Wednesday, March 9, 2016

រឿងខ្មោចអាបារាំង



   


           កាលពីខ្ញុំនៅតូចខ្ញុំមានពួកម៉ាកមួយ វាឈ្មោះអាបារាំង វាមានមុខមាត់ ភ្នែកសដូចបារាំង ទើបគេ

 ក៏ប៉ុន្តែមាត់របស់វាឆែបបន្ដិច ហើយវានិយាយក្ងួរៗ និយាយខ្មែរអត់ច្បាស់នោះទេ ហៅវាថាអាបារាំងៗ 

រហូតមក ។ នៅជិតផ្ទះរបស់ខ្ញុំមានស្រះមួយ ដែលខ្ញុំនិងអាបារាំងតែងតែទៅចុះមុជទឹក ឬអូសត្រី រាល់ថ្ងៃ 

(ស្រះនេះសព្វថ្ងៃត្រូវបានគេលុបដីជិតអស់ហើយ ក្នុងបរិវេណមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ) ។

 ដូចសព្វមួយដងដែរ ថ្ងៃនេះខ្ញុំនិងអាបារាំង រួមទាំងក្មេងៗក្នុងភូមិជាមួយគ្នាប្រហែលជា៥ទៅ៦នាក់ 

ចុះមុជទឹកស្រះនោះ យើងនាំគ្នាហែលលេងមួយសន្ទុះក៏ឃើញអាបារាំងហែលទៅទឹកជ្រៅម្នាក់ឯង

 ខ្ញុំក៏ស្រែកឡើង៖


  •    អាបារាំង ៗ មកវិញ កុំទៅជ្រៅពេកប្រយ័ត្នលង់ទឹក 
  • មិនអីទេ !


ដោយឃាត់មិនឈ្នះខ្ញុំក៏សម្រេចចិត្តឈប់ហៅ ហើយលេងទឹកបន្ដ ។ 

លេងមួយសន្ទុះស្រាប់តែនឹកឃើញអាបារាំង ខ្ញុំក៏ងាកទៅរកហៅម្ដងទៀត 

ស្រាប់តែអត់ឃើញអាបារាំងសោះ ខ្ញុំភ័យណាស់ ក៏ស្រែកហៅវាជាច្រើនលើកច្រើនសា ប៉ុន្ដែវាអត់ឆ្លើយ

 ឃើញសភាពមិនស្រួលដូចនេះខ្ញុំក៏ស្ទុះឡើងទៅលើគោករកមើលវាហើយនៅតែមិនឃើញ 

ក៏រត់មកសួរម្ដាយរបស់វា ក្រែងលោវាមកផ្ទះមុន តែគាត់អត់ទាន់ឃើញមកវិញទេ ។

 ភ្លាមៗនោះខ្ញុំក៏បា្រប់ថាអាបារាំងលង់ទឹកហើយ ម្ដាយអាបារាំង គាត់យំបណ្ដើរ 

រត់រកអ្នកស្រុកជួយបណ្ដើរ ។ អ្នកស្រុកជួយមុជទឹករកអាបារាំង ជាច្រើនលើកច្រើនសា

 ប៉ុន្ដែនៅតែមិនឃើញ ដោយរកតាំងពីថ្ងៃរហូតដល់យប់នៅតែមិនឃើញ

 (ប្រហែលជាមានគេបាំងហើយ)។ 


ម្ដាយអាបារាំងក៏យំសំពះអុជទឹកបួងសួងរកកូនរបស់គាត់ ក៏ស្រាប់តែពូម្នាក់បានចុះទៅរាវនឹងគេដែរ 

ក៏បានប្រទះសពអាបារាំងលង់ទឹកស្លាប់បាត់ទៅហើយ ។ ខ្ញុំតក់ស្លុតយ៉ាងខ្លាំង 

គឺចាប់តាំងពីនោះមកហើយដែលខ្ញុំខ្លាចទឹកស្រះ ឬទឹកស្ទឹងរហូតមកដល់សព្វថ្ងៃនេះ 

។ ខ្ញុំអានិតម្ដាយរបស់អាបារាំងខ្លាំងណាស់ គាត់យំសោកបោកខ្លួន ព្រោះមានតែកូនមួយនេះម្នាក់គត់ 
 
ហើយគាត់ជាស្រីមេម៉ាយទៀត ។ សពរបស់អាបារាំង ត្រូវបានម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ។

