊ីស្មៅក្នុងព្រៃឯណោះ ដំបូងខ្ញុំឃើញគោវាផ្អើល ខ្ញុំដើរទៅមើលស្រាប់តែឃើញទង់ខ្មោចនៅមុខផ្នូរ ខ្ញុំភ័យពេក ហើយណាមួយនៅម្នាក់ឯងផង ខ្ញុំបះរោមខ្ញាកៗ ទំនងបែបមិនស្រួលទើបខ្ញុំរត់មកម៉ែអោយជូនទៅយកគោ ។
-       អើ! មិនអីទេ ចាំម៉ាភ្លែត ម៉ែរៀបរបស់របរទុកសិន ព្រោះថ្ងៃល្ងាចណាស់ទៅហើយ
ក្រោយពីរៀបចំរបស់របររួច ម្ដាយសូនីក៏ជូនកូនទៅយកគោ ត្រលប់មកផ្ទះវិញ ។ យប់ឡើងស្រាប់តែសូនីចាប់ក្ដៅខ្លួន ប្រហែលជាគ្រុនហើយមើលទៅ ។ ម្ដាយរបស់គេបានកោសខ្យល់   អោយ រួចអោយហូបបបរស ហើយអោយសូនីសំរាកទៅ ។ យប់នេះមេឃហាក់ដូចជាធ្លាក់ខ្យល់ខុសធម្មតា ជញ្ជាំង និងដំបូលផ្ទះសូនីប្រក់ដោយស្លឹកខ្ជែង ត្រូវខ្យល់ត្រជាក់នោះ បរិយាកាសក្នុងផ្ទះកាន់តែត្រជាក់ខ្លាំងឡើង ពេលខ្យល់បក់មកប៉ៈស្លឹកខ្ជែងម្ដងៗ លាន់សូរ ប្រឹសៗ វេលានោះ អាគី ដែលកំពុងតែដេកក្រោមផ្ទះនោះ បានព្រុស ហើយលូ យ៉ាងខ្លាំង សំលេងរបស់អាគីធ្វើអោយសូនីភ្ញាក់ពីដំណេក តែហេតុតែគេទើបតែចាប់គ្រុន ក៏មានអារម្មណ៍ថាងងុយណាស់ រកបើកភ្នែកសឹងតែមិនរួចទេ គេត្រជាក់ខ្លាំងណាស់ បម្រុងទាញភួយរុំដណ្ដប់បន្ថែមស្រាប់តែ មានអារម្មណ៍ថាមានអ្នកដើរចូលមក គេគិតថាប្រហែលជាម្ដាយគេហើយ​មើលទៅ គេក៏ហៅគាត់អោយជួយយកភួយដណ្ដប់អោយគេ ស្រាប់តែគេមានអារម្មណ៍ថានិយាយអត់ចេញ គេមានអារម្មណ៍ភ័យណាស់ ម្យ៉ាងលើខ្លួនរបស់គេហាក់ដូចជាមានរបស់អ្វីម្យ៉ាងដ៏ធ្ងន់មកសង្កត់ ធ្វើអោយគេថប់ដង្ហើមខ្លាំងណាស់ គេប្រឹងរើ តែរើមិនរួច​ គេកាន់តែប្រឹង នោះគេកាន់តែអស់កម្លាំង គេភ័យណាស់ ខំប្រឹងបើកភ្នែក តែពេលបើកមក ឃើញងងឹតឈឹងរកមើល អ្វីមិនឃើញសោះ មួយសន្ទុះក្រោយមក ស្រាប់តែមានអ្វីម្យ៉ាងក្រហមៗព្រឿងៗមួយគូ ប្រៀបដូចភ្នែក  អញ្ចឹងកំពុងសំលឹងមករកគេ យូរទៅវាបានឃើញយ៉ាងច្បាស់ថាជាភ្នែក ក្រោយមកភ្នែកនោះកាន់តែធំទៅៗ វាភ័យឡើងបែកញើសពេញខ្លួនខំរើបំរះអស់ពីកម្លាំងរបស់វា វាប្រឹងស្រែកអោយម្ដាយរបស់វាជួយ ជាច្រើនដង តែហាក់ដូចជាមិនបានផលសោះ ព្រោះសំលេងដែលវាប្រឹងស្រែកនោះប្រៀបដូចជាសំលេងដែលខ្សឹបដាក់ត្រចៀកប៉ុណ្ណោះ ដោយសារភាពភ័យខ្លាចពេកសូនីក៏សន្លប់បាត់ស្មារតីទៅ ។
