រឿងនេះបានកើតឡើងអំលុងឆ្នាំ២០០០ កាលនោះដើមឡើយត្រង់ចំណុចរង្វង់មូល ព្រះនរាយណ៍
ខេត្តព្រះវិហារ ពុំទាន់មាននោះទេ តំបន់នោះគេហៅឈ្មោះថា “ច្រមុះជ្រូក” ។
ពិសិដ្ឋជាកូនអ្នកលក់ដូរតូចតាចម្នាក់ដែលរស់នៅក្បែរសាលារៀន អនុវិទ្យាល័យហ៊ុន សែន
ត្បែងមានជ័យ ។ រាល់ថ្ងៃពិសិដ្ឋ គេតែធាក់កង់ទៅរៀនគួរភាសាអង់គ្លេសនៅម្ដុំផ្សារចាស់ ។
ថ្ងៃនេះក៏ដូចសព្វដងដែរពិសិដ្ឋជិះកង់ទៅរៀនគួរធម្មតានៅម៉ោង៧ និង៣០នាទី
រហូតដល់ម៉ោងជាង៩ និង៣០ទើបបានត្រលប់មកវិញ ។
ថ្ងៃនោះណារីជាមិត្តស្និទ្ធស្នាលរបស់ពិសិដ្ឋ បានពឹងអោយគេជួយជូននាងទៅផ្ទះគឺភូមិប៉ាលហាល
ពួកគេទាំងពីរនាក់ ជិះបណ្ដើរនិយាយលេងជាមួយគ្នាបណ្ដើរ
យ៉ាងសប្បាយតាមរបៀបមិត្តភក្ដិយល់ចិត្តគ្នា ។
ប្រមាណជាជិត១ម៉ោងក្រោយពួកគេក៏បានទៅដល់ផ្ទះរបស់ណារី ។
-
ពិសិដ្ឋចូលមកលេងក្នុងផ្ទះម៉ាភ្លែតសិនមក ហូបទឹកហូបអីសិនទៅ (ម្ដាយណារីដែលដេក
លេងនៅក្រោមផ្ទះបានហៅពិសិដ្ឋ)
-
បាទ!អ្នកមីង
-
ហើយចុះគ្រួសារក្មួយសុខសប្បាយទេ ?
-
បាទ! សុខអ្នកមីង ខ្ញុំគិតថារកអ្នកមីងនឹងណារីសិនហើយ ព្រោះអីយប់ជ្រៅណាស់ហើយ
-
មិនអីទេ!ក្មួយទៅចុះសុខសប្បាយតាមផ្លូវណា
-
បាទ!
ពិសិដ្ឋក៏ទាញកង់ធាក់មកផ្ទះវិញ ជិះបានប្រហែលជា១គីឡូម៉ែត្រ
ក៏ស្រាប់តែកង់របស់ពិសិដ្ឋបែក ពេលនោះពិសិដ្ឋ
ក៏បណ្ដើរកង់រហូតប្រហែលជាម៉ោងជិត១១កន្លះទៅហើយ
មិនយូរប៉ុន្មានពិសិដ្ឋក៏បណ្ដើរកង់មកដល់ចំណុច “ច្រមុះជ្រូក” ល្មម ភ្លាមៗនោះ
គេហាក់មានអារម្មណ៍ខុសប្លែកពីធម្មតា គឺខ្យល់កាន់តែត្រជាក់ស្រឹបៗខ្លាំងឡើងៗ
ស្រាប់តែចង់បុកពោះជាមួយនឹងសម្លេងឆ្កែលូយ៉ាងឮ វ៉ូសៗវ៉ូ...............ស្របពេលនេះដែរ
ស្រាប់តែមានសំលេងខ្ទរៗញ័រដី ហាក់ដូចជាសត្វអីដ៏ធំដើរមករកគេអញ្ចឹង
ពិសិដ្ឋមានទឹកមុខភ័យស្លេកស្លាំង លេបទឹកមាត់ទឹកក
ភ្នែកខំសម្លឹងទៅតាមទិសនៃសម្លេង
