រឿងរ៉ាវគ្រោះធម្មជាតិបានកើតឡើងស្ទើរតែរៀងរាល់ឆ្នាំ
មានទាំងគ្រោះរាំងស្ងួត អាកាសធាតុក្ដៅខុសរដូវ
អាកាសធាតុប្រែជាមានភ្លៀងជោគជាំខុសកាលវេលា មានមនុស្សសត្វជាច្រើនដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិនេះ
តួយ៉ាងដូចជារឿងរបស់ពូកនអញ្ចឹង ពូកនគាត់ជាមនុស្សដែលស្លូតបូតណាស់ គាត់មនុស្សទីទ័លក្រ
ប៉ុន្ដែមានទឹកចិត្តល្អគួរឲ្យរាប់អាន ដោយសារតែភាពស្មោះត្រង់របស់គាត់ហើយ ទើបមាននារីស្អាតៗ
ដែលជាអ្នកស្រលាញ់អត្តចរិតរបស់គាត់ មានទឹកចិត្តចង់ផ្ញើវាសនាលើគាត់
ប៉ុន្ដែគាត់តែបដិសេធជានិច្ច ព្រោះមើលមកខ្លួនឯងទីទ័លក្រខ្លាំងណាស់សព្វថ្ងៃ
គ្មានរបរអ្វីក្រៅពីការធ្វើស្រែចំការ ឆ្នាំណាកាក់កបក៏សល់ស្រូវ ដំឡូងបានទុកហូបទៅ
ឆ្នាំណាមានគ្រោះធម្មជាតិច្រើន គឺខាតបង់ រកតែអង្ករហូបមិនបានផង ។
ប៉ុន្ដែទោះជាគាត់បដិសេធយ៉ាងណា ក៏រឿងរ៉ាវធម្មជាតិរបស់មនុស្សប្រុស ត្រូវជៀសមិនរួចទេ
ទីបំផុត គាត់ក៏បានស្ម័គ្រចិត្តដណ្ដឹងនាងណារី ជាកូនលោកមេភូមិ
នាងជានារីដែលសុភាពរមទមណាស់ អៀនប្រៀនច្រើន សម្បុរស្រអែម ដំណើរមួយៗ
បើនិយាយសំដីអ្វីក៏ពិរោះគួរឲ្យចង់ស្ដាប់ ។
ក្រោយពីបានដណ្ដឹងនាងរួចហើយ
ពូកនបានខិតខំសន្សំលុយកាក់ដើម្បីទុកថ្ងៃរៀបការ
គូដណ្ដឹងនេះថ្វីត្បិតថាបានភ្ជាប់ពាក្យពិតមែន តែពុំហ៊ានជួបគ្នាតែពីរនាក់នោះទេ
គឺជួបគ្នានៅមុខចាស់ទុំសងខាង ទោះជាមានអ្វីចង់ផ្ញើក៏ពូកនមិនហ៊ានរញ៉េរញ៉ៃ ឬស្និទ្ធស្នាលជ្រុលទេ
ចំណែកណារី ក៏អញ្ចឹងដែរ ព្រោះដឹងហើយថានាងអៀនច្រើន ។ ក្ដីស្រលាញ់អ្នកទាំងពីរមិនថមថយនោះទេ
ជួនជាថ្ងៃមួយ ជាបុណ្យភូមិ ពេលនោះមានកម្មវិធីរាំវង់កំសាន្ដ នៅក្នុងភូមិ ណារី និងពូកន
មើលទៅពិតជាសមគ្នាណាស់ ពូកនស្លៀកពាក់បែបសាមញ្ញ ប៉ុន្ដែមើលទៅសង្ហាដែរ ឯណារីវិញ មានកូនកន្សែងពណ៌សបង់ក