លុះព្រឹកឡើង សូនីបានប្រាប់ហេតុការណ៍ដែលកើតឡើងកាលពីយប់ប្រាប់ម្ដាយរបស់វាអោយបានដឹង គាត់ក៏បាននាំសូនីទៅវត្ត ដើម្បីអោយលោកជួយស្រោចទឹកអោយ ។
លោកគ្រូចៅអធិការវត្ត មានសង្ឃដីកា៖
-       តើកូនញោមកើតអីដែរ បានជាមករកអាត្មាជួយស្រោចទឹកអោយ
-       ករុណាតេជគុណ កូនខ្ញុំករុណា បានដើរទៅឃ្វាលគោ ហើយបានដើរជួបនឹងផ្នូរខ្មោច​ ហើយពេលត្រលប់មកវិញវាក៏គ្រុនក្ដៅ ហើយយប់មិញវាប្រាប់ខ្ញុំករុណាថា មានអ្វីទេ មកសង្កត់លើវា ទើបខ្ញុំករុណ នាំមកអោយព្រះអង្គជួយស្រោចទឹករំដោះគ្រោះអោយ ។
-       អូ!អញ្ចឹងមិនអីទេញោម ចាំអាត្មាជួយស្រោចអោយ
ក្រោយពីស្រោចទឹករួចព្រះគ្រូចៅអធិការវត្ត ក៏មានសង្ឃដីកាបន្ដថា៖
-               តាមពិតរឿងដែលកូនរបស់ញោមបានជួបយប់មិញនេះ អាចជាខ្មោចសង្កត់ ព្រោះបើតាមជំនឿរបស់ពុទ្ធសាសនិកមួយចំនួន គឺថាខ្មោចនោះ មានការចូលចិត្ត អាណិតស្រលាញ់ ទើបគេមក អោបប្រលែងជាមួយយើង ប៉ុន្ដែការដែលយើងឃើញហើយ បែរជាយល់ច្រឡំ ហើយកើតជាភ័យ នោះកម្លាំងយើងនឹងថមថយទោះជាប្រឹងរើយ៉ាងណាក៏មិនអាចឈ្នះបានទេ អញ្ចឹងកូនញោម បើថ្ងៃក្រោយមានរឿងបែបនេះទៀត គួរតែកុំភ័យតក់ស្លុតអោយសោះ ត្រូវរំឮកនូវគុណទាំងបី គឺគុណព្រះពុទ្ធ ព្រះសង្ឃ និងព្រះធម៌ ហើយសូត្រធម៌មេរំងាប់អារម្មណ៍ទៅ ហើយព្យាយាមកំរើកតិចៗ កាលណាតែកំរើកបានហើយ នោះអ្វីដែលកូនញោមបានឃើញ ប្រាកដជាបាត់មិនខាន ។ តែបើតាមវិទ្យាសាស្រ្ដឥលូវនេះ គេបាននិយាយថារឿងនេះមិនមែនហៅថាខ្មោចសង្កត់នោះទេ វាជាផលដែលយើងនឹងទទួលបានក្រោយពីអាការៈអស់កំលាំង ហើយស្ថិតនៅក្នុងការមិនជឿលើខ្លួនឯង នៅពេលដែលមនុស្សម្នាក់មានការអស់កំលាំងខ្លាំង នៅពេលដេកលក់ រាងកាយរបស់គេនឹងស្ពឹក ពេលគេភ្ញាក់ភ្លាមៗ នោះគេនឹងសល់នៅក្ដីស្រម៉ៃរបស់គេ អាចជាឃើញអ្វីចំឡែកៗ ហើយគេពុំអាចស្រែកឮសំលេងបានទេ ព្រោះកំពុងស្ថិតនៅក្នុងការរវើរវាយ តែបើគេធ្វើខ្លួនអោយរឹងមាំ ព្យាយាមធ្វើចិត្តកុំខ្លាច កុំតក់ស្លុយ ហើយព្យាយាមកំរើកផ្នែកណាមួយនៃរាងកាយបន្ដិចម្ដងៗ នោះប្រាកដជាបាត់មិនខាន ដូចជាការយកមេជើងស្ដាំ មកដកមេជើង ឆ្វេងជាដើម វាធ្វើអោយផ្នែកនៃរាងកាយលែងស្ពឹក ហើយយើងនឹងមានអារម្មណ៍ស្រឡះដូចធម្មតាវិញ ។ ម៉េចញោមយល់ហើយមែនទេ ?