អ្វីដែលគេបានឃើញគឺស្រមោលខ្មៅដ៏ធំ ដែលមើលទៅរូបរាងដូចជាសត្វ ប៉ុន្ដែមិនច្បាស់
គេក៏បានសម្រេចចិត្តដើរទៅមើល ព្រោះអីវាមកពាំងផ្លូវទៅផ្ទះរបស់ពិសិដ្ឋ ។
ភ្លាមៗនោះពិសិដ្ឋហាក់ស្ទើរគាំងបេះដូង ព្រោះសម្លេងឆ្កែលូ គឺចេញសត្វមួយនោះ
នោះគឺជាសត្វឆ្កែខ្មៅមួយ ដែលមានក្បាលដល់ទៅបី ខ្លួនរបស់វាធំៗប៉ុនដំរី
ភ្នែករបស់ក្រហមដូចជាភ្លើងកំពុងសម្លឹងមករកពិសិដ្ឋ អណ្ដាតរបស់វាហូរទឹកមាត់កក្លាក់
ពិសិដ្ឋឈរសម្លឹងវាដោយភ្លឹកស្មារតី មិនដឹងរត់យ៉ាងណារួចទេ ។
ភ្លាមៗនោះគេក៏បានភ្ញាក់ខ្លួន ដោយសារឆ្កែនោះបានព្រុសមួយទំហឹង
ហើយរត់សំដៅមករកពិសិដ្ឋ ។
ពិសិដ្ឋស្ទុះមួយទំហឹងខ្លួនចាប់លីកង់រត់បណ្ដើរស្រែកអោយគេជួយបណ្ដើរ
ប៉ុន្ដែហាក់គ្មានបានការអ្វី ព្រោះគេហាក់ដូចជានៅក្នុងសុបិន្ដចឹង ហៅគេក៏ហៅមិនឮ
ហាមាត់ហៅតែមិនឮសម្លេងរបស់ខ្លួនឯងនោះទេ គេស្លុតចិត្តយ៉ាងខ្លាំង ភ័យផង ខឹងផង “
ឯងមានរឿងភ័យចង់ងាប់ ហេតុអ្វីក៏ស្រែកមិនឮ”
ពេលនោះគេរំពឹងគិតធ្លាប់តែឮចាស់ៗនិយាយពីខ្មោចឆ្កែក្បាលបី
តែពេលនេះបានជួបហើយ គេមិនដឹងថាបានរស់យ៉ាងណានោះទេ ។
ទោះពិសិដ្ឋខំរត់យ៉ាងណា ក៏គេចមិនផុតដែរ
ទីបំផុតឆ្កែនោះបានហក់មកខាំក្បាលរបស់ពិសិដ្ឋដាច់ចេញពីខ្លួន ។
ពិសិដ្ឋដេកដួលស្លាប់នៅមុខផ្ទះរបស់ខ្លួនតែម្ដង ស្រាប់តែ ៖
-
សិដ្ឋ ៗ ភ្ញាក់ឡើងកូន មេឃភ្លឺហើយជួយរៀបអីវ៉ាន់ម៉ែទៅលក់
-
ពិសិដ្ឋបានភ្ញាក់ពីសុបិន្ដដ៏អាក្រក់នោះ ហើយបានឆ្លើយតបម្ដាយវិញភ្លាមៗ ទាំងមិនទាន់បាត់ភ័យ
បាទៗម៉ែ !
ពិសិដ្ឋងើបដើរបណ្ដើរ គិតបណ្ដើរ៖
-
យល់សប្ដិអីអាក្រក់ម្ល៉េះ ! ស្មានថាការពិតភ័យឡើងញ័រសាច់
ពិសិដ្ឋបានយកយល់សប្ដិនេះទៅប្រាប់ម្ដាយ គាត់ក៏បានគេទៅស្រោចទឹករំដោះគ្រោះ
ចាប់តាំងពីថ្ងៃនោះមកពិសិដ្ឋលែងដេកយល់សប្ដិអាក្រក់ទៀតហើយ ។
0 មតិយោបល់:
Post a Comment