រំលងបានជាប្រាំពីរថ្ងៃ ប៉ារបស់ខ្ញុំបានចេញទៅហូបចុកជាមួយមិត្តភក្ដិ 

រហូតស្រវឹងជ្រុលដល់ម៉ោង១២យប់ 

គាត់ជិះកាត់ស្រះដែលអាបារាំងលង់ទឹកនោះស្រាប់តែឆ្កែលូមួយទំហឹងបន្ដកន្ទុយគ្នា 

ធ្វើអោយគាត់ភ្ញាក់ខ្លួនក្រញ៉ាង ប៉ុន្ដែមិនសូវខ្លាចនោះទេ ។ 

ភ្លាមៗនោះគាត់សម្លឹងទៅកាន់កណ្ដាលស្រះទឹក ស្រាប់តែឃើញស្រមោលខ្មៅស្ទុងៗ


 យ៉ាងធំផុសចេញពីកណ្ដាលទឹក មើលយូរៗទៅកាន់តែច្បាស់ ឃើញជាក់ជាសត្វក្របីឃ្លៀចមួយក្បាល 

សម្បុរខ្មៅក្រិប ធំស្ទើរស្មើរពាក់កណ្ដាលស្រះ ភ្នែកវាឡើងក្រហម វាយំរោទិ៍យ៉ាងខ្លាំង 

ហើយស្ទុះមកបំបុកម៉ូតូប៉ារបស់ខ្ញុំ គាត់ជៀសយ៉ាងរហ័ស

 បន្ថែមល្បឿនម៉ូតូបានមកដល់មុខផ្ទះក៏ត្រូវក្របីនោះបុកម៉ូតូប៉ើងចូលក្នុងផ្ទះហើយប៉ារបស់ខ្ញុំក៏សន្លប់បាត់ស្មារតីឈឹង

។ ខ្ញុំនិងម្ដាយរបស់ខ្ញុំនាំគ្នាចេញមកមើល ហើយលើកយកប៉ាទៅលើផ្ទះ គាត់ក៏ដឹងខ្លួនវិញ 

ពុំមានរបួសអីនោះទេ តែគាត់បានប្រាប់រឿងនេះដល់ខ្ញុំនិងម្ដាយខ្ញុំ ។ 

លុះព្រឹកឡើយខ្ញុំក៏បានប្រាប់ក្មេងៗក្នុងភូមិបន្ដទៀត 
 
ហើយក៏លែងមាននរណាម្នាក់ទៀតបានឃើញហេតុការណ៍ដែលប៉ារបស់ខ្ញុំបានជួបដែរ ។

មួយខែក្រោយមក មានប្ដីប្រពន្ធមួយគូ បានមកសុំដីមាត់ស្រះដើម្បីធ្វើខ្ទម ហើយដាំបន្លែលក់ ។

ធ្វើខ្ទមហើយនៅបានមួយថ្ងៃ យប់ឡើងគាត់កំពុងតែសម្រាក 

ស្រាប់តែខ្ទមរញ្ជួយយ៉ាងខ្លាំងដូចត្រូវសត្វអីមកគាត់អញ្ចឹង គាត់បានអើតមើលតាមបង្អួច 

តែមិនឃើញអ្វីនោះទេ គាត់ក៏សំងំដេកទៀត ស្រាប់តែឃើញក្មេងប្រុសម្នាក់រាងទាបធាត់ ភ្នែកសៗធំ 

(ជាក់ច្បាស់គឺអាបារាំងហ្នឹងហើយ) បានមកដាស់គាត់ ស្រែកអោយគាត់ចាកចេញពីកន្លែងនោះ ៖
  

  •              ចេញ! ចេញពីកន្លែងអញឆាប់ បើមិនចេញអញនឹងសម្លាប់ចោល
  •        ស្អីៗ! កូនអាណាគេ អីក៏ឈ្លើយម្ល៉េះ វាយហែងបែកមាត់ឥលូវ

ភ្លាមៗនោះខ្មោចអាបារាំងចាប់អូសគាត់ទម្លាក់ពីលើខ្ទម ធ្វើអោយគាត់ស្ទើរគាំងស្មារតី 

ខំស្ទុះរត់ទៅក្រៅដើម្បីរកគេ ជួយ ហើយគាត់បានរត់មករកផ្ទះរបស់ខ្ញុំ

 ។ ពួកខ្ញុំបានប្រាប់រឿងរ៉ាវនៅស្រះនោះអោយគាត់បានដឹង 

ទើបគាត់ដឹងថាច្បាស់ជាខ្មោចអាបារាំងមិនខាន ។ គាត់ចង់ឈ្នះអាបារាំង 

គាត់ទ្រាំរស់នៅទីនោះបានមួយសប្ដាហ៍ ទីបំផុតគាត់ក៏នាំប្ដីប្រពន្ធចាកចេញទៅស្រុកផ្សេង ។

 ហើយចាប់តាំងពីថ្ងៃនោះមកក៏គ្មាននរណាម្នាក់ហ៊ានទៅធ្វើខ្ទម ឬយកក្របីគោទៅផឹកទឹកទីនោះដែរ ។

ទាញុយកទុកអាន 

0 មតិយោបល់:

Post a Comment