-               ករុណា តេជគុណ ករុណាយល់ហើយ អញ្ចឹងខ្ញុំករុណាថ្វាយបង្គំលា
-               ចម្រើនពរញោម !

រឿង ដេកក្រោមធ្នឹមផ្ទះ





រឿង ដេកក្រោមធ្នឹមផ្ទះ




      


នេះក៏ជារឿងពិតមួយដែលយើងទាំងអស់គ្នា ជាពិសេសសំរាប់ខ្ញុំដែលខ្ញុំតែងតែមិនចង់ជឿថា វាអាចកើតឡើងបាន ដោយគ្រាន់តែយើងដេកឲ្យចំពីក្រោមធ្នឹមផ្ទះនោះ នឹងបានឃើញអ្វីចំលែកមិនខាន ។ រឿងបានកើតឡើងចំពោះខ្ញុំផ្ទាល់ប្រហែលជាជាងកន្លះឆ្នាំមុននេះ កាលនោះខ្ញុំបានទៅដេកលេងផ្ទះអ៊ំ ៖
-       វិបុល ! ក្មួយមកហូបបាយមកឆ្អិនហើយ !
-       បាទ! អ៊ំ ! បានសំលអីដែរថ្ងៃហ្នឹង !
-       បានទឹកគ្រឿងណាក្មួយ !
-       អូ! ឆ្ងាញ់មាត់ហើយថ្ងៃនេះ !
-       បើឆ្ងាញ់ ហូបអោយបានច្រើនទៅ !
-       បាទ!
ខ្ញុំបានហូបបាយជួបជុំនឹងគ្រួសាររបស់អ៊ំខ្ញុំដែលមានសមាជិកទាំងអស់បួននាក់ រួមទាំងខ្ញុំផង៥នាក់ ។ ហូបបាយរួចឆ្អែត ខ្ញុំបានអង្គុយជជែកលេងជាមួយគាត់ពីនេះពីនោះ មួយស្របក់ក៏រាងងងុយដេក ក៏សុំគាត់ដេកមុន ។
-       បើក្មួយឯងងងុយដេកហើយ ឡើងទៅដេកលើផ្ទះទៅ
-       អត់ទេអ៊ំ ខ្ញុំចង់ដេកនៅក្រោមវិញបានខ្យល់ត្រជាក់ស្រួលខ្លួនផង
-       តាមចិត្តក្មួយចុះ
ខ្ញុំក៏ទាញអង្រឹងយកមកចងក្រោមផ្ទះ ស្រាប់តែអ៊ំគាត់ថាអោយខ្ញុំ៖
-       អាម៉េចក្មួយឯងមកចងអង្រឹងដេកក្រោមធ្នឹមផ្ទះអញ្ចឹង វាមិនល្អទេ ចងកន្លែងផេ្សងទៅ
-       ហេតុអីអ៊ំ ? មានអីមែន?
-       អើ ! ចាស់ៗគេហាមមិនអោយដេកក្រោមធ្នឹមទេ ក្រែងត្រូវខ្មោចសង្កត់
-       វាមិនដែលអ៊ំ ! ផ្ទះយើងសោះហ្នឹង
-       អើ ! បើមិនជឿអ៊ំទេ សាកដេកមើលទៅក្មួយនឹងដឹងហើយ
ខ្ញុំសើច ហាក់ដូចជាមិនចាប់អារម្មណ៍នឹងពាក្យសំដីរបស់គាត់នោះទេ ខ្ញុំចាប់ផ្ដើមចងអង្រឹងដេក ។ យប់យន់កាន់តែស្ងាត់ពេលនោះម៉ោងប្រហែលជា១១យប់ ខ្ញុំកំពុងរលីវៗ ស្រាប់តែមានអារម្មណ៍មានរបស់អ្វីយ៉ាងធំសំបើម កំពុងតែអើតមកមើលខ្ញុំ ។ ខ្ញុំកំពុងតែគិត ស្រាប់តែខ្ញុំបើកភ្នែកសន្សឹមៗ ឃើញមនុស្សមាឌធំដំបង ខ្មៅស្គិលកំពស់ស្មើហ្នឹងធ្នឹមផ្ទះ តែអត់ឃើញក្បាលនោះទេ ដៃដូចជាមានកាន់ពូថៅកំពុងអោនមករកខ្ញុំ ឃើញដូចនេះ ខ្ញុំស្ទុះងើបពីអង្រឹងតែងើបមិនរួច ដៃស្រវាទាញមុងតែទាញមិនចេញសោះ ខ្ញុំឆ្អល់ណាស់ហេតុពេលកំពុងស្ថិតក្នុងស្ថានការណ៍បែបនេះខ្ញុំបែរជាងើបមិនរួច ហើយមុងខ្ញុំម៉េចក៏ធំម្ល៉េះ ទាញមិនចេះបានសោះ ស្រមោលខ្មៅនោះបានអោនមកបន្ដិចម្ដងៗ រហូតមកដល់លើមុខរបស់ខ្ញុំតែម្ដង ខ្ញុំស្រឡាំងកាំង ដកដង្ហើមថប់ៗ សឹងមិនរួច មាត់ហាស្រែកតែស្រែកមិនចេញ ខ្ញុំចាប់ផ្ដើមឃើញវត្ថុមូលៗក្រហមផុសអណ្ដែតមកបន្ដិចម្ដងៗ ធំសឹងប៉ុនបាល់ទាត់ទៅហើយ ពេលនោះខ្ញុំអស់សង្ឃឹមនឹងរើបំរាស់ ខ្ញុំក៏បិទភ្នែករំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ គុណឪពុកម្ដាយ រួចសូត្រ នមោ បីចប់ ហើយខ្ញុំក៏តាំងអារម្មណ៍ស្រែកមួយទំហឹងដើម្បីអោយគេជួយ ទីបំផុតខ្ញុំធ្វើបានសំរេច ! អ៊ំរបស់ខ្ញុំស្ទុះមកជួយទាញមុងរបស់ខ្ញុំចេញ ទើបស្រមោលនោះបាត់ចេញពីទីនោះភ្លាមៗ ។ ខ្ញុំបានប្រាប់រឿងទាំងអស់នេះអោយអ៊ំរបស់ខ្ញុំស្ដាប់ ។ គាត់បានប្រាប់ថា៖
-       តាមពិតទៅស្រមោលខ្មៅដែលខ្ញុំបានឃើញអំបាញ់មិញ មិនមែនជាខ្មោចនោះទេ តែគ្រាន់តែជាផ្នែកមួយរបស់ជំនាងផ្ទះប៉ុណ្ណោះ ជានិច្ចកាលនរណាក៏ដោយអោយតែដេកក្រោមធ្នឹមផ្ទះនឹងបានឃើញគ្រប់គ្នា ។
ចាប់តាំងពីពេលនោះមកខ្ញុំមិនដែលដេកអោយចំក្រោមធ្នឹមផ្ទះទៀតទេ ហើយខ្ញុំក៏លែងបានឃើញស្រមោលខ្មៅនោះទៀតដែរ ។ កាលដែលខ្ញុំអង្គុយសរសេររឿងរ៉ាវទាំងអស់នេះ គឺនៅពេលយប់ទំនេរពីធ្វើការ តែខ្ញុំបះរោម ព្រឺសម្បុរមិនចេះឈប់សោះ ខ្ញុំគិតប្រហែលជាមានវិញ្ញាណនៅក្បែរខ្លួនរបស់ខ្ញុំហើយ ។