ព្រមទំាងពាក់អាវយឺតពណ៌លឿង មើលទៅពិតជាស្រស់ណាស់ ។ គ្រប់គ្នាបានចូលរាំវង់យ៉ាងសប្បាយ
បន្ដិចក្រោយមក ក៏មេឃបង្អុរភ្លៀងយ៉ាងខ្លាំង គ្រប់គ្នារត់ជ្រកភ្លៀង ឯពូកននិងណារី
រត់មកជ្រកក្រោមដើមស្វាយ ទឹកមុខញញឹមរកគ្នា រីករាយនឹងបុណ្យភូមិ
ប៉ុន្ដែមិនដឹងជាជនប្រមឹកមកពីណាទេ មានគ្នាបីបួននាក់ ចាប់ផ្ដើមឈ្លោះប្រកែកគ្នា
ហើយក៏រករឿងវាយតប់គ្នា បណ្ដាលឲ្យណារី និងពូកន មានអារម្មណ៍ភ័យខ្លាច ក៏បបួលគ្នាទៅផ្ទះទាំងភ្លៀង
ខណៈពេលដែលកំពុងតែជូនណារីទៅផ្ទះ ពួកប្រមឹកនោះបានរត់ប្រសេចប្រសាចពីក្រោយ រួចគប់ដុំថ្មសំដៅមកពូកន
តែណារីទៅរងបណ្ដាលឲ្យនាងបែកក្បាលហូរឈាមជាខ្លាំង ដោយសារតែឃើញគូដណ្ដឹងខ្លួនរបស់បែបនេះពូកនក៏សម្រេចចិត្តដោះអាវរុំក្បាលឃាត់ឈាម
និងបីនាងរត់ទៅផ្ទះ ចំណែកពួកប្រមឹកឃើញបែបនោះ ក៏រាងភ័យ ស្វាងស្រាចែស
ក៏ដាក់មេប្រូចតែម្ដង ។ ពិតជាគួរឲ្យអនិច្ចាកម្មរបស់ពូកន ខណៈដែលកំពុងបីណារី បណ្ដើរ
ហៅនាងបណ្ដើរ៖ ណារីៗ កុំដេកណា ប្រឹងបើកភ្នែកឡើង ឯណារី ឃើញបែបនេះក៏ប្រឹងត្រដរញញឹមលើកទឹកចិត្តពូកន
ស្រាប់តែមេឃមានរន្ទះឆ្វេចឆ្វាច ស្នូរផាំង រន្ទះបាញ់មួយគ្រាប់
គេឃើញពូកនដេកដួលនៅនឹងដី ឯណារីវិញក៏បានត្រឹមប្រឹងស្រែកឲ្យគេជួយ ស្របពេលនោះដែរ
ក៏មានអ្នកភូមិដែលបានធ្វើដំណើរមកផ្ទះដែរ តាមផ្លូវនោះ ឃើញហេតុការណ៍នោះហើយក៏ស្រវេស្រវាជួយគ្រាពូកន
ឃើញថាគាត់ទន់ខ្លួនបាត់ទៅហើយ អាណិតតែណារីទេ ឈាមហូរខ្សោះខ្លួនផង
ឃើញគូដណ្ដឹងខ្លួនស្រស់ៗនៅភ្នែកបែបនេះ នាងទប់អារម្មណ៍មិនបាន ក៏សន្លប់បាត់ស្មារតីទៅ
។
ក្រោយពីដឹងខ្លួន ណារីឮសម្លេងអ្នកផ្ទះយំសោកអាណិតពូកនគ្រប់គ្នា
នាងប្រឹងបើកភ្នែក ហើយក៏ស្រក់ទឹកភ្នែកអាណិតអនាគតស្វាមី នាងស្រែកយំថា៖
គាត់ជាមនុស្សល្អណាស់ ហេតុអ្វីបានជាអ្នកប្រល័យជីវិតគាត់បែបនេះ តើគាត់បានធ្វើខុសអី
តើជាតិមុនខ្ញុំជំពាក់កម្មអី្វ បានជាជាតិនេះអភ័ព្វម្ល៉េះ?
បើសិនជាអាចយកខ្ញុំជំនួសគាត់ទៅ...។ នាងយំសោកឥតខ្មាសអ្វីទៀតឡើយ ទិដ្ឋភាពបែបនេះនរណាមិនអាណិត
នរណាមិនខ្លោចចិត្ត ។ ក្រោយមកគ្រួសារណារីក៏បានរៀបចំបុណ្យសពជូនពូកន ចប់រួចរាល់ ឯណារីនៅមិនទាន់អស់អាឡ័យពីគូដណ្ដឹងនៅឡើយ
ខណៈនាងកំពុងយំនៅលើគ្រែក្នុងបន្ទប់គេងម្នាក់ឯង ស្រាប់តែនាងបានឮសម្លេងពូកនិយាយមកកាន់នាង៖
ណារី! កុំយំអីណា ! ធ្វើម្ដេចជាតិនេះបុណ្យខ្ញុំតិច កុំសោកសង្រេងនាំឲ្យស្គមកាយអី្វ
ជាតិនេះខ្ញុំសំណាងណាស់ទៅហើយ ដែលទេវតាបានឲ្យបានជួបណារី ។ ណារីសម្លឹងទៅតាមបង្អួច
ឃើញគូដណ្ដឹងស្រស់ៗបែបនេះ ដោយក្ដីស្រលាញ់ដ៏ស្មោះស្ម័គ្រ នាងបានស្ទុះរត់ទៅឲ្យប
តែមិនអាចឲ្យបបាន នាងបានហៅពូកនថា ប្ដីៗពេញមាត់ ទាំងទឹកភ្នែកហូរជោគផែនថ្ពាល់ សូម្បីតែអ៊ែដមីនក៏ទប់ភ្នែកមិនបានដែរ
បងកុំទៅណាអី អូនស្រលាញ់បងណាស់ ជាតិនេះអូនមានសំណាងបានបងជាប្ដី ។
តែទោះជានាងយំអង្វរយ៉ាងណា វិញ្ញាណពូកនក៏រលាយសូន្យបាត់ទៅ។
ថ្លែងពីពួកប្រមឹកដែលគប់ដុំថ្មចំណារី ខណៈដែលកំពុងអង្គុយផឹកស្រាសក្លែម ត្រឡនតននៅខ្ទមក្នុងវាលស្រែមួយកន្លែង ក្នុងចំណោមគ្នាគេម្នាក់
ឃើញសាច់ក្លែមទៅមុខពូកន ភ័យណាស់ក៏ស្រែក ៖ ខ្មោចអាកនៗ ! ភ្លាមនោះស្រាប់តែមានឮសម្លេងស្នូររន្ទះបាញ់ជាច្រើនគ្រាប់
បាញ់ជាប់ៗគ្នា រង្គើអស់ធរណី មួយគ្រាប់បាញ់ចំខ្ទមស្រែនោះ ប៉ុន្ដែមិនបណ្ដាលឲ្យពួកនោះមានគ្រោះថ្នាក់ទេ
ប៉ុន្ដែរន្ទះនៅបាញ់រហូត ដេញតាមពួកគេ រហូតដល់ពួកគេទាំងអស់ លុតជង្គង់យំសុំអង្វរ
និងទទួលដឹងខុស និងស្បថថាឈប់ផឹកស្រាពីថ្ងៃនេះតទៅ ហើយពួកគេសន្យាថានឹងសាងភ្នួសដើម្បីបំពេញកុសលឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធពូកន
ដើម្បីលុបលាងទោស ។ ដោយនិស្ស័យជាមនុស្សស្លូតបូត ស្លាប់ទៅហើយក៏មានចិត្តស្លូតបូតទៀត
វិញ្ញាណពូកនក៏បាត់ពីទីនោះទៅ មុននឹងទៅចាប់កំណើតថ្មី ពូកនបានទៅលាប្រពន្ធ ដោយប្រាប់ថា៖
បើនិស្ស័យយើងមាន យើងជួបគ្នាទៀត បួនឆ្នាំក្រោយនឹងមាននារីមកផ្ញើកូនឲ្យហើយ
សូមអូនទទួលផង ។ ពិតជានិស្ស័យមែន បួនឆ្នាំក្រោយ មាននារីមេម៉ាយម្នាក់យកកូនប្រុសមកឲ្យណារី
ដោយកូននោះកើតមកចេះនិយាយកាលណា បានប្រាប់ម្ដាយថាទៅរកប្រពន្ធគេឈ្មោះណារីៗ
តាំងពីពេលនោះមកណារីក៏ទទួលចិញ្ចឹមបីបាច់កូននោះរហូតដល់ធំ ដោយគេមិនព្រមយកប្រពន្ធសោះ
គឺសុំណារីទៅបួសរហូតទៅ។
0 មតិយោបល់:
Post a